ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃ​ទី ១៧–២៣ ខែ កក្កដា ។ កិច្ចការ ១០–១៥ ៖ « ព្រះបន្ទូល​ក៏​ដុះ​ដាល​ចម្រើន​កាន់​តែ​ច្រើន​ឡើង »


« ថ្ងៃ​ទី ១៧–២៣ ខែ កក្កដា ។ កិច្ចការ ១០–១៥ ៖ ‹ ព្រះបន្ទូល​ក៏​ដុះដាល​ចម្រើន​កាន់តែ​ច្រើន​ឡើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃ​ទី ១៧–២៣ ខែ កក្កដា ។ កិច្ចការ ៥–១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

ពេត្រុស​កំពុង​និយាយ​ជាមួយ​កូនេលាស

ថ្ងៃ​ទី ១៧–២៣ ខែ កក្កដា

កិច្ចការ ១០–១៥

« ឯ​ព្រះបន្ទូល​ក៏​ដុះដាល​ចម្រើន​កាន់តែ​ច្រើន​ឡើង »

សូម​អាន កិច្ចការ ១០–១៥ ដោយ​យកចិត្ត​ទុកដាក់ ហើយ​សូម​ទុក​ពេល​ឲ្យ​ព្រះវិញ្ញាណ​បំផុស​គំនិត និង​អារម្មណ៍​បងប្អូន ។ តើ​មាន​អ្វីខ្លះ​ដែល​បងប្អូន​ត្រូវ​រៀន​នៅ​ក្នុង​ជំពូក​ទាំង​នេះ ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

អំឡុង​ការងារ​បម្រើ​នៅក្នុង​ជីវិត​រមែង​របស់​ទ្រង់ ជាញឹកញាប់ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជំទាស់​នឹង​ទំនៀម​ទម្លាប់ និង​ជំនឿ​ដ៏​យូរ​អង្វែង​របស់​ប្រជាជន ។ ការណ៍​នេះ​មិន​បាន​ឈប់​បន្ទាប់​ពី​ទ្រង់​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌​វិញ​ទេ ដោយសារ​ទ្រង់​បាន​បន្ត​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​វិវរណៈ ។ ឧទាហរណ៍ អំឡុង​ព្រះជន្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពួក​សិស្ស​របស់​ទ្រង់​បាន​ផ្សាយ​ដំណឹងល្អ​ទៅ​តែ​ពួក​សាសន៍​យូដា​ប៉ុណ្ណោះ ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ព្រះអង្គសង្គ្រោះ​បាន​សុគត​ទៅ ហើយ​ពេត្រុស​បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​នៃ​សាសនាចក្រ​នៅលើ​ផែនដី នោះ​ព្រះយេស៊ូវគ្រីស្ទ​បាន​បើក​សម្ដែង​ដល់​ពេត្រុស​ថា ​ដល់​ពេល​ដើម្បី​ផ្សាយ​ដំណឹងល្អ​ទៅ​កាន់​សាសន៍​ដែល​ពុំ​មែន​ជា​ពួក​យូដា​ហើយ ។ គំនិត​អំពី​ការចែកចាយដំណឹងល្អ​ជាមួយ​សាសន៍​ដទៃ​ហាក់ដូចជា​ពុំ​មាន​ការ​ភ្ញាក់ផ្អើល​ទេ​សព្វថ្ងៃ​នេះ ដូច្នេះ​តើ​មាន​មេរៀន​អ្វី​នៅ​ក្នុង​ដំណើរ​រឿង​នេះ​សម្រាប់​ពួក​យើង ? ប្រហែល​ជា​មេរៀន​មួយ​គឺ​ថា ទាំង​នៅក្នុង​សាសនាចក្រ​ពី​បុរាណ និង​សម័យ​ទំនើប ព្រះអង្គ​សង្គ្រោះ​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​តែង​ដឹកនាំ​ថ្នាក់​ដឹក​នាំ​ដ៏​ជម្រើស​របស់​ទ្រង់ ( សូមមើល អេម៉ុស ៣:៧; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:៣៨ ) ។ ការបន្ដ​មាន​វិវរណៈ​គឺ​ជា​សញ្ញា​សម្គាល់​ដ៏​សំខាន់​មួយ​នៃ​សាសនាចក្រ​ដ៏​ពិត និង​សកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ដូចជា​ពេត្រុស​ដែរ យើង​ត្រូវ​មាន​ឆន្ទៈ​ទទួល​យក​ការបន្ដ​មាន​វិវរណៈ ហើយ​រស់នៅ « ដោយសារ​គ្រប់​ទាំង​ព្រះបន្ទូល​នៃ​ព្រះ » ( លូកា ៤:៤ ) រួមទាំង « ការណ៍​ទាំង​អស់ ដែល​ទ្រង់​បាន​បើក​សម្ដែង​មក និង​ការណ៍​ទាំង​អស់ ដែល​ទ្រង់​បើក​សម្ដែង​នៅ​ពេល​ឥឡូវ​នេះ » និង « ការណ៍​ដ៏​ធំ និង​សំខាន់ៗ​ជា​ច្រើន » ដែល​ទ្រង់​មិន​ទាន់​បាន​បើក​សម្ដែង « ដែល​ទាក់ទង​ទៅនឹង​នគរ​នៃ​ព្រះ » ( មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៩ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

