« ថ្ងៃទី ២១–២៧ ខែ សីហា ។ កូរិនថូស ទី១ ១–៧ ៖ ‹ ត្រូវឲ្យបានរួបរួមគ្នា ›» ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២១–២៧ ខែ សីហា ។ កូរិនថូស ទី១ ១–៧ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២១–២៧ ខែ សីហា
កូរិនថូស ទី១ ១–៧
« ត្រូវឲ្យបានរួបរួមគ្នា »
ព្រះវិញ្ញាណបរិសុទ្ធនឹងជួយបងប្អូនឲ្យដឹងពីអ្វីដែលគោលការណ៍ទាំងឡាយនៃដំណឹងល្អនៅក្នុង កូរិនថូស ទី១ ១–៧ នឹងជួយកុមារដែលបងប្អូនបង្រៀន ។ កាលដែលបងប្អូនអានជំពូកទាំងនេះប្រកបដោយការអធិស្ឋាន សូមកត់ត្រាគំនិត និងអារម្មណ៍ទាំងឡាយដែលបំផុសដល់បងប្អូនមកពីព្រះវិញ្ញាណ ។
អញ្ជើញឲ្យចែកចាយ
សូមសួរកុមារថា តើពួកគេបានចែកចាយជាមួយក្រុមគ្រួសាររបស់ពួកគេ នូវអ្វីដែលពួកគេបានរៀននៅក្នុងអង្គការបឋមសិក្សាកាលពីសប្ដាហ៍មុនដែរឬទេ ។ ( បងប្អូនអាចនឹងត្រូវរំឭកមេរៀនកាលពីសប្ដាហ៍មុនដោយសង្ខេបៗ ) ។ ប្រសិនបើពួកគេបានចែកចាយ តើពួកគេបានចែកចាយអំពីអ្វី ?
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះវិញ្ញាណបរិសុទ្ធបង្រៀនខ្ញុំអំពីសេចក្តីពិតនៃដំណឹងល្អ ។
តួនាទីមួយក្នុងចំណោមតួនាទីទាំងឡាយរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺបង្រៀនយើងអំពីសេចក្ដីពិត ។ តើបទពិសោធន៍ណាខ្លះដែលបងប្អូនអាចចែកចាយជាមួយកុមារ ដើម្បីជួយពួកគេឲ្យយល់អំពីការណ៍នេះបាន ?
សកម្មភាពដែលអាចធ្វើបាន
-
សូមបង្ហាញវត្ថុ ឬរូបភាពដែលតំណាងឲ្យរបៀបដែលយើងរៀនអំពីពិភពលោកនេះ ( ដូចជាសាលារៀន សៀវភៅ ឬទូរសព្ទដៃឆ្លាតវៃ ) ។ តើយើងអាចរៀនអ្វីខ្លះ នៅពេលយើងប្រើរបស់ទាំងអស់នេះ ? សូមពន្យល់ថានៅក្នុង កូរិនថូស ទី១ ២:១១, ១៤ ប៉ុល បានបង្រៀនថា យើងអាចរៀនអំពីព្រះតែតាមរយៈព្រះវិញ្ញាណនៃព្រះ ដែលជាព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីដឹងអំពី « សេចក្ដីខាងឯព្រះ » ?
