« ថ្ងៃទី ២៩ ខែ ឧសភា–ថ្ងៃទី ៤ ខែ មិថុនា ។ ម៉ាថាយ ២៦; ម៉ាកុស ១៤; យ៉ូហាន ១៣ ៖ ‹ ដោយនូវការចងចាំ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៩ ខែ ឧសភា–ថ្ងៃទី ៤ ខែ មិថុនា ។ ម៉ាថាយ ២៦; ម៉ាកុស ១៤; យ៉ូហាន ១៣ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២៩ ខែ ឧសភា–ថ្ងៃទី ៤ ខែ មិថុនា
ម៉ាថាយ ២៦; ម៉ាកុស ១៤; យ៉ូហាន ១៣
« ដោយនូវការចងចាំ »
កាលដែលបងប្អូនអានអំពីព្រឹត្តិការណ៍ទាំងឡាយដែលពិពណ៌នានៅក្នុង ម៉ាថាយ ២៦; ម៉ាកុស ១៤; និង យ៉ូហាន ១៣ សូមយកចិត្តទុកដាក់លើចំណាប់អារម្មណ៍ណាក៏ដោយ ដែលបងប្អូនមាន ជាពិសេសចំណាប់អារម្មណ៍ទាំងឡាយ ដែលធ្វើឲ្យសេចក្ដីជំនឿរបស់បងប្អូនលើព្រះយេស៊ូវគ្រីស្ទ និងការតាំងចិត្តរបស់បងប្អូនចំពោះទ្រង់បានជ្រាលជ្រៅ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
មួយថ្ងៃមុនទ្រង់សុគត ព្រះយេស៊ូវបានប្រទានដល់ពួកសិស្សរបស់ទ្រង់នូវអ្វីមួយឲ្យចងចាំទ្រង់ ។ ទ្រង់ « យកនំបុ័ង ហើយកាលទ្រង់បានប្រទានពរ នោះក៏កាច់ប្រទានទៅពួកសិស្ស ដោយព្រះបន្ទូលថា ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ ។ រួចទ្រង់យកពែងមកប្រទានពរ ក៏ហុចទៅឲ្យគេ ដោយព្រះបន្ទូលថា ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ ដ្បិតនេះជាឈាមខ្ញុំ » ( ម៉ាថាយ ២៦:២៦–២៨ ) ។
ការណ៍នោះបានកើតឡើងប្រហែល ២០០០ ឆ្នាំមុន នៅកន្លែងមួយដែលពួកយើងភាគច្រើនបំផុតនឹងមិនដែលឃើញ ក្នុងភាសាមួយដែលពួកយើងតែមួយចំនួនតូចអាចយល់ ។ ប៉ុន្តែឥឡូវនេះ រាល់ថ្ងៃអាទិត្យនៅសាលាប្រជុំរបស់យើងផ្ទាល់ អ្នកកាន់បព្វជិតភាពមានសិទ្ធិអំណាចធ្វើអ្វីដែលទ្រង់ធ្លាប់ធ្វើ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ ពួកគេយកនំប៉័ង និងទឹកមកប្រសិទ្ធិពរ ហើយហុចឲ្យយើងម្នាក់ៗ ដែលជាសិស្សរបស់ទ្រង់ ។ វាជាទង្វើដ៏សាមញ្ញមួយ—តើមានអ្វីដែលសាមញ្ញ និងសំខាន់ជាងការទទួលទាននំប៉័ង និងទឹកនោះ ? ប៉ុន្តែនំប៉័ង និងទឹកនោះគឺពិសិដ្ឋដល់យើង ដោយសារវាជួយយើងឲ្យចងចាំទ្រង់ ។ នំប៉័ង និងទឹកគឺជាតំណាងរបៀបរបស់យើងក្នុងការនិយាយថា « ខ្ញុំនឹងមិនភ្លេចទ្រង់ឡើយ »—មិនមែនគ្រាន់តែ « ខ្ញុំនឹងមិនភ្លេចអ្វីដែលខ្ញុំបានអានអំពីការបង្រៀនរបស់ទ្រង់ និងព្រះជន្មរបស់ទ្រង់ » នោះទេ ។ ប៉ុន្តែ យើងកំពុងនិយាយថា « ខ្ញុំនឹងមិនភ្លេចពីអ្វីដែលទ្រង់បានធ្វើសម្រាប់ខ្ញុំឡើយ » ។ « ខ្ញុំនឹងមិនភ្លេចឡើយ ថាទ្រង់បានសង្គ្រោះខ្ញុំយ៉ាងណា ពេលដែលខ្ញុំបានអំពាវនាវរកជំនួយនោះ » ។ ហើយ « ខ្ញុំនឹងមិនភ្លេចពីការតាំងព្រះទ័យរបស់ទ្រង់ចំពោះខ្ញុំ និងការតាំងចិត្តរបស់ខ្ញុំចំពោះទ្រង់ឡើយ—គឺជាសេចក្ដីសញ្ញាដែលយើងបានធ្វើ » ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
« នាងបាន … លាបខ្លួនខ្ញុំ ជាការសម្រាប់កប់ខ្មោចខ្ញុំ » ។
ជាមួយនឹងទង្វើនៃការថ្វាយបង្គំដ៏រាបទាប ស្ត្រីដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ បានបង្ហាញថា នាងបានស្គាល់ថាព្រះយេស៊ូវជានរណា និងពីអ្វីដែលទ្រង់ហៀបនឹងធ្វើ ( សូមមើល ម៉ាថាយ ២៦:១២ ) ។ ហេតុអ្វីបងប្អូនគិតថា សកម្មភាពរបស់នាងមានអត្ថន័យខ្លាំងម្ល៉េះចំពោះព្រះអង្គសង្គ្រោះ ? ( សូមមើល ខទី ១៣ ) ។ តើបងប្អូនចាប់អារម្មណ៍អ្វីខ្លះចំពោះស្ត្រីនេះ និងសេចក្ដីជំនឿរបស់នាង ? សូមពិចារណាពីរបៀបដែលបងប្អូនអាចធ្វើតាមគំរូរបស់នាង ។
សូមមើលផងដែរ យ៉ូហាន ១២:១–៨ ។
ម៉ាថាយ ២៦:២០–២២; ម៉ាកុស ១៤:១៧–១៩
« ព្រះអម្ចាស់អើយ តើទូលបង្គំឬអី ? »
តើបងប្អូនរៀនអ្វីខ្លះ អំពីពួកសិស្សនៅក្នុងការសំណួររបស់ពួកគាត់ទៅកាន់ព្រះអម្ចាស់ នៅក្នុងខគម្ពីរទាំងនេះ ? តើបងប្អូនគិតថា ហេតុអ្វីបានជាពួកគាត់សួរវា ? សូមពិចារណាពីរបៀបដែលបងប្អូនអាចនឹងសួរព្រះអម្ចាស់ថា « តើទូលបង្គំឬអី ? »
សូមមើលផងដែរ ឌៀថើរ អេស្វ អុជដូហ្វ « Lord, Is It I? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៥៦–៥៩ ) ។
ម៉ាថាយ ២៦:២៦–២៩; ម៉ាកុស ១៤:២២–២៥
ពិធីសាក្រាម៉ង់គឺជាឱកាសមួយដើម្បីចងចាំដល់ព្រះអង្គសង្គ្រោះ ។
នៅពេលព្រះអង្គសង្គ្រោះបានណែនាំពិធីសាក្រាម៉ង់ដល់ពួកសិស្សរបស់ទ្រង់ តើបងប្អូនស្រមៃថា ពួកគាត់មានគំនិត និងអារម្មណ៍យ៉ាងណា ? សូមគិតអំពីរឿងនេះ ពេលបងប្អូនអានអំពីបទពិសោធន៍របស់ពួកគាត់ នៅក្នុង ម៉ាថាយ ២៦:២៦–២៩ និង ម៉ាកុស ១៤:២២–២៥ ។ ហេតុអ្វីបងប្អូនគិតថា ព្រះយេស៊ូវបានជ្រើសរើសរបៀបនេះដើម្បីឲ្យយើងចងចាំទ្រង់ ? បងប្អូនក៏អាចពិចារណាពីបទពិសោធន៍ទាំងឡាយដែលបងប្អូនមានអំឡុងពិធីសាក្រាម៉ង់ផងដែរ ។ តើមានអ្វីដែលបងប្អូនអាចធ្វើបាន ដើម្បីធ្វើឲ្យបទពិសោធន៍របស់បងប្អូនកាន់តែពិសិដ្ឋ និងមានអត្ថន័យ ?
