« ថ្ងៃទី ១៥–២១ ខែ កក្កដា កិច្ចការ ១០–១៥ ៖ ‹ ឯព្រះបន្ទូល ក៏ដុះដាលចម្រើន កាន់តែច្រើនឡើង › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ១៥–២១ ខែ កក្កដា កិច្ចការ ១០–១៥ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១៥–២១ ខែ កក្កដា
កិច្ចការ ១០–១៥
« ឯព្រះបន្ទូល ក៏ដុះដាលចម្រើន កាន់តែច្រើនឡើង »
សូមចាប់ផ្ដើមការរៀបចំរបស់អ្នកដោយអាន កិច្ចការ ១០–១៥ ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ អាចជួយអ្នកឲ្យយល់ពីជំពូកទាំងនេះ ហើយគម្រោងមេរៀននេះអាចផ្ដល់នូវគំនិតបង្រៀននានាដល់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
ដើម្បីជួយកុមារចែកចាយអ្វីដែលពួកគេកំពុងរៀន និង មានបទពិសោធន៍ អ្នកអាចសូមឲ្យពួកគេចែកចាយកិច្ចការដែលពួកគេកំពុងធ្វើដើម្បីបង្ហាញថា ពួកគេជឿលើព្រះយេស៊ូវគ្រីស្ទ ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ព្រះវរបិតាសួគ៌ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ។
គោលលទ្ធិគ្រឹះមួយដែលសូម្បីតែកុមារតូចៗក៏យល់ដែរនោះ គឺថាមនុស្សគ្រប់រូបគឺជាបុត្ររបស់ព្រះ ហើយថាទ្រង់ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាព ព្រះគ្រីស្ទ និងកូនក្មេងមកពីជុំវិញពិភពលោក ( សៀវភៅរូបភាពដំណឹងល្អ លេខ ១១៦ ) នៅពេលអ្នកអាន កិច្ចកា ១០:៣៤–៣៥ ។ សូមពន្យល់ថា នៅជំនាន់របស់ពេត្រុស មនុស្សខ្លះបានជឿថា ព្រះស្រឡាញ់មនុស្សតែប៉ុន្មានក្រុមប៉ុណ្ណោះ ប៉ុន្តែពេត្រុសបានរៀនថា ព្រះទ្រង់ស្រឡាញ់បុត្រាបុត្រីទ្រង់ទាំងអស់ ហើយទ្រង់សព្វព្រះទ័យឲ្យពួកគេទាំងអស់គ្នារៀនដំណឹងល្អ ។
-
សូមអញ្ជើញកុមារឲ្យគូររូបខ្លួនពួកគេ ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា ព្រះវរបិតាសួគ៌ទ្រង់ស្រឡាញ់ពួកគេម្នាក់ៗ និងបុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ទោះជាពួកគេមានរូបរាងដូចម្ដេច ឬ មកពីទីណាក៏ដោយ ។
-
សូមច្រៀងចម្រៀងមួយបទអំពីការស្រឡាញ់គ្នាទៅវិញទៅមក ជាមួយនឹងកុមារ—ឧទាហរណ៍ « ខ្ញុំនឹងដើរជាមួយអ្នក ( សៀវភៅចម្រៀងកុមារ ទំព័រ ៧៨–៧៩ ) ។ សូមអញ្ជើញពួកគេចែកចាយរបៀបនានាដែលពួកគេអាចបង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សគ្រប់រូប—សូម្បីតែមនុស្សដែលមានលក្ខណៈខុសពីពួកគេ—គឺដូចជាព្រះយេស៊ូវបានធ្វើ ។
-
សូមសុំទុកជាមុនដល់ឪពុកម្ដាយរបស់កុមារ ឲ្យចែកចាយលក្ខណៈសម្បត្តិគួរឲ្យសរសើរនៃកូនរបស់ពួកគាត់ ។ សូមចែកចាយចម្លើយរបស់ពួកគាត់នៅក្នុងថ្នាក់ រួចថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌ទ្រង់ស្រឡាញ់បុត្រាបុត្រីទ្រង់ម្នាក់ៗ ។
-
សូមចង្អុលទៅកុមារម្ដងម្នាក់ៗ រួចនិយាយថា « ព្រះវរបិតាសួគ៌ទ្រង់ស្រឡាញ់ [ ឈ្មោះ ] » ។ សូមអនុញ្ញាតឲ្យកុមារដាក់វេនចង្អុលគ្នាទៅវិញទៅមក ដោយនិយាយឃ្លានេះ ។