-
សូមបងប្អូនទះដៃ នៅពេលបងប្អូនអានព្យាង្គនីមួយៗនៅក្នុងប្រយោគ « ព្រះវិញ្ញាណបរិសុទ្ធបង្រៀនយើងអំពីសេចក្ដីពិត » ។ សូមឲ្យកុមារទះដៃ ហើយថាតាមឃ្លានោះ ។ សូមចែកចាយជាមួយកុមារអំពីបទពិសោធន៍មួយ នៅគ្រាដែលព្រះវិញ្ញាណបរិសុទ្ធបានជួយបងប្អូនឲ្យដឹងថា អ្វីមួយគឺជាការពិត ។
-
សូមច្រៀងជាមួយគ្នានូវបទចម្រៀងអំពីព្រះវិញ្ញាណបរិសុទ្ធ ដូចជាបទ « ព្រះវិញ្ញាណបរិសុទ្ធ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥៦ ) ។ សូមជួយកុមារឲ្យស្វែងរកពាក្យ និងឃ្លានៅក្នុងបទចម្រៀងដែលបង្រៀនអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលមកកាន់យើង និងអ្វីដែលទ្រង់បង្រៀនយើង ។
ព្រះយេស៊ូវគ្រីស្ទគឺជាជើងជញ្ជាំងរបស់ខ្ញុំ ។
កុមារកំពុងតែពឹងផ្អែកលើជើងជញ្ជាំងមួយដើម្បីទទួលបានទីបន្ទាល់របស់ពួកគេ ហើយបងប្អូនអាចជួយពួកគេឲ្យសង់នៅលើជើងជញ្ជាំងដ៏មាំនៃព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន កូរិនថូស ទី១ ៣:១១ ឲ្យកុមារស្ដាប់ រួចពន្យល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាជើងជញ្ជាំងរបស់យើង ។ សូមបង្ហាញដល់កុមារនូវរូបភាពនៃរឿងមួយចំនួន ដែលយើងអាចមានទីបន្ទាល់ពីរឿងទាំងនោះ រួមបញ្ចូលទាំងរូបភាពព្រះយេស៊ូវគ្រីស្ទផងដែរ ។ សូមជួយពួកគេឲ្យរៀបចំរូបភាពទាំងឡាយ ដើម្បីដាក់រូបភាពរបស់ព្រះយេស៊ូវគ្រីស្ទនៅក្រោមគេ ទុកដូចជាជើងជញ្ជាំង និងរូបភាពដទៃទៀត « សង់ » នៅលើទីបន្ទាល់អំពីទ្រង់ ។
-
សូមបង្កើតកាយវិការសម្រាប់បទចម្រៀង « មនុស្សប្រាជ្ញា និងមនុស្សល្ងង់ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៣២ ) ហើយច្រៀងចម្រៀងជាមួយកុមារ ។ សូមផ្ដល់ឲ្យកុមារម្នាក់ៗនូវថ្មមួយដុំដោយមានសរសេរពាក្យ « ព្រះយេស៊ូវគ្រីស្ទគឺជាជើងជញ្ជាំងរបស់ខ្ញុំ » ។ សូមឲ្យពួកគេយកដុំថ្មនោះទៅផ្ទះ ដើម្បីរំឭកពួកគេអំពីអ្វីដែលពួកគេបានរៀន ។
-
សូមចែកចាយរូបភាពនានាដែលពន្យល់អំពីរឿងមួយចំនួនដែលបងប្អូនចូលចិត្ត ចេញពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះ រួចសូមឲ្យកុមារប្រាប់បងប្អូនអំពីអ្វីដែលកើតឡើងនៅក្នុងរូបភាពនោះ ។ សូមឲ្យពួកគេចែកចាយដំណើររឿងដែលពួកគេចូលចិត្តអំពីព្រះយេស៊ូវ ។ សូមថ្លែងទីបន្ទាល់របស់បងប្អូនថា ព្រះយេស៊ូវគ្រីស្ទគឺជាជើងជញ្ជាំងនៃសេចក្ដីជំនឿរបស់បងប្អូន ។
រូបកាយរបស់ខ្ញុំគឺដូចជាព្រះវិហារបរិសុទ្ធ ។
តើបងប្អូនអាចជួយកុមារឲ្យមានអំណរគុណចំពោះរូបកាយរបស់ខ្លួន ថាជាអំណោយមកពីព្រះ ហើយមានបំណងប្រាថ្នាកាន់តែខ្លាំងឡើងដើម្បីថែរក្សារូបកាយរបស់ពួកគេតាមរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមបង្ហាញរូបភាពព្រះវិហារបរិសុទ្ធដល់កុមារ ( សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និង ក្រុមគ្រួសារ ) រួចអានពាក្យទាំងនេះចេញពី កូរិនថូស ទី១ ៦:១៩ ៖ « រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ » ។ សូមជួយកុមារឲ្យយល់ថា ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យពួកគេថែរក្សារូបកាយរបស់ខ្លួនឲ្យបានស្អាតស្អំ និងបរិសុទ្ធ ដូចជាព្រះវិហារបរិសុទ្ធដែរ ។
