« ថ្ងៃទី ២៨ ខែ តុលា –ថ្ងៃទី ៣ ខែ វិច្ឆិកា ។ ធីម៉ូថេទី ១ និង ទី២, ទីតុស, ភីលេម៉ូន ៖ ‹ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ២៨ ខែ តុលា– ថ្ងៃទី ៣ ខែ វិច្ឆិកា ។ ធីម៉ូថេទី ១ និង ទី២, ទីតុស, ភីលេម៉ូន » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ២៨ ខែ តុលា –ថ្ងៃទី ៣ ខែ វិច្ឆិកា
ធីម៉ូថេទី ១ និង ទី ២; ទីតុស; ភីលេម៉ូន
« ចូរធ្វើជាគំរូដល់ពួកអ្នកជឿ »
ពេលខ្លះវាអាចជួយបានច្រើន ពេលបងប្អូនមានចម្ងល់មួយ ឬច្រើននៅក្នុងគំនិតមុនពេលចាប់ផ្ដើមសិក្សាព្រះគម្ពីររបស់បងប្អូន ។ សូមយាងព្រះវិញ្ញាណឲ្យដឹកនាំបងប្អូនទៅរកចម្លើយនៅពេលបងប្អូនសិក្សា ហើយកត់ត្រាចំណាប់អារម្មណ៍នានាដែលបងប្អូនបានទទួល ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
នៅក្នុងសំបុត្ររបស់ប៉ុលដែលបានសរសេរទៅកាន់ធីម៉ូថេ ទីតុស និងភីលេម៉ូន យើងទទួលបានពន្លឺមួយនៅក្នុងដួងចិត្តរបស់អ្នកបម្រើម្នាក់របស់ព្រះអម្ចាស់ ។ មិនដូចជាសំបុត្រផ្សេងៗទៀតដែលប៉ុលបានសរសេរទៅកាន់ក្រុមជំនុំទាំងមូលនោះទេ សំបុត្រទាំងនេះត្រូវបានសរសេរទៅកាន់បុគ្គលម្នាក់ៗ—ដែលជាមិត្តភក្ដិជិតស្និទ្ធរបស់ប៉ុល និងជាសហការីនៅក្នុងកិច្ចការរបស់ព្រះ—ហើយការអានសំបុត្រទាំងនោះគឺដូចជាស្ដាប់ការសន្ទនាមួយដូច្នោះដែរ ។ យើងមើលឃើញប៉ុលលើកទឹកចិត្តធីម៉ូថេ និង ទីតុស ដែលជាអ្នកដឹកនាំក្រុមជំនុំពីររូប នៅក្នុងការបម្រើក្នុងសាសនាចក្ររបស់ពួកគេ ។ យើងមើលឃើញគាត់អង្វរដល់មិត្តរបស់គាត់ភីលីម៉ូន ឲ្យអភ័យទោសដល់បងប្អូនពួកបរិសុទ្ធម្នាក់ ហើយប្រព្រឹត្តនឹងគាត់ដូចជាបងប្អូនប្រុសក្នុងដំណឹងល្អម្នាក់ ។ ពាក្យសម្ដីរបស់ប៉ុលពុំបាននិយាយមកកាន់យើងចំៗនោះទេ ហើយគាត់ពុំដែលរំពឹងថាមានមនុស្សជាច្រើននឹងអានវានៅថ្ងៃមួយនោះដែរ ។ ប៉ុន្ដែយើងរកឃើញនៅក្នុងសំបុត្រទាំងនេះនូវការប្រឹក្សា និងការលើកទឹកចិត្តដល់យើង មិនថាការបម្រើផ្ទាល់ខ្លួនរបស់យើងជាអ្វីនៅក្នុងសាសនាចក្រនោះទេ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
តើធីម៉ូថេ និងទីតុសជានរណា ?
