« ថ្ងៃទី ១២–១៨ ខែ មិថុនា ។ លូកា ២២; យ៉ូហាន ១៨ ៖ ‹ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១២–១៨ ខែ មិថុនា ។ លូកា ២២; យ៉ូហាន ១៨ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ២០២៣
ថ្ងៃទី ១២–១៨ ខែ មិថុនា
លូកា ២២; យ៉ូហាន ១៨
« កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ »
សូមចំណាយពេលរបស់បងប្អូនដើម្បីអាន លូកា ២២ និង យ៉ូហាន ១៨ នៅសប្ដាហ៍នេះ ។ សូមពិចារណា និងអធិស្ឋានអំពីអ្វីដែលបងប្អូនអាន ។ ការធ្វើដូចនេះអាចផ្ដល់ឱកាសដល់ព្រះវិញ្ញាណឲ្យថ្លែងទីបន្ទាល់ដល់ដួងចិត្តរបស់បងប្អូនថា ព្រះគម្ពីរគឺជាការពិត ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
មានតែសាក្សីនៃជីវិតរមែងស្លាប់បីនាក់ប៉ុណ្ណោះដែលបានឃើញការរងទុក្ខរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងសួនច្បារគែតសេម៉ានី—ហើយពួកគេបានដេកស្ទើរតែពេញមួយយប់ ។ នៅក្នុងសួននោះ និងក្រោយមកនៅលើឈើឆ្កាង ព្រះយេស៊ូវបានយកមកដាក់លើព្រះអង្គទ្រង់នូវអំពើបាប ការឈឺចាប់ និងការរងទុក្ខរបស់មនុស្សគ្រប់រូបដែលបានរស់នៅលើផែនដី ទោះបីជាស្ទើរតែគ្មានមនុស្សនៅរស់ណាម្នាក់ក្នុងគ្រានោះបានដឹងអំពីអ្វីកំពុងកើតឡើងក៏ដោយ ។ ជាញឹកញាប់ ព្រឹត្តិការណ៍សំខាន់បំផុតនៃភាពអស់កល្បជានិច្ចបានកន្លងផុតទៅដោយគ្មានការយកចិត្តទុកដាក់ច្រើនពីលោកិយទេ ។ ប៉ុន្តែព្រះជាព្រះវរបិតាបានត្រាសដឹង ។ ទ្រង់បានស្ដាប់ឮការទូលអង្វររបស់ព្រះរាជបុត្រាដ៏ស្មោះត្រង់របស់ទ្រង់ថា ៖ « ឱ ព្រះវរបិតាអើយ បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ ។ នោះមានទេវតាបានលេចមកឯទ្រង់អំពីស្ថានសួគ៌មកចម្រើនកម្លាំង ថ្វាយទ្រង់ » ( លូកា ២២:៤២–៤៣ ) ។ ខណៈដែលយើងពុំបាននៅទីនោះ ដើម្បីធ្វើជាសាក្សីអំពីទង្វើដែលពុំគិតពីព្រះអង្គទ្រង់ និងការចុះចូលនោះក្ដី ក៏យើងទាំងអស់គ្នា គឺជា សាក្សីអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទដែរ ។ រាល់ពេលដែលយើងប្រែចិត្ត ហើយទទួលការអភ័យទោសចំពោះអំពើបាបរបស់យើង រាល់ពេលដែលយើងមានអារម្មណ៍ពីអំណាចពង្រឹងរបស់ព្រះអង្គសង្គ្រោះ នោះយើងអាចថ្លែងទីបន្ទាល់អំពីអ្វីដែលបានកើតឡើងនៅក្នុងសួនច្បារគែតសេម៉ានីបាន ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
លូកា ២២:៣១–៣៤, ៥៤–៦២; យ៉ូហាន ១៨:១៧–២៧
ការប្រែចិត្តជឿគឺជាដំណើរការជាបន្ដបន្ទាប់មួយ ។
