ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ២–៨ ខែ កញ្ញា កូរិនថូស ទី១ ១៤–១៦ ៖ ‹ ព្រះ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សេចក្តី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត​វិញ ›


« ថ្ងៃ​ទី ២–៨ ខែ កញ្ញា កូរិនថូស ទី១ ១៤–១៦ ៖ ‹ ព្រះ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សេចក្តី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត​វិញ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ ) ( ឆ្នាំ​២០១៩ )

« ថ្ងៃ​ទី ២–៨ ខែ កញ្ញា កូរិនថូស ទី១ ១៤–១៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

អាង​ជ្រមុជ​ទឹក​ក្នុង​ព្រះវិហារបរិសុទ្ធ

ថ្ងៃ​ទី ២–៨ ខែ កញ្ញា

 កូរិនថូស ទី១ ១៤–១៦

« ព្រះ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សេចក្តី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្តី​សុខសាន្ត​វិញ »

នៅ​ពេល​អ្នក​អាន  កូរិនថូស ទី១ ១៤–១៦ នោះ​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ជួយ​អ្នក ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​បង្រៀន​កុមារ​នៅ​ក្នុង​ថ្នាក់​របស់​អ្នក ។ សូម​មើល​គម្រោង​មេរៀន​នេះ​ឡើង​វិញ ដើម្បី​បាន​យោបល់​បន្ថែម ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

អ្នក​អាច​ចាប់ផ្ដើម​មេរៀន​នៅ​សប្ដាហ៍​នេះ ដោយ​អាន  កូរិនថូស ទី១ ១៤:២៦ ឮៗ ។ សូម​ចង្អុល​បង្ហាញ​ថា នៅ​ពេល​យើង​មក​ជួបជុំ​គ្នា​នៅ​ព្រះវិហារ យើង​អាច​ស្អាង ( ឬ​ស្ថាបនា និង​ជួយ ) មនុស្សដទៃ នៅ​ពេល​យើង​ចែកចាយ ។ តើ​កុមារ​អាច​ចែកចាយ​អ្វី​ខ្លះ ដើម្បី​ស្អាង​នរណាម្នាក់​នៅ​ក្នុង​ថ្នាក់​ថ្ងៃ​នេះ ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កុមារ​តូចៗ

 កូរិនថូស ទី១ ១៥:១២–២២

ខ្ញុំ​អាច​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​បន្ទាប់​ពី​ខ្ញុំ​ស្លាប់ ព្រោះ​ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ។

តើ​អ្នក​អាច​បង្រៀន​កុមារ​នៅ​ក្នុង​ថ្នាក់​របស់​អ្នក​ថា ដោយសារតែ​ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ នោះ​យើង​អាច​រស់​ម្ដង​ទៀត តាម​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • ចូរ​អាន​ឃ្លា​ដូច​តទៅ​នេះ​ឡើង​វិញ​ឲ្យ​បាន​បី​បួន​ដង​ជាមួយ​កុមារ ៖ « គ្រប់​គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់​ក្នុង​ព្រះគ្រីស្ទ » (  កូរិនថូស ទី១ ១៥:២២ ) ។ សូម​បង្ហាញ​រូបភាព​ព្រះអង្គសង្គ្រោះ​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ( សូម​មើល គម្រោង​មេរៀន​នៅ​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង ក្រុម​គ្រួសារ ) ។ សូម​ពន្យល់​ថា យើង​នឹង​ស្លាប់​នៅ​ថ្ងៃ​ណា​មួយ ប៉ុន្តែ​ដោយសារតែ​ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ យើង​ទាំងអស់​គ្នា​នឹង​មាន​ជីវិត​ម្ដង​ទៀត​បន្ទាប់​ពី​យើង​ស្លាប់ ។

