« ថ្ងៃទី ២១–២៧ ខែ តុលា ។ ថែស្សាឡូនីចទី ១ និងទី ២ ៖ ‹ កុំឲ្យឆាប់មានគំនិតរវើរវាយ ឬថប់ព្រួយអ្វី › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ២១–២៧ ខែ តុលា ។ ថែស្សាឡូនីចទី ១ និងទី ២ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ២១–២៧ ខែ តុលា
ថែស្សាឡូនីចទី ១ និង ទី ២
« កុំឲ្យឆាប់មានគំនិតរវើរវាយ ឬថប់ព្រួយអ្វី »
បើយើងមិនបានកត់ត្រាចំណាប់អារម្មណ៍ដែលយើងបានទទួលមកពីព្រះវិញ្ញាណទេ នោះយើងអាចនឹងភ្លេចវា ។ តើព្រះវិញ្ញាណបំផុសគំនិតបងប្អូនឲ្យកត់ត្រាអ្វីខ្លះ នៅពេលបងប្អូនអានថែស្សាឡូនីចទី ១ និង ទី ២ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
នៅក្នុងថែស្សាឡូនីច ប៉ុល និងស៊ីឡាបានត្រូវគេចោទប្រកាន់ថា « នាំឲ្យក្រឡាប់ផែនដី » ( កិច្ចការ ១៧:៦ ) ។ ការផ្សាយរបស់ពួកគេបានធ្វើឲ្យពួកអ្នកដឹកនាំមួយចំនួននៅក្នុងចំណោមពួកយូដាខឹង ហើយពួកអ្នកដឹកនាំទាំងនេះបានចាក់រុកប្រជាជនឲ្យមានកំហឹង ( សូមមើល កិច្ចការ ១៧:១–១០ ) ។ ជាលទ្ធផល ប៉ុល និងស៊ីឡាត្រូវបានគេឲ្យចេញពីក្រុងថែស្សាឡូនីច ។ ប៉ុលបានបារម្ភអំពីអ្នកផ្លាស់ប្រែចិត្តជឿនៅក្រុងថែស្សាឡូនីចថ្មីៗ និងការបៀតបៀនដែលពួកគេកំពុងជួបប្រទះ ប៉ុន្តែគាត់ពុំអាចត្រឡប់មកជួបពួកគេវិញបានទេ ។ គាត់បានសរសេរថា « កាលខ្ញុំទ្រាំមិនបានទៀត នោះខ្ញុំបានចាត់គាត់មកឲ្យបានដឹងពីសេចក្ដីជំនឿរបស់អ្នករាល់គ្នា » ។ ជាការឆ្លើយតប នោះធីម៉ូថេដែលជាជំនួយការរបស់ប៉ុល ដែលបានកំពុងបម្រើនៅក្រុងថែស្សាឡូនីចបាន « នាំដំណឹងល្អពីសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាទៅប្រាប់យើងខ្ញុំផង » ( ថែស្សាឡូនីចទី ១ ៣:៥–៦ ) ។ តាមពិត ពួកបរិសុទ្ធថែស្សាឡូនីចត្រូវបានគេស្គាល់ថាជាគំរូ « ដល់អស់អ្នកដែលជឿ » ( ថែស្សាឡូនីចទី ១ ១:៧ ) ហើយដំណឹងអំពីសេចក្ដីជំនឿរបស់ពួកគេបានផ្សាយទៅទីក្រុងឆ្ងាយៗជាច្រើន ។ សូមនឹកស្រមៃអំពីអំណរ និងភាពធូរស្បើយរបស់ប៉ុលនៅពេលស្ដាប់ឮថាកិច្ចការរបស់គាត់នៅក្នុងចំណោមពួកគេ « មិនមែនជាឥតកើតផល » នោះ ( ថែស្សាឡូនីចទី ១ ២:១ ) ។ ប៉ុន្ដែប៉ុលបានដឹងថា ភាពស្មោះត្រង់កាលពីអតីតកាលគឺពុំល្មមគ្រប់គ្រាន់ដើម្បីរស់រានមានជីវិតខាងវិញ្ញាណនៅក្នុងពេលអនាគតកាលនោះទេ ហើយគាត់ប្រយ័ត្នចំពោះឥទ្ធិពលរបស់គ្រូបង្រៀនខុសឆ្គងនៅក្នុងចំណោមពួកបរិសុទ្ធ ( សូមមើល ថែស្សាឡូនីចទី ២ ២:២–៣ ) ។ សារលិខិតរបស់គាត់ចំពោះពួកគេ និងចំពោះពួកយើង គឺត្រូវបន្ដ « ឲ្យបានបំពេញសេចក្ដីអ្វីដែលខ្វះខាងឯសេចក្ដីជំនឿ [ របស់យើង ] » និងដើម្បីមានសេចក្ដីស្រឡាញ់ « កាន់តែខ្លាំងឡើងចុះ » ( សូមមើល ថែស្សាឡូនីចទី ១ ៣:១០, ៤:១០ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
