« ថ្ងៃទី ១៤–២០ ខែ តុលា ភីលីព, កូល៉ុស ៖ ‹ ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩)
« ថ្ងៃទី ១៤–២០ ខែ តុលា ភីលីព, កូល៉ុស » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១៤–២០ ខែ តុលា
ភីលីព, កូល៉ុស
« ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ »
សូមអានគម្ពីរភីលីព និង កូល៉ុស ដោយគិតអំពីកុមារដែលអ្នកបង្រៀន ។ សូមស្វែងរកការបំផុសគំនិតលើរបៀបបង្រៀនពួកគេ អំពីគោលលទ្ធិនានានៅក្នុងសំបុត្រទាំងនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមសួរកុមារថា តើពួកគេបានធ្វើអ្វីខ្លះនៅសប្ដាហ៍កន្លងទៅនេះ ដើម្បីជួយនរណាម្នាក់ដែលត្រូវការមិត្តភភក្ដិ ដូចបានពិភាក្សានៅក្នុងថ្នាក់កាលពីសប្ដាហ៍មុន ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ថ្នាក់ដឹកនាំសាសនាចក្រស្រឡាញ់ខ្ញុំ ហើយអធិស្ឋានសម្រាប់ខ្ញុំ ។
ជារឿយៗ ប៉ុលចាប់ផ្ដើមសរសេរសំបុត្ររបស់លោកដោយការសម្ដែងសេចក្ដីស្រឡាញ់សម្រាប់សមាជិកសាសនាចក្រ និងការប្រាប់ពួកគេថា លោកបានអធិស្ឋានសម្រាប់ពួកគេ ។ សូមពិចារណាអំពីរបៀបដែលអ្នកអាចបង្រៀនកុមារឲ្យយល់ថា ថ្នាក់ដឹកនាំសាសនាចក្ររបស់ពួកគេស្រឡាញ់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន ភីលីព ១:៣–៤ និង កូល៉ុស ១:៣, ៩ ឮៗ រួចឲ្យកុមារឱបដៃ និងឱនក្បាលរាល់ដងដែលពួកគេឮពាក្យ អធិស្ឋាន និង ការអធិស្ឋាន ។ សូមពន្យល់ថា សាវកប៉ុលបានអធិស្ឋានសម្រាប់សមាជិកសាសនាចក្រ គឺដូចជាថ្នាក់ដឹកនាំសាសនាចក្រអធិស្ឋានសម្រាប់យើងសព្វថ្ងៃនេះដែរ ។
-
សូមបង្ហាញរូបភាពព្រះយេស៊ូវគ្រីស្ទ រួចចែកចាយឧទាហរណ៍ដែលទ្រង់បានអធិស្ឋានសម្រាប់នរណាម្នាក់ ( សូមមើល លូកា ២២:៣២, នីហ្វៃទី៣ ១៩:២១, ២៣ ) ។ តើព្រះយេស៊ូវបានទូលសូមអ្វី នៅពេលទ្រង់បានអធិស្ឋានសម្រាប់មនុស្សដទៃ ?