កិច្ចការ ១០

« ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ » ។

អស់​ជា​ច្រើន​ជំនាន់​មក​ហើយ ពួកសាសន៍យូដា​បាន​ជឿ​ថា​ពួកគេ​ជា « ពូជ​របស់​អ័ប្រាហាំ » ឬ​ជា​កូន​ចៅ​របស់​អ័ប្រាហាំ​ពិត ដែល​មានន័យ​ថា​ជា​មនុស្ស​ម្នាក់​ត្រូវ​បាន​ទទួល​យក និង​ជ្រើសរើស​ដោយ​ព្រះ ( សូមមើល លូកា ៣:៨ ) ។ ពួកគេ​បាន​ចាត់ទុក​អ្នក​ផ្សេង​ទៀត​ថា​ជា​ពួក​សាសន៍​ដទៃ​ដែល « មិន​ស្អាត » ដែល​ព្រះ​ពុំ​ទទួល​យក ។ នៅក្នុង កិច្ចការ ១០ តើ​ព្រះអម្ចាស់​បាន​បង្រៀន​ពេត្រុស​អ្វី​ខ្លះ​អំពី​មនុស្ស​ដែល « គាប់​ដល់​ព្រះហឫទ័យ​ទ្រង់ » ? ( កិច្ចការ ១០:៣៥ ) ។ តើ​មាន​ភស្ដុតាង​អ្វីខ្លះ​ដែល​បងប្អូន​រកឃើញ​នៅ​ក្នុង​ជំពូក​នេះ ដែល​ថា​ជីវិត​របស់​កូនេលាស​ត្រូវ​បាន​ព្រះអម្ចាស់​ទទួល​យក ? សូម​សញ្ជឹង​គិត​អំពី​អត្ថន័យ​នៃ​សេចក្ដី​ថ្លែង « ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ » ( ខទី ៣៤; សូមមើល​ផងដែរ នីហ្វៃទី១ ១៧:៣៥ ) ។ ហេតុអ្វី​វា​សំខាន់​ដែល​បងប្អូន​ត្រូវ​ដឹង​អំពី​សេចក្ដីពិត​នេះ ?

