« ថ្ងៃទី ២៤–៣០ ខែ កក្កដា ។ កិច្ចការ ១៦–២១ ៖ ‹ ព្រះអម្ចាស់បានហៅឲ្យយើងផ្សាយដំណឹងល្អ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៤–៣០ ខែ កក្កដា ។ កិច្ចការ ១៦–២១ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២៤–៣០ ខែ កក្កដា
កិច្ចការ ១៦–២១
« ព្រះអម្ចាស់បានហៅឲ្យយើងផ្សាយដំណឹងល្អ »
នៅពេលបងប្អូនអានអំពីការខិតខំរបស់ប៉ុលដើម្បីប្រកាសដំណឹងល្អ នោះព្រះវិញ្ញាណអាចនឹងបំផុសគំនិតដល់បងប្អូនជាមួយនឹងគំនិត និងអារម្មណ៍ជាច្រើន ។ សូមកត់ត្រាការបំផុសគំនិតទាំងនេះទុក ហើយធ្វើផែនការដើម្បីអនុវត្តវា ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
នៅក្នុងចំណោមព្រះបន្ទូលចុងក្រោយរបស់ព្រះអម្ចាស់ទៅកាន់ពួកសាវករបស់ទ្រង់មានបទបញ្ញត្តិមួយនេះថា « ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ៖ បង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង » ( ម៉ាថាយ ២៨:១៩–២០ ) ។ ខណៈដែលពួកសាវកពុំអាចបានទៅដល់ គ្រប់ជាតិសាសន៍ក្ដី តែ កិច្ចការ ១៦–២១ បានបង្ហាញថា ប៉ុល និងដៃគូរបស់លោកបានធ្វើឲ្យមានការរីកចម្រើនយ៉ាងអស្ចារ្យក្នុងការស្ថាបនាសាសនាចក្រ ។ ពួកលោកបានបង្រៀន បានជ្រមុជទឹក ហើយបានប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ ពួកគេបានធ្វើអព្ភូតហេតុ ទាំងបានប្រោសបុរសម្នាក់ពីស្លាប់ ហើយបានទាយទុកអំពីការក្បត់សាសនាដ៏ធំផង ( កិច្ចការ ២០:៧–១២, ២៨–៣១ ) ។ ហើយកិច្ចការដែលពួកគេបានចាប់ផ្ដើមនោះកំពុងបន្ដធ្វើដោយពួកសាវកនៅរស់សព្វថ្ងៃនេះ ព្រមជាមួយនឹងពួកសិស្សដែលមានការលះបង់ដូចជាពួកបងប្អូន ដែលកំពុងជួយបំពេញតាមការបង្គាប់របស់ព្រះអង្គសង្គ្រោះតាមរបៀបជាច្រើនដែលប៉ុលពុំអាចនឹកដល់ ។ ប្រហែលជាបងប្អូនបានដឹងអំពីមនុស្សដែលពុំស្គាល់ព្រះវរបិតាសួគ៌របស់ពួកគេ ឬដំណឹងល្អរបស់ទ្រង់ ។ ប្រហែលជាបងប្អូនមានអារម្មណ៍ថា « មានសេចក្តីរំជួលក្នុងចិត្តជាខ្លាំង » ដើម្បីចែកចាយជាមួយពួកគេនូវអ្វីដែលបងប្អូនដឹងអំពីទ្រង់ ( កិច្ចការ ១៧:១៦ ) ។ បើសិនជាបងប្អូនធ្វើតាមគំរូដ៏រាបសា និងមោះមុតរបស់ប៉ុលនៅក្នុងការចែកចាយដំណឹងល្អ នោះបងប្អូនអាចរកឃើញមនុស្សម្នាក់ដែល « ព្រះអម្ចាស់ទ្រង់បើកចិត្ត » ( កិច្ចការ ១៦:១៤ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះវិញ្ញាណនឹងដឹកនាំខ្ញុំនៅក្នុងកិច្ចខិតខំរបស់ខ្ញុំដើម្បីចែកចាយដំណឹងល្អ ។
ព្យាការី យ៉ូសែប ស៊្មីធ បានប្រកាសថា « គ្មានមនុស្សណាម្នាក់អាចផ្សព្វផ្សាយដំណឹងល្អដោយគ្មានព្រះវិញ្ញាណបរិសុទ្ធនោះទេ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៣៣២ ) ។ កាលដែលបងប្អូនអាន កិច្ចការ ១៦–២១ សូមពិចារណាអំពីមូលហេតុដែលសេចក្ដីថ្លែងការណ៍របស់ព្យាការីគឺជាការពិត ។ សូមកត់ចំណាំឧទាហរណ៍ដែលព្រះវិញ្ញាណបានជួយដល់ប៉ុល និងដៃគូរបស់លោក ។ តើមានពរជ័យអ្វីខ្លះដែលកើតមាន ពេលដែលពួកលោកបានធ្វើតាមព្រះវិញ្ញាណ ? តើនៅពេលណាដែលបងប្អូនទទួលអារម្មណ៍ថា ព្រះវិញ្ញាណកំពុងបំផុសគំនិតនៅក្នុងការខិតខំចែកចាយដំណឹងល្អរបស់បងប្អូន ?
ខ្ញុំអាចប្រកាសដំណឹងល្អនៅគ្រប់ស្ថានភាព ។
ការត្រូវបានចាប់ដាក់គុកដោយសារតែការផ្សាយដំណឹងល្អ អាចនឹងមើលទៅទំនងជាមូលហេតុមួយសមហេតុផលដើម្បីឈប់ផ្សាយដំណឹងល្អ ។ ប៉ុន្តែចំពោះ ប៉ុល និងស៊ីឡាស វាក្លាយជាឱកាសមួយដើម្បីផ្លាស់ប្រែអ្នកជាប់ឃុំឲ្យជឿទៅវិញ ( សូមមើល កិច្ចការ ១៦:១៦–៣៤ ) ។ នៅក្នុង កិច្ចការ ១៦–២១ សូមរកមើលគំរូផ្សេងៗទៀតអំពីឆន្ទៈរបស់ប៉ុលដើម្បីចែកចាយទីបន្ទាល់របស់លោកដល់មនុស្សគ្រប់រូប ។ ហេតុអ្វីបងប្អូនគិតថា លោកមោះមុត ហើយមិនចេះខ្លាចដូច្នេះ ? តើបងប្អូនរៀនអ្វីខ្លះមកពីគំរូរបស់ប៉ុល ?
មានសារលិខិតជាច្រើនទៀតអំពីការចែកចាយដំណឹងល្អនៅក្នុង កិច្ចការ ១៦–២១ ។ នៅពេលបងប្អូនសិក្សាជំពូកទាំងនេះ សូមរកមើលសារលិខិតមួយដែលអនុវត្តជាពិសេសចំពោះបងប្អូន ។
