« ថ្ងៃទី ២១–២៧ ខែ សីហា ។ កូរិនថូស ទី១ ១–៧ ៖ ‹ ត្រូវឲ្យបានរួបរួមគ្នា › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២១–២៧ ខែ សីហា ។ កូរិនថូស ទី១ ១–៧ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២១–២៧ ខែ សីហា
កូរិនថូស ទី១ ១–៧
« ត្រូវឲ្យបានរួបរួមគ្នា »
សូមកត់ត្រាចំណាប់អារម្មណ៍របស់បងប្អូនខណៈដែលបងប្អូនអាន កូរិនថូស ទី១ ១–៧ ។ ចំណាប់អារម្មណ៍ទាំងនេះអាចរួមមានទាំងចំណាប់អារម្មណ៍ដើម្បីសិក្សាពីគំនិតមួយបន្ថែម ដើម្បីចែកចាយនឹងអ្នកដទៃអំពីអ្វីមួយដែលបងប្អូនរៀន ឬដើម្បីធ្វើការផ្លាស់ប្ដូរនៅក្នុងជីវិតរបស់បងប្អូន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អំឡុងខែដែលប៉ុលបានចំណាយពេលនៅក្នុងទីក្រុងកូរិនថូស « មានពួកក្រុងកូរិនថូសបានស្ដាប់ [ លោក ] ហើយជឿជាច្រើន ទាំងទទួលបុណ្យជ្រមុជទឹកផង » ( កិច្ចការ ១៨:៨ ) ។ ដូច្នេះវាច្បាស់ជាឈឺចិត្តណាស់ ពេលប៉ុលបានស្ដាប់ឮថា នៅប៉ុន្មានឆ្នាំក្រោយមកនោះ មាន « សេចក្ដីបាក់បែក » និង « សេចក្តីឈ្លោះប្រកែក » នៅក្នុងចំណោមពួកបរិសុទ្ធកូរិនថូស ហើយនៅក្នុងពេលលោកអវត្តមានពីក្នុងចំណោមពួកគេ នោះពួកគេបានចាប់ផ្ដើមស្ដាប់តាម « ប្រាជ្ញារបស់លោកិយនេះ » ( កូរិនថូស ទី១ ១:១០–១១, ២០ ) ។ ជាការឆ្លើយតប ប៉ុលបានសរសេរសំបុត្រមួយច្បាប់ដែលឥឡូវនេះ យើងហៅថា កូរិនថូស ទី១ ។ វាពេញដោយគោលលទ្ធិដ៏ល្អៗ ប៉ុន្តែក្នុងពេលដំណាលគ្នានោះ ប៉ុលហាក់ដូចជាខកចិត្តដែលពួកបរិសុទ្ធពុំបានត្រៀមខ្លួនដើម្បីទទួលគ្រប់ទាំងគោលលទ្ធិដែលលោកចង់ផ្ដល់ទៅឲ្យពួកគេ ។ លោកបានទួញថា « ឯខ្ញុំ បងប្អូនអើយ ខ្ញុំពុំអាចនិយាយនឹងអ្នករាល់គ្នា ដូចនឹងមនុស្សខាងឯវិញ្ញាណបានទេ ត្រូវតែនិយាយដូចនឹងមនុស្សខាងឯសាច់ឈាមវិញ » ( កូរិនថូស ទី១ ៣:១–៣ ) ។ នៅពេលយើងរៀបចំខ្លួនដើម្បីអានពាក្យសម្ដីរបស់ប៉ុល