ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១–៧ ខែ ឧសភា ។ លូកា ១២–១៧; យ៉ូហាន ១១ ៖ « សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ »


« ថ្ងៃទី ១–៧ ខែ ឧសភា ។ លូកា ១២–១៧; យ៉ូហាន ១១ ៖ ‹ សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់នោះ​ឃើញ​វិញ​ហើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១–៧ ខែ ឧសភា ។ លូកា ១២–១៧; យ៉ូហាន ១១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

ឪពុក​ឱប​កូនប្រុស​របស់​គាត់

កូនប្រុស​ខ្ជះខ្ជាយ ដោយ លីស ឡេមិន ស្វិនដល

ថ្ងៃទី ១–៧ ខែ ឧសភា

លូកា ១២–១៧; យ៉ូហាន ១១

« សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ »

នៅ​ពេល​បងប្អូនអាន លូកា ១២–១៧ និង យ៉ូហាន ១១ សូម​ស្វែងរក​អ្វី​ដែល​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​បងប្អូន​ដឹង និង​ធ្វើ ប្រកប​ដោយ​ការអធិស្ឋាន ។ ការសិក្សា​របស់​បងប្អូនអំពី​ជំពូក​ទាំង​នេះ អាច​បើក​ដួងចិត្ត​របស់​បងប្អូនចំពោះ​សារលិខិត​ដែល​មានន័យ​សម្រាប់​តែ​បងប្អូន ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់បងប្អូន

នៅ​ក្នុង​ស្ថានភាព​ភាគ​ច្រើនបំផុត ចៀម​ចំនួន ៩៩ ក្នុង​ចំណោម​ចៀម​មួយរយ ត្រូវ​បាន​ចាត់ទុក​ថា​ល្អណាស់—ប៉ុន្តែ​ពុំ​មែន​ដូច្នោះទេ នៅពេលដែល​ចំនួន​នោះ​ជា​តំណាង​ឲ្យ​កូនចៅ​ជា​ទីស្រឡាញ់​របស់​ព្រះ​ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១០ ) ។ នៅ​ក្នុង​ករណី​នោះ ទោះ​ជា​ព្រលឹង​តែ​មួយ​ក៏​ស័ក្ដិសម​នឹង​ទទួល​បាន​ការ​ស្វែងរក​យ៉ាង​ហ្មត់ចត់​ផងដែរ « ទាល់​តែ [ យើង​រក ] ឃើញ » ( លូកា ១៥:៤ ) ដូច​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​នៅ​ក្នុង​ពាក្យ​ប្រៀបប្រដូច​នៃ​ចៀម​ដែល​វង្វេងបាត់ ។ បន្ទាប់​មក​អំណរ​អាច​ចាប់​ផ្ដើម​មាន​ឡើង « ដ្បិត​ថា​នៅ​ស្ថានសួគ៌​នឹង​មាន​សេចក្តី​អំណរ​យ៉ាង​នោះ​ដែរ ដោយសារ​មនុស្ស​បាប​តែ​១​នាក់​ដែល​ប្រែ​ចិត្ត​វិញ ជា​ជាង​មនុស្ស​សុចរិត ៩៩ នាក់​ដែល​មិន​ត្រូវ​ការ​ប្រែ​ចិត្ត​ទេ » ( លូកា ១៥:៧ ) ។ បើ​រឿង​នោះ​ហាក់​ដូចជា​អយុត្តិធម៌ វា​នឹង​ជា​ប្រយោជន៍​ដើម្បី​ចងចាំ​ថា តាមពិត​គឺ​​ពុំ​មាន​នរណា​ម្នាក់​ដែល​ « ពុំចាំបាច់​ត្រូវ​ប្រែចិត្ត » នោះទេ ។ យើង​ទាំងអស់​គ្នា​ត្រូវការ​ការ​ជួយ​សង្គ្រោះ ។ ហើយ​យើង​ទាំងអស់​គ្នា​អាច​ចូលរួម​នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ ដោយរីករាយ​ជាមួយ​នឹង​គ្រប់​ព្រលឹង​ដែល​ត្រូវ​បាន​សង្គ្រោះ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១៥–១៦ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

