ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ៥–១១ ខែ មិថុនា ។ យ៉ូហាន ១៤–១៧ ៖ « ចូរ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ »


« ថ្ងៃទី ៥–១១ ខែ មិថុនា ។ យ៉ូហាន ១៤–១៧ ៖ ‹ ចូរ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៥–១១ ខែ មិថុនា ។ យ៉ូហាន ១៤–១៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

អាហារ​យប់​ចុងក្រោយ

អាហារយប់​​ចុងក្រោយ ដោយ វិល្លាម ហ៊ែនរី ម៉ាហ្គែតសុន

ថ្ងៃទី ៥–១១ ខែ មិថុនា

យ៉ូហាន ១៤–១៧

« ចូរ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ »

នៅពេល​បងប្អូន​អាន​អំពី​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង យ៉ូហាន ១៤–១៧ ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ជួយ​បងប្អូន​ឲ្យ​រកឃើញ​សារលិខិត​ទាំងឡាយ​សម្រាប់​បងប្អូន ។ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ដែល​បងប្អូន​មាន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

សព្វថ្ងៃ​នេះ យើង​ហៅ​វា​ថា « អាហារ​យប់​​ចុង​ក្រោយ » ប៉ុន្តែ​យើង​ពុំ​ដឹង​ថា តើ​ពួកសិស្ស​របស់​ព្រះយេស៊ូវ​ពិត​ជា​បាន​ដឹង​ដោយ​ពេញលេញ​ដែរឬអត់ ថា​វា​ជា​អាហារ​ចុង​ក្រោយ​របស់​ពួកគេ​ជា​មួយ​នឹង​លោកគ្រូ​របស់​ពួកគេ​ពី​មុន​ទ្រង់​សុគត ពេល​ពួកគេ​ជួបជុំ​គ្នា​សម្រាប់​ពិធីជប់លៀង​បុណ្យរំលង​ប្រចាំឆ្នាំ​នោះ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ព្រះយេស៊ូវ « ទ្រង់​ជ្រាប​ថា ពេល​កំណត់ ដែល​ទ្រង់​ត្រូវ​ចេញ » ( យ៉ូហាន ១៣:១ ) ។ មិន​យូរ​ប៉ុន្មាន ទ្រង់​នឹង​ជួប​នឹង​ការ​រងទុក្ខ​នៅ​សួនច្បារគែតសេម៉ានី ការ​ក្បត់ និង​ការ​បដិសេធ​មក​ពី​មិត្ត​ជិតស្និទ្ធបំផុត​របស់​ទ្រង់ និង​ការ​រងទុក្ខ​ដល់​សុគត​នៅ​លើ​ឈើឆ្កាង ។ ប៉ុន្តែ​ទោះ​ជា​រឿង​ទាំង​អស់​នេះ​នឹង​កើត​ឡើង​ចំពោះ​ទ្រង់​ក្ដី ក៏​ការ​ផ្ដោត​របស់​ព្រះយេស៊ូវ គឺ​ពុំ​មែន​មក​លើ​ព្រះអង្គទ្រង់​ទេ ប៉ុន្តែ​ទៅលើ​ពួក​សិស្ស​របស់ទ្រង់​វិញ ។ តើ​ការណ៍​អ្វី​ខ្លះ ដែល​ពួកគេ​ត្រូវការ​ដឹង​ជា​ច្រើន​ថ្ងៃ និង​ជា​ច្រើន​ឆ្នាំ​ជាមុន​នោះ ? ការបង្រៀន​ដ៏​ទន់ភ្លន់​របស់​ព្រះយេស៊ូវ​នៅក្នុង យ៉ូហាន ១៤–១៧ បង្ហាញ​ពី​របៀប​ដែល​ទ្រង់​មាន​ព្រះទ័យ​ចំពោះពួក​សិស្ស​របស់​ទ្រង់ នៅពេល​នោះ និង​ពេល​ឥឡូវ​នេះ ។ ក្នុង​ចំណោម​សេចក្ដី​ពិត​ពេញដោយ​ការលួងលោម​ជា​ច្រើន ទ្រង់​បាន​ចែកចាយ​នូវ​ការធានា​អះអាង​ថា ក្នុង​ន័យ​មួយ​ គឺ​ទ្រង់​នឹង​មិន​ដែល​ចាកចេញ​ពី​ពួកគេ​ឡើយ ។ ទ្រង់​បាន​សន្យា​ថា « បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ » ( យ៉ូហាន ១៥:១០ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

