« ថ្ងៃទី ៤–១០ ខែ វិច្ឆិកា ។ ហេហេព្រើរ ១–៦ ៖ ‹ ព្រះយេស៊ូវគ្រីស្ទ ‹ ជាមេបង្កើតនៃសេចក្តីសង្គ្រោះដ៏នៅអស់កល្បជានិច្ច › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ៤–១០ ខែ វិច្ឆិកា ។ ហេព្រើរ ១–៦ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ៤–១០ ខែ វិច្ឆិកា
ហេព្រើរ ១–៦
ព្រះយេស៊ូវគ្រីស្ទ « ជាមេបង្កើតនៃសេចក្តីសង្គ្រោះដ៏នៅអស់កល្បជានិច្ច »
ការកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណជួយបងប្អូនឲ្យទទួលស្គាល់អ្វីដែលព្រះវិញ្ញាណបរិសុទ្ធចង់បង្រៀនដល់បងប្អូន ។ ការធ្វើសកម្មភាពទៅតាមចំណាប់អារម្មណ៍របស់បងប្អូនបង្ហាញពីសេចក្ដីជំនឿរបស់បងប្អូនថា ការបំផុសគំនិតទាំងនោះគឺជាការពិត ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
យើងទាំងអស់គ្នាត្រូវលះបង់អ្វីមួយដើម្បីទទួលយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ—មិនថាជាទម្លាប់អាក្រក់ ជំនឿមិនត្រឹមត្រូវ ទំនាក់ទំនងដែលពុំល្អ ឬអ្វីៗផ្សេងទៀត ។ សម្រាប់សាសន៍ដទៃ ការប្រែចិត្តជឿជាញឹកញាប់ មានន័យថាជាការលះបង់ចោលព្រះក្លែងក្លាយ ។ ប៉ុន្ដែសម្រាប់ពួកហេព្រើរ ( ពួកសាសន៍យូដា ) ការប្រែចិត្តជឿបានបង្ហាញឲ្យឃើញថាកាន់តែមានភាពស្មុគស្មាញបន្ដិច បើវាមិនកាន់តែពិបាកខ្លាំងនោះទេ ។ យ៉ាងណាក្ដី ជំនឿ និងទំនៀមទម្លាប់ដែលពួកគេអនុវត្តតាមនោះបានចាក់ឬសនៅក្នុងការថ្វាយបង្គំព្រះពិត និងការបង្រៀនរបស់ពួកព្យាការីរបស់ទ្រង់ដែលមានតាំងរាប់ពាន់ឆ្នាំមកហើយ ។ ប៉ុន្តែពួកសាវកបានបង្រៀនថា ក្រឹត្យវិន័យរបស់លោកម៉ូសេត្រូវបានបំពេញនៅក្នុងព្រះយេស៊ូវគ្រីស្ទ ហើយថាឥឡូវនេះ ក្រឹត្យវិន័យធំជាងនោះគឺជាបទដ្ឋានសម្រាប់ពួកអ្នកជឿ ។ តើការទទួលយកសាសនាគ្រីស្ទមានន័យថាពួកហេព្រើរត្រូវលះបង់ជំនឿ និងប្រវត្តិកាលពីមុនរបស់ពួកគេឬ ? សំបុត្រទៅកាន់ពួកហេព្រើរបានព្យាយាមជួយដោះស្រាយចម្ងល់ដូច្នេះដោយការបង្រៀនថា ក្រឹត្យវិន័យរបស់លោកម៉ូសេ ពួកព្យាការី និងពិធីបរិសុទ្ធទាំងឡាយគឺសំខាន់ទាំងអស់ ប៉ុន្តែព្រះយេស៊ូវគ្រីស្ទគឺមហិមាជាង ( សូមមើល ហេព្រើរ ១:១–៤, ៣:១–៦, ៧:២៣–២៨ ) ។ តាមពិត រឿងទាំងអស់នេះចង្អុលបង្ហាញ និងថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះ និងជាព្រះមែស៊ីដែលបានសន្យា ដែលពួកសាសន៍យូដាបានទន្ទឹងរង់ចាំនោះ ។ សារលិខិតទៅកាន់ពួកហេព្រើរ និងចំពោះយើងទាំងអស់គ្នាគឺថា ពេលខ្លះយើងត្រូវលះបង់ទំនៀមទម្លាប់នានាដើម្បីដាក់ព្រះយេស៊ូវគ្រីស្ទជាចម្បងនៅក្នុងការថ្វាយបង្គំ និងជីវិតរបស់យើង—ដ្បិតតាមរយៈព្រះគ្រីស្ទទើបយើង « នឹងទទួលសេចក្ដីមេត្តា » ( ហេព្រើរ ៤:១៦ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
តើនរណាបានសរសេរសំបុត្រទៅកាន់សាសន៍ហេព្រើរ ?
