« ថ្ងៃទី ៣–៩ ខែ កក្កដា ។ កិច្ចការ ១–៥ ៖ ‹ អ្នករាល់គ្នានឹងធ្វើជាទីបន្ទាល់ពីខ្ញុំ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ៣–៩ ខែ កក្កដា ។ កិច្ចការ ១–៥ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ៣–៩ ខែ កក្កដា
កិច្ចការ ១–៥
« អ្នករាល់គ្នានឹងធ្វើជាទីបន្ទាល់ពីខ្ញុំ »
នៅពេលបងប្អូនសិក្សា កិច្ចការ ១–៥ នោះព្រះវិញ្ញាណបរិសុទ្ធអាចបំផុសគំនិតបងប្អូនឲ្យស្វែងរកសេចក្ដីពិតដែលទាក់ទងនឹងជីវិតរបស់បងប្អូនបាន ។ សូមកត់ចំណាំខគម្ពីរដែលបងប្អូនចាប់អារម្មណ៍ ហើយស្វែងរកឱកាសដើម្បីចែកចាយនូវអ្វីដែលបងប្អូនកំពុងរៀន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
តើបងប្អូនធ្លាប់មានឆ្ងល់ថាតើពេត្រុសអាចនឹងគិត ហើយមានអារម្មណ៍យ៉ាងណាទេ នៅពេលគាត់ ព្រមទាំងពួកសាវកដទៃទៀត « ងើយសម្លឹងមើលទៅលើមេឃ » នៅពេលទ្រង់យាងឡើងទៅព្រះបិតាទ្រង់វិញនោះ ? ( កិច្ចការ ១:១០ ) ។ ឥឡូវនេះ សាសនាចក្រដែលបានស្ថាបនាឡើងដោយព្រះរាជបុត្រានៃព្រះនៅក្នុងការថែទាំរបស់ពេត្រុស ។ កិច្ចការដឹកនាំកិច្ចខិតខំដើម្បី « បញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ » ឥឡូវធ្លាក់មកលើគាត់ ( ម៉ាថាយ ២៨:១៩ ) ។ ប៉ុន្តែ យើងរកមិនឃើញភស្ដុតាងថាតើគាត់មានអារម្មណ៍ពុំល្អគ្រប់គ្រាន់ ឬភ័យខ្លាចនៅក្នុងគម្ពីរកិច្ចការនោះទេ ។ អ្វីដែលយើងរកឃើញនោះគឺគំរូនៃទីបន្ទាល់ និងការផ្លាស់ប្រែចិត្តជឿដោយគ្មានភាពភ័យខ្លាច ការព្យាបាលប្រកបដោយអព្ភូតហេតុ ការបើកសម្ដែងខាងវិញ្ញាណ និងការរីកចម្រើនសាសនាចក្រយ៉ាងសំខាន់ ។ នេះនៅតែជាសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ នៅតែត្រូវបានដឹកនាំដោយទ្រង់ដដែល ។ តាមពិតទៅ គម្ពីរកិច្ចការនៃពួកសាវកក៏អាចត្រូវបានហៅថា កិច្ចការនៃព្រះយេស៊ូវគ្រីស្ទតាមរយៈពួកសាវករបស់ទ្រង់ផងដែរ ។ ដោយត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធដែលកំពុងចាក់ស្រោច នោះពេត្រុសឈប់ជាអ្នកនេសាទដែលពុំបានរៀនសូត្រ ដូចកាលព្រះយេស៊ូវបានរកឃើញនៅឯឆ្នេរសមុទ្រកាលីឡេទៀតហើយ ។ ទាំងឈប់ជាបុរសដែលរវើរវាយកាលពីប៉ុន្មានសប្ដាហ៍មុននោះដែលបានយំយ៉ាងជូរចត់ ដោយសារតែគាត់បានបដិសេធថា គាត់ពុំធ្លាប់ស្គាល់ព្រះយេស៊ូវអ្នកស្រុកណាសារ៉ែតទៀតហើយ ។
