« ថ្ងៃទី ៨–១៤ ខែ ឧសភា ។ ម៉ាថាយ ១៩–២០; ម៉ាកុស ១០; លូកា ១៨ ៖ ‹ តើនៅខ្វះអ្វីទៀត ? › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ៨–១៤ ខែ ឧសភា ។ ម៉ាថាយ ១៩–២០; ម៉ាកុស ១០; លូកា ១៨ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ៨–១៤ ខែ ឧសភា
ម៉ាថាយ ១៩–២០; ម៉ាកុស ១០; លូកា ១៨
« តើនៅខ្វះអ្វីទៀត ? »
សូមអាន ហើយពិចារណាពី ម៉ាថាយ ១៩–២០; ម៉ាកុស ១០ និង លូកា ១៨ ដោយយកចិត្តទុកដាក់ទៅលើការបំផុសគំនិតដែលបងប្អូនបានទទួល ។ សូមកត់ចំណាំការបំផុសគំនិតទាំងនោះ ហើយតាំងចិត្តថាបងប្អូននឹងធ្វើសកម្មភាពដោយរបៀបណា ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
បើបងប្អូនមានឱកាសដើម្បីសួរសំណួរមួយដល់ព្រះអង្គសង្គ្រោះ តើបងប្អូននឹងសួរអ្វី ? នៅពេលកំលោះអ្នកមានម្នាក់បានជួបនឹងព្រះអង្គសង្គ្រោះជាលើកដំបូង គាត់បានទូលសួរថា « តើត្រូវឲ្យខ្ញុំធ្វើការល្អអ្វី ឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច ? » ( ម៉ាថាយ ១៩:១៦ ) ។ ចម្លើយរបស់ព្រះអង្គសង្គ្រោះបង្ហាញទាំងការថ្លែងអំណរគុណ ចំពោះការធ្វើរឿងល្អៗដល់កំលោះរូបនោះបានធ្វើរួចហើយ និងការលើកទឹកចិត្តគួរឲ្យស្រឡាញ់ដើម្បីធ្វើបន្ថែមទៀត ។ នៅពេលយើងពិចារណាអំពីលទ្ធភាពនៃជីវិតអស់កល្បជានិច្ច នោះយើងអាចនឹងងឿងឆ្ងល់ស្រដៀងគ្នា បើមានអ្វីទៀតដែលយើងគួរធ្វើ ។ នៅពេលយើងសួរ តាមរបៀបរបស់យើងផ្ទាល់ថា « តើនៅខ្វះអ្វីទៀត ? » ( ម៉ាថាយ ១៩:២០ ) ព្រះអម្ចាស់អាចប្រទានចម្លើយដល់យើងដែលមានលក្ខណៈផ្ទាល់ខ្លួនដូចជាចម្លើយរបស់ទ្រង់ទៅដល់កម្លោះអ្នកមាននោះ ។ អ្វីក៏ដោយដែលព្រះអម្ចាស់សុំឲ្យយើងធ្វើ នោះការធ្វើតាមចម្លើយរបស់ទ្រង់ នឹងតម្រូវឲ្យយើងទុកចិត្តលើទ្រង់ច្រើនជាងសេចក្ដីសុចរិតផ្ទាល់ខ្លួនយើងជានិច្ច ( សូមមើល លូកា ១៨:៩–១៤ ) ហើយដើម្បីយើង « ទទួលនគរព្រះ ដូចជាកូនតូចៗ » ( លូកា ១៨:១៧; សូមមើលផងដែរ នីហ្វៃទី៣ ៩:២២ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
អាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រីត្រូវបានតែងតាំងឡើងដោយព្រះ ។
ការផ្លាស់ប្ដូរយោបល់គ្នារវាងព្រះអង្គសង្គ្រោះ និងពួកផារិស៊ីនេះ គឺជារឿងមួយដែលបានកត់ត្រាទុក ក្នុងចំណោមរឿងមួយចំនួនតូចដែលព្រះយេស៊ូវបានបង្រៀនជាពិសេសអំពីអាពាហ៍ពិពាហ៍ ។ បន្ទាប់ពីការអាន ម៉ាថាយ ១៩:៣–៩ និង ម៉ាកុស ១០:២–១២ ហើយ សូមធ្វើបញ្ជីមួយអំពីសេចក្ដីថ្លែងការណ៍មួយចំនួនដែលបងប្អូនមានអារម្មណ៍ថា វាសង្ខេបពីព្រះតម្រិះរបស់ព្រះអម្ចាស់ស្ដីពីអាពាហ៍ពីពាហ៍ ។ បន្ទាប់មកសិក្សាធនធានមួយចំនួនដែលមាននៅក្នុង « អាពាហ៍ពិពាហ៍, រៀបអាពាហ៍ពិពាហ៍ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ហើយដាក់សេចក្ដីថ្លែងការណ៍បន្ថែមទៀតទៅក្នុងបញ្ជីរបស់បងប្អូន ។ តើការចេះដឹងរបស់បងប្អូនអំពីផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតា មានឥទ្ធិពលលើការគិត និងអារម្មណ៍របស់បងប្អូនអំពីអាពាហ៍ពិពាហ៍យ៉ាងណាដែរ ?