អ្នកបម្រើក្នុងដំណឹងល្អផ្សាយដោយអស់ពីចិត្ត និងដោយសេចក្ដីស្រឡាញ់ ។
នៅក្នុង ថែស្សាឡូនីចទី ១ ពាក្យសម្ដីរបស់ប៉ុលបានបង្ហាញទាំងកង្វល់ និងអំណរអំពីមនុស្សដែលបានថ្វាយខ្លួនគេទាំងស្រុងក្នុងការបម្រើដល់កូនចៅរបស់ព្រះ ។ ជាពិសេសនៅក្នុងជំពូកពីរដំបូងនៃគម្ពីរ ថែស្សាឡូនីចទី ១ បងប្អូននឹងរកឃើញពាក្យ និងឃ្លាទាំងឡាយដែលពិពណ៌នាអំពីរបៀបដែលអ្នកបម្រើពិតបង្រៀនដំណឹងល្អដោយរបៀបណា ។ តើបងប្អូនត្រូវបានបំផុសគំនិតឲ្យធ្វើអ្វីខ្លះដើម្បីកែលម្អការបង្រៀនដំណឹងល្អរបស់បងប្អូន ?
នៅពេលខ្ញុំដើរតាមព្រះយេស៊ូវគ្រីស្ទ ខ្ញុំអាចប្រែក្លាយជាបរិសុទ្ធ ។
យើងទាំងអស់គ្នាសង្ឃឹមថា « ក្នុងកាលដែលព្រះយេស៊ូវជាព្រះអម្ចាស់នៃយើង ទ្រង់យាងមក » យើងនឹងអាចឈរនៅចំពោះទ្រង់ដោយ « តាំងចិត្តឲ្យបរិសុទ្ធឥតសៅហ្មងនៅចំពោះព្រះ » ( ថែស្សាឡូនីចទី ១ ៣:១៣ ) ។ តើប៉ុលបានបង្រៀនអ្វីខ្លះអំពីការប្រែក្លាយកាន់តែបរិសុទ្ធនៅក្នុង ថែស្សាឡូនីចទី ១ ៣:៩–១៣, ៤:១–១២ ?
សូមមើលផងដែរ មរ៉ូណៃ ១០:៣២–៣៣; Bible Dictionary « Holiness »; ខារ៉ុល អេហ្វ ម៉ាកខន់ឃី « The Beauty of Holiness,» Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៩–១២ ) ។
ថែស្សាឡូនីចទី ១ ៤:១៦–១៨; ៥:១–១០; ថែស្សាឡូនីចទី ២ ១:៤–១០
បើខ្ញុំស្មោះត្រង់ ហើយប្រុងប្រយ័ត្ន នោះខ្ញុំនឹងបានត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
នៅក្នុង ថែស្សាឡូនីចទី ១ ៥:១–១០ ប៉ុលបានប្រើការប្រៀបធៀបជាច្រើនដើម្បីបង្រៀនអំពីសេចក្ដីពិតដ៏សំខាន់ៗអំពីពេលវេលាដែលព្រះយេស៊ូវនឹងយាងត្រឡប់មកកាន់ផែនដីវិញ ។ នៅពេលបងប្អូនសិក្សារឿងប្រៀបធៀបទាំងនេះ សូមពិចារណាធ្វើការកត់ត្រាទុកនូវចំណាប់អារម្មណ៍ដែលកើតមានចំពោះបងប្អូនអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។
« ចោរមកនៅពេលយប់ » ៖
« ស្ត្រីមានគត៌ឈឺនឹងសម្រាល » ៖
រឿងប្រៀបធៀបផ្សេងទៀតដែលបងប្អូននឹងរកឃើញ ៖
តើសេចក្ដីពិតបន្ថែមទៀតអ្វីខ្លះដែលបងប្អូនបានរៀនអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទមកពី ថែស្សាឡូនីចទី ១ ៤:១៦–១៨; ៥:១–១០; ថែស្សាឡូនីចទី ២ ១:៤–១០ ? តើបងប្អូនត្រូវបានបំផុសគំនិតឲ្យធ្វើអ្វីខ្លះដើម្បីចាំមើល ហើយរៀបចំខ្លួនសម្រាប់ការយាងមករបស់ទ្រង់ ?
