ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ១២–១៨ ខែ មិថុនា ។ លូកា ២២; យ៉ូហាន ១៨ ៖ « កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ »


« ថ្ងៃទី ១២–១៨ ខែ មិថុនា ។ លូកា ២២; យ៉ូហាន ១៨ ៖ ‹ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១២–១៨ ខែ មិថុនា ។ លូកា ២២; យ៉ូហាន ១៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

រូបភាព
ព្រះគ្រីស្ទ និង​ពួកសិស្ស​នៅក្នុង​សួនច្បារគែតសេម៉ានី

សួនច្បារ​គែតសេម៉ានី ដោយ ឌេរេក ហិចស្ទេដ

ថ្ងៃទី ១២–១៨ ខែ មិថុនា

លូកា ២២; យ៉ូហាន ១៨

« កុំ​តាម​ទូលបង្គំឡើយ សូម​តាម​តែ​ព្រះហឬទ័យ​ទ្រង់​វិញ »

ការរៀន​ចេញពី លូកា ២២ និង យ៉ូហាន ១៨ ជាមួយ​កុមារ​គឺជា​ឱកាស​មួយ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ដុសខាត់​សេចក្តី​ស្រឡាញ់​របស់​ពួកគេ​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្តី​ជំនឿ​របស់​ពួកគេ​លើ​ទ្រង់ ។ សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ធ្វើកិច្ចការ​នេះ​ប្រកប​ដោយ​ការអធិស្ឋាន ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​បង្ហាញ​រូបភាព​ពី​ព្រឹត្តិការណ៍​នានា​នៅក្នុង​ជំពូក​ទាំងនេះ ដូចជា ព្រះគ្រីស្ទ​នៅ​ក្នុងសួន​ច្បារ​គែតសេម៉ានីសៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៥៦ ) និង​រូបភាព​នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ប្រាប់ពី​អ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​រូបភាព​នេះ ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

លូកា ២២:៣៩–៤៦

ព្រះយេស៊ូវ​បាន​រង​ទុក្ខ​សម្រាប់​ខ្ញុំ ដោយសារ​ទ្រង់​ស្រឡាញ់​ខ្ញុំ ។

សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​ដែល​មាន​សម្រាប់​ពួកគេ កាល​បងប្អូន​ពិភាក្សា​ពី​ដំណើររឿង​នៃ​ការរងទុក្ខ​របស់​ទ្រង់​នៅ​សួនច្បារ​គែតសេម៉ានី ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ប្រាប់​ដំណើរ​រឿង​ពី លូកា ២២:៣៩–៤៦ ដល់​កុមារ ប្រហែល​ដោយ​ការប្រើ « ជំពូក ៥១ ៖ ព្រះយេស៊ូវ​រងទុក្ខ​នៅក្នុង​សួនច្បារ​គែតសេម៉ានី » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាថ្មីទំព័រ ១២៩–៣២ ឬ​វីដេអូ​ដូច​គ្នា​នេះ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​ពន្យល់​ថា ព្រះយេស៊ូវ​បាន​ទទួល​អារម្មណ៍​នូវ​អស់​ទាំង​ការឈឺចាប់ និង​ទុក្ខសោក​ដែល​មនុស្ស​គ្រប់រូប​ធ្លាប់​បាន​មាន ។ សូម​សួរ​កុមារ​ពី​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​អារម្មណ៍​សោកសៅ ឈឺចាប់ ឬ​មិន​សប្បាយ​ចិត្ត ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​អាច​ជួយ​យើង​ឲ្យមាន​អារម្មណ៍​ល្អប្រសើរ​វិញ នៅពេល​យើង​មាន​អារម្មណ៍​ទាំងនោះ ។

  • សូម​ហុច​រូប​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​សួនច្បារ​គែតសេម៉ានីទៅ​ជុំវិញ​ថ្នាក់ ( ដូចជា​រូបភាព​មួយ​ដែល​មាន​នៅក្នុង គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ។ កាល​ដែល​កុមារ​ម្នាក់​កាន់រូបភាព​នេះ សូម​និយាយ​ថា « ព្រះយេស៊ូវ​បាន​រងទុក្ខ​ដោយសារតែ​ទ្រង់​ស្រឡាញ់ [ ឈ្មោះ​របស់​កុមារ ] » ។ សូម​អញ្ជើញ​កុមារ​ឲ្យ​អាន​តាម​ពាក្យ​ទាំងនេះ​ជាមួយ​បងប្អូន ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយ​កុមារ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ដូច​ជា​បទ « ខ្ញុំ​ស្គាល់​ក្តីស្នេហ៍​ព្រះសង្គ្រោះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤២–៤៣ ) ។ សូម​ជួយ​ពួកគេ​ឲ្យគិត​ពី​របៀប​ដែល​ពួកគេ​បាន​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ​យេស៊ូវ ។

