« ថ្ងៃទី ១៤–២០ ខែ សីហា ។ រ៉ូម ៧–១៦ ៖ ‹ ឈ្នះសេចក្ដីអាក្រក់ដោយសារសេចក្ដីល្អ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១៤–២០ ខែ សីហា ។ រ៉ូម ៧–១៦ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ១៤–២០ ខែ សីហា
រ៉ូម ៧–១៦
« ឈ្នះសេចក្ដីអាក្រក់ដោយសារសេចក្ដីល្អ »
មានគោលលទ្ធិដំណឹងល្អតែមួយចំនួនតូចប៉ុណ្ណោះនៅក្នុង រ៉ូម ៧–១៦ ដែលអាចដាក់បញ្ចូលនៅក្នុងគម្រោងមេរៀននេះ ដូច្នេះសូមកុំកំណត់ខ្លួនបងប្អូនឲ្យធ្វើត្រឹមតែអ្វីដែលមាននៅទីនេះនោះឡើយ ។ សូមយកចិត្តទុកដាក់ទៅលើការបំផុសគំនិតដែលបងប្អូនបានទទួល នៅពេលបងប្អូនសិក្សា ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
នៅពេលលោកបើកសំបុត្ររបស់លោកទៅកាន់រ៉ូម ប៉ុលបានជម្រាបសួរដល់សមាជិកសាសនាចក្រដោយការហៅពួកគេថា « ពួកស្ងួនភ្ងានៃព្រះ » ដែលត្រូវបាន « ហៅមកធ្វើជាពួកបរិសុទ្ធ » ។ លោកបានកំណត់សម្គាល់ថា « ដោយ [ បាន ] ឮគេថ្លែងប្រាប់ នៅគ្រប់ក្នុងលោកីយ៍ទាំងមូល ពីសេចក្តីជំនឿរបស់អ្នករាល់គ្នា » ( រ៉ូម ១:៧–៨ ) ។ ទោះជាប៉ុលបានចំណាយពេលយ៉ាងច្រើនទៅលើសំបុត្ររបស់លោកដើម្បីកែតម្រូវគំនិតខុសឆ្គង និងឥរិយាបទមិនត្រឹមត្រូវក្ដី ក៏ហាក់ដូចជាលោកចង់អះអាងដល់ពួកអ្នកផ្លាស់ប្រែចិត្តជឿគ្រិស្តសាសនិកថ្មីៗទាំងនេះថា ពួកគេគឺពិតជាពួកបរិសុទ្ធដែលជាទីសំណព្វរបស់ព្រះផងដែរ ។ ការប្រឹក្សាដ៏ទន់ភ្លន់របស់លោកផ្ដល់ពរជ័យដល់ពួកយើងទាំងអស់ណាដែលពិបាកនឹងទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះ និងសម្រាប់ពួកអ្នកដែលកំពុងក្លាយជាពួកបរិសុទ្ធ ដែលអាចនឹងមានអារម្មណ៍ថាផ្ដាច់ពីគេ ។ ដោយក្ដីអាណិតអាសូរដ៏រាបសា ប៉ុលបានទទួលស្គាល់ថា ជួនកាលលោកមានអារម្មណ៍ដូចជា « វេទនាណាស់ » ( រ៉ូម ៧:២៤ ) ប៉ុន្តែដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទបានផ្ដល់អំណាចដល់លោកដើម្បីយកឈ្នះអំពើបាប ( សូមមើល ការបកប្រែដោយយ៉ូសែប ស្ម៊ីធ, រ៉ូម ៧:២២–២៧ [ នៅក្នុងការបកប្រែដោយយ៉ូសែ ស្ម៊ីធ ] ) ។ ជាមួយនឹងអំណាចនោះ ដែលជាអំណាចនៃសេចក្ដីប្រោសលោះរបស់ព្រះអង្គសង្គ្រោះ យើងអាច « ឈ្នះសេចក្តីអាក្រក់ »—ទាំងសេចក្ដីអាក្រក់ក្នុងពិភពលោក និងសេចក្ដីអាក្រក់នៅក្នុងខ្លួនយើង—« ដោយសារសេចក្តីល្អវិញ » ( រ៉ូម ១២:២១ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ពួកអ្នកដែលធ្វើតាមព្រះវិញ្ញាណអាចក្លាយជា « អ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង » ។
