« ថ្ងៃទី ១៩–២៥ ខែ មិថុនា ។ ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; យ៉ូហាន ១៩ ៖ ‹ ការស្រេចហើយ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១៩–២៥ ខែ មិថុនា ។ ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; យ៉ូហាន ១៩ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
Ecce Homo ( ព្រះយេស៊ូវគ្រីស្ទដែលត្រូវគេធ្វើទុក្ខទោស ) ដោយ អាន់ថូញូ ស៊ីស៊ើរី
ថ្ងៃទី ១៩–២៥ ខែ មិថុនា
ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; យ៉ូហាន ១៩
« ការស្រេចហើយ »
ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; និង យ៉ូហាន ១៩ រួមមានទាំងការពិពណ៌នាអំពីនាទីចុងក្រោយនៃជីវិតរមែងស្លាប់របស់ព្រះអង្គសង្គ្រោះ ។ សូមព្យាយាមដឹងពីសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះបងប្អូន នៅពេលបងប្អូនសិក្សាអំពីការធ្វើពលិកម្ម និងការសុគតរបស់ទ្រង់ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
នៅគ្រប់ព្រះបន្ទូល និងទង្វើ ព្រះយេស៊ូវគ្រីស្ទបានធ្វើជាគំរូពីសេចក្ដីស្រឡាញ់ដ៏ពិត—ជាអ្វីដែលសាវកប៉ុលបានហៅថាសេចក្តីសប្បុរស ( សូមមើល កូរិនថូស ទី១ ១៣ ) ។ ពុំមានពេលណាដែលបង្ហាញជាភស្ដុតាងខ្លាំងជាងពេលនេះ ក្នុងអំឡុងនាទីចុងក្រោយនៃព្រះជន្មរមែងស្លាប់របស់ព្រះអង្គសង្គ្រោះនោះទេ ។ ភាពស្ងៀមស្ងាត់ដ៏រុងរឿងរបស់ទ្រង់ នៅពេលប្រឈមចំពោះការចោទប្រកាន់ដោយខុសឆ្គងបានបង្ហាញថាទ្រង់ « មិនរហ័សខឹងឡើយ » ( កូរិនថូស ទី១ ១៣:៥ ) ។ ព្រះឆន្ទៈរបស់ទ្រង់ក្នុងការស្ម័គ្រព្រះទ័យទទួលទោស ការចំអក និងការឆ្កាង—ខណៈពេលកំពុងរក្សាព្រះចេស្ដារបស់ទ្រង់រហូតដល់ទារុណកម្មចុងក្រោយរបស់ទ្រង់—បានបង្ហាញថា ទ្រង់ « អត់ធ្មត់ » ហើយ « គ្របបាំងទាំងអស់ » ( កូរិនថូស ទី១ ១៣:៤, ៧ ) ។ សេចក្តីមេត្តាករុណារបស់ទ្រង់ចំពោះមាតា និងចំពោះអ្នកឆ្កាងទ្រង់—ទោះជាអំឡុងពេលនៃការរងទុក្ខដ៏ពុំអាចប្រៀបបានផ្ទាល់របស់ទ្រង់—ព្រះអង្គបានបង្ហាញថា ទ្រង់« មិនដែលរកប្រយោជន៍ផ្ទាល់ [ ព្រះអង្គទ្រង់ ] ឡើយ » ( កូរិនថូស ទី១ ១៣:៥ ) ។ នៅគ្រាចុងក្រោយរបស់ទ្រង់នៅលើផែនដីនេះ ព្រះយេស៊ូវធ្វើអ្វីដែលទ្រង់បានធ្វើពេញមួយការបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់—គឺបង្រៀនពួកយើងតាមរយៈការបង្ហាញដល់ពួកយើង ។ ប្រាកដណាស់ សេចក្តីសប្បុរសគឺជា « សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ( មរ៉ូណៃ ៧:៤៧ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; យ៉ូហាន ១៩