លូកា ២២:៤១–៤៣

ខ្ញុំ​អាច​អធិស្ឋាន​នៅពេល​ខ្ញុំ​ត្រូវការ​ជំនួយ ។

នៅពេល​ព្រះយេស៊ូវ​បាន​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី នោះ​មាន​ទេវតា​មួយ​អង្គ​បាន​លេច​មក​ដើម្បី​ចម្រើន​កម្លាំង​ដល់​ទ្រង់ ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀនឲ្យ​យល់​ថា ពួកគេ​ក៏​អាច​អធិស្ឋាន​ទៅកាន់​ព្រះវរបិតា​សួគ៌​ដើម្បី​ទូលសូម​កម្លាំង​បាន​ផងដែរ​យ៉ាង​ដូចម្តេច ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​សង្ខេប លូកា ២២:៤១–៤៣ សម្រាប់​កុមារ ។ សូម​ចែកចាយ​បទពិសោធន៍​ដែល​បងប្អូន​បាន​អធិស្ឋាន​សូម​ជំនួយ ហើយ​ព្រះវរបិតាសួគ៌​បាន​ពង្រឹង​បងប្អូន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ឬ​តាមរយៈ​ការបញ្ជូន​នរណា​ម្នាក់ឲ្យ​មក​ជួយ​បងប្អូន ។

  • នៅលើ​ចម្រៀក​ក្រដាស សូម​សរសេរ​អ្វី​ដែល​យើង​អាច​ពោលពាក្យ​ក្នុង​ការអធិស្ឋាន​បាន ដូចជា « ឱ​ព្រះវរបិតាសួគ៌ » « ទូល​បង្គំ​សូម​អរព្រះគុណ​ទ្រង់ » « ទូលបង្គំ​សូម​ឲ្យ​ទ្រង់ » និង « នៅក្នុង​ព្រះនាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ អាម៉ែន » ។ សូម​ដាក់​ក្រដាស​ទាំងនោះ​នៅលើ​ឥដ្ឋ​តាម​លំដាប់លំដោយ​ព្រាវៗ ហើយ​សូម​ជួយ​កុមារ​ឲ្យ​តម្រៀប​ពាក្យ​ទាំងនោះ​តាម​លំដាប់លំដោយ ដែល​ពួកគេ​អាច​ពោលពាក្យ​ទាំងនោះ​នៅក្នុង​ការអធិស្ឋាន​បាន ។ តើ​យើង​អាច​អរព្រះគុណ​ដល់​ព្រះវរបិតាសួគ៌​សម្រាប់​អ្វី​ខ្លះ ? តើ​មាន​អ្វីខ្លះទៀត​ដែល​យើង​អាច​ទូលទៅទ្រង់​បាន ? សូម​ថ្លែង​ទីបន្ទាល់​ថា កុមារ​អាច​អធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌​នៅគ្រប់ទីកន្លែង និង​នៅ​គ្រប់ ពេលវេលា ។

រូបភាព
ព្រះគ្រីស្ទ​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី

ព្រះគ្រីស្ទ​កំពុងអធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី ដោយ ហែរម៉ាន់ ក្លេមិនហ្ស៍

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

លូកា ២២:៣៩–៤៦

នៅក្នុង​សួនច្បារ​គែតសេម៉ានី ព្រះយេស៊ូវ​គ្រីស្ទ​បាន​លើក​ដាក់​មក​លើ​ព្រះអង្គ​ទ្រង់​នូវ​អំពើបាប និង​ការឈឺចាប់​របស់​ខ្ញុំ ។

