« ថ្ងៃទី ២៦ ខែ មិថុនា–ថ្ងៃទី ២ ខែ កក្កដា ។ ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០–២១ ៖ ‹ ទ្រង់មានព្រះជន្មរស់ឡើងវិញ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៦ ខែ មិថុនា–ថ្ងៃទី ២ ខែ កក្កដា ។ ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០–២១ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង ដោយ ខាមីល ខូរី
ថ្ងៃទី ២៦ ខែ មិថុនា–ថ្ងៃទី ២ ខែ កក្កដា
ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០–២១
« ទ្រង់មានព្រះជន្មរស់ឡើងវិញ »
សូមអានម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤ និង យ៉ូហាន ២០–២១ ប្រកបដោយការអធិស្ឋាន នឹកគិតអំពីអំណរដែលបងប្អូនមាន ដោយសារតែការរស់ឡើងវិញរបស់ព្រះគ្រីស្ទ ។ តើនរណាខ្លះអាចនឹងត្រូវបានប្រទានពរ តាមរយៈការស្ដាប់ឮទីបន្ទាល់ពីព្រឹត្តិការណ៍នេះ ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ចំពោះអ្នកអង្កេតជាច្រើនមើលឃើញថា ការសុគតរបស់ព្រះយេស៊ូវនៃណាសារ៉ែត ប្រហែលហាក់ដូចជាការបញ្ចប់ដ៏ចំអកឡកឡឺយនៃជីវិតដ៏អស្ចារ្យមួយ ។ តើពុំមែនជាបុរសនេះដែលបានប្រោសឡាសាពីស្លាប់ទេឬអី ? តើពុំមែនជាទ្រង់ដែលទប់ទល់នឹងការគំរាមគំហែងសម្លាប់មកពីពួកផារិស៊ីពីមួយពេលទៅមួយពេលទេឬអី ? ទ្រង់បានសម្ដែងព្រះចេស្ដាដើម្បីព្យាបាលមនុស្សខ្វាក់ មនុស្សឃ្លង់ និងមនុស្សស្វិតដៃជើង ។ គ្រប់ខ្យល់ និងសមុទ្រគោរពទ្រង់ ។ តែយ៉ាងណាក្ដី ទ្រង់ត្រូវព្យួរនៅលើឈើឆ្កាងដោយប្រកាសថា « ការស្រេចហើយ » ( យ៉ូហាន ១៩:៣០ ) ។ ប្រហែលជាមានការភ្ញាក់ផ្អើលដោយស្មោះមួយចំនួននៅក្នុងពាក្យចំអកថា « វាជួយសង្គ្រោះមនុស្សឯទៀតបាន តែមិនអាចនឹងជួយសង្គ្រោះដល់ខ្លួនវាបានទេ » ( ម៉ាថាយ ២៧:៤២ ) ។ ប៉ុន្តែយើងដឹងថា ការសុគតរបស់ព្រះយេស៊ូវពុំមែនជាទីបញ្ចប់នៃរឿងនោះទេ ។ យើងដឹងថា ផ្នូរស្ងាត់ជ្រងំគឺជារឿងបណ្ដោះអាសន្ន ហើយថាកិច្ចការសង្គ្រោះរបស់ព្រះគ្រីស្ទគឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ។ ទ្រង់ពុំត្រូវបានរកឃើញនៅក្នុង « ទីខ្មោចស្លាប់ » ទេ ប៉ុន្តែនៅក្នុងចំណោមមនុស្សរស់ ( លូកា ២៤:៥ ) ។ ការបង្រៀនរបស់ទ្រង់នឹងពុំត្រូវបាននៅស្ងាត់នោះទេ ដ្បិតពួកសិស្សស្មោះត្រង់របស់ទ្រង់នឹងផ្សាយដំណឹងល្អនៅ « គ្រប់ជាតិសាសន៍ » ដោយទុកចិត្តទៅលើការសន្យារបស់ទ្រង់ថា ទ្រង់នឹង « គង់នៅជាមួយនឹង [ ពួកគេ ] ជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប » ( ម៉ាថាយ ២៨:១៩–២០ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០
ព្រះយេស៊ូវគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ ។
នៅក្នុងវគ្គបទគម្ពីរទាំងនេះ បងប្អូននឹងអានអំពីព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រនៃមនុស្សលោកគឺ ៖ ការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅពេលបងប្អូនអាន សូមដាក់ខ្លួនបងប្អូនជាបុគ្គលដែលបានធ្វើជាសាក្សីក្នុងព្រឹត្តិការណ៍ទាំងឡាយដែលស្ថិតនៅក្នុងពេលនៃការរស់ឡើងវិញ ។ តើបងប្អូនអាចរៀនអ្វីខ្លះ ចេញពីបទពិសោធន៍របស់ពួកគាត់ ?