លូកា ១២; ១៤–១៦

ខ្ញុំ​មាន​ពរជ័យ ​ពេលខ្ញុំយកចិត្ត​ទុកដាក់លើ​ការណ៍​អស់កល្ប​ទាំងឡាយ ។

ហេតុអ្វី​ព្រះ​មានបន្ទូល​ថា « ឱ​មនុស្ស​ល្ងីល្ងើ​អើយ » ចំពោះ​មនុស្ស​ដែល​ខិតខំ​ធ្វើ​ការ​ខ្លាំង ប្រកប​ដោយ​ជោគជ័យ ដែល​បាន​សង់​ជង្រុក​ដ៏​ធំៗ ហើយ​បំពេញ​ក្នុង​ជង្រុក​នោះ​ដោយ​ផល​នៃ​កិច្ចការ​របស់​គាត់​ដូច្នេះ ? ( សូមមើល លូកា ១២:១៦–២១ ) ។ នៅ​ក្នុង​ជំពូក​ទាំងនេះ​នៅ លូកា ព្រះអង្គសង្គ្រោះ​បង្រៀន​ពាក្យ​ប្រៀបប្រដូច​ជា​ច្រើន​ដែល​អាច​ជួយ​យើង​បើក​ភ្នែក​មើល​ហួស​ពី​រឿង​ខាង​លោកិយ​ទៅ​រក​រឿង​អស់កល្បជានិច្ច ។ ពាក្យប្រៀបប្រដូច​មួយចំនួន​មាន​រៀបរាប់​នៅ​ត្រង់នេះ ។ តើ​បងប្អូន​នឹង​សង្ខេប​សារ​នៃ​ពាក្យប្រៀបប្រដូច​នេះ​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​គិត​ថា ព្រះអម្ចាស់​កំពុង​ប្រាប់​បងប្អូន​អ្វី​ខ្លះ ?

សូមមើល​ផងដែរ ម៉ាថាយ ៦:១៩–៣៤; នីហ្វៃទី២ ៩:៣០; គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១០ ។

លូកា ១៥

ព្រះវរបិតាសួគ៌​រីករាយ​ព្រះទ័យ នៅពេល​អស់​អ្នក​ដែល​បាន​វង្វេង​បាត់​ត្រូវ​បាន​រកឃើញ​មក​វិញ ។

កាលដែល​បងប្អូន​អាន​ពាក្យ​ប្រៀប​ប្រដូច​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​នៅក្នុង លូកា ១៥ តើ​បងប្អូន​រៀន​អ្វី​ខ្លះ អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចំពោះ​ពួក​អ្នក​ដែល​បាន​ធ្វើ​បាប ឬ​បើ​មិន​ដូច្នេះ​ទេ បាន « បាត់ » នោះ ? តើ​អ្នក​ដឹកនាំ​ខាង​វិញ្ញាណ​ម្នាក់—ឬ​នរណា​ក៏ដោយ​ក្នុង​ចំណោម​យើង—គួរតែ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ពួកគេ ? សូម​ពិចារណា​ពី​របៀប​ដែល​ពួក​ផារិស៊ី និង​ពួក​អាចារ្យ​នឹង​ឆ្លើយ​សំណួរ​ទាំងនេះ ( សូមមើល លូកា ១៥:១–២ ) ។ ការឆ្លើយ​តប​របស់​ព្រះយេស៊ូវ​អាច​រកឃើញ​នៅក្នុង​ពាក្យ​ប្រៀប​ប្រដូច​ចំនួន​បី​នៅក្នុង លូកា ១៥ ។ នៅពេល​បងប្អូន​អាន សូម​គិត​អំពី​អ្វី​ព្រះយេស៊ូវ​កំពុង​បង្រៀន​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ជាមួយ​នឹង​ពាក្យ​ប្រៀបប្រដូច​ទាំងនេះ ។