ព្រះឆន្ទៈរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីរងទុក្ខបាន បង្ហាញពីសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះព្រះវរបិតា និងចំពោះយើងទាំងអស់គ្នា ។
ទោះជាព្រះអង្គសង្គ្រោះមានអំណាចដើម្បីហៅ « ពួកទេវតាដប់ពីរកង » ឲ្យចុះមក ( ម៉ាថាយ ២៦:៥៣ ) ក្ដី ក៏ទ្រង់ស្ម័គ្រព្រះទ័យជ្រើសរើសស៊ូទ្រាំនឹងការសាកល្បងដ៏អយុត្តិធម៌ទាំងឡាយ ការចំអកដ៏ឃោរឃៅ និងការឈឺចាប់ខាងរូបកាយដែលពុំអាចនឹកស្មានដល់នោះដែរ ។ ហេតុអ្វីបានជាទ្រង់ធ្វើបែបនេះ ? នីហ្វៃបានថ្លែងទីបន្ទាល់ថា « ពីព្រោះមកពីសេចក្ដីមេត្តាករុណា និងការអត់ធ្មត់ដែលទ្រង់មានចំពោះកូនចៅមនុស្ស » ( នីហ្វៃទី១ ១៩:៩ ) ។
« ហើយទ្រង់បានយាងចេញទៅទាំងលីឈើឆ្កាងទៅ…ដល់ភ្នំលលាដ៏ក្បាល ដែលហៅថា គាល់កូថា » ( យ៉ូហាន ១៩:១៧ ) ។
បងប្អូនអាចចាប់ផ្ដើមការសិក្សារបស់បងប្អូនអំពីនាទីចុងក្រោយរបស់ព្រះអង្គសង្គ្រោះតាមរយៈការអាននីហ្វៃទី១ ១៩:៩ ។ តើនៅក្នុង ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣ និង យ៉ូហាន ១៩ ត្រង់ណា ដែលបងប្អូនរកឃើញគំរូនៃរឿងនីមួយៗ ដែលនីហ្វៃបានថ្លែងថាព្រះយេស៊ូវនឹងរងទុក្ខ ?
-
« [ ពួកគេ ] ចាត់ទ្រង់ទុកជាគ្មានតម្លៃ »
-
« ពួកគេវាយទ្រង់ »
-
« ពួកគេទះទ្រង់ »
-
« ពួកគេស្ដោះដាក់ទ្រង់ »
តើវគ្គបទគម្ពីរណាខ្លះ ដែលជួយបងប្អូនឲ្យទទួលអារម្មណ៍ពី « សេចក្ដីមេត្តាករុណា » របស់ព្រះអង្គសង្គ្រោះចំពោះបងប្អូន ? តើបងប្អូនមានគំនិត និងអារម្មណ៍ណាផ្សេងទៀតដែរឬទេ ពេលបងប្អូនអានដំណើររឿងទាំងនេះ ? សូមពិចារណាធ្វើការកត់ត្រាគំនិត និងអារម្មណ៍របស់បងប្អូន ឬធ្វើការចែកចាយវាជាមួយនឹងនរណាម្នាក់ ។
សូមមើលផងដែរ « Jesus Is Condemned before Pilate » និង « Jesus Is Scourged and Crucified » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org ។
ម៉ាថាយ ២៧:២៧–៤៩, ៥៤; ម៉ាកុស ១៥:១៦–៣២; លូកា ២៣:១១, ៣៥–៣៩; យ៉ូហាន ១៩:១–៥
ការចំអកមិនអាចផ្លាស់ប្ដូរសេចក្ដីពិតបាននោះទេ ។
ខណៈដែលព្រះយេស៊ូវបានស៊ូទ្រាំនឹងការចំអកនៅក្នុងការបម្រើរបស់ទ្រង់ នោះវាធ្វើឲ្យមានថាមពលកាន់តែខ្លាំងអំឡុងពេលការវាយ និងការឆ្កាងទ្រង់ ។ ប៉ុន្តែការចំអកនេះពុំអាចផ្លាស់ប្ដូរសេចក្ដីពិតនេះបានទេ ៖ ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះនោះទេ ។ នៅពេលបងប្អូនអានអំពីភាពអាម៉ាស់ដែលព្រះយេស៊ូវបានស៊ូទ្រាំ សូមគិតអំពីការផ្ទុយ និងការចំអកដល់កិច្ចការរបស់ទ្រង់នាពេលបច្ចុប្បន្ននេះ។ តើបងប្អូនទទួលបានគំនិតយល់ដឹងអ្វីខ្លះអំពីការស៊ូទ្រាំនឹងការផ្ទុយ ? តើអ្វីខ្លះដែលបានធ្វើឲ្យបងប្អូនចាប់អារម្មណ៍អំពីពាក្យសម្ដីរបស់មេទ័ពនៅក្នុង ម៉ាថាយ ២៧:៥៤?
ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខតែអង្គឯង ដើម្បីកុំឲ្យខ្ញុំត្រូវរងទុក្ខ ។
អំឡុងពេលដ៏សោកសៅបំផុតរបស់ទ្រង់នៅលើឈើឆ្កាង ព្រះយេស៊ូវ ដែលតែងតែពឹងផ្អែកលើព្រះវរបិតាសួគ៌របស់ទ្រង់ ស្រាប់តែមានព្រះទ័យថា ត្រូវបោះបង់ចោលទៅវិញ ។ ការអានអំពីរឿងនេះអាចដឹកនាំបងប្អូនឲ្យគិតពីគ្រាទាំងឡាយ ពេលដែលបងប្អូនបានមានអារម្មណ៍ឃ្លាតឆ្ងាយពីព្រះ ។ បងប្អូនអាចនឹងសញ្ជឹងគិតថា តើការលះបង់របស់ព្រះអង្គសង្គ្រោះនៅលើឈើឆ្កាងធ្វើឲ្យបងប្អូនមានលទ្ធភាពយកឈ្នះលើការឃ្លាតឆ្ងាយនោះដោយរបៀបណា ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានថ្លែងទីបន្ទាល់ថា « ដោយសារព្រះយេស៊ូវបានដើរលើផ្លូវដ៏វែងឆ្ងាយ និងឯកោតែអង្គទ្រង់ យើង មិនចាំបាច់ធ្វើដូច្នោះទេ ។ សំឡេងត្រែមកពីកំពូលភ្នំកាល់វ៉ារីគឺជាសេចក្តីពិតដែលយើងនឹងពុំត្រូវបានទុកចោល ឬពុំទទួលបានជំនួយឡើយ ទោះបីពេលខ្លះយើងមានអារម្មណ៍បែបនោះក្តី » ( « None Were with Him » Liahona ខែ មិថុនា ឆ្នាំ ២០០៩ ទំព័រ ៨៨ ) ។ សូមពិចារណាពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយបងប្អូនឲ្យយកឈ្នះលើភាពឯកោ កាលដែលបងប្អូនអានសារលិខិតដែលនៅសល់របស់អែលឌើរ ហូឡិន ។
ព្រះអង្គសង្គ្រោះគឺជាគំរូរបស់យើងអំពីការអភ័យទោស ។
តើបងប្អូនមានអារម្មណ៍យ៉ាងណា ពេលបងប្អូនអានព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុង លូកា ២៣:៣៤ ? ( សូមមើលការយល់ដឹងនានាដែលមាននៅក្នុងការបកប្រែដោយយ៉ូសែប ស្ម៊ីធ ) ។ យោងទៅលើព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ប្រធាន ហិនរី ប៊ី អាវរិង បានបង្រៀន ៖ « យើងត្រូវតែអភ័យទោស ហើយឈប់ព្យាបាទចំពោះអ្នកទាំងឡាយដែលធ្វើឲ្យយើងអាក់អន់ចិត្ត ។ ព្រះអង្គសង្គ្រោះបានធ្វើជាគំរូមកពីលើឈើឆ្កាង ។… យើងពុំដឹងពីដួងចិត្តនៃពួកអ្នកដែលធ្វើឲ្យយើងអាក់អន់ចិត្តទេ » ( « That We May Be One » Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៦៨ ) ។ តើខគម្ពីរនេះអាចជួយបងប្អូនយ៉ាងដូចម្ដេច បើបងប្អូនមានបញ្ហាក្នុងការអភ័យទោសដល់នរណាម្នាក់ ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; យ៉ូហាន ១៩ ។ដើម្បីជួយគ្រួសាររបស់បងប្អូនឲ្យរៀនអំពីព្រឹត្តិការណ៍ទាំងឡាយដែលមានពិពណ៌នានៅក្នុងជំពូកទាំងនេះ បងប្អូនអាចចែកចាយជាមួយពួកគេនូវ « ជំពូក ៥២ ៖ ទុក្ខលំបាករបស់ព្រះយេស៊ូវ » និង « ជំពូក ៥៣ ៖ ព្រះយេស៊ូវត្រូវគេឆ្កាង » ( នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៣៣–៣៨ ឬវីដេអូនៃជំពូកទាំងពីនេះនៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ឬបងប្អូនអាចមើលជាមួយគ្នានូវវីដេអូដែលពិពណ៌នាអំពីព្រឹត្តិការណ៍ទាំងនេះ ៖ « Jesus Is Condemned before Pilate » និង « Jesus Is Scourged and Crucified » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ បងប្អូនអាចឲ្យកុមារតំណាលប្រាប់រឿងទាំងនោះជាពាក្យសម្ដីរបស់គេផ្ទាល់ ។ សមាជិកគ្រួសារអាចចែកចាយនូវអារម្មណ៍របស់ពួកគេអំពីព្រះអង្គសង្គ្រោះ ដោយសារតែអ្វីដែលទ្រង់បានរងទុក្ខសម្រាប់ពួកយើង ។
-
ម៉ាថាយ ២៧:១១–២៦; ម៉ាកុស ១៥:១–១៥; លូកា ២៣:១២–២៥; យ៉ូហាន ១៩:១–១៦ ។ហេតុអ្វីពីឡាត់ប្រគល់ព្រះយេស៊ូវឲ្យគេឆ្កាងទ្រង់ ទោះជាគាត់បានដឹងថា ព្រះយេស៊ូវជាមនុស្សស្លូតត្រង់ក្តី ? តើយើងរៀនមេរៀនអ្វីខ្លះចេញពីបទពិសោធន៍របស់ពីឡាត់ អំពីការឈររឹងមាំការពារអ្វីដែលយើងដឹងថាត្រឹមត្រូវ ? វាអាចនឹងជាជំនួយដល់គ្រួសាររបស់បងប្អូន ដើម្បីដើរតួសម្តែងនូវសាច់រឿង ដែលអនុញ្ញាតឲ្យពួកគេហាត់រៀននូវការឈរឲ្យរឹងមាំការពារអ្វីដែលត្រឹមត្រូវ ។
-
ម៉ាថាយ ២៧:៤៦; លូកា ២៣:៣៤, ៤៣, ៤៦; យ៉ូហាន ១៩:២៦–២៨, ៣០ ។បងប្អូនប្រហែលជាអាចចាត់ឲ្យសមាជិកគ្រួសារម្នាក់ៗអានសេចក្ដីថ្លែងមួយ ឬច្រើនដែលព្រះអង្គសង្គ្រោះបានមានបន្ទូលនៅលើឈើឆ្កាង ដែលមាននៅក្នុងខគម្ពីរទាំងនេះ ។ សូមឲ្យពួកគេចែកចាយពីអ្វីដែលពួកគេរៀននៅក្នុងសេចក្ដីថ្លែងទាំងនេះអំពីព្រះអង្គសង្គ្រោះ និងបេសកកម្មរបស់ទ្រង់ ។
-
ម៉ាកុស ១៥:៣៩ ។តើការអានអំពីការឆ្កាងជួយពង្រឹងដល់ទីបន្ទាល់របស់បងប្អូនថា ព្រះយេស៊ូវគឺជា « ព្រះរាជបុត្រារបស់ព្រះ » បានយ៉ាងដូចម្ដេច ?
-
យ៉ូហាន ១៩:២៥–២៧ ។តើយើងរៀនអ្វីខ្លះចេញពីខគម្ពីរទាំងនេះ អំពីរបៀបដែលយើងអាចស្រឡាញ់ ហើយគាំទ្រដល់សមាជិកគ្រួសារ ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ទំនុកតម្កើងដែលលើកទឹកចិត្តឲ្យប្រើ ៖ « នៅលើឈើឆ្កាងត្រង់កាល់វ៉ារី » ទំនុកតម្កើង ល.រ. ១១០ ។
ការកែលម្អការបង្រៀនរបស់យើង
ប្រឹងធ្វើតាមព្រះអង្គសង្គ្រោះ ។ « វានឹងជាជំនួយដើម្បីសិក្សាតាមរបៀបដែលទ្រង់បានបង្រៀន—ជាវិធីសាស្ត្រដែលទ្រង់បានប្រើ និងអ្វីៗដែលទ្រង់បានមានព្រះបន្ទូល ។ ប៉ុន្តែព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះដើម្បីបង្រៀន និងលើកតម្កើងអ្នកដទៃកើតចេញមកពីរបៀបដែលទ្រង់រស់នៅ និងបុគ្គលិកលក្ខណៈរបស់ទ្រង់ ។ នៅពេលបងប្អូនព្យាយាមកាន់តែឧស្សាហ៍ដើម្បីរស់នៅ ដូចជាព្រះយេស៊ូវគ្រីស្ទ នោះបងប្អូននឹងកាន់តែអាច បង្រៀន ដូចជាទ្រង់ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ១៣ ) ។
ព្រះគ្រីស្ទនៅលើឈើឆ្កាង ដោយ ខាល ហេនរីក ប្លក់