យ៉ូហាន ១៤–១៥

ខ្ញុំ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការកាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

នៅពេល​បងប្អូន​អាន យ៉ូហាន ១៤–១៥ បងប្អូន​អាច​កត់ចំណាំ ឬ​គូសចំណាំ​ការ​ប្រើ​ពាក្យ ស្រឡាញ់ នីមួយៗ ។ បងប្អូន​អាច​កត់សម្គាល់​ពាក្យ បទបញ្ញត្តិដែល​ថ្លែង​ឡើង​វិញ​ជា​ញឹកញាប់​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​នឹង​ពាក្យ សេចក្ដីស្រឡាញ់នៅក្នុង​ជំពូក​ទាំងនេះ ។ តើ​បងប្អូន​អាច​រៀន​អ្វីខ្លះ អំពី​ទំនាក់ទំនង​រវាង​សេចក្ដីស្រឡាញ់ និង​បទបញ្ញត្តិ​មកពី​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ ? តើ​ពាក្យ និង​ឃ្លា​អ្វី​ខ្លះ​ទៀត ដែល​បងប្អូន​ឃើញ​ថា​ជាប់​ទាក់ទង​នឹង​ពាក្យ ស្រឡាញ់ នៅក្នុង​ជំពូក​ទាំងនេះ ?

សូម​ពិចារណា​អំពី​របៀប ដែល​សេចក្ដី​ស្រឡាញ់​របស់​​ព្រះអង្គ​សង្គ្រោះ​បាន​ជះ​ឥទ្ធិពល​លើ​បងប្អូន ។

សូមមើល​ផងដែរ យ៉ូហាន ១៣:៣៤–៣៥; ឌី.ថត គ្រីស្តូហ្វឺសិន « Abide in My Love » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៤៨–៥១ ។

ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស

អាហារ​យប់​ចុង​ក្រោយ ដោយ ក្លាកខេលី ប្រាយ

យ៉ូហាន ១៤–១៦

ព្រះវិញ្ញាណបរិសុទ្ធ​ជួយ​ខ្ញុំ​ឲ្យ​បំពេញ​គោលបំណង​របស់​ខ្ញុំ​ក្នុង​នាម​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ពួក​សិស្ស​របស់​ទ្រង់​ប្រាកដ​ជា​មាន​ចិត្ត​ខ្ទេចខ្ទាំ​ហើយ ដែល​ឮ​ថា ពេលវេលា​របស់​ពួកគេ​ជាមួយ​ព្រះអង្គ​សង្គ្រោះ​ជិត​ផុត​ទៅ​ហើយ​នោះ ។ ពួកគេ​ក៏​ប្រហែល​ជា​ព្រួយ​ចិត្ត​ថា តើ​ពួកគេ​អាច​បន្ត​ជីវិត​ទៅ​ដោយ​គ្មាន​ទ្រង់​ដោយ​របៀប​ណា ។ កាល​បងប្អូន​អាន ម៉ាថាយ ១៤–១៦ សូម​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ដើម្បី​ធានា​អះអាង​ដល់​ពួកគេ ។ ជា​ពិសេស សូម​កត់សម្គាល់​ពី​អ្វី​ដែល​ទ្រង់​បាន​បង្រៀន​ពួកគេ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ចំពោះ​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ខគម្ពីរ​ដូច​ខាង​ក្រោម ?

ហេតុអ្វី​ក៏​ពួក​សិស្ស​ត្រូវការ​ជំនួយ​ប្រភេទ​នេះ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ? តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បំពេញ​តួនាទី​ទាំង​នេះ សម្រាប់​បងប្អូន​យ៉ាង​ដូចម្ដេច ? សូម​ពិចារណា​ពី​អ្វី​ដែល​បងប្អូន​អាចធ្វើ​បាន ដើម្បី​ធ្វើ​ឲ្យ​ឥទ្ធិពល​របស់​ទ្រង់​កាន់តែ​មាន​ខ្លាំង​ឡើង​នៅក្នុង​ជីវិត​របស់បងប្អូន ?