ទោះបីជាបន្ទាប់ពីយើងចូលទៅក្នុង « ជីវិតបែបថ្មី » តាមរយៈពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹកក្ដី ( រ៉ូម ៦:៤ ) ប្រហែលជាបងប្អូនមានអារម្មណ៍ជំទាស់នៅក្នុងចិត្តបន្តិចបន្តួចដូចប៉ុលបានពិពណ៌នានៅក្នុង រ៉ូម ៧ ថា—« ច្បាំង » គ្នារវាងមនុស្សខាងសាច់ឈាម និងបំណងប្រាថ្នាសុចរិតរបស់យើង ( រ៉ូម ៧:២៣ ) ។ ប៉ុន្តែប៉ុលក៏បាននិយាយអំពីសេចក្ដីសង្ឃឹមនៅក្នុង រ៉ូម ៨:២៣–២៥ ផងដែរ ។ តើមានមូលហេតុអ្វីខ្លះសម្រាប់សេចក្ដីសង្ឃឹមនេះដែលបងប្អូនរកឃើញនៅក្នុង ជំពូក ៨ ? បងប្អូនក៏អាចស្វែងរកពរជ័យដែលទទួលបានតាមរយៈការមាន « ព្រះវិញ្ញាណនៃព្រះសណ្ឋិតក្នុងអ្នករាល់គ្នា » ផងដែរ ( រ៉ូម ៨:៩ ) ។ តើបងប្អូនអាចស្វែងរកភាពជាដៃគូពីព្រះវិញ្ញាណបរិសុទ្ធកាន់តែពេញលេញនៅក្នុងជីវិតរបស់បងប្អូនដោយរបៀបណា ?
អំណោយនៃសិរីល្អដ៏អស់កល្បគឺប្រសើរហួសពីការសាកល្បងរបស់ខ្ញុំនៅលើផែនដីនេះឆ្ងាយណាស់ ។
រយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីប៉ុលបានសរសេរសំបុត្រនេះ ពួកបរិសុទ្ធនៅទីក្រុងរ៉ូមបានរងទុក្ខនឹងការបៀតបៀនដ៏ធ្ងន់ធ្ងរ ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុង រ៉ូម ៨:១៦–៣៩ ដែលអាចបានជួយដល់ពួកបរិសុទ្ធទាំងនេះ នៅពេលមានការបៀតបៀនកើតឡើង ? តើពាក្យសម្ដីទាំងនេះអនុវត្តចំពោះបងប្អូន និងការសាកល្បងទាំងឡាយដែលបងប្អូនជួបប្រទះក្នុងពេលថ្មីៗនេះយ៉ាងដូចម្ដេច ?
សូមរកមើលទំនាក់ទំនងរវាងខគម្ពីរទាំងនេះ និងការប្រឹក្សានេះមកពីស៊ីស្ទើរ លីនដា អេស រីវស៍ ៖ « ខ្ញុំមិនដឹងថា ហេតុអ្វីយើងមានការសាកល្បងច្រើនដូច្នេះទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ផ្ទាល់ខ្លួនថា រង្វាន់មានសន្ធឹកណាស់ ដែលនៅអស់កល្ប និងជានិរន្ដរ ដែលពេញដោយអំណរ ហើយហួសពីការយល់ដឹងរបស់យើងនៅក្នុងថ្ងៃនៃការទទួលរង្វាន់នោះ យើងអាចមានអារម្មណ៍ចង់ទូលទៅព្រះបិតាជាទីស្រឡាញ់ ប្រកបដោយព្រះគុណ និងក្ដីសប្បុរសរបស់យើងថា ‹ ត្រូវធ្វើ តែប៉ុណ្ណឹងឬ ? › ខ្ញុំជឿថា ប្រសិនបើយើងចងចាំ ហើយទទួលស្គាល់ជម្រៅនៃក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះរបស់យើងមានចំពោះយើងជាប្រចាំ នោះយើងនឹងមានឆន្ទៈធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីត្រឡប់ទៅក្នុងទីវត្តមានទ្រង់ម្ដងទៀត ដែលមានពេញដោយក្ដីស្រឡាញ់ដ៏អស់កល្បរបស់ទ្រង់ ។ តើអ្វីដែលសំខាន់ … អ្វីដែលយើងបានរងទុក្ខនៅទីនេះបើនៅទីបំផុត ការសាកល្បងទាំងនោះគឺជារឿងដែលធ្វើឲ្យយើងស័ក្ដិសមចំពោះជីវិតអស់កល្បជានិច្ច និងភាពតម្កើងឡើងនៅក្នុងនគរនៃព្រះជាមួយព្រះវរបិតាយើង និងព្រះអង្គសង្គ្រោះនោះ ? » ( « Worthy of Our Promised Blessings » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១ ) ។ សូមសម្រេចចិត្តថា តើបងប្អូននឹងធ្វើអ្វីដើម្បី « ចងចាំ ហើយស្គាល់ » សេចក្ដីស្រឡាញ់របស់ព្រះប្រចាំថ្ងៃដែលមានចំពោះបងប្អូន ។
រ៉ូម ៨:២៩–៣០; ៩–១១ ។
តើប៉ុលចង់មានន័យយ៉ាងណា ពេលលោកប្រើពាក្យ « តម្រូវទុកជាមុន » « រើសតាំង » និង « បានស្គាល់ជាមុន » ?