  • សូម​ប្រើ​វត្ថុ​សម្រាប់​ប្រើ​ក្នុង​មេរៀន​ដូចនេះ ដើម្បី​បង្រៀន​អំពី​ការរស់ឡើងវិញ ៖ បង្ហាញ​អាវ​ធំ​មួយ​ដល់​សិស្ស ដែល​តំណាង​ឲ្យ​រូបកាយ​សាច់ឈាម ។ នៅ​ពេល​យើង​មាន​ជីវិត នោះ​វិញ្ញាណ​យើង​ស្ថិត​នៅ​ក្នុង​រូបកាយ ហើយ​រូបកាយ​យើង​អាច​ធ្វើ​ចលនា ( សូម​ពាក់​អាវ​ធំ ) ។ នៅ​ពេល​យើង​ស្លាប់ នោះ​វិញ្ញាណ​របស់​យើង​ចេញ​ពី​រូបកាយ​សាច់ឈាម ហើយ​រូបកាយ​របស់​យើង​មិន​អាច​ធ្វើ​ចលនា​បាន​ទេ ( សូម​ដោះ​អាវ​ធំ​ចេញ រួច​ដាក់​នៅ​លើ​តុ ឬ​កៅអី ដើម្បី​បង្ហាញ​ថា​រូបកាយ​គ្មាន​វិញ្ញាណ ) ។ នៅ​ពេល​យើង​រស់ឡើងវិញ វិញ្ញាណ​របស់​យើង​ត្រឡប់​ទៅ​ក្នុង​រូបកាយ​របស់​យើង​វិញ ( សូម​ពាក់​អាវធំ​ម្ដង​ទៀត ) ហើយ​វិញ្ញាណ និង​រូបកាយ​នឹង​មិន​បែក​ចេញ​ពី​គ្នា​ទៀត​ឡើយ ។ សូម​ឲ្យ​កុមារ​ដាក់​វេន​គ្នា​ពាក់​អាវធំ រួច​ដោះ​វា​ចេញ ខណៈ​ពេល​ដែល​កុមារ​ម្នាក់​ទៀត ពន្យល់​អំពី​ហេតុការណ៍​ដែល​កើត​ឡើង នៅ​ពេល​យើង​រស់ឡើងវិញ ។

 កូរិនថូស ទី១ ១៥:២៩

ខ្ញុំ​អាច​ទទួល​ពិធីបុណ្យជ្រមុជទឹក​ជំនួស​មរណជន ។

កុមារ​ដែល​អ្នក​បង្រៀន​អាច​រៀបចំ​ខ្លួន​នា​ពេល​ឥឡូវនេះ ដើម្បី​ទៅ​ព្រះវិហារបរិសុទ្ធ ហើយ​ទទួល​ពិធីបុណ្យជ្រមុជទឹក​ជំនួស​មរណជន នៅ​ពេល​ពួកគេ​គ្រប់​អាយុ ១២​ឆ្នាំ ។ ប៉ុល​បាន​លើកឡើង​អំពី​គោលលទ្ធិ​ដ៏​សំខាន់​នេះ នៅ​ក្នុង​សំបុត្រ​របស់​លោក​ទៅ​កាន់​ពួក​កូរិនថូស ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​កិច្ចការ​នានា ដែល​ពួកគេ​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ពួកគេ​បាន ( ដូចជា​លើក​វត្ថុ​ធ្ងន់ៗ ឬ​យក​វត្ថុ​មួយ​ពី​លើ​ធ្នើរ​ខ្ពស់ ) ។ តើ​នរណា​ជួយ​ពួកគេ​ឲ្យ​ធ្វើ​កិច្ចការ​នេះ ? សូម​បង្ហាញ​រូបថត​មួយ​សន្លឹក​អំពី​ជីដូនជីតា​របស់​អ្នក ដែល​បាន​ទទួល​មរណភាព​ទៅ​ដោយ​មិន​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក ។ សូម​ប្រាប់​កុមារ​អំពី​បុគ្គល​នេះ រួច​ពន្យល់​ថា បុគ្គល​នេះ​ពុំ​អាច​ទទួល​ពិធីបុណ្យជ្រមុជទឹក​បាន ដោយ​គ្មាន​ជំនួយ​ពី​នរណាម្នាក់​នៅ​លើ​ផែនដី​ឡើយ ។

