« ថ្ងៃទី ២២–២៨ ខែ ឧសភា ។ យ៉ូសែប ស៊្មីធ—ម៉ាថាយ ១;ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣; លូកា ២១ ៖ ‹ កូនមនុស្សនឹងមក › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២២–២៨ ខែ ឧសភា ។ យ៉ូសែប ស៊្មីធ—ម៉ាថាយ ១;ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣; លូកា ២១ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ការយាងមកជាលើកទីពីរ ដោយ ហារី អាន់ឌើរសិន
ថ្ងៃទី ២២–២៨ ខែ ឧសភា
យ៉ូសែប ស៊្មីធ—ម៉ាថាយ ១; ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣; លូកា ២១
« កូនមនុស្សនឹងមក »
នៅពេលបងប្អូនអាន យ៉ូសែប ស៊្មីធ—ម៉ាថាយ ១; ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣; និង លូកា ២១ បងប្អូនអាចសួរថា « តើជំពូកទាំងនេះមានសារលិខិតអ្វីខ្លះសម្រាប់ខ្ញុំ ? សម្រាប់គ្រួសារខ្ញុំ ? សម្រាប់ការហៅបម្រើរបស់ខ្ញុំ ? »
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ពួកសិស្សរបស់ព្រះយេស៊ូវច្បាស់ជាបានរកឃើញការព្យាកររបស់ទ្រង់ដោយការភ្ញាក់ផ្អើលថា ៖ ព្រះវិហារបរិសុទ្ធនៅកុ្រងយេរូសាឡិមដ៏ធំជាមជ្ឈមណ្ឌលវប្បធម៌ និងខាងវិញ្ញាណរបស់ប្រជាជនយូដា នឹងត្រូវបំផ្លាញទាំងស្រុង « នឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទម្លាក់ចុះនោះទេ » ។ ជាធម្មតាពួកសិស្សចង់ដឹងបន្ថែមទៀត ។ ពួកគេបានសួរថា « តើកាលណាការណ៍ទាំងនេះ …នឹងមកដល់ ? » « តើមានទីសម្គាល់ណាប្រាប់ពីការយាងមករបស់ទ្រង់ ? » ( យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២–៤ ) ។ ចម្លើយរបស់ព្រះអង្គសង្គ្រោះបានបើកសម្ដែងថា ការបំផ្លិចបំផ្លាញដ៏ធំនេះនឹងកើតមានចំពោះទីក្រុងយេរូសាឡិម—ការព្យាករត្រូវបានបំពេញនៅ ក្នុង គ.ស ៧០—ដែលមានកម្រិតតូចបើប្រៀបទៅនឹងទីសម្គាល់នៃការយាងមករបស់ទ្រង់នៅក្នុងថ្ងៃចុងក្រោយ ។ រឿងដែលហាក់ដូចជាមានស្ថេរភាពជាងព្រះវិហារបរិសុទ្ធនៅយេរូសាឡិម នឹងបង្ហាញថាជារឿងបណ្ដោះអាសន្នប៉ុណ្ណោះ—ដូចជាព្រះអាទិត្យ ព្រះចន្ទ ដួងតារា ជាតិសាសន៍នានា និងសមុទ្រ ។ សូម្បីតែ « អំណាចទាំងឡាយនៅលើមេឃនឹងត្រូវកក្រើករំពើក » ( យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៣៣ ) ។ បើយើងបានដឹងជាមុនខាងវិញ្ញាណ នោះភាពចលាចលនេះអាចបង្រៀនយើងឲ្យដាក់ទីទុកចិត្តរបស់យើងទៅលើអ្វីដែលពិតមិនផ្លាស់ប្តូរ ។ ដូចព្រះយេស៊ូវបានសន្យាថា « កាលផ្ទៃមេឃ ហើយផែនដីនឹងកន្លងបាត់ទៅ គង់តែកពាក្យខ្ញុំមិនដែលបាត់ឡើយ ។ … ហើយអស់អ្នកណាដែលរក្សាពាក្យខ្ញុំទុក នោះនឹងមិនត្រូវបញ្ឆោតឡើយ » ( យ៉ូសែប ស៊្មីធ—ម៉ាថាយ ១:៣៥, ៣៧ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
តើយ៉ូសែប ស្ម៊ីធ—ម៉ាថាយ គឺជាអ្វី ?
យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ដែលមាននៅក្នុងព្រះគម្ពីរមុក្ដាដ៏មានតម្លៃមហិមា គឺជាការបកប្រែដោយយ៉ូសែប ស៊្មីធ នៃខគម្ពីរចុងក្រោយនៃ ម៉ាថាយ ២៣ និងខគម្ពីរទាំងអស់នៃ ម៉ាថាយ ២៤ ។ កំណែថ្មីដ៏បំផុសគំនិតរបស់យ៉ូសែប ស្ម៊ីធ បានស្ដារឡើងវិញនូវសេចក្ដីពិតដ៏មានតម្លៃដែលបានបាត់បង់ទៅ ។ ខទី ១២–២១ សំដៅទៅលើការបំផ្លិចបំផ្លាញនៃទីក្រុងយេរូសាឡិមពីបុរាណ ខទី ២១–៥៥ មាននូវការព្យាករអំពីថ្ងៃចុងក្រោយ ។
យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២១–៣៧; ម៉ាកុស ១៣:២១–៣៧; លូកា ២១:២៥–៣៨
ការព្យាករអំពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះអាចជួយខ្ញុំឲ្យប្រឈមមុខនឹងអនាគតកាលដោយសេចក្ដីជំនឿ ។
វាអាចនឹងមានការព្រួយបារម្ភ ដើម្បីអានអំពីព្រឹត្តិការណ៍នានាដែលនាំទៅរកការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ ប៉ុន្តែនៅពេលព្រះយេស៊ូវបានព្យាករអំពីព្រឹត្តិការណ៍ទាំងនេះ ទ្រង់បានប្រាប់ពួកសិស្សរបស់ទ្រង់ « កុំខ្វល់ឡើយ » ( យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២៣ ) ។ តើបងប្អូនអាច « កុំខ្វល់ » នៅពេលបងប្អូនស្ដាប់ឮអំពីការរញ្ជួយដី សង្គ្រាម ការបោកបញ្ឆោត និងគ្រោះទុរភិក្សយ៉ាងដូចម្ដេចទៅ ? ចូរគិតអំពីសំណួរនេះ នៅពេលបងប្អូនអានខគម្ពីរទាំងនេះ ។ សូមគូសចំណាំ ឬកត់ចំណាំអំពីការប្រឹក្សាអះអាងណាដែលបងប្អូនរកបាន ។
សូមមើលផងដែរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ការយាងមកលើកទីពីរនៃព្រះយេស៊ូវគ្រីស្ទ » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ។
យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២៦–២៧, ៣៨–៥៥;ម៉ាថាយ ២៥:១–១៣; លូកា ២១:២៩–៣៦
ខ្ញុំត្រូវតែត្រៀមខ្លួនជានិច្ចសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
ព្រះមិនបានបើកសម្ដែងពី « ថ្ងៃណា ឬពេលណាដែលកូនមនុស្សត្រូវមកនោះទេ » ( ម៉ាថាយ ២៥:១៣ ) ។ ប៉ុន្តែទ្រង់ពុំចង់ឲ្យថ្ងៃនោះមកដល់យើង « ភ្លាម » នោះទេ ( លូកា ២១:៣៤ ) ដូច្នេះទ្រង់បានប្រទានដល់យើងនូវដំបូន្មានអំពីរបៀបដើម្បីរៀបចំខ្លួន ។
នៅពេលបងប្អូនអានខគម្ពីរទាំងនេះ ចូរកត់សម្គាល់អំពីពាក្យប្រៀបប្រដូច និងការប្រៀបធៀបដទៃទៀតដែលព្រះអង្គសង្គ្រោះបានប្រើដើម្បីបង្រៀនដល់យើងឲ្យត្រៀមខ្លួនជានិច្ចសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។ តើបងប្អូនរៀនអ្វីខ្លះពីពាក្យប្រៀបប្រដូចទាំងនេះ ? តើបងប្អូនត្រូវបានបំផុសគំនិតឲ្យធ្វើអ្វីខ្លះ ?
