« ថ្ងៃទី ២២–២៨ ខែ កក្កដា កិច្ចការ ១៦–២១ ៖ ‹ ព្រះអម្ចាស់ទ្រង់ហៅយើង ឲ្យទៅផ្សាយដំណឹងល្អ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )
« ថ្ងៃទី ២២–២៨ ខែ កក្កដា កិច្ចការ ១៦–២១ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ២២–២៨ ខែ កក្កដា
កិច្ចការ ១៦–២១
« ព្រះអម្ចាស់ទ្រង់ហៅយើង ឲ្យទៅផ្សាយដំណឹងល្អ »
បន្ទាប់ពីអាន កិច្ចការ ១៦–២១ រួចហើយ សូមពិចារណាថា តើការបំផុសគំនិតពីព្រះវិញ្ញាណ និង យោបល់ណាខ្លះក្នុងគម្រោងមេរៀននេះ ដែលអាចជួយអ្នកក្នុងការរៀបចំមេរៀន ។ សូមមើល « ការបំពេញតាមតម្រូវការរបស់កុមារតូចៗ នៅក្នុងសៀវភៅសិក្សានេះ ដើម្បីបានជំនួយបន្ថែម ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញកុមារឲ្យប្រាប់អ្នកថា តើប៉ុលមានលក្ខណៈដូចជាអ្នកផ្សព្វផ្សាយសាសនានាពេលសព្វថ្ងៃនេះយ៉ាងដូចម្ដេច ។ សូមសួរថា « តើប្អូនៗធ្លាប់ចែកចាយដំណឹងល្អ ជាមួយមនុស្សដទៃឬទេ ? »
បង្រៀនគោលលទ្ធិ
កុមារតូចៗ
អ្នកផ្សព្វផ្សាយសាសនាបង្រៀនមនុស្សអំពីដំណឹងល្អ ។
តើកុមារដែលអ្នកបង្រៀន ដឹងថា តើអ្នកផ្សព្វផ្សាយសាសនាធ្វើអ្វីដែរឬទេ ? តើអ្នកអាចជួយកុមារឲ្យយល់ថា ពួកគេអាចចែកចាយដំណឹងល្អជាមួយមនុស្សដទៃបានតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យសម្ដែងតាមសាច់រឿង កិច្ចការ ១៦:២៥–៣៤ នៅពេលអ្នកសង្ខេបដំណើររឿងរបស់ប៉ុល និង ស៊ីឡាស ចែកចាយដំណឹងល្អនៅក្នុងគុក ( សូមមើលផងដែរ « ជំពូក ៦១ ៖ ប៉ុល និង ស៊ីឡាស ជាប់ក្នុងគុក » ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៥៨–១៦០ វីដេអូដែលទាក់ទងនៅលើគេហទំព័រ LDS.org ) ។ សូមពន្យល់ថា អ្នកផ្សព្វផ្សាយសាសនានាពេលសព្វថ្ងៃនេះក៏បង្រៀនមនុស្សអំពីព្រះយេស៊ូវ ហើយជួយពួកគេរៀបចំខ្លួនទទួលពិធីបុណ្យជ្រមុជទឹកដែរ ។
-
សូមបង្កើតផ្លាកអ្នកផ្សព្វផ្សាយសាសនាឲ្យកុមារពាក់ ហើយជួយពួកគេសរសេរឈ្មោះរបស់ខ្លួននៅលើផ្លាកនោះ ។ សូមបង្រៀនកុមារអំពីសេចក្ដីថ្លែងការណ៍សាមញ្ញៗនៃគោលលទ្ធិ ដែលពួកគេអាចចែកចាយជាមួយមនុស្សដទៃ មានដូចជា « ព្រះគឺជាព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើង » « ព្រះមានព្រះបន្ទូលតាមរយៈព្យាការីកំពុងរស់នៅ » ឬ « ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះរបស់យើង » ។
-
សូមអញ្ជើញកុមារឲ្យចែកចាយសេចក្ដីលម្អិតអំពីមនុស្សម្នាក់ដែលពួកគេស្គាល់ ជាបុគ្គលដែលបម្រើបេសកកម្ម ។ ពួកគេអាចគូររូប ឬ សរសេរសំបុត្រខ្លីមួយផ្ញើទៅកាន់អ្នកផ្សព្វផ្សាយសាសនាម្នាក់ ។