តើ បងប្អូន មានអារម្មណ៍យ៉ាងដូចម្ដេច នៅពេលបងប្អូនអានអំពីការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ? សូមពិចារណាអំពីរបៀបដែលវាមានឥទ្ធិពលមកលើបងប្អូន—ទស្សនៈរបស់បងប្អូនអំពីជីវិត ទំនាក់ទំនងរបស់បងប្អូន សេចក្ដីជំនឿរបស់បងប្អូនទៅលើព្រះគ្រីស្ទ និងសេចក្ដីជំនឿបងប្អូនទៅលើសេចក្ដីពិតនៃដំណឹងល្អដទៃទៀត ។
សូមមើលផងដែរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « រស់ឡើងវិញ, ដំណើររស់ឡើងវិញ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ។
ខ្ញុំអាចអញ្ជើញព្រះអង្គសង្គ្រោះឲ្យ « នៅជាមួយនឹង [ ខ្ញុំ ] » ។
កាលដែលបងប្អូនអានពីបទពិសោធន៍របស់ពួកសិស្សដែលធ្វើដំណើរពីរនាក់ ដែលបានជួបនឹងព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញ សូមរកមើលអ្វីដែលស្របទៅនឹងបទពិសោធន៍របស់បងប្អូនក្នុងនាមជាដើរតាមព្រះគ្រីស្ទ ។ តើបងប្អូនអាចដើរជាមួយនឹងទ្រង់នៅសព្វថ្ងៃនេះ ហើយយាងអញ្ជើញទ្រង់ឲ្យ « គង់នៅ » យូរបន្ដិចទៀតយ៉ាងដូចម្ដេច ? ( លូកា ២៤:២៩ ) ។ តើបងប្អូនទទួលស្គាល់វត្តមានរបស់ទ្រង់នៅក្នុងជីវិតរបស់បងប្អូនយ៉ាងដូចម្ដេច ? តើព្រះវិញ្ញាណបរិសុទ្ធបានថ្លែងទីបន្ទាល់អំពីភាពជាព្រះរបស់ព្រះយេស៊ូវគ្រីស្ទចំពោះបងប្អូនតាមរបៀបណា ?
សូមមើលផងដែរ « សូមគង់នឹងខ្ញុំ យប់យន់រាត្រី » « សូមគង់នឹងខ្ញុំ ! » ទំនុកតម្កើង ល.រ. ៩៧–៩៨ ។
ការរស់ឡើងវិញគឺជាការរួបរួមជាអចិន្ត្រៃយ៍រវាងវិញ្ញាណ និងរូបកាយ ។
ដំណើររឿងអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ អាចជួយបងប្អូនឲ្យយល់អំពីអត្ថន័យនៃការរស់ឡើងវិញ ។ ឧទាហរណ៍ តើសេចក្ដីពិតអ្វីខ្លះ ដែលបងប្អូនរកឃើញនៅក្នុង លូកា ២៤:៣៦–៤៣ និង យ៉ូហាន ២០ អំពីរូបកាយដែលរស់ឡើងវិញ ។ បងប្អូនក៏អាចរុករកបទគម្ពីរផ្សេងៗទៀតអំពីការរស់ឡើងវិញផងដែរ ដូចជា កូរិនថូស ទី១ ១៥:៣៥–៤៤; ភីលីព ៣:២០–២១; នីហ្វៃទី៣ ១១:១៣–១៥; គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:២៧–៣១; ១១០:២–៣; ១៣០:១, ២២ ។
« មានពរហើយអ្នកណាដែលជឿឥតឃើញសោះ » ។
