« ថ្ងៃទី ២៥ ខែ វិច្ឆិកា–ថ្ងៃទី ១ ខែ ធ្នូ ។ ពេត្រុសទី ១ និង ទី២ ៖ ‹ ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្តីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ២៥ ខែ វិច្ឆិកា–ថ្ងៃទី ១ ខែ ធ្នូ ។ ពេត្រុសទី ១ និង ទី២ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩
ព្រះគ្រីស្ទកំពុងផ្សាយដំណឹងល្អនៅក្នុងពិភពវិញ្ញាណ ដោយ រ៉ូបឺត ធី បារ៉ែត
ថ្ងៃទី ២៥ ខែ វិច្ឆិកា–ថ្ងៃទី ១ ខែ ធ្នូ
ពេត្រុសទី ១ និង ទី ២
« ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្តីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន »
នៅពេលបងប្អូនអានសំបុត្ររបស់ពេត្រុស នោះបងប្អូនអាចទទួលបានការបំផុសគំនិតឲ្យធ្វើសកម្មភាព ។ សូមកត់ត្រាការបំផុសគំនិតទាំងនេះខណៈដែលបងប្អូន « នៅក្នុងព្រះវិញ្ញាណនៅឡើយ » ( គ. និង ស. ៧៦:៨០ ) ដូច្នេះបងប្អូនអាចចាប់បាននូវអ្វីដែលបងប្អូនត្រូវបានបង្រៀនដោយត្រឹមត្រូវ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
មិនយូរប៉ុន្មានបន្ទាប់ពីការរស់ឡើងវិញរបស់ទ្រង់ ព្រះអង្គសង្គ្រោះបានធ្វើការព្យាករមួយដែលច្បាស់ជាបានធ្វើឲ្យពេត្រុសជ្រួលច្របល់ ។ ទ្រង់មានបន្ទូលថា នៅពេលពេត្រុសចាស់ទៅ គាត់នឹងត្រូវនាំ « ទៅកន្លែងដែលគាត់មិនចង់ទៅ … ដើម្បីនឹងបង្ហាញពីបែបយ៉ាងណា ដែលគាត់ត្រូវស្លាប់ ប្រយោជន៍ដើម្បីនឹងលើកតម្កើងព្រះ » ( យ៉ូហាន ២១:១៨–១៩ ) ។ នៅពេលពេត្រុសបានសរសេរសំបុត្ររបស់គាត់ គាត់បានដឹងថា ទុក្ករកម្មដែលបានព្យាករនេះបានខិតជិតមកដល់ហើយ ៖ « វេលាដែលខ្ញុំត្រូវដោះត្រសាលនេះចេញ នោះដល់ឆាប់ហើយ ដូចជាព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់បានបង្ហាញខ្ញុំ » ( ពេត្រុសទី ២ ១:១៤ ) ។ ជាអកុសល ការបៀតបៀនដ៏ធ្ងន់ធ្ងរនោះមានជាទូទៅចំពោះពួកបរិសុទ្ធនៅទីក្រុងរ៉ូម ជាមនុស្សដែលពេត្រុសកំពុងសរសេរទៅកាន់ពួកគេនោះ ( សូមមើលពេត្រុសទី ១ ១:១ ) ។ ហើយប៉ុន្ដែពាក្យសម្ដីរបស់គាត់ពុំមាននូវការភ័យខ្លាច ឬទុទិដ្ឋិនិយមនោះទេ ។ ផ្ទុយទៅវិញ គាត់បានបង្រៀនដល់ពួកបរិសុទ្ធឲ្យ « មានសេចក្ដីអំណរជាខ្លាំង » ទោះបីជាពួកគេត្រូវ « រងទុក្ខព្រួយជាយូរបន្ដិចដោយកើតមានសេចក្ដីល្បួងផ្សេងៗក៏ដោយ » ។ គាត់បានទូន្មានពួកគេឲ្យចងចាំថា « ការសាកល្បងសេចក្ដីជំនឿ [ របស់ពួកគេ ] » នឹងនាំទៅរក « សេចក្ដីសរសើរ កេរ្តិ៍ឈ្មោះ និងសិរីល្អក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមក » និងដើម្បី « សេចក្ដីសង្គ្រោះដល់ព្រលឹង [ របស់ពួកគេ ] » ( ពេត្រុសទី ១ ១:៦–៧, ៩ ) ។ សេចក្ដីជំនឿរបស់ពេត្រុសច្បាស់ជាបានលួងលោមចិត្តដល់អស់ពួកបរិសុទ្ធជំនាន់មុន