ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៤–២០ ខែ តុលា ។ ភីលីព, កូល៉ុស ៖ ‹ ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំងដល់​ខ្ញុំ ›


« ថ្ងៃទី ១៤–២០ ខែ តុលា ។ ភីលីព, កូល៉ុស ៖ ‹ ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ១៤–២០ ខែ តុលា ។ ភីលីព, កូល៉ុស » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩

ប៉ុល​សរសេរ​សំបុត្រ​មួយ​មក​ពី​គុក

ថ្ងៃទី ១៤–២០ ខែ តុលា

ភីលីព, កូល៉ុស

« ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ »

តើ​ពេល​ណា​ជា​ពេល​ចុង​ក្រោយ​ដែល​បងប្អូន​​បាន​អាន​ចំណាប់អារម្មណ៍​ខាង​វិញ្ញាណ​ដែល​បងប្អូន​បាន​កត់ត្រា​ទុក​អំឡុង​ការ​សិក្សា​របស់​បងប្អូន​អំពី​ព្រះគម្ពីរ​សញ្ញា​ថ្មី ? វា​អាច​នឹង​ជា​ជំនួយ​ដើម្បី​រំឭក​អំពី​ការ​បំផុសគំនិត​ដែល​បងប្អូន​បាន​ទទួល ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ប៉ុល​បាន​សរសេរ​សំបុត្រ​របស់​គាត់​ទៅកាន់​ពួកភីលីព និង ពួក​កូល៉ុស​ពេល​គាត់​បាន​​នៅ​ក្នុង​គុក ។ ប៉ុន្ដែ​សំបុត្រ​ទាំងនេះ​ពុំ​ស្ដាប់​ទៅ​ដូច​​ដែល​អ្នកអាច​រំពឹង​ថា​នឹង​ឮ​មក​ពី​មនុស្ស​នៅ​ក្នុងគុក​នោះទេ ។ ប៉ុល​បាន​និយាយ​យ៉ាង​ច្រើន​អំពី​អំណរ ការ​រីករាយ និង​ការ​ថ្លែង​អំណរគុណ​ជាង​ពេល​ដែល​គាត់​បាន​ថ្លែង​អំពី​ការ​រងទុក្ខ និងការ​សាកល្បង ៖ « ដូច្នេះ ខ្ញុំ​មាន​សេចក្តី​អំណរ​ណាស់ ក៏​នឹង​ចេះ​តែ​មាន​អំណរ​ត​ទៅ​មុខ​ទៀត » ( ភីលីព ១:១៨ ) ។ « ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​នៅ​ជា​មួយ​ខាង​រូប​សាច់​ក៏​ដោយ គង់​តែ​នៅ​ជា​មួយ​ខាង​វិញ្ញាណ​ដែរ ទាំង​មាន​សេចក្តី​អំណរ ដោយ​ឃើញ​… ​សេចក្តី​ខ្ជាប់ខ្ជួន​នៃ​សេចក្តី​ជំនឿ ដែល​អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះគ្រីស្ទ » ( កូល៉ុស ២:៥ ) ។ ច្បាស់ណាស់ « សេចក្តី​សុខ​សាន្ត​របស់​ព្រះ » ដែល​ប៉ុល​បាន​ជួប​នៅ​ក្នុង​ស្ថានភាព​លំបាក​របស់​គាត់ « មានហួស​លើស​ពី​អស់​ទាំង​គំនិត » ( ភីលីព ៤:៧ ) ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​វា​គឺ​ជា​ភាព​ពិត ។ នៅ​ក្នុង​ការ​សាកល្បង​ផ្ទាល់​ខ្លួន​របស់​យើង យើង​អាច​មានអារម្មណ៍​សុខសាន្ដ​នេះ ហើយ​ « រីករាយ​ក្នុង​ព្រះអម្ចាស់​ជានិច្ច » ( ភីលីព ៤:៤ ) ។ ដូចជា​ប៉ុល​បាន​ធ្វើ យើង​អាច​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល « យើង​រាល់​គ្នា​មាន​សេចក្តី​ប្រោស​លោះ » ( កូល៉ុស ១:១៤ ) ។ យើង​អាច​និយាយ​ដូចជា​ប៉ុល​បាន​និយាយ​ថា «  ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំងអស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចំរើន​កម្លាំង​ដល់​ខ្ញុំ » ( ភីលីព ៤:១៣ សូមមើល​ផងដែរ  កូល៉ុស ១:១១ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ភីលីព ២:១២–១៣

