ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២–៨ ខែ កញ្ញា ។ កូរិនថូសទី ១ ១៤–១៦ ៖ ‹ ព្រះ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សេចក្តី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត​វិញ ›


« ថ្ងៃទី ២–៨ ខែ កញ្ញា ។ កូរិនថូសទី ១ ១៤–១៦ ៖ ‹ ព្រះ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សេចក្តី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត​វិញ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ២–៨ ខែ កញ្ញា ។ កូរិនថូសទី ១ ១៤–១៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ គម្ពីរ​សញ្ញា​ថ្មី ៖ ឆ្នាំ ២០១៩

អាង​ជ្រមុជ​ទឹក​ព្រះវិហារ​បរិសុទ្ធ

ថ្ងៃទី ២–៨ ខែ កញ្ញា

កូរិនថូស​ទី ១ ១៤–១៦

« ព្រះ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សេចក្តី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត​វិញ »

សូម​កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន​ខណៈ​ដែល​បងប្អូន​អាន កូរិនថូសទី ១ ១៤–១៦ ។ សូម​អធិស្ឋាន​អំពី​អ្វី​ដែល​ព្រះវិញ្ញាណ​បាន​បង្រៀន​ដល់​បងប្អូន ហើយ​ទូល​សួរ​ដល់​ព្រះវរបិតាសួគ៌ បើ​សិនជា​មាន​អ្វី​ជាច្រើន​ទៀត​ដែល​ទ្រង់​ចង់​ឲ្យ​បងប្អូន​រៀន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ដោយសារ​តែ​សាសនាចក្រ និង​គោលលទ្ធិ​របស់​សាសនាចក្រ​មានភាព​ថ្មីស្រឡាង​នៅ​ក្នុង​ទីក្រុង​កូរិនថូស នោះ​វា​ជា​រឿង​ងាយ​យល់​ណាស់​ថា ពួកបរិសុទ្ធ​កូរិនថូស​ច្បាស់​ជា​ជួប​ប្រទះ​នឹង​ភាព​ច្របូកច្របល់ ។ ប៉ុល​បាន​បង្រៀន​ដល់​ពួក​គេ​កាល​ពី​មុន​អំពី​សេចក្ដីពិត​ជា​គ្រឹះ​នៃ​ដំណឹងល្អ ៖ « ព្រះគ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា… ហើយ​ថា ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ដល់​ថ្ងៃ​ទី​៣ នោះ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ » ( កូរិនថូសទី ១ ១៥:៣–៤ ) ។ ប៉ុន្តែ​សមាជិក​មួយចំនួន​បាន​ចាប់​ផ្ដើម​បង្រៀន​យ៉ាង​ឆាប់ថា « គ្មាន​ការរស់ឡើងវិញ​ពី​ស្លាប់​ទេ » ( កូរិនថូសទី ១ ១៥:១២ ) ។ ប៉ុល​បាន​អង្វរ​ដល់​ពួកគេ​ឲ្យ « កាន់ខ្ជាប់​តាម » សេចក្ដីពិត​ដែល​ពួកគេ​ត្រូវ​បាន​បង្រៀន (​កូរិនថូសទី ១ ១៥:២ ) ។ នៅ​ពេល​យើង​ជួប​នឹង​គំនិត​ជំទាស់​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ វា​គឺ​ជា​ការល្អ​ដើម្បី​ចងចាំ​ថា « ព្រះ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សេចក្តី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត​វិញ » ( កូរិនថូសទី ១ ១៤:៣៣ ) ។ ការ​ស្ដាប់​តាម​ពួកអ្នកបម្រើ​ដែល​បាន​តែងតាំង​របស់​ព្រះអម្ចាស់ ហើយ​កាន់ខ្ជាប់​ទៅ​នឹង​សេចក្ដីពិត​សាមញ្ញៗ​ដែល​ពួកគាត់​បាន​បង្រៀន​ដដែលៗ​អាច​ជួយ​យើង​រក​បាន​សេចក្ដីសុខសាន្ដ ហើយ « ឲ្យ​មាំមួន​ក្នុង​សេចក្ដី​ជំនឿ » ( កូរិនថូសទី ១ ១៦:១៣ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

