« ថ្ងៃទី ២–៨ ខែ ធ្នូ ។ យ៉ូហាន ទី ១–៣, យូដាស ៖ ‹ ព្រះទ្រង់ជាសេចក្តីស្រឡាញ់ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ២–៨ ខែ ធ្នូ ។ យ៉ូហាន ទី ១–៣, យូដាស » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ២–៨ ខែ ធ្នូ
យ៉ូហាន ទី ១–៣; យូដាស
« ព្រះទ្រង់ជាសេចក្តីស្រឡាញ់ »
នៅពេលបងប្អូនអានសំបុត្ររបស់យ៉ូហាន និងយូដាស សូមស្វែងរកការបំផុសគំនិតអំពីរបៀបដែលបងប្អូនអាចបង្ហាញសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះព្រះ ។ សូមកត់ត្រាចំណាប់អារម្មណ៍ទាំងនេះ ហើយអនុវត្តវា ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
នៅពេលយ៉ូហាន និងយូដាសបានសរសេរសំបុត្ររបស់ពួកគាត់ ការក្បត់សាសនាដែលបានទាយទុកកំពុងតែកើតមានឡើង ជាលទ្ធផលនាំឲ្យមាននូវការបៀតបៀនដ៏ខ្លាំង និងការបំផ្លាញគោលលទ្ធិ ។ គ្រូបង្រៀនក្លែងក្លាយមួយចំនួនបានមានចម្ងល់ថាតើព្រះយេស៊ូវគ្រីស្ទពិតជាបានមក « ក្នុងសាច់ឈាម » ឬទេ ( សូមមើល ឧទាហរណ៍ យ៉ូហានទី ១ ៤:១–៣, យ៉ូហានទី ២ ១:៧ ) ។ ដូច្នេះសាវកយ៉ូហានបានចាប់ផ្ដើមសំបុត្រដំបូងរបស់គាត់ដោយការផ្ដល់ជាសាក្សីផ្ទាល់ខ្លួនអំពីព្រះអង្គសង្គ្រោះ ៖ « នេះគឺជាទីបន្ទាល់ដែលយើងផ្ដល់ឲ្យអំពីរឿងនោះតាំងពីដំបូង ដែលយើងបានស្ដាប់ឮ ដែលយើងបានឃើញដោយភ្នែករបស់យើង ដែលយើងបានទន្ទឹងចាំ ហើយដៃរបស់ពួកយើងបានកាន់ព្រះបន្ទូលនៃជីវិត » ( ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ យ៉ូហានទី ១ ១:១ [ នៅក្នុង យ៉ូហានទី ១ ១:១ ] ) ។ ប៉ុន្តែសារលិខិតក្នុងសំបុត្ររបស់យ៉ូហានដែលខ្លាំងបំផុតគឺអំពីសេចក្ដីស្រឡាញ់ ៖ សេចក្ដីស្រឡាញ់នៃព្រះចំពោះយើង និងសេចក្ដីស្រឡាញ់ដែលយើងគួរមានចំពោះទ្រង់ និងបុត្រាបុត្រីទាំងអស់របស់ទ្រង់ ។ បន្ទាប់មក យ៉ូហានបានទទួលបទពិសោធន៍សេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះដោយផ្ទាល់ ( សូមមើល យ៉ូហាន ១៣:២៣, ២០:២ ) ហើយគាត់ចង់ឲ្យពួកបរិសុទ្ធទទួលអារម្មណ៍សេចក្ដីស្រឡាញ់ដូចគ្នានេះនៅពេលប្រឈមមុខនឹងការលំបាក និងការផ្ទុយ ដ្បិត « គ្មានសេចក្ដីភ័យខ្លាចណានៅក្នុងសេចក្ដីស្រឡាញ់ឡើយ សេចក្ដីស្រឡាញ់ដែលពេញខ្នាត នោះបណ្ដេញសេចក្ដីភ័យខ្លាចចេញ » ( យ៉ូហានទី ១ ៤:១៨ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះគឺជាពន្លឺ ហើយព្រះគឺជាសេចក្ដីស្រឡាញ់ ។
ប្រសិនបើបងប្អូនជ្រើសរើសពាក្យមួយម៉ាត់ ឬពីរម៉ាត់ដើម្បីពិពណ៌នាអំពីព្រះ តើពាក្យទាំងនោះជាពាក្យអ្វីខ្លះ ? នៅក្នុងសំបុត្ររបស់គាត់ យ៉ូហានបានប្រើពាក្យ « ពន្លឺ » និង « សេចក្ដីស្រឡាញ់ » ( យ៉ូហានទី ១ ១:៥, ៤:៨, ១៦ ) ។ នៅពេលបងប្អូនអាន យ៉ូហានទី ១ សូមពិចារណាអំពីបទពិសោធន៍របស់យ៉ូហានដែលបានកត់ត្រានៅក្នុងដំណឹងល្អរបស់យ៉ូហាន ហើយពិចារណាអំពីរបៀបដែលបទពិសោធន៍ទាំងនេះអាចបានបង្រៀនយ៉ូហានអំពីពន្លឺ និងសេចក្ដីស្រឡាញ់របស់ព្រះ ។ តើមានបទពិសោធន៍ផ្ទាល់ខ្លួនអ្វីខ្លះ ដែលបានបង្រៀនដល់បងប្អូនថាព្រះគឺជាពន្លឺ និងជាសេចក្ដីស្រឡាញ់ ?
