« ថ្ងៃទី ១៨–២៤ ខែ វិច្ឆិកា ។ យ៉ាកុប ៖ ‹ ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )
« ថ្ងៃទី ១៨–២៤ ខែ វិច្ឆិកា ។ យ៉ាកុប » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១៨–២៤ ខែ វិច្ឆិកា ។
យ៉ាកុប
« ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ »
នៅពេលបងប្អូនអានសំបុត្ររបស់យ៉ាកុប សូមយកចិត្តទុកដាក់ទៅលើឃ្លាដែលលេចធ្លោចំពោះបងប្អូន ហើយកត់ត្រាវាទុក ។ តើបងប្អូនត្រូវបានបំផុសគំនិតឲ្យរស់នៅតាមសេចក្ដីពិតទាំងនេះយ៉ាងដូចម្ដេច ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ពេលខ្លះ គ្រាន់តែបទគម្ពីរមួយខក៏អាចផ្លាស់ប្ដូរពិភពលោកបានដែរ ។ យ៉ាកុប ១:៥ ហាក់ដូចជាការទូន្មានដ៏តូចមួយប៉ុណ្ណោះ—បើបងប្អូនត្រូវការប្រាជ្ញា ចូរសូមដល់ព្រះ ។ ប៉ុន្តែនៅពេលយ៉ូសែប ស៊្មីធ ដែលមានអាយុ ១៤ ឆ្នាំ បានអានខគម្ពីរនោះ « មើលទៅហាក់បីដូចជាចូលមកពេញដួងចិត្តខ្ញុំដោយឥទ្ធិពលដ៏មហិមា » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១២ ) ។ ការណ៍នេះបានបំផុសគំនិត យ៉ូសែប ឲ្យធ្វើតាមការដាស់តឿនរបស់យ៉ាកុប ហើយស្វែងរកប្រាជ្ញាមកពីព្រះតាមរយៈការអធិស្ឋាន ។ ហើយព្រះពិតជាបានប្រទានសេរីភាព ដោយប្រទានដល់យ៉ូសែបនូវការនិមិត្តពីសួគ៌ាដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សគឺ—ការនិមិត្តដំបូង ។ ការនិមិត្តនេះបានផ្លាស់ប្ដូរទិសដៅនៃជីវិតរបស់យ៉ូសែប ហើយបាននាំទៅរកការស្ដារឡើងវិញនៃសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទនៅលើផែនដីនេះ ។ យើងទាំងអស់គ្នាត្រូវបានប្រទានពរសព្វថ្ងៃនេះ ដោយសារយ៉ូសែប ស្ម៊ីធ បានអាន ហើយធ្វើតាម យ៉ាកុប ១:៥ ។
តើបងប្អូននឹងរកឃើញអ្វីខ្លះ នៅពេលបងប្អូនសិក្សាសំបុត្ររបស់យ៉ាកុប ? ប្រហែលជាមួយ ឬពីរខ នឹងផ្លាស់ប្ដូរបងប្អូន ឬនរណាម្នាក់ដែលបងប្អូនស្រឡាញ់ ។ បងប្អូនអាចនឹងរកឃើញការណែនាំនៅពេលបងប្អូនព្យាយាមបំពេញបេសកកម្មនៅក្នុងជីវិតរបស់បងប្អូន ។ បងប្អូនអាចនឹងរកឃើញការលើកទឹកចិត្តដើម្បីនិយាយដោយសន្ដានចិត្តល្អ ឬឲ្យកាន់តែមានការអត់ធ្មត់ ។ អ្វីក៏ដោយដែលបំផុសគំនិតបងប្អូន ចូរឲ្យពាក្យទាំងនេះ « ចូលមកពេញដួងចិត្ត [ បងប្អូន ]… » ។ សូមចងចាំថាត្រូវ « ទទួលព្រះបន្ទូល…ដោយចិត្តសុភាព » ដូចយ៉ាកុបបានសរសេរថា « នោះអាចនឹងជួយសង្គ្រោះព្រលឹងអ្នករាល់គ្នាបាន » ( យ៉ាកុប ១:២១ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
តើយ៉ាកុបជានរណា ?