វាអាចផ្តល់ជាសារៈប្រយោជន៍ដើម្បីត្រួតពិនិត្យមើលភាពត្រៀមខ្លួនជាស្រេចរបស់យើងដើម្បីទទួលសេចក្ដីពិត—រួមទាំងឆន្ទៈរបស់យើងដើម្បីស្ដាប់តាមព្រះវិញ្ញាណ ហើយព្យាយាមមានសាមគ្គីភាពនៅក្នុងក្រុមគ្រួសាររបស់យើងជាមួយបងប្អូនពួកបរិសុទ្ធ និងជាមួយព្រះរបស់យើង ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
សមាជិកសាសនាចក្ររបស់ព្រះគ្រីស្ទខិតខំដើម្បីមានសាមគ្គីភាព ។
យើងពុំបានដឹងរឿងលម្អិតទាំងអស់អំពីការខ្វះសាមគ្គីភាពនៅក្នុងចំណោមពួកបរិសុទ្ធកូរិនថូសទេ ប៉ុន្តែយើងដឹងអំពីការខ្វះសាមគ្គីភាពនៅក្នុងទំនាក់ទំនង ផ្ទាល់ខ្លួន របស់យើង ។ ចូរគិតអំពីទំនាក់ទំនងនៅក្នុងជីវិតរបស់បងប្អូនដែលអាចផ្តល់ជាសារៈប្រយោជន៍មកពីសាមគ្គីភាពកាន់តែខ្លាំងជាងនោះ បន្ទាប់មកស្វែងរកអ្វីដែលប៉ុលបានបង្រៀននៅក្នុង កូរិនថូស ទី១ ១:១០–១៧; ៣:១–១១ អំពីការខ្វះសាមគ្គីភាពនៅក្នុងចំណោមពួកបរិសុទ្ធកូរិនថូស ។ តើបងប្អូនអាចទទួលបានការយល់ដឹងអ្វីខ្លះ អំពីរបៀបអភិវឌ្ឍសាមគ្គីភាពឲ្យបានកាន់តែខ្លាំងជាមួយអ្នកដទៃ ?
សូមមើលផងដែរ ម៉ូសាយ ១៨:២១; នីហ្វៃទី៤ ១:១៥–១៧; គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:២៣–២៧; ១០៥:១–៥; Gospel Topics « Unity » នៅលើគេហទំព័រ topics.ChurchofJesusChrist.org.
ដើម្បីសម្រេចកិច្ចការរបស់ព្រះ ខ្ញុំត្រូវការព្រះប្រាជ្ញាញាណរបស់ព្រះ ។
ខណៈវាជាការណ៍ល្អ—ទាំងបានលើកទឹកចិត្ត—ឲ្យស្វែងរកប្រាជ្ញាតាមដែលយើងអាចរកបាន ( សូមមើល នីហ្វៃទី២ ៩:២៩; គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨ ) ប៉ុលបានផ្ដល់នូវពាក្យព្រមានខ្លាំងៗមួយចំនួនអំពីភាពមិនល្អឥតខ្ចោះនៃប្រាជ្ញាមនុស្ស ដែលលោកបានហៅថា « ប្រាជ្ញារបស់លោកិយនេះ » ។ នៅពេលបងប្អូនអាន កូរិនថូស ទី១ ១:១៧–២៥ សូមពិចារណាអំពីអត្ថន័យនៃឃ្លានេះ ។ តើបងប្អូនគិតថាប៉ុលមានន័យយ៉ាងណាដោយពាក្យ « ប្រាជ្ញារបស់ព្រះ » ? ហេតុអ្វីយើងត្រូវការប្រាជ្ញារបស់ព្រះដើម្បីសម្រេចកិច្ចការរបស់ព្រះ ?