-
សូមជួយកុមារឲ្យប្រាប់ឈ្មោះថ្នាក់ដឹកនាំមួយចំនួនក្នុងសាសនាចក្រ ដូចជា ប្រធានបឋមសិក្សា ប៊ីស្សព និងប្រធានសាសនាចក្រ ។ សូមពន្យល់ថា ថ្នាក់ដឹកនាំទាំងនេះទូលសូមព្រះវរបិតាសួគ៌ ឲ្យប្រទានពរកុមារ ហើយជួយពួកគេឲ្យរស់នៅដោយសុចរិត ។ សូមគិតដល់ការប្រាប់កុមារអំពី អ្វីដែលអ្នកអធិស្ឋានសម្រាប់ពួកគេ ។
ខ្ញុំអាចអរសប្បាយនៅក្នុងព្រះអម្ចាស់ ។
ប៉ុលបានលើកទឹកចិត្តពួកបរិសុទ្ធឲ្យអរសប្បាយ—ទោះជាពួកគេបានប្រឈមមុខនឹងការសាកល្បងលំបាកៗ ហើយប៉ុលផ្ទាល់ត្រូវជាប់ឃុំក្នុងគុកក្ដី ។ តើអ្នកនឹងជួយកុមារឲ្យឃើញថា ការរស់នៅតាមដំណឹងល្អនាំមកនូវសេចក្ដីអំណរយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារស្ដាប់រកពាក្យដែលពួកគេឮម្ដងហើយម្ដងទៀត នៅពេលអ្នកអាន ភីលីព ៤:៤ ។ សូមឲ្យកុមារបង្ហាញនូវអ្វីដែលពួកគេអាចនឹងធ្វើ នៅពេលពួកគេអរសប្បាយ ។ សូមជួយពួកគេឲ្យយល់ថា « អរសប្បាយក្នុងព្រះអម្ចាស់ » មានន័យថា មានអារម្មណ៍រីករាយដោយសារតែយើងមានដំណឹងល្អ និងដោយសារតែព្រះយេស៊ូវទ្រង់ស្រឡាញ់យើង ។
-
សូមនាំយកវត្ថុ ឬរូបភាពនានាដែលតំណាងឲ្យអ្វីៗដែលនឹងជួយអ្នក « អរសប្បាយក្នុងព្រះអម្ចាស់ » ។ អ្នកអាចនាំយករូបភាពនៃការបង្កបង្កើតដ៏ស្រស់បំព្រងរបស់ព្រះ ឬរូបភាពព្រះវិហារបរិសុទ្ធ រូបភាពព្រះអង្គសង្គ្រោះ ឬក្រុមគ្រួសារ ។ សូមអនុញ្ញាតឲ្យកុមារដាក់វេនគ្នាជ្រើសរើសយករូបភាព ឬវត្ថុមួយ រួចប្រាប់ពួកគេអំពីមូលហេតុដែលរូបភាព ឬវត្ថុនោះធ្វើឲ្យពួកគេរីករាយ ។ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីៗដែលជួយពួកគេ ឲ្យអរសប្បាយក្នុងព្រះអម្ចាស់ ។
-
សូមអាន ភីលីព ៤:៨ ជាមួយគ្នា រួចឲ្យកុមារគិតអំពីអ្វីៗ ដែលត្រូវទៅនឹងការពិពណ៌នានៅក្នុងខគម្ពីរនេះ ( សូមមើលផងដែរ មាត្រានៃសេចក្ដីជំនឿ ១:១៣ ) ។ សូមផ្ដល់ឲ្យកុមារនូវក្រដាសមួយសន្លឹកម្នាក់ រួចទុកឲ្យពួកគេគូររូបនៃអ្វីទាំងនេះ ដើម្បីជួយពួកគេ « ពិចារណាពី » សេចក្ដីដែលប៉ុលបានពិពណ៌នា ។
សេចក្ដីជំនឿរបស់ខ្ញុំគួរតែ « បានចាក់ឫស » នៅលើព្រះយេស៊ូវគ្រីស្ទ ។
ប្រសិនបើកុមារអាចស្ថាបនាជីវិត និងសេចក្ដីជំនឿរបស់ពួកគេនៅលើព្រះអង្គសង្គ្រោះ នោះពួកគេនឹងអាចតតាំងទៅនឹងព្យុះជីវិត ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពដើមឈើមួយ ចេញពី គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និង ក្រុមគ្រួសារ ខណៈពេលដែលអ្នកអានឃ្លាចេញពី កូល៉ុស ១:២៣, ២:៦–៧ ។ ( សូមបង្ហាញវីដេអូ « Spiritual Whirlwinds » នៅលើគេហទំព័រ LDS.org ) ។ តើនឹងមានអ្វីកើតឡើងដល់ដើមឈើនេះ ប្រសិនបើព្យុះបានបក់បោកមក ហើយដើមឈើគ្មានឫសដ៏រឹងមាំ ? សូមឲ្យកុមារក្រោកឈរ ហើយធ្វើខ្លួនជាដើមឈើដែលមានឫសមិនរឹងមាំស្ថិតនៅកណ្ដាលព្យុះ ហើយក្រោយមកធ្វើជាដើមឈើដែលមានឫសរឹងមាំ ។ តើសេចក្ដីជំនឿទៅលើព្រះអង្គសង្គ្រោះ អាចជួយយើងឲ្យដូចដើមឈើដែលមានឫសរឹងមាំយ៉ាងដូចម្ដេច ?