តើ​យើង « បង្ហើយ​សេចក្ដីសង្គ្រោះ​របស់​ខ្លួន​យើងផ្ទាល់ » ដែរឬទេ ?

ឃ្លា « ​បង្ហើយ​សេចក្ដីសង្គ្រោះ​របស់​ខ្លួន​យើងផ្ទាល់ » ត្រូវ​បាន​ប្រើ​ដោយ​មនុស្ស​មួយចំនួន​ដើម្បី​គាំទ្រ​គំនិត​ដែល​ថា​យើង​ត្រូវ​បាន​សង្គ្រោះ​ដោយ​ការ​ខិត​ខំ​​ផ្ទាល់​ខ្លួន​របស់​យើង ។ ប៉ុន្តែ​នោះ​គឺ​ជា​ទស្សនៈ​មាន​ដែនកំណត់​មួយ វា​មានដែន​កំណត់​ចំពោះ​ការ​យល់ដឹង​អំពីការ​បង្រៀន​របស់​ប៉ុល​ដែល​សរសេរ​ថា—« ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ » ( អេភេសូរ ២:៨ )—ទៅ​ជា​មានន័យ​ថា ពុំតម្រូវ​ឲ្យ​ធ្វើ​កិច្ចការ​ដើម្បី​ទទួល​បាន​សេចក្ដីសង្គ្រោះទៅវិញ ។ បទគម្ពីរ រួមទាំង​ការ​សរសេរ​របស់​ប៉ុល បាន​បង្រៀន​​យ៉ាង​ច្បាស់​អំពី​តម្រូវការ​ទាំង​ព្រះគុណ​របស់ព្រះយេស៊ូវ​គ្រីស្ទ និង ការខិតខំ​ផ្ទាល់​ខ្លួន​ដើម្បី​ទទួល​បាន​សេចក្ដីសង្គ្រោះ ។ ដូច​នីហ្វៃ​បាន​និយាយ​ថា « មាន​តែ​ដោយ​ព្រះគុណ​ទេ ទើប​យើង​បាន​សង្គ្រោះ​បន្ទាប់​ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន » ( នីហ្វៃទី ២ ២៥:២៣ ) ។ ទោះ​ជា​យើង​ខិតខំ​ដើម្បី​បង្ហើយ​​សេចក្ដី​សង្គ្រោះ​របស់​យើង​ក្ដី ប៉ុន្ដែ « គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា » ( ភីលីព ២:១៣ សូមមើល​ផងដែរ ភីលីព ១:៦ Bible Dictionary « Grace » ) ។

ភីលីព ៣:៥–១៤

ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​​​មាន​តម្លៃ​គ្រប់​ការ​លះបង់ ។

ប៉ុល​បាន​លះបង់​ជាច្រើន​ នៅពេល​គាត់​បាន​ផ្លាស់ប្រែចិត្ត​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ រួមទាំង​តំណែង​ដ៏​មាន​ឥទ្ធិពល​ដែល​គាត់​មាន​នៅក្នុង​សង្គម​សាសន៍​យូដា ក្នុងនាម​ជា​អាចារ្យ​ផារិស៊ី ។ នៅក្នុង ភីលីព ៣:៥–១៤ សូម​រកមើល​អ្វី​ដែល​ប៉ុល​បាន​ទទួល ដោយសារ​តែ​គាត់​មាន​ឆន្ទៈ​ចង់​​លះបង់ដើម្បី​​ដំណឹងល្អ ។ តើ​គាត់​មានអារម្មណ៍​យ៉ាងណា​អំពី​ការ​លះបង់​របស់​គាត់ ?