បងប្អូន​ក៏​អាច​ពិចារណា​ធ្វើ​បញ្ជី​មួយ​អំពី​ភាពស្រដៀង​គ្នា និង​ភាពខុសគ្នា​រវាង​ពាក្យ​ប្រៀបប្រដូច​ទាំងនេះ​ផងដែរ ។ ឧទាហរណ៍ បងប្អូន​អាច​រកមើល​អ្វី​ដែល​បាន​បាត់​នៅក្នុង​ពាក្យ​ប្រៀបប្រដូច​នីមួយៗ ហើយរកមើល​មូលហេតុ​អ្វី​ដែល​វា​បាន​បាត់ ហើយវា​ត្រូវបាន​រកឃើញ​ដោយ​របៀប​ណា និង​របៀប​ដែល​មនុស្ស​​មាន​ប្រតិកម្ម​នៅពេល​រក​វា​ឃើញ​វិញ ។ តើ​ព្រះយេស៊ូវ​មាន​សារលិខិត​អ្វីខ្លះ​សម្រាប់​អស់​អ្នក​ដែល​បាន « វង្វេង​បាត់ »—រួមទាំង​អស់​អ្នក​ដែល​ពុំ​គិត​ថា​បាន​រកឃើញ​ផង ? តើ​ទ្រង់មាន​សារលិខិត​អ្វីខ្លះ សម្រាប់​មនុស្ស​ដែល​ស្វែងរក​អ្នក​ដែល​បាន​វង្វេងបាត់​នោះ ?

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១៦; ជែហ្វ្រី អ័រ ហូឡិន « The Other Prodigal » Ensign ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ៦២–៦៤ ។

ស្ត្រី​កំពុង​ស្វែងរក​កាក់

ប្រាក់​ដែល​បាន​បាត់ ដោយ ជេមស៍ ធីសសត

លូកា ១៦:១–១២

តើ​ព្រះគ្រីស្ទ​កំពុង​បង្រៀន​អ្វីខ្លះ​នៅក្នុង​ពាក្យប្រៀបប្រដូច​នៃ​អ្នក​ត្រួតត្រា​ទុច្ចរិត ?

អែលឌើរ ជេម អ៊ី ថាល់មេហ្គ បាន​ពន្យល់​មេរៀន​មួយ​ដែល​យើង​អាច​រៀន​មកពី​ពាក្យ​ប្រៀបប្រដូច ៖ « ចូរ​ឧស្សាហ៍​ព្យាយាម ព្រោះ​ថ្ងៃ​ដែល​បងប្អូន​អាច​ប្រើ​ទ្រព្យសម្បត្តិ​ខាង​លោកិយ​របស់​បងប្អូន​នឹង​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់ ។ សូម​រៀន​មេរៀន​មួយ​មកពី​មនុស្ស​មិនស្មោះត្រង់ និង​មនុស្ស​អាក្រក់ ប្រសិន​បើ​ពួកគេ​ប្រុងប្រយ័ត្ន​ខ្លាំង ក្នុងការ​ផ្គត់ផ្គង់​សម្រាប់​អនាគត​ដែល​ពួកគេ​បាន​គិត​ទុក នោះ​តើ​បងប្អូន​ដែល​ជាអ្នក​ជឿ​ទៅលើ​អនាគត​ដ៏អស់កល្បជានិច្ច គប្បី​ផ្គត់ផ្គង់​កាន់តែ​ប្រសើរ​ជាងនេះ​ទៀត​ប៉ុណ្ណា​ទៅ ! បើ​បងប្អូន​ពុំ​រៀន​មាន​ប្រាជ្ញា ហើយ​ប្រុងប្រយ័ត្ន​នៅ​ក្នុង​ការ​ប្រើប្រាស់ ‹ ទ្រព្យសម្បត្តិ​លោកីយ៍ › តើ​បងប្អូន​អាច​ត្រូវ​បាន​ទុកចិត្ត​នឹង​ទ្រព្យ​សម្បត្តិ​កាន់តែ​ច្រើន​យូរអង្វែង​យ៉ាង​ដូចម្ដេច ? ( Jesus the Christ [ ឆ្នាំ ១៩១៦ ] ទំព័រ ៤៦៤ ) ។ តើ​មេរៀន​ផ្សេងៗ​ទៀត​ណា​ខ្លះ ដែល​បងប្អូន​រក​ឃើញ​នៅ​ក្នុង​ពាក្យ​ប្រៀប​ប្រដូច​នេះ ?