សូមមើលផងដែរ យ៉ូហាន ៣:១៦–២១; ១៥:៩–១៧; នីហ្វៃទី ២ ២៦:២៤; គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:២៤; ៨៨:៦, ១២–១៣; ៩៣:៣៦–៣៧ ។
ខ្ញុំអាចប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។
តើគោលដៅនៃការប្រែក្លាយដូចជាព្រះគ្រីស្ទហាក់ដូចជាពិបាកនឹងធ្វើបានសម្រាប់បងប្អូនដែរឬទេ ? សូមពិចារណាអំពីដំបូន្មានដែលលើកទឹកចិត្តរបស់យ៉ូហាន ៖ « ពួកកូនតូចៗ អើយ ចូរនៅជាប់ក្នុងទ្រង់ចុះ ដើម្បីកាលណាទ្រង់លេចមក នោះយើងខ្ញុំនឹងមានចិត្តក្លាហាន… នោះយើងនឹងបានដូចជាទ្រង់ » ( យ៉ូហានទី ១ ២:២៨, ៣:២ ) ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុង យ៉ូហានទី ១ ២:២៤–៣:៣ ដែលផ្ដល់ចិត្តក្លាហាន និងការលួងលោមចិត្តដល់បងប្អូនក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ? នៅពេលបងប្អូនសិក្សាសំបុត្ររបស់យ៉ូហាន សូមរកមើលគោលការណ៍ ឬដំបូន្មានផ្សេងទៀតដែលអាចជួយបងប្អូននៅក្នុងការខិតខំប្រែក្លាយឲ្យកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។
សូមមើលផងដែរ មរ៉ូណៃ ៧:៤៨, គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦៧–៦៨, « Becoming Like God » ប្រធានបទដំណឹងល្អ topics.lds.org ។
ការបកប្រែដោយយ៉ូសែប ស្ម៊ីធ យ៉ូហានទី ១ ៤:១២
តើ « គ្មានអ្នកណាដែលឃើញព្រះនៅពេលណាមួយឡើយ… » ឬ ?
ការបកប្រែដោយយ៉ូសែប ស្ម៊ីធ យ៉ូហានទី១ ៤:១២ បញ្ជាក់ថា « គ្មានអ្នកណាដែលឃើញព្រះនៅពេលណាមួយឡើយ លើកលែងតែពួកអ្នកដែលជឿប៉ុណ្ណោះ » ( នៅក្នុងយ៉ូហានទី ១ ៤:១២ សូមមើលផងដែរ យ៉ូហាន ៦:៤៦; យ៉ូហានទី ៣ ១:១១ ) ។ បទគម្ពីរបានកត់ត្រាឧទាហរណ៍ជាច្រើននៅពេលដែលព្រះជាព្រះវរបិតាបានបើកសម្ដែងព្រះអង្គទ្រង់ដល់បុគ្គលស្មោះត្រង់ជាច្រើន រួមមានទាំង យ៉ូហានផ្ទាល់ ( សូមមើល វិវរណៈ ៤ សូមមើលផងដែរ កិច្ចការ ៧:៥៥–៥៦, នីហ្វៃទី ១ ១:៨, គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២៣, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦–១៧ ។
នៅពេលខ្ញុំអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយបានកើតសារជាថ្មី នោះខ្ញុំអាចយកឈ្នះលើលោកិយបាន ។