ការដឹង​អំពី​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង​នៅក្នុង​សួនច្បារ​គែតសេម៉ានី អាច​ជួយ​កុមារ​ឲ្យ​ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ ហើយ​ងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ នៅពេល​ពួកគេ​ជួប​នឹង​ឧបសគ្គ​ពិបាក​ផ្សេងៗ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​អាន លូកា ២២:៣៩–៤៦ ហើយ​រកមើល​ពាក្យ ឬ​ឃ្លា​នានា​ដែល​ពិពណ៌នា​អំពី​អារម្មណ៍​ដែល​ព្រះយេស៊ូវ​បាន​ទទួល​នៅក្នុង​សួនច្បារ​គែតសេម៉ានី ។ តើ​ព្រះយេស៊ូវ​បាន​ជួប​បទពិសោធន៍​អ្វីខ្លះ ដែល​បាន​បណ្ដាល​ឲ្យ​ទ្រង់​មាន​អារម្មណ៍​របៀប​នេះ ? ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១៩:១៦–១៩ ) ។ សូម​ផ្ដល់​ឱកាស​ឲ្យ​កុមារ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ និង​ពលិកម្ម​របស់​ទ្រង់​សម្រាប់​យើង ។

  • សូម​ឲ្យ​កុមារ​ចែកចាយ​ពី​គ្រា​មួយ​ដែល​ពួកគេ​បាន​មាន​អារម្មណ៍​សោកសៅ ឬ​ឈឺចាប់ ។ សូម​សួរ​កុមារ​ថា តើ​ពួកគេ​ស្គាល់​នរណាម្នាក់​ដែល​មាន​អារម្មណ៍​ដូចគ្នា​នេះ​ដែរ​ឬទេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន អាលម៉ា ៧:១១–១២ ។ តើ​ខគម្ពីរ​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការរងទុក្ខ​របស់​ទ្រង់​សម្រាប់​យើង ?

  • សូម​ឲ្យ​កំណាត់ឈើ​មួយ​ដែល​វែង​ជាង​ទទឹង​នៃ​ទ្វារចូល​ថ្នាក់រៀន​ដល់​កុមារ ហើយ​ស្នើសុំ​ឲ្យ​ពួកគាត់​កាន់​វា​ផ្ដេក ហើយ​ព្យាយាម​ដើរ​កាត់​តាម​ទ្វារ​នោះ ។ សូម​ពន្យល់​ថា កំណាត់ឈើ​នោះ​តំណាង​ឲ្យ​អំពើបាប​របស់​យើង ដែល​រារាំង​យើង​មិន​ឲ្យ​ចូល​ទៅក្នុង​នគរ​របស់​ព្រះ​បាន ។ សូម​ដក​កំណាត់ឈើ​នោះ​ចេញ​ដើម្បី​បង្ហាញ​ថា ព្រះយេស៊ូវ​បាន​លើក​ដាក់​មក​លើ​ព្រះអង្គ​ទ្រង់​នូវ​អំពើបាប​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​ត្រូវបាន​អភ័យទោស កាល​យើង​ប្រែចិត្ត ។

លូកា ២២:៣៩–៤៤

ខ្ញុំ​អាច​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​បាន តាមរយៈ​ការគោរព​ប្រតិបត្តិ​ដល់​ព្រះវរបិតាសួគ៌ ។

ព្រះយេស៊ូវ​បាន​បង្ហាញ​ការគោរព​ប្រតិបត្តិ​ដល់​ព្រះវរបិតាសួគ៌ កាល​ទ្រង់​បាន​មាន​បន្ទូល​ថា « កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ( លូកា ២២:៤២ ) ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​រៀនសូត្រ​ចេញពី​គំរូ​របស់​ព្រះយេស៊ូវ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ជួយ​កុមារ​ឲ្យទន្ទេញ​ឃ្លា​នេះ « កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ( លូកា ២២:៤២ ) ជាមួយ​នឹង​កុមារ ហើយ​ពិភាក្សា​ពី​អត្ថន័យ​នៃ​ឃ្លា​នេះ ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​គោរព​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតាសួគ៌ ?

  • សូម​ជួយ​កុមារ​ឲ្យ​ស្វែងរក​ហេតុផល​មួយចំនួន ដែល​នៅពេល​ខ្លះ​វា​លំបាក​ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​យើង​ធ្វើ ។ តើ​ពរជ័យ​អ្វី​ដែល​យើង​បាន​ទទួល តាមរយៈ​ការគោរព​ប្រតិបត្តិ​តាម​ព្រះវរបិតាសួគ៌ ទោះបីជា​វា​លំបាក​ក៏ដោយ ?