ប៉ុលបានប្រើពាក្យ « តម្រូវទុកជាមុន » « រើសតាំង » និង « បានស្គាល់ជាមុន » ដើម្បីបង្រៀនថា ពីមុនជីវិតនេះ ព្រះបានជ្រើសរើសបុត្រាបុត្រីទ្រង់មួយចំនួនដើម្បីធ្វើជាផ្នែកនៃអ៊ីស្រាអែល ជារាស្ត្រនៃសេចក្ដីសញ្ញារបស់ទ្រង់ ។ នេះមានន័យថា ពួកគេនឹងទទួលពរជ័យ និងទំនួលខុសត្រូវពិសេស ដើម្បីពួកគេអាចផ្ដល់ពរជ័យដល់មនុស្សទាំងអស់នៅក្នុងពិភពលោក ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « រើសតាំង, ការរើសតាំង » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ ទោះជាយ៉ាងណា ប៉ុលបានសង្កត់ធ្ងន់នៅក្នុង រ៉ូម ៩–១១ ថា បុត្រាបុត្រីព្រះ ទាំងអស់ អាចក្លាយជារាស្ត្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់ ហើយយើងទាំងអស់គ្នាទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចតាមរបៀបដូចគ្នា—គឺតាមរយៈសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងការគោរពប្រតិបត្តិដល់ព្រះបញ្ញត្តិរបស់ទ្រង់ ។
សូមមើលផងដែរ អេភេសូរ ១:៣–៤; ពេត្រុស ទី១ ១:២; អាលម៉ា ១៣:១–៥; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « តែងតាំងមុនកំណើតលោកិយ, ការតែងតាំងមុនកំណើតលោកិយ » នៅគេហទំព័រ scriptures.ChurchofJesusChrist.org ។
ប៉ុលអញ្ជើញខ្ញុំឲ្យក្លាយជាពួកបរិសុទ្ធ ហើយជាអ្នកដើរតាមដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។
ជំពូកប្រាំចុងក្រោយក្នុងគម្ពីររ៉ូមមាននូវការណែនាំជាក់លាក់ជាច្រើនស្ដីអំពីរបៀបរស់នៅរបស់ពួកបរិសុទ្ធ ។ របៀបមួយដើម្បីសិក្សាការណែនាំទាំងនេះ គឺត្រូវរកមើលប្រធានបទទាំងឡាយដែលលើកឡើងដដែលៗ ។ តើបងប្អូននឹងសង្ខេបពាក្យទូន្មានរបស់ប៉ុលដោយរបៀបណា ?