កាលដែលបងប្អូនខិតខំបំពេញការទទួលខុសត្រូវរបស់បងប្អូនដើម្បីសម្រេចកិច្ចការរបស់ព្រះ តើបងប្អូនធ្លាប់ឆ្លងកាត់ការ « ភ័យខ្លាច ព្រមទាំង … ញ័ររន្ធត់យ៉ាងខ្លាំង » ដូចដែលប៉ុលទទួលអារម្មណ៍ នៅពេលលោកបានបង្រៀនពួកបរិសុទ្ធកូរិនថូសដែរឬទេ ? ( កូរិនថូស ទី១ ២:៣ ) ។ តើបងប្អូនរកឃើញអ្វីនៅក្នុង កូរិនថូស ទី១ ២:១–៥ ដែលផ្ដល់ភាពក្លាហានដល់បងប្អូន ? សូមពិចារណាអំពីរបៀបដែលបងប្អូនអាចបង្ហាញថា បងប្អូនទុកចិត្តលើ « ព្រះចេស្តានៃព្រះ » ច្រើនជាង « ប្រាជ្ញារបស់មនុស្ស » ។
សូមមើលផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១:១៧–២៨ ។
ខ្ញុំត្រូវការព្រះវិញ្ញាណបរិសុទ្ធដើម្បីយល់អំពីរឿងទាំងឡាយរបស់ព្រះ ។
បើបងប្អូនចង់រៀនបន្ថែមអំពីអ្វីមួយដូចជាមេកានិចខាងរថយន្ដ ឬស្ថាបត្យកម្មយុគកណ្ដាល តើបងប្អូននឹងធ្វើដោយរបៀបណា ? ស្របតាម កូរិនថូស ទី១ ២:៩–១៦ តើការរៀនអំពី « រឿងរបស់ព្រះ » ខុសពីការរៀនអំពី « រឿងរបស់មនុស្ស » ដោយរបៀបណា ? ហេតុអ្វីយើងត្រូវមានព្រះវិញ្ញាណបរិសុទ្ធដើម្បីយល់អំពីរឿងទាំងឡាយរបស់ព្រះ ? បន្ទាប់ពីការអានខគម្ពីរទាំងនេះ ហើយតើបងប្អូនមានអារម្មណ៍ថាបងប្អូនគួរធ្វើយ៉ាងណា ដើម្បីយល់អំពីរឿងខាងវិញ្ញាណឲ្យបានកាន់តែពេញលេញនោះ ? តើពាក្យសម្ដីរបស់ប៉ុលអាចជួយនរណាម្នាក់ដែលកំពុងមានបញ្ហាជាមួយនឹងទីបន្ទាល់របស់ពួកគេបានយ៉ាងដូចម្ដេច ?
រូបកាយរបស់ខ្ញុំពិសិដ្ឋ ។
មនុស្សនៅទីក្រុងកូរិនថូសភាគច្រើនបំផុត មានអារម្មណ៍ថា ភាពអសីលធម៌ខាងផ្លូវភេទគឺជារឿងដែលអាចទទួលយកបាន ហើយថារូបកាយរបស់ពួកគេបានបង្កើតឡើងជាចម្បងដើម្បីភាពសប្បាយរីករាយ ។ ឬនិយាយម្យ៉ាងទៀតថា ពួកកូរិនថូសពុំមានភាពខុសគ្នាពីលោកិយសព្វថ្ងៃនេះទេ ។ តើប៉ុលបានបង្រៀនអ្វីខ្លះនៅក្នុង កូរិនថូស ទី១ ៦:១៣–២០ ដែលអាចជួយបងប្អូនឲ្យពន្យល់ដល់អ្នកដទៃពីមូលហេតុដែលបងប្អូនចង់រស់នៅក្នុងជីវិតបរិសុទ្ធភាព ?
ដូចជាប៉ុលដែរ ស៊ីស្ទើរ វិនឌី ដបុលយូ ណិលសុន បានលើកទឹកចិត្តដល់ពួកបរិសុទ្ធឲ្យបានបរិសុទ្ធ សូមមើលសារលិខិតរបស់លោក « Love and Marriage » ( ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោក ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៧ នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org ) ។ យោងតាមស៊ីស្ទើរ ណិលសុន តើពរជ័យអ្វីខ្លះដែលទទួលបានពីការរស់នៅតាមបទដ្ឋានរបស់ព្រះអម្ចាស់ទាក់ទងនឹងសេចក្ដីស្រឡាញ់ និងភាពស្និទ្ធស្នាល ?
តើប៉ុលបានបង្រៀនថា ការមិនរៀបការវាប្រសើរជាងការរៀបការឬ ?