គំនិតនៃការយកឈ្នះលើលោកិយ បានបង្ហាញឡើងជាច្រើនដងនៅក្នុងការសរសេររបស់យ៉ូហាន ។ យ៉ូហានបានកត់ត្រាព្រះបន្ទូលរបស់ព្រះយេស៊ូវថា « នៅលោកិយនេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកិយហើយ » ( យ៉ូហាន ១៦:៣៣ ) ។ ហើយនៅក្នុង វិវរណៈ ២–៣ យ៉ូហានបានកត់ត្រាការសន្យាទាំងឡាយរបស់ព្រះអម្ចាស់ចំពោះអស់អ្នកដែលយកឈ្នះលើលោកិយ ។ តើយ៉ូហានបាននិយាយអ្វីខ្លះអំពីការយកឈ្នះលើលោកិយនៅក្នុង យ៉ូហានទី ១ ៥:៣–៥ ? នៅពេលបងប្អូនអាន យ៉ូហានទី ១ ៥ សូមរកមើលអ្វីដែលយើងត្រូវធ្វើដើម្បីយកឈ្នះលើលោកិយ ហើយទទួលបានជីវិតអស់កល្បជានិច្ច ។ តើការយកឈ្នះលើលោកិយអាចមានទម្រង់បែបណាខ្លះនៅក្នុងជីវិតរបស់បងប្អូន ? បងប្អូនក៏អាចស្វែងរកចម្លើយ និងគំនិតយោបល់នៅក្នុងសារលិខិតរបស់អែលឌើរ នែល អិល អាន់ឌើរសិន « ការយកឈ្នះលោកិយ » ( Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៥៨–៦២ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ នេះគឺជាការផ្ដល់យោបល់មួយចំនួន ៖
ដើម្បីជួយដល់គ្រួសាររបស់បងប្អូនឲ្យពិចារណាអំពីការបង្រៀនរបស់យ៉ូហាន សូមជួបជុំគ្នានៅក្នុងបន្ទប់ងងឹត ហើយឲ្យសមាជិកគ្រួសារមានបទពិសោធន៍ផ្សេងៗគ្នារវាងការដើរ « នៅក្នុងទីងងឹត » និងការដើរ « នៅក្នុងពន្លឺ » ។ តើការស្អប់បណ្ដាលឲ្យយើងដើរនៅក្នុងភាពងងឹត ហើយជំពប់ដួលយ៉ាងដូចម្ដេច ? តើការស្រឡាញ់គ្នាទៅវិញទៅមកនាំពន្លឺមកក្នុងជីវិតរបស់យើងយ៉ាងដូចម្ដេច ?
តើមានអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះដែលជួយបង្កើន « ទំនុកចិត្ត » ដែលយើងមានទៅលើព្រះ និងទៅលើសមត្ថភាពរបស់យើងដើម្បីទទួលចម្លើយចំពោះការអធិស្ឋានរបស់យើង ? បងប្អូនក៏អាចស្វែងរក « ការអធិស្ឋាន » នៅក្នុង Bible Dictionary, Guide to the Scriptures ( scriptures.lds.org ) ឬ ប្រធានបទដំណឹងល្អ ( topics.lds.org ) ផងដែរ ។
តើមានបទបញ្ញត្តិណាមួយដែលយើងចាត់ទុកថាជា « បន្ទុកដ៏ធ្ងន់ » ឬ ពិបាកដើម្បីធ្វើតាមឬទេ ? តើសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះផ្លាស់ប្ដូររបៀបដែលយើងមានអារម្មណ៍អំពីបទបញ្ញត្តិទាំងឡាយរបស់ទ្រង់យ៉ាងដូចម្ដេច ?
តើមានគ្រោះថ្នាក់ខាងវិញ្ញាណណាមួយដែលបាន « លួចចូលមក » នៅក្នុងជីវិតរបស់យើង និងគ្រួសាររបស់យើងដែរឬទេ ? ( យូដាស ១:៤ ) ។ តើយើងអាចធ្វើតាមការដាស់តឿនរបស់យូដាសឲ្យ « ខំតយុទ្ធដើម្បីការពារសេចក្ដីជំនឿ » ហើយទប់ទល់នឹងគ្រោះថ្នាក់ទាំងនេះយ៉ាងដូចម្ដេច ? ( យូដាស ១:៣ ) ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីប្រាកដថាមាន « សេចក្ដីសុខសាន្ដ និងសេចក្ដីស្រឡាញ់កាន់តែច្រើនឡើង » នៅក្នុងគ្រួសាររបស់យើង ? ( យូដាស ១:២ ) ។
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។