បន្ទាប់ពីអាន និងពិចារណាខគម្ពីរទាំងនេះហើយ បងប្អូនអាចសរសេរនូវការណ៍មួយចំនួនដែលបងប្អូនមានការបំផុសគំនិតឲ្យចងចាំអំពីព្រះអង្គសង្គ្រោះ ។ បងប្អូនអាចរំឭកការណ៍ទាំងនេះឡើងវិញនៅពេលដែលបងប្អូនទទួលទានសាក្រាម៉ង់នៅពេលក្រោយ ។ បងប្អូនក៏អាចរំឭកវានៅពេលផ្សេងៗទៀតផងដែរ ទុកជារបៀបមួយដើម្បី « ចងចាំទ្រង់ជានិច្ច » ( មរ៉ូណៃ ៤:៣ ) ។
សូមមើលផងដែរ លូកា ២២:៧–៣៩; នីហ្វៃទី៣ ១៨:១–១៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៦–៧៩; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « បុណ្យសាក្រាម៉ង់ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org; « Always Remember Him » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org ។
ព្រះអង្គសង្គ្រោះគឺជាគំរូរបស់យើងអំពីការបម្រើដល់អ្នកដទៃដោយរាបសា ។
ក្នុងជំនាន់របស់ព្រះយេស៊ូវ ការលាងជើងនរណាម្នាក់គឺជាការងារសម្រាប់អ្នកបម្រើ មិនមែនរបស់អ្នកដឹកនាំទេ ។ ប៉ុន្តែព្រះយេស៊ូវបានមានព្រះទ័យចង់ឲ្យពួកសិស្សរបស់ទ្រង់គិតផ្សេងពីនោះវិញ អំពីអត្ថន័យនៃការដឹកនាំ និងបម្រើ ។ តើបងប្អូនរកឃើញសារលិខិតអ្វីខ្លះ នៅក្នុងព្រះបន្ទូល និងសកម្មភាពរបស់ព្រះអង្គសង្គ្រោះនៅក្នុង យ៉ូហាន ១៣:១–១៧ ? នៅក្នុងវប្បធម៌របស់បងប្អូន ការលាងជើងអាចមិនមែនជាវិធីបម្រើតាមទំនៀមទម្លាប់នោះទេ ។ ប៉ុន្តែ សូមពិចារណាពីអ្វីដែលបងប្អូនអាចធ្វើបាន ដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះអំពីការបម្រើដោយរាបសា ។
វាក៏គួរឲ្យចាប់អារម្មណ៍ផងដែរ ក្នុងការកត់សម្គាល់ពីអ្វីៗដែលព្រះយេស៊ូវបានជ្រាប និងមានព្រះទ័យ អំឡុងគ្រាដ៏ពិសិដ្ឋនេះជាមួយនឹងពួកសាវករបស់ទ្រង់ ( សូមមើល ខទី ១ និង ៣ ) ។ តើការយល់ដឹងទាំងនេះជួយឲ្យបងប្អូនយល់ពីអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ?