សូមមើលផងដែរ ឌៀថើរ អេហ្វ អុជដូហ្វ « Missionary Work: Sharing What Is in Your Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៥–១៨ ។
« ពួកយើងជាពូជព្រះ » ។
នៅទីក្រុងអាថែន ប៉ុលបានរកឃើញមនុស្សដែលមានគំនិត និងទស្សនៈអំពីសាសនាផ្សេងៗគ្នា ។ ពួកគេតែងតែស្វែងចង់ « ដឹងជាសេចក្តីបង្រៀនថ្មី » ហើយអ្វីដែលប៉ុលត្រូវផ្ដល់ឲ្យគឺពិតជាថ្មីសម្រាប់ពួកគេ ( សូមមើល កិច្ចការ ១៧:១៩–២១ ) ។ ពួកគេបានថ្វាយបង្គំព្រះជាច្រើន រួមទាំងព្រះមួយដែលពួកគេហៅថា « ព្រះដ៏ពុំស្គាល់ » ( កិច្ចការ ១៧:២៣ ) ប៉ុន្តែពួកគេបានជឿថា ព្រះគឺជាព្រះចេស្ដា ឬកម្លាំងជាច្រើន ពុំមានព្រះជន្មរស់ ជាតួអង្គ ហើយច្បាស់ជាពុំមែនជាព្រះបិតារបស់យើងទេ ។ សូមសញ្ជឹងគិតពីអ្វីដែលប៉ុលបានមានប្រសាសន៍ដើម្បីជួយពួកគេឲ្យមកស្គាល់ព្រះ ។ តើវាមានន័យយ៉ាងណាចំពោះបងប្អូនធ្វើជា « ពូជនៃព្រះ » នោះ ? ( កិច្ចការ ១៧:២៩ ) ។ តាមយោបល់របស់បងប្អូន តើការធ្វើជាកូនរបស់ព្រះខុសពីការធ្វើជារបស់ដែលកើតមកពីការបង្កបង្កើតរបស់ទ្រង់យ៉ាងដូចម្ដេច ? តើការយល់ដឹងអំពីសេចក្ដីពិតនេះមានឥទ្ធិពលលើរបៀបដែលបងប្អូនមើលឃើញខ្លួនឯង និងអ្នកដទៃយ៉ាងដូចម្ដេច ?
បើបងប្អូនបានឈរនៅជិតប៉ុល នៅពេលលោកកំពុងថ្លែងទីបន្ទាល់ តើបងប្អូននឹងប្រាប់ពួកជនជាតិក្រេកពីបុរាណអ្វីខ្លះអំពីព្រះវរបិតាសួគ៌របស់យើង ? តើបងប្អូនស្គាល់នរណាម្នាក់ដែលអាចទទួលប្រយោជន៍មកពីការស្ដាប់ឮទីបន្ទាល់របស់បងប្អូនឬទេ ?
សូមមើល រ៉ូម ៨:១៦; យ៉ូហាន ទី១ ៥:២; « We Are the Offspring of God » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
កិច្ចការ ១៦–២១ ។ដើម្បីធ្វើឲ្យការយល់ដឹងរបស់គ្រួសារបងប្អូនកាន់តែជ្រាលជ្រៅអំពី កិច្ចការ ១៦–២១ បងប្អូនអាចសិក្សាផែនទីនៅខាងចុងនៃគម្រោងមេរៀននេះ ដោយរកមើលទីក្រុងទាំងឡាយដែលប៉ុលបានទៅផ្សព្វផ្សាយដំណឹងល្អនៅក្នុងជំពូកទាំងនេះ ។ តើធនធានអ្វីខ្លះដែលយើងមាននៅសព្វថ្ងៃនេះ ដើម្បីជួយនាំដំណឹងល្អទៅកាន់ជាតិសាសន៍ទាំងអស់ ?