-
សូមបង្ហាញរូបភាពកុមារម្នាក់ ហើយដាក់រូបភាពផ្សេងៗទៀតនៅជុំវិញរូបភាពកុមារនោះ ដែលជាវត្ថុល្អសម្រាប់រូបកាយ និងមិនល្អសម្រាប់រូបកាយ ។ សូមឲ្យកុមារដាក់វេនគ្នាចង្អុលរូបភាពនៃវត្ថុល្អ រួចដកយករូបភាពនៃវត្ថុដែលមិនល្អចេញ ។
-
សូមច្រៀងបទចម្រៀងមួយបទរួមគ្នាអំពីរូបកាយ ដូចជាបទ « ក្បាល ស្មា ជង្គង់ និងជើង » ( សៀវភៅចម្រៀងកុមារ ទំព័រ ១២៩ A ) និងសូមសួរកុមារថា ហេតុអ្វីពួកគេមានអំណរគុណចំពោះរូបកាយរបស់ពួកគេ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ការមានប្រាជ្ញាមានន័យថា ការទុកចិត្តលើព្រះប្រាជ្ញារបស់ព្រះ ។
កុមារដែលបងប្អូនបង្រៀននឹងរកឃើញ—ប្រសិនបើពួកគេពុំទាន់រកឃើញនៅឡើយ—ថាមនុស្សខ្លះបង្រៀនផ្ទុយនឹងព្រះប្រាជ្ញារបស់ព្រះ ។ ការសិក្សា កូរិនថូស ទី១ ១:២៣–២៥ អាចជួយកុមារយល់ឲ្យថា យើងអាចទុកចិត្តលើព្រះប្រាជ្ញារបស់ព្រះបាន ពីព្រោះព្រះប្រាជ្ញារបស់ទ្រង់គឺអស្ចារ្យជាងប្រាជ្ញារបស់យើង ។
សកម្មភាពដែលអាចធ្វើបាន
-
សូមស្នើសុំឲ្យកុមារអាន កូរិនថូស ទី១ ១:២៣–២៥ ហើយស្វែងរកពាក្យ ប្រាជ្ញា និង ល្ងង់ល្ងើ ។ សូមពន្យល់ថា មនុស្សជាច្រើនបានគិតថា សេចក្ដីបង្រៀនរបស់ប៉ុលគឺជាសេចក្ដីល្ងង់ល្ងើ ប៉ុន្តែប៉ុលបានពន្យល់ថា ការជឿលើដំណឹងល្អរបស់ព្រះគ្រីស្ទគឺជាប្រាជ្ញាដ៏ពិត ។ ហេតុអ្វីបានជាវាជារឿងឆ្លាតវៃ ក្នុងការជឿលើសេចក្ដីដែលព្រះបង្រៀន ?
-
សូមជួយកុមារឲ្យសម្តែងពីរបៀបដែលពួកគេអាចឆ្លើយតបទៅនឹងមនុស្សដែលគិតថា ព្រះបញ្ញត្តិរបស់ព្រះគឺជារឿង « ល្ងង់ល្ងើ »—ដូចជាព្រះបញ្ញត្តិតម្រូវឲ្យមានសេចក្ដីជំនឿលើព្រះអង្គសង្រ្គោះ គោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ ឬគោរពតាមក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ ។ ឧទាហរណ៍ ពួកគេអាចថ្លែងទីបន្ទាល់អំពីពរជ័យនានា ដែលកើតឡើងមកពីការរស់នៅតាមសេចក្ដីបង្រៀនទាំងនេះ ។
-
សូមចែកចាយបទពិសោធន៍មួយនៅពេលដែលមនុស្សដទៃបានគិតថា ជំនឿរបស់បងប្អូនគឺជាសេចក្ដីល្ងង់ល្ងើ ឬចែកចាយបទពិសោធន៍មួយចេញពីបទគម្ពីរ ។ សូមឲ្យកុមារចែកចាយបទពិសោធន៍ស្រដៀងគ្នានេះ ។ តើ កូរិនថូស ទី១ ១:២៥ អាចជួយយើងឲ្យនៅស្មោះត្រង់ នៅពេលអ្នកដទៃហៅសេចក្តីជំនឿរបស់យើងថាជារឿងល្ងង់ល្ងើយ៉ាងដូចម្តេច ?
ព្រះវិញ្ញាណបរិសុទ្ធបង្រៀនខ្ញុំអំពីសេចក្តីពិតនៃដំណឹងល្អ ។
តើបងប្អូនអាចជួយកុមារឲ្យទទួលស្គាល់ថា ពួកគេត្រូវការព្រះវិញ្ញាណបរិសុទ្ធដើម្បីយល់ពី « សេចក្ដីខាងឯព្រះ » យ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចធ្វើបាន
-
សូមស្នើសុំឲ្យកុមារធ្វើបញ្ជីមួយពីរបៀបដែលយើងរៀនអំពីពិភពលោកនេះ—ឧទាហរណ៍ សៀវភៅ សាលារៀន និងអ៊ីនធឺណិត ។ បន្ទាប់មកសូមអានទាំងអស់គ្នានៅក្នុង កូរិនថូស ទី១ ២:១១–១៤ ។ តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីរបៀបដែលយើងអាចរៀនពី « សណ្ឋានព្រះ » ?