មានខគម្ពីរជាច្រើននៅក្នុង កូរិនថូស ទី១ ៧ ហាក់ដូចជាផ្ដល់យោបល់ថា ខណៈដែលការរៀបអាពាហ៍ពិពាហ៍គឺជារឿងដែលអាចទទួលយកបាន នោះការបន្ដនៅលីវ និងការចៀសពីទំនាក់ទំនងខាងផ្លូវភេទទាំងស្រុងគឺជារឿងដែលគួរឲ្យចង់បានច្រើនជាង ។ ទោះជាយ៉ាងណាក៏ដោយ ការបកប្រែដោយយ៉ូសែប ស្ម៊ីធ កូរិនថូស ទី១ ៧:២៩–៣៣ ( នៅក្នុងការបកប្រែដោយយ៉ូសែប ស្ម៊ីធ ) ជួយយើងឲ្យយល់ថា ប៉ុលគឺកំពុងសំដៅទៅលើអស់អ្នកដែលត្រូវបានហៅជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ដោយសង្កេតឃើញថា ពួកគេអាចបម្រើព្រះបានល្អប្រសើរជាង បើពួកគេបន្ដនៅលីវអំឡុងពេលបេសកកម្មរបស់ពួកគេ ។ ព្រះអម្ចាស់បានបង្រៀនតាមរយៈពួកអ្នកបម្រើរបស់ទ្រង់ រួមទាំងប៉ុល ថាអាពាហ៍ពិពាហ៍គឺជាចំណែកនៃផែនការដ៏អស់កល្បជានិច្ចរបស់ទ្រង់ ហើយចាំបាច់សម្រាប់ភាពតម្កើងឡើយ ( សូមមើលកូរិនថូស ទី១ ១១:១១; គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:១–៤ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
កូរិនថូស ទី១ ១:១០–១៧; ៣:១–១១ ។នៅពេលសមាជិកគ្រួសាររបស់បងប្អូនអានខគម្ពីរទាំងនេះ សូមអញ្ជើញពួកគេឲ្យស្វែងរកគំនិតយោបល់មួយដែលអាចជួយដល់ពួកគេឲ្យកាន់តែមានសាមគ្គីភាព ។
-
កូរិនថូស ទី១ ៣:១–២ ។ប្រហែលជាបងប្អូនអាចអានខគម្ពីរនេះ ខណៈកំពុងទទួលទានទឹកដោះគោ និងសាច់ ។ បងប្អូនអាចប្រៀបធៀបពីរបៀបកុមារលូតលាស់ទៅជាមជ្ឈិមវ័យ ជាមួយនឹងរបៀបដែលយើងលូតលាស់ខាងវិញ្ញាណ ។
-
កូរិនថូស ទី១ ៣:៤–៩ ។ប៉ុលបានប្រៀបធៀបកិច្ចការផ្សព្វផ្សាយសាសនារបស់លោកទៅនឹងការដាំគ្រាប់ពូជ ។ តើការប្រៀបធៀបរបស់លោកបង្រៀនអ្វីដល់យើងអំពីដំណឹងល្អ ?
-
កូរិនថូស ទី១ ៦:១៩–២០ ។ការប្រៀបធៀបរូបកាយរបស់យើងទៅនឹងព្រះវិហារបរិសុទ្ធ ដូចជាប៉ុលបានធ្វើ អាចជាវិធីដ៏មានប្រសិទ្ធភាពមួយដើម្បីបង្រៀនអំពីភាពពិសិដ្ឋនៃរូបកាយរបស់យើង ។ ប្រហែលជាបងប្អូនអាចបង្ហាញរូបភាពព្រះវិហារបរិសុទ្ធ ដូចជាព្រះវិហារបរិសុទ្ធដែលមាននៅក្នុងគម្រោងមេរៀននេះ ។ ហេតុអ្វីព្រះវិហារបរិសុទ្ធពិសិដ្ឋ ? តើរូបកាយរបស់យើងដូចជាព្រះវិហារបរិសុទ្ធយ៉ាងដូចម្ដេច ? តើយើងអាចធ្វើអ្វីខ្លះដើម្បីប្រព្រឹត្តនឹងរូបកាយរបស់យើងដូចជាព្រះវិហារបរិសុទ្ធ ? ( សូមមើលផងដែរ ច្បាប់ពិសេស នៃ លីអាហូណា ខែ សីហា ឆ្នាំ ២០២០ អំពីផ្លូវភេទ ) ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលបានលើកទឹកចិត្តឲ្យប្រើ ៖ « ព្រះបានប្រទានវិហារឲ្យខ្ញុំ » សៀវភៅចម្រៀងកុមារទំព័រ ៧៣ ។