អ្នកប្រាជ្ញមួយចំនួនមានចម្ងល់ថា តើប៉ុលបានសរសេរសំបុត្រទៅកាន់ពួកហេព្រើរឬអត់ទេ ។ រចនាបទអក្សរសាស្ត្ររបស់គម្ពីរហេព្រើរមានលក្ខណៈផ្សេងពីសំបុត្រដទៃៗទៀតរបស់ប៉ុល ហើយនៅក្នុងសំបុត្រដើមបំផុតនៃអត្ថបទនោះពុំមានដាក់ឈ្មោះអ្នកនិពន្ធទេ ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែគំនិតយោបល់ដែលបានបង្ហាញនៅក្នុងគម្ពីរហេព្រើរមានលក្ខណៈចុះសម្រុងនឹងការបង្រៀនដទៃទៀតរបស់ប៉ុលនៅក្នុងការរក្សាទំនៀមទម្លាប់របស់គ្រីស្ទាន នោះពួកបរិសុទ្ធថ្ងៃចុងក្រោយបានទទួលយកជាទូទៅថា ប៉ុលមានជាប់ទាក់ទងនៅក្នុងការសរសេរសំបុត្រនេះ ។
សូមមើល Bible Dictionary ផងដែរ « Pauline Epistles » ។
ព្រះយេស៊ូវគ្រីស្ទគឺជា « រូបភាពនៃអង្គទ្រង់ » របស់ព្រះវរបិតាសួគ៌ ។
ពួកយូដាជាច្រើនបានរកឃើញថា វាមានការលំបាកដើម្បីទទួលយកព្រះយេស៊ូវគ្រីស្ទថាជាព្រះរាជបុត្រានៃព្រះ ។ សំបុត្រទៅកាន់ពួកហេព្រើរបង្រៀនថា អ្វីៗគ្រប់យ៉ាងទាក់ទងនឹងព្រះយេស៊ូវថ្លែងទីបន្ទាល់អំពី និងយកលំនាំតាមគំរូនៃព្រះវរបិតាទ្រង់ ។ នៅពេលបងប្អូនអានជំពូកទាំងប្រាំដំបូងនៃគម្ពីរហេព្រើរ នោះបងប្អូនអាចរក្សាបញ្ជីមួយនៃព្រះនាម តួនាទី គុណលក្ខណៈ និងកិច្ចការរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបងប្អូនរកឃើញដូចដែលបានលើកឡើងនោះ ។ តើរឿងទាំងនេះបង្រៀនបងប្អូនអ្វីខ្លះ អំពីព្រះអង្គសង្គ្រោះ ? តើពួកគេបង្រៀនបងប្អូនអំពីព្រះវរបិតាសួគ៌យ៉ាងណាខ្លះ ?