( សូមមើលផងដែរ លូកា ២២:២៤–២៧ ) ។
សេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះមនុស្សដទៃទៀត ជាសញ្ញាមួយថាខ្ញុំជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។
ពីមុនមក ព្រះយេស៊ូវបានប្រទានបទបញ្ញត្តិមួយ « ឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ( ម៉ាថាយ ២២:៣៩ ) ។ ឥឡូវនេះទ្រង់បានប្រទាន « សេចក្តីបញ្ញត្តិ១ថ្មី » ។ តើបងប្អូនគិតថា វាមានន័យយ៉ាងណាដើម្បីស្រឡាញ់អ្នកដទៃទៀតដូចជាព្រះយេស៊ូវស្រឡាញ់បងប្អូននោះ ? ( សូមមើល យ៉ូហាន ១៣:៣៤ ) ។
បងប្អូនក៏អាចពិចារណាពីរបៀបដែលមនុស្សដទៃទៀតដឹងថា បងប្អូនគឺជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ តើបងប្អូនអាចធ្វើយ៉ាងណាដើម្បីប្រាកដថា សេចក្ដីស្រឡាញ់ជាកត្តាកំណត់ចរិតលក្ខណៈរបស់បងប្អូនក្នុងនាមជាគ្រិស្តសាសនិកម្នាក់ ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
ម៉ាថាយ ២៦:២៦–២៩; ម៉ាកុស ១៤:២២–២៥ ។តើបទពិសោធន៍ជាគ្រួសាររបស់បងប្អូនមានអ្វីខ្លះ អំឡុងពេលសាក្រាម៉ង់រាល់សប្ដាហ៍ ? ការអានអំពីសាក្រាម៉ង់ដំបូងអាចបំផុសគំនិតឲ្យមានការពិភាក្សាមួយអំពីសារៈសំខាន់នៃពិធីសាក្រាម៉ង់ និងរបៀបធ្វើឲ្យការថ្វាយបង្គំរបស់បងប្អូនកាន់តែប្រសើរឡើង ។ សូមពិចារណាធ្វើការដាក់បង្ហាញរូបភាព ការចែកសាក្រាម៉ង់ ( សៀវភៅរូបភាពដំណឹងល្អ ល.រ. ១០៨ ) ហើយចែកចាយគំនិតយោបល់អំពីអ្វីដែលបងប្អូនអាចធ្វើពីមុន អំឡុងពេល និងបន្ទាប់ពីពិធីសាក្រាម៉ង់ ។
-
ម៉ាថាយ ២៦:៣០ ។សូមពិចារណាការច្រៀងទំនុកតម្កើងមួយ ដូចដែលព្រះយេស៊ូវ និងពួកសិស្សទ្រង់បានធ្វើ—ប្រហែលជាទំនុកតម្កើងសាក្រាម៉ង់មួយ ។ តើការច្រៀងទំនុកតម្កើងអាចជាពរជ័យមួយចំពោះព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់យ៉ាងណានៅពេលនោះ ? តើទំនុកតម្កើងគឺជាពរជ័យសម្រាប់យើងយ៉ាងដូចម្ដេច ?
-
យ៉ូហាន ១៣:១–១៧ ។បងប្អូនអាចនឹងចង់បង្ហាញដល់គ្រួសាររបស់បងប្អូននូវរូបភាពដែលនៅខាងចុងគម្រោងមេរៀននេះ ពេលបងប្អូនអានខគម្ពីរទាំងនេះ ។ តើសេចក្ដីពិតអ្វីខ្លះ ដែលព្រះអង្គសង្គ្រោះបានបង្រៀនដោយសកម្មភាពរបស់ទ្រង់ ? តើព័ត៌មានលម្អិតអ្វីខ្លះនៅក្នុងរូបភាពនោះ ដែលជួយយើងឲ្យយល់ពីសេចក្ដីពិតទាំងនេះ ? ប្រហែលជាសមាជិកគ្រួសារអាចចែកចាយពីរបៀបដែលការរស់នៅតាមសេចក្ដីពិតទាំងនេះបាននាំមកនូវសុភមង្គលដល់ពួកគេ ( សូមមើល យ៉ូហាន ១៣:១៧ ) ។
-
យ៉ូហាន ១៣:៣៤–៣៥ ។បន្ទាប់ពីអានខគម្ពីរទាំងនេះ បងប្អូនអាចនិយាយជាមួយគ្នាអំពីរបៀបដែលមនុស្សដទៃទៀតដឹងថា បងប្អូនជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ តើព្រះអង្គសង្រ្គោះមានព្រះទ័យចង់ឲ្យមនុស្សស្គាល់អ្នកដើរតាមទ្រង់តាមរបៀបណា ? បងប្អូនអាចសុំសមាជិកគ្រួសារឲ្យនិយាយអំពីមនុស្សដែលសេចក្ដីស្រឡាញ់របស់ពួកគេសម្រាប់មនុស្សដទៃទៀតបានបង្ហាញឲ្យឃើញថា ពួកគេជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។ បងប្អូនក៏អាចពិភាក្សាពីរបៀបទាំងឡាយ ដែលបងប្អូនអាចបង្ហាញសេចក្ដីស្រឡាញ់បន្ថែមទៀតក្នុងនាមជាគ្រួសារមួយ ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលលើកទឹកចិត្តឲ្យប្រើ ៖ « ចូរស្រឡាញ់គ្នាទៅវិញទៅមក » ទំនុកតម្កើង លេខ ១៩៥ ។