ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ៣១ ខែ កក្កដា–ថ្ងៃទី ៦ ខែ សីហា ។ កិច្ចការ ២២–២៨ ៖ « ជា​អ្នក​បម្រើ ហើយ​ជា​ទី​បន្ទាល់ »


« ថ្ងៃទី ៣១ ខែ កក្កដា–ថ្ងៃទី ៦ ខែ សីហា ។ កិច្ចការ ២២–២៨ ៖ ‹ ជា​អ្នក​បម្រើ ហើយ​ជា​ទី​បន្ទាល់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៣១ ខែ កក្កដា–ថ្ងៃទី ៦ ខែ សីហា ។ កិច្ចការ ២២–២៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

ប៉ុល​នៅក្នុង​គុក

ថ្ងៃទី ៣១ ខែ កក្កដា–ថ្ងៃទី ៦ ខែ សីហា

កិច្ចការ ២២–២៨

« ជា​អ្នក​បម្រើ ហើយ​ជា​ទី​បន្ទាល់ »

ចំណាប់អារម្មណ៍​មកពី​ព្រះវិញ្ញាណ​ជាញឹកញាប់កើត​មាន​ដោយ​ស្ងប់ស្ងាត់ ហើយ​ពេល​ខ្លះ​មាន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី ។ ការកត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន​នាំ​ឲ្យ​បងប្អូន​នឹកគិត​អំពី​វា​កាន់តែ​ស៊ីជម្រៅ ។ នៅពេល​បងប្អូន​អាន កិច្ចការ ២២–២៨ សូម​កត់ត្រា​គំនិត និង​អារម្មណ៍​ដែល​កើត​មាន​ចំពោះ​បងប្អូន​ទុក ហើយ​ចំណាយ​ពេល​សញ្ជឹងគិត​អំពី​វា ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​សន្យា​ថា « នៅពេល​យើង​ស្ថិត​នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​ទទួល​បាន​ជំនួយ​ពី​ព្រះអម្ចាស់ » ( « To Learn, to Do, to Be » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៦២ ) ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​យើង​ពុំទទួល​បាន​ផ្លូវ​រលោង​ស្អាត និងលំហូរ​នៃ​ភាព​ជោគជ័យ​ឥត​មានទីបញ្ចប់​នោះទេ ។ ជាការសរបញ្ជាក់​នៃ​រឿង​នេះ យើង​ពុំ​ចាំបាច់​រកមើល​អ្វី​ច្រើន​បន្ថែម​ជាង​សាវក​ប៉ុល​នោះ​ទេ ។ កិច្ចការ​របស់​លោក​មកពី​ព្រះអង្គសង្គ្រោះ​គឺ « ប្រកាស​ឈ្មោះ​ខ្ញុំ​ដល់​ពួក​សាសន៍​ដទៃ និង​ពួក​ស្តេច ហើយ​និង​ពួក​កូនចៅ​សាសន៍​អ៊ីស្រាអែល​ផង » ( កិច្ចការ ៩​:១៥ ) ។ នៅក្នុង ជំពូក ២២–២៨ នៃ​កិច្ចការ យើង​មើល​ឃើញ​ប៉ុល​បំពេញ​កិច្ចការ​របស់​លោក ហើយ​ប្រឈម​មុខ​នឹង​ការ​ផ្ទុយ​ដ៏​ធំ—ការ​ចាប់​ដាក់​ខ្នោះ ការដាក់​គុក ការ​វាយ​ដំ​ខាង​រាងកាយ ការ​លិច​ទូក ព្រមទាំង​ត្រូវ​ពស់ចឹក​ទៀត ។ ប៉ុន្តែ​យើង​ក៏​មើល​ឃើញ​ថា ព្រះយេស៊ូវ « គង់ជិត​គាត់ មានព្រះបន្ទូល​ថា ចូរ​សង្ឃឹម​ឡើង​ប៉ុល​អើយ » ( កិច្ចការ ២៣:១១ ) ។ បទពិសោធន៍​របស់​ប៉ុល​គឺ​ជា​ការរំឭក​ដ៏​បំផុស​គំនិត​មួយ​ថា ការហៅ​របស់​ព្រះអម្ចាស់​ឲ្យ « ទៅ​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ [ របស់​ទ្រង់ ] ដោយ​សំឡេង​រីករាយ » គឺ​មក​ជាមួយ​នឹង​ការសន្យា​នេះ ៖ « ចូរ​លើក​ចិត្ត​អ្នក​ឡើង ហើយ​អរ​សប្បាយ​ចុះ ដ្បិត​យើង​នៅកណ្ដាល​ពួក​អ្នក » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ២៩:៤–៥; សូមមើល​ផងដែរ ម៉ាថាយ ២៨:១៩–២០ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