-
សូមអញ្ជើញសិស្សម្នាក់ឲ្យគូររូបដើមឈើនៅលើក្ដារខៀន ។ សូមឲ្យកុមារសរសេរកិច្ចការមួយចំនួនដែលពួកគេអាចធ្វើបាន ដើម្បី « បានចាក់ឫស » ទៅលើព្រះយេស៊ូវគ្រីស្ទ ។ នៅពេលកុមារប្រាប់ចម្លើយរបស់ពួកគេ សូមអញ្ជើញពួកគេឲ្យគូរឫសបន្ថែមមួយទៅក្នុងគំនូររបស់ពួកគេ ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
ប្រសិនបើខ្ញុំមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ខ្ញុំអាចរីករាយបានទោះជាអំឡុងពេលទុក្ខលំបាកក្ដី ។
ប៉ុលបានរងទុក្ខការសាកល្បងជាច្រើន ប៉ុន្តែលោករីករាយដោយសារតែលោកបានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារស្រមៃថា ពួកគេស្ថិតនៅក្នុងគុក គឺដូចជាសាវកប៉ុលដែរ ដែលពេលនោះលោកបានសរសេរសំបុត្រទៅកាន់ពួកភីលីព ។ សូមអាន ភីលីព ៤:៤–១៣ ជាមួយកុមារ រួចឲ្យពួកគេស្វែងរកពាក្យដូចតទៅនេះ ៖ អរសប្បាយ សេចក្ដីសុខសាន្ត សេចក្ដីសន្ដោស ។ ហេតុអ្វីបានជាប៉ុលអាចអរសប្បាយ ហើយមានអារម្មណ៍នៃសេចក្ដីសុខសាន្ត ទោះជាលោកជាប់ក្នុងគុកយ៉ាងណាក្ដីនោះ ? សូមជួយកុមារស្វែងរកពាក្យ ព្រះអម្ចាស់ ព្រះ និង ព្រះគ្រីស្ទ នៅក្នុងខគម្ពីរទាំងនេះ ។ សូមជួយពួកគេឲ្យយល់ថា សេចក្ដីជំនឿរបស់ប៉ុលទៅលើព្រះយេស៊ូវគ្រីស្ទ បានធ្វើឲ្យលោកអាចអរសប្បាយបាន ។
-
សូមអញ្ជើញកុមារឲ្យជួយអ្នកបំពេញប្រយោគដូចតទៅនេះ ៖ ខ្ញុំអាចស្ថិតនៅក្នុងទីងងឹត ហើយនៅតែអាចមើលឃើញ ប្រសិនបើខ្ញុំមាន ។ ខ្ញុំអាចស្ថិតនៅខាងក្រៅក្រោមកម្ដៅថ្ងៃដ៏ក្ដៅ ហើយនៅតែអាចមានអារម្មណ៍ថាត្រជាក់ ប្រសិនបើខ្ញុំមាន ។ ខ្ញុំអាចមានគ្រាដ៏លំបាក ហើយនៅតែរកឃើញអំណរ ប្រសិនបើខ្ញុំ ។ សូមជួយកុមារឲ្យគិតអំពីរបៀបនានា ដែលពួកគេរកឃើញអំណរនៅក្នុងព្រះយេស៊ូវ នៅពេលពួកគេមានទុក្ខលំបាក ។ ពួកគេអាចច្រៀងទំនុកតម្កើងមួយ ឬអានខគម្ពីរដែលចូលចិត្ត បម្រើនរណាម្នាក់ ឬអធិស្ឋានថ្លែងអំណរគុណ ។ តើ ភីលីព ៤:៤–១៣ ណែនាំដូចម្ដេចខ្លះ ? សូមចែកចាយជាមួយកុមារនូវទំនុកតម្កើង ឬបទគម្ពីរមួយចំនួន ដែលជួយអ្នកឲ្យរកឃើញអំណរនៅពេលមានទុក្ខលំបាក ។
ខ្ញុំអាចគិតអំពីសេចក្ដីនានាដែលពិត ទៀងត្រង់ និងបរិសុទ្ធ ។
ជារឿយៗ កុមារមើលឃើញរឿងជាច្រើនដែលអាក្រក់ និងមិនបរិសុទ្ធ ។ អ្នកអាចជួយពួកគេស្វែងរកអ្វីៗដែលស្អាង និងមានគុណធម៌ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារម្នាក់អាន ភីលីព ៤:៨ ឮៗ ខណៈពេលដែលកុមារដទៃទៀតស្វែងរកពាក្យនានានៅក្នុង មាត្រានៃសេចក្ដីជំនឿ ១:១៣ ដែលមានអត្ថន័យស្រដៀងៗគ្នា ។ សូមឲ្យពួកគេសរសេរពាក្យទាំងនេះនៅលើក្ដារខៀន ។ សូមផ្ដល់និយមន័យសាមញ្ញៗនៃពាក្យទាំងនេះ ហើយសូមឲ្យកុមារផ្គូរផ្គងនិយមន័យទៅនឹងពាក្យ ។ ហេតុអ្វីបានជាយើងគួរតែ « ពិចារណាពី » សេចក្ដីទាំងនេះ ? តើយើងអាច « ស្វែងរក » សេចក្ដីទាំងនេះតាមរបៀបណា ?