ជាទូទៅ វាត្រូវបានជឿថា អ្នកនិពន្ធសំបុត្រយ៉ាកុប គឺជាកូនប្រុសរបស់ម៉ារា ជាមាតារបស់ព្រះយេស៊ូវគ្រីស្ទ ហើយហេតុដូច្នេះគាត់គឺជាបងប្អូនប្រុសម្ដាយតែមួយនឹងព្រះអង្គសង្គ្រោះ ។ យ៉ាកុបត្រូវបានលើកឡើងនៅក្នុង ម៉ាថាយ ១៣:៥៥; ម៉ាកុស ៦:៣; កិច្ចការ ១២:១៧; ១៥:១៣; ២១:១៨ និង កាឡាទី ១:១៩; ២:៩ ។ វាបង្ហាញឲ្យឃើញមកពីបទគម្ពីរទាំងនេះថា យ៉ាកុបគឺជាអ្នកដឹកនាំម្នាក់ក្នុងសាសនាចក្រនៅទីក្រុងយេរូសាឡិម ហើយត្រូវបានហៅថាជាសាវកមួយរូប ( សូមមើលកាឡាទី ១:១៩ ) ។
ការស៊ូទ្រាំអត់ធ្មត់ដឹកនាំទៅរកភាពល្អឥតខ្ចោះ ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វបានបង្រៀន ៖ « ការរង់ចាំអាចនឹងពិបាក ។ យើងចង់បានអ្វីដែលយើងចង់បាន ហើយយើងចង់បានវាឥឡូវនេះ ។ ហេតដូច្នោះហើយ គ្រប់គំនិតនៃការអត់ធ្មត់អាចមើលទៅដូចជាមិនសប្បាយ » ( « Continue in Patience » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៥៦ ) ។ បន្ទាប់ពីការអាន យ៉ាកុប ១:២–៤; ៥:៧–១១ តើបងប្អូននឹងនិយាយយ៉ាងណាអំពីសារលិខិតចម្បងរបស់យ៉ាកុបអំពីការអត់ធ្មត់ ? តើបងប្អូនមានគំនិតយោបល់បន្ថែមអ្វីខ្លះបន្ទាប់ពីការអានបញ្ចប់សារលិខិតរបស់ប្រធាន អុជដូហ្វ ? តើបងប្អូនអាចបង្ហាញព្រះអម្ចាស់យ៉ាងដូចម្ដេចថា បងប្អូនមានឆន្ទៈចង់មានភាពអត់ធ្មត់នោះ ?
យ៉ាកុប ១:៣–៨, ២១–២៥; ២:១៤–២៦; ៤:១៧
សេចក្តីជំនឿតម្រូវឲ្យមានសកម្មភាព ។
តើបងប្អូនអាចដឹងថា បងប្អូនមានសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ? តើកិច្ចការរបស់បងប្អូនបង្ហាញពីសេចក្ដីជំនឿរបស់បងប្អូនទៅលើព្រះយ៉ាងដូចម្ដេច ? ចូរគិតអំពីសំណួរទាំងនេះនៅពេលបងប្អូនសិក្សាពីការបង្រៀនរបស់យ៉ាកុបអំពីសេចក្ដីជំនឿ ។ វាអាចនឹងគួរឲ្យចាប់អារម្មណ៍ដើម្បីអានអំពីអ័ប្រាហាំ និង រ៉ាហាប ជាគំរូទាំងពីរដែលយ៉ាកុបបានថ្លែងផងដែរ ( សូមមើល លោកុប្បត្តិ ២២:១–១២, យ៉ូស្វេ ២ ) ។ តើពួកគាត់បានបង្ហាញថាពួកគាត់មានសេចក្ដីជំនឿទៅលើព្រះយ៉ាងដូចម្ដេច ?
