« ថ្ងៃទី ១៤–២០ ខែ សីហា ។ រ៉ូម ៧–១៦ ៖ ‹ ឈ្នះសេចក្តីអាក្រក់ ដោយសារសេចក្តីល្អ › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១៤–២០ ខែ សីហា ។ រ៉ូម ៧–១៦ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ថ្ងៃទី ១៤–២០ ខែ សីហា
រ៉ូម ៧–១៦
« ឈ្នះសេចក្តីអាក្រក់ ដោយសារសេចក្តីល្អ »
នៅពេលបងប្អូនអាន រ៉ូម ៧–១៦ សូមកត់ត្រាការបំផុសគំនិតនានា ដែលបងប្អូនទទួលបាន អំពីរបៀបដែលបងប្អូនអាចបង្រៀនកុមារអំពីសេចក្ដីពិតនៃជំពូកទាំងនេះបាន ។
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញកុមារម្នាក់ ឬច្រើននាក់ឲ្យស្វែងរកខគម្ពីរនៅក្នុង រ៉ូម ៧–១៦ ពីរបីថ្ងៃមុន ដែលពួកគេអាចចែកចាយជាមួយសិស្សក្នុងថ្នាក់បាន ។ ប្រសិនបើចាំបាច់ បងប្អូនអាចអញ្ជើញឪពុកម្ដាយរបស់ពួកគេឲ្យជួយ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះវរបិតាសួគ៌របស់ខ្ញុំទ្រង់ស្រឡាញ់ខ្ញុំ ។
តើបងប្អូនអាចប្រើប្រសាសន៍របស់ប៉ុល ដើម្បីបង្រៀនកុមារថា ព្រះវរបិតាសួគ៌នឹងស្រឡាញ់ពួកគេជានិច្ចតាមរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមជួយកុមារឲ្យទន្ទេញឃ្លា « [ គ្មានអ្វី ] អាចនឹងពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះ…បានឡើយ ( រ៉ូម ៨:៣៩ ) ។ សូមគិតពីរបៀបមួយដើម្បីបង្ហាញសេចក្តីពិតនេះ ។ ឧទាហរណ៍ បងប្អូនអាចយកក្តារខៀនពីរដែលបងប្អូនបានវាយដែកគោលភ្ជាប់គ្នា ឬដាក់ស្លាកថា « យើង » និងម្ខាងទៀតដាក់ថា « សេចក្តីស្រឡាញ់របស់ព្រះ » ។ សូមឲ្យកុមារមើលប្រសិនបើពួកគេអាចបំបែកក្តារខៀននោះដែរឬទេ ។
-
សូមបង្ហាញរូបភាពព្រះអាទិត្យ ឬអញ្ជើញកុមារឲ្យមើលទៅក្រៅបង្អួច ហើយមើលទៅពន្លឺព្រះអាទិត្យ ។ តើព្រះអាទិត្យដូចជាសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌យ៉ាងដូចម្តេច ? សូមជួយកុមារឲ្យមើលឃើញថា ទោះបីជាព្រះអាទិត្យនៅឆ្ងាយក្តី ក៏វាអាចជួយយើងឲ្យមានអារម្មណ៍កក់ក្តៅផងដែរ ។ យើងអាចទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌គ្រប់ពេលទាំងអស់ ទោះបីជាទ្រង់មិនគង់នៅជាមួយយើងដោយផ្ទាល់ក៏ដោយ ។ សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ដូចជាបទ « ព្រះវរបិតាស្រឡាញ់ខ្ញុំ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៦–១៧ ) ។