បន្ទាប់មក សូម​​ពិចារណា​អំពី​ភាព​ជា​សិស្ស​របស់​បងប្អូន​ផ្ទាល់ ។ តើ​បងប្អូន​បាន​លះបង់​អ្វីខ្លះ​ដើម្បី​​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ? តើ​បងប្អូន​បាន​ទទួល​អ្វី​ខ្លះ ? តើ​មាន​ការ​លះបង់​ណា​បន្ថែម​ទៀត​ដែល​បងប្អូន​មានអារម្មណ៍​ថា បងប្អូន​​ចាំបាច់​ត្រូវ​លះបង់ ដើម្បី​ប្រែក្លាយ​ជា​សិស្ស​កាន់តែ​ពិត​របស់​ព្រះអង្គ​សង្គ្រោះ ?

សូមមើល​ផងដែរ នីហ្វៃទី ៣ ៩:១៩–២០; គោលលទ្ធិ និង ​សេចក្ដីសញ្ញា ៥៨:២–៥; រ៉ូប៊ើត  ស៊ី ហ្គេ « What Shall a Man Give in Exchange for His Soul? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៣៤–៣៦ ) ។

ភីលីព ៤:១–១៣

ខ្ញុំ​អាច​ស្វែងរក​អំណរ​នៅ​ក្នុង​ព្រះគ្រីស្ទ មិន​ថា​ស្ថានភាព​របស់​ខ្ញុំ​បែបណា​ទេ ។

ជីវិត​របស់​ប៉ុល​គឺ​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​សេចក្ដីពិត​ដែល​បាន​បង្ហាញ​ដោយ​ប្រធាន រ័សុល  អិម ណិលសុន ៖ « ពេលជីវិត​របស់យើង​ផ្តោតលើ…ព្រះយេស៊ូវគ្រីស្ទ ព្រមទាំង​ដំណឹងល្អ​របស់​ទ្រង់ នោះ​យើង​អាច​មានអំណរ មិនថា​មាន​អ្វី​កំពុង​កើតឡើង—ឬ មិនកើត​ឡើង—នៅក្នុង​ជីវិត​យើង​នោះ​ទេ ។ អំណរ​កើត​មាន​ឡើង​មកពី និង​ដោយសារ​តែ​ទ្រង់ » ( « Joy and Spiritual Survival » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ ) ។

នៅ​ពេល​បងប្អូន​អាន​គម្ពីរ​ភីលីព—ជា​ពិសេស ជំពូក ៤—សូម​ស្វែងរក​មើល​សេចក្ដីថ្លែង​ការណ៍​ដែល​អាច​ជួយ​បងប្អូនឲ្យ​​រកបាន​អំណរ​នៅក្នុង​ស្ថានភាព​នានា​នៃ​ជីវិត​របស់​បងប្អូន ។ តើ​បងប្អូន​មាន​បទពិសោធន៍ « សេចក្តីសុខសាន្ត​នៃ​ព្រះ » អំឡុង​ពេល​លំបាក​មួយ​នៅពេលណា ? ( ខ​ទី ៧ ) ។ តើ​បងប្អូន​រក​ឃើញ​កម្លាំង « តាមរយៈ​ព្រះគ្រីស្ទ » ដើម្បី​ធ្វើ​រឿង​លំបាកៗ​នៅពេល​ណា ? ( ខ​ទី ១៣ ) ។ ហេតុអ្វី​ក៏​បងប្អូន​គិត​ថា វា​សំខាន់​ដើម្បី​« អរសប្បាយ » នៅ​គ្រប់​ស្ថានភាព​នោះ ? ( ខទី ១១ ) ។ តើ​ការ​អនុវត្ត​ឥរិយាបថ​​នៅក្នុង ​ខទី ៨ អាច​ជួយ​បងប្អូន​​ឲ្យ​រកបាន​អំណរ​នៅក្នុង​ស្ថានភាព​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ?

