« ថ្ងៃទី ១–៧ ខែ កក្កដា កិច្ចការ ១–៥ ៖ ‹ អ្នកនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ១–៧ ខែ កក្កដា កិច្ចការ ១–៥ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១–៧ ខែ កក្កដា
កិច្ចការ ១–៥
« អ្នកនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ »
សូមចាប់ផ្ដើមការរៀបចំរបស់អ្នកដោយអាន កិច្ចការ ១–៥ ។ សូមស្វែងយល់ប្រកបដោយការអធិស្ឋាន អំពីតម្រូវការរបស់កុមារដែលអ្នកបង្រៀន ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និង ក្រុមគ្រួសារ និងគម្រោងមេរៀននេះ ក៏អាចជួយអ្នកបានដែរ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមសរសេរឃ្លា តើខ្ញុំជានរណា ? នៅលើក្ដារខៀន ។ សូមអានសេចក្ដីថ្លែងការណ៍បីបួនអំពីពេត្រុស រួចសួរកុមារថា តើសេចក្ដីថ្លែងការណ៍ទាំងនោះថ្លែងអំពីនរណា ។ តើពួកគេដឹងអ្វីខ្លះទៀតអំពីពេត្រុស ?
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈពួកព្យាការី និងពួកសាវក ។
ការរៀនសូត្រអំពីរបៀបដែលព្រះអង្គសង្គ្រោះដឹកនាំសាសនាចក្រពីបុរាណរបស់ទ្រង់ តាមរយៈពួកព្យាការី អាចជួយកុមារឲ្យពង្រឹងទីបន្ទាល់អំពីព្យាការី និង អំពីសាវកនៅជំនាន់របស់យើង ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពពេញមួយទំព័រចេញពី គម្រោងមេរៀនសប្ដាហ៍នេះនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ ។ សូមសួរកុមារថា តើហេតុអ្វីបានជាបណ្ដាជនសម្លឹងមើលទៅលើមេឃ ។ សូមសង្ខេបដំណើររឿងចេញពី កិច្ចការ ១:១–១១ ។ សូមមើល « ជំពូក ៥៥ ៖ ពួកសាវកដឹកនាំសាសនាចក្រ » ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៤៥–១៤៧ ឬ វីដេអូដែលទាក់ទង ( LDS.org ) ។
-
ខណៈពេលដែលកុមារទាំងអស់មើលទៅរូបភាពចេញពី គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និង ក្រុមគ្រួសារ សូមអញ្ជើញកុមារម្នាក់ឲ្យកាន់រូបភាពមួយនៃពួកសាវកដែលកំពុងបម្រើ ។ តើនរណាដឹកនាំសាសនាចក្រ នៅពេលព្រះគ្រីស្ទពុំគង់នៅលើផែនដី ? តើពួកលោកដឹកនាំសាសនាចក្រតាមរបៀបណា ?
-
សូមលេងល្បែងផ្គូផ្គងដោយមានរូបភាពចំនួនពីរសន្លឹក នៃគណៈប្រធានទីមួយ និង ពួកសាវកដែលកំពុងរស់នៅ ។ នៅពេលពួកគេបានផ្គូផ្គងហើយ សូមប្រាប់ឈ្មោះសាវក ឬ ប្រធាន និង ព័ត៌មានណាមួយអំពីលោក ។
-
នៅលើខ្នងរូបភាពព្រះយេស៊ូវ សូមបិទរូបតូចៗដែលប្រាប់អំពីសេចក្ដីដែលព្យាការីអាចនឹងបង្រៀន ដូចជា រូបពិធីបុណជ្រមុជទឹក ឬ រូបព្រះវិហារបរិសុទ្ធ ។ សូមអនុញ្ញាតឲ្យកុមារម្នាក់ៗមើលរូបមួយ ហើយប្រាប់ដល់មិត្តក្នុងថ្នាក់ថា « ព្យាការីបង្រៀនយើងអំពី [ ប្រធានបទអំពីរូបនោះ ] » ។
ព្រះវរបិតាសួគ៌អាចប្រទានពរដល់មនុស្សដទៃតាមរយៈខ្ញុំ ។
តើអ្នកអាចធ្វើដូចម្ដេចដើម្បីជួយកុមារ ឲ្យស្គាល់របៀបដែលពួកគេអាចផ្ដល់ពរដល់មនុស្សជុំវិញខ្លួនពួកគេ ? សូមជួយពួកគេរៀនសូត្រចេញពីគំរូរបស់ពេត្រុស និង យ៉ូហាន ដែលបានព្យាបាលបុរសពិការជើងម្នាក់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យធ្វើសកម្មភាពនានា ទៅតាមសាច់រឿងនៅក្នុង កិច្ចការ ៣:១–១០ ដូចជា ការលើកដៃសុំទាន និង ការស្ទុះឈរឡើងដើរទៅមកដោយអំណរ ។ តើព្រះវរបិតាសួគ៌បានប្រទានពរដល់បុរសពិការជើងនោះតាមរបៀបណា ?