សូមគិតអំពីបទពិសោធន៍ទាំងឡាយដែលពេត្រុសមានជាមួយនឹងព្រះអង្គសង្គ្រោះ—ជាអព្ភូតហេតុដែលលោកបានធ្វើជាសាក្សី និងគោលលទ្ធិដែលលោកបានរៀន ។ បន្ទាប់មក ហេតុអ្វីក៏ព្រះអង្គសង្គ្រោះមានបន្ទូលទៅពេត្រុសថា « កាលណា អ្នកបានប្រែចិត្តវិលមកវិញ នោះចូរចម្រើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើងដូច្នេះ ? » ( លូកា ២២:៣២ បន្ថែមអក្សរទ្រេត ) ។ កាលដែលបងប្អូនសញ្ជឹងគិតពីរឿងនេះ វាអាចជួយដើម្បីពិចារណាពីអ្វីដែលអែលឌើរ ដេវីឌ អេ បែដណា បានបង្រៀនអំពីភាពខុសគ្នារវាងការមានទីបន្ទាល់មួយ និងការបានប្រែចិត្តជឿយ៉ាងពិតប្រាកដ ( សូមមើល « Converted unto the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៦–៩ ) ។
កាលដែលបងប្អូនអានអំពីបទពិសោធន៍ទាំងឡាយរបស់ពេត្រុសនៅក្នុង លូកា ២២:៣១–៣៤, ៥៤–៦២ ( សូមមើលផងដែរ យ៉ូហាន ១៨:១៧–២៧ ) សូមគិតអំពីការប្រែចិត្តជឿផ្ទាល់របស់បងប្អូន ។ តើបងប្អូនធ្លាប់មានអារម្មណ៍ប្ដេជ្ញាចិត្តយ៉ាងខ្លាំងដែរឬទេ ដូចជាពេត្រុស ថាបងប្អូន « ប្រុងប្រៀបជាស្រេច នឹងទៅជាមួយ [ ព្រះអង្គសង្គ្រោះ ] ដែរទោះបើជាប់គុក ឬដល់ស្លាប់ក្តី » នោះ ? ( លូកា ២២:៣៣ ) ។ ហេតុអ្វីអារម្មណ៍ទាំងនោះពេលខ្លះក៏បានរសាយទៅ ? ជារៀងរាល់ថ្ងៃ មាននូវឱកាស ដើម្បីបដិសេធព្រះអង្គសង្គ្រោះ ឬធ្វើជាសាក្សីរបស់ទ្រង់ តើបងប្អូននឹងធ្វើអ្វីខ្លះដើម្បីក្លាយជាសាក្សីប្រចាំថ្ងៃម្នាក់អំពីទ្រង់ ? តើបងប្អូនរៀនមេរៀនអ្វីខ្លះផ្សេងទៀតពីបទពិសោធន៍របស់ពេត្រុស ?
កាលដែលបងប្អូនបន្តអានព្រះគម្ពីរសញ្ញាថ្មី សូមរកមើលភស្ដុតាងនៃការប្រែចិត្តជឿជាបន្តបន្ទាប់របស់ពេត្រុស ។ សូមកត់សម្គាល់ផងដែរពីរបៀបដែលលោកបានទទួលយកការបញ្ជារបស់ព្រះអម្ចាស់ដើម្បី « ចម្រើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង » ( លូកា ២២:៣២; សូមមើល កិច្ចការ ៣–៤ ) ។
សូមមើលផងដែរ ម៉ាកុស ១៤:២៧–៣១ ។
ព្រះអង្គសង្គ្រោះបានរងទុក្ខដើម្បីខ្ញុំនៅសួនច្បារគែតសេម៉ានី ។
ប្រធាន រ័សុល អិម ណិលសុន បានអញ្ជើញយើងឲ្យ « វិនិយោគពេលវេលាទៅលើការរៀនសូត្រអំពីព្រះអង្គសង្គ្រោះ និងពលិកម្មដ៏ធួនរបស់ទ្រង់ » ( « Drawing the Power of Jesus Christ into Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤០ ) ។
សូមពិចារណាអំពីអ្វីដែលបងប្អូននឹងធ្វើដើម្បីទទួលយកការអញ្ជើញរបស់ប្រធាន ណិលសុន ។ បងប្អូនអាចចាប់ផ្ដើមពិចារណាអំពីការរងទុក្ខរបស់ព្រះអង្គសង្គ្រោះនៅសួនច្បារគែតសេម៉ានីប្រកបដោយការអធិស្ឋាន ដូចបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ហើយសរសេរអំពីចំណាប់អារម្មណ៍ និងសំណួរដែលមានក្នុងគំនិតរបស់បងប្អូន ។