កិច្ចការ ២២:១–២១; ២៦:១–២៩

ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ចែកចាយ​ទីបន្ទាល់​របស់​ពួកលោក​យ៉ាង​មោះ​មុត ។

នៅពេល​ប៉ុល​បាន​ថ្លែង​ទីបន្ទាល់​ប្រកប​ដោយ​អានុភាព​ដែល​បាន​កត់ត្រា​នៅក្នុង កិច្ចការ ២២ និង ២៦ លោក​ត្រូវ​បាន​ពួកទាហានរ៉ូម​ចាប់​ជា​អ្នក​ទោស ។ មនុស្ស​ដែលលោក​បាន​ថ្លែង​ទៅ​កាន់នោះ មាន​អំណាច​កាត់ទោស​ឲ្យ​លោក​ស្លាប់​បាន ។ ប៉ុន្តែ​លោក​ជ្រើសរើស​ថ្លែង​ទីបន្ទាល់​អំពីព្រះយេស៊ូវ​គ្រីស្ទ ​និង « ការជាក់ស្ដែង​ពី​ស្ថានសួគ៌ » ( កិច្ចការ ២៦:១៩ ) ដែល​លោក​បាន​ទទួលដោយ​មោះមុត ។ តើ​មានអ្វីខ្លះ​បាន​បំផុសគំនិត​ដល់​បងប្អូន​អំពី​ពាក្យសម្ដី​របស់​លោក ? សូម​ពិចារណា​អំពី​ឱកាស​ដែល​បងប្អូន​ត្រូវ​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន ។ ឧទាហរណ៍ តើ​មិត្តភក្ដិ​របស់​បងប្អូន​ដឹង​ពី​អារម្មណ៍​របស់​បងប្អូន​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​ដែរ​ឬទេ ? ឬ​តើ​ពេល​ណា​ជា​ពេល​ចុង​ក្រោយ​ដែល​បងប្អូន​បាន​ប្រាប់​ដល់​គ្រួសារ​បងប្អូន អំពី​របៀប​ដែល​បងប្អូន​ទទួលបាន​ទីបន្ទាល់​អំពី​ដំណឹងល្អ ?

នៅ​ពេល យ៉ូសែប ស៊្មីធ វ័យ​ក្មេង​ត្រូវបាន​គេ​ចំអក​ឲ្យ​ដោយ​សារ​ការប្រាប់​អំពី​ការនិមិត្ត​ដំបូង​របស់​លោក លោក​បាន​ទទួល​ការបំផុស​គំនិត​តាម​របៀប​ដែល​ប៉ុល​បាន​ថ្លែង​ទីបន្ទាល់​អំពី​ការនិមិត្ត​របស់​លោក ( សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៤–២៥ ) ។ តើ​បងប្អូន​នឹង​សង្ខេប​អ្វី​ដែល យ៉ូសែប ស៊្មីធ បាន​រៀន​មក​ពី​ប៉ុល​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​សាក្សី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទាំងពីរ​រូប​នេះ ?