ខ្ញុំគឺជាគ្រិស្ដសាសនិកម្នាក់ ពីព្រោះខ្ញុំជឿ ហើយធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
កុមារដែលអ្នកបង្រៀនអាចនឹងដឹងថា ជាញឹកញាប់ សមាជិកនៃសាសនាចក្រត្រូវបានហៅថា ពួកមរមន ព្រោះយើងជឿលើព្រះគម្ពីរមរមន ប៉ុន្តែតើពួកគេក៏ដឹងដែរឬទេថា ពួកយើងក៏ជាគ្រិស្តសាសនិកដែរ ព្រោះយើងជឿលើព្រះយេស៊ូវគ្រីស្ទ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន កិច្ចការ ១១:២៦ ឲ្យកុមារស្ដាប់ ។ សូមពន្យល់ថា បុគ្គលម្នាក់ដែលជឿ ហើយដើរតាមព្រះយេស៊ូវគ្រីស្ទត្រូវបានហៅថាគ្រិស្តសាសនិក ដូច្នេះយើងគឺជាគ្រិស្តសាសនិក ។
-
សូមច្រៀង « សាសនាចក្រព្រះយេស៊ូវគ្រីស្ទ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៧៧ ) ជាមួយកុមារ ។ ដោយសារតែយើងគឺជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ហើយជាកម្មសិទ្ធិរបស់សាសនាចក្រទ្រង់ តើយើងគួរតែប្រព្រឹត្តយ៉ាងដូចម្ដេចនៅព្រះវិហារ នៅសាលា និង នៅផ្ទះ ?
-
សូមឲ្យកុមារផាត់ពណ៌លើផ្លាក ដែលមាននៅលើទំព័រសកម្មភាពសប្ដាហ៍នេះ ហើយពាក់ផ្លាកនោះទៅផ្ទះ ។
ព្រះវរបិតាសួគ៌ព្រះសណ្ដាប់ ហើយឆ្លើយតបការអធិស្ឋាន ។
ដំណើររឿងដែលទេវតាបានរំដោះពេត្រុសចេញពីគុក បង្រៀនយ៉ាងមានអានុភាពថា ព្រះវរបិតាសួគ៌ទ្រង់ឆ្លើយតបការអធិស្ឋាន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យសម្ដែងតាមសាច់រឿងរបស់ពេត្រុស ដែលត្រូវបានរំដោះចេញពីគុក នៅក្នុង កិច្ចការ ១២:១–១៧ នៅពេលអ្នកសង្ខេបរឿងនេះ ។ តើព្រះវរបិតាសួគ៌ឆ្លើយតបការអធិស្ឋាននៃអ្នកទាំងឡាយ ដែលបានអធិស្ឋានសម្រាប់ពេត្រុសយ៉ាងដូចម្ដេច ?
-
សូមច្រៀងចម្រៀងមួយបទអំពីការអធិស្ឋាន—ឧទាហរណ៍ « យើងបន្ទន់កេសា » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៨ )—ហើយបង្កើតសកម្មភាពនានា ដើម្បីជួយកុមារឲ្យរៀនរបៀបអធិស្ឋាន ។ សូមអញ្ជើញកុមារឲ្យចែកចាយឧទាហរណ៍នៃអ្វីៗមួយចំនួន ដែលពួកគេអាចថ្លែងអំណរគុណ ហើយទូលសូមទ្រង់ក្នុងការអធិស្ឋាន ។
-
សូមបង្ហាញរូបភាពនៃមនុស្សអធិស្ឋាន ( សូមមើល ជាឧទាហរណ៍ សៀវភៅរូបភាពដំណឹងល្អ ទំព័រ ១១១ និង ១១២ ) នៅពេលអ្នកចែកចាយបទពិសោធន៍មួយជាពេលដែលព្រះវរបិតាសួគ៌បានឆ្លើយតបការអធិស្ឋានរបស់អ្នក ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
« ព្រះមិនរើសមុខអ្នកណាទេ » ។
កុមារដែលអ្នកបង្រៀនចាំបាច់ត្រូវយល់ថា ព្រះវរបិតាសួគ៌ទ្រង់ស្រឡាញ់បុត្រាបុត្រីទ្រង់ទាំងអស់ ទោះបីជាពួកគេមានរូបរាងដូចម្ដេច ពួកគេមកពីណា ឬ ជម្រើសណាមួយដែលពួកគេធ្វើក៏ដោយ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសួរកុមារថា តើពួកគេអាចប្រាប់អំពីលក្ខណៈសម្បត្តិរបស់មនុស្សម្នាក់ ដោយគ្រាន់តែមើលឃើញពួកគេ ឬ ទាយថា តើពួកគេមកពីណាបានដែរឬទេ ។ យោងតាម កិច្ចការ ១០:៣៥ តើព្រះទ្រង់សម្រេចចិត្តព្រះទ័យថា តើនរណាម្នាក់ « គាប់ដល់ព្រះហឫទ័យទ្រង់ » យ៉ាងដូចម្ដេច ?