  • សូម​សួរ​កុមារ​ថា តើ​ពួកគេ​មាន​សមាជិក​គ្រួសារ ដែល​បាន​ទៅ​ព្រះវិហារបរិសុទ្ធ​ដើម្បី​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​សម្រាប់​មរណជន​ដែរ​ឬ​ទេ ។ សូម​បង្ហាញ​រូបភាព​អាង​ជ្រមុជទឹក​ក្នុង​ព្រះវិហារបរិសុទ្ធ​មួយ ។ តើ​កុមារ​ដឹង​ថា តើ​មាន​អ្វី​កើតឡើង​នៅ​ទី​នេះ​ឬ​ទេ ? សូម​ពន្យល់​ថា នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ យើង​អាច​ទទួល​ពិធីបុណ្យជ្រមុជទឹក​ជំនួស​មនុស្ស​ដែល​បាន​ទទួល​មរណភាព​ទៅ ដោយ​ពុំ​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក ។ បន្ទាប់មក មនុស្ស​ទាំងនោះ​អាច​ជ្រើសរើសថា តើ​នឹង​ទទួល​យក​ពិធីបុណ្យជ្រមុជទឹក​នេះ​ឬ​អត់ ។

 កូរិនថូស ទី១ ១៥:៤០–៤១

ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​រស់នៅ​ជាមួយ​ទ្រង់ នៅ​ក្នុង​នគរ​សេឡេស្ទាល ។

តើ​អ្នក​អាច​បង្រៀន​កុមារ​អំពី​នគរ​សេឡេស្ទាល ទេរេសស្ទ្រាល និង​ទេឡេស្ទាល តាម​របៀប​ណា ? សកម្មភាព​ទាំងនេះ​អាច​ជួយ​បាន ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ​នៅ​ក្ដារខៀន​នូវ​ពាក្យ សេឡេស្ទាល ទេរេសស្ទ្រាល និង ទេឡេស្ទាល ។ សូម​ជួយ​កុមារ​ឲ្យ​រៀន​ថា​ពាក្យ​ទាំងនេះ ។

  • សូម​បង្ហាញ​រូបភាព​ព្រះអាទិត្យ ព្រះចន្ទ និង​តារា ។ តើ​មួយ​ណា​ជះ​ពន្លឺ​ខ្លាំង​ជាង​គេ ? សូម​អាន  កូរិនថូស ទី១ ១៥:៤០–៤១ ឲ្យ​សិស្ស​ស្ដាប់ ( សូម​មើល​ផងដែរ ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ កូរិនថូស ទី១ ១៥:៤០ ) ។ សូម​ពន្យល់​ថា ព្រះអាទិត្យ ព្រះចន្ទ និង​តារា តំណាង​ឲ្យ​នគរ​ដែល​យើង​អាច​រស់នៅ​បន្ទាប់​ពី​យើង​រស់ឡើងវិញ ។ នៅ​ក្នុង​នគរ​សេឡេស្ទាល យើង​អាច​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌ ។

  • សូម​គូរ​រូប​ព្រះអាទិត្យ​នៅ​លើ​ក្ដារខៀន រួច​រាយ​ក្រដាស​តូចៗ ឬ​រៀប​ជា​ជំហាន​នៅ​លើ​ឥដ្ឋ​ដែល​នាំ​ទៅ​កាន់​ព្រះអាទិត្យ ។ ក្រដាស​នីមួយៗ​អាច​តំណាង​ឲ្យ​អ្វី​មួយ ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​ចូល​ក្នុង​នគរ​សេឡេស្ទាល ( សូម​មើល គ និង ស ៧៦:៥០–៥៣ ) ។ សូម​អនុញ្ញាត​ឲ្យ​កុមារ​ចែកចាយ​គំនិត​នានា រួច​ដើរ​តាម​ជំហាន​នោះ​ទៅ​កាន់​នគរ​សេឡេស្ទាល ។

ព្រះអាទិត្យ​រះ

ប៉ុល​បាន​ប្រៀបធៀប​សិរីល្អ​នគរ​សេឡេស្ទាល​ទៅ​នឹង​ព្រះអាទិត្យ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កុមារ​ធំៗ

 កូរិនថូស ទី១ ១៥:១២–២២

ដោយសារតែ​ព្រះយេស៊ូវគ្រីស្ទ និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ទ្រង់ ខ្ញុំ​នឹង​រស់ឡើងវិញ​ដែរ ។