ការអាន យ៉ាកុប ១:៣–៨, ២១–២៥; ២:១៤–២៦; ៤:១៧ អាចជួយបងប្អូនឲ្យគិតអំពីវិធីដែលបងប្អូនអាចធ្វើជាអ្នកធ្វើតាមព្រះបន្ទូលកាន់តែល្អប្រសើរ ។ សូមកត់ត្រាចំណាប់អារម្មណ៍ទាំងឡាយដែលបងប្អូនបានទទួល ហើយធ្វើផែនការដើម្បីអនុវត្តវា ។
សូមមើលផងដែរ អាលម៉ា ៣៤:២៧–២៩; នីហ្វៃទី ៣ ២៧:២១ ។
ពាក្យសម្ដីដែលខ្ញុំនិយាយមានអំណាចធ្វើឲ្យអ្នកដទៃឈឺចាប់ ឬប្រទានពរដល់អ្នកដទៃ ។
នៅក្នុងចំណោមការប្រៀបធៀបអំពីអ្នកមាន ដែលយ៉ាកុបបានប្រើនៅក្នុងសំបុត្ររបស់គាត់ ភាសាច្បាស់លាស់បំផុតមួយចំនួនរបស់គាត់ គឺអាចរកបាននៅក្នុងការទូន្មានរបស់គាត់ អំពី ភាសានិយាយ ។ ចូរពិចារណាធ្វើជាបញ្ជីមួយអំពីរបៀបទាំងអស់ដែលយ៉ាកុបបានពិពណ៌នាអំពីអណ្ដាត ឬមាត់ ។ តើការប្រៀបធៀប ឬរូបភាពនីមួយៗផ្ដល់យោបល់អំពីពាក្យសម្ដីដែលយើងនិយាយអ្វីខ្លះ ? សូមគិតអំពីអ្វីមួយដែលបងប្អូនអាចធ្វើដើម្បីប្រទានពរដល់នរណាម្នាក់ដោយពាក្យសម្ដីរបស់បងប្អូន ( សូមមើល គ. និង ស. ១០៨:៧ ) ។
ក្នុងនាមជាសិស្សមួយរូបរបស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំគួរតែស្រឡាញ់មនុស្សទាំងអស់ មិនថាស្ថានភាពរបស់ពួកគេជាយ៉ាងណានោះទេ ។
យ៉ាកុបបានព្រមានដល់ពួកបរិសុទ្ធជាពិសេសកុំឲ្យចូលចិត្តអ្នកមាន ហើយស្អប់អ្នកក្រីក្រឡើយ ប៉ុន្តែការព្រមានរបស់គាត់អាចប្រើចំពោះការលំអៀង ឬការកាត់សេចក្ដីមនុស្សជាមុនដែលយើងអាចមានចំពោះមនុស្សដទៃ ។ វាអាចនឹងពិបាកដើម្បីទទួលស្គាល់ពីរបៀបដែលយើងវិនិច្ឆ័យអ្នកដទៃដោយអវិជ្ជមាន ប៉ុន្តែព្រះអម្ចាស់បានសន្យាថា ទ្រង់នឹងជួយយើងឲ្យមើលឃើញកន្លែងដែលយើងចាំបាច់ត្រូវកែលម្អ ( សូមមើល អេធើរ ១២:២៧ ) ។ នៅពេលបងប្អូនសិក្សា យ៉ាកុប ២:១–៩ ប្រកបដោយការអធិស្ឋាន សូមស្វែងយល់ក្នុងចិត្តរបស់បងប្អូន ហើយស្ដាប់ការបំផុសគំនិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ។ តើបងប្អូនមានដឹងពីការផ្លាស់ប្ដូរដែលបងប្អូនចាំបាច់ត្រូវធ្វើនៅក្នុងការប្រព្រឹត្ត ឬការគិតអំពីអ្នកដទៃដែរឬទេ ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាអាស្រ័យទៅតាមតម្រូវការរបស់គ្រួសារបងប្អូន ។ នេះគឺជាការផ្ដល់យោបល់មួយចំនួន ៖