បទគម្ពីរថ្លែងទីបន្ទាល់អំពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។
ទោះជាកុមារមួយចំនួនដែលអ្នកបង្រៀនពុំអាចអានបាននៅឡើយក្ដី អ្នក អាចជួយពួកគេឲ្យចេះស្រឡាញ់ព្រះគម្ពីរ ហើយមើលថា តើពួកគេថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមទុកព្រះគម្ពីរបីបួនក្បាលនៅជុំវិញបន្ទប់រៀន រួចទុកឲ្យកុមារស្វែងរកព្រះគម្ពីរទាំងនោះ ។ សូមជួយកុមារម្នាក់អានឃ្លា « គេ … ពិចារណាមើលគម្ពីររាល់តែថ្ងៃ » ( កិច្ចការ ១៧:១១ ) ។ សូមអញ្ជើញកុមារឲ្យចង្អុលទៅថ្ងៃនីមួយៗនៃសប្ដាហ៍នៅលើប្រតិទិន នៅពេលពួកគេពោលឃ្លានេះតាមអ្នក ។
-
សូមបង្រៀនកុមារថា បទគម្ពីរថ្លែងទីបន្ទាល់អំពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ សូមជួយពួកគេឲ្យបើកទៅជំពូកមួយនៅក្នុងព្រះគម្ពីរ ដូចជា កិច្ចការ ១៧ ឬ ១៨ រួចស្វែងរកពាក្យ ព្រះ ឬ ព្រះអម្ចាស់ ។ អ្នកអាចចង់គូសចំណាំពាក្យទាំងនេះ ដើម្បីឲ្យកុមារអាចមើលឃើញដោយងាយ ។ រាល់ពេលដែលពួកគេរកឃើញពាក្យមួយ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេដឹង អំពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំជាកូនរបស់ព្រះ ។
នៅឯទីអើរីយ៉ូស ប៉ុលបានបង្រៀនសេចក្ដីពិតសំខាន់ៗអំពីលក្ខណៈនៃព្រះ ដែលរួមមានសេចក្ដីពិតនានាដែលប្រាប់ថា យើងគឺជាបុត្រាបុត្រីរបស់ទ្រង់ ហើយទ្រង់ « មិនគង់ឆ្ងាយពីយើងនីមួយៗទេ » ( កិច្ចការ ១៧:២៧ ) ។ តើអ្នកអាចជួយកុមារឲ្យមានអារម្មណ៍ថានៅក្បែរព្រះវរបិតាសួគ៌របស់ពួកគេតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យថាតាមឃ្លា « យើងរាល់គ្នា ជាពូជព្រះ » ( កិច្ចការ ១៧:២៩ ) រួចពន្យល់ថាពាក្យ ពូជ មានន័យថា កូន ។ សូមថ្លែងទីបន្ទាល់របស់អ្នកដល់កុមារម្នាក់ៗ ម្នាក់ម្ដងៗ ថា ពួកគេគឺជាកូនរបស់ព្រះ ។ សូមសួរពួកគេថា តើពួកគេមានអារម្មណ៍ដូចម្ដេច នៅពេលពួកគេឮថា ពួកគេគឺជាកូនរបស់ព្រះ ។ សូមអញ្ជើញពួកគេឲ្យចែកចាយអារម្មណ៍របស់ខ្លួន អំពីព្រះវរបិតាសួគ៌ ។
-
សូមបង្ហាញរូបភាពកុមារជាមួយក្រុមគ្រួសាររបស់ពួកគេ ( ប្រសិនបើអាច សូមប្រើរូបភាពកុមារនៅក្នុងថ្នាក់របស់អ្នក ) ។ សូមពន្យល់ថា យើងគឺជាកូនរបស់ឪពុកម្ដាយយើង ហើយយើងទាំងអស់គ្នាគឺជាបុត្រាបុត្រីខាងវិញ្ញាណរបស់មាតាបិតាសួគ៌យើង ។
-