តើ​កុមារ​ដែល​អ្នក​បង្រៀន យល់​អំពី​សារៈសំខាន់​នៃ​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​ឬ​ទេ ? គំនិត​ទាំងនេះ​អាច​នឹង​ជួយ​បាន ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ដាក់​វេន​គ្នា​អាន​ខគម្ពីរ​នៅ​ក្នុង  កូរិនថូស ទី១ ១៥:១២–២២ ដោយ​ស្វែងរក​ចម្លើយ​សម្រាប់​សំណួរ « តើ​មាន​អ្វី​នឹង​កើតឡើង ប្រសិនបើ​គ្មាន​ការរស់ឡើងវិញ​ទេ​នោះ ? »

  • សូម​អញ្ជើញ​កុមារ​ឲ្យ​សម្ដែង អំពី​របៀប​ពន្យល់​ការរស់ឡើងវិញ​ទៅ​ដល់​មនុស្ស​ម្នាក់ ។ សម្រាប់​យោបល់​នានា សូម​មើល សារលិខិត​របស់ ថូម៉ាស អេស ម៉នសុន « Mrs. Patton—the Story Continues »EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ២១–១៤ ) ។ សូម​មើល​វីដេអូ «​ Until We Meet Again » ( LDS.org ) ផងដែរ ។ សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក អំពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះគ្រីស្ទ ។

 កូរិនថូស ទី១ ១៥:១២–១៣, ២០–២២, ២៩

ខ្ញុំ​អាច​រៀបចំខ្លួន​ទៅ​ព្រះវិហារបរិសុទ្ធ ដើម្បី​ទទួល​ពិធីបុណ្យជ្រមុជទឹក​ជំនួស​មរណជន ។

នៅ​ពេល​កុមារ​គ្រប់​អាយុ ១២​ឆ្នាំ ពួកគេ​អាច​ទទួល​បាន​បណ្ណចូល​ព្រះវិហារបរិសុទ្ធ ហើយ​ទទួល​ពិធីបុណ្យជ្រមុជទឹក​សម្រាប់​មរណជន នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​បាន ។ តើ​អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​បាន​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន  កូរិនថូស ទី១ ១៥:២៩ ។ តើ​ពួកបរិសុទ្ធ​នៅ​ជំនាន់​របស់​ប៉ុល​បាន​ធ្វើ​អ្វី ដែល​សព្វថ្ងៃ​នេះ​យើង​ក៏​ធ្វើ​កិច្ចការ​នោះ​ដែរ ?

  • សូម​សួរ​កុមារ​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​ទទួល​ពិធីបុណ្យជ្រមុជទឹក​ជំនួស​មរណជន ។ ប្រសិនបើ​ចាំបាច់ សូម​ពន្យល់​ថា ជីដូនជីតា​របស់​យើង​ភាគច្រើន ពុំ​បាន​មាន​ឱកាស​ទទួល​ពិធីបុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់​ទេ​នៅ​ក្នុង​ជិវិត​នេះ ។ នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ យើង​អាច​ទទួល​ពិធីបុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់​ជំនួស​ពួកគាត់ ។

  • នៅ​ពីរ​បី​ថ្ងៃ​មុន​ថ្ងៃ​បង្រៀន សូម​អញ្ជើញ​ឪពុកម្ដាយ​របស់​កុមារ​ម្នាក់ ឲ្យ​មក​រៀបចំ​ខ្លួន​ចែកចាយ​មែកធាង​គ្រួសារ​របស់​គាត់ ឬ​ប្រាប់​ពួកគេ​អំពី​ជីដូនជីតា​ណា​ម្នាក់​របស់​គាត់ ។ អ្នក​ក៏​អាច​ចែកចាយ​អំពី​ជីដូនជីតា​របស់​អ្នក​ផងដែរ ។

  • សូម​អញ្ជើញ​សមាជិក​ម្នាក់​ក្នុង​គណៈប៊ីស្សព​ឲ្យ​ចែកចាយ​កិច្ចការ​ណា​មួយ​ដែល​កុមារ​អាច​ធ្វើ ដើម្បី​មាន​ភាពសក្ដិសម​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ ។ សូម​សួរ​កុមារ​ថា តើ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​ចងចាំ​ដល់​កិច្ចការ​ទាំងនេះ ។ សូម​សរសេរ​យោបល់​របស់​ពួកគេ​នៅ​លើ​ក្ដារខៀន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ដាក់​គោលដៅ​មួយ ដើម្បី​ទៅ​ព្រះវិហារបរិសុទ្ធ​នៅ​ថ្ងៃ​ណា​មួយ ។