សូមមើលផងដែរ ដាល្លិន អេក អូក « Preparation for the Second Coming » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៧–១០ ។
ការក្បត់សាសនា ឬការធ្លាក់ចុះចេញពីសេចក្ដីពិត ត្រូវបានព្យាករថាកើតមាននៅពីមុនការយាងមកជាលើកទីពីរ ។
នៅក្នុងកណ្ដាលការបៀតបៀនកាន់តែច្រើនឡើង នោះមានពួកបរិសុទ្ធថែស្សាឡូនីចជាច្រើនបានជឿថា ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះជិតមកដល់ហើយ ។ ប៉ុន្ដែប៉ុលបានដឹងថា ពីមុនព្រះយេស៊ូវយាងត្រឡប់មកកាន់ផែនដីវិញ នោះនឹងមានការក្បត់សាសនាមួយកើតឡើង—ជាការបះបោរ ឬ « ការធ្លាក់ចុះចេញ » ពីសេចក្ដីពិត ( សូមមើល ថែស្សាឡូនីចទី ២ ២:១–៤ ) ។ បងប្អូនអាចយល់ដឹងកាន់តែជ្រៅជ្រះអំពីការក្បត់សាសនាដ៏ធំ—និងកាន់តែមានអំណរចំពោះការស្ដារឡើងវិញ—តាមរយៈការរកមើលក្នុងធនធានមួយចំនួនដូចខាងក្រោម ៖
-
បទគម្ពីរដែលទាយទុកជាមុនអំពីការក្បត់សាសនា ៖ អេសាយ ២៤:៥, អេម៉ុស ៨:១១–១២, ម៉ាថាយ ២៤:៤–១៤, ធីម៉ូថេទី ២ ៤:៣–៤
-
បទគម្ពីរដែលបង្ហាញអំពីការក្បត់សាសនាបានចាប់ផ្ដើមរួចទៅហើយនៅក្នុងជំនាន់របស់ប៉ុល ៖ កិច្ចការ ២០:២៨–៣០, កាឡាទី ១:៦–៧, ធីម៉ូថេទី ១ ១:៥–៧
-
ការអង្កេតមើលអំពីការក្បត់សាសនាដ៏ធំដោយពួកអ្នកកែទម្រង់គ្រីស្ទសាសនា ៖
ម៉ាទីន លូធើរ ៖ « ខ្ញុំពុំបានព្យាយាមធ្វើអ្វីក្រៅពីកែទម្រង់ព្រះវិហារឲ្យស្របតាមព្រះគម្ពីរបរិសុទ្ធនោះទេ ។… ខ្ញុំនិយាយដោយសាមញ្ញថា សាសនាគ្រីស្ទបានឈប់មានវត្តមាននៅក្នុងចំណោមអ្នកទាំងឡាយដែលគួរតែបានរក្សាវាទុកនោះរួចទៅហើយ » ( នៅក្នុង E. G. Schweibert Luther and His Times: The Reformation from a New Perspective [ ឆ្នាំ ១៩៥០ ] ទំព័រ ៥៩០ ) ។
រ៉ូជើរ វិល្លាម ៖ « ការក្បត់សាសនា…បានបំផ្លាញអ្វីៗបាត់អស់ទៅហើយ ដែលពុំអាចបានសង្គ្រោះចេញពីការក្បត់សាសនាបានឡើយ ទាល់តែព្រះគ្រីស្ទបញ្ជូនពួកសាវកថ្មីឲ្យមករៀបចំព្រះវិហារសារជាថ្មី » ( នៅក្នុង Philip Schaff, The Creeds of Christendom [ ឆ្នាំ ១៨៧៧ ] ទំព័រ ៨៥១ ) ។