ដូចដែលវាកំពុងលើកទឹកចិត្តដល់ពួកបរិសុទ្ធនាសព្វថ្ងៃនេះ ដែលក៏ជាអ្នក « មានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ ដើម្បីឲ្យ [ យើងទាំងអស់គ្នា ] បានត្រេកអររីករាយជាខ្លាំងក្នុងកាលដែលសិរីល្អទ្រង់លេចមក » ( ពេត្រុសទី ១ ៤:១៣ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ពេត្រុសទី ១ ១:៣–៩; ២:១៩–២៤; ៣:១៤–១៧; ៤:១២–១៩
ខ្ញុំអាចស្វែងរកអំណរអំឡុងគ្រានៃការសាកល និងការរងទុក្ខ ។
បើគិតតែមួយភ្លែត វាអាចនឹងមើលទៅដូចជាចម្លែកដែលពេត្រុស បានប្រើពាក្យ សេចក្ដីអំណរ, សប្បាយ និងសិរីរុងរឿង និង ត្រេកអររីករាយជាខ្លាំង នៅក្នុងទំនាក់ទំនងនឹងពាក្យដែលយើងប្រើជាពិសេសនៅពេលការលំបាក ៖ ភាពធ្ងន់ធ្ងរ ការល្បួង ព្រួយលំបាក ការសាកល និង ការរងទុក្ខ ( សូមមើល ពេត្រុសទី ១ ១:៦, ២:១៩, ៤:១២–១៣ ) ។ សារលិខិតរបស់ពេត្រុសទៅកាន់ពួកបរិសុទ្ធជំនាន់មុន គឺដូចគ្នានឹងសារលិខិតដែលបានបង្រៀនដោយ ប្រធាន រ័សុល អិម ណិលសុន ៖ « ពួកបរិសុទ្ធអាចសប្បាយនៅគ្រប់ស្ថានភាពទាំងអស់ ។… នៅពេលជីវិតរបស់យើងផ្តោតលើផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះ … ព្រមទាំងព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ នោះយើងអាចមានអំណរ មិនថាមានអ្វីកំពុងកើតឡើង—ឬ មិនកើតឡើង—នៅក្នុងជីវិតយើងនោះទេ ។ អំណរកើតមានឡើងមកពី ហើយដោយសារតែទ្រង់ ។ ទ្រង់គឺជាប្រភពនៃរាល់អំណរ » ( « Joy and Spiritual Survival »Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ ) ។
នៅពេលបងប្អូនអាន ពេត្រុសទី ១ ១:៣–៩; ២:១៩–២៤; ៣:១៤–១៧; ៤:១២–១៩ តើមានអ្វីខ្លះដែលផ្ដល់សេចក្ដីសង្ឃឹមដល់បងប្អូនថា បងប្អូនអាចស្វែងរកអំណរទោះជានៅកណ្ដាលស្ថានភាពលំបាកៗក្ដី ?
ដំណឹងល្អត្រូវបានផ្សាយដល់អ្នកស្លាប់ ដូច្នេះពួកគេអាចត្រូវបានកាត់សេចក្ដីដោយយុត្តិធម៌ ។
នៅថ្ងៃមួយ មនុស្សគ្រប់រូបនឹងឈរនៅទីជំនុំជម្រះ ហើយ « នឹងត្រូវរាប់រៀបទូលដល់ព្រះវិញ ដែលទ្រង់រៀបនឹងជំនុំជម្រះ ទាំងមនុស្សរស់ និងមនុស្សស្លាប់ » ( ពេត្រុសទី ១ ៤:៥ ) ។ មនុស្សខ្លះអាចនឹងងឿងឆ្ងល់អំពីរបៀបដែលព្រះអាចជំនុំជម្រះមនុស្សទាំងអស់ដោយយុត្តិធម៌នៅពេលដែលឱកាសដើម្បីយល់ដឹង និងរស់នៅតាមដំណឹងល្អរបស់ពួកគេមានភាពខុសប្លែកយ៉ាងខ្លាំង ។ សូមកត់សម្គាល់អំពីគោលលទ្ធិដែលពេត្រុសបានបង្រៀននៅក្នុង ពេត្រុសទី ១ ៣:១៨–២០, ៤:៦ ដើម្បីជួយពួកបរិសុទ្ធនៅជំនាន់របស់គាត់ឲ្យយល់ថា ការជនុំជម្រះរបស់ព្រះនឹងយុត្តិធម៌ ។ តើខគម្ពីរទាំងនេះបានពង្រឹងដល់សេចក្ដីជំនឿរបស់បងប្អូនទៅលើភាពស្មើភាព និងភាពយុត្តិធម៌របស់ព្រះយ៉ាងដូចម្ដេច ?