ធីម៉ូថេ និងទីតុស បានបម្រើជាមួយប៉ុលនៅក្នុងពេលធ្វើដំណើរផ្សព្វផ្សាយសាសនាខ្លះៗ ។ អំឡុងការបម្រើរបស់ពួកគេ ពួកគេបានទទួលការគោរព និងការទុកចិត្តមកពីប៉ុល ។ ធីម៉ូថេក្រោយមកត្រូវបានហៅឲ្យធ្វើជាអ្នកដឹកនាំសាសនាចក្រមួយរូបនៅក្រុងអេភេសូរ ហើយទីតុស ត្រូវបានហៅឲ្យបម្រើជាអ្នកដឹកនាំនៅកោះក្រេត ។ នៅក្នុងសំបុត្រទាំងនេះ ប៉ុលបានផ្ដល់ការណែនាំ និងការលើកទឹកចិត្តដល់ពួកអ្នកដឹកនាំទាក់ទងនឹងការទទួលខុសត្រូវរបស់ពួកគេ ដែលរួមមានទាំងការផ្សាយដំណឹងល្អ និងការហៅពួកបុរសឲ្យបម្រើជាប៊ីស្សពផងដែរ ។
សូមមើលផងដែរ Bible Dictionary « Pauline Epistles » « Timothy » « Titus » ។
បើខ្ញុំ « ធ្វើជាគំរូដល់ពួកអ្នកជឿ » ខ្ញុំអាចដឹកនាំអ្នកដទៃទៅរកព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់បាន ។
ធីម៉ូថេមានវ័យក្មេង ប៉ុន្តែប៉ុលបានដឹងថាគាត់អាចធ្វើជាអ្នកដឹកនាំសាសនាចក្រដ៏ល្អម្នាក់ដោយពុំគិតពីវ័យរបស់គាត់ឡើយ ។ តើដំបូន្មានអ្វីខ្លះដែលប៉ុលបានផ្ដល់ទៅឲ្យធីម៉ូថេនៅក្នុង ធីម៉ូថេទី ១ ៤:១០–១៦ ? តើការប្រឹក្សានេះអាចជួយបងប្អូនឲ្យដឹកនាំអ្នកដទៃមករកព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់បានយ៉ាងដូចម្ដេច ?
សូមមើលផងដែរ អាលម៉ា ១៧:១១ ។
« ព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្តីស្រឡាញ់ និងប្រាជ្ញានឹងធឹងវិញ » ។
ធីម៉ូថេទី ២ ត្រូវបានគេជឿថា ជាសំបុត្រចុងក្រោយដែលប៉ុលបានសរសេរ ហើយវាហាក់ដូចជាគាត់បានដឹងថាពេលវេលារបស់គាត់នៅលើផែនដីគឺមានរយៈពេលខ្លីណាស់ ( សូមមើល ធីម៉ូថេទី ២ ៤:៦–៨ ) ។ នៅពេលបងប្អូនអានសំបុត្រនេះ សូមគិតអំពីអារម្មណ៍របស់ធីម៉ូថេដែលអាចនឹងមាន នៅពេលដឹងថាគាត់នឹងបាត់បង់អ្នកប្រៀនប្រដៅ និងអ្នកដឹកនាំដ៏ជាទីទុកចិត្តរបស់គាត់ក្នុងពេលឆាប់ៗនោះ ។ តើប៉ុលបាននិយាយអ្វីខ្លះដើម្បីលើកទឹកចិត្តគាត់ ? តើពាក្យសម្ដីរបស់ប៉ុលបានបង្រៀនបងប្អូនអ្វីខ្លះ អំពីការប្រឈមមុខនឹងការល្បួង និងការភ័យខ្លាចទាំងឡាយ ?