ដូចជា​ពួក​សាសន៍​យូដា​ដែល​បាន​មើល​ងាយ​ដល់​អស់​អ្នក​ដែល​ពុំ​មែន​ជា​ពូជ​អ័ប្រាហាំ​ដែរ តើ​បងប្អូន​ធ្លាប់​ដឹង​ថា​ខ្លួន​បងប្អូន​បាន​ធ្វើ​ការស្មាន​ដោយ​ពុំ​មាន​សន្ដាន​ចិត្តល្អ ឬ​ការស្មាន​ដែល​មិន​ដឹង​ជាមុន​អំពី​នរណា​ម្នាក់​ដែល​ខុស​ពី​បងប្អូន​ឬទេ ? តើបងប្អូន​អាច​យកឈ្នះ​លើ​ទំនោរ​នេះ​បាន​យ៉ាង​ដូចម្ដេច ? វា​អាច​នឹង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​សាកល្បង​សកម្មភាព​សាមញ្ញ​មួយ​នៅ​ពីរ​បី​ថ្ងៃ​ខាង​មុខ​ទៀត ៖ នៅពេល​ណា​ដែល​បងប្អូន​ប្រាស្រ័យ​ទាក់ទង​នឹង​នរណា​ម្នាក់ សូម​ព្យាយាម​គិត​ក្នុង​ចិត្ត​ថា « បុគ្គល​នេះ​គឺ​ជា​កូន​របស់​ព្រះ » ។  នៅពេល​បងប្អូន​ធ្វើ​ដូច​នេះ តើ​បងប្អូន​កត់​សម្គាល់​ឃើញ​ទៅ​លើ​របៀប​ដែល​បងប្អូន​គិត និង​ប្រាស្រ័យទាក់ទង​នឹង​អ្នកដទៃ​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ណា​ខ្លះ ?

សូមមើល​ផងដែរ សាំយូអែល ទី១ ១៦:៧; នីហ្វៃទី២ ២៦:១៣, ៣៣; រ័សុល អិម ណិលសុន « Let God Prevail » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២–៩៥; « Peter’s Revelation to Take the Gospel to the Gentiles » ( វីដេអូ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

កិច្ចការ ១០; ១១:១–១៨; ១៥

ព្រះវរបិតាសួគ៌​បង្រៀន​ខ្ញុំ​មួយ​បន្ទាត់​ម្ដងៗ​តាមរយៈ​វិវរណៈ ។

នៅពេល​ពេត្រុស​បាន​ឃើញ​ការនិមិត្ត​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង កិច្ចការ ១០ គាត់​មាន​ការ​លំបាក​ពី​ដំបូង​ដើម្បី​យល់​អំពី​វា ហើយ « នៅ​ងោង​ក្នុង​ខ្លួន​ពី​ន័យ​ការ​ជាក់​ស្ដែង » ( ខទី ១៧ ) ។ ប៉ុន្ដែ​ព្រះអម្ចាស់​បាន​ប្រទាន​ការយល់ដឹង​កាន់តែ​ច្រើន​ដល់​ពេត្រុស នៅពេល​ពេត្រុស​ស្វែង​យល់​ពី​វា ។ នៅ​ពេល​បងប្អូន​អាន កិច្ចការ ១០, ១១​ និង ១៥​ សូម​កត់ចំណាំ​អំពី​របៀប​ដែល​ការ​យល់​ដឹង​របស់​ពេត្រុស​អំពី​ការ​និមិត្ត​របស់​គាត់​បាន​យល់​កាន់តែ​ជ្រៅជ្រះ​បន្តិច​ម្តងៗ ។ តើ​បងប្អូន​បាន​ស្វែងរក និង​ទទួល​បាន​ការ​យល់​ដឹង​កាន់តែ​ខ្លាំង​មកពី​ព្រះ​នៅពេល​បងប្អូន​មាន​សំណួរ​យ៉ាង​ដូចម្ដេច ?

កិច្ចការ ១០, ១១ និង ១៥ ប្រាប់​ពី​ឧទាហរណ៍​ជាច្រើន​ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​តាមរយៈ​វិវរណៈ ។ វា​អាច​នឹង​ជា​ជំនួយ​ដើម្បី​កត់ត្រា​អំពី​អ្វី​ដែល​បងប្អូន​រៀន​អំពី​វិវរណៈ នៅពេល​បងប្អូន​អាន​ជំពូក​ទាំងនេះ ។ តើ​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​បងប្អូន​តាម​វិធី​ណា​ខ្លះ ?