លូកា ១៧:១១–១៩

ការដឹងគុណ​ចំពោះ​ពរជ័យ​របស់​ខ្ញុំ​នឹង​នាំ​ខ្ញុំ​ឲ្យ​ខិត​ទៅ​ជិត​​ព្រះ ។

បើ​បងប្អូន​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ឃ្លង់​ទាំង​ដប់ តើ​បងប្អូន​គិត​ថា បងប្អូន​នឹង​ត្រឡប់​មក​ថ្លែង​អំណរគុណ​ដល់​ព្រះអង្គសង្គ្រោះ​ឬទេ ? តើ​មាន​ពរជ័យ​បន្ថែម​ទៀត​អ្វីខ្លះ​ដែល​មនុស្ស​កើត​ឃ្លង់​ដែល​មាន​ការ​ដឹង​គុណ​រូបនោះ​បាន​ទទួល ដោយសារ​តែ​គាត់​ចេះ​ថ្លែង​អំណរគុណ ?

បងប្អូន​ក៏​អាច​ពិចារណា​ផងដែរ​នូវ​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ « សេចក្តី​ជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ » ( ខទី ១៩ ) ។ តាម​គំនិត​របស់​បងប្អូន តើ​ការដឹងគុណ និង​សេចក្ដី​ជំនឿ​ទាក់ទង​គ្នា​យ៉ាង​ណា ? តើ​ការណ៍​ទាំងពីរ​នេះ​ជួយ​យើង​ឲ្យ​ប្រែក្លាយជា​បរិសុទ្ធ​តាម​របៀប​ណា ? វីដេអូ « President Russell M. Nelson on the Healing Power of Gratitude » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) អាច​ជួយ​បងប្អូន​ឲ្យ​ពិចារណា​អំពី​សំណួរ​ទាំងនេះ ។

11:38

សូមមើល​ផងដែរ ឌេល ជី រិនឡាន់ « Consider the Goodness and Greatness of God » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៤១–៤៤ ។

យ៉ូហាន ១១:១–៤៦

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជាសេចក្ដីរស់ឡើងវិញ ហើយ​ជាជីវិត ។

អព្ភូតហេតុ​នៃ​ការ​ប្រោស​ឡាសា​ពី​ស្លាប់​គឺ​ជា​ទីបន្ទាល់​ដ៏​មាន​អានុភាព និង​ពុំ​អាច​បដិសេធ​បាន ថា​ព្រះយេស៊ូវ​គឺ​ពិត​ជា​ព្រះរាជបុត្រា​របស់​ព្រះ និង​ជា​ព្រះមែស៊ី​ដែល​បាន​សន្យា ។ តើពាក្យ ឃ្លា ឬ​សេចក្ដីលម្អិត​អ្វីខ្លះ​នៅក្នុង យ៉ូហាន ១១:១–៤៦ ជួយ​ពង្រឹង​ដល់​សេចក្ដីជំនឿ​របស់​បងប្អូន​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា « ជា​សេចក្តី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត » ? តើ​វា​មានន័យ​យ៉ាង​ណា​ចំពោះ​បងប្អូន ដែល​ព្រះយេស៊ូវ​គឺជា « សេចក្តី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត » ? 