នៅក្នុងគម្ពីរកិច្ចការ បងប្អូននឹងអានការប្រកាសដ៏មានអានុភាពអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ បងប្អូនក៏នឹងមើលឃើញពីរបៀបដែលដំណឹងល្អអាចផ្លាស់ប្ដូរមនុស្ស—រួមទាំងបងប្អូនផងដែរ—ឲ្យក្លាយជាពួកសិស្សដ៏អង់អាចតាមដែលព្រះស្គាល់ថាពួកគេអាចធ្វើបាននោះ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
កិច្ចការ ១:១–៨, ១៥–២៦; ២:១–៤២; ៤:១–១៣, ៣១–៣៣
ព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
គម្ពីរកិច្ចការកត់ត្រាអំពីការខិតខំរបស់ពួកសាវកដើម្បីស្ថាបនាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ បន្ទាប់ពីការយាងឡើងទៅវិញរបស់ព្រះអង្គសង្គ្រោះ ។ ថ្វីដ្បិតតែព្រះយេស៊ូវគ្រីស្ទឈប់នៅលើផែនដីទៀតក្ដី ក៏ទ្រង់បានដឹកនាំសាសនាចក្រតាមរយៈវិវរណៈ និងតាមរយៈព្រះវិញ្ញាណបរិសុទ្ធផងដែរ ។ សូមពិចារណាអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំអ្នកដឹកនាំថ្មីៗរបស់សាសនាចក្រនៃព្រះគ្រីស្ទ នៅពេលបងប្អូនមើលវគ្គបទគម្ពីរដូចតទៅនេះ ៖ កិច្ចការ ១:១–៨, ១៥–២៦; ២:១–៤២; ៤:១–១៣, ៣១–៣៣ ។
ក្នុងនាមជាសមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទបច្ចុប្បន្ននេះ យើងម្នាក់ៗមានទំនួលខុសត្រូវក្នុងការចូលរួមនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង—នៅក្នុងការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ថែទាំដល់ជនទ័លក្រ អញ្ជើញមនុស្សដទៃទៀតឲ្យមកកាន់ព្រះគ្រីស្ទ និងរួបរួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពជានិច្ច ( សូមមើល ក្បួនខ្នាតទូទៅ ១.២ ) ។ តើបងប្អូនរៀនអ្វីខ្លះមកពីពួកសាវកពីបុរាណទាំងនេះ អំពីរបៀបដែលបងប្អូនអាចពឹងផ្អែកទៅលើព្រះវិញ្ញាណបរិសុទ្ធឲ្យដឹកនាំកិច្ចខិតខំបងប្អូននោះ ?
សូមមើលផងដែរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះវិញ្ញាណបរិសុទ្ធ » ។
គោលការណ៍ និងពិធីបរិសុទ្ធនៃដំណឹងល្អជួយខ្ញុំឲ្យមករកព្រះគ្រីស្ទ ។
តើបងប្អូនធ្លាប់មានអារម្មណ៍ « ចាក់ចុចក្នុងចិត្ត [ របស់បងប្អូន ] » ដូចជាពួកយូដានៅក្នុងថ្ងៃបុណ្យថ្ងៃទីហាសិបដែរឬទេ ? ( កិច្ចការ ២:៣៧ ) ។ ប្រហែលជាបងប្អូនបានធ្វើអ្វីមួយដែលបងប្អូនសោកស្ដាយ ឬប្រហែលជាបងប្អូនគ្រាន់តែចង់ផ្លាស់ប្ដូរជីវិតរបស់បងប្អូន ។ តើបងប្អូនគួរធ្វើអ្វីខ្លះ នៅពេលបងប្អូនមានអារម្មណ៍ទាំងនេះ ? ការទូន្មានរបស់ពេត្រុសទៅកាន់ពួកយូដាត្រូវបានរកឃើញនៅក្នុង កិច្ចការ ២:៣៨ ។ សូមកត់ចំណាំពីរបៀបដែលគោលការណ៍ និងពិធីបរិសុទ្ធទីមួយនៃដំណឹងល្អ ( រួមមានសេចក្តីជំនឿ ការប្រែចិត្ត បុណ្យជ្រមុជទឹក និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ—ឬពេលខ្លះសំដៅថាជាគោលលទ្ធិនៃព្រះគ្រីស្ទ ) បានជះឥទ្ធិពលលើអ្នកផ្លាស់ប្រែចិត្តជឿទាំងនេះដូចបានកត់ត្រានៅក្នុង កិច្ចការ ២:៣៧–៤៧ ។