សូមមើល អាលម៉ា ៣៣:២៣ ឌៀថើរ  អេហ្វ អុជដូហ្វ « Grateful in Any Circumstances » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៧០–៧៧ ) ។

កូល៉ុស ១:១២–២៣

សេចក្តីជំនឿ​របស់​ខ្ញុំ​ត្រូវ​បាន​សង់​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

នេះ​គឺ​ជា​មធ្យោបាយ​ធ្វើការ​សិក្សា​មួយ​ដែល​បងប្អូន​អាច​សាកល្បង​ជាមួយ​នឹង​ជំពូក​នៃ​បទគម្ពីរ​ស្ទើរតែ​ទាំងអស់ តែ​វា​ល្អ​ជាពិសេស​ជាមួយ​នឹង កូល៉ុស ១:១២–២៣។ សូម​ស្វែងរក​ក្នុង​ខគម្ពីរ​នានា​នូវ​អ្វី​ដែល​បងប្អូន​បាន​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ធ្វើ​បញ្ជី​នៃ​អ្វី​ដែល​បងប្អូន​បានរកឃើញ ។ ហេតុអ្វី​បងប្អូន​មានអារម្មណ៍​ថា​ វា​សំខាន់​ដើម្បី​ដឹង​រឿង​ទាំង​នេះ​អំពី​ព្រះអង្គសង្គ្រោះ ?

កូល៉ុស ៣:១–១៧

ពួកសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​ក្លាយជា « មនុស្ស​ថ្មី » នៅពេល​ពួកគេ​រស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់ ។

តើ​បងប្អូន​អាច​ដឹង​ថា​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​កំពុង​ជួយ​បងប្អូន​ឲ្យ​ប្រែក្លាយជា « បុរស [ ឬ​ ស្ត្រី ]​ ថ្មី » យ៉ាង​ដូចម្ដេច ? វិធី​មួយ​ដើម្បី​ស្វែងរក​មើល កូល៉ុស ៣:១–១៧ ហើយ​ធ្វើ​បញ្ជី​ឥរិយាបថ​​មួយ ជាឥរិយាបថ​ និង​សកម្មភាព​ទាំងឡាយ​របស់ « មនុស្ស​ចាស់ » ហើយ​ធ្វើ​បញ្ជី​ឥរិយាបថ​​​មួយ​ទៀត​ដែល​ជាឥរិយាបថ​ និង​សកម្មភាព​ទាំងឡាយ​របស់ « មនុស្ស​ថ្មី » ។

តើ​ការ​សិក្សា​របស់​បងប្អូន​អំពី​ខគម្ពីរ​ទាំងនេះ​បំផុស​​គំនិត​ទាំងឡាយ​អំពី​របៀប​ដែល​​ដំណឹងល្អ​កំពុងផ្លាស់ប្ដូរ​បងប្អូន​ដែរឬទេ ? សូម​កត់ត្រា​គំនិត​របស់​បងប្អូនទុក​ដើម្បី​បងប្អូន​អាច​រំឭក​មើល​វា​នៅ​ក្នុង​ពេល​អនាគត ហើយ​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​កំពុង​រីក​ចម្រើន ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេលបងប្អូន​​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន​ នោះ​ព្រះវិញ្ញាណ​អាច​ជួយ​បងប្អូន​​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារបងប្អូន​ ។ នេះ​គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