បងប្អូនអាចនឹងមិនមានលទ្ធភាពអនុវត្តតាមដំបូន្មានទាំងអស់នេះក្នុងពេលតែមួយ ប៉ុន្តែព្រះវិញ្ញាណអាចជួយបងប្អូនឲ្យរកឃើញគោលការណ៍មួយ ឬពីរដែលបងប្អូនអាចចាប់ផ្ដើមអនុវត្តនៅថ្ងៃនេះ ។ សូមចែកចាយបំណងប្រាថ្នារបស់បងប្អូនជាមួយនឹងព្រះវរបិតាសួគ៌របស់បងប្អូននៅក្នុងការអធិស្ឋាន ហើយទូលសូមជំនួយរបស់ទ្រង់ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
រ៉ូម ៨:៣១–៣៩ ។តើយើងរកឃើញអ្វីខ្លះនៅក្នុង រ៉ូម ៨:៣១–៣៩ ដែលបង្រៀនយើងអំពីព្រះទ័យរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវមានអំពីយើង ? តើនៅពេលណាខ្លះដែលយើងទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះ ?
ដើម្បីបង្ហាញពី ខទី ៣៨–៣៩ សមជិកគ្រួសារអាចរកមើលឧទាហរណ៍ទាំងឡាយនូវអ្វីដែលមិនអាចញែកចេញពីគ្នាបាន ដូចជាយើង និងសេចក្ដីស្រឡាញ់របស់ព្រះ ។
-
រ៉ូម ៩:៣១–៣២ ។សារលិខិតរបស់អែលឌើរ វីលហ្វត ដបុលយូ អាន់ឌើរសិន « The Music of the Gospel » ( Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥៤–៥៦; សូមមើលផងដែរនូវវីដេអូនេះនៅលើគេហទំព័រ ChurchofJesusChrist.org ) អាចជួយបង្ហាញពីអ្វីដែលប៉ុលបានបង្រៀនអំពីក្រឹត្យវិន័យ ការងារ និងសេចក្ដីជំនឿ ។ បន្ទាប់ពីពិភាក្សាពីប្រសាសន៍របស់លោកហើយ គ្រួសាររបស់បងប្អូនអាចព្យាយាមរាំជាមួយនឹងភ្លេង ឬរាំគោក ។ តើសេចក្ដីជំនឿអាចជួយយើងឲ្យដកពិសោធន៍នូវសេចក្ដីអំណរនៃដំណឹងល្អដោយរបៀបណា ?
-
រ៉ូម ១០:១៧ ។សូមបិតស្លាកនៅលើកែវទឹកបួនប្រាំជាមួយនឹងប្រភពនៃព្រះបន្ទូលរបស់ព្រះ ( ដូចជា ព្រះគម្ពីរ វិវរណៈផ្ទាល់ខ្លួន និងសន្និសីទទូទៅ ) ។ សូមពិភាក្សាអំពីរបៀបដែលព្រះបន្ទូលរបស់ព្រះធ្វើឲ្យសេចក្ដីជំនឿរបស់យើងកើនឡើង នៅពេលបងប្អូនចាក់ទឹកចូលទៅក្នុងកែវនីមួយៗ ដែលមានបិតឈ្មោះថា « សេចក្តីជំនឿ » ។
-
រ៉ូម ១២ ។តើការធ្វើឲ្យខ្លួនយើង « បានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឬទ័យដល់ព្រះ » មានន័យយ៉ាងណា ? ( ខទី ១ ) ។
-
រ៉ូម ១៤:១៣–២១ ។គ្រួសាររបស់បងប្អូនអាចនឹងទទួលប្រយោជន៍មកពីការសិក្សាដំបូន្មានរបស់ប៉ុលអំពីការវិនិច្ឆ័យ និងការប្រកែកវែកញែកអំពីចំណូលចិត្តផ្ទាល់ខ្លួន ។ ប្រហែលជាបងប្អូនអាចពិភាក្សាពីរបៀបសមរម្យដើម្បីឆ្លើយតប ពេលដែលអ្នកផ្សេងទៀត រួមទាំងសមាជិកគ្រួសារដែរ ធ្វើការជ្រើសរើសខុសពីការជ្រើសរើសរបស់បងប្អូន ។ តើយើងអាច « ដេញតាមអស់ទាំងសេចក្តីដែលនាំឲ្យមេត្រីគ្នា » យ៉ាងដូចម្ដេច ? ( ខទី ១៩ ) ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលលើកទឹកចិត្តឲ្យប្រើ ៖ « ខ្ញុំស្គាល់ក្តីស្នេហ៍ព្រះសង្រ្គោះ » សៀវភៅចម្រៀងកុមារ ទំព័រ ៤២–៤៣ ។