ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៩–២៥ ខែ សីហា ។ កូរិនថូសទី ១ ១–៧ ៖ ‹ ត្រូវ​ឲ្យ​បាន​រួបរួម​គ្នា ›


« ថ្ងៃទី ១៩–២៥ ខែ សីហា ។ កូរិនថូសទី ១ ១–៧ ៖ ‹ រួត្រូវ​ឲ្យ​បាន​រួបរួម​គ្នា › »  ។ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ១៩–២៥ ខែ សីហា ។ កូរិនថូសទី ១ ១–៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩

រូបភាព
កូរិនថូស

កូរិនថូស ក្រិកប៉ែក​ខាង​ត្បូង មជ្ឈមណ្ឌល​វេទិកា​ប្រជុំ និងពលរដ្ឋ គំនូរ​ដោយ បាឡ៉ាក បាឡុក

ថ្ងៃទី ១៩–២៥ ខែ សីហា

កូរិនថូស ទី ១ ១–៧

« ត្រូវ​ឲ្យ​បាន​រួបរួម​គ្នា »

សូម​កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន​ខណៈ​ដែល​បងប្អូន​អាន កូរិនថូសទី ១ ១–៧ ។ ចំណាប់អារម្មណ៍​ទាំងនេះ​អាច​រួម​មាន​ទាំង​ចំណាប់អារម្មណ៍​ដើម្បី​សិក្សា​ពី​គំនិត​មួយ​បន្ថែម ដើម្បី​ចែកចាយ​នឹង​អ្នកដទៃ​អំពី​អ្វីមួយ​ដែល​បងប្អូន​រៀន ឬ​ដើម្បី​ធ្វើ​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

អំឡុង​ខែ​ដែល​ប៉ុល​បាន​ចំណាយ​ពេល​នៅក្នុង​ទីក្រុង​កូរិនថូស « មាន​ពួក​ក្រុង​កូរិនថូស​បាន​ស្ដាប់ [ គាត់ ] ហើយ​ជឿ​ជា​ច្រើន ទាំង​ទទួល​បុណ្យជ្រមុជទឹក​ផង » ( កិច្ចការ ១៨:៨ ) ។ ដូច្នេះ​វា​ច្បាស់​ជា​ឈឺចិត្តណាស់ ពេល​ប៉ុល​បាន​ស្ដាប់​ឮ​ថា នៅប៉ុន្មាន​ឆ្នាំ​ក្រោយ​មកនោះ មាន​ការ « បែក​បាក់ » និង « ការទាស់ទែងគ្នា » នៅ​ក្នុង​ចំណោម​ពួកបរិសុទ្ធ​កូរិនថូស ហើយ​នៅ​ក្នុង​ពេលគាត់​អវត្តមានពី​ក្នុងចំណោម​ពួកគេ នោះ​ពួកគេ​បាន​ចាប់​ផ្ដើម​ស្ដាប់តាម « ប្រាជ្ញា​នៃ​លោកិយនេះ » ( កូរិនថូសទី  ១ ១:១០–១១, ២០ ) ។ ជា​ការ​ឆ្លើយតប ប៉ុល​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ដែល​ឥឡូវ​នេះ យើង​ហៅ​ថា កូរិនថូសទី ១ ។ វា​មាន​ពេញ​ដោយ​គោលលទ្ធិ​ដ៏​ល្អ ប៉ុន្តែ​ក្នុង​ពេល​ដំណាល​គ្នានោះ ប៉ុល​ហាក់ដូចជា​ខកចិត្ត​ដែល​ពួក​បរិសុទ្ធ​ពុំបាន​ត្រៀម​ខ្លួន​ដើម្បី​ទទួល​គ្រប់​ទាំង​គោលលទ្ធិ​ដែល​គាត់​ចង់​ផ្ដល់​ទៅ​ឲ្យ​ពួកគេ ។ គាត់​បានទួញ​ថា « ឯ​ខ្ញុំ បង​ប្អូន​អើយ ខ្ញុំ​ពុំ​អាច​និយាយ​នឹង​អ្នក​រាល់​គ្នា ដូច​នឹង​មនុស្ស​ខាង​ឯ​វិញ្ញាណ​បាន​ទេ ត្រូវ​តែ​និយាយ​ដូច​នឹង​មនុស្ស​ខាង​ឯ​សាច់​ឈាម​វិញ » ( កូរិនថូសទី  ១ ៣:១–៣ ) ។ នៅពេល​យើង​រៀបចំ​ខ្លួន​ដើម្បី​អាន​ពាក្យ​សម្ដី​របស់​ប៉ុល វា​អាច​នឹង​ជា​ប្រយោជន៍​ដើម្បី​ត្រួតពិនិត្យ​មើល​ភាព​ត្រៀម​ខ្លួនជា​ស្រេច​របស់​យើង​ដើម្បី​ទទួល​សេចក្ដីពិត—រួម​ទាំង​ឆន្ទៈ​របស់​យើង​ដើម្បី​ស្ដាប់​តាម​ព្រះវិញ្ញាណ ហើយ​ព្យាយាម​មាន​សាមគ្គីភាព​នៅក្នុង​ក្រុមគ្រួសារ​របស់​យើង ជា​មួយ​បងប្អូន​ពួកបរិសុទ្ធ និង​ជាមួយ​ព្រះរបស់​យើង ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