សូមមើល​ផងដែរ នីហ្វៃទី៣ ១៩:៩; ២៧:២០; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១:១២–១៤; ម៉ូសេ ៦:៦១; មីឈែល ឌី ក្រេហ្គ​ « Spiritual Capacity » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១៩–២១ ។

យ៉ូហាន ១៥:១–៨

នៅពេល​ខ្ញុំ​នៅ​ជាប់​នឹង​ព្រះគ្រីស្ទ ខ្ញុំ​នឹង​ផ្ដល់​ផល​ផ្លែ​ល្អ ។

តើ​បងប្អូន​គិត​ថា វា​មាន​ន័យ​យ៉ាង​ណាដើម្បី ​​« នៅ​ជាប់​នឹង [ ព្រះគ្រីស្ទ ] » ? ( យ៉ូហាន ១៥:៤ ) ។ តើ « ផលផ្លែ » អ្វី​របស់​បងប្អូន ដែល​បង្ហាញ​ថា បងប្អូន​បាន​នៅ​ជាប់​នឹង​គល់ ដែល​តំណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ​នោះ ?

យ៉ូហាន ១៧

ព្រះយេស៊ូវគ្រីស្ទ​ជា​អង្គ​បង្រួប​បង្រួម​សម្រាប់​ពួក​សិស្ស​របស់​ទ្រង់ ។

ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​បាន​កត់ត្រា​នៅក្នុង យ៉ូហាន ១៧ ត្រូវ​បាន​ស្គាល់​ថា​ជា​ការអធិស្ឋាន​អង្វរក ។ នៅ​ក្នុង​ការអធិស្ឋាន​នេះ ព្រះយេស៊ូវ​កំពុង​អធិស្ឋាន​សម្រាប់​ពួក​សាវក​របស់​ទ្រង់ និង « ទាំង​អ្នក​ណា​ដែល​នឹង​ជឿ​ដល់ [ ទ្រង់ ] ដោយសារ​ពាក្យ​របស់​គេ​ថែម​ទៀត​ដែរ » ( យ៉ូហាន ១៧:២០ ) ។ នោះ​មានន័យ​ថា ទ្រង់​កំពុង​អធិស្ឋាន​សម្រាប់​បងប្អូន ។ តើ​ព្រះយេស៊ូវ​ស្នើរសុំ​អ្វីខ្លះមក​ពី​ព្រះបិតា​របស់​ទ្រង់​ជួស​ឲ្យ​បងប្អូន និង​អស់អ្នក​ដែល​ជឿ​ដទៃទៀត ? តើ​ការណ៍​នេះ​បង្រៀន​អ្វី​ដល់​បងប្អូន​អំពី​ព្រះទ័យ​របស់​ទ្រង់​ចំពោះ​បងប្អូន ?

ការ​អធិស្ឋាន​នេះ​ក៏​បង្រៀន​ពី​សេចក្ដីពិត​ដ៏អស្ចារ្យ​អស់កល្បជានិច្ច​ផងដែរ ។ តើ​បងប្អូន​រក​ឃើញ​សេចក្ដីពិត​អ្វី​ខ្លះ ? នៅពេល​បងប្អូន​អាន​ជំពូក​នេះ សូម​ពិចារណា​កត់ត្រា​ពី​អ្វី​ដែល​បងប្អូន​រៀន​អំពី​ចំណុច​ដូច​ខាងក្រោម ៖

  • ការអធិស្ឋាន

  • ទំនាក់​ទំនង​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​នឹង​ព្រះវរបិតា​ទ្រង់

  • ទំនាក់ទំនង​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​នឹង​ពួកសិស្ស​របស់​ទ្រង់