 កូរិនថូស ទី១ ១៥:៤០–៤១

បន្ទាប់​ពី​ខ្ញុំ​រស់ឡើងវិញ នោះ​ខ្ញុំ​អាច​រស់នៅ​ក្នុង​នគរ​សេឡេស្ទាល ។

ដើម្បី​បង្រៀន​ពួក​កូរិនថូស​អំពី​រូបកាយ ដែល​យើង​ទទួល​បាន​នៅ​ពេល​រស់ឡើងវិញ ប៉ុល​បាន​លើកឡើង​អំពី​កម្រិត​នៃ​សិរីល្អ​ទាំង​បី​មាន​ដូចជា ៖ សេឡេស្ទាល ទេរេសស្ទ្រាល និង​ទេឡេស្ទាល ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន  កូរិនថូស ទី១ ១៥:៤០–៤១ រួច​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​គូរ​រូប​ព្រះអាទិត្យ ព្រះចន្ទ និង​តារា នៅ​លើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ បង្ហាញ​ថា​រូបកាយ​ដែល​បាន​រស់ឡើងវិញ​ប្រភេទ​ណា ដែល​ត្រូវបាន​បង្ហាញ​នៅ​ក្នុង​រូប​នីមួយៗ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ព្រះវិហារបរិសុទ្ធ ដូចជា « ព្រះ​បាន​ប្រទាន​វិហារ​ឲ្យ​ខ្ញុំសៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧៣ ) ។ តើ​ចម្រៀង​នេះ​បង្រៀន​យើង​ដូចម្ដេច​ខ្លះ អំពី​ការរៀបចំ​ខ្លួន​ដើម្បី​រស់នៅ​ក្នុង​សិរីល្អ​សេឡេស្ទាល ?

  • សូម​ពន្យល់​ថា យ៉ូសែប ស៊្មីធ បាន​មាន​ការនិមិត្ត​មួយ ដែល​ក្នុង​ការនិមិត្ត​នោះ លោក​បាន​ឃើញ​នគរ​ចំនួន​បី ដែល​ត្រូវ​ទៅ​នឹង​ប្រភេទ​រូបកាយ​ដែល​ប៉ុល​បាន​ពិពណ៌នា ។ សូម​ជួយ​កុមារ​ស្វែងរក​ឃ្លា​ចេញ​ពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥០–៥៣, ៧០, ៧៦:៧១–៧៩, ៧៦:៨១–៨២ ដែល​ពិពណ៌នា​អំពី​នគរ​ទាំង​បី​នេះ ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​សូម​ឪពុកម្ដាយ​របស់​ពួកគេ ប្រាប់​រឿង​មួយ​អំពី​ជីដូនជីតា​ម្នាក់​របស់​ពួកគេ ។ ពួកគេ​អាច​ចែកចាយ​រឿង​នោះ ជាមួយ​មិត្ត​រួម​ថ្នាក់​នៅ​សប្ដាហ៍​ក្រោយ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

លើក​ទឹកចិត្ត​កុមារតូចៗ​ឲ្យ​សួរ​សំណួរ ។ « សូម​ព្យាយាម​ចាត់ទុក​សំណួរ [ របស់​កុមារ ] ថា​ជា​ឱកាស ពុំ​មែនជា​ការរំខាន ឬ​ជា​ការបង្អាក់​ដល់​មេរៀន​របស់​អ្នក​ឡើយ ។ … សំណួរ​ដូច្នេះ​ផ្ដល់​ដល់​អ្នក​នូវ​គំនិត​យោបល់​ដ៏​មាន​តម្លៃ​ទៅលើ​អ្វី​ដែល​កុមារ​តូចៗ​កំពុងគិត កង្វល់​ដែលពួកគេ​មាន និង​របៀប​ដែល​ពួកគេ​កំពុង​ឆ្លើយ​តប​ចំពោះ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។ សូម​ជួយ​ពួកគេ​ដឹង​ថា ចម្លើយ​សម្រាប់​សំណួរ​របស់​ពួកគេ អាច​រក​បាន​នៅ​ក្នុង​បទគម្ពីរ និង​ប្រសាសន៍​របស់​ពួកព្យាការី​នៅ​រស់ ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៥–២៦ ) ។