កូរិនថូសទី ១ ១:១០–១៧, ៣:១–១១

សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​ត្រូវ​រួបរួម​គ្នា ។

យើង​ពុំ​បាន​ដឹង​រឿង​លម្អិត​ទាំងអស់​អំពី​ការ​ខ្វះ​សាមគ្គីភាព​នៅ​ក្នុង​ចំណោម​ពួកបរិសុទ្ធ​កូរិនថូស​ទេ ប៉ុន្តែ​យើង​ដឹង​អំពី​ការ​ខ្វះ​សាមគ្គីភាព​នៅ​ក្នុង​ទំនាក់ទំនង ផ្ទាល់​ខ្លួន របស់​យើង ។ ចូរ​គិត​អំពី​ទំនាក់ទំនង​នៅក្នុង​ជីវិត​របស់​បងប្អូន​ដែល​អាច​នឹង​ជា​ប្រយោជន៍​មក​ពី​សាមគ្គីភាព​កាន់តែ​ខ្លាំង​ជាង​នោះ បន្ទាប់មក​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​នៅក្នុង កូរិនថូសទី ១ ១:១០–១៧, ៣:១–១១ អំពី​ការ​ខ្វះ​សាមគ្គីភាព​នៅ​ក្នុង​ចំណោម​ពួកបរិសុទ្ធ​កូរិនថូស ។ តើ​បងប្អូន​អាច​ទទួល​បាន​ការ​យល់ដឹងអ្វីខ្លះ ​អំពី​របៀប​អភិវឌ្ឍ​សាមគ្គីភាព​ឲ្យ​បាន​កាន់តែ​ខ្លាំង​ជាមួយ​អ្នកដទៃ​ ?

សូមមើល​ផងដែរ ម៉ូសាយ ១៨:២១; នីហ្វៃទី ៤ ១:១៥–១៧; គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:២៣–២៧; ១០៥:១–៥; « សាមគ្គីភាព » Gospel Topics topics.lds.org ។

កូរិនថូសទី ១ ១:១៧–៣១

ដើម្បី​សម្រេច​កិច្ចការ​របស់​ព្រះ ខ្ញុំ​ត្រូវការ​ប្រាជ្ញា​របស់​ព្រះ ។

ខណៈ​ដែល​វាល្អ—ទាំង​បាន​លើក​ទឹកចិត្ត—ឲ្យ​ស្វែងរក​ប្រាជ្ញា​តាម​ដែល​យើង​អាច​រក​បាន ( សូមមើល នីហ្វៃទី ២ ៩:២៩, គ​. និង ស. ៨៨:១១៨ ) ប៉ុល​បាន​ផ្ដល់​នូវ​ពាក្យ​ព្រមាន​ខ្លាំងៗ​មួយចំនួន​អំពី​ភាព​មិន​ល្អឥតខ្ចោះ​នៃ​ប្រាជ្ញា​មនុស្ស ដែល​គាត់​បាន​ហៅ​ថា « ប្រាជ្ញា​នៃ​លោកិយ​នេះ » ។ នៅពេល​បងប្អូន​អាន កូរិនថូសទី ១ ១:១៧–២៥ សូម​ពិចារណា​អំពី​អត្ថន័យ​នៃ​ឃ្លា​នេះ ។ តើ​បងប្អូន​គិត​ថា​ប៉ុល​មានន័យ​យ៉ាង​ណា​ដោយពាក្យ « ប្រាជ្ញា​របស់​ព្រះ » ? ហេតុអ្វី​យើង​ត្រូវការ​ប្រាជ្ញា​របស់​ព្រះ​ដើម្បី​សម្រេច​កិច្ចការ​របស់​ព្រះ ?