-
សូមនាំយកថង់មួយដែលដាក់រូបភាពនានា ដែលបង្ហាញអំពីវិធីទាំងឡាយដែលយើងអាចផ្ដល់ពរ ហើយបម្រើដល់មនុស្សដទៃ ។ សូមអនុញ្ញាតឲ្យកុមារដាក់វេនគ្នាជ្រើសយករូបភាពមួយចេញពីថង់ ហើយប្រាប់ពីរបៀបដែលពួកគេអាចផ្ដល់ពរដល់មនុស្សដទៃនៅតាមវិធីនោះ ។
-
សូមឲ្យកុមារចែកចាយពីគ្រាមួយដែលពួកគេបានជួយមនុស្សដទៃ ។
ខ្ញុំអាចធ្វើជាមនុស្សស្មោះត្រង់ ។
ពួកគ្រីស្ទានពីបុរាណបានអនុវត្តទម្រង់ក្រឹត្យវិន័យនៃការថ្វាយ ដើម្បីជួយមើលថែដល់ជនក្រីក្រ ។ អ្នកទាំងឡាយដែលមានដីធ្លីបានលក់វា ហើយប្រគល់ប្រាក់ដល់ពួកសាវកដើម្បីចែកទៅដល់ពួកបរិសុទ្ធ ស្របតាមសេចក្ដីត្រូវការរបស់ពួកគេ ។ អាន៉្នានាស និង សាភីរ៉ា ពុំមានភាពស្មោះត្រង់ក្នុងការបរិច្ចាគរបស់ពួកគេទេ ដោយពួកគេគិតថា ពួកគេអាចកឹបកេងអ្នកបម្រើរបស់ព្រះអម្ចាស់បាន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យសម្ដែងតាមសាច់រឿងរបស់ អាន៉្នានាស និង សាភីរ៉ា ។ សូមពន្យល់ថា ទោះជាយើងពុំស្លាប់ភ្លាមនៅពេលយើងកុហកក៏ដោយ ក៏រឿងនេះបង្ហាញអំពីសារៈសំខាន់នៃការធ្វើជាមនុស្សស្មោះត្រង់ នៅចំពោះព្រះនេត្រព្រះវរបិតាសួគ៌ ។
-
សូមច្រៀងទាំងអស់គ្នានូវបទចម្រៀងអំពីភាពស្មោះត្រង់ ដូចជា « I Believe in Being Honest » ( Children’s Songbook ទំព័រ ១៤៩ ) ។ សូមជួយកុមារឲ្យយល់ថា ចំណែកនៃការធ្វើជាមនុស្សស្មោះត្រង់មានន័យថា ការប្រាប់ពីការពិតជានិច្ច និងការមិនយករបស់ដែលជាកម្មសិទ្ធិរបស់មនុស្សដទៃ ។
-
សូមប្រើអាយ៉ងក្រដាសដើម្បីសម្ដែងឲ្យឃើញស្ថានភាពសាមញ្ញៗ នៅពេលមនុស្សណាម្នាក់មានភាពស្មោះត្រង់ ឬ មិនស្មោះត្រង់ ។ សូមឲ្យកុមារក្រោកឈរប្រសិនបើអាយ៉ងសម្ដែងជាមនុស្សស្មោះត្រង់ ឬ អង្គុយលើឥដ្ឋប្រសិនបើអាយ៉ងសម្ដែងជាមនុស្សមិនស្មោះត្រង់ ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
ព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈពួកព្យាការី និងពួកសាវក ។
កុមារដែលអ្នកបង្រៀនអាចយល់ថា សាសនាចក្ររបស់ព្រះអង្គសង្គ្រោះសព្វថ្ងៃនេះ ត្រូវបានដឹកនាំដោយពួកព្យាការី និង ពួកសាវក គឺដូចជាសាសនាចក្រនៅជំនាន់បុរាណដែរ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសរសេរនៅលើក្ដារខៀនថា តើព្រះយេស៊ូវដឹកនាំសាសនាចក្រ នៅពេលទ្រង់ពុំគង់នៅលើផែនដីតាមរបៀបណា ? សូមអញ្ជើញកុមារឲ្យស្វែងរកចម្លើយសម្រាប់សំណួរនេះ នៅពេលអ្នកអានព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ដែលបានមានបន្ទូលទៅកាន់ពួកសាវកនៅក្នុង កិច្ចការ ១:៨ ។
-
សូមអានជាមួយគ្នា កិច្ចការ ១:២២–២៦ ។ សូមឲ្យកុមារទាំងអស់ស្វែងរករបៀប ដែលពួកសាវកបានហៅសាវកថ្មីមួយរូប ។
-
ពីមុនការបង្រៀន សូមឲ្យកុមារ និង ឪពុក/ម្ដាយរបស់កុមារនោះ អានអំពីសាវកដែលត្រូវបានហៅនាពេលថ្មីៗ ( អាចអានលើគេហទំព័រ LDS.org ) ។ ប្រសិនបើអាចធ្វើទៅបាន សូមអញ្ជើញកុមារឲ្យចែកចាយអ្វីដែលគាត់បានរៀននៅក្នុងថ្នាក់ អំពីសេចក្ដីដែលសាវករូបនោះបានមានប្រសាសន៍អំពីការហៅរបស់លោក នៅក្នុងសារលិខិតសន្និសីទទូទៅដំបូងរបស់លោក ។
