ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ៥–១១ ខែ មិថុនា ។ យ៉ូហាន ១៤–១៧ ៖ « ចូរ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ »


« ថ្ងៃទី ៥–១១ ខែ មិថុនា ។ យ៉ូហាន ១៤–១៧ ៖ ‹ ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៥–១១ ខែ មិថុនា ។ យ៉ូហាន ១៤–១៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ

អាហារយប់​ចុងក្រោយ ដោយ វិល្លាម ហ៊ែនរី ម៉ាហ្គែតសុន

ថ្ងៃទី ៥–១១ ខែ មិថុនា

យ៉ូហាន ១៤–១៧

« ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ »

សូម​អធិស្ឋាន​ដើម្បី​ដឹង​ពី​តម្រូវការ​របស់​កុមារ​ដែល​បងប្អូន​បង្រៀន កាល​បងប្អូន​អាន យ៉ូហាន ១៤–១៧ ។ ចូរ​មក​តាម​ខ្ញុំ​—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ អាច​ជួយ​ដល់​ការសិក្សា​របស់​បងប្អូន​បាន ហើយ​គម្រោង​មេរៀន​នេះ​អាច​បំភ្លឺ​គំនិត​ដល់​បងប្អូន​អំពី​របៀប​ដើម្បី​បង្រៀន​កុមារ​តូចៗ​ក្នុង​ថ្នាក់​របស់​បងប្អូន ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ដើម្បី​ជួយ​កុមារ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀន​នៅ​ឯ​ផ្ទះ សូម​ឲ្យ​កុមារ​ម្នាក់ៗ​ប្ដូរ​វេនគ្នា​កាន់​រូប​បេះដូង​ក្រដាស ហើយ​ចែកចាយ​អ្វី​ដែល​គាត់ ឬ​នាង​ធ្វើ​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​អ្នកដទៃ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

យ៉ូហាន ១៤:១៥

ខ្ញុំ​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការគោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

សូម​ជួយ​កុមារ​ឲ្យ​យល់​ថា ពួកគេ​អាច​បង្ហាញ​ដល់​ព្រះអង្គ​សង្គ្រោះ​ថា ពួកគេ​ស្រឡាញ់​ទ្រង់​តាមរយៈ​ការគោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ជួយ​កុមារ​ឲ្យ​សូត្រ យ៉ូហាន ១៤:១៥ ។ សូម​ឲ្យ​ពួកគេ​និយាយ​ថា « បើ​អ្នក​រាល់គ្នា​ស្រឡាញ់​ខ្ញុំ » នៅពេល​បងប្អូន​លើក​រូប​ក្រដាស​បេះដូង​ឡើង ។ សូម​ឲ្យ​ពួកគេ​និយាយ​ថា « ចូរ​កាន់តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » នៅពេល​បងប្អូន​លើក​ព្រះគម្ពីរ​ឡើង ។

  • សូម​ជួយ​កុមារ​ឲ្យ​គិតពី​បទបញ្ញត្តិ​មួយ​ចំនួន​របស់​ព្រះយេស៊ូវ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ផ្តល់​យោបល់​ពី​របៀប​ដែល​ពួកគេ​អាច​កាន់តាម​បទបញ្ញត្តិ​នីមួយៗ​បាន ។ សូម​ថ្លែងទីបន្ទាល់​ថាការធ្វើអ្វីៗ​ទាំងនេះ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​រួមគ្នា​អំពី​បទបញ្ញត្តិ ដូចជា​បទ « រក្សា​បទបញ្ញត្តិ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៨–៦៩ ) ។