កុមារអាចជួយអ្នកដទៃឲ្យរៀនអំពីព្រះអង្គសង្រ្គោះ និងមានសេចក្តីជំនឿលើទ្រង់បាន ។ រឿងនិទាននៅកាលីឡេ ដោយ ឌែល ផាសិន
សេចក្តីជំនឿកើតឡើងដោយការឮព្រះបន្ទូលរបស់ព្រះ ។
នៅពេលកុមារឮព្រះបន្ទូលរបស់ព្រះ ហើយស្ដាប់ដោយប្រុងប្រយ័ត្ន នោះសេចក្ដីជំនឿរបស់ពួកគេលើព្រះនឹងកើនឡើង ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន រ៉ូម ១០:១៧ ឲ្យកុមារស្តាប់ ហើយបង្ហាញរូបភាពអំពីមជ្ឈដ្ឋានដែលពួកគេអាចស្ដាប់ឮព្រះបន្ទូលរបស់ព្រះ ( ដូចជាការសិក្សាព្រះគម្ពីរជាគ្រួសារ ថ្នាក់ក្នុងព្រះវិហារ ឬសន្និសីទទូទៅ សូមមើលទំព័រសកម្មភាពសម្រាប់សប្ដាហ៍នេះ ) ។ សូមសួរកុមារថា តើពួកគេបានឮព្រះបន្ទូលរបស់ព្រះនៅពេលណា ។
-
សូមតំណាលរឿងមួយអំពីកុមារម្នាក់ដែលស្ដាប់តាមព្រះបន្ទូលរបស់ព្រះតាមរបៀបផ្សេងៗគ្នា ។ ខណៈពេលដែលបងប្អូនតំណាលរឿងនោះ សូមផ្លុំប៉េងប៉ោងបន្តិចម្ដងៗ ដើម្បីបង្ហាញអំពីរបៀបដែលសេចក្ដីជំនឿរបស់កុមាររីកចម្រើន រាល់ពេលដែលពួកគេស្ដាប់ឮព្រះបន្ទូលរបស់ព្រះ ។
-
ដើម្បីជួយកុមារឲ្យយល់ដឹងថា សេចក្ដីជំនឿរបស់ពួកគេអាចរីកចម្រើនបាន សូមជួយពួកគេច្រៀងបទ « ជំនឿ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥០ ) ។ នៅពេលពួកគេច្រៀង សូមឲ្យគេធ្វើជាគ្រាប់ពូជដោយបន្ទាបខ្លួនចុះ ។ នៅគ្រប់ពេលដែលពួកគេច្រៀងពាក្យថា ជំនឿ សូមឲ្យពួកគេក្រោកឈរឡើងបន្តិចដូចជារុក្ខជាតិកំពុងលូតលាស់ ។
-
សូមលាក់ព្រះគម្ពីរមួយ រូបភាពមួយសន្លឹកនៃប្រធានសាសនាចក្រ និងទស្សនាវដ្ដី ប្រិយមិត្ត មួយច្បាប់នៅក្នុងថ្នាក់រៀន ។ សូមឲ្យកុមារស្វែងរកវត្ថុទាំងនេះ រួចចែកចាយអំពីរបៀបដែលវត្ថុនីមួយៗទាំងនេះ អាចធ្វើឲ្យយើងឮព្រះបន្ទូលរបស់ព្រះបាន ។
ខ្ញុំអាចពោលពាក្យអរគុណទៅដល់អ្នកទាំងឡាយដែលបានជួយខ្ញុំ ។
ប៉ុលបានមានអំណរគុណចំពោះមនុស្សដែលបានជួយដល់លោក ។ បងប្អូនអាចជួយកុមារឲ្យកត់ចំណាំនូវអំពើល្អ ដែលមនុស្សដទៃបានធ្វើសម្រាប់ពួកគេ រួចចាំថាត្រូវថ្លែងអំណរគុណដល់មនុស្សទាំងនោះ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមពន្យល់ថា ប៉ុលបានមានអំណរគុណចំពោះជំនួយដែលលោកបានទទួលពីស្ត្រីម្នាក់ឈ្មោះ ភីបេ និងគូស្វាមីភរិយាមួយគូឈ្មោះ ព្រីស៊ីល និង អ័គីឡា ( សូមមើល រ៉ូម ១៦:១–៤ ) ។ សូមឲ្យកុមារគូររូបភាពរបស់ប៉ុល និងបុគ្គលបីរូបនេះ នៅពេលបងប្អូនអានខគម្ពីរទាំងនេះ ។
-