តើសេចក្ដីថ្លែងមកពីអែលឌើរ ជែហ្វ្រី អ័រ ហូឡិនដូចខាងក្រោមនេះជួយផ្ដល់ជាការយល់ដឹងបន្ថែមដល់បងប្អូនអំពីការបង្រៀនទាំងឡាយនៅក្នុងជំពូកទាំងនេះយ៉ាងណាខ្លះ ? « … ព្រះយេស៊ូវ … បានយាងមកធ្វើឲ្យការមើលឃើញរបស់មនុស្សអំពីព្រះបានកាន់តែច្បាស់ឡើង ហើយបានទូលអង្វរជាមួយពួកគេ ឲ្យស្រឡាញ់ព្រះវរបិតាសួគ៌របស់ពួកគេ នៅពេលទ្រង់តែងតែស្រឡាញ់ ហើយនឹងស្រឡាញ់ពួកគេជាប់ជានិច្ច ។… ដូច្នេះ ការឲ្យអាហារដល់អ្នកស្រេកឃ្លាន ការព្យាបាលអ្នកឈឺ ការវាយផ្ចាលដល់មនុស្សលាក់ពុត ការទូលអង្វរសុំសេចក្ដីជំនឿ—គឺជារបៀបដែលព្រះគ្រីស្ទបានបង្ហាញយើងពីមាគ៌ានៃព្រះបិតាទ្រង់ » ( « The Grandeur of God » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧២ ) ។
ហេព្រើរ ២:៩–១៨; ៤:១២–១៦; ៥:៧–៨
ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខការល្បួង និងសេចក្ដីកំសោយដើម្បីទ្រង់អាចយល់ ហើយជួយយើង ។
តើបងប្អូនមានអារម្មណ៍ថាបងប្អូនអាច « មកដល់បល្ល័ង្កនៃព្រះគុណដោយក្លាហាន » ហើយស្វែងរកសេចក្ដីមេត្តាដែរឬទេ ? ( ហេព្រើរ ៤:១៦ ) ។ សារលិខិតមួយក្នុងសំបុត្រផ្ញើទៅកាន់ពួកហេព្រើរ គឺថាទោះជាយើងមានអំពើបាប និងភាពកំសោយក្ដី ក៏យើងអាចទៅរកព្រះ ហើយអាចទទួលបានព្រះគុណរបស់ទ្រង់ដែរ ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុង ហេព្រើរ ២:៩–១៨, ៤:១២–១៦, ៥:៧–៨ ដែលពង្រឹងដល់ទំនុកចិត្តរបស់បងប្អូនថា ព្រះយេស៊ូវគ្រីស្ទនឹងជួយបងប្អូនក្នុងឧបសគ្គនៃជីវិតរមែងស្លាប់របស់បងប្អូនបាន ? សូមពិចារណាធ្វើការកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុមួយអំពីគំនិត និងអារម្មណ៍របស់បងប្អូនអំពីអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់បងប្អូន ។
សូមមើលផងដែរ ម៉ូសាយ ៣:៧–១១; អាលម៉ា ៧:១១–១៣; ៣៤ ។
ដើម្បីទទួលបានពរជ័យរបស់ព្រះ ខ្ញុំមិនត្រូវ « ពង្រឹង » ចិត្តរបស់ខ្ញុំនោះទេ ។
ទោះជាពួកគេបានប្រែចិត្តជឿមកសាសនាគ្រីស្ទក្ដី ក៏ពួកបរិសុទ្ធយូដាមួយចំនួនបានរកឃើញថាវាមានការលំបាកដើម្បីទទួលយកដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងពរជ័យដែលមានដោយពេញលេញដែរ ។ តាមរយៈការប្រាប់រឿងអំពីពួកសាសន៍អ៊ីស្រាអែលពីបុរាណឡើងវិញ នោះប៉ុលបានសង្ឃឹមថានឹងបញ្ចុះបញ្ចូលពួកសាសន៍យូដាឲ្យចៀសវាងពីកំហុសឆ្គងរបស់ពួកជីដូនជីតាពួកគេដែលបានធ្វើ—ដោយបដិសេធពរជ័យរបស់ព្រះ ដោយសារតែការឥតជំនឿ ។ ( បងប្អូនអាចអានរឿងដែលប៉ុលបានប្រាប់នៅក្នុង ជនគណនា ១៤:១–១២, ២៦–៣៥ ) ។
សូមពិចារណាអំពីរបៀបដែល ហេព្រើរ ៣:៧–៤:១១ អាចនឹងអនុវត្តចំពោះបងប្អូន ។ ដើម្បីធ្វើដូចនេះ បងប្អូនអាចពិចារណាសំណួរទាំងនេះ ៖
-
តើពួកអ៊ីស្រាអែលបានធ្វើឲ្យព្រះអម្ចាស់ខ្ញាល់ព្រះទ័យយ៉ាងដូចម្ដេច ? ( សូមមើល ហេព្រើរ ៣:៨–១១ ) ។ តើលទ្ធផលនៃការមានចិត្តរឹងរូសមានអ្វីខ្លះ ?
