« ថ្ងៃទី ៨–១៤ ខែ កក្កដា កិច្ចការ ៦–៩ ៖ ‹ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្តេច ? › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ៨–១៤ ខែ កក្កដា កិច្ចការ ៦–៩ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ៨–១៤ ខែ កក្កដា
កិច្ចការ ៦–៩
« តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្តេច ? »
សូមចាប់ផ្ដើមដោយអាន កិច្ចការ ៦–៩ ។ គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ អាចជួយអ្នកឲ្យយល់ពីជំពូកទាំងនេះបាន ។ សកម្មភាពសម្រាប់កុមារតូចៗនៅក្នុងគម្រោងមេរៀននេះ អាចត្រូវបានកែប្រែដើម្បីសម្របទៅនឹងកុមារធំៗ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមសរសេរឈ្មោះតួអង្គទាំងឡាយនៅក្នុង កិច្ចការ ៦–៩ នៅលើក្ដារខៀន—ដែលអាចជា ប៉ុល ឬ ស្ទេផាន ។ សូមអញ្ជើញកុមារឲ្យចែកចាយអ្វីដែលពួកគេដឹងអំពីតួអង្គទាំងនេះ ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ខ្ញុំអាចធ្វើតាមព្រះយេស៊ូវគ្រីស្ទបានតាមរយៈ ការប្រកាន់ផ្លូវត្រូវ ។
តើកុមារអាចរៀនអ្វីខ្លះមកពីស្ទេផាន អំពីការធ្វើជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារបង្កើតសកម្មភាពនានា ដែលស្របទៅនឹងបទចម្រៀងអំពីការជ្រើសរើសផ្លូវត្រូវដូចជា « ឈរដោយសុចរិត » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨១ ) ។ សូមប្រើ កិច្ចការ ៧:៥១–៦០ ដើម្បីប្រាប់កុមារអំពីរបៀបដែលស្ទេផានបានបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ទោះជាការបង្រៀននោះបានធ្វើឲ្យថ្នាក់ដឹកនាំសាសន៍យូដាខឹងយ៉ាងខ្លាំងក្ដី ( សូមមើលផងដែរ « ជំពូក ៥៧ ៖ មនុស្សទុច្ចរិតសម្លាប់ស្ទេផាន » ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៥០–១៥១ ឬ វីដេអូដែលទាក់ទងនៅលើគេហទំព័រ LDS.org ) ។ តើស្ទេផានប្រកាន់ផ្លូវត្រូវតាមរបៀបណា ?
-
សូមផ្ដល់ឆាកសម្ដែងមួយចំនួនដល់កុមារ ដែលត្រូវធ្វើជម្រើសរវាងត្រូវ និង ខុស ។ សូមសួរកុមារថា តើពួកគេនឹងធ្វើដូចម្ដេចដើម្បីប្រកាន់ផ្លូវត្រូវ ។
ព្រះវិញ្ញាណបរិសុទ្ធបំផុសគំនិតខ្ញុំឲ្យចែកចាយដំណឹងល្អជាមួយមនុស្សដទៃ ។
ភីលីពបានធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណ ហើយបានជួយបុរសអេត្យូពីម្នាក់ ដែលកំពុងមានការលំបាកក្នុងការយល់បទគម្ពីរ ។ តើរឿងនេះបង្រៀនមេរៀនអ្វីខ្លះ ដល់កុមារដែលអ្នកបង្រៀន ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមយកកៅអីចំនួនពីរមកធ្វើជារទេះ ។ សូមអញ្ជើញកុមារពីរនាក់ឲ្យអង្គុយលើរទេះ ម្នាក់តំណាងឲ្យភីលីព និង ម្នាក់ទៀតតំណាងឲ្យបុរសអេត្យូពី ។ បន្ទាប់មក រៀបរាប់ដំណើរនៃរបៀបដែលភីលីពបានបង្រៀនដំណឹងល្អ ទៅកាន់បុរសសាសន៍អេត្យូពីរូបនោះ ។
-
តើអ្នកធ្លាប់មានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធប្រាប់អ្នក ឲ្យចែកចាយដំណឹងល្អជាមួយនរណាម្នាក់ ដែលស្រដៀងទៅនឹងបទពិសោធន៍របស់ភីលីពនៅក្នុង កិច្ចការ ៨:២៩ ដែរឬទេ ? សូមចែកចាយបទពិសោធន៍របស់អ្នកជាមួយនឹងកុមារ ។
នៅពេលខ្ញុំធ្វើខុស នោះព្រះវរបិតាសួគ៌សុំឲ្យខ្ញុំប្រែចិត្ត ហើយផ្លាស់ប្ដូរ ។
នៅពេលព្រះយេស៊ូវមានបន្ទូលប្រាប់សុលឲ្យឈប់បៀតបៀនសាសនាចក្ររបស់ព្រះអម្ចាស់ទៀត សុលបានប្រែចិត្ត ហើយផ្លាស់ប្ដូរមួយរំពេច ។ តើដំណើររឿងនេះអាចជួយកុមារដែលអ្នកបង្រៀនឲ្យមានបំណងផ្លាស់ប្ដូរភ្លាមៗនៅពេលពួកគេបានធ្វើកំហុស បានតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមសង្ខេបដំណើររឿងនៃការប្រែចិត្តជឿរបស់ប៉ុល ដែលមានចែងនៅក្នុង កិច្ចការ ៩:១–២០ ( សូមមើលផងដែរ « ជំពូក ៥៩ ៖ សុលរៀនសូត្រអំពីព្រះយេស៊ូវ » ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៥៤–១៥៥ ឬ វីដេអូដែលទាក់ទងនៅលើគេហទំព័រ LDS.org ) ។
-
សូមធ្វើបញ្ជី ឬ នាំយករូបភាពនៃភាវៈនានាដែលផ្លាស់ប្ដូរដូចជា កូនក្អុក ដែលផ្លាស់ប្ដូរទៅជាកង្កែប ឬ ដើមឈើដែលផ្លាស់ប្ដូរទៅតាមរដូវកាលខុសៗគ្នា ។ តើសុលបានផ្លាស់ប្ដូរយ៉ាងដូចម្ដេច នៅពេលព្រះយេស៊ូវគ្រីស្ទបានយាងមកជួបលោក ?
-
សូមគូសរូបផ្លូវបំបែកមួយនៅលើក្ដារខៀន ។ សូមអញ្ជើញកុមារឲ្យប្រាប់ឈ្មោះទីន្លែងដែលពួកគេចង់ទៅលេង ហើយសរសេរកន្លែងទាំងនោះនៅផ្នែកខាងលើនៃផ្លូវ ។ តើមានអ្វីនឹងកើតឡើងប្រសិនបើយើងងាកទៅរកផ្លូវខុស ? តើការប្រែចិត្តមានលក្ខណៈដូចទៅនឹងផ្លូវត្រូវយ៉ាងដូចម្ដេច ?
-
សូមឲ្យកុមារថាតាមពាក្យពេចន៍ដែលសុលបានទូលទៅកាន់ព្រះអម្ចាស់ថា « តើត្រូវឲ្យទូលបង្គំធ្វើដូចម្តេច ? » តើព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងធ្វើដូចម្ដេច ?