ដើម្បីបំផុសដល់គ្រួសាររបស់បងប្អូនឲ្យចែកចាយដំណឹងល្អ បងប្អូនអាចបង្ហាញវីដេអូមួយ ឬច្រើនជាងនោះនៅក្នុងផ្នែក « ការចែកចាយដំណឹងល្អ » នៃបណ្ណាល័យដំណឹងល្អ ។
-
កិច្ចការ ១៧:១០–១២; ១៨:២៤–២៨ ។តើយើងអាចប្រែក្លាយកាន់តែដូចជាពួកបរិសុទ្ធនៅក្នុងខគម្ពីរទាំងនេះយ៉ាងដូចម្ដេច ? តើវាមានន័យយ៉ាងណាដើម្បី « ប្រុងប្រៀបសព្វគ្រប់ [ ទទួល ] ព្រះបន្ទូល » ? ( កិច្ចការ ១៧:១១ ) ។ តើយើងអាចធ្វើអ្វីខ្លះដើម្បី « ចេះស្ទាត់ក្នុងគម្ពីរ ? » ( កិច្ចការ ១៨:២៤ ) ។
-
កិច្ចការ ១៩:១–៧ ។ខគម្ពីរទាំងនេះអាចជួយឲ្យគ្រួសាររបស់បងប្អូនមានការពិភាក្សាមួយអំពីសារៈសំខាន់នៃការទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ ដើម្បីយល់ពីសេចក្ដីពិតទាំងឡាយនៅក្នុង កិច្ចការ ១៩:១–៧ កាន់តែប្រសើរ បងប្អូនអាចពិភាក្សារបស់មួយចំនួនដែលគ្មានប្រយោជន៍ បើមិនមានអ្វីមួយផ្សេងទៀត ដូចជាទូរសព្ទដែលអត់ថ្ម ។ ឬបងប្អូនអាចចែកចាយការបង្រៀននេះមកពីព្យាការី យ៉ូសែប ស្ម៊ីធ ៖ « បុណ្យជ្រមុជទឹកដោយទឹក គឺជាបុណ្យជ្រមុជទឹកពាក់កណ្ដាល ហើយវាពុំល្អទេ ប្រសិនបើជាគ្មានពាក់កណ្ដាលទៀត—ដែលជាបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ » ( Teachings: Joseph Smith ទំព័រ ៩៥ ) ។ ហេតុអ្វីបុណ្យជ្រមុជទឹក « ពុំស្អាត » បើគ្មានការទទួលអំណោយទានព្រះវិញ្ញាណបរិសុទ្ធនោះ ? ( សូមមើល នីហ្វៃទី៣ ២៧:១៩–២០; ម៉ូសេ ៦:៥៩–៦១ ) ។
-
កិច្ចការ ១៩:១៨–២០ ។កាលដែលបងប្អូនអាន កិច្ចការ ១៩:១៨–២០ សូមកត់ចំណាំពីតម្លៃនៃទ្រព្យសម្បត្តិ ដែលមនុស្សមានឆន្ទៈដើម្បីលះបង់ ដើម្បីឱបក្រសោបយកដំណឹងល្អ ( សូមមើល ខទី ១៩ ) ។ តើមានទ្រព្យខាងលោកិយ ឬសកម្មភាពអ្វីខ្លះ ដែលយើងចាំបាច់ត្រូវលះបង់ចោលដើម្បីទទួលបានពរជ័យពីស្ថានសួគ៌ ?
-
កិច្ចការ ២០:៣២–៣៥ ។តើគ្រួសាររបស់បងប្អូនបានទទួលបទពិសោធន៍ការបង្រៀនរបស់ព្រះគ្រីស្ទដែល « វាមានពរជ័យជាងដើម្បីផ្ដល់ឲ្យ ជាជាងទទួលយក » នៅពេលណា ? ( កិច្ចការ ២០:៣៥ ) ។ តើមាននរណាម្នាក់អាចនឹងទទួលប្រយោជន៍មកពីការបម្រើ ពេលវេលា ឬអំណោយទានដែលគ្រួសាររបស់បងប្អូនអាចផ្ដល់ឲ្យឬទេ ? សូមពិភាក្សាអំពីគំនិតមួយចំនួនជាគ្រួសារ ហើយបង្កើតផែនការមួយដើម្បីបម្រើនរណាម្នាក់ ។ តើយើងមានអារម្មណ៍យ៉ាងណា នៅពេលយើងបម្រើអ្នកដទៃ ? ហេតុអ្វីបានជាវាមានពរជ័យជាងដើម្បីផ្ដល់ឲ្យ ជាជាងទទួលយក ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលបានលើកទឹកចិត្តឲ្យប្រើ ៖ « ខ្ញុំជាកូនរបស់ព្រះ » សៀវភៅចម្រៀងកុមារ ទំព័រ ២–៣ ។