ព្រះវរបិតាសួគ៌ប្រទានពរមនុស្សដទៃតាមរយៈខ្ញុំ ទោះជាខ្ញុំគ្មានទ្រព្យសម្បត្តិហូរហៀរក្ដី ។
តើអ្នកអាចបង្រៀនកុមារថា ពួកគេអាចផ្ដល់ពរដល់មនុស្សដទៃ ទោះជាពួកគេគ្មាន « ប្រាក់ និង មាស » បានតាមរបៀបណា ? ( កិច្ចការ ៣:៦ ) ។ តើអ្នកអាចជួយពួកគេឲ្យមើលឃើញសារៈសំខាន់ នៃការបម្រើព្រះតាមរយៈការបម្រើមនុស្សដទៃបានយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារម្នាក់អាន កិច្ចការ ៣:១–១០ ខណៈពេលដែលកុមារដទៃទៀតសម្ដែងតាមសាច់រឿង ។ ( ដើម្បីជាជំនួយ សូមអានផងដែរ « ជំពូក ៥៦ ៖ ពេត្រុសព្យាបាលបុរសម្នាក់ » ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៤៨–១៤៩ ឬវីដេអូដែលទាក់ទងលើគេហទំព័រ LDS.org ) ។ អ្នកក៏អាចបង្ហាញវីដេអូ « Peter and John Heal a Man Crippled Since Birth » ( LDS.org ) ផងដែរ ។ តើពរជ័យដែលបុរសនេះបានទទួល មានតម្លៃអស្ចារ្យជាងប្រាក់ដែលគាត់សុំនោះយ៉ាងដូចម្ដេច ?
-
សូមហុចថង់កាក់តៗគ្នា ។ សូមឲ្យកុមារម្នាក់ៗកាន់ថង់នោះ សួរពួកគេថា តើពួកគេអាចទិញអ្វីខ្លះជាមួយនឹងប្រាក់ ។ បន្ទាប់មក សូមយកថង់កាក់នោះមកវិញ រួចសួរកុមារថា តើពរជ័យអ្វីខ្លះដែលពួកគេពុំអាចទិញបាន ។ សូមអញ្ជើញពួកគេឲ្យចែកចាយ អំពីរបៀបដែលពួកគេអាចបម្រើនរណាម្នាក់ដោយពុំចាំបាច់មានប្រាក់ ( កិច្ចការ ៣:៦ ) ។
ព្រះវិញ្ញាណបរិសុទ្ធធ្វើជាសាក្សីចំពោះដួងចិត្តខ្ញុំអំពីសេចក្ដីពិតនៃដំណឹងល្អ ។
នៅពេលកុមាររៀនចេះអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលទៅកាន់ពួកគេ នោះពួកគេនឹងមានការបំផុសគំនិតឲ្យស្ដាប់ ហើយធ្វើតាមការបំផុសគំនិតនោះនៅពេលពួកគេទទួលបានវា ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន កិច្ចការ ២:៣៦–៣៧ រួមគ្នា ។ តើអ្នកមានអារម្មណ៍ដូចម្ដេច នៅពេលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលអ្វីមួយនៅក្នុងចិត្តយើង ?
-
សូមបង្កើតផ្ទាំងប្រកាសមួយដោយសរសេរថា តើយើងគួរតែធ្វើដូចម្ដេច ? ។ សូមដាក់តាំងផ្ទាំងប្រកាសនោះរាល់សប្ដាហ៍ ហើយសរសេរបន្ថែមរបៀបនានាដែលកុមារអាចប្រព្រឹត្តតាមអ្វីដែលពួកគេបានរៀនក្នុងមេរៀនរាល់សប្ដាហ៍ ។
-
សូមអញ្ជើញកុមារឲ្យស្វែងរកកិច្ចការល្អៗ ដែលប្រជាជនបានធ្វើ បន្ទាប់ពីពួកគេបានទទួលពិធីបុណ្យជ្រមុជទឹក នៅក្នុង កិច្ចការ ២:៤១–៤៧ ។ តើកិច្ចការល្អៗណាខ្លះដែលយើងអាចធ្វើ ដើម្បីបង្ហាញថាយើងមានអំណរគុណចំពោះអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធដែលយើងបានទទួល បន្ទាប់ពីបានទទួលពិធិបុណ្យជ្រមុជទឹក ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមលើកទឹកចិត្តកុមារឲ្យដាក់ផែនការរបៀបមួយ ដែលពួកគេបម្រើព្រះវរបិតាសួគ៌ ដោយការជួយសមាជិកម្នាក់ក្នុងគ្រួសាររបស់ពួកគេនៅសប្ដាហ៍នេះ ។