សូមអញ្ជើញកុមារម្នាក់ៗឲ្យចែកចាយនូវទង្វើល្អមួយ ដែលនរណាម្នាក់បានធ្វើសម្រាប់ពួកគេកាលពីថ្មីៗនេះ ។ សូមជួយកុមារឲ្យធ្វើការថ្លែងអំណរគុណសម្រាប់មនុស្សទាំងនោះ ។
-
សូមកុមារឲ្យរៀនអំពីរបៀបពោលពាក្យអរគុណជាភាសាផ្សេងៗគ្នា ។ បទចម្រៀង « កូនចៅទូទាំងពិភពលោក » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤–៥ ) អាចជួយបាន ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យខ្ញុំរៀបចំខ្លួនដើម្បីទទួលបាននូវអ្វីគ្រប់យ៉ាងដែលទ្រង់មាន ។
ផែនការរបស់ព្រះវរបិតាសួគ៌អាចធ្វើឲ្យយើងក្លាយដូចជាទ្រង់ ហើយគ្រងមរតកទាំងអស់ដែលទ្រង់មាន ។ សេចក្តីពិតនេះអាចបំផុសគំនិតដល់កុមារដែលបងប្អូនបង្រៀនឲ្យរស់នៅតាមដំណឹងល្អកាន់តែស្មោះត្រង់ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន រ៉ូម ៨:១៦–១៨ទាំងអស់គ្នា ។ តើយើងរៀនអ្វីខ្លះចេញពីខគម្ពីរទាំងនេះអំពីការពិតថា តើយើងជានរណា និងថាតើយើងអាចក្លាយជាអ្វីនោះ ? សូមពន្យល់ថា « អ្នកគ្រងមរតក » គឺជាអ្នកដែលគ្រង ឬទទួលបានអ្វីដែលឪពុកម្ដាយរបស់ខ្លួនមាន ។ សូមសរសេរនៅលើក្ដារខៀនថា តើយើងចាំបាច់ត្រូវធ្វើដូចម្ដេច ដើម្បីគ្រងមរតកទាំងអស់ ដែលព្រះវរបិតាដែលគង់នៅស្ថានសួគ៌មាន ? សូមច្រៀងចម្រៀងអំពីការគោរពប្រតិបត្តិរួមគ្នា ដូចជាបទ « ខ្ញុំនឹងធ្វើតាមផែនការព្រះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨៦–៨៧ ) ហើយស្វែងរកចម្លើយ ។ តើមានចម្លើយណាផ្សេងទៀត ដែលកុមារអាចគិតដល់ ?
-
សូមឲ្យកុមារគិតអំពីព្រះមហាក្សត្រមួយព្រះអង្គដែលសព្វព្រះទ័យឲ្យព្រះរាជបុត្រ និងព្រះរាជធីតារបស់ទ្រង់សោយរាជ្យនៅក្នុងនគរទ្រង់នៅថ្ងៃណាមួយ ។ សូមពន្យល់ថា ព្រះវរបិតាសួគ៌គឺដូចជាព្រះមហាក្សត្រមួយព្រះអង្គ ហើយយើងទាំងអស់គ្នាគឺជាព្រះរាជបុត្រ និងព្រះរាជធីតាហ្លួងរបស់ទ្រង់ ។ បងប្អូនអាចចែកចាយដំណើររឿងអំពីព្រះរាជបុត្ររបស់ស្ដេចល្វីសទី ១៦ នៃប្រទេសបារាំង ដែលមាននៅក្នុងសារលិខិតរបស់ស៊ីស្ទើរ អេលែន អេស ដាល់ថុន « Remember Who You Are! » ( Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ១២១ ) ។ ហេតុអ្វីវាមានសារៈសំខាន់ដើម្បីចងចាំថា យើងគឺជាបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ហើយបានកើតមកដើម្បីប្រែក្លាយដូចជាទ្រង់នៅថ្ងៃណាមួយ ? តើសេចក្ដីពិតនេះជះឥទ្ធិពលដល់ការជ្រើសរើសដែលយើងធ្វើនៅលើផែនដីនេះដោយរបៀបណា ?