នៅ​ក្នុង​ការ​ខិតខំ​របស់​បងប្អូន​ដើម្បី​បំពេញ​ការ​ទទួលខុសត្រូវ​របស់​បងប្អូន​ដើម្បី​សម្រេច​កិច្ចការ​របស់​ព្រះ តើ​បងប្អូន​ធ្លាប់​មាន​បទពិសោធន៍ « ភ័យខ្លាច ព្រមទាំង…ញ័ររន្ធត់​យ៉ាង​ខ្លាំង » ដូច​ដែល​ប៉ុល​ទទួលអារម្មណ៍ នៅពេល​គាត់​បាន​បង្រៀន​ពួកបរិសុទ្ធ​កូរិនថូស​ឬទេ ? ( កូរិនថូសទី ១ ២:៣ ) ។ តើ​បងប្អូន​រក​ឃើញ​អ្វី​នៅ​ក្នុង ខទី ១–៥ ដែល​ផ្ដល់​ភាព​ក្លាហាន​ដល់​បងប្អូន ? សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​បង្ហាញ​ថា បងប្អូន​ទុកចិត្ត​លើ « ព្រះចេស្តា​នៃ​ព្រះ » ច្រើន​ជាង « ប្រាជ្ញារបស់មនុស្ស » ។

សូម​មើល​ផង​ដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១:១៧–២៨

កូរិនថូសទី ១ ២:៩–១៦

ខ្ញុំ​ត្រូវការ​ព្រះវិញ្ញាណបរិសុទ្ធ​ដើម្បី​យល់​អំពី​រឿង​ទាំងឡាយ​របស់​ព្រះ ។

បើ​បងប្អូន​ចង់​រៀន​បន្ថែម​អំពី​អ្វី​មួយ​ដូចជា​មេកានិច​ខាង​រថយន្ដ ឬស្ថាបត្យកម្ម​យុគកណ្ដាល តើ​បងប្អូន​នឹង​ធ្វើ​ដោយ​របៀប​ណា ? ស្របតាម កូរិនថូសទី ១ ២:៩–១៦ តើ​ការ​រៀន​អំពី « រឿង​របស់​ព្រះ » ខុស​ពី​ការ​រៀនអំពី « រឿង​របស់​មនុស្ស​ » ដោយ​របៀប​ណា ? ហេតុអ្វី​យើង​ត្រូវ​មាន​ព្រះវិញ្ញាណបរិសុទ្ធ​ដើម្បី​យល់​អំពី​រឿង​ទាំងឡាយ​របស់​ព្រះ ? បន្ទាប់​ពី​ការ​អាន​ខគម្ពីរ​ទាំងនេះ ហើយ​តើ​បងប្អូន​មាន​អារម្មណ៍​ថា​បងប្អូន​គួរ​ធ្វើ​យ៉ាង​ណា ដើម្បី​យល់​អំពី​រឿង​ខាង​វិញ្ញាណ​ឲ្យ​បាន​កាន់តែ​ពេញលេញ ? តើ​ពាក្យសម្ដី​របស់​ប៉ុល​អាច​ជួយ​នរណា​ម្នាក់​ដែល​កំពុង​មាន​បញ្ហា​ជាមួយ​នឹង​ទីបន្ទាល់​របស់​ពួកគេ​បាន​យ៉ាង​ដូចម្ដេច ?

កូរិនថូស ទី ១ ៦:១៣–២០

រូបកាយ​របស់​ខ្ញុំ​ពិសិដ្ឋ ។

មនុស្ស​នៅទីក្រុង​កូរិនថូស​ភាគ​ច្រើនបំផុត មានអារម្មណ៍​ថា រឿង​សីលធម៌​ខាង​ផ្លូវភេទ​គឺ​ជា​រឿង​ដែលអាច​ទទួល​យក​បាន ហើយ​ថា​រូបកាយ​របស់​ពួកគេ​បានបង្កើត​ឡើង​ជា​ចម្បង​ដើម្បី​ភាព​សប្បាយរីករាយ ។ ឬ​និយាយ​ម្យ៉ាងទៀត​ថា ពួក​កូរិនថូស​ពុំ​មានភាព​ខុស​ប្លែក​គ្នា​ពី​លោកិយ​សព្វថ្ងៃ​នេះ​ទេ ។ តើ​ប៉ុល​បានបង្រៀន​អ្វីខ្លះ​នៅក្នុង កូរិនថូសទី ១ ៦:១៣–២០ ដែល​អាច​ជួយ​បងប្អូនឲ្យ​ពន្យល់​ដល់​អ្នកដទៃ​ពី​មូលហេតុ​ដែល​បងប្អូន​ចង់​រស់នៅ​ក្នុង​ជីវិត​បរិសុទ្ធភាព ?