-
សូមអាន កិច្ចការ ១០:៣៤–៣៥, ១៥:៦–១១ ជាមួយនឹងកុមារ ។ សូមពន្យល់ថា នៅជំនាន់របស់ពេត្រុស ពួកសាសន៍យូដាបានជឿថា ព្រះពុំទទួលយកប្រជាជនដែលមិនមែនជាសាសន៍យូដាទេ ( មនុស្សទាំងនេះត្រូវបានហៅថា សាសន៏ដទៃ ) ។ ប៉ុន្តែព្រះបានបង្រៀនពេត្រុសថា ព្រះទ្រង់ស្រឡាញ់បុត្រាបុត្រីទ្រង់ទាំងអស់គ្នា ទាំងពួកសាសន៍យូដា និង ពួកសាសន៍ដទៃ ។ សូមច្រៀងទាំងអស់គ្នា « ខ្ញុំជាកូនរបស់ព្រះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ២–៣ ) ។ សូមអញ្ជើញកុមារឲ្យដាក់ឈ្មោះគ្នាទៅវិញទៅមក ជំនួសឲ្យពាក្យ ខ្ញុំ ។
-
សូមអញ្ជើញកុមារឲ្យចែកចាយចំណុចមួយដែលពិសេស អំពីនរណាម្នាក់នៅក្នុងថ្នាក់ ។ សូមពន្យល់ថា សេចក្ដីថ្លែងការណ៍ « ព្រះមិនរើសមុខអ្នកណាទេ » មានន័យថា ព្រះវរបិតាសួគ៌ទ្រង់ស្រឡាញ់បុត្រាបុត្រីទ្រង់ទាំងអស់ ហើយដោយសារតែទ្រង់ស្រឡាញ់ពួកគេ ទើបទ្រង់សព្វព្រះទ័យឲ្យបុត្រាបុត្រីទ្រង់ទាំងអស់ស្ដាប់ឮដំណឹងល្អ ។
គ្រិស្តសាសនិកគឺជាមនុស្សដែលជឿ ហើយដើរតាមព្រះយេស៊ូវគ្រីស្ទឮ ។
តើអ្នកអាចជួយកុមារឲ្យយល់ថា ពាក្យសម្ដី និង ទង្វើរបស់ពួកគេបង្ហាញថា ពួកគេគឺជាគ្រិស្តសាសនិកតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យអាន កិច្ចការ ១១:២៦, នីហ្វៃទី៣ ២៧:៣–៨ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៤ ។ សូមសរសេរពាក្យ គ្រិស្តសាសនិក នៅលើក្ដារខៀន រួចគូសបន្ទាត់ពីក្រោមផ្នែកដែលសរសេរថា « គ្រិស្ត » ។ សូមឲ្យកុមារចែកចាយថា តើពួកគេគិតថា ពាក្យគ្រិស្តសាសនិកមានន័យដូចម្ដេច ។
-
សូមឲ្យកុមារដាក់ឈ្មោះក្រុមដែលពួកគេជាកម្មសិទ្ធិមានដូចជា ក្រុមគ្រួសារ ឬ ថ្នាក់បឋមសិក្សា ។ សូមអញ្ជើញពួកគេឲ្យចែកចាយមូលហេតុនានា ដែលពួកគេមានអំណរគុណដែលធ្វើជាគ្រិស្តសាសនិក ហើយជាកម្មសិទ្ធិរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ តើយើងអាចបង្ហាញមនុស្សដទៃថាយើងគឺជាគ្រិស្តសាសនិកតាមរបៀបណា ?