កូរិនថូស​ទី ១ ១៤

ខ្ញុំ​អាច​ស្វែងរក​អំណោយទាន​នៃ​ការ​ព្យាករ ។

តើ​បងប្អូន​ធ្លាប់​ងឿងឆ្ងល់​អំពីអំណោយទាន​នៃ​ការ​ព្យាករ​ជា​អ្វីទេ ? តើ​វា​មាន​សមត្ថភាព​ដើម្បី​ព្យាករ​អំពី​អនាគត​ឬ ? តើ​មាន​នរណា​ម្នាក់​អាច​ទទួល​បាន​អំណោយទាន​នេះ​ឬ​ទេ ? ឬ​តើ​វា​មាន​សម្រាប់​តែ​ពួកព្យាការី ?

ប្រធាន​សាសនាចក្រ​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​ព្យាករ និង​ទទួល​វិវរណៈ​ជំនួស​ឲ្យ​សាសនាចក្រ​ទាំងមូល តែទោះជា​យ៉ាងណា​ក៏ដោយ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ បាន​ឲ្យ​និយមន័យពាក្យ ព្យាករ ថា​ជា « ពាក្យ ឬ​ការ​សរសេរ​ដ៏បំផុសគំនិត​មក​ពី​ព្រះ ដែល​មនុស្ស​ម្នាក់​ទទួលបាន​តាមរយៈ​វិវរណៈ​មកពី​ព្រះវិញ្ញាណបរិសុទ្ធ ។… នៅពេល​មនុស្ស​ម្នាក់​ព្យាករ គាត់​និយាយ ឬ សរសេរ​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​គាត់​ដឹង​សម្រាប់​ការណ៍​ល្អ​ផ្ទាល់ខ្លួន ឬ​ការណ៍​ល្អ​សម្រាប់​អ្នក​ដទៃ »​( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ព្យាករ, ការ​ព្យាករ » scriptures.lds.org, សូមមើល​ផងដែរ គ. និង ស. ១០០:៥–៨ ) ។ វិវរណៈ ១៩:១០ ក៏​ឲ្យ​និយមន័យ​អំពី​ព្រះវិញ្ញាណ​នៃ​ការ​ព្យាករ​ថា​ជា « ទីបន្ទាល់​អំពី​ព្រះយេស៊ូវ » ផងដែរ ។

តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​អំណោយទាន​ខាង​វិញ្ញាណ​នេះ​មកពី កូរិនថូសទី ១ ១៤:៣, ៣១, ៣៩–៤០ ? តើ​ប៉ុល​ចង់​មានន័យ​យ៉ាង​ណា​នៅ​ពេល​គាត់​បាន​អញ្ជើញ​ឲ្យ​ពួក​កូរិថូស​ថា « ចូរ​សង្វាត​ឲ្យ​បាន​ចេះ​អធិប្បាយ ( ព្យាករ ) » ? ( កូរិនថូសទី ១ ១៤:៣៩ ) ។ តើបងប្អូន​អាច​ទទួល​យក​ការអញ្ជើញ​នេះ​បាន​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ ជនគណនា ១១:២៤–២៩; យ៉ាកុប ៤:៦–៧; អាលម៉ា ១៧:៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ១១:២៣–២៨ ។

កូរិនថូសទី ១ ១៤:៣៤–៣៥

ហេតុអ្វី​បាន​ជា​ប៉ុល​និយាយ​ថា​ស្ត្រី​គួរ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​នៅ​ក្នុង​ព្រះវិហារ ?