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

លូកា ១៥:១–១០ ។តើ​សមាជិក​គ្រួសារ​របស់​បងប្អូន​យល់​ពី​អារម្មណ៍​នៃ​ការបាត់​បង់​អ្វី​មួយ ឬ​—យល់​ពី​អារម្មណ៍​វង្វេង​ដែរ​ឬ​ទេ ? ការ​និយាយ​អំពី​បទពិសោធន៍​របស់​ពួកគេ​អាច​ចាប់​ផ្ដើម​ជា​ការ​ពិភាក្សា​មួយ​អំពី​ពាក្យប្រៀបប្រដូច​អំពី​ចៀម​ដែល​វង្វេង​បាត់ និង​កាក់​ដែលបាត់ ។ ឬ​បងប្អូន​អាច​លេង​ល្បែង​កម្សាន្ត​មួយ​ដោយ​ឲ្យ​នរណា​ម្នាក់​ពួន ហើយ​សមាជិក​គ្រួសារ​ដទៃទៀត​ព្យាយាម​ដើរ​រក​គាត់ ។ តើ​សកម្មភាព​នេះ​ជួយ​យើង​ឲ្យ​យល់​អំពី​ពាក្យ​ប្រៀបប្រដូច​ទាំង​នេះ​យ៉ាង​ដូចម្ដេច ?

លូកា ១៥:១១–៣២ ។តើ​យើង​អាច​ក្លាយ​ដូចជា​ព្រះវរបិតា​នៅក្នុង​រឿង​នេះ​ដោយ​របៀប​ណា នៅពេល​យើង​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ? តើ​យើង​អាច​រៀន​អ្វីខ្លះ​មកពី​បទពិសោធន៍​របស់​កូន​ច្បង​រូបនេះ ដែលអាច​ជួយ​យើង​ប្រែក្លាយ​ដូចជា​ព្រះគ្រីស្ទ ? តើ​ឪពុក​នៅ​ក្នុង​ពាក្យប្រៀបប្រដូច​នេះ មាន​លក្ខណៈ​ដូចជា​ព្រះវរបិតាសួគ៌​យើង​តាម​របៀប​ណា ?

លូកា ១៧:១១–១៩ ។ដើម្បី​ជួយ​សមាជិក​គ្រួសារ​អនុវត្ត​ដំណើរ​រឿង​នៃ​មនុស្ស​ឃ្លង់​ទាំង​ដប់​នាក់ នោះ​បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​កំណត់​ត្រា​សម្ងាត់​អំពី​ការ​ដឹងគុណ សម្រាប់​គ្នា​ទៅវិញ​ទៅមក ។ បងប្អូន​ក៏​​អាច​ច្រៀង​ជាមួយ​គ្នា​នូវ​បទ « ចូរ​រាប់​ព្រះពរ » ទំនុកតម្កើង ល.រ. ១៥០ ) ហើយ​រាប់​ពរជ័យ​ដែល​គ្រួសារ​របស់​បងប្អូន​បាន​ទទួល ។

យ៉ូហាន ១១:១–៤៦ ។សមាជិក​គ្រួសារ​អាច​មើល​វីដេអូ « Lazarus Is Raised from the Dead » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ហើយ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

7:52

ចំពោះ​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ទំនុក​តម្កើង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « បណ្ដូល​ចិត្ត​របស់​អ្នក​គង្វាល » ទំនុក​តម្កើង ល.រ. ១៣៦ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ប្រើ​រឿង និង​ឧទាហរណ៍​ដើម្បី​បង្រៀន​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។ ជាញឹកញាប់ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​អំពី​គោលការណ៍​ដំណឹងល្អ​ដោយ​ប្រើដំណើរ​រឿង និង​ពាក្យប្រៀបធៀប ។ សូម​គិត​អំពី​ឧទាហរណ៍ និង​ដំណើររឿង​​ចេញ​ពី​ជីវិត​របស់​បងប្អូន​ផ្ទាល់ ដែល​អាច​ធ្វើ​ឲ្យ​គោលការណ៍​ដំណឹងល្អ​រស់រវើក​នៅ​ក្នុង​គ្រួសារ​របស់​បងប្អូន ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២២ ) ។

បុរស​កំពុង​លុតជង្គង់​ចុះ​ថ្លែង​អំណរគុណ​ចំពោះ​ព្រះយេស៊ូវ

តើ​ប្រាំ​បួន​នាក់​ទៀត​នៅ​ឯណា ដោយ លីស ឡេមិន ស្វិនដល