-
សូមដាក់បង្ហាញវត្ថុ ឬ រូបភាពមួយចំនួនដែលតំណាងឲ្យសេចក្ដីពិតពិសេសៗរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ មានដូចជា រូបភាពនៃការប្រសិទ្ធពរបព្វជិតភាព ។ សូមឲ្យកុមារម្នាក់រើសយកវត្ថុ ឬ រូបភាពនានា ហើយពិពណ៌នាថា តើវាគឺជាពរជ័យដល់សាសនាចក្ររបស់យើងតាមរបៀបណា ។ សូមពន្យល់ថា ខណៈដែលគ្រិស្តសាសនិកពាសពេញពិភពលោកជាកម្មសិទ្ធរបស់សាសនាចក្រផ្សេងៗគ្នា នោះយើងជាកម្មសិទ្ធរបស់សាសនាចក្រតែមួយដែលព្រះយេស៊ូវគ្រីស្ទបានស្ថាបនានៅលើផែនដី ។
-
សូមបង្ហាញវីដេអូ « True Christianity » ( LDS.org ) ។ សូមឲ្យកុមារគូរកិច្ចការនានា ដែលពួកគេអាចធ្វើបាន ដើម្បីធ្វើជាគ្រិស្តសាសនិកដ៏ពិត ។
នៅពេលខ្ញុំអធិស្ឋានដោយសេចក្ដីជំនឿ នោះព្រះវរបិតាសួគ៌ទ្រង់នឹងឆ្លើយ ។
សូមគិតអំពីពេលដែលព្រះវរបិតាបានឆ្លើយតបការអធិស្ឋានរបស់អ្នក ។ តើអ្នកអាចប្រើបទពិសោធន៍ទាំងនេះដើម្បីបង្រៀនកុមារថា ព្រះវរបិតាសួគ៌នឹងព្រះសណ្ដាប់ ហើយឆ្លើយការអធិស្ឋានតាមរបៀប និង កាលវេលារបស់ទ្រង់បានតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យសម្ដែងតាមសាច់រឿងដែលទេវតាបានរំដោះពេត្រុសចេញពីគុក នៅក្នុង កិច្ចការ ១២:១–១៧ នៅពេលអ្នកសង្ខេបរឿងនេះ ដោយពាក្យពេចន៍របស់អ្នកផ្ទាល់ ។
-
សូមសួរថា តើកុមារគិតថា « គេខំប្រឹងអធិស្ឋានដល់ព្រះអស់ពីចិត្ត » មានន័យដូចម្ដេច ( កិច្ចការ ១២:៥ ) ។ តើការអធិស្ឋានរបស់ប្រជាជនទទួលបានចម្លើយតាមរបៀបណា ? សូមអញ្ជើញកុមារឲ្យចែកចាយបទពិសោធន៍ ដែលព្រះវរបិតាសួគ៌បានឆ្លើយតបការអធិស្ឋានផ្ទាល់ខ្លួន និង ជាគ្រួសារ ។ អ្នកក៏អាចចែកចាយបទពិសោធន៍មួយដែលព្រះវរបិតាសួគ៌បានឆ្លើយការអធិស្ឋានរបស់អ្នក នៅតាមរបៀបមួយដែលខុសពីអ្វីដែលអ្នកបានរំពឹងទុក ។ សូមថ្លែងទីបន្ទាល់ថា ព្រះទ្រង់ស្រឡាញ់យើង ហើយទ្រង់នឹងឆ្លើយការអធិស្ឋានរបស់យើងតាមរបៀប និង កាលវេលា ដែលសក្ដិសមបំផុតសម្រាប់យើង ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមផ្ដល់រូបភាព ឬ វត្ថុមួយដល់កុមារ ដើម្បីដាក់តាំងនៅក្នុងផ្ទះរបស់ពួកគេទុកជាការរំឭកដល់សមាជិកគ្រួសារឲ្យអធិស្ឋានជាមួយគ្នា ។