លូកា ២២:៥០–៥១

ព្រះយេស៊ូវ​ស្រឡាញ់​សត្រូវ​របស់​ទ្រង់ ។

ការរៀនសូត្រ​ពី​របៀប​ដើម្បី​ធ្វើ​ជា​អ្នក​សម្រុះសម្រួល​គឺ​ពុំមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ នៅពេល​អ្នកដទៃ​មិនធ្វើ​ល្អ​ចំពោះ​យើង​នោះ ។ តើ​ដំណើររឿង​នៅក្នុង លូកា ២២:៥០–៥១ នេះ​អាច​បំផុសគំនិត​ដល់​កុមារ​ដែល​បងប្អូន​បង្រៀន​ឲ្យ​ធ្វើ​ជា​មនុស្សល្អ​នៅគ្រប់​កាលៈទេសៈ​យ៉ាង​ដូចម្តេច ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យអាន លូកា ២២:៥០–៥១ ។ តើ​យើង​រៀន​អ្វី​ខ្លះអំពី​ព្រះយេស៊ូវ​ចេញ​ពី​ដំណើររឿង​នេះ ? នៅ​អំឡុង​សប្តាហ៍​នេះ សូម​សាកសួរ​ឪពុកម្តាយ​របស់​កុមារ​ឲ្យ​ប្រាប់​បងប្អូន អំពី​គ្រា​ដែល​កូនៗ​របស់​ពួកគាត់​បាន​បង្ហាញ​នូវ​សណ្តាន​ចិត្តល្អ ទោះបី​ជា​វា​ស្ថិតក្នុងគ្រា​លំបាក​ក៏ដោយ ។ សូម​ចែកចាយ​ដំណើររឿង​ទាំងនោះ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។ ( សូមរំឭក​កុមារ​ថា ការ​មាន​សណ្តានចិត្តល្អ​ពុំមែន​មានន័យថា​បណ្តោយ​ឲ្យ​អ្នកដទៃ​ធ្វើ​ឲ្យ​ពួកគេ​ឈឺចាប់​នោះទេ ប៉ន្តែ​ពួកគេ​គួរតែ​និយាយ​ទៅកាន់​ឪពុកម្តាយ​របស់​ពួកគេ ឬ​មជ្ឈិមវ័យ​ដែល​ពួកគេ​ទុកចិត្ត ប្រសិនបើ​មាន​នរណា​ម្នាក់​ធ្វើ​ឲ្យ​ពួកគេ​ឈឺចាប់ ) ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ការមាន​ចិត្តល្អ ដូចជា​បទ « ចិត្តល្អ​ចាប់ផ្តើម​នឹងខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨៣ ) ។ តើ​បទចម្រៀង​នេះ​បាន​បង្រៀន​អ្វី​ខ្លះ​អំពី​ការមាន​សណ្តាន​ចិត្តល្អ ? តើ​យើង​អាច​បង្ហាញ​សណ្តាន​ចិត្តល្អ​ដល់​អ្នក​ដទៃ​ដូចជា​ព្រះអង្គសង្រ្គោះ​បាន​ធ្វើ​យ៉ាង​ដូចម្តេច ?

រូបភាព
រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះ​អង្គ​សង្រ្គោះ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ។ ពួកគេ​ក៏​អាច​ស្នើសុំ​ឲ្យ​សមាជិក​គ្រួសារ​របស់​ពួកគេ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ទ្រង់​ផងដែរ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង ។ « ចូរ​សុំ​ឲ្យ [ កុមារ ] ចែកចាយ​ជាមួយ​បងប្អូន​អំពី​គំនិត អារម្មណ៍ និង​បទពិសោធន៍​របស់​ពួកគេ ទាក់ទង​នឹង​គោលការណ៍​ដែល​បងប្អូន​កំពុង​បង្រៀន​នេះ ។ បងប្អូន​នឹងឃើញ​ថា ពួកគេ​មានគំនិត​យោបល់​សាមញ្ញៗ បរិសុទ្ធ និង​មាន​អានុភាព » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ១៦ ) ។

បោះពុម្ព