បងប្អូនក៏អាចពិចារណាថាតើព្រះអង្គសង្គ្រោះមានព្រះទ័យចង់ឲ្យបងប្អូនជួយរៀបចំពិភពលោកយ៉ាងណា សម្រាប់ការយាងមកជាលើកទីពីររបស់់ព្រះយេស៊ូវគ្រីស្ទ ។ តើបងប្អូនគិតថា ការត្រៀមរួចជាស្រេចដើម្បីទទួលព្រះអង្គសង្គ្រោះពេលដែលទ្រង់យាងមក មានន័យដូចម្ដេច ? សារលិខិតរបស់អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « Preparing for the Lord’s Return » ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨១–៨៤ ) អាចជួយបងប្អូនឲ្យពិចារណាពីការណ៍នេះបាន ។
សូមមើលផងដែរ រ័សុល អិម ណិលសុន « Embrace the Future with Faith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៣–៧៦ ) ។
ព្រះវរបិតាសួគ៌រំពឹងឲ្យខ្ញុំប្រើអំណោយទានរបស់ទ្រង់ដោយឆ្លាតវៃ ។
នៅក្នុងពាក្យប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះ « ប្រាក់ » សំដៅទៅលើលុយ ។ ប៉ុន្តែពាក្យប្រៀបប្រដូចអំពីប្រាក់នោះ អាចបំផុសយើងឲ្យពិចារណាពីរបៀបដែលយើងកំពុងប្រើប្រាស់ពរជ័យរបស់យើង មិនគ្រាន់តែលុយនោះទេ ។ បន្ទាប់ពីអានពាក្យប្រៀបប្រដូចនេះ បងប្អូនអាចធ្វើបញ្ជីមួយអំពីពរជ័យ និងទំនួលខុសត្រូវមួយចំនួនដែលព្រះវរបិតាសួគ៌បានប្រគល់ឲ្យបងប្អូន ។ តើទ្រង់រំពឹងឲ្យបងប្អូនធ្វើអ្វីខ្លះជាមួយនឹងពរជ័យទាំងនេះ ? តើបងប្អូនអាចប្រើអំណោយទានទាំងនេះឲ្យកាន់តែឆ្លាតវៃយ៉ាងដូចម្ដេច ?
នៅពេលខ្ញុំបម្រើអ្នកដទៃគឺខ្ញុំកំពុងបម្រើដល់ព្រះ ។
បើបងប្អូនធ្លាប់ងឿងឆ្ងល់ដែរទេ ថាតើព្រះអម្ចាស់នឹងជំនុំជម្រះជីវិតរបស់បងប្អូនតាមរបៀបណា សូមអានពាក្យប្រៀបប្រដូចអំពីចៀម និងពពែ ។ ហេតុអ្វីបានជាបងប្អូនគិតថា ការថែទាំដល់អ្នកដែលត្រូវការជំនួយ នឹងជួយរៀបចំបងប្អូនឲ្យ « ទទួលមរតកចុះ គឺជានគរ » នៃព្រះ ?
តើពាក្យប្រៀបប្រដូចនេះស្រដៀងគ្នាទៅនឹងពាក្យប្រៀបប្រដូចពីរនៅក្នុង ម៉ាថាយ ២៥ ដោយរបៀបណា ? តើសារលិខិតអ្វីខ្លះដែលពាក្យប្រៀបប្រដូចទាំងបីនេះមានលក្ខណៈដូចគ្នា ?
សូមមើលផងដែរ ម៉ូសាយ ២:១៧; ៥:១៣ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ។ដើម្បីជួយគ្រួសាររបស់បងប្អូនរកមើលក្នុងជំពូកនេះ សូមអញ្ជើញពួកគេឲ្យរកមើលការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីរបៀបដែលយើងអាចរៀបចំខ្លួនសម្រាប់ការយាងមកលើកទីពីររបស់ទ្រង់ ( សូមមើល ឧទាហរណ៍ ខទី ២២–២៣, ២៩–៣០, ៣៧, ៤៦–៤៨ ) ។ តើយើងអាចធ្វើអ្វី ដើម្បីធ្វើតាមដំបូន្មាននេះ ? គ្រួសាររបស់បងប្អូនអាចនឹងរីករាយនឹងការច្រៀងបទ « ពេលទ្រង់យាងមកម្ដងទៀត » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤៦ ) និងការគូររូបភាពពីអ្វីដែលពួកគេស្រមៃឃើញពីការយាងមកជាលើកទីពីរ ។
-
យ៉ូសែប ស៊្មីធ—ម៉ាថាយ ១:២២, ៣៧ ។តើការរក្សាបន្ទូលរបស់ព្រះទុកមានន័យដូចម្ដេច ? តើយើងអាចធ្វើកិច្ចការនេះផ្ទាល់ខ្លួន និងជាគ្រួសារបានដោយរបៀបណា ? តើការធ្វើដូច្នេះជួយយើងចៀសវាងពីការបោកបញ្ឆោតយ៉ាងដូចម្ដេច ?