បង្រៀនគោលលទ្ធិ
កុមារធំៗ
ខ្ញុំនឹងធ្វើជាសាក្សីរបស់ព្រះយេស៊ូវគ្រីស្ទ ។
តើអ្នកអាចជួយកុមារដែលអ្នកបង្រៀនឲ្យរៀនពីគំរូរបស់ស្ទេផាននៃការឈរជាសាក្សីរបស់ព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន កិច្ចការ ៦:៥–១៥ និង ៧:៥១–៦០ ជាមួយនឹងកុមារ ។ តើស្ទេផានបានធ្វើជាសាក្សីរបស់ព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ? សូមអញ្ជើញកុមារម្នាក់ ឬ ច្រើនជាងនេះ ឲ្យគិតថាខ្លួនពួកគេជាស្ទេផាន ហើយចែកចាយអ្វីដែលពួកគេជឿ និង មូលហេតុដែលពួកគេជឿ ។
-
សូមអញ្ជើញកុមារឲ្យដាក់វេនគ្នាអាន កិច្ចការ ៦:៣–១០ ដោយស្វែងរកគុណសម្បត្តិដែលស្ទេផានបានមាន ដែលបានជួយគាត់ឲ្យបម្រើ ។
-
សូមឲ្យកុមារជួយអ្នកគិតអំពីស្ថានភាពនានា ដែលពួកគេអាចឈរជាសាក្សីអំពីព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អរបស់ទ្រង់ ។ សូមជួយពួកគេឲ្យសម្ដែងតាមស្ថានភាពមួយចំនួនទាំងនេះ ។ សូមឲ្យកុមារអាន ម៉ូសាយ ១៨:៩ ។ សូមបង្ហាញថា ការធ្វើជាសាក្សីអំពីព្រះយេស៊ូវគ្រីស្ទ ត្រូវបានរាប់បញ្ចូលទៅក្នុងការសន្យាដែលយើងបានធ្វើនៅពេលពិធីបុណ្យជ្រមុជទឹក ។
-
សូមសរសេរឈ្មោះ ស្ទេផាន និង ភីលីព នៅលើក្ដារខៀន ។ នៅក្រោមឈ្មោះស្ទេផាន សូមសរសេររបៀបនានាដើម្បីធ្វើជាគំរូដល់មនុស្សដទៃ ។ នៅក្រោមឈ្មោះភីលីព សូមសរសេររបៀបនានាដែលយើងអាចបង្រៀនដំណឹងល្អដល់មនុស្សដទៃ ។ តើការធ្វើជាគំរូនៃភាពជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ជួយយើងឲ្យចែកចាយដំណឹងល្អតាមរបៀបណា ?
បព្វជិតភាពគឺជាអំណោយទានដ៏មានតម្លៃពីព្រះ ។
សាតាំងសាបព្រោះសារលិខិតថា សម្ភារនិយមអាចនាំឲ្យយើងមានសុភមង្គល ។ តើអ្នកអាចប្រើរឿងរបស់ស៊ីម៉ូន ដើម្បីជួយកុមារឲ្យផ្ដល់តម្លៃទៅលើរបស់ខាងវិញ្ញាណដូចជា បព្វជិតភាព និង ពរជ័យនៃបព្វជិតភាព តាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមសង្ខេបដំណើររឿងនៃការប្រែចិត្តជឿរបស់ស៊ីម៉ូន ដែលមានចែងនៅក្នុង កិច្ចការ ៨:៥–២៤ ( សូមមើលផងដែរ « ជំពូក ៥៨ ៖ ស៊ីម៉ូន និង បព្វជិតភាព » ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៥២–១៥៣ ឬ វីដេអូដែលទាក់ទងនៅលើគេហទំព័រ LDS.org ) ។ ហេតុអ្វីបានជាយើងមិនអាចទទួលបានបព្វជិតភាពដោយការទិញវា ? តើមនុស្សម្នាក់ទទួលបានបព្វជិតភាពតាមរបៀបណា ? ( សូមមើល មាត្រានៃសេចក្ដីជំនឿ ១:៥ ) ។