ការ​បង្រៀន​របស់​ប៉ុល​នៅក្នុង កូរិនថូសទី ១ ១៤:៣៤–៣៥ អាច​ហាក់ដូចជា​ច្របូកច្របល់ ពីព្រោះ​ពី​ខាង​ដើម​ឡើយ នៅក្នុង​សំបុត្រ​ដដែល​នេះ គាត់​បាន​សរសេរ​ថា ស្ត្រី​បាន​អធិស្ឋាន ហើយ​បាន​ព្យាករ ( សូមមើលកូរិនថូសទី  ១ ១១:៥ ) ។ ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ បាន​ជំនួស​ពាក្យ​និយាយ នៅ​ក្នុង ខ​ទី ៣៤ និង ​៣៥ ជាមួយ​នឹង​ពាក្យ ដឹក​នាំ ។ ការ​បញ្ជាក់​នេះ​ផ្ដល់​យោបល់​ថា ប៉ុល​អាច​នឹង​សំដៅ​ទៅ​លើ​ស្ត្រី​ដែល​កំពុង​ព្យាយាម​ដណ្ដើម​អំណាច​នៅ​ក្នុង​ការ​ប្រជុំ​ក្នុងសាសនាចក្រ ។ ( សូមមើល​ផងដែរ ធីម៉ូថេទី  ១ ២:១១–១២ ) ។

សូម​មើល​ផងដែរ « ស្ត្រី​នៅ​ក្នុង​សាសនាចក្រ » ប្រធានបទ​ដំណឹង​ល្អ topics.lds.org ។

កូរិនថូសទី ១ ១៥:១–៣៤, ៥៣–៥៨

ព្រះយេស៊ូវគ្រីស្ទ​ទទួល​បាន​ជ័យជំនះ​ឈ្នះ​លើ​សេចក្ដីស្លាប់ ។

ការរស់ឡើងវិញ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​គ្រឹះ​ដ៏សំខាន់​ចំពោះ​សាសនិកជន មនុស្ស​ម្នាក់អាច​និយាយ​ថា បើ​គ្មាន​ការរស់ឡើង​វិញ​ទេ នោះ​ ក៏ គ្មាន​សាសនិកជន​ដែរ—ដើម្បី​ប្រើ​ពាក្យ​របស់​ប៉ុល « នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ ជា​ការ​ឥត​ប្រយោជន៍​ទទេ ហើយ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​អំពើ​ដែរ » ( កូរិនថូសទី ១ ១៥:១៤ ) ។ ប៉ុន្តែ​ពួកបរិសុទ្ធ​កូរិនថូស​មួយ​ចំនួន​កំពុង​បង្រៀន​ថា នឹង « គ្មាន​ការ​រស់ឡើងវិញ​ពី​ស្លាប់ទេ » ( កូរិនថូសទី ១ ១៥:១២ ) ។ នៅ​ពេល​បងប្អូន​អាន​ការ​ឆ្លើយតប​របស់​ប៉ុល​នៅក្នុង កូរិនថូសទី ១ ១៥ សូម​ចំណាយ​ពេល​ពិចារណា​អំពី​របៀប​ដែល​ជីវិត​របស់​បងប្អូន​ខុស​ពីគ្នា​យ៉ាង​ណា បើ​បងប្អូន​ពុំជឿ​ទៅលើ​ការ​រស់ឡើងវិញ​ទេ​នោះ ។ តើ​វា​ប្រទានពរ​ដល់​បងប្អូន​យ៉ាង​ដូចម្ដេច ? តើ​មាន​ពរជ័យអ្វីខ្លះ​នឹង​កើត​មាន​ចំពោះ​បងប្អូន ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​រស់ឡើងវិញ​នោះ ? ( សូមមើល នីហ្វៃទី ២ ៩:៦–១៩; អាលម៉ា ៤០:១៩–២៣; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:៣៣–៣៤ ) ។ តើ​ឃ្លា « ​បើ​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​មែន នោះ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក៏​ជា​ការ​ឥត​អំពើ » មានន័យ​យ៉ាងណា​ចំពោះ​បងប្អូន ? ( ខ​ទី  ១៧ ) ។