មនុស្សមួយចំនួនមានអារម្មណ៍ដូចជាថូម៉ាស ដែលនិយាយថា « បើខ្ញុំមិនឃើញ … នោះខ្ញុំមិនព្រមជឿទេ » ( យ៉ូហាន ២០:២៥ ) ។ តាមគំនិតរបស់បងប្អូន ហេតុអ្វីការជឿដោយមិនបានឃើញអាចជាពរជ័យមួយ ? ( សូមមើល យ៉ូហាន ២០:២៩ ) ។ សូមសញ្ជឹញគិតពីរបៀបដែលបងប្អូនបានទទួលពរជ័យ ចំពោះការជឿទៅលើរឿងដែលបងប្អូនមើលមិនឃើញដោយរបៀបណា ។ តើមានអ្វីខ្លះដែលបានជួយបងប្អូនឲ្យមានសេចក្ដីជំនឿទៅលើព្រះអង្គសង្គ្រោះ ទោះជាពេលដែលបងប្អូនមើលមិនឃើញទ្រង់ក្ដីនោះ ? តើបងប្អូនអាចបន្តពង្រឹងដល់សេចក្ដីជំនឿរបស់បងប្អូនលើ « អ្វីៗដែលមើលមិនឃើញ ហើយដែលពិត » ដោយរបៀបណា ? ( សូមមើល អាលម៉ា ៣២:១៦–២១; អេធើរ ១២:៦ ) ។ សូមពិចារណាធ្វើការកត់ត្រាបទពិសោធន៍នានាដែលបានជួយបងប្អូនឲ្យជឿទៅលើព្រះអង្គសង្គ្រោះនៅក្នុងសៀវភៅកំណត់ហេតុ ឬចែកចាយវាជាមួយនឹងនរណាម្នាក់ដែលបងប្អូនស្គាល់ ។
ព្រះអង្គសង្គ្រោះអញ្ជើញខ្ញុំឲ្យផ្ដល់ចំណីឲ្យចៀមទ្រង់ ។
វាអាចនឹងជារឿងគួរឲ្យចាប់អារម្មណ៍ដើម្បីប្រៀបធៀបការប្រាស្រ័យទាក់ទងរបស់ព្រះអង្គសង្គ្រោះជាមួយនឹងពួកសិស្សនៅក្នុង យ៉ូហាន ២១ ទៅនឹងគ្រាដំបូងដែលទ្រង់បានបង្គាប់ពួកគេឲ្យទម្លាក់អួនរបស់ពួកគេ ដែលបានកត់ត្រានៅក្នុង លូកា ៥:១–១១ ។ តើបងប្អូនរកឃើញមានភាពស្រដៀងគ្នា និងភាពខុសគ្នាអ្វីខ្លះ ? តើបងប្អូនរកឃើញគំនិតយោបល់អ្វីខ្លះអំពីភាពជាសិស្ស ?
សូមពិចារណាអំពីរបៀបដែលព្រះអង្គសង្គ្រោះមានព្រះបន្ទូលទៅកាន់ពេត្រុសនៅក្នុង យ៉ូហាន ២១:១៥–១៧ អាចនឹងអនុវត្តចំពោះបងប្អូន ។ តើមានអ្វីផ្សេងទៀតដែលបានរារាំងបងប្អូនមិនឲ្យបម្រើដល់ចៀមរបស់ព្រះអម្ចាស់ ? តើបងប្អូននឹងឆ្លើយតបយ៉ាងណា បើព្រះអម្ចាស់សួរបងប្អូនថា « តើពេញចិត្តនឹងខ្ញុំឬអី » ? សូមពិចារណាអំពីរបៀបដែលបងប្អូនអាចបង្ហាញសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះព្រះអម្ចាស់ ។
សូមមើល ពេត្រុស ទី១ ៥:២–៤, ៨; ជែហ្វ្រី អ័រ ហូឡិន « The First Great Commandment » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៨៣–៨៥ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
លូកា ២៤:៥–៦ ។ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍អំពី លូកា ២៤:៥–៦ ថា « គ្មានពាក្យណាក្នុងពិភពគ្រីស្ទសាសនាដែលមានន័យច្រើនជានេះសម្រាប់ខ្ញុំទេ » ( « He Is Risen! » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៨៩ ) ។ តើពាក្យទាំងនេះមានន័យយ៉ាងណាចំពោះបងប្អូន និងគ្រួសាររបស់បងប្អូន ?
