« ថ្ងៃទី ២៩ ខែ កក្កដា–ថ្ងៃទី ៤ ខែ សីហា កិច្ចការ ២២–២៨ ៖ ‹ អ្នកបម្រើ ហើយជាទីបន្ទាល់ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ២៩ ខែ កក្កដា–ថ្ងៃទី ៤ ខែ សីហា កិច្ចការ ២២–២៨ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ២៩ ខែ កក្កដា–ថ្ងៃទី ៤ ខែ សីហា
កិច្ចការ ២២–២៨
« អ្នកបម្រើ ហើយជាទីបន្ទាល់ »
នៅពេលអ្នកអានដំណើររឿងអំពីការងារបម្រើរបស់ប៉ុល និង ពួកសាវក នៅក្នុង កិច្ចការ ២២–២៨ នោះសូមស្វែងរកគោលការណ៍នានា ដែលនឹងមានប្រយោជន៍ចំពោះកុមារដែលអ្នកបង្រៀន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញរូបភាព គុក សំពៅ និង សត្វពស់ ។ សូមអញ្ជើញកុមារឲ្យចែកចាយរឿងដែលពួកគេដឹងអំពីប៉ុល ដែលទាក់ទងទៅនឹងរូបភាពទាំងនេះ ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ មានព្រះទ័យខ្វល់ខ្វាយអំពីខ្ញុំ ថែមទាំងនឹងជួយខ្ញុំពេលខ្ញុំមានទុក្ខលំបាក ។
ការរៀនសូត្រអំពីរបៀបដែលព្រះអង្គសង្គ្រោះបានជួយប៉ុល អាចជួយកុមារឲ្យដឹងថា ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ មានព្រះទ័យខ្វល់ខ្វាយអំពីពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមចែកចាយរឿងនៅក្នុង កិច្ចការ ២៣:១០–១១ អំពីព្រះអង្គសង្គ្រោះយាងមកជួបប៉ុលនៅក្នុងគុក ។ ឬបង្ហាញវីដេអូ « Be of Good Cheer » ( LDS.org ) ដែលពិពណ៌នាអំពីរឿងនេះ ។ សូមចែកចាយអំពីគ្រាមួយដែលអ្នកមានទុក្ខលំបាក ហើយបានទទួលការដឹកនាំ និង ការលួងលោមចិត្តពីព្រះ ។ សូមឲ្យកុមារចែកចាយអំពីគ្រា ដែលពួកគេបានមានអារម្មណ៍ថា ព្រះបានលួងលោមចិត្តរបស់ពួកគេ ។
-
សូមជួយកុមារទន្ទេញចាំសេចក្ដីដែលព្រះយេស៊ូវបានមានព្រះបន្ទូលទៅកាន់ប៉ុលដូចនេះ ៖ « ចូរសង្ឃឹមឡើង » ។ សូមឲ្យកុមារគិតអំពីបុគ្គលម្នាក់ ដែលពួកគេអាចអញ្ជើញឲ្យមានសង្ឃឹមឡើង—អាចជាម្នាក់ដែលក្រៀមក្រំ ឬ ទុក្ខព្រួយ ។
ខ្ញុំអាចចែកចាយទីបន្ទាល់របស់ខ្ញុំជាមួយមនុស្សដទៃ ។
ការរំឭកអំពីទីបន្ទាល់របស់ប៉ុលនៅចំពោះស្ដេចអ័គ្រីប៉ា អាចជួយកុមាររៀនអំពីរបៀបចែកចាយអ្វីដែលពួកគេដឹងថាជាការពិត ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមនាំយកមកុដមួយទៅក្នុងថ្នាក់ រួចឲ្យកុមារម្នាក់ពាក់មកុដនោះ ហើយគិតថាខ្លួនគេគឺជាស្ដេចអ័គ្រីប៉ា ។ សូមអញ្ជើញកុមារម្នាក់ទៀតឲ្យឈរចំពោះស្ដេច ដើម្បីតំណាងឲ្យប៉ុល នៅពេលអ្នកសង្ខេបទីបន្ទាល់របស់ប៉ុល និង ប្រតិកម្មរបស់ស្ដេចអ័គ្រីប៉ា ដែលមានចែងនៅក្នុង កិច្ចការ ២៦:១–២៩ ( សូមមើល « ជំពូក ៦៣ ៖ ប៉ុលបញ្ចប់បេសកកម្មរបស់គាត់ » ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៦២–១៦៦ ឬ វីដេអូដែលទាក់ទងនៅលើគេហទំព័រ LDS.org ) ។ សូមពន្យល់ថា យើងអាចចែកចាយទីបន្ទាល់របស់យើងជាមួយមនុស្សដទៃដូចប៉ុលបានធ្វើ ។
-