សូមមើល​ផងដែរ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « វិវរណៈ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org; ឃ្វីនថិន អិល ឃុក « The Blessing of Continuing Revelation to Prophets and Personal Revelation to Guide Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៩៦–១០០; « The Jerusalem Conference » ( វីដេអូ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

កិច្ចការ ១១:២៦

ខ្ញុំ​គឺ​ជា​គ្រិស្ដសាសនិក​ម្នាក់ ពីព្រោះ​ខ្ញុំ​ជឿ ហើយ​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ។

តើ​អ្វី​ដែល​សំខាន់​អំពី​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ជា​គ្រិស្ដសាសនិក​ម្នាក់​នោះ ? ( សូមមើល កិច្ចការ ១១:២៦ ) ។ តើ​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​បងប្អូន ក្នុង​ការដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​គ្រិស្តសាសនិក​ម្នាក់​នោះ ? សូម​ពិចារណា​អំពី​សារៈសំខាន់​នៃ​ឈ្មោះ​ទាំងឡាយ ។ ឧទាហរណ៍ តើ​ត្រកូល​របស់​បងប្អូន​មានន័យ​យ៉ាង​ណា​ចំពោះ​បងប្អូន ? ហេតុអ្វី​ឈ្មោះ​របស់​សាសនាចក្រ​សំខាន់​ចំពោះ​បងប្អូន ? ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៥:៤ ) ។ តើ​វា​មាន​ន័យ​យ៉ាងណា​ចំពោះ​បងប្អូន ដែល​ត្រូវ​លើកដាក់​មក​លើ​ខ្លួន​បងប្អូន​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ? ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧៧ ) ។

សូមមើល​ផងដែរ ម៉ូសាយ ៥:៧–១៥; អាលម៉ា ៤៦:១៣–១៥; នីហ្វៃទី៣ ២៧:៣–៨; រ័សុល អិម ណិលសុន « The Correct Name of the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៧–៩០ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

កិច្ចការ ១០:១៧, ២០ ។តើ​យើង​ធ្លាប់​មាន​បទពិសោធន៍​ខាង​វិញ្ញាណ ហើយ​ក្រោយ​មក​សង្ស័យ​នឹង​អ្វី​ដែល​យើង​ទទួល​អារម្មណ៍ ឬ​បាន​រៀន​ឬទេ ? តើ​យើង​មាន​ដំបូន្មាន​អ្វីខ្លះ​ដែលអាច​ផ្ដល់​ទៅ​ឲ្យ​គ្នា​ទៅវិញ​ទៅមក ដែល​អាច​នឹង​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​ការ​សង្ស័យ​របស់​យើង ? ( សូមមើល នែល អិល អាន់ឌើរសិន « Spiritually Defining Memories » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១៨–២២ ) ។

កិច្ចការ ១០:៣៤–៣៥ ។តើ​បងប្អូន​អាច​បង្រៀន​គ្រួសារ​របស់​បងប្អូន​ថា « ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ » ដោយ​របៀប​ណា ? ( កិច្ចការ ១០:៣៤ ) ។ ប្រហែល​ជា​បងប្អូន​អាច​ដាក់​បង្ហាញ​រូបភាព​នៃ​មនុស្ស​ដែល​មាន​ប្រវត្តិ និង​វប្បធម៌​ខុសៗ​គ្នា ខណៈ​ដែល​គ្រួសារ​របស់​បងប្អូន​អាន​ខគម្ពីរ​ទាំងនេះ ។ តើ​សេចក្ដី​ពិត​នៅក្នុង​ខគម្ពីរ​ទាំងនេះ​អាច​ជះ​ឥទ្ធិពល​លើ​សកម្មភាព​របស់​បងប្អូន​យ៉ាង​ដូច​ម្ដេច ? ( ជា​ឧទាហរណ៍ សូមមើល « ខ្ញុំ​នឹង​ដើរ​ជាមួយ​អ្នក » ( [ សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧៨ ] ) ។

កិច្ចការ ១២:១–១៧ ។គ្រួសារ​របស់​បងប្អូន​អាច​សម្ដែង​តាម​ដំណើររឿង​របស់​ពេត្រុស ដែល​ត្រូវ​បោះចូល​ទៅក្នុង​គុក ហើយ​សមាជិក​សាសនាចក្រ​បាន​ប្រមូល​ផ្ដុំ​គ្នា​អធិស្ឋាន​សម្រាប់​លោក ។ តើ​យើង​ត្រូវបាន​ប្រទានពរជ័យ​ដោយ​ការអធិស្ឋាន​យ៉ាងដូចម្តេច ? តើ​មាន​នរណា​ម្នាក់​ដែល​យើង​ទទួល​អារម្មណ៍​បំផុសគំនិត​ដើម្បី​​អធិស្ឋានឲ្យ ដូចជា​សម្រាប់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ឬ​មនុស្ស​ជា​ទីស្រឡាញ់​ឬ​ទេ ? តើ​ការអធិស្ឋាន « ដោយ​ឥតឈប់ឈរ » មាន​ន័យ​យ៉ាង​ដូចម្ដេច ? ( កិច្ចការ ១២:៥; សូមមើល​ផងដែរ អាលម៉ា ៣៤:២៧ ) ។

ពេត្រុស​បាន​រួច​ពី​គុក

ពេត្រុស​បាន​រួច​ពី​គុក ដោយ អេ អិល ណូកេស

កិច្ចការ ១៤ ។កាលដែល​បងប្អូន​អាន​ជំពូក​នេះ​ជាមួយ​គ្នា នោះ​សមាជិក​គ្រួសារ​មួយ​ចំនួន​អាច​ធ្វើ​ការកត់​ចំណាំ​ពី​ពរជ័យ​ទាំងឡាយ​ដែល​មាន​ដល់​ពួកសិស្ស និង​សាសនាចក្រ ។ សមាជិក​គ្រួសារ​ផ្សេង​ទៀត​កត់ចំណាំ​ពី​ការប្រឆាំង ឬ​ការសាកល្បង​ដែល​ពួកសិស្ស​បាន​ជួប ។ ហេតុអ្វី​ព្រះ​អនុញ្ញាត​ឲ្យ​រឿង​លំបាកៗ​កើតឡើង​ចំពោះ​មនុស្ស​សុចរិត ?

កិច្ចការ ១៥:១–២១ ។ខគម្ពីរ​ទាំងនេះ​ពិពណ៌នា​អំពី​ការមិន​ចុះ​សម្រុង​មួយ​នៅក្នុង​សាសនាចក្រ ថាតើ​ពួក​អ្នក​ប្រែចិត្ត​ជឿ​ត្រូវ​រក្សា​ច្បាប់​លោក​ម៉ូសេ​ឬទេ រួម​ទាំង​ការកាត់​ស្បែក​ផងដែរ ។ តើ​ពួក​សាវក​បាន​ធ្វើ​អ្វី​អំពី​ការមិន​ចុះ​សម្រុង​នេះ ? តើ​យើង​អាច​រៀនអ្វី​ខ្លះ​មកពី​គំរូ​ទាំងនេះ អំពី​របៀប​ដែល​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដឹកនាំ​កិច្ចការ​របស់​សាសនាចក្រ ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែលបាន​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « ខ្ញុំ​នឹង​ដើរ​ជាមួយ​អ្នក » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧៨–៧៩ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

គូរ​រូបភាព ។ រូបភាព​ទាំងឡាយ​អាច​ជួយ​សមាជិក​គ្រួសារ​ឲ្យ​មើល​ឃើញ​ការ​បង្រៀន និង​ដំណើរ​រឿង​ខាង​បទគម្ពីរ​បាន ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​គូរ​រូបភាព​អំពី​អ្វី​ដែល​បងប្អូន​អាន ដូចជា​ការនិមិត្ត​របស់​ពេត្រុស​នៅក្នុង កិច្ចការ ១០ ជាដើម ។

ពេត្រុស និង កូនេលាស

បទពិសោធន៍​របស់​ពេត្រុស និង កូនេលាស បង្ហាញ​ថា « ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ » ( កិច្ចការ ១០:៣៤ ) ។