« ការបំពេញតាមតម្រូវការរបស់កុមារតូចៗ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )
« ការបំពេញតាមតម្រូវការរបស់កុមារតូចៗ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ការបំពេញតាមតម្រូវការរបស់កុមារតូចៗ
កុមារតូចៗត្រៀមខ្លួនរួចជាស្រេច និងអន្ទះសាចង់រៀនពីដំណឹងល្អ ប្រសិនបើវាត្រូវបានបង្រៀនតាមរបៀបមួយដែលពួកគេអាចយល់បាន ។ ប្រសិនបើអ្នកបង្រៀនកុមារតូចៗ សូមពិចារណាអំពីសកម្មភាពទាំងនេះដែលអាចជួយដល់ពួកគេឲ្យរៀនសូត្រ ( កុមារធំៗមួយចំនួនក៏នឹងទទួលបានប្រយោជន៍មកពីសកម្មភាពទាំងនេះផងដែរ ) ៖
-
ស្ដាប់ ឬសម្ដែងរឿងមួយ ។ កុមារតូចៗចូលចិត្តរឿងនិទាន—ចេញពីព្រះគម្ពីរ ពីជីវិតរបស់អ្នក ពីប្រវត្តិសាសនាចក្រ ឬពីទស្សនាវដ្ដីសាសនាចក្រផ្សេងៗ ។ សូមរកមើលវិធីដើម្បីឲ្យពួកគេចូលរួមពេលតំណាលរឿង ។ ពួកគេអាចកាន់រូបភាព ឬវត្ថុនានា គូររូបភាពតាមអ្វីដែលពួកគេស្ដាប់ឮ សម្ដែងរឿង ឬជួយតំណាលរឿង ។ សូមជួយកុមារឲ្យស្គាល់ពីសេចក្ដីពិតនៃដំណឹងល្អចេញពីរឿងដែលអ្នកចែកចាយនោះ ។
-
អានបទគម្ពីរ ។ កុមារតូចៗអាចមិនទាន់ចេះអានបានច្រើននៅឡើយ ប៉ុន្ដែអ្នកក៏នៅតែអាចឲ្យពួកគេចូលរួមក្នុងការរៀនសូត្រនៅក្នុងព្រះគម្ពីរ ។ អ្នកអាចនឹងត្រូវផ្ដោតតែលើខគម្ពីរមួយ ឃ្លាគន្លឹះមួយ ឬពាក្យតែមួយ ។ កាលអ្នកអានបទគម្ពីរមួយឮៗ នោះអ្នកអាចឲ្យកុមារក្រោកឈរ ឬលើកដៃឡើង នៅពេលពួកគេឮពាក្យ ឬឃ្លាជាក់លាក់មួយដែលអ្នកចង់ផ្ដោតលើនោះ ។ ពួកគេថែមទាំងអាចទន្ទេញចាំឃ្លាខ្លីៗចេញពីបទគម្ពីរ ប្រសិនបើពួកគេនិយាយវាម្ដងហើយម្ដងទៀតពីរបីដង ។ នៅពេលដែលពួកគេស្ដាប់ឮបន្ទូលរបស់ព្រះ នោះពួកគេនឹងមានអារម្មណ៍ពីព្រះវិញ្ញាណ ។
-
សកម្ម ។ ដោយសារជាញឹកញាប់កុមារតូចៗពោរពេញដោយកម្លាំង សូមរៀបចំវិធីដែលអនុញ្ញាតឲ្យពួកគេធ្វើចលនា—ដើរជាក្បួន លោត ហក់រំលង ពត់ខ្លួន ដើរ និងសកម្មភាពផ្សេងទៀតដែលទាក់ទងទៅនឹងគោលការណ៍ ឬរឿងដែលអ្នកកំពុងបង្រៀននោះ ។ សកម្មភាពទាំងនេះក៏អាចមានប្រសិទ្ធភាពផងដែរ នៅពេលដែលអ្នកច្រៀងរួមគ្នា ។
-
មើលរូបភាព ឬវីដេអូ ។ នៅពេលអ្នកបង្ហាញរូបភាព ឬវីដេអូដែលទាក់ទងនឹងគោលការណ៍ដំណឹងល្អមួយ ឬរឿងក្នុងព្រះគម្ពីរមួយដល់កុមារ សូមសួរសំណួរដល់ពួកគេដែលជួយពួកគេឲ្យរៀនពីអ្វីដែលពួកគេកំពុងមើលនោះ ។ ឧទាហរណ៍ អ្នកអាចសួរថា « តើមានអ្វីកើតឡើងនៅក្នុងរូបភាព ឬវីដេអូនេះ ? តើវាធ្វើឲ្យប្អូនៗមានអារម្មណ៍យ៉ាងណាដែរ ? » Biblevideos.lds.org, medialibrary.lds.org និង children.lds.org គឺជាវិបសាយដ៏ល្អដើម្បីរកមើលវីដេអូនានា ។