សូមឲ្យកុមារស្ដាប់អ្នកច្រៀង ឬ អានបទចម្រៀងមួយបទអំពីទីបន្ទាល់ មានដូចជាវគ្គទី ២ នៃបទ « ទីបន្ទាល់ » ( ទំនុកតម្កើង លេខ ៧៤ ) ឬ « ខ្ញុំដឹងព្រះបិតារស់ » (សៀវភៅចម្រៀងកុមារ ទំព័រ ៨ ) ។ សូមអញ្ជើញកុមារឲ្យលើកដៃនៅពេលពួកគេឮអ្វីមួយ ដែលពួកគេអាចថ្លែងទីបន្ទាល់អំពី ។ អ្នកអាចច្រៀងចម្រៀងនោះបីបួនដង សូមអញ្ជើញកុមារឲ្យច្រៀងជាមួយអ្នកនៅពេលពួកគេចាំពាក្យពេចន៍នៃចម្រៀង ។ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីមួយចំនួនអំពីដំណឹងល្អ ដែលពួកគេដឹងថាជាការពិត ។
-
សូមប្រើទំព័រសកម្មភាពនៅសប្ដាហ៍នេះដើម្បីជួយកុមារគិតអំពី អ្វីមួយដែលពួកគេអាចនិយាយនៅពេលពួកគេថ្លែងទីបន្ទាល់ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយទីបន្ទាល់ជាមួយនរណាម្នាក់ក្នុងគ្រួសាររបស់ពួកគេ ។
ព្យាការីព្រមានខ្ញុំអំពីគ្រោះថ្នាក់ ។
សូមពិចារណាអំពីរបៀបដែលដំណើររឿងនៃការលិចសំពៅរបស់ប៉ុល អាចបង្រៀនកុមារថា ពួកព្យាការីមើលឃើញពីគ្រោះថ្នាក់ដែលយើងមិនអាចមើលឃើញ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យគិតថា ពួកគេស្ថិតនៅលើទូកមួយដែលត្រូវបានបក់បោកនៅក្នុងព្យុះ ។ សូមអានការព្រមានរបស់ប៉ុលទៅដល់ប្រជាជន ដែលមានចែងនៅក្នុង កិច្ចការ ២៧:៩–១០ រួចចែកចាយដំណើររឿងនៃការលិចសំពៅ ដែលបានកើតឡើងដោយសារតែពួកគេមិនព្រមស្ដាប់តាមការព្រមានរបស់លោក ( សូមមើល ខទី ១១, ៣៩–៤៤ ) ។ សូមបង្ហាញរូបភាពប្រធានសាសនាចក្រ តើការព្រមានប្រភេទណាដែលលោកបានផ្ដល់ ?
-
សូមដាក់រូបភាព ឬ វត្ថុនៅជុំវិញបន្ទប់រៀន ដែលតំណាងឲ្យសេចក្ដីទាំងឡាយដែលពួកព្យាការីបានបង្រៀនឲ្យយើងធ្វើ មានដូចជា ការទៅព្រះវិហារ ឬ ការទទួលពិធីបុណ្យជ្រមុជទឹក ។ សូមឲ្យសិស្សទាំងអស់ដើរជុំវិញបន្ទប់រៀន ដោយឈប់នៅត្រង់រូបភាព ឬវត្ថុនីមួយៗ ដើម្បីពិភាក្សាអំពីរបៀបដែលការធ្វើតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទជួយរក្សាយើងឲ្យមានសុវត្ថិភាព ។
ការធ្វើតាមការបង្រៀនរបស់ព្យាការីជួយរក្សាយើងឲ្យមានសុវត្ថិភាព ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
កិច្ចការ ២៣:១០–១១, ២៧:១៨–២៦, ២៨:១–៦
នៅពេលខ្ញុំជួបនឹងទុក្ខវេទនា ព្រះពុំបោះបង់ខ្ញុំចោលឡើយ ។
ព្រះអម្ចាស់បានគង់ជាមួយប៉ុល ពេញមួយការសាកល្បងរបស់លោក ។ តើអ្នកអាចជួយកុមារឲ្យប្រដូចបទពិសោធន៍របស់ប៉ុល ទៅនឹងជីវិតផ្ទាល់ខ្លួនរបស់ពួកគេបានតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រើ កិច្ចការ ២៣:១០ ដោយពន្យល់ថា ប៉ុលបានជាប់គុកដោយសារតែលោកបានបង្រៀនប្រជាជនអំពីព្រះយេស៊ូវ ។ បន្ទាប់មក សូមអាន កិច្ចការ ២៣:១១ ជាមួយកុមារ ។ ឬបង្ហាញវីដេអូ « Be of Good Cheer » ( LDS.org ) ដែលពិពណ៌នាអំពីរឿងនេះ ។ ហេតុអ្វីបានជាប៉ុលអាចមាន « សង្ឃឹមឡើង » ទោះជាលោកជាប់គុកយ៉ាងណាក្ដីនោះ ?