សម្រាប់ការសិក្សាកាន់តែស៊ីជម្រៅអំពីព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ សូមព្យាយាមស្រាវជ្រាវក្នុងខគម្ពីរដទៃទៀតរកមើលចម្លើយចំពោះសំណួរដូចតទៅនេះ ៖
-
ហេតុអ្វីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះចាំបាច់ ? ( សូមមើល នីហ្វៃទី២ ២:៥–១០, ១៧–២៦; ៩:៥–២៦; អាលម៉ា ៣៤:៨–១៦; ៤២:៩–២៦ ) ។
-
តើព្រះអង្គសង្គ្រោះមានបទពិសោធន៍អ្វីខ្លះ នៅពេលទ្រង់បានរងទុក្ខនោះ ? ( សូមមើល អេសាយ ៥៣:៣–៥; ម៉ូសាយ ៣:៧; អាលម៉ា ៧:១១–១៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៦–១៩ ) ។
-
តើការរងទុក្ខរបស់ព្រះគ្រីស្ទជះឥទ្ធិពលយ៉ាងដូចម្ដេចមកលើជីវិតរបស់ខ្ញុំ ? ( សូមមើល យ៉ូហាន ១០:១០–១១; ហេព្រើរ ៤:១៤–១៦; យ៉ូហាន ទី១ ១:៧; អាលម៉ា ៣៤:៣១; មរ៉ូណៃ ១០:៣២–៣៣; ដាល្លិន អេក អូក « Strengthened by the Atonement of Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦១–៦៤ ) ។
-
សំណួរដទៃទៀតដែលខ្ញុំមាន ៖
នៅពេលបងប្អូនរៀនអំពីអ្វីដែលបានកើតឡើងនៅក្នុងសួនច្បារគែតសេម៉ានី វាអាចនឹងជាការគួរឲ្យចាប់អារម្មណ៍ដើម្បីដឹងថា សួនច្បារគែតសេម៉ានី គឺជាសួននៃដើមអូលីវមួយ ហើយមានទាំងកន្លែងកៀបផ្លែអូលីវដែលបានប្រើដើម្បីគៀបផ្លែអូលីវ យកប្រេងមកប្រើសម្រាប់ដុតបំភ្លឺ និងធ្វើជាអាហារ ក៏ដូចជាដើម្បីព្យាបាលជំងឺផងដែរ ( សូមមើល លូកា ១០:៣៤ ) ។ តើដំណើរការចម្រាញ់ប្រេងអូលីវអាចតំណាងឲ្យអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើងនៅក្នុងសួនគែតសេម៉ានីយ៉ាងដូចម្ដេច ? សម្រាប់គំនិតយោបល់មួយចំនួន សូមមើលអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « Abide in My Love » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៥០–៥១ ) ។
សូមមើលផងដែរ ម៉ាថាយ ២៦:៣៦–៤៦; ម៉ាកុស ១៤:៣២–៤២ ។
នគររបស់ព្រះអង្គសង្គ្រោះ « មិនមែនត្រូវខាងលោកិយនេះទេ » ។
ក្នុងនាមជាអ្នកដឹកនាំនយោបាយ លោក ប៉ុនទាស-ពីឡាត់ បានស្គាល់ពីអំណាច និងនគរនៃពិភពលោកនេះ។ ប៉ុន្តែ ព្រះយេស៊ូវបានមានព្រះបន្ទូលពីនគរមួយប្រភេទខុសគ្នាយ៉ាងខ្លាំង ។ ដោយគិតឡើងវិញពីអ្វីដែលបងប្អូនបានអានអំពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះ តើមានភស្តុតាងអ្វីដែលបងប្អូនឃើញថា នគររបស់ទ្រង់ « មិនមែនត្រូវខាងលោកិយនេះទេ » ? ( យ៉ូហាន ១៨:៣៦ ) ។ ហេតុអ្វីបានជាវាសំខាន់សម្រាប់បងប្អូនដើម្បីដឹងរឿងនេះ ? តើមានអ្វីផ្សេងទៀតដែលលេចធ្លោចំពោះបងប្អូនអំពីព្រះបន្ទូលរបស់ព្រះយេស៊ូវទៅកាន់លោកពីឡាត់ ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