  • របៀប​ដែល​ពួក​សិស្ស​ត្រូវ​ខុស​ពី​លោកិយ

  • សេចក្ដីពិត​ផ្សេង​ទៀត​ដែល​លេចធ្លោ​ចំពោះ​បងប្អូន

យ៉ូហាន ១៧:១១, ២១–២៣

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​ភាពរួបរួម​ដ៏​ឥត​ខ្ចោះ ។

នៅក្នុង​ការអធិស្ឋាន​របស់​ទ្រង់​នៅក្នុង យ៉ូហាន ១៧ ព្រះយេស៊ូវ​បាន​សង្កត់​ធ្ងន់​លើ​ភាពរួបរួម​របស់​ទ្រង់​ជាមួយ​នឹង​ព្រះវរបិតា ។ តើ​ព្រះវរបិតា និង​ព្រះរាជបុត្រា​តែ « មួយ » តាម​របៀប​ណា ? ( យ៉ូហាន ១៧:១១, ២១–២៣ ) ។ សូម​កត់សម្គាល់​ថា ព្រះអង្គសង្គ្រោះ​បាន​អធិស្ឋាន​សុំ​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់ក្លាយ​ជា​តែ​មួយ « ដូចជា »—ឬ​តាម​របៀប​ដូចគ្នា​នឹង​—ទ្រង់ និង​ព្រះបិតា​ទ្រង់​គឺ​តែ​មួយ ( យ៉ូហាន ១៧:២២ ) ។ តើ​ការណ៍​នេះ​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​បងប្អូន ? សូម​គិត​អំពី​ទំនាក់ទំនង​របស់​បងប្អូន—ឧទាហរណ៍ ជាមួយ​ស្វាមី ឬ​ភរិយា ឬ​សមាជិក​គ្រួសារ​ផ្សេងៗ​ទៀត​របស់​បងប្អូន ជាមួយ​សមាជិក​វួដ និង​ជាមួយ​ពួក​គ្រិស្តសាសនិកដូច​គ្នា ។ តើ​បងប្អូន​អាច​ខិតខំ​ឆ្ពោះ​ទៅកាន់​ការរួបរួម ដែល​ព្រះយេស៊ូវ​មាន​ជាមួយ​នឹង​ព្រះវរបិតា​យ៉ាង​ដូច​ម្ដេច ?

សូមមើល​ផងដែរ ឃ្វីនថិន អិល ឃុក « Hearts Knit in Righteousness and Unity » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១៨–២២; សារ៉ុន អូប៊ែង « By Union of Feeling We Obtain Power with God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៥៥–៥៧ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំក្រុម​គ្រួសារ

យ៉ូហាន ១៤:៥–៦ ។សមាជិក​គ្រួសារ​អាច​រីករាយ​នឹង​ការប្ដូរ​វេន​គ្នា​ដឹកនាំ​គ្រួសារ​ដើរ​តាម​ផ្លូវ​មួយ ។ តើ​ព្រះយេស៊ូវគឺ​ជា « ផ្លូវ » ដោយ​របៀបណា ? តើ​ទ្រង់​ដឹកនាំ​យើង​ទៅ​ណា ?

យ៉ូហាន ១៤:២៦–២៧ ។តើ​សេចក្ដី​សុខសាន្ត​របស់​ព្រះយេស៊ូវ​ខុសគ្នា​ពី​ប្រភេទ​ដែល « លោកិយ​ឲ្យ » យ៉ាង​ដូច​ម្ដេច ? សមាជិក​គ្រួសារ​អាច​ចែកចាយ​វិធី​ទាំងឡាយ ដែល​ពួកគេ​បាន​រកឃើញ​សេចក្ដី​សុខសាន្ត និង​ការលួងលោម​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

យ៉ូហាន ១៥:១–៨ ។វា​អាច​នឹង​ជា​ការ​សប្បាយ​ដើម្បី​អាន​ខគម្ពីរ​ទាំង​នេះ​នៅ​ខាង​ក្រៅ​នៅជិត​នឹងដើម​ទំពាំង​បាយជូរ ដើមឈើ​មួយ ឬ​ដើម​ឈើ​ផ្សេងទៀត ។ តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ខ្នែង​មួយ នៅពេល​វា​ត្រូវបាន​កាត់​ចេញ​ពី​ដើម​នោះ ? បងប្អូន​អាច​និយាយ​ថាតើ​យើង​ដូច​ជា​ខ្នែង​យ៉ាង​ដូច​ម្ដេច និង​អត្ថន័យ​នៃ​ការ « នៅជាប់ » នឹង​ព្រះអង្គ​សង្គ្រោះ និង « បង្កើត​ផល » ។