ភីលីព

គ្រួសារ​របស់​បងប្អូន​អាច​កត់សម្គាល​នូវ​ពាក្យ អំណរភាព​រីករាយ ដែល​បាន​និយាយ​ដដែលៗ​ជាញឹកញាប់​នៅក្នុង​គម្ពីរ​ភីលីព ។ រាល់​ពេល​ដែល​បងប្អូន​ជួប​នឹង​ពាក្យ​នេះ បងប្អូន​អាច​ឈប់មួយ​ភ្លែត ហើយពិភាក្សា​អំពី​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​របៀប​ស្វែងរក​អំណរ ។

ភីលីព ២:១៤–១៥

តើ​យើង​អាច​ធ្វើ ​« ជា​តួ​ពន្លឺ​នៅក្នុង​លោកិយ » ដោយ​របៀប​ណា ?

ភីលីព ៤:៨

ប្រហែល​ជា​គ្រួសារ​របស់​បងប្អូន​អាច​ស្គាល់​នូវ​រឿង​ជាច្រើន « ដើម្បី​ផ្តោត​គំនិត » ដែល​ត្រូវ​នឹង​ការ​ពិពណ៌នា​នៅក្នុង​ខគម្ពីរនេះ ( សូមមើល​ផងដែរ មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១៣ ) ។ តើ​គ្រួសារ​របស់​បងប្អូន​នឹង​ទទួល​បាន​ពរ​ជ័យ​តាមរយៈ​ការ​ធ្វើតាម​ការ​ទូន្មាន​របស់​ប៉ុល​យ៉ាង​ដូចម្ដេច ?

កូល៉ុស ១:៩–១១, ២:២–៣

តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ឲ្យ « ស្គាល់​ព្រះ​កាន់តែ​ច្បាស់​ឡើង » ? តើ « ផលថ្លៃវិសេស​នៃ​ប្រាជ្ញា និង​សេចក្ដី​ចេះដឹង​លាក់​ទុក​ក្នុង​ទ្រង់ » មាន​អ្វីខ្លះ ដែល​យើង​រកឃើញ​នៅ​ក្នុង​ដំណឹងល្អ ?

កូល៉ុស ១:២៣, ២:៧

ប្រហែល​ជា​គ្រួសារ​របស់​បងប្អូន​អាច​អាន​ខគម្ពីរ​ទាំងនេះ​ជុំ​គ្នា​នៅ​ត្រង់​ដើម​ឈើ​មួយ ឬ​ខណៈ​ពេល​មើល​ទៅ​រូបភាព​ដើម​ឈើ​មួយ ( ដូចជា​រូបភាព​មួយ​ដែល​មាន​អម​ជាមួយ​នឹង​គម្រោង​មេរៀន​នេះ ) ។ តើ​បាន « តាំង​នៅ​ជាប់លាប់ » និង « ចាក់ឬស » នៅក្នុង​ព្រះគ្រីស្ទ​មានន័យ​យ៉ាងណា ? តើ​យើង​អាច​ជួយ​គ្នា​ទៅវិញទៅមក​ពង្រឹង​ដល់​ឬស​ខាង​វិញ្ញាណរបស់​យើង​យ៉ាង​ដូចម្ដេច ?

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​រស់នៅ​តាម​ទីបន្ទាល់​របស់​បងប្អូន ។ អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​បង្រៀន​ថា « អ្នក​បង្រៀន​អ្វី​ដែល​ជា​ខ្លួនអ្នក » ។ « លក្ខណៈ​របស់​អ្នក នឹង​ត្រូវ​បាន​ចងចាំ​ច្រើន​ជាង… សេចក្តី​ពិត​មួយ​នៅ​ក្នុង​មេរៀនជាក់លាក់​មួយ » ( នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ១៣ ) ។

ដើមឈើ

ប៉ុល​បាន​បង្រៀន​ថា សេចក្តីជំនឿ​របស់​យើង​គួរ​តែ « ចាក់​ឬស » នៅ​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ( កូល៉ុស ២:៧ ) ។