  • សូម​លេង​ល្បែង​នេះ​នៅលើ​ទំព័រ​សកម្មភាព​សប្តាហ៍​នេះ​ជាមួយ​កុមារ ។

យ៉ូហាន ១៤:២៦–២៧; ១៥:២៦; ១៦:១៣–១៤

ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​ដល់​ខ្ញុំ ។

ព្រះ​យេស៊ូវ​បាន​បង្រៀន​ពួកសិស្ស​របស់ទ្រង់​ពី​សេចក្ដីពិត​ដ៏សំខាន់​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ពិចារណា​អំពី​របៀប​ដែល​សេចក្តីពិត​ទាំងនេះ​អាច​ជួយ​ដល់​កុមារ​ដែល​បងប្អូន​បង្រៀន ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​រូបភាព អាហារ​យប់​ថ្ងៃ​ចុង​ក្រោយសៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៥៤ ) ។ សូម​ពន្យល់​ដល់​កុមារ​ថា នៅ​អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ ព្រះយេស៊ូវ​បាន​បង្រៀន​ពួកសិស្ស​របស់​ទ្រង់​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ចែកចាយ​សេចក្តីពិត​មួយ​ចំនួន​ដែល​ទ្រង់​បាន​បង្រៀន​នៅក្នុង យ៉ូហាន ១៤:២៦–២៧; ១៥:២៦; ១៦:១៣–១៤ ។

    ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ទៅកាន់​ពួកសិស្ស

    អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ ដោយ ក្លាក ខេលី ប្រាយស៍

  • សូម​ចែកចាយ​បទពិសោធន៍​មួយ នៅពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​លួងលោម​បងប្អូន ដឹកនាំ​បងប្អូន ឬ​ជួយ​បងប្អូន​ឲ្យ​ស្គាល់​ពី​សេចក្តីពិត ។ សូម​ថ្លែង​ទីបន្ទាល់ថា ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​កុមារ​តាម​របៀប​ដូចគ្នា​នេះ​ដែរ ។

  • សូម​ច្រៀង​ចម្រៀង​រួមគ្នា​ជាមួយ​កុមារ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដូចជា​បទ « ព្រះវិញ្ញាណ​បរិសុទ្ធ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៦ ) ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្ដាប់រក​អ្វី​ដែល​បាន​លើកឡើង​នៅក្នុង​បទចម្រៀង​នេះ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បានធ្វើ ។

យ៉ូហាន ១៧:៣

ខ្ញុំ​អាច​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ថា « ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » គឺ​ត្រូវ​ស្គាល់ « ទ្រង់​ដ៏​ជា​ព្រះ​ពិតតែ​មួយ និង​ព្រះយេស៊ូវ​គ្រីស្ទ » ។ នៅពេល​កុមារ​ដែល​បងប្អូន​បង្រៀន​ចាប់ផ្តើម​ដឹង​អំពី​ទ្រង់​ទាំងទ្វេ នោះ​ពួកគេ​នឹង​ទទួល​បាន​កម្លាំង​ខាងវិញ្ញាណ ដែល​នឹង​ប្រទានពរ​ដល់​ពួកគេ​នៅពេញ​មួយ​ជីវិត​របស់​ពួកគេ ហើយ​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន យ៉ូហាន ១៧:៣ ហើយ​សូម​ឲ្យ​កុមារ​ស្តាប់​រក​ថា​តើ​ព្រះយេស៊ូវ​ចង់​ឲ្យ​យើង​ស្គាល់​នរណា ។ សូម​បង្ហាញ​រូបភាព​ពីរបី​ដែល​តំណាង​ឲ្យ​របៀប​ដែល​យើង​អាច​ចាប់​ផ្តើម​ស្គាល់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដូចជា​រូបភាព​ព្រះគម្ពីរ ក្រុមគ្រួសារ​កំពុងរៀន​ជាមួយគ្នា និង​នរណា​ម្នាក់​ដែល​កំពុង​បម្រើ​មនុស្ស​ផ្សេងទៀត ។ សូម​ផ្កាប់​រូបភាព​ចុះក្រោម ហើយ​អញ្ជើញ​កុមារ​ឲ្យ​ប្តូរវេនគ្នា​ផ្ងារ​រូបភាព​ទាំងនោះ​ឡើង ហើយ​ពិពណ៌នា​ពី​អ្វី​ដែល​មាន​នៅក្នុង​រូបភាព​នោះ ។ តើ​អ្វីៗ​ទាំងនេះ​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​ដោយ​របៀបណា ?