អឺរ៉ាម្ស៊ូស ៖ « ឥឡូវអ្វីៗគ្រប់យ៉ាងគឺត្រូវបានជាប់ជំពាក់យ៉ាងខ្លាំងជាមួយនឹងចម្ងល់អំពី [ គោលលទ្ធិ ] និងក្រឹត្យដែលយើងមិនទាំងហ៊ានសង្ឃឹមថា អាចហៅពិភពលោកឲ្យត្រឡប់មកកាន់សាសនាគ្រីស្ទពិតវិញផង » ( The Praise of Folly, trans. Clarence H. Miller, បោះពុម្ពលើកទី ២ [ ឆ្នាំ ២០០៣ ] ទំព័រ ១៥៥–៥៦ ) ។
សូមមើលផងដែរ នីហ្វៃទី ២ ២៨; « ការក្បត់សាសនា » ប្រធានបទដំណឹងល្អ topics.lds.org ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាតើគោលការណ៍អ្វីដែលត្រូវពិភាក្សាតាមតម្រូវការរបស់គ្រួសារបងប្អូន ។ នេះគឺជាការផ្ដល់យោបល់មួយចំនួន ៖
តើបងប្អូនមានចំណាប់អារម្មណ៍អ្វីខ្លះអំពីអារម្មណ៍ដែលប៉ុលមានចំពោះមិត្តរបស់គាត់ ? តើយើងអាចចិញ្ចឹមបីបាច់អារម្មណ៍ដូច្នេះចំពោះគ្រួសារ មិត្តភក្ដិ និងបងប្អូនពួកបរិសុទ្ធរបស់យើងយ៉ាងដូចម្ដេច ?
តើយើងអាចប្រើខគម្ពីរទាំងនេះមកលួងលោមខ្លួនយើង ឬនរណាម្នាក់ទៀតនៅពេលដែលមនុស្សជាទីស្រឡាញ់បានលាចាកលោកទៅដោយរបៀបណា ?
សូមរំឭកមើលការប្រឹក្សារបស់ប៉ុលនៅក្នុង ថែស្សាឡូនីចទី ១ ៥:១៤–២៥ ហើយស្វែងរកឃ្លាមួយដែលគ្រួសាររបស់បងប្អូនចង់ផ្ដោតទៅលើ ។ សូមពិចារណាសរសេរវានៅលើបដាមួយដើម្បីដាក់តាំងនៅក្នុងគេហដ្ឋានរបស់បងប្អូន ។ សមាជិកគ្រួសារអាចបន្ថែមកំណត់ចំណាំមួយនៅលើបដានោះ នៅពេលពួកគេមើលឃើញគ្នាទៅវិញទៅមករស់នៅតាមការប្រឹក្សានៅលើបដានោះ ។
តើយើងធ្លាប់មានអារម្មណ៍ « រសាយចិត្តខាងឯការល្អ »—អារម្មណ៍ធុញថប់ ប្រហែលជាមកពីតម្រូវការជាច្រើននៃភាពជាសិស្សដែរឬទេ ? តើមានអ្វីខ្លះបានជួយយើងនៅពេលយើងមានអារម្មណ៍បែបនេះ ? ( សូមមើល កាឡាទី ៦:៩, គ. និង ស. ៦៤:៣៣ ) ។ តើយើងអាចគាំទ្រគ្នាទៅវិញទៅមកនៅពេលរឿងនេះកើតឡើងយ៉ាងដូចម្ដេច ?
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។