សូមមើល​ផងដែរ នែល អិល អាន់ឌើរសិន « We Talk of Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨៨–៩១ ។

កិច្ចការ ២៣:១០–១១; ២៧:១៣–២៥, ៤០–៤៤

ព្រះអម្ចាស់​គង់​នៅ​ជិត​អស់​អ្នក​ដែល​ព្យាយាម​បម្រើ​ទ្រង់ ។

ដូច​ជា​ការបម្រើ​របស់​ប៉ុល​បាន​បង្ហាញ​យ៉ាង​ច្បាស់ ការលំបាក​នានា​នៅ​ក្នុង​ជីវិត​របស់​យើង​គឺ​ពុំ​មែន​ជា​ទីសម្គាល់​ថា ព្រះ​ពុំ​អនុម័ត​ចំពោះ​កិច្ចការ​ដែល​យើង​កំពុង​ធ្វើ​នោះទេ ។ តាមពិត ពេល​ខ្លះ​នៅ​ក្នុង​ពេល​លំបាក​ទាំងនោះ យើង​បាន​ទទួល​អារម្មណ៍គាំទ្រ​មក​ពី​ព្រះអង្គ​ខ្លាំង​បំផុត ។ វា​អាច​នឹង​ជា​រឿង​គួរ​ចាប់​អារម្មណ៍​ដើម្បី​រំឭក​ពី​អ្វី​ដែល​បងប្អូន​កំពុង​អាន​ថ្មីៗ​នេះ​អំពី​ការបម្រើ​របស់​ប៉ុល ហើយ​សរសេរ​រឿង​មួយចំនួន​ដែល​លោក​បាន​ស៊ូទ្រាំ ( សូមមើល ឧទាហរណ៍ កិច្ចការ ១៤:១៩–២០; ១៦:១៩–២៧; ២១:៣១–៣៤; ២៣:១០–១១; ២៧:១៣–២៥, ៤០–៤៤ ) ។ តើ​ព្រះអម្ចាស់​បាន​គង់​នៅ​ក្បែរ​លោក​យ៉ាង​ដូចម្ដេច ? តើ​ព្រះអម្ចាស់​បាន​គង់​នៅ​ក្បែរ​បងប្អូន​យ៉ាង​ដូចម្ដេច ?

កិច្ចការ ២៤:២៤–២៧; ២៦:១–៣, ២៤–២៩២៧

មាន​សុវត្ថិភាព និង​ភាពសុខសាន្ត​នៅក្នុង​ការស្ដាប់​តាម​ពាក្យ​សម្ដី​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះ ។

នៅ​ក្នុងការ​បម្រើ​របស់​លោក ប៉ុល​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ដ៏​មាន​អនុភាព ។ មនុស្ស​ជា​ច្រើន​បាន​ទទួល​យក​ទីបន្ទាល់​របស់​លោក ប៉ុន្តែ​ពុំ​មែន​មនុស្ស​ទាំង​អស់​ធ្វើតាម​នោះទេ ។ នៅពេល​បងប្អូន​អាន កិច្ចការ ២៤:២៤–២៧ និង កិច្ចការ ២៦:១–៣, ២៤–២៩ សូម​រកមើល​ពាក្យ និង​ឃ្លា​ទាំងឡាយ​ដែល​បង្ហាញ​អំពីប្រតិកម្ម​ដែលពួក​អ្នក​គ្រប់គ្រង​សាសន៍រ៉ូម​នៅ​ស្រុក​យូដាបាន​មាន​ចំពោះ​ការបង្រៀន​របស់​ប៉ុល ៖

  • ភេលីច

  • ភេស្ទុស

  • ស្ដេច​អ័គ្រីប៉ា

ខណៈ​កំពុង​ធ្វើ​ដំណើរ​តាមសំពៅ​ទៅ​ទីក្រុង​រ៉ូម​ដើម្បី​ទទួល​ការកាត់​ទោស​ពីសេសា នោះ​ប៉ុល​បាន​ព្យាករ​ថា « នឹង​មាន​អន្តរាយ និង​ការខូចខាត​ជាច្រើន » នឹង​កើត​មាន​ចំពោះ​សំពៅ និង​អ្នក​ធ្វើ​ដំណើរ ( កិច្ចការ ២៧:១០ ) ។ សូមអាន ជំពូក ២៧ ដើម្បី​ស្វែងរក​មើល​ថា​តើ​មនុស្ស​នៅ​លើ​សំពៅ​របស់​ប៉ុល​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​ព្រមាន​របស់​លោក ។ តើបងប្អូន​រក​ឃើញ​មេរៀន​អ្វីខ្លះ​សម្រាប់​ខ្លួន​បងប្អូន​ចេញ​មកពី​បទពិសោធន៍​របស់​ពួកគេ​នោះ ?