-
សូមឲ្យកុមារប្រាប់ពីសេចក្ដីមួយ ដែលត្រូវទៅនឹងការពិពណ៌នានៅក្នុង ភីលីព ៤:៨ ។ សូមអញ្ជើញពួកគេឲ្យរក្សាបញ្ជីមួយនៅសប្ដាហ៍នេះ នៃសេចក្ដីនានាដែលត្រូវទៅនឹងការពិពណ៌នាទាំងនេះ ។ សូមលើកទឹកចិត្តពួកគេឲ្យនាំយកបញ្ជីរបស់ពួកគេ ទៅកាន់ថ្នាក់បឋមសិក្សានៅសប្ដាហ៍ក្រោយ រួចចែកចាយអ្វីដែលពួកគេរកឃើញ ។
សេចក្ដីជំនឿរបស់ខ្ញុំគួរតែ « បានចាក់ឫស » នៅលើព្រះយេស៊ូវគ្រីស្ទ ។
សាតាំងព្យាយាមធ្វើឲ្យសេចក្ដីជំនឿរបស់កុមារទន់ខ្សោយ តាមរយៈការល្បួង និងគោលលទ្ធិខុសឆ្គង ។ តើអ្នកអាចបំផុសគំនិតកុមារឲ្យពង្រឹងសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះអង្គសង្គ្រោះ ដើម្បីឲ្យពួកគេ « ឥតងាកបែរចេញពីសេចក្តីសង្ឃឹមរបស់ដំណឹងល្អ » ឡើយ តាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យគូររូប ដែលតំណាងឲ្យសេចក្ដីពិតដែលពួកគេបានរកឃើញនៅក្នុង កូល៉ុស ១:២៣, ២:៦–៧ ។ សូមឲ្យពួកគេចែកចាយរូបភាពជាមួយមិត្តរួមថ្នាក់ រួចពន្យល់អំពីសេចក្ដីពិតដែលរូបភាពរបស់ពួកគេតំណាង ។
-
សូមបង្ហាញវីដេអូ « Spiritual Whirlwinds » ។ តើការល្បួង និងគោលលទ្ធិខុសឆ្គងណាខ្លះលើលោកិយសព្វថ្ងៃនេះ ដែលអាចធ្វើឲ្យសេចក្ដីជំនឿរបស់យើងទន់ខ្សោយ ? តើយើងអាចធ្វើដូចម្ដេចដើម្បីពង្រឹងសេចក្ដីជំនឿរបស់យើង ដើម្បីយើងអាច « បានចាក់ឫស » លើព្រះយេស៊ូវគ្រីស្ទ ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យចែកចាយជាមួយគ្រួសាររបស់ពួកគេនូវអ្វីដែលពួកគេបានរៀនអំពីការ « បានចាក់ឫស » លើព្រះយេស៊ូវគ្រីស្ទ ។ ពួកគេអាចប្រើទំព័រសកម្មភាពសប្ដាហ៍នេះ ឬបទគម្ពីរដែលពួកគេបានអាននៅក្នុងថ្នាក់ថ្ងៃនេះ ។