-
តើខ្ញុំបានអនុញ្ញាតឲ្យចិត្តរបស់ខ្ញុំប្រែជារឹងរូសនៅពេលណា ? តើមានពរជ័យណាខ្លះដែលព្រះអម្ចាស់សព្វព្រះទ័យប្រទានដល់ខ្ញុំ តែខ្ញុំពុំបានទទួលដោយសារតែការខ្វះជំនឿ ?
-
តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីកែលម្អដួងចិត្តមកជាទន់ភ្លន់ ហើយទន់ទាប ? ( សូមមើល អេធើរ ៤:១៥; សុភាសិត ៣:៥–៦; អាលម៉ា ៥:១៤–១៥ ) ។
សូមមើលផងដែរ នីហ្វៃទី ១ ២:១៦; ១៥:៦–១១; យ៉ាកុប ១:៧–៨; អាលម៉ា ១២:៣៣–៣៦ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ នេះគឺជាការផ្ដល់យោបល់មួយចំនួន ៖
តើមានវិធីណាខ្លះដែលព្រះយេស៊ូវបានបង្ហាញថា ទ្រង់ស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់សេចក្ដីទុច្ចរិត ? បើយើងមានបំណងប្រាថ្នាឥតសុចរិត តើយើងអាចធ្វើអ្វីខ្លះដើម្បីផ្លាស់ប្ដូរវា ?
តើបងប្អូនគិតដល់គោលបំណងមេរៀនមួយដែលអាចជួយគ្រួសារបងប្អូនឲ្យយល់ពីអត្ថន័យដើម្បីរក្សាភាពរឹងមាំទៅលើសេចក្ដីពិតដំណឹងល្អ « ដែលយើងបានស្ដាប់ឮ » ដែរឬទេ ? បងប្អូនអាចបង្ហាញអំពីរឿងនេះដោយវត្ថុមួយដែលពិបាកនឹងកាន់យ៉ាងណែន ។ តើការខិតខំរបស់យើងដើម្បីរក្សាទីបន្ទាល់របស់យើងប្រៀបដូចជាការចាប់កាន់ ហើយតោងជាប់ទៅនឹងវត្ថុនេះយ៉ាងដូចម្ដេច ? តើយើងអាចប្រាកដថា « អ្វីដែលយើងបានស្ដាប់ឮ » ពុំបាន « រសាត់ » ចេញពីយើងទៅដោយរបៀបណា ? ( ខទី ១ ) ។
ដើម្បីរកមើលឃ្លា « ( មេទ័ព ) នៃសេចក្តីសង្គ្រោះគេ » បងប្អូនអាចចាប់ផ្ដើមដោយពិភាក្សាថាមេទ័ពជាអ្វី ។ តើមេទ័ពធ្វើអ្វីខ្លះ ? តើព្រះយេស៊ូវគ្រីស្ទដូចជាមេទ័ពមួយចំពោះពួកយើង និងសេចក្ដីសង្គ្រោះរបស់ពួកយើងយ៉ាងដូចម្ដេច ?
ខគម្ពីរទាំងនេះអាចជួយបងប្អូនឲ្យមានការពិភាក្សាមួយអំពីអត្ថន័យនៃការត្រូវបានហៅពីព្រះឲ្យកាន់បព្វជិតភាព ឬបំពេញការហៅបម្រើដទៃទៀតក្នុងសាសនាចក្រដោយមនុស្សម្នាក់ដែលមានសិទ្ធិអំណាច ។ តើយើងអាចរៀនអ្វីខ្លះមកពីបទពិសោធន៍របស់ព្រះយេស៊ូវគ្រីស្ទអំពីការទទួល និងការបំពេញការហៅបម្រើ ?
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។