-
សូមប្រាប់ពីគ្រាមួយ នៅពេលបងប្អូនបានរៀនអ្វីមួយតាមរយៈព្រះវិញ្ញាណរបស់ព្រះ ។ សូមជួយកុមារឲ្យនឹកដល់គ្រា ដែលពួកគេទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។ តើ « សណ្ឋានព្រះ » ( កូរិនថូស ទី១ ២:១១ ) បានធ្វើឲ្យព្រះវិញ្ញាណជួយយើងយល់អ្វីខ្លះ ?
-
សូមអញ្ជើញកុមារម្នាក់ៗឲ្យអានបទគម្ពីរមួយចេញពីបទគម្ពីរទាំងនេះ កូរិនថូស ទី១ ២:១១–១៤; នីហ្វៃទី១ ១០:១៧; មរ៉ូណៃ ១០:៣–៥ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:២–៣ ។ សូមជួយកុមារឲ្យចែកចាយអ្វីដែលពួកគេបានរៀនចេញពីបទគម្ពីរទាំងនេះ អំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបង្រៀនដល់យើង ។ ហេតុអ្វីយើងមានអំណរគុណចំពោះអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ?
ខ្ញុំគួរតែប្រព្រឹត្តចំពោះរូបកាយខ្ញុំដោយការគោរព ហើយរក្សាវាឲ្យបានបរិសុទ្ធ ។
ការយល់ថា រូបកាយរបស់យើងគឺជាអំណោយមកពីព្រះវរបិតាសួគ៌ នឹងជួយកុមារឲ្យរក្សារូបកាយរបស់ពួកគេឲ្យបានពិសិដ្ឋ ទោះជាពេលពួកគេត្រូវបានល្បួងឲ្យធ្វើផ្សេងពីនោះក្ដី ។
សកម្មភាពដែលអាចធ្វើបាន
-
សូមយកប្រអប់មួយដែលមានរូបភាពកុមារម្នាក់ និងព្រះវិហារបរិសុទ្ធមួយនៅក្នុងនោះ ។ សូមអញ្ជើញកុមារឲ្យអាន កូរិនថូស ទី១ ៦:១៩–២០ ហើយទាយមើលថាតើមានអ្វីនៅក្នុងប្រអប់នោះ ។ សូមឲ្យពួកគេបើកប្រអប់នោះ ហើយពិភាក្សាអំពីរបៀបដែលរូបកាយរបស់យើងគឺដូចជាព្រះវិហារបរិសុទ្ធ ។
-
សូមពិភាក្សាជាមួយកុមារអំពីរបៀប ដែលយើងគួរតែប្រព្រឹត្តចំពោះព្រះវិហារបរិសុទ្ធ ។ ប្រសិនបើរូបកាយរបស់យើងគឺដូចជាព្រះវិហារបរិសុទ្ធ តើយើងគួរតែប្រព្រឹត្តចំពោះរូបកាយយើងតាមរបៀបណា ? សូមច្រៀង ឬអានពាក្យនៃបទចម្រៀងអំពីព្រះវិហារបរិសុទ្ធ ដូចជាបទ « ព្រះបានប្រទានវិហារឲ្យខ្ញុំ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៧៣ ) អាចជួយឆ្លើយសំណួរនេះបាន ។ នៅពេលយើងធ្វើខុស តើយើងអាចធ្វើឲ្យ « ព្រះវិហារបរិសុទ្ធ » របស់យើងស្អាតម្តងទៀតដោយរបៀបណា ?
-
សូមអានជាមួយគ្នា « រូបកាយរបស់អ្នកគឺពិសិដ្ឋ » ( នៅក្នុង ដើម្បីកម្លាំងនៃយុវជន [ ការណែនាំឆ្នាំ ២០២២ ] ទំព័រ ២២–២៩ ) ។ សូមអញ្ជើញកុមារឲ្យសរសេរនៅលើក្ដារខៀន នូវដំបូន្មានដែលពួកគេរកឃើញអំពីរបៀបថែទាំរូបកាយរបស់យើង ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យចែកចាយជាមួយក្រុមគ្រួសាររបស់ពួកគេ នូវបទចម្រៀងដែលពួកគេបានច្រៀងនៅក្នុងថ្នាក់ និងអំពីអ្វីដែលពួកគេបានរៀនពីចម្រៀងនោះ ។