  • សូម​និយាយ​ជាមួយ​កុមារ​អំពី​អ្វីៗ​ដែល​ពួកគេ​នឹង​ធ្វើ ដើម្បី​រៀន​ស្គាល់​មិត្តភក្តិ​របស់​ពួកគេ​ឲ្យ​បាន​កាន់តែ​ប្រសើរ ។ តើ​យើង​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​កាន់តែ​ច្បាស់​ជាងមុន​យ៉ាង​ដូចម្តេច ? សូម​ចែកចាយ​ពី​របៀប​ដែល​បងប្អូន​បាន​ធ្វើ​ការណ៍​នេះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

យ៉ូហាន ១៤:១៥; ១៥:១០–១៤

ខ្ញុំ​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការគោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

កាល​បងប្អូន​អាន​វគ្គ​បទគម្ពីរ​ទាំងនេះ​នៅក្នុង​ការសិក្សា​ផ្ទាល់​ខ្លួន​របស់​បងប្អូន សូម​គិត​អំពី​កុមារ​ដែល​បងប្អូន​បង្រៀន ។ តើ​ពួកគេ​នឹង​ទទួល​បាន​ពរជ័យ​យ៉ាង​ណា នៅពេល​ពួកគេ​យល់​ថា ការគោរព​ប្រតិបត្តិ​របស់​ពួកគេ​ចំពោះ​ព្រះអង្គសង្រ្គោះ​គឺជា​ទីសម្គាល់​មួយ​នៃ​សេចក្តីស្រឡាញ់​របស់​ពួកគេ​ចំពោះ​ទ្រង់​នោះ ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​នូវ​របៀប​ដែល​ព្រះយេស៊ូវ​បាន​បង្ហាញ​ថា ទ្រង់​បាន​គោរព​ប្រតិបត្តិ​តាម​ព្រះវរបិតា​សួគ៌ ។ សូម​បង្ហាញ​រូបភាព​មកពី​ព្រះជន្ម​របស់​ព្រះអង្គសង្រ្គោះ​ដើម្បី​ជួយ​ដល់​ពួកគេ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៣៤–៣៥, ៥៦–៥៧ ) ។ សូម​ឲ្យ​កុមារ​និយាយ​អំពី​គ្រា​ដែល​ពួកគេ​បាន​គោរពប្រតិបត្តិ​តាម​ព្រះវរបិតាសួគ៌ ។

  • សូម​ឲ្យ​កុមារ​ម្នាក់​អាន យ៉ូហាន ១៤:១៥ ។ សូម​ឲ្យ​កុមារ​ប្ដូរ​វេន​គ្នា​គូរ​រូប​ដែល​តំណាង​ឲ្យ​នរណា​ម្នាក់​ដែល​រក្សា​បទបញ្ញត្តិ ខណៈ​កុមារ​ផ្សេង​ទៀត​ទាយ​ថា តើ​គេ​កំពុង​គូរ​អ្វី ។ សម្រាប់​ឧទាហរណ៍​ពី​បទបញ្ញត្តិ​នានា សូម​មើល​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ( ឆ្នាំ ២០២២ ) ។ តើ​ការរក្សា​បទបញ្ញត្តិ​ទាំងនេះ​បង្ហាញ​ដល់​ព្រះអង្គ​សង្គ្រោះ​ថា យើង​ស្រឡាញ់​ទ្រង់​ដោយ​របៀប​ណា ?

យ៉ូហាន ១៤:២៦; ១៥:២៦; ១៦:១៣

ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ លួងលោម ហើយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ពិត ។

តើ​កុមារ​ដែល​បងប្អូន​បង្រៀន​បាន​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ហើយ​ឬ​នៅ ? តើ​ពួកគេ​ដឹង​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ពួកគេ​អ្វីខ្លះ ? សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​នឹង​ជួយ​ពួកគេ​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​តួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​អាន​ខគម្ពីរ​ដូច​តទៅ​នេះ​ជា​ដៃគូ ៖ យ៉ូហាន ១៤:២៦; ១៥:២៦ និង ១៦:១៣ ។ សូម​ឲ្យ​ពួកគេ​រកមើល​ពាក្យ​ដែល​បង្រៀន​ពួកគេ​ពី​អ្វីៗ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ ។ សូម​សរសេរ​ពាក្យ​ទាំងនេះ​នៅ​លើ​ក្ដារខៀន ។

  • សូម​ចែកចាយ​បទពិសោធន៍​មួយ កាល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ដឹកនាំ​បងប្អូន បាន​លួងលោម​បងប្អូន បាន​ព្រមាន​បងប្អូន ឬ​បាន​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដល់​បងប្អូន ។ សូម​អញ្ជើញ​កុមារ​ឲ្យចែកចាយ​រាល់​បទពិសោធន៍​ដែល​ពួកគេ​មាន ។ តើ​ពួកគេ​បាន​ស្គាល់​ឥទ្ធិពល​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀបណា ?