-
សូមសរសេរនៅលើក្ដារខៀន កិច្ចការ ២៣:១០–១១, កិច្ចការ ២៧:១៨–២៦, និង កិច្ចការ ២៨:១–៦ ។ សូមបង្ហាញរូបភាព គុក សំពៅ និង សត្វពស់ រួចអញ្ជើញកុមារឲ្យមើលខគម្ពីរទាំងនេះ រួចផ្គូផ្គងខគម្ពីរទៅនឹងរូបភាព ។ នៅក្នុងដំណើររឿងនីមួយៗទាំងនេះ តើព្រះអម្ចាស់បានបង្ហាញប៉ុលថាទ្រង់គង់នៅជាមួយលោកតាមរបៀបណា ?
-
សូមអញ្ជើញនរណាម្នាក់នៅក្នុងវួដ ឲ្យចែកចាយបទពិសោធន៍មួយនៅពេលព្រះអម្ចាស់គង់នៅជាមួយគាត់ អំឡុងពេលមានទុក្ខលំបាក ។ អ្នក ឬ កុមារក៏អាចចែកចាយបទពិសោធន៍បានដែរ ។
ខ្ញុំអាចចែកចាយទីបន្ទាល់របស់ខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទដោយក្លាហាន ។
ភាពក្លាហានរបស់ប៉ុលក្នុងការចែកចាយទីបន្ទាល់របស់លោក អាចជួយកុមារឲ្យមានភាពក្លាហានក្នុងការចែកចាយទីបន្ទាល់របស់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារអាន កិច្ចការ ២៦:១–២៩ រួចស្វែងរកសេចក្ដីពិតមួយចំនួននៃដំណឹងល្អ ដែលប៉ុលបានបង្រៀនដល់ស្ដេចអ័គ្រីប៉ា ។ ហេតុអ្វីបានជាការធ្វើដូចនេះអាចជារឿងគួរឲ្យភ័យខ្លាចចំពោះប៉ុល ក្នុងការចែកចាយសេចក្ដីទាំងនេះនៅចំពោះស្ដេច ? សូមអញ្ជើញកុមារឲ្យសរសេរគោលការណ៍មួយចំនួននៃដំណឹងល្អ ដែលពួកគេដឹងថាជាការពិត ។ សូមឲ្យពួកគេខ្លះ គិតអំពីនរណាម្នាក់ដែលពួកគេស្គាល់ ជាអ្នកដែលត្រូវការស្ដាប់ឮទីបន្ទាល់របស់ពួកគេអំពីសេចក្ដីពិតទាំងនេះ ។
-
សូមអញ្ជើញកុមារឲ្យប្រើប្រាស់ទំព័រសកម្មភាពសម្រាប់សប្ដាហ៍នេះ ដើម្បីសរសេរសេចក្ដីដែលពួកគេអាចនឹងថ្លែង នៅក្នុងទីបន្ទាល់របស់ពួកគេ ។
ព្យាការីព្រមានខ្ញុំអំពីគ្រោះថ្នាក់ ។
កុមារអាចស្ដាប់ឮសារលិខិតមកពីព្យាការីសម័យទំនើប ហើយទទួលស្គាល់ការព្រមានរបស់ពួកគេ ។ តើអ្នកអាចជួយកុមារឲ្យរៀន អំពីរបៀបស្ដាប់តាមការព្រមានទាំងនោះតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមកាត់រូបក្រដាសដែលមានរាងជាសំពៅ ឲ្យទៅជាបំណែកៗដែលអាចផ្គុំបាន ។ សូមអញ្ជើញកុមារឲ្យសរសេរការព្រមានរបស់ប៉ុលនៅក្នុង កិច្ចការ ២៧:៩–១១ នៅលើបំណែកទាំងនោះ រួចផ្គុំបំណែកទាំងនោះឡើងវិញ ។ ហេតុអ្វីបានជាប្រជាជនមិនស្តាប់តាមប៉ុល ? ( សូមមើល ខទី ១១ ) ។ សូមអញ្ជើញកុមារឲ្យអាន ខទី ១៨–២០ និង ៤០–៤៤ ដើម្បីឃើញថា តើមានលទ្ធផលអ្វីបានកើតឡើង ។ ( សូមពន្យល់ថា ដោយសារតែប្រជាជនបានធ្វើតាមសម្ដីរបស់ប៉ុលក្រោយៗមកទៀត ដោយបន្តស្ថិតនៅលើសំពៅ នោះគ្មាននរណាម្នាក់បានស្លាប់នៅក្នុងការលិចសំពៅនោះទេ ខទី ៣០–៣២ ) ។ តើយើងអាចរៀនអ្វីខ្លះ ចេញពីបទពិសោធន៍នេះ អំពីការធ្វើតាមព្យាការី ?