-
ច្រៀង ។ ទំនុកតម្កើង និងចម្រៀងជាច្រើនមកពី សៀវភៅចម្រៀងកុមារ បង្រៀនពីគោលលទ្ធិដោយមានអនុភាពយ៉ាងខ្លាំង ។ សូមប្រើ លិបិក្រមប្រធានបទ នៅចុងសៀវភៅចម្រៀងកុមារ ដើម្បីស្វែងរកចម្រៀងដែលទាក់ទងទៅនឹងគោលការណ៍ដំណឹងល្អដែលអ្នកកំពុងបង្រៀន ។ សូមជួយកុមារឲ្យផ្សារភ្ជាប់សារលិខិតនៃចម្រៀងនោះទៅនឹងជីវិតរបស់ពួកគេ ។ ឧទាហរណ៍ អ្នកអាចសួរសំណួរអំពីពាក្យ ឬឃ្លានៅក្នុងទំនុកចម្រៀងនោះ ។ បន្ថែមពីការច្រៀងចម្រៀង នោះកុមារអាចធ្វើកាយវិការដែលស្របតាមចម្រៀង ឬគ្រាន់តែចាក់ចម្រៀងចោល កាលពួកគេធ្វើសកម្មភាពផ្សេងទៀត ។
-
ចែកចាយបទពិសោធន៍ ។ កុមារតូចៗអាចមិនមានបទពិសោធន៍ច្រើនដើម្បីចែកចាយដូចកុមារធំៗ ប៉ុន្ដែប្រសិនបើអ្នកផ្ដល់នូវការដឹកនាំជាក់លាក់ដល់ពួកគេ នោះពួកគេអាចចែកចាយពីអារម្មណ៍ និងបទពិសោធន៍អំពីអ្វីដែលពួកគេកំពុងរៀននោះបាន ។
-
បង្កើត ។ កុមារអាចសង់ គូរ ឬផាត់ពណ៌អ្វីមួយដែលទាក់ទងទៅនឹងរឿង ឬគោលការណ៍ដែលពួកគេកំពុងរៀន ។ សូមលើកទឹកចិត្តពួកគេឲ្យយកអ្វីដែលពួកគេបានធ្វើទៅផ្ទះ ហើយចែកចាយជាមួយនឹងសមាជិកគ្រួសារដើម្បីជួយឲ្យកុមារចងចាំពីអ្វីដែលពួកគេបានរៀនសូត្រ ។
-
ចូលរួមនៅក្នុងមេរៀនដែលប្រើវត្ថុតំណាង ។ មេរៀនដែលប្រើវត្ថុតំណាងសាមញ្ញមួយអាចជួយកុមារឲ្យយល់ពីគោលការណ៍ដំណឹងល្អមួយ ដែលវាពិបាកនឹងយល់ ។ កាលប្រើមេរៀនដែលប្រើវត្ថុតំណាងនេះ សូមរកមើលនូវរបៀបដែលអនុញ្ញាតឲ្យកុមារទាំងឡាយបានចូលរួម ។ ពួកគេនឹងរៀនបានច្រើនពីបទពិសោធន៍ដ៏សកម្មមួយ ជាជាងពីការគ្រាន់តែមើលការធ្វើបទបង្ហាញ ។
-
ការដើរតួសម្ដែង ។ នៅពេលកុមារដើរតួសម្ដែងនូវស្ថានភាពមួយដែលពួកគេអាចនឹងជួបប្រទះផ្ទាល់នៅក្នុងជីវិតពិតៗ នោះពួកគេអាចនឹងយល់ពីរបៀបដែលគោលការណ៍ដំណឹងល្អមួយអនុវត្តចំពោះជីវិតរបស់ពួកគេបានកាន់តែប្រសើរ ។
-