ការរស់នៅតាមដំណឹងល្អផ្ដល់នូវសុវត្ថិភាពពីគ្រោះថ្នាក់ខាងវិញ្ញាណនៅថ្ងៃចុងក្រោយ ។
យើងកំពុងរស់នៅក្នុងថ្ងៃ « ជាន់ក្រោយបង្អស់ » ដែលប៉ុលបាននិយាយ ហើយ « គ្រាលំបាកណាស់ » បានមកដល់ ( ធីម៉ូថេទី ២ ៣:១ ) ។ នៅពេលបងប្អូនអាន ធីម៉ូថេទី ២ ៣ សូមកត់ត្រាការលំបាកៗនៅថ្ងៃជាន់ក្រោយដែលបានលើកឡើងនោះ ( សូមមើលផងដែរ ធីម៉ូថេទី ១ ៤:១–៣ ) ៖
តើបងប្អូនអាចគិតអំពីឧទាហរណ៍នៃគ្រាលំបាកៗទាំងនេះនៅក្នុងពិភពលោកជុំវិញបងប្អូន—ឬនៅក្នុងជីវិតបងប្អូនផ្ទាល់បានឬទេ ? តើគ្រាលំបាកៗទាំងនេះ ដូចជាមនុស្សដែលបានពិពណ៌នានៅក្នុង ខទី ៦ « ចូលទៅក្នុងផ្ទះ [ របស់បងប្អូន ] ហើយនាំ [ បងប្អូន ] ទាំងល្បួង » យ៉ាងដូចម្ដេច ? តើមានការទូន្មានអ្វីខ្លះដែលបងប្អូនរកឃើញនៅក្នុង ធីម៉ូថេទី ២ ៣ និងកន្លែងផ្សេងទៀតនៅក្នុងសំបុត្រទាំងនេះ ដែលអាចរក្សាបងប្អូន និងគ្រួសាររបស់បងប្អូនឲ្យមានសុវត្ថិភាពពីគ្រោះថ្នាក់ខាងវិញ្ញាណទាំងនេះ ? ( សូមមើល ឧទាហរណ៍ ធីម៉ូថេទី ១ ១:៣–១១; ធីម៉ូថេទី ២ ២:១៥–១៦; ទីតុស ២:១–៨ ) ។
តើភីលេម៉ូនជានរណា ?
ភីលេម៉ូនគឺជាគ្រីស្ទានម្នាក់ដែលបានផ្លាស់ប្រែចិត្តជឿមកក្នុងដំណឹងល្អតាមរយៈប៉ុល ។ គាត់មានបាវបម្រើម្នាក់ឈ្មោះ អូនេស៊ីម ដែលបានរត់គេចរួចពីការធ្វើជាទាសករ បានជួបនឹងប៉ុល ហើយបានផ្លាស់ប្រែចិត្តជឿមកក្នុងដំណឹងល្អផងដែរ ។ នៅក្នុងសំបុត្រមួយផ្ញើទៅកាន់ភីលេម៉ូន ប៉ុលបានលើកទឹកចិត្តមិត្តរបស់គាត់ឲ្យអភ័យទោសដល់ អូនេស៊ីម ហើយទទួលគាត់ « មិនមែនដូចជាបាវបម្រើទៀតឡើយ គឺលើសជាងបាវបម្រើទៅទៀត ទុកដូចជាប្អូនស្ងួនភ្ងាវិញ » ( ខទី ១៦ ) ។
ពួកអ្នកដើរតាមព្រះគ្រីស្ទអភ័យទោសដល់គ្នាទៅវិញទៅមក ។
តើបងប្អូនធ្លាប់ស្ថិតក្នុងស្ថានភាពមួយជាពេលដែលមនុស្សម្នាក់ព្យាយាមសុំការអភ័យទោសពីបងប្អូនដែរឬទេ ? ចូរគិតអំពីស្ថានភាពនោះ នៅពេលបងប្អូនអានសំបុត្រដែលផ្ញើទៅកាន់ភីលេម៉ូននេះ ។ តើប៉ុលបានបង្រៀនដល់ភីលេម៉ូនអ្វីខ្លះអំពីមូលហេតុដែលគាត់គួរអភ័យទោសដល់អូនេស៊ីម ? តើមានសារលិខិតណាមួយសម្រាប់បងប្អូននៅក្នុងសំបុត្រនេះឬទេ ?