-
សូមនាំយកសារលិខិតសន្និសីទទូទៅថ្មីៗដោយប្រធានសាសនាចក្រ ហើយចែកចាយជាមួយកុមារ អំពីការព្រមាន ឬដំបូន្មានដែលលោកបានផ្ដល់ ។ សូមអញ្ជើញកុមារឲ្យគិតអំពីរបៀបនានា ដែលពួកគេអាចធ្វើតាមព្យាការី ។
-
សូមបង្ហាញវីដេអូ « Blessed and Happy Are Those Who Keep the Commandments of God » ( LDS.org ) ។ តើពួកព្យាការីមានលក្ខណៈដូចបុរសដែលមានកែវយឺតយ៉ាងដូចម្ដេច ?
-
សូមសរសេរសកម្មភាពមួយចំនួនដែលកុមារអាចធ្វើ ដែលនឹងជួយពួកគេរៀនអំពីតួនាទីរបស់ព្យាការី—ឧទាហរណ៍ « សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:៤–៧ » ឬ « ច្រៀងបទ ‹ ធ្វើតាមព្យាការី › » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥៨–៥៩ ឬប្រើបទមួយផ្សេងទៀតអំពីព្យាការី ) ។ សូមបិទបញ្ជីសកម្មភាពនៅខាងក្រៅបន្ទប់រៀន រួចអញ្ជើញកុមារម្នាក់ឲ្យឈរនៅមាត់ទ្វារ ហើយអានសកម្មភាពមួយម្ដងៗឲ្យកុមារទាំងអស់ស្ដាប់ ដោយអនុញ្ញាតឲ្យពួកគេបញ្ចប់សកម្មភាពមួយសិនពីមុនអានសកម្មភាពមួយទៀត ។ សូមពន្យល់ថា គឺដូចជាកុមារម្នាក់បានផ្ដល់ការដឹកនាំដល់កុមារដទៃទៀតដែរ នោះព្យាការីបង្រៀនយើងពីអ្វីដែលព្រះសព្វព្រះទ័យឲ្យយើងធ្វើ ។ សូមឲ្យកុមារចែកចាយនូវអ្វីដែលពួកគេបានរៀន អំពីព្យាការីចេញពីសកម្មភាពទាំងឡាយ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមឲ្យកុមារប្រើអ្វីដែលពួកគេបានរៀនអំពីប៉ុល ទៅលើកទឹកចិត្តក្រុមគ្រួសាររបស់ពួកគេឲ្យសិក្សាសារលិខិតថ្មីៗរបស់ព្យាការី រួចពិភាក្សាអំពីរបៀបដែលពួកគេអាចធ្វើតាមដំបូន្មានរបស់លោក ។
ការកែលម្អការបង្រៀនរបស់យើង
ដាក់បញ្ចូលញ្ញាណទាំងឡាយ « កុមារភាគច្រើន ( និងមនុស្សពេញវ័យ ) រៀនសូត្រឆាប់ចេះ នៅពេលមានការដាក់បញ្ចូលញ្ញាណទាំងឡាយ ។ សូមស្វែងរករបៀបដើម្បីជួយកុមារតូចៗឲ្យប្រើចក្ខុវិញ្ញាណ សោតវិញ្ញាណ និង កាយវិញ្ញាណរបស់ពួកគេនៅពេលពួកគេរៀន ។ នៅក្នុងស្ថានភាពខ្លះ អ្នកអាចនឹងរកឃើញរបៀបដើម្បីដាក់បញ្ចូលឃានវិញ្ញាណ និងជីវ្ហាវិញ្ញាណ របស់ពួកគេ ! » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ២៥ ) ។