ដើម្បីសិក្សាគោលលទ្ធិនេះបន្ថែមទៀត សូមសិក្សាឲ្យស៊ីជម្រៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨ ជាវិវរណៈមួយដែលប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បានទទួលនៅពេលគាត់បានពិចារណាអំពីការបង្រៀនរបស់ពេត្រុសនេះ ។ តើមានពរជ័យអ្វីខ្លះកើតមានដល់អស់អ្នកដែលធ្វើពិធីបរិសុទ្ធនៃដំណឹងល្អដែលមានសម្រាប់សមាជិកគ្រួសាររបស់ពួកគេដែលបានស្លាប់ទៅ ហើយដែលកំពុងរង់ចាំទទួលពិធីបរិសុទ្ធទាំងនេះ ?
សូមមើលផងដែរ « ពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន » ប្រធានបទដំណឹងល្អ topics.lds.org ។
តាមរយៈព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទ ខ្ញុំអាចអភិវឌ្ឍនិស្ស័យនៃព្រះរបស់ខ្ញុំ ។
តើបងប្អូនធ្លាប់មានអារម្មណ៍ថា ការប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ និងការអភិវឌ្ឍតាមគុណលក្ខណៈរបស់ទ្រង់ គឺជារឿងដែលមិនអាចធ្វើទៅបានដែរឬទេ ? អែលឌើរ រ៉ូបឺត ឌី ហែលស៍ បានផ្ដល់គំនិតដ៏លើកទឹកចិត្តនេះអំពីរបៀបដែលយើងអាចអភិវឌ្ឍគុណលក្ខណៈដូចជាព្រះគ្រីស្ទ ៖ « គុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះ…ជាគុណលក្ខណៈដ៏ចាំបាច់បន្ថែមឲ្យគ្នាទៅវិញទៅមកដែលអភិវឌ្ឍក្នុងខ្លួនយើងតាមវិធីអន្ដរកម្ម ។ និយាយម្យ៉ាងទៀតគឺថា យើងពុំអាចទទួលបុគ្គលិកលក្ខណៈមួយដូចជាព្រះគ្រីស្ទដោយពុំទទួលយក ហើយជះឥទ្ធិលដល់មនុស្សដទៃបានឡើយ ។ កាលបុគ្គលិកលក្ខណៈមួយរឹងមាំ នោះបុគ្គលិកលក្ខណៈជាច្រើនទៀតក៏រឹងមាំដែរ » ( « ការក្លាយជាសិស្សម្នាក់របស់ព្រះអម្ចាស់យើង ព្រះយេស៊ូវគ្រីស្ទ » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤៦ ) ។
រាល់គុណសម្បត្តិដូចជាព្រះគ្រីស្ទដែលយើងអភិវឌ្ឍ ជួយយើងឲ្យមានភាពរឹងមាំខាងវិញ្ញាណក្នុងភាពជាសិស្ស ។
សូមពិចារណាអាន ពេត្រុសទី ២ ១:១–១១ ភ្ជាប់នឹងសារលិខិតរបស់អែលឌើរ ហែល ។ តើបងប្អូនរៀនអ្វីខ្លះមកពីពួកសាវកទាំងពីរនេះដែលជួយដល់បងប្អូននៅក្នុងការខិតខំដើម្បីប្រែក្លាយឲ្យកាន់តែមានអាកប្បកិរិយាដូចជាព្រះ ?