សេចក្តីជំនឿកើតឡើងដោយការឮព្រះបន្ទូលរបស់ព្រះ ។
កុមារអាចមានឱកាសជាច្រើនដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះ ។ សូមជួយពួកគេឲ្យឃើញអំពីរបៀបដែលព្រះបន្ទូលរបស់ព្រះ អាចពង្រឹងសេចក្ដីជំនឿរបស់ពួកគេ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមសរសេរប្រយោគដូចតទៅនេះនៅលើក្ដារខៀន ៖ កើតឡើងដោយ និង ដោយសារ នៃ ។ សូមឲ្យកុមារបំពេញចន្លោះបន្ទាប់ពីបានអាន រ៉ូម ១០:១៧ ។ សូមចែកចាយអំពីគ្រាមួយដែលនរណាម្នាក់បានបង្រៀនសេចក្ដីពិតនៃដំណឹងល្អ ដែលបានជួយពង្រឹងសេចក្ដីជំនឿរបស់បងប្អូន—ប្រហែលជាបងប្អូនអាចចែកចាយបទគម្ពីរដែលបងប្អូនពេញចិត្ត ឬប្រសាសន៍ដកស្រង់ចេញពីសន្និសីទទូទៅ ។ សូមអញ្ជើញកុមារឲ្យចែកចាយបទពិសោធន៍របស់ពួកគេ ។
-
សូមឲ្យរូបភាពមួយអំពីព្រះអង្គសង្គ្រោះកំពុងព្យាបាលមនុស្សម្នាក់ដល់កុមារម្នាក់ ហើយប្រាប់គាត់កុំឲ្យកុមារផ្សេងទៀតឃើញរូបភាពនេះ ។ សូមឲ្យកុមារនោះផ្ដល់តម្រុយដើម្បីជួយកុមារផ្សេងទៀតឲ្យទស្សន៍ទាយពីអ្វីដែលរូបភាពនោះបង្ហាញ ។ តើយើងអាចជួយមនុស្សដទៃឲ្យរៀនអំពីព្រះអង្គសង្គ្រោះដោយរបៀបណា ដើម្បីពួកគេអាចមានសេចក្ដីជំនឿលើទ្រង់ ?
« កុំបីឲ្យយើងរាល់គ្នានិន្ទាគ្នាទៅវិញទៅមក … » ។
នៅពេលកុមារធ្វើការទាក់ទងនឹងមនុស្សដទៃដែលជ្រើសរើសជម្រើសខុសពីពួកគេ នោះពួកគេអាចត្រូវបានល្បួងឲ្យនិន្ទាគ្នា ។ សូមពិចារណាថា តើដំបូន្មានរបស់ប៉ុលទៅដល់ពួករ៉ូម អាចជួយពួកគេឲ្យចៀសវាងពីការនិន្ទាបែបនេះយ៉ាងដូចម្ដេច ។
សកម្មភាពដែលអាចធ្វើបាន
-
សូមឲ្យកុមារម្នាក់អាន រ៉ូម ១៤:១០, ១៣ ។ សូមឲ្យកុមារផ្សេងទៀតរាប់ថា តើប៉ុលបានប្រើពាក្យ និន្ទា ប៉ុន្មានដង ។ តើការនិន្ទាមនុស្សដទៃមានន័យដូចម្ដេច ? ហេតុអ្វីបានជាយើងត្រូវចៀសវាងពីការនិន្ទាមនុស្សដទៃ ?
-
សូមបង្ហាញរូបភាពនរណាម្នាក់ រួចសួរកុមារថា តើយើងស្គាល់អ្វីខ្លះ អំពីបុគ្គលនោះបើគ្រាន់តែមើលរូបភាពនោះ ។ តើអ្វីខ្លះដែលយើងមិនស្គាល់អំពីបុគ្គលនោះ ? ហេតុអ្វីព្រះអម្ចាស់គឺជាអង្គដ៏ល្អបំផុតដើម្បីកាត់សេចក្ដីបុគ្គលនេះ ? ( សូមមើល សាំយ៉ូអែល ទី១ ១៦:៧ ) ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមឲ្យសិស្សជ្រើសរើសយកសកម្មភាពមួយ ដែលបងប្អូនបានធ្វើជាមួយសិស្សទាំងអស់ ហើយទៅធ្វើសកម្មភាពនោះជាមួយក្រុមគ្រួសាររបស់ពួកគេ ។ សូមប្រាប់ពួកគេថា នៅសប្ដាហ៍ក្រោយពួកគេអាចចែកចាយអ្វីដែលពួកគេបានធ្វើ ។
ការកែលម្អការបង្រៀនរបស់យើង
ផ្តល់ឱកាសឲ្យកុមារផ្លាស់ទី ។ ជាញឹកញាប់ វាពិបាកសម្រាប់កុមារក្នុងការអង្គុយយ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេលវែង ។ ពីមួយពេលទៅមួយពេល សូមអញ្ជើញកុមារឲ្យឈរនៅផ្នែកខ្លះនៃមេរៀន ឬអង្គុយលើកម្រាលឥដ្ឋជាជាងនៅលើកៅអីរបស់ពួកគេ ។