តើ​បងប្អូន​ធ្លាប់​មាន​ប្រតិកម្ម​ដូចជា​មនុស្ស​ទាំង​នេះឬទេ នៅពេល​បងប្អូន​ស្ដាប់​ឮ​ការបង្រៀន​របស់​អ្នកដឹកនាំ​សាសនាចក្រ ? តើ​មាន​ផលវិបាក​មួយ​ចំនួន​អ្វី​ខ្លះដែល​អាច​កើត​ឡើង​មកពី​ការមាន​ប្រតិកម្ម​តាម​របៀប​នេះ ? តើ​បងប្អូន​រៀន​អ្វីខ្លះមកពី​ដំណើរ​រឿង​ទាំងនេះ​អំពី​ការ​ស្ដាប់​តាម​ដំបូន្មាន​របស់​ព្រះអម្ចាស់​តាមរយៈ​ពួក​អ្នកបម្រើ​របស់​ទ្រង់ ?

សូមមើល​ផងដែរ នីហ្វៃទី២ ៣៣:១–២; ឌី ថត គ្រីស្តូហ្វឺសិន « The Voice of Warning » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១០៨–១១; « Follow the Living Prophet » Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ១៤៧–៥៥ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

កិច្ចការ ២៤:១៦ ។ពី​មុន​ការ​ផ្លាស់ប្រែចិត្តជឿ​របស់​លោក ប៉ុល​មាន​ប្រវត្តិ​យ៉ាង​ច្រើន​អំពី​ចិត្ត​សៅហ្មង​នៅ​ចំពោះ​ព្រះ ។ ប៉ុន្តែ​ដោយសារ​លោក​មាន​ឆន្ទៈ​ដើម្បី​ប្រែចិត្ត លោក​អាច​មក​និយាយ​ថា « ដូច្នេះ​ខ្ញុំ​អនុវត្ត​ក្នុង​ខ្លួន​ឲ្យ​មាន​មនសិការ​ជាប់ជានិច្ច​ដើម្បី​កុំ​ឲ្យ​សតិទាស់​ចំពោះ​ព្រះ និង​ចំពោះ​មនុស្ស​គ្រប់​រូប​ឡើយ » ( សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៥:៤–៥ ) ។ តើ​យើង​អាច​ដក​យក​ចិត្ត​សៅហ្មង​ចំពោះ​ព្រះ និង​អ្នកដទៃ​ចេញ​ពី​មនសិការ​របស់​យើង​បាន​យ៉ាង​ដូចម្ដេច ?

កិច្ចការ ២៦:១៦–១៨ ។នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ តើ​ព្រះអម្ចាស់​បាន​ហៅ​ឲ្យ​ប៉ុល​ទៅ​ធ្វើ​អ្វីខ្លះ ? តើ​មាន​ឱកាស​អ្វីខ្លះ​ដែល​យើង​ត្រូវ​ធ្វើ​រឿង​ស្រដៀង​គ្នា​នេះ ?