សូមច្រៀងចម្រៀងមួយបទអំពីព្រះវរបិតាសួគ៌ ដូចជាបទ « ខ្ញុំដឹងព្រះបិតារស់ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥ ) ។ ដោយមានជំនួយពីកុមារ សូមសរសេរពាក្យ ឬ គូររូបនៅលើក្ដារខៀន ដែលតំណាងឲ្យសេចក្ដីទាំងឡាយដែលយើងរៀនអំពីព្រះវរបិតាសួគ៌ ចេញពីបទចម្រៀងមួយបទនោះ ។
-
សូមអានពាក្យទាំងនេះឲ្យកុមារស្ដាប់ ចេញពី កិច្ចការ ១៧:២៧ ៖ « ទ្រង់មិនគង់ឆ្ងាយពីយើងនីមួយៗទេ » ។ សូមប្រាប់អំពីគ្រាដែលអ្នកបានមានអារម្មណ៍ថានៅក្បែរព្រះបិតាសួគ៌ រួចអញ្ជើញកុមារឲ្យធ្វើដូចគ្នានោះដែរ ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
កិច្ចការ ១៦:១៤–១៥, ២៥–៣៤, ១៨:៧–៨, ២៤–២៨
ខ្ញុំអាចធ្វើជាអ្នកផ្សព្វផ្សាយសាសនាម្នាក់នៅពេលនេះបាន ។
តើអ្នកអាចជួយកុមារឲ្យធ្វើដូចជាប៉ុល ហើយចែកចាយជាមួយមនុស្សដទៃនូវសេចក្ដីដែលពួកគេកំពុងរៀនអំពីដំណឹងល្អបានយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យអាន កិច្ចការ ១៦:១៤–១៥, ២៥–៣៤, ១៨:៧–៨, ២៤–២៨ រួចធ្វើបញ្ជីឈ្មោះមនុស្ស ដែលប៉ុល និង អ័ប៉ុឡូស បានចែកចាយដំណឹងល្អជាមួយ ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យធ្វើបញ្ជីឈ្មោះមនុស្ស ដែលពួកគេអាចចែកចាយដំណឹងល្អជាមួយ ។ សូមអនុញ្ញាតឲ្យកុមារដើរតួសម្ដែងរបៀបដែលពួកគេអាចប្រាប់មនុស្សទាំងនេះ អំពីព្រះយេស៊ូវគ្រីស្ទ ឬ អញ្ជើញពួកគេទៅព្រះវិហារ ។ អ្នកក៏អាចអញ្ជើញកុមារឲ្យសរសេរសំបុត្រខ្លី ដោយថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនៃដំណឹងល្អទៅកាន់មនុស្សទាំងនេះដែរ ។
-
សូមអញ្ជើញអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងដែលកំពុងបម្រើ អ្នកត្រឡប់ពីបេសកកម្ម ឬ អ្នកផ្សព្វផ្សាយសាសនាប្រចាំវួដ ឲ្យមកថ្នាក់រៀន រួចប្រាប់អំពីបទពិសោធន៍របស់ពួកគេជាមួយនឹងការចែកចាយដំណឹងល្អ ។ សូមលើកទឹកចិត្តកុមារឲ្យសួរសំណួរ អំពីរបៀបដែលពួកគេអាចចែកចាយដំណឹងល្អជាមួយមនុស្សដទៃ ។
ព្រះគម្ពីរថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
ពួកព្យាការីទាំងអស់ថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ តើអ្នកអាចបង្រៀនកុមារឲ្យស្វែងរកទ្រង់នៅក្នុងព្រះគម្ពីរ ទោះជាទ្រង់ពុំត្រូវបានគេហៅដោយព្រះនាមបានតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារអាន កិច្ចការ ១៧:២–៤, ១០–១២, ១៨:២៨ រួចអញ្ជើញពួកគេឲ្យស្វែងរកថា តើវគ្គបទគម្ពីរទាំងនេះមានចំណុចដូចគ្នាអ្វីខ្លះ ។ យោងតាមបទគម្ពីរទាំងនេះ តើអ្វីដែលបានជួយមនុស្សឲ្យជឿលើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ?