យ៉ូហាន ១៥:១៧–២៧; ១៦:១–៧ ។ហេតុអ្វី​បងប្អូន​គិត​ថា ព្រះយេស៊ូវ​គ្រីស្ទ​ព្រមាន​ដល់​ពួក​សិស្ស​របស់​ទ្រង់​អំពី​ការ​បៀតបៀន ? តើ​ពួក​សិស្ស​របស់​ព្រះគ្រីស្ទ​ត្រូវ​បាន​បៀតបៀន​នៅ​សព្វថ្ងៃនេះ​យ៉ាង​ដូចម្ដេច​ខ្លះ ? តើ​ដំបូន្មាន​របស់​ព្រះអង្គសង្គ្រោះ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​អាច​ជួយ​ដល់​យើង​យ៉ាង​ដូចម្ដេច នៅពេល​យើង​ប្រឈម​នឹង​ការ​បៀតបៀន ?

យ៉ូហាន ១៦:៣៣ ។តើ​ព្រះយ៉េស៊ូវគ្រីស្ទ​យក​ឈ្នះ​លើ​លោកិយ​យ៉ាង​ដូចម្ដេច ? តើ​ដង្វាយធួន​របស់​ទ្រង់​នាំមក​នូវ​ភាពសុខសាន្ត និង​ក្ដីសង្ឃឹម​ឡើង​យ៉ាង​ដូច​ម្ដេច ? ( សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:៦ ) ។

យ៉ូហាន ១៧:២១–២៣ ។តើ​អ្វី​ខ្លះ​ដែល​នឹង​ជួយ​គ្រួសារ​បងប្អូន​ឲ្យ​រៀន​ពី​របៀប​រួបរួម​គ្នា​កាន់​តែ​ខ្លាំង​ឡើង ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវរបិតាសួគ៌ ? ប្រហែល​ជា​បងប្អូន​អាច​និយាយ​អំពី​ក្រុម​កីឡា​ដែល​ចូលចិត្ត​មួយ និង​របៀប​ដែល​ពួកគេ​ធ្វើការ​រួមគ្នា​ដើម្បី​ឆ្ពោះ​ទៅកាន់​គោលដៅ​ដូចគ្នា​មួយ ។ ឬ​បងប្អូន​អាច​ស្ដាប់​ក្រុម​ចម្រៀង ឬ​ក្រុម​តន្ត្រី​មួយ ហើយ​ពិភាក្សា​ពី​របៀប​ដែល​តន្ត្រីករ​រួបរួម​គ្នា​ដើម្បី​បង្កើត​ជា​តន្ត្រី​ដ៏​ពិរោះ ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើកទឹកចិត្តឲ្យ​ប្រើ ៖ « ព្រះវិញ្ញាណ​បរិសុទ្ធ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៦ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ប្រើ​ការថត​ជា​សំឡេង ។ នៅពេល​បងប្អូន​បង្រៀន​គ្រួសារ​របស់​បងប្អូន​អំពី​បទគម្ពីរ​នានា សូម​ពិចារណា​ធ្វើ​ការ​ស្ដាប់​ព្រះគម្ពីរ​ជា​សំឡេង ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ឬ​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។ ការស្ដាប់ យ៉ូហាន ១៤–១៧ អាច​មាន​អានុភាព​ជាពិសេស ដោយសារ​ជំពូក​ទាំងនេះ​មាន​នូវ​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ជា​ច្រើន ។

ផ្លែទំពាំង​បាយជូរ​នៅលើ​ដើម

ទ្រង់​បាន​បង្រៀន​ថា « ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង » ( យ៉ូហាន ១៥:៥ ) ។