កិច្ចការ ២៨:១–៩ ។តើ​មាននរណា​ម្នាក់​នៅ​ក្នុង​គ្រួសារ​របស់​បងប្អូន​ដូច​ជា​សត្វពស់​ឬទេ ? បងប្អូន​អាច​នឹង​ចង់​សុំ​បុគ្គល ឬ​សមាជិក​គ្រួសារ​ដទៃទៀត​ឲ្យ​ប្រាប់​រឿង​ដែល​មាន​នៅក្នុង កិច្ចការ ២៨:១–៩ ។ កូនៗ​របស់​បងប្អូន​អាច​នឹង​ចូលចិត្ត​គូររូប​មួយ​ចេញ​មក​ពីរឿង​ទាំង​នោះ ឬ​សម្ដែង​រឿង ។ តើមាន​មេរៀន​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​ពី​ដំណើរ​រឿង​ទាំងនេះ ? រឿង​មួយ​អាច​ជា ព្រះអម្ចាស់​បាន​បំពេញ​តាម​ការ​សន្យា​របស់​ទ្រង់​ចំពោះ​ពួក​អ្នកបម្រើ​របស់​ទ្រង់ ។ ឧទាហរណ៍ បងប្អូន​អាច​ប្រៀបធៀប​ការ​សន្យា​ដែល​បាន​ធ្វើ​ឡើង​នៅក្នុង ម៉ាកុស ១៦:១៨ នឹង​ការ​បំពេញ​តាម​នៅ​ក្នុង​បទពិសោធន៍​របស់​ប៉ុល ។ បងប្អូន​ក៏​អាច​រក​មើល​ការ​សន្យា​មួយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​អ្នក​បម្រើ​ម្នាក់​របស់​ព្រះអម្ចាស់​ចេញ​មកពី​សុន្ទរកថា​សន្និសីទទូទៅ​ថ្មីៗ​មួយ—ប្រហែល​ជា​ការ​សន្យា​មួយ​ដែល​មាន​អត្ថន័យ​ចំពោះ​គ្រួសារ​បងប្អូន—ហើយ​ដាក់​តាំង​វា​នៅ​ក្នុង​គេហដ្ឋាន​របស់​បងប្អូន ។ តើ​យើង​អាច​បង្ហាញ​សេចក្ដីជំនឿ​របស់​យើង​ថា ការ​សន្យា​នេះ​នឹង​ត្រូវ​បាន​បំពេញ​ដោយ​របៀប​ណា ?

ពស់ពិស

ព្រះ​បាន​ការពារ​ប៉ុល​នៅពេល​ពស់​ពិស​ចឹក​លោក ។

កិច្ចការ ២៨:២២–២៤ ។ដូចជា​ព្រះវិហារ​នៅ​ជំនាន់​របស់​ប៉ុល ( ដែលហៅ​ថា « ពួក​អ្នក​កាន់​សាសនា​នេះ » នៅក្នុង ខទី ២២ ) សាសនាចក្រ​បច្ចុប្បន្នក៏​ត្រូវ​គេ « និយាយ​អាក្រក់ » ជាញឹកញាប់​ផងដែរ ។ នៅពេល​មនុស្ស​និយាយ​ជំទាស់​នឹង​ព្រះអង្គសង្គ្រោះ និង​សាសនាចក្រ​របស់​ទ្រង់ តើ​ប៉ុល​បាន​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច ? តើ​យើង​អាច​រៀន​អ្វីខ្លះពីបទពិសោធន៍​របស់ប៉ុល ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ទំនុក​តម្កើង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « ព្រះ​ប្រោស​លោះ​ខ្ញុំ​នៅរស់ » ទំនុកតម្កើង ល.រ. ៧៧ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ផ្ដោត​ទៅលើ​គោលការណ៍​ទាំងឡាយ​ដែល​នឹង​ផ្ដល់ពរ​ដល់​គ្រួសារ​របស់​បងប្អូន ។ នៅពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ សូមសួរ​ខ្លួន​ឯង​ថា « តើ​អ្វី​ដែល​ខ្ញុំ​រកឃើញ​នៅត្រង់នេះ​នឹង​មានអត្ថន័យ​ជា​ពិសេស​ចំពោះ​គ្រួសារ​ខ្ញុំ​យ៉ាង​ណា ? ( សូម​មើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៧ ) ។

ប៉ុល​នៅ​ចំពោះ​ព្រះភក្ត្រ​ស្ដេច​អ័គ្រីប៉ា

ប៉ុល​នៅ​ចំពោះ​ព្រះភក្ត្រ​ស្ដេច​អ័គ្រីប៉ា ភាពក្លាហាន​នៅក្នុង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ ដោយ ដានីយ៉ែល អេ លូវីស