តើព្រះយេស៊ូវបង្រៀនថា ការលែងលះគ្នាជារឿងពុំអាចទទួលយកបាន ឬថាមនុស្សដែលបានលែងលះគ្នាពុំគួររៀបការម្ដងទៀតឬ ?
នៅក្នុងសុន្ទរកថាអំពីការលែងលះគ្នា ប្រធាន ដាល្លិន អេក អូក បានបង្រៀនថា ព្រះវរបិតាសួគ៌មានព្រះរាជបំណងចង់ឲ្យទំនាក់ទំនងអាពាហ៍ពិពាហ៍មាននៅអស់កល្បជានិច្ច ។ ទោះជាយ៉ាងណា ព្រះក៏យល់ថា ការលែងលះចាំបាច់ផងដែរនៅពេលខ្លះ ។ ប្រធាន អូក បានពន្យល់ថាព្រះអម្ចាស់ « អនុញ្ញាតឲ្យមនុស្សដែលលែងលះគ្នារៀបការម្ដងទៀត តែពុំត្រូវប្រឡូកប្រឡាក់នៃភាពអសីលធម៌ ដែលបានបញ្ជាក់នៅក្នុងក្រឹត្យវិន័យខ្ពស់ជាងទេ ។ លុះត្រាតែសមាជិកដែលបានលែងលះគ្នានោះ បានប្រព្រឹត្តអំពើរំលងធ្ងន់ធ្ងរ បើមិនដូច្នោះទេ នោះគាត់ ឬនាង អាចមានសិទ្ធិកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធនៅក្រោមលក្ខខណ្ឌនៃបទដ្ឋាននៃភាពស័ក្ដិសមដូចគ្នាដែលអនុវត្តចំពោះសមាជិកដទៃទៀត » ( « Divorce » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៧០ ) ។
ម៉ាថាយ ១៩:១៦–២២; ម៉ាកុស ១០:១៧–២២; លូកា ១៨:១៨–២៣
ប្រសិនបើខ្ញុំទូលសួរដល់ព្រះអម្ចាស់ នោះទ្រង់នឹងប្រាប់ខ្ញុំនូវអ្វីដែលខ្ញុំចាំបាច់ត្រូវធ្វើដើម្បីគ្រងនូវជីវិតអស់កល្បជានិច្ច ។
ដំណើររឿងរបស់កម្លោះអ្នកមានអាចនឹងធ្វើឲ្យមានការឈប់ ហើយគិត សូម្បីតែចំពោះសិស្សស្មោះត្រង់ និងយូរអង្វែងក្ដី ។ នៅពេលបងប្អូនអាន ម៉ាកុស ១០:១៧–២២ តើបងប្អូនរកឃើញភស្ដុតាងអ្វីខ្លះអំពីដែលបងប្អូនរកឃើញអំពីភក្ដីភាព និងភាពស្មោះត្រង់របស់កម្លោះនោះ ? តើព្រះអម្ចាស់មានព្រះទ័យយ៉ាងណាចំពោះកម្លោះនេះ ?