វា​អាច​នឹង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផងដែរ​ដើម្បី​មើល​អំពី​របៀប​ដែល​ស៊ីស្ទើរ វែនឌី ដបុលយូ ណិលសុន ក៏​ដូចជា​ប៉ុល ​បាន​លើក​ទឹកចិត្ត​ដល់​ពួកបរិសុទ្ធ​ឲ្យ​មាន​បរិសុទ្ធភាព​នៅ​ក្នុង​ការ​ថ្លែង​របស់​គាត់ « Love and Marriage » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភព​លោក​សម្រាប់​ពួក​យុវមជ្ឈិមវ័យ ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៧ broadcasts.lds.org ) ។ តើ​សេចក្ដីពិត​អំពី​សេចក្ដីស្រឡាញ់ និង​ភាព​ស្និទ្ធស្នាល​ដែល​បាន​ពិពណ៌នា​ដោយ​ស៊ីស្ទើរ ណិលសុន ខុស​ពី​សារ​របស់​លោកិយ​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ រ៉ូម ១:២៤–២៧; « ព្រហ្មចារីភាព » ប្រធានបទ​ដំណឹង​ល្អ topics.lds.org ។

កូរិនថូស ទី១ ៧:២៩–៣៣

តើ​ប៉ុល​បាន​បង្រៀន​ថា វា​ល្អ​ប្រសើរ​ជាង​ដើម្បី​មិន​រៀបការ​ជា​ជាង​រៀបការឬទេ ?

មាន​ខគម្ពីរ​ជាច្រើន​នៅក្នុង កូរិនថូសទី ១ ៧ ហាក់ដូចជា​ផ្ដល់​យោបល់​ថា ខណៈ​ដែល​រៀប​អាពាហ៍ពិពាហ៍​ជា​រឿង​ទទួល​យក​បាន នោះ​ការ​បន្ដ​នៅ​លីវ និង​ការ​ចៀស​ពី​ទំនាក់ទំនង​ខាង​ផ្លូវ​ភេទ​ទាំង​ស្រុង គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ចង់​បាន​ជាង ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ កូរិនថូសទី  ១ ៧:២៩–៣៣ ( សូមមើល​ឧបសម្ព័ន្ធ​ព្រះគម្ពីរ​ប៊ីប ) ជួយ​យើង​ឲ្យ​យល់​ថា ប៉ុល​កំពុង​សំដៅ​ទៅលើ​អស់​អ្នក​ដែល​បាន​ហៅ​ជា​អ្នក​ផ្សព្វផ្សាយសាសនា​ពេញម៉ោង ដោយ​សង្កេត​ឃើញ​ថា ពួកគេ​អាច​បម្រើ​ព្រះ​បាន​ល្អ​ប្រសើរជាង បើ​ពួកគេ​បន្ដ​នៅលីវ​អំឡុង​ពេល​បេសកកម្ម​របស់​ពួកគេ ។ ព្រះអម្ចាស់​បាន​បង្រៀន​តាមរយៈ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ រួមបញ្ចូលទាំង​ប៉ុលថា​ អាពាហ៍ពិពាហ៍​គឺ​ជាចំណែក​នៃ​ផែនការ​ដ៏​អស់កល្បជានិច្ច​របស់​ទ្រង់ ហើយ​ចាំបាច់​សម្រាប់​ភាព​តម្កើង​ឡើង ( សូមមើល​កូរិនថូសទី ១ ១១:១១, គ. និង ស. ១៣១:១–៤ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយ​បងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ នេះ​គឺ​ជា​ការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

កូរិនថូសទី ១ ១:១០–១៧, ៣:១–១១

នៅពេល​សមាជិកគ្រួសារ​របស់​បងប្អូន​អាន​ខគម្ពីរ​ទាំងនេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​គំនិតយោបល់​មួយ​ដែល​អាច​ជួយ​ដល់​ពួកគេ​ឲ្យ​កាន់តែ​មាន​សាមគ្គីភាព ។

កូរិនថូសទី ១ ៣:១–២

ប្រហែល​ជា​បងប្អូន​អាច​អាន​ខគម្ពីរ​ទាំងនេះ ខណៈពេល​កំពុង​ទទួលទាន​ទឹកដោះគោ និង​អាហារ ហើយ​បងប្អូន​អាច​ប្រៀបធៀប​ពី​របៀប​ដែល​ទារកតូចៗ​ធំឡើង​ជា​មនុស្ស​ធំ ទៅនឹង​របៀប​ដែល​យើង​កំពុង​ធំ​ឡើង​ខាង​វិញ្ញាណ ។​