  • សូម​អញ្ជើញ​កុមារ​ម្នាក់ៗ​ឲ្យ​គូរ​រូប​មុខ​របស់​គេ​នៅលើ​កាបូប​ក្រដាស​មួយ ។ សូម​បញ្ចាំង​ភ្លើង​ពិល ដែល​តំណាង​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទៅ​ក្នុង​កាបូប​នីមួយៗ ។ រួច​ហើយ សូម​ដាក់​វត្ថុ​នានា​ទៅក្នុង​កាបូប​ដែល​បាំង​ពន្លឺ​នោះ​ដូចជា ក្រណាត់​មួយ​ចម្រៀក ដើម្បី​បង្រៀន​ថា ជម្រើស​ខុស​ឆ្គង​របស់​យើង​អាច​រារាំង​ដល់​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​របស់​យើង ។ សូម​ឲ្យ​កុមារ​ដក​យក​របស់​ទាំងនោះ​ចេញ​ពី​កាបូប​របស់​គេ ដើម្បី​តំណាង​ឲ្យ​ការប្រែចិត្ត ។

យ៉ូហាន ១៥:១–៩; ១៧:៣

ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ស្គាល់​ទ្រង់​ទាំងទ្វេ ។

បងប្អូន​នឹង​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​កុមារ​ជាច្រើន តាមរយៈ​ការជួយ​ពួកគេ​ឲ្យ​ស្គាល់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ច្បាស់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​រុក្ខជាតិ​មួយ​ដើម ( ឬ​រូបភាព​រុក្ខជាតិ​មួយ​ដើម ) កាល​កុមារ​ប្ដូរ​វេន​គ្នា​អាន​ខគម្ពីរ​នៅក្នុង យ៉ូហាន ១៥:១–៩ ។ តើ​ព្រះយេស៊ូវ​គ្រីស្ទ​ដូចជា​ដើម​ទំពាំង​បាយជូរ​ដោយ​របៀបណា ? តើ​យើង​ដូចជា​មែក​របស់​វា​ដោយ​របៀប​ណា ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី « នៅ​ជាប់ » នឹង​ព្រះអង្គ​សង្គ្រោះ ?

  • សូម​អាន យ៉ូហាន ១៧:៣ ឮៗ ។ សូម​សួរ​កុមារ​ថា តើ​ពួកគេ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ស្គាល់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ចែកចាយ​របៀប​ដែល​បងប្អូន​ស្គាល់​ទ្រង់​ទាំងទ្វេ ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​លើកទឹក​ចិត្ត​កុមារ​ឲ្យ​ចែកចាយ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​នូវ​បទចម្រៀង​មួយ​បទ ដែល​ពួកគេ​ទើប​តែ​បាន​រៀន​នៅក្នុង​ថ្នាក់ ឬ​នៅម៉ោង​ច្រៀង​ចម្រៀង ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សម្របសម្រួល​សកម្មភាព​នានា ។ ប្រសិនបើ​បងប្អូន​បង្រៀន​កុមារ​តូចៗ នោះ​បងប្អូន​អាច​ស្វែងរក​គំនិត​បន្ថែម​ដែល​បងប្អូន​អាច​សម្របសម្រួល​ដល់​កុមារ​ក្នុង​ថ្នាក់​របស់​បងប្អូន​នៅក្នុង​ផ្នែក​គម្រោង​មេរៀន​នេះ​សម្រាប់​កុមារ​ធំៗ​បាន ។ ដូចគ្នា​ដែរ សកម្មភាព​សម្រាប់​កុមារ​តូចៗ​ទាំងនេះ​ក៏​អាច​សម្របសម្រួល​សម្រាប់​បង្រៀន​កុមារ​ធំៗ​បាន​ផងដែរ ។