ដំណើររឿងនេះអាចបំផុសបងប្អូនឲ្យសួរថា « តើនៅខ្វះអ្វីទៀត ? » ( ម៉ាថាយ ១៩:២០ ) ។ តើព្រះអម្ចាស់ជួយយើងឲ្យបំពេញនូវអ្វីដែលយើងខ្វះខាតដោយរបៀបណា ? ( សូមមើល អេធើរ ១២:២៧ ) ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីរៀបចំខ្លួនយើងឲ្យទទួលយកការកែតម្រូវ និងជំនួយរបស់ទ្រង់ កាលដែលយើងព្យាយាមធ្វើឲ្យប្រសើរឡើងនោះ ?
សូមមើលផងដែរ លែរី អរ ឡូរិន « What Lack I Yet? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៣៣–៣៥; អេស ម៉ាក ផាមមើរ « Then Jesus Beholding Him Loved Him » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១១៤–១៦ ។
មនុស្សគ្រប់រូបអាចទទួលពរជ័យនៃជីវិតអស់កល្បជានិច្ច នៅពេលពួកគេទទួលយកដំណឹងល្អ ។
តើបងប្អូនអាចភ្ជាប់ទៅនឹងបទពិសោធន៍របស់អ្នកធ្វើការនៅក្នុងចម្ការទំពាំងបាយជូរដែរឬទេ ? តើមានមេរៀនអ្វីខ្លះដែលបងប្អូនរកឃើញសម្រាប់ខ្លួនឯងនៅក្នុងវគ្គគម្ពីរនេះ ? សារលិខិតរបស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard » ( Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣១–៣៣ ) អាចនឹងជួយបងប្អូនឲ្យមើលឃើញវិធីថ្មីដើម្បីអនុវត្តពាក្យប្រៀបប្រដូចនេះ។ តើមានការបំផុសគំនិតបន្ថែមទៀតអ្វីខ្លះដែលព្រះវិញ្ញាណប្រទានដល់បងប្អូន ?
ខ្ញុំគប្បីទុកចិត្តលើសេចក្ដីមេត្តាករុណារបស់ព្រះ ពុំមែនលើសេចក្ដីសុចរិតរបស់ខ្ញុំផ្ទាល់ឡើយ ។
តើបងប្អូននឹងសង្ខេបភាពខុសគ្នារវាងអ្នកអធិស្ឋានទាំងពីរដែលនៅក្នុងពាក្យប្រៀបប្រដូចនេះយ៉ាងដូចម្តេច ? សូមពិចារណាពីអ្វីដែលបងប្អូនមានអារម្មណ៍ថា បងប្អូនគួរតែធ្វើ ដើម្បីក្លាយកាន់តែដូចជាអ្នកយកពន្ធនៅក្នុងរឿងនេះ និងខុសពីពួកផារិស៊ីនោះ ។
សូមមើលផងដែរ ភីលីព ៤:១១–១៣; អាលម៉ា ៣១:១២–២៣; ៣២:១២–១៦ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
ម៉ាកុស ១០:១៣–១៦; លូកា ១៨:១៥–១៧ ។ដើម្បីជួយសមាជិកគ្រួសារឲ្យពិចារណាពីដំណើររឿងនៅក្នុងខគម្ពីរទាំងនេះ បងប្អូនអាចច្រៀងជាមួយគ្នានូវចម្រៀងមួយបទដែលមានអត្ថន័យទាក់ទងដូចជា « ខ្ញុំគិតកាលខ្ញុំអានរឿងបុរាណដ៏ពិរោះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៣៥ ) ។ តើវានឹងមានអារម្មណ៍បែបណាដើម្បីនៅក្នុងចំណោមកូនក្មេងដែលព្រះយេស៊ូវបានប្រទានពរនោះ ? តើវាមានន័យយ៉ាងណាដើម្បី « ទទួលនគរព្រះដូចជាកូនក្មេង១នេះ » ? ( ម៉ាកុស ១០:១៥ ) ។