កូរិនថូសទី ១ ៣:៤–៩

ប៉ុល​ប្រៀបធៀប​កិច្ចការ​ផ្សព្វផ្សាយសាសនា​របស់​គាត់​ទៅ​នឹង​ការ​ដាំ​គ្រាប់ពូជ ។ តើ​ការ​ប្រៀបធៀប​របស់​គាត់​ផ្ដល់​យោបល់​អ្វីខ្លះ​អំពី​របៀប​ដែល​យើង​គួរ​តែ​ទៅ​ចែកចាយ​ដំណឹងល្អ​នឹង​អ្នកដទៃ ?​

កូរិនថូសទី ១ ៦:១៩–២០

ការ​ប្រៀបធៀប​រូបកាយ​របស់​យើង​ទៅនឹង​ព្រះវិហារបរិសុទ្ធ ដូចជា​ប៉ុល​បាន​ធ្វើ អាច​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដើម្បីបង្រៀន​អំពី​ភាព​ពិសិដ្ឋ​នៃ​រូបកាយ​របស់​យើង ។ ប្រហែលជា​បងប្អូន​អាច​បង្ហាញ​រូបភាព​ព្រះវិហារបរិសុទ្ធ ដូចជា​ព្រះវិហារបរិសុទ្ធ​ដែល​មាន​នៅ​ក្នុង​គម្រោង​មេរៀន​នេះ ។ ហេតុអ្វី​ព្រះវិហារបរិសុទ្ធ​ពិសិដ្ឋ ? តើ​រូបកាយ​របស់​យើងដូច​ជាព្រះវិហារ​បរិសុទ្ធយ៉ាង​ដូចម្ដេច ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ប្រព្រឹត្ត​នឹង​រូបកាយ​របស់​យើង​ដូចជា​ព្រះវិហារបរិសុទ្ធ ? ( សូមមើល​ផងដែរ « ភាពបរិសុទ្ធ​ខាង​ផ្លូវ​ភេទ » ដើម្បី​កម្លាំង​នៃ​យុវជន ទំព័រ ៣៥–៣៧ ) ។ បើ​អាច​ធ្វើទៅ​បាន សូម​ទៅ​ព្រះវិហារបរិសុទ្ធ​ជាមួយ​គ្នា ឬ​ទៅ​ទស្សនា​ទីធ្លា​ព្រះវិហារបរិសុទ្ធ ការ​ធ្វើ​ដូចនេះ​អាច​ជួយ​បន្ថែមដល់​ការ​ពិភាក្សា​របស់​បងប្អូន​អំពី​ភាព​ពិសិដ្ឋ​នៃ​ព្រះវិហារបរិសុទ្ធ និង​រូបកាយ​របស់​យើង ។

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ចូរ​អត់ធ្មត់​ចំពោះ​ខ្លួនឯង ។ ប៉ុល​បាន​បង្រៀន​ថា ទឹកដោះគោ​កើត​មក​មុន​សាច់ ពីព្រោះ​យើង​កំពុង​រៀន​ដំណឹងល្អ ( សូមមើល​កូរិនថូសទី ១ ៣:១–២ ) ។ បើ​បងប្អូន​រកឃើញ​ថា គោលលទ្ធិ​មួយ​ចំនួន​ពិបាក​យល់​ក្នុង​ពេល​ឥឡូវ​នេះ សូម​មានភាព​អត់ធ្មត់ ។ សូម​ទុកចិត្ត​ថា ចម្លើយ​នានា​នឹង​កើត​មាន​នៅពេល​បងប្អូន​មាន​ជំនឿ ហើយ​សិក្សា​ដោយ​ឧស្សាហ៍ព្យាយាម ។

រូបភាព
ព្រះវិហារបរិសុទ្ធ​ចំនួន​បួន

ប៉ុល​បាន​ប្រៀបធៀប​រូបកាយ​របស់​យើង​ទៅ​នឹង​ភាព​ពិសិដ្ឋ​របស់​ព្រះវិហារបរិសុទ្ធ ។ មើល​ពីឆ្វេង​ទៅ​ស្ដាំ ចាប់​ពី​ផ្នែក​ខាង​លើ​នៅ​ខាង​ឆ្វេងដៃ ៖ ព្រះវិហារបរិសុទ្ធ ធីវ៉នណា ម៊ិកស៊ីក, ព្រះវិហារ​បរិសុទ្ធ តៃប៉ិ តៃវ៉ាន់, ព្រះវិហារបរិសុទ្ធ តេហ្គូស៊ីហ្គាល់ប៉ា ហុងឌូរ៉ាស, ព្រះវិហារបរិសុទ្ធ ហូស្តុន តិចសាស ។

បោះពុម្ព