បងប្អូនបានទទួលបុណ្យជ្រមុជទឹករួចហើយ ហើយបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះតើបងប្អូនបន្ដអនុវត្តគោលលទ្ធិនៃព្រះគ្រីស្ទដោយរបៀបណា ? សូមពិចារណាអំពីពាក្យសម្ដីទាំងនេះមកពីអែលឌើរ ឌែល ជី រិនឡាន់ ៖ « យើងអាចត្រូវបានល្អឥតខ្ចោះតាមរយៈ…ការអនុវត្តសេចក្ដីជំនឿទៅលើ [ ព្រះគ្រីស្ទ ] ការប្រែចិត្ត ការទទួលទានសាក្រាម៉ង់ ការរំឭកសេចក្ដីសញ្ញា និងពរជ័យនៃបុណ្យជ្រមុជទឹក និងការទទួលព្រះវិញ្ញាណបរិសុទ្ធជាដៃគូដ៏ខ្ជាប់ខ្ជួនទៅដល់កម្រិតកាន់តែខ្លាំងម្ដងហើយម្ដងទៀត ។ នៅពេលយើងធ្វើដូច្នេះ យើងប្រែក្លាយកាន់តែដូចជាព្រះគ្រីស្ទ ហើយអាចកាន់ខ្ជាប់ដរាបដល់ចុងបំផុត ព្រមជាមួយនឹងការមរតកគ្រប់យ៉ាង » ( Latter–day Saints Keep on Trying » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥៦ ) ។
តើអ្វីជា « ពេលលំហើយ » និង « គ្រាតាំងរបស់ទាំងអស់ឡើងវិញ » ?
« ពេលលំហើយ » សំដៅទៅលើសហសវត្សរ៍ នៅពេលព្រះយេស៊ូវនឹងយាងត្រឡប់មកលើផែនដីវិញ ។ « គ្រាតាំងរបស់ទាំងអស់ឡើងវិញ » សំដៅដល់ការស្ដារឡើងវិញនៃដំណឹងល្អ ដែលរៀបចំពិភពលោកសម្រាប់សហស្សវត្ស ។
ពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានប្រទានអំណាចឲ្យធ្វើអព្ភូតហេតុនៅក្នុងព្រះនាមរបស់ទ្រង់ ។
បុរសខ្វិនសង្ឃឹមថានឹងទទួលបានប្រាក់មកពីអស់អ្នកដែលមកព្រះវិហារ ។ ប៉ុន្តែពួកអ្នកបម្រើរបស់ព្រះអម្ចាស់បានផ្ដល់ឲ្យគាត់ច្រើនជាងនោះទៅទៀត ។ នៅពេលបងប្អូនអាន កិច្ចការ ៣; ៤:១–៣១ និង ៥:១២–៤២ សូមពិចារណាអំពីរបៀបដែលអព្ភូតហេតុដូចខាងក្រោមនេះជះឥទ្ធិពលលើមនុស្សទាំងនេះ ៖
-
បុរសខ្វិន
-
ពេត្រុស និងយ៉ូហាន
-
សាក្សីនៅក្នុងព្រះវិហារ
-
ពួកសង្ឃ និងអ្នកគ្រប់គ្រង
-
ពួកបរិសុទ្ធផ្សេងៗទៀត
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
កិច្ចការ ១:២១–២៦ ។ការអាន កិច្ចការ ១:២១–២៦ អាចជួយឲ្យគ្រួសារបងប្អូនពិភាក្សាអំពីពរជ័យដែលបានមកពីការមានពួកសាវកនៅលើផែនដីនៅសព្វថ្ងៃនេះ ។ សមាជិកគ្រួសារអាចចែកចាយរបៀបដែលពួកគេបានទទួលទីបន្ទាល់មួយថា ពួកសាវក និងព្យាការីសព្វថ្ងៃនេះត្រូវបានហៅដោយព្រះ ។ ហេតុអ្វីបានជាការមានទីបន្ទាល់នេះមានសារៈសំខាន់ ?