សូមពិចារណាធ្វើការអាន យ៉ាកុប ១:៥ ហើយអញ្ជើញសមាជិកគ្រួសារម្នាក់ឲ្យសង្ខេបដំណើររឿងអំពីការនិមិត្តដំបូង ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨–១៣ ឬ វីដេអូ « Ask of God: Joseph Smith’s First Vision » នៅក្នុង LDS.org ) ។ សូមអញ្ជើញសមាជិកគ្រួសារឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីព្យាការីយ៉ូសែប ស្ម៊ីធ និងបទពិសោធន៍ទាំងឡាយនៅពេលព្រះវរបិតាសួគ៌បានឆ្លើយតបនឹងការអធិស្ឋានរបស់ពួកគេ ។
សូមពិចារណាធ្វើការមើលវីដេអូ « True Christianity » ( LDS.org ) ដែលទាក់ទងទៅនឹងខគម្ពីរទាំងនេះ ។ បន្ទាប់មកសូមអានការឲ្យនិយមន័យរបស់យ៉ាកុបអំពីសាសនាដ៏បរិសុទ្ធ ហើយពិភាក្សាអំពីរបៀបដែលគ្រួសាររបស់បងប្អូនអាចធ្វើការអនុវត្តសាសនារបស់បងប្អូនឲ្យកាន់តែបរិសុទ្ធ ។
យ៉ាកុប ៣ មានបញ្ចូលនូវរូបភាពជាច្រើនដែលអាចបំផុសឲ្យគោលបំណងមេរៀនមានភាពគួរឲ្យចងចាំដើម្បីជួយសមាជិកគ្រួសាររបស់បងប្អូនឲ្យនិយាយគ្នាដោយសន្ដានចិត្តល្អ ។ ឧទាហរណ៍ បងប្អូនអាចពិភាក្សាអំពីរបៀបដែលផ្កាភ្លើងតូចមួយ ឬឈើគូសមួយអាចបង្កាត់ជាភ្លើងដ៏សន្ធោរសន្ទៅមួយបាន ហើយសមាជិកគ្រួសារអាចគិតអំពីគ្រាដែលពាក្យសម្ដីមិនល្អអាចបណ្ដាលឲ្យមានបញ្ហា ( សូមមើល ខទី ៥–៦ ) ។ ឬបងប្អូនអាចយកអ្វីមួយជូរ ឬល្វីងដាក់នៅក្នុងអ្វីមួយ ដែលជាធម្មតាត្រូវបានដាក់ក្នុងចំណីផ្អែមៗ—ដូចជាទឹកក្រូចឆ្មានៅក្នុងក្រឡទឹកឃ្មុំជាដើម ។ រឿងនេះអាចនាំឲ្យមានការពិភាក្សាមួយអំពីការប្រាកដថា ពាក្យសម្ដីរបស់យើងត្រូវតែផ្អែមល្ហែម និងលើកតម្កើង ( សូមមើល ខទី ៩–១៤ ) ។
ហេតុអ្វីក៏យើងគួរតែ « ចូលទៅជិតព្រះ » នៅពេលយើងជួបនឹងការល្បួង ?
ប្រហែលជាការចែកចាយពីបទពិសោធន៍ផ្ទាល់ខ្លួនអំពីការទទួលពរជ័យបព្វជិតភាពមួយអាចលើកទឹកចិត្តសមាជិកគ្រួសារឲ្យ « សុំពរជ័យនៃបព្វជិតភាពនៅពេល [ ពួកគេ ] ត្រូវការអំណាចខាងវិញ្ញាណ » ( ដាល្លិន អេក អូក« The Importance of Priesthood Blessings » New Era ខែ កក្កដា ឆ្នាំ ២០១២ ទំព័រ ៤ ) ។
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។