-
ម៉ាកុស ១០:២៣–២៧ ។តើអ្វីជាភាពខុសគ្នារវាង ការមាន ទ្រព្យសម្បត្តិ និង ការជាប់ចិត្ត នឹងទ្រព្យសម្បត្តិ ? ( សូមមើល ម៉ាកុស ១០:២៣–២៤ ) ។ នៅពេលបងប្អូនអាន ខទី ២៧ បងប្អូនអាចនឹងចង់ចង្អុលបង្ហាញអំពីការបកប្រែដោយយ៉ូសែប ស្ម៊ីធ ៖ « ជាមួយនឹងមនុស្ស ដែលទុកចិត្តលើទ្រព្យសម្បត្តិ វាពុំអាចទៅរួចទេ ប៉ុន្តែវាអាច ទៅរួចជាមួយនឹងមនុស្សដែលទុកចិត្តទៅលើព្រះ ហើយបោះបង់អ្វីៗទាំងអស់ដោយព្រោះខ្ញុំ ដ្បិតជាមួយនឹងមនុស្ស ដូច្នោះ អ្វីៗទាំងអស់ នេះ គឺអាចធ្វើទៅបាន » ។ ក្នុងនាមជាគ្រួសារមួយ តើយើងបង្ហាញថាយើងទុកចិត្តលើព្រះជាងសម្ភារយ៉ាងដូចម្ដេច ?
-
ម៉ាថាយ ២០:១–១៦ ។ដើម្បីបង្ហាញគោលការណ៍នៅក្នុង ម៉ាថាយ ២០:១–១៦ បងប្អូនអាចរៀបចំការប្រកួតប្រជែងសាមញ្ញមួយ ដូចជាការប្រណាំងខ្លីមួយ ។ បន្ទាប់ពីមនុស្សគ្រប់គ្នាបានបញ្ចប់ការប្រកួតប្រជែង មនុស្សគ្រប់គ្នាបានទទួលរង្វាន់ដូចគ្នា ចាប់ផ្ដើមជាមួយនឹងអ្នកដែលបានមកដល់ក្រោយគេ ហើយបញ្ចប់ជាមួយនឹងអ្នកដែលមកដល់ទីផ្ដាច់ព្រ័ត្រមុនគេ។ តើរឿងនេះបង្រៀនយើងអំពីអ្នកដែលទទួលពរជ័យនៃជីវិតអស់កល្បជានិច្ចនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌យ៉ាងណាខ្លះ ?
-
ម៉ាថាយ ២០:២៥–២៨; ម៉ាកុស ១០:៤២–៤៥ ។តើឃ្លា « អ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើធំ នោះនឹងត្រូវធ្វើជាអ្នកបម្រើដល់អ្នករាល់គ្នាវិញ មានអត្ថន័យយ៉ាងណា » ? ( ម៉ាថាយ ២០:២៧ ) ។ តើព្រះយេស៊ូវគ្រីស្ទបង្ហាញឧទាហរណ៍អំពីគោលការណ៍នេះយ៉ាងដូចម្ដេច ? តើយើងអាចធ្វើតាមគំរូរបស់ទ្រង់នៅក្នុងគ្រួសារយើង វួដឬសាខា ឬអ្នកជិតខាងរបស់យើងយ៉ាងដូចម្ដេច ?
-
លូកា ១៨:១–១៤ ។តើយើងរៀនអ្វីខ្លះអំពីការអធិស្ឋាន ចេញពីពាក្យប្រៀបប្រដូចទាំងពីរនេះនៅក្នុងខគម្ពីរទាំងនេះ ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ទំនុកតម្កើងដែលលើកទឹកចិត្តឲ្យប្រើ ៖ « កូនចៅនៃព្រះទ្រង់គង់ក្បែរអ្នក » ទំនុកតម្កើង ល.រ. ៤៥ ។