កូរិនថូសទី ១ ១៥:៣៥–៥៤

រូបកាយ​ដែល​រស់ឡើងវិញ គឺ​ខុស​ពី​រូបកាយ​នៃ​ជីវិត​រមែង​ស្លាប់ ។

តើ​បងប្អូន​ធ្លាប់​ងឿងឆ្ងល់​ថា រូបកាយ​ដែល​រស់ឡើងវិញ​មាន​សណ្ឋាន​ជា​យ៉ាង​ណា​ឬទេ ? យោងតាម កូរិនថូសទី ១ ១៥:៣៥ មាន​ពួកកូរិនថូស​មួយ​ចំនួន​បាន​ងឿងឆ្ងល់​អំពីរឿង​ដូចគ្នា​នេះ ។ សូម​អាន​ចម្លើយ​របស់​ប៉ុល​នៅក្នុង ខទី ៣៦–៥៤ ហើយ​កត់ចំណាំ​ពាក្យសម្ដី និង​ឃ្លា​នានា ដែល​ពិពណ៌នា​អំពី​ភាព​ខុសគ្នា​រវាង​រូបកាយ​នៃ​ជីវិត​រមែងស្លាប់ និង​រូបកាយ​ដែល​រស់ឡើងវិញ ។ ឧទាហរណ៍ ខទី ៤០–៤២ បង្រៀន​ថា រូបកាយ​ដែល​រស់ឡើង​វិញ​នឹង​ភ្លឺ​ចិញ្ចាចចិញ្ចែង​នៅក្នុង​សិរីល្អ​តាមកម្រិត​ផ្សេងៗ​គ្នា ដូចជា​ព្រះអាទិត្យ ព្រះចន្ទ និង​តារា វា​មាន​ពន្លឺ​ខុសគ្នា​ផងដែរ ( សូមមើល​ផងដែរ ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ កូរិនថូសទី ១ ១៥:៤០,គ. និង ស. ៥០–១១២ ) ។

សូមមើល​ផងដែរ អាលម៉ា ១១:៤៣–៤៥; លូកា ២៤:៣៩ ។

ព្រះអាទិត្យរះ

« ឯ​ព្រះអាទិត្យ នោះ​មាន​រស្មី​ម្យ៉ាង​ទៅ » ( កូរិនថូសទី ១ ១៥:៤១ ) ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយ​បងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ នេះ​គឺ​ជា​ការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

កូរិនថូសទី ១ ១៥:២៩

យើង​រៀន​មកពី ខទី ២៩ ថា ពួកបរិសុទ្ធ​ពី​ជំនាន់​បុរាណ​បាន​ចូលរួម​នៅក្នុង​ការ​ជ្រមុជទឹក​សម្រាប់​មរណជន ដូច​គ្នា​ដែល​យើង​ធ្វើ​នៅ​ក្នុង​សាសនាចក្រ​សព្វ​ថ្ងៃ​នេះ​ដែរ ។ តើ​យើង​នឹង​ធ្វើ​យ៉ាង​ណា នៅពេល​គ្រួសារ​មួយ​កំពុង​រៀបចំ​ឈ្មោះ​របស់​ជីដូនជីតា​របស់​យើង​សម្រាប់​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ ? សូមមើល​ផងដែរ « ពិធី​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន » ប្រធានបទ​ដំណឹង​ល្អ topics.lds.org ។

កូរិនថូសទី ១ ១៥:៣៥–៥៤

តើ​មាន​វត្ថុ ឬ​រូបភាព​អ្វីខ្លះ ដែល​អាច​បង្ហាញដើម្បី​ជួយ​ដល់​គ្រួសារ​របស់​បងប្អូន​ឲ្យ​យល់​អំពី​ពាក្យ​មួយ​ចំនួន​ដែល​ប៉ុល​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​រូបកាយ​នៃ​ជីវិត​រមែង​ស្លាប់​ខុស​ពី​រូបកាយ​ដែល​រស់ឡើង​វិញ​ជា​យ៉ាងណា​ ? ឧទាហរណ៍ ដើម្បី​បង្ហាញ​ពី​ភាព​ខុសគ្នា​រវាង ពុករលួយ និង មិន​ពុករលួយ ( សូមមើល ខទី ៥២–៥៤ ) បងប្អូន​អាច​បង្ហាញ​លោហៈធាតុ​ដែល​មាន​ច្រេះស៊ី ( ដូចជា​ដែក ) និង លោហធាតុ​ដែល​ពុំ​មាន​ច្រេះស៊ី ( ដូចជា​ដែក​អ៊ីណុក ) ។ ឬ​បងប្អូន​អាច​ប្រៀបធៀប​អ្វី​មួយ​ដែល​ខ្សោយ ជាមួយ​នឹង​អ្វី​មួយ​ដែល​មាន​អានុភាព ( សូមមើល​ខទី ៤៣ ) ។