ធ្វើសកម្មភាពសារឡើងវិញ ។ កុមារតូចៗអាចត្រូវការស្ដាប់គោលគំនិតនានាជាច្រើនដងដើម្បីយល់ពីវា ។ សូមកុំខ្លាចនឹងនិទានរឿង ឬធ្វើសកម្មភាពសារឡើងវិញឲ្យបានញឹកញាប់ សូម្បីតែនៅក្នុងមេរៀនដដែលក្ដី ។ ឧទាហរណ៍ អ្នកអាចចែកចាយរឿងក្នុងព្រះគម្ពីរតែមួយបីបួនដងតាមវិធីខុសៗគ្នាអំឡុងពេលបង្រៀន—ដូចជាអានព្រះគម្ពីរ សង្ខេបរឿងជាសម្ដីរបស់អ្នកផ្ទាល់ ចាក់បង្ហាញវីដេអូ អនុញ្ញាតឲ្យកុមារជួយអ្នកតំណាលប្រាប់រឿង អញ្ជើញពួកគេឲ្យសម្ដែងរឿង ។ល ។ ប្រសិនបើសកម្មភាពមួយដែលបានប្រើនៅក្នុងថ្នាក់រៀនក៏ត្រូវបានធ្វើសារឡើងវិញនៅផ្ទះ នោះការធ្វើដដែលៗនេះនឹងជួយកុមារឲ្យរៀនសូត្រ និងចងចាំ ។
-
ការទាក់ទងនឹងមនុស្សដទៃ ។ កុមារកំពុងអភិវឌ្ឍជំនាញសង្គម ហើយជាញឹកញាប់ពួកគេចូលចិត្តរៀន និងលេងជាមួយនឹងមិត្តភក្ដិរបស់ពួកគេ ។ សូមបង្កើតឱកាសឲ្យពួកគេចែកចាយ ប្ដូរវេនគ្នា និងសហការគ្នាខណៈដែលពួកគេកំពុងរៀននោះ ។
-
ចូលរួមនៅក្នុងសកម្មភាពផ្សេងៗ ។ ជាទូទៅ កុមារតូចៗមានការយកចិត្តទុកដាក់ខ្លី ហើយពួកគេមានរបៀបរៀនសូត្រខុសៗគ្នា ។ សូមប្រើសកម្មភាពផ្សេងៗ ហើយយកចិត្តទុកដាក់ចំពោះទីសម្គាល់ដែលកុមារប្រាប់ថា ពួកគេត្រូវការការផ្លាស់ប្ដូរល្បឿន ។ ឧទាហរណ៍ អ្នកអាចត្រូវផ្លាស់ប្ដូរជាញឹកញាប់រវាងសកម្មភាពដែលស្ងប់ស្ងាត់ និងដែលរស់រវើក ។
ផ្នែកមួយនៃតួនាទីរបស់អ្នកក្នុងនាមជាគ្រូបង្រៀនកុមារតូចៗមួយរូប—ដោយបន្ថែមទៅលើការបង្រៀនគោលការណ៍ ដំណឹងល្អនោះ—គឺត្រូវជួយដល់កុមារឲ្យរៀនពីរបៀបចូលរួមនៅក្នុងថ្នាក់ក្នុងសាសនាចក្រមួយឲ្យបានសមរម្យ ។ ឧទាហរណ៍ ពួកគេអាចត្រូវរៀនអំពីការប្ដូរវេនគ្នា ការចែកចាយ ការចេះគោរពដល់មនុស្សដទៃជាដើម ។ គ្រូបង្រៀនមួយចំនួនបង្កើតតារាងដោយមានដាក់កិច្ចការសម្រាប់កុមារម្នាក់ៗឲ្យចូលរួមនៅក្នុងថ្នាក់រៀនតាមរបៀបជាក់លាក់មួយ ( ដូចជាដោយពោលពាក្យអធិស្ឋាន កាន់រូបភាព ឬចែកចាយក្រដាស ) ។ កិច្ចការទាំងនេះអាចផ្លាស់ប្ដូររាល់សប្ដាហ៍ ។ ការណ៍នេះជួយដល់កុមារឲ្យចេះប្ដូរវេនគ្នា និងរៀនសម្ដែងអាកប្បកិរិយានៅក្នុងថ្នាក់រៀនឲ្យបានសមរម្យ ។
កុមារ—ជាពិសេសកុមារតូចៗ—ជាញឹកញាប់នឹងទទួលបានប្រយោជន៍ពីទម្លាប់ដ៏ទៀងទាត់ និងដែលអាចទាយទុកជាមុនបាន ។ ដោយសារកុមារតូចៗមានកម្រិតនៃការយកចិត្តទុកដាក់ខ្លី ហើយពេលខ្លះពិបាកនឹងផ្ដោតចិត្តទុកដាក់អំឡុងពេលថ្នាក់ទាំងមូល នោះជាធម្មតា វានឹងល្អបំផុត ប្រសិនបើទម្លាប់នេះរួមបញ្ចូលនូវការផ្លាស់ប្ដូរជាញឹកញាប់ពីសកម្មភាពមួយប្រភេទទៅសកម្មភាពមួយប្រភេទទៀត ។ ឧទាហរណ៍ ទម្លាប់ថ្នាក់រៀនរបស់អ្នកអាចរួមមាននូវការឈប់សម្រាកម្ដងម្កាលដើម្បីលេងល្បែងកម្សាន្ត ផាត់ពណ៌រូបភាព ច្រៀងចម្រៀង ។ល ។