-
ម៉ាថាយ ២៥:១–១៣ ។បងប្អូនអាចប្រើរូបភាពនៃស្ត្រីព្រហ្មចារីដប់នាក់ ដែលមានជាមួយនឹងគម្រោងមេរៀននេះ ដើម្បីពិភាក្សាពី ម៉ាថាយ ២៥:១–១៣ ។ តើរឿងលម្អិតអ្វីខ្លះ ដែលយើងមើលឃើញនៅក្នុងរូបភាពដែលពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ?
បងប្អូនអាចកាត់ក្រដាសជារាងដំណក់ប្រេង ហើយលាក់ដំណក់ទាំងនោះនៅជុំវិញផ្ទះរបស់បងប្អូន ។ បងប្អូនអាចភ្ជាប់ដំណក់ទាំងនោះទៅនឹងវត្ថុទាំងឡាយ ដូចជាព្រះគម្ពីរ ឬរូបភាពព្រះវិហារបរិសុទ្ធ ។ នៅពេលសមាជិកគ្រួសាររកឃើញដំណក់ប្រេងទាំងនោះ បងប្អូនអាចពិភាក្សាពីរបៀបដែលការណ៍ទាំងនេះជួយយើងឲ្យរៀបចំសម្រាប់ការយាងមកលើកទីពីរ ។
-
ម៉ាកុស ១២:៣៨–៤៤; លូកា ២១:១–៤ ។តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះ អំពីរបៀបដែលព្រះអង្គសង្គ្រោះទតមើលទៅដង្វាយរបស់យើង ? បង្ហាញគ្រួសាររបស់បងប្អូនពីរបៀបបង់ដង្វាយមួយភាគក្នុងដប់ និងដង្វាយតមអាហារថ្វាយដល់ព្រះអម្ចាស់ ។ តើដង្វាយទាំងនេះជួយដល់ស្ថាបនានគររបស់ព្រះយ៉ាងដូចម្ដេច ? តើវិធីខុសៗគ្នាអ្វីខ្លះដែលយើងអាចថ្វាយ « របស់ដែល [ យើងមាន ] ទាំងប៉ុន្មាន » ដល់ព្រះអម្ចាស់យ៉ាងដូចម្ដេច ? ( ម៉ាកុស ១២:៤៤ ) ។
ប្រាក់របស់ស្ត្រីមេម៉ាយ ដោយ សាន់ដ្រា រ៉េស្ទ
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលលើកទឹកចិត្តឲ្យប្រើ ៖ « ពេលទ្រង់យាងមកម្តងទៀត » សៀវភៅចម្រៀងកុមារ ទំព័រ ៤៦–៤៧ ។
ការកែលម្អដល់ការសិក្សាផ្ទាល់ខ្លួន
រៀបចំមជ្ឈដ្ឋានជុំវិញខ្លួនរបស់បងប្អូន ។ « មជ្ឃដ្ឋានជុំវិញរបស់យើងអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើលទ្ធភាពដើម្បីរៀន និងដឹងពីសេចក្ដីពិតរបស់យើង » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ១៥ ) ។ សូមព្យាយាមស្វែងរកកន្លែងមួយដើម្បីសិក្សាព្រះគម្ពីរដែលនឹងអញ្ជើញឲ្យមានព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ តន្ត្រីលើកតម្កើង និងរូបភាពក៏អាចអញ្ជើញយាងព្រះវិញ្ញាណបរិសុទ្ធផងដែរ ។
ស្ត្រីប្រាំនាក់ដែលឈ្លាសវៃ ដោយ វ៉លធើរ រ៉េន