កូរិនថូសទី ១ ១៥:៥៥–៥៧

ការពិភាក្សា​អំពីខ​គម្ពីរ​ទាំងនេះ​អាច​នឹង​មាន​អត្ថន័យ​ជាពិសេស បើ​គ្រួសារ​របស់​បងប្អូន​ស្គាល់​នរណា​ម្នាក់​ដែល​បាន​ទទួល​មរណភាព ។ សមាជិក​គ្រួសារ​អាច​ថ្លែង​ទីបន្ទាល់​អំពីរបៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ដក​យក « ទ្រនិច​នៃ​សេចក្ដីស្លាប់» ចេញ ( ខទី ៥៦ ) ។ សារលិខិត​របស់​អែលឌើរ ផល  វី ចនសុន « ហើយ​នឹង​គ្មាន​សេចក្ដីស្លាប់​ទៀត​ឡើយ »EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១២១–២៣ ) អាច​នឹង​ជា​ការបន្ថែម​ដ៏​ល្អ​មួយ​ចំពោះ​ការ​ពិភាក្សា​របស់​បងប្អូន ។

កូរិនថូស​ទី ១ ១៦:១៣

ដើម្បី​ជួយ​សមាជិក​គ្រួសារ​របស់​បងប្អូន​ឲ្យ​យល់​ពី​ខគម្ពីរ​នេះ បងប្អូន​អាច​គូររូប​រង្វង់​មួយ​នៅ​លើ​ដី ហើយ​ណែនាំ​ឲ្យ​សមាជិក​គ្រួសារ​ម្នាក់ « ឈរ​ឲ្យ​នឹងនរ » នៅខាង​ក្នុង​រង្វង់​នោះ ទាំង​ចង​បិទភ្នែក នៅពេល​អ្នកដទៃ​យក​នាំ​គាត់ ឬនាង​ចេញ​ពី​រង្វង់​ផង ។ តើ​មាន​ភាព​ខុសគ្នា​យ៉ាងណា នៅពេល​សមាជិក​គ្រួសារ​នៅ​ក្នុង​រង្វង់​ពុំ​ចងបិទភ្នែក ហើយអាច « មើល​ឃើញ »​ នោះ ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី « ឈរ​ឲ្យ​រឹងមាំ » នៅក្នុង​ជីវិត​របស់​យើង នៅ​ពេល​យើង​ត្រូវ​បាន​ល្បួង​ឲ្យ​ធ្វើ​ការ​សម្រេចចិត្ត​មិនល្អ ?

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

សូម​រក​មើល​លំនាំ ។ នៅក្នុង​បទគម្ពីរ​នានា យើង​រកឃើញ​គំរូ​ដែល​បង្ហាញ​ពី​របៀប​ដែល​ព្រះអម្ចាស់​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។ តើ​មាន​គំរូ​អ្វីខ្លះ​ដែល​បងប្អូន​រកឃើញ​មាន​នៅក្នុង កូរិនថូសទី ១ ១៤ដែល​ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​បង្រៀន និង​ស្អាង​ដល់​គ្នា​ទៅវិញទៅមក ? សូមមើល​ផងដែរ គ. និង ស. ៥០:១៣–២៣ ។

ព្រះគ្រីស្ទ​បាន​លេច​មក​ឯ​នាង​ម៉ារា​នៅ​ឯផ្នូរក្នុង​សួនច្បារ

នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ ? ដោយ ស៊ីម៉ូន ឌីវី