-
ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០–២១ ។កាលដែលគ្រួសាររបស់បងប្អូនអានជំពូកទាំងនេះ សូមកត់សម្គាល់ពីមនុស្សដែលបានប្រាស្រ័យទាក់ទងនឹងព្រះយេស៊ូវនៅក្នុងដំណើររឿងនីមួយៗ ។ ឧទាហរណ៍ តើបងប្អូនមានចំណាប់អារម្មណ៍អ្វីខ្លះ អំពីមនុស្សដែលបានទៅឯផ្នូររបស់ព្រះអង្គសង្គ្រោះ ? តើបងប្អូនរៀនអ្វីខ្លះពីពាក្យសម្ដី ឬសកម្មភាពរបស់ពួកសាវក ឬពីពួកសិស្សនៅតាមផ្លូវទៅភូមិអេម៉ោស ?
សូមពិចារណាក្នុងការច្រៀងបទ « តើព្រះយេស៊ូវរស់ឡើងវិញឬ ? » ជាមួយគ្នា » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤៥ ) ។ សូមនិយាយអំពីនរណាម្នាក់ដែលគ្រួសាររបស់បងប្អូនស្គាល់ដែលបានស្លាប់ទៅហើយ ហើយពិភាក្សាពីរបៀបដែលសេចក្ដីពិតទាំងឡាយនៅក្នុងចម្រៀននេះនាំមកនូវការលួងលោម ។
នៅតាមផ្លូវទៅទីក្រុងអេម៉ោស ដោយ វីនឌី ខែលើរ
-
ម៉ាថាយ ២៨:១៦–២០; ម៉ាកុស ១៦:១៤–២០; លូកា ២៤:៤៤–៥៣ ។នៅក្នុងខគម្ពីរទាំងនេះ តើព្រះយេស៊ូវកំពុងសុំឲ្យពួកសាវករបស់ទ្រង់ធ្វើអ្វី ? តើយើងអាចជួយសម្រេចកិច្ចការនេះយ៉ាងដូចម្ដេច ? សមាជិកគ្រួសារអាចចែកចាយបទពិសោធន៍នានា នៅពេលពួកគេមានអារម្មណ៍ថា « ព្រះអម្ចាស់ធ្វើការជាមួយពួកគេ » ដើម្បីសម្រេចបាននូវគោលបំណងរបស់ទ្រង់ ( ម៉ាកុស ១៦:២០ ) ។
-
យ៉ូហាន ២១:១៥–១៧ ។សូមធ្វើការពិចារណាអានអំពីខគម្ពីរទាំងនេះ ខណៈពេលទទួលទានអាហារជាមួយគ្នា ។ ការណ៍នេះអាចបន្ថែមអត្ថន័យខ្លះទៀតទៅលើព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះថា « ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង » ។ ដោយផ្អែកទៅលើអ្វីដែលព្រះយេស៊ូវបានបង្រៀនអំពីចៀមនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ( សូមមើល ឧទាហរណ៍ ម៉ាថាយ ៩:៣៥–៣៦; ១០:៥–៦; ២៥:៣១–៤៦; លូកា ១៥:៤–៧; យ៉ូហាន ១០:១–១៦ ) ហេតុអ្វីក៏ការឲ្យចំណីចៀមគឺជារបៀបដ៏ល្អមួយដើម្បីពិពណ៌នាអំពីការបម្រើដល់បុត្រាបុត្រីរបស់ព្រះ ? តើភាពស្រដៀងគ្នានេះបង្រៀនអ្វីខ្លះអំពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវមានព្រះទ័យអំពីយើង ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលបានលើកទឹកចិត្តឲ្យប្រើ ៖ « តើព្រះយេស៊ូវរស់ឡើងវិញឬ ? » សៀវភៅចម្រៀងកុមារ ទំព័រ ៤៥ ។
ការកែលម្អដល់ការសិក្សាផ្ទាល់ខ្លួន
ប្រើតន្ត្រីដើម្បីយាងព្រះវិញ្ញាណ និងរៀនពីគោលលទ្ធិ ។ ការស្ដាប់ ឬការច្រៀងទំនុកតម្ដើងដូចជាបទ « ទ្រង់រស់ឡើងវិញ ! » ( ទំនុកតម្កើង ល.រ. ១២១ ) អាចអញ្ជើញព្រះវិញ្ញាណ និងជួយបងប្អូនឲ្យរៀនអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ។
ព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ ដោយ វ៉លធើរ រ៉េន