-
សូមអញ្ជើញកុមារឲ្យចែកចាយរឿងដែលពួកគេចូលចិត្ត អំពីព្រះយេស៊ូវគ្រីស្ទ ដែលពួកគេបានរៀនពីព្រះគម្ពីរនៅឆ្នាំនេះ ។ សូមសរសេរនៅលើក្រដាសតូចៗ នូវសេចក្ដីយោងបទគម្ពីរ ដែលបង្រៀនអំពីព្រះអង្គសង្គ្រោះ រួចលាក់វានៅជុំវិញបន្ទប់រៀន ។ សូមអញ្ជើញកុមារឲ្យស្វែងរកក្រដាសតូចៗទាំងនោះ ។ សូមជួយកុមារឲ្យបើកមើលសេចក្ដីយោងនៅពេលពួកគេរកឃើញសេចក្ដីយោង រួចសូមឲ្យពួកគេចែកចាយជាមួយគ្នាទៅវិញទៅមក ថា តើបទគម្ពីរនីមួយៗបង្រៀនអ្វីខ្លះអំពីព្រះយេស៊ូវ ។
-
សូមឲ្យកុមារជួយអ្នកបង្កើតតារាងសាមញ្ញមួយ ដែលពួកគេអាចគូសចំណាំនៅពេលពួកគេអាន ឬ រៀនអំពីព្រះយេស៊ូវនៅក្នុងបទគម្ពីរ ។ សូមដាក់បង្ហាញតារាងនោះរាល់សប្ដាហ៍រហូតដល់បំណាច់ឆ្នាំ រួចជួយកុមារឲ្យស្វែងរកទីកន្លែងនានានៅក្នុងព្រះគម្ពីរដែលបង្រៀនអំពីព្រះយេស៊ូវ ។
ខ្ញុំជាកូនរបស់ព្រះ ។
តើអ្នកអាចជួយកុមារឲ្យចងចាំថា ពួកគេគឺជាបុត្រាបុត្រីនៃព្រះបានតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញថ្មមួយដុំដល់កុមារ រួចពន្យល់ថា នៅជំនាន់របស់ប៉ុល មនុស្សថ្វាយបង្គំព្រះផ្សេងៗ ដែលពួកគេបានឆ្លាក់ពីថ្ម និងពីសម្ភារដទៃទៀត ។ សូមឲ្យកុមារអាន កិច្ចការ ១៧:២៧–២៩ ។ តើយើងរៀនអ្វីខ្លះអំពីព្រះ នៅក្នុងខគម្ពីរទាំងនេះ ? សូមពន្យល់ថា ពូជ មានន័យថា កូន ។ សូមសួរកុមារថា តើពួកគេមានអារម្មណ៍ដូចម្ដេច នៅពេលដែលដឹងថា ពួកគេគឺជាបុត្រាបុត្រីរបស់ព្រះ ។
-
សូមឲ្យកុមារអាន កិច្ចការ ១៧:២៧ ។ សូមអញ្ជើញកុមារគូររូបនៃរបៀបនានាដែលពួកគេអាច « រកទ្រង់ឃើញ » ឬ ស្វែងរកទ្រង់ ។ តើនៅពេលណាដែលពួកគេមានអារម្មណ៍ថា ទ្រង់ « មិនគង់ឆ្ងាយពី [ ពួកគេ ] ទេ » ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមលើកទឹកចិត្តកុមារឲ្យស្វែងរកបទគម្ពីរមួយនៅសប្ដាហ៍នេះ ដែលបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ( ពួកគេអាចធ្វើដូចនេះបានពេលសិក្សាព្រះគម្ពីរដោយផ្ទាល់ខ្លួន ឬ ជាគ្រួសារ ) ។ នៅសប្ដាហ៍ក្រោយ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។