សូមមើលផងដែរ នីហ្វៃទី ១ ៧:១៦–២១; ម៉ូសាយ ២៦:៣០–៣១; ប្រធានបទដំណឹងល្អ « Forgiveness » topics.lds.org ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ នេះគឺជាការផ្ដល់យោបល់មួយចំនួន ៖
ខណៈដែលទិដ្ឋភាពនៃការប្រឹក្សារបស់ប៉ុលសម្រាប់ស្ត្រីឲ្យស្លៀកពាក់រមទម្យពុំអនុវត្តនៅក្នុងជំនាន់របស់យើង នោះយើងទាំងអស់គ្នាអាចរៀនមកពីការប្រឹក្សារបស់គាត់ឲ្យ « លម្អ [ ខ្លួនយើង ]…ដោយការប្រព្រឹត្តល្អវិញ » ។ គ្រួសាររបស់បងប្អូនអាចនឹងរីករាយធ្វើការជាមួយគ្នាដើម្បីរៀបចំការបង្ហាញម៉ូតដោយឲ្យសមាជិកគ្រួសារស្លៀកពាក់ខោអាវល្អៗ ឬគ្រឿងអលង្ការដែលមានបិទស្លាកនូវប្រភេទកិច្ចការល្អៗផ្សេងៗគ្នា ។ តើការប្រព្រឹត្តល្អមួយចំនួនដែលគ្រួសាររបស់បងប្អូនអាចធ្វើនៅសប្ដាហ៍នេះមានអ្វីខ្លះ ?
ដើម្បីជួយសមាជិកគ្រួសាររបស់បងប្អូនឲ្យមានបំណងប្រាថ្នា « ធ្វើជាគំរូដល់ពួកអ្នកជឿ » សូមពិចារណាធ្វើការអញ្ជើញពួកគេឲ្យគូររូបអំពីរបៀបដែលមនុស្សបានធ្វើគំរូល្អចំពោះពួកគេ ។ តើមនុស្សទាំងនេះបានបំផុសគំនិតដល់យើងឲ្យធ្វើតាមព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ? សារលិខិតរបស់ប្រធាន ថូម៉ាស អេស ម៉នសុន « Be an Example and a Light » ( Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៨៦–៨៨ ) អាចនឹងផ្ដល់ជាគំនិតមួយចំនួន ។
ហេតុអ្វីក៏បងប្អូនគិតថា « ការដែលស្រឡាញ់ប្រាក់ » ត្រូវបានចាត់ទុកថា « ជាមេឬសនៃសេចក្ដីអាក្រក់គ្រប់យ៉ាង » ? តើមានគ្រោះថ្នាក់អ្វីខ្លះចំពោះការផ្ដោតជីវិតរបស់យើងទៅលើប្រាក់ ? តើយើងអាចបានអរសប្បាយនឹងពរជ័យដែលយើងមានយ៉ាងដូចម្ដេច ?
យោងតាមខគម្ពីរទាំងនេះ តើពរជ័យអ្វីខ្លះនឹងកើតមានដល់អ្នកទាំងឡាយដែលដឹង ហើយសិក្សាបទគម្ពីរ ? ប្រហែលជាសមាជិកគ្រួសារមួយចំនួនអាចចែកចាយបទគម្ពីរដែលពួកគេបានរកឃើញថា« មានប្រយោជន៍ » ជាពិសេស ។
តើប៉ុលមានឆន្ទៈធ្វើអ្វីខ្លះសម្រាប់អេនូស៊ីម ? តើរឿងនេះស្រដៀងគ្នាទៅនឹងអ្វីដែលព្រះអង្គសង្គ្រោះមានព្រះឆន្ទៈធ្វើសម្រាប់យើងយ៉ាងដូចម្ដេច ? ( សូមមើលផងដែរ ធីម៉ូថេទី ១ ២:៥–៦; គ. និង ស. ៤៥:៣–៥ ) ។ តើយើងអាចធ្វើតាមគំរូរបស់ប៉ុល និងព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។