លូកា ២២:៣១–៣២ ។តើពេត្រុសអាចនឹងមានអារម្មណ៍យ៉ាងណា ដែលព្រះយេស៊ូវបានអធិស្ឋានសម្រាប់លោក និងសេចក្ដីជំនឿរបស់លោក ? តើនរណាដែលយើងអាចអធិស្ឋានឲ្យ « ដើម្បីមិនឲ្យសេចក្តីជំនឿ [ របស់ពួកគេ ] វិនាសបាត់ឡើយ » ? ( ខទី ៣២ ) ។
-
លូកា ២២:៣៩–៤៦ ។ការរៀនអំពីការរងទុក្ខរបស់ព្រះអង្គសង្គ្រោះនៅក្នុងច្បារគែតសេម៉ានី អាចជាបទពិសោធន៍ដ៏ពិសិដ្ឋសម្រាប់គ្រួសារបងប្អូន ។ សូមពិចារណាពីអ្វីដែលបងប្អូនអាចធ្វើបាន ដើម្បីបង្កើតស្មារតីនៃគារវភាព និងប្រកបដោយការថ្វាយបង្គំ កាលដែលបងប្អូនសិក្សា លូកា ២២:៣៩–៤៦ ។ បងប្អូនអាចចាក់ ឬច្រៀងទំនុកតម្កើង ឬចម្រៀងកុមារអំពីព្រះអង្គសង្គ្រោះ ដែលគ្រួសារបងប្អូនចូលចិត្ត ។ បងប្អូនអាចមើលរូបសិល្បៈដែលទាក់ទង ឬមើលវីដេអូដូចជា « The Savior Suffers in Gethsemane » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ពេលដែលបងប្អូនអានខគម្ពីរទាំងនេះ សមាជិកគ្រួសារអាចចែកចាយវគ្គបទគម្ពីរដែលមានអត្ថន័យជាពិសេសចំពោះពួកគេ—ប្រហែលជាវគ្គបទគម្ពីរដែលជួយពួកគេឲ្យទទួលអារម្មណ៍នូវសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ( សូមមើលផងដែរ ម៉ាថាយ ២៦:៣៦–៤៦; ម៉ាកុស ១៤:៣២–៤២ ) ។ បងប្អូនក៏អាចអញ្ជើញពួកគេឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ផងដែរ ។
-
លូកា ២២:៤២ ។សមាជិកគ្រួសារអាចចែកចាយបទពិសោធន៍ ពេលដែលពួកគេបានរៀននិយាយថា « កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » ។
-
លូកា ២២:៥០–៥១; យ៉ូហាន ១៨:១០–១១ ។តើយើងរៀនអ្វីខ្លះអំពីព្រះយេស៊ូវចេញពីខគម្ពីរទាំងនេះ ?
-
យ៉ូហាន ១៨:៣៧–៣៨ ។តើយើងនឹងឆ្លើយសំណួររបស់លោកពីឡាត់ « តើយ៉ាងណាដែលហៅថាសេចក្តីពិតនោះ» យ៉ាងដូចម្តេច ? ( ខទី ៣៨ ) ។ សម្រាប់គំនិតមួយចំនួន សូមមើល យ៉ូហាន ៨:៣២; គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៥; ៩៣:២៣–២៨; និង « ការពិតនោះជាអ្វី ? » ទំនុកតម្កើង ល.រ. ១៧០ ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ទំនុកតម្កើងដែលលើកទឹកចិត្តឲ្យប្រើ ៖ « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » ទំនុកតម្កើង ល.រ. ១១៥ ។