-
កិច្ចការ ២:៣៧ ។តើឃ្លា « គេមានសេចក្តីចាក់ចុចក្នុងចិត្ត » អាចមានន័យអ្វីខ្លះ ? តើពេលណាខ្លះដែលយើងមានអារម្មណ៍ស្រដៀងគ្នានេះ ? ហេតុអ្វីបានជាវាសំខាន់ដើម្បីនិយាយថា « តើយើងគួរធ្វើអ្វីខ្លះ ? » នៅពេលយើងមានអារម្មណ៍ដូច្នេះ ?
-
កិច្ចការ ៣:១–១០ ។គ្រួសាររបស់បងប្អូនអាចនឹងរីករាយក្នុងការធ្វើសកម្មភាពតាមដំណើររឿងនៅក្នុងខគម្ពីរទាំងនេះ ។ បងប្អូនក៏អាចមើលវីដេអូ « Peter and John Heal a Man Crippled Since Birth » ផងដែរ ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ តើបុរសនៅឯព្រះវិហារត្រូវបានប្រទានពរខុសប្លែកពីអ្វីដែលគាត់រំពឹងទុកដោយរបៀបណា ? តើយើងបានឃើញពរជ័យរបស់ព្រះវរបិតាសួគ៌កើតមានចំពោះយើងតាមរបៀបដែលពុំបានរំពឹងទុកយ៉ាងដូចម្ដេចខ្លះ ?
-
កិច្ចការ ៣:១២–២៦; ៤:១–២១; ៥:១២–៤២ ។តើបងប្អូនចាប់អារម្មណ៍អ្វីខ្លះអំពីភាពស្មោះត្រង់របស់ពេត្រុស និងយ៉ូហាន ? ( សូមមើល « Peter Preaches and Is Arrested » នៅលើគេហទំព័រ ChurchofJesusChrist.org ផងដែរ ) ។ តើយើងអាចមានភាពមុតមាំក្នុងទីបន្ទាល់របស់យើងអំពីព្រះយេស៊ូវគ្រីស្ទបានយ៉ាងដូចម្ដេច ? សូមពិចារណាក្នុងការជួយកុមារក្មេងៗឲ្យអនុវត្តការចែកចាយទីបន្ទាល់របស់ពួកគេ ។
-
កិច្ចការ ៤:៣១–៥:៤ ។តើយើងអាចជួយគ្រួសារយើង វួដ ឬសហគមន៍របស់យើងឲ្យក្លាយកាន់តែដូចជាអ្វីដែលបានពិពណ៌នានៅក្នុង កិច្ចការ ៤:៣១–៣៧ ដោយរបៀបណា ? តើ « មានចិត្តតែមួយ និងគំនិតតែមួយ » មានន័យដូចម្ដេច ? តើពេលខ្លះយើង « [ ទុក ] មួយចំណែក » នៃការចូលរួមចំណែករបស់យើងដោយរបៀបណា ? ហេតុអ្វីការធ្វើដូច្នោះដូចជា « [ ការកុហក ] ដល់ព្រះ » ? ( កិច្ចការ ៥:២,៤ ) ។ តើភាពមិនស្មោះត្រង់ប៉ះពាល់ដល់យើងខាងវិញ្ញាណយ៉ាងដូចម្ដេចខ្លះ ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ទំនុកតម្កើងដែលលើកទឹកចិត្តឲ្យប្រើ ៖ « ទុកឲ្យព្រះវិញ្ញាណដឹកនាំ » ទំនុកតម្កើង ល.រ. ៨២ ។