សូមមើលផងដែរ ពេត្រុសទី ១ ៤:៨; ដេវីឌ អេ បែដណា« សេចក្ដីសន្យាដ៏ធំបំផុត ហើយវិសេសផង » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៩០–៩៣ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ នេះគឺជាការផ្ដល់យោបល់មួយចំនួន ៖
នៅពេលបងប្អូនអានខគម្ពីរទាំងនេះជាមួយនឹងគ្រួសាររបស់បងប្អូន សូមពិចារណាអំពីការប្រើដុំថ្មច្រើនដុំដើម្បីជួយសមាជិកគ្រួសារឲ្យមើលឃើញនឹងភ្នែកនូវការបង្រៀនរបស់ពេត្រុស ថាព្រះអង្គសង្គ្រោះគឺជា « ថ្មជ្រុងយ៉ាងឯក » ។ តើយើងប្រៀបដូចជា « ថ្ម [ រស់ ] » ដែលព្រះកំពុងប្រើដើម្បីស្ថាបនានគររបស់ទ្រង់យ៉ាងដូចម្ដេច ? តើយើងរៀនអ្វីខ្លះទៀតមកពីពេត្រុសអំពីព្រះអង្គសង្គ្រោះ និងតួនាទីរបស់យើងនៅក្នុងនគររបស់ទ្រង់ ? តើពេត្រុសមានសារលិខិតអ្វីខ្លះមកកាន់គ្រួសាររបស់បងប្អូន ?
តើយើងអាច « បានប្រុងប្រៀបជានិច្ចដើម្បីនឹងតបឆ្លើយ » ដល់អ្នកទាំងឡាយដែលសួរយើងអំពីសេចក្ដីជំនឿរបស់ពួកយើងយ៉ាងដូចម្ដេច ? គ្រួសាររបស់បងប្អូនអាចនឹងរីករាយក្នុងការដើរតួក្នុងស្ថានភាពដែលមានមនុស្សម្នាក់មកសួរពួកគេអំពីដំណឹងល្អ ។
តើបងប្អូនអាចធ្វើអ្វីខ្លះជាគ្រួសារ ដើម្បីរៀនអំពីជីដូនជីតាដែលស្លាប់ទៅរបស់បងប្អូននោះ ? ប្រហែលជានៅថ្ងៃខួបកំណើតរបស់ជីដូនជីតាដែលស្លាប់ទៅណាម្នាក់ បងប្អូនអាចចម្អិនអាហារដែលគាត់ចូលចិត្ត បង្ហាញរូបភាព ឬប្រាប់រឿងអំពីជីវិតជីដូនជីតារបស់បងប្អូន ។ បើអាចធ្វើទៅបាន បងប្អូនក៏អាចដាក់ផែនការដើម្បីទទួលពិធីបរិសុទ្ធសម្រាប់ជីដូនជីតារូបនេះនៅក្នុងព្រះវិហារបរិសុទ្ធផងដែរ ។
នៅក្នុងខគម្ពីរទាំងនេះ ពេត្រុសបានរំឭកពួកបរិសុទ្ធអំពីបទពិសោធន៍របស់គាត់នៅលើភ្នំប្រែរូប ( សូមមើលផងដែរ ម៉ាថាយ ១៧:១–៩ ) ។ តើយើងរៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះ អំពីការបង្រៀនរបស់ពួកព្យាការី ? ( សូមមើលផងដែរ គ. និង ស. ១:៣៨ ) ។ តើមានអ្វីខ្លះដែលបានផ្ដល់ទំនុកចិត្តដល់យើងឲ្យធ្វើតាមព្យាការីដែលនៅរស់សព្វថ្ងៃនេះ ?
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។
ការកែលម្អការបង្រៀនរបស់យើង
« ប្រុងប្រៀបជានិច្ច » ។ គ្រាធ្វើការបង្រៀនមិនផ្លូវការនៅតាមគេហដ្ឋាន អាចកើតមាន និងកន្លងផុតទៅយ៉ាងលឿន ដូច្នេះវាសំខាន់ដើម្បីឆ្លៀតឱកាសចាប់យកវានៅពេលដែលវាមកដល់ ។ តើបងប្អូនអាចព្យាយាម « ប្រុងប្រៀបជានិច្ច » ដើម្បីបង្រៀនសមាជិកគ្រួសាររបស់បងប្អូនអំពីសេចក្ដីពិតដំណឹងល្អ ហើយចែកចាយ « សេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នា » ( ពេត្រុសទី ១ ៣:១៥ ) នៅពេលគ្រាដើម្បីបង្រៀននោះកើតមានឡើងដោយរបៀបណា ? ( សូមមើល ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ១៦ ) ។