-
សូមផ្ដល់ប្រាក់ក្លែងក្លាយដល់កុមារ ហើយបង្ហាញរូបភាពនៃរបស់ទាំងឡាយដែលអាចទិញបានដោយប្រាក់ ។ សូមសួរកុមារថា តើពួកគេនឹងចំណាយប្រាក់ក្លែងក្លាយនោះប៉ុន្មាន ដើម្បីទិញរបស់ទាំងនោះ ។ បន្ទាប់មក បង្ហាញរូបភាពសាក្រាម៉ង់, ព្រះវិហារបរិសុទ្ធ ( តំណាងឲ្យពរជ័យនៃព្រះវិហារបរិសុទ្ធ ) ពិធីបុណ្យជ្រមុជទឹក និង ពរជ័យដទៃទៀតដែលយើងទទួលបានតាមរយៈបព្វជិតភាព ។ សូមពន្យល់ថា អំណោយមកពីព្រះទាំងនេះមានតម្លៃបំផុត ហើយមិនអាចទិញបានដោយប្រាក់នោះទេ ។
នៅពេលខ្ញុំធ្វើខុស នោះព្រះវរបិតាសួគ៌សុំឲ្យខ្ញុំប្រែចិត្ត ហើយផ្លាស់ប្ដូរ ។
នៅពេលព្រះយេស៊ូវមានបន្ទូលប្រាប់សុលឲ្យឈប់បៀតបៀនសាសនាចក្ររបស់ព្រះអម្ចាស់ទៀត សុលបានប្រែចិត្ត ហើយផ្លាស់ប្ដូរមួយរំពេច ។ តើដំណើររឿងនេះអាចជួយកុមារដែលអ្នកបង្រៀនឲ្យមានបំណងផ្លាស់ប្ដូរភ្លាមៗនៅពេលពួកគេបានធ្វើកំហុស បានតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យបត់ក្រដាសមួយសន្លឹកជាពីរ ។ សូមអញ្ជើញពួកគេសរសេរ ពីមុន នៅលើផ្នែកម្ខាង និង បន្ទាប់ នៅលើផ្នែកម្ខាងទៀតនៃក្រដាស ។ សូមអានជាមួយកុមារ កិច្ចការ ៨:១–៣, ៩:១–២ និង ៩:១៧–២២ ដោយស្វែងរកពាក្យ ឬ ឃ្លាទាំងឡាយដែលពិពណ៌នាអំពីប៉ុលពីមុន និង បន្ទាប់ពីលោកបានជួបព្រះអម្ចាស់ ។
-
សូមអញ្ជើញសមាជិកវួដម្នាក់ឲ្យចែកចាយដំណើរនៃការប្រែចិត្តជឿរបស់ពួកគេ និង ថា តើការធ្វើជាសមាជិកម្នាក់ក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានផ្លាស់ប្ដូរជីវិតរបស់គាត់ ដែលមានសភាពដូចប៉ុលបានផ្លាស់ប្ដូរយ៉ាងដូចម្ដេច ។
-
សូមគូររូប « ផ្លូវទៅកាន់ក្រុងដាម៉ាស » នៅលើក្ដារខៀន ។ សូមអញ្ជើញកុមារឲ្យអាន កិច្ចការ ៩:៦, ១១, ១៨, ២០–២២ ដោយស្វែងរកសកម្មភាពដែលសុលបានធ្វើដើម្បីប្រែចិត្ត ហើយងាកទៅរកព្រះគ្រីស្ទ រួចសរសេរសកម្មភាពទាំងនេះនៅតាមផ្លូវ ។ តើយើងរៀនអ្វីខ្លះពីសុល អំពីរបៀបដែលយើងអាចក្លាយកាន់តែដូចព្រះគ្រីស្ទ ?
-
សូមអញ្ជើញកុមារឲ្យគូរផ្នែកដែលពួកគេពេញចិត្តក្នុងដំណើរប្រែចិត្តជឿរបស់សុល រួចចែកចាយគំនូររបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមលើកទឹកចិត្តកុមារឲ្យរ៉ាយរ៉ាប់ប្រាប់គ្រួសាររបស់ពួកគេអំពីសកម្មភាពដែលពួកគេចូលចិត្តនៅក្នុងថ្នាក់ថ្ងៃនេះ និង អំពីសេចក្ដីដែលពួកគេបានរៀនពីសកម្មភាពនោះ ។