« ថ្ងៃទី ៣–៩ ខែ កក្កដា ។ កិច្ចការ ១–៥ ៖ ‹ អ្នករាល់គ្នានឹងធ្វើជាទីបន្ទាល់ពីខ្ញុំ › ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ៣–៩ ខែ កក្កដា ។ កិច្ចការ ១–៥ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
បុណ្យថ្ងៃទីហាសិប ដោយ ស៊ីឌនី ឃីង
ថ្ងៃទី ៣–៩ ខែ កក្កដា
កិច្ចការ ១–៥
« អ្នករាល់គ្នានឹងធ្វើជាទីបន្ទាល់ពីខ្ញុំ »
សូមចាប់ផ្ដើមការរៀបចំរបស់បងប្អូនដោយការអាន កិច្ចការ ១–៥ ។ សូមខិតខំអធិស្ឋានដើម្បីស្វែងយល់ពីតម្រូវការរបស់កុមារ ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ និងគម្រោងមេរៀននេះក៏អាចជួយបងប្អូនបានដែរ ។
អញ្ជើញឲ្យចែកចាយ
សូមសរសេរឃ្លា តើខ្ញុំជានរណា ? នៅលើក្ដារខៀន ។ សូមអានសេចក្ដីថ្លែងការណ៍បីបួនអំពីពេត្រុស រួចសួរកុមារថា តើសេចក្ដីថ្លែងការណ៍ទាំងនោះថ្លែងអំពីនរណា ។ តើពួកគេដឹងអ្វីខ្លះទៀតអំពីពេត្រុស ?
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈពួកព្យាការី និងពួកសាវក ។
ការរៀនសូត្រអំពីរបៀបដែលព្រះអង្គសង្គ្រោះដឹកនាំសាសនាចក្រពីបុរាណរបស់ទ្រង់ តាមរយៈពួកព្យាការី អាចជួយកុមារឲ្យពង្រឹងទីបន្ទាល់អំពីព្យាការី និង ពួកសាវកនៅជំនាន់របស់យើងបាន ។
សកម្មភាពដែលអាចធ្វើបាន
-
សូមបង្ហាញរូបភាពនៅក្នុង គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ សូមសួរកុមារពីមូលហេតុដែលប្រជាជនកំពុងមើលទៅលើមេឃ ។ សូមសង្ខេបដំណើររឿងចេញពី កិច្ចការ ១:១–១១ ។ ( សូមមើលផងដែរ « ជំពូក ៥៥ ៖ ពួកសាវកដឹកនាំសាសនាចក្រ » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៤៥–៤៧ ឬវីដេអូដូចគ្នានេះនៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមអញ្ជើញកុមារឲ្យលើករូបភាពមួយរបស់ពួកសាវកបច្ចុប្បន្ននេះ ។ តើនរណាជាអ្នកជួយព្រះយេស៊ូវគ្រីស្ទឲ្យដឹកនាំសាសនាចក្រនេះ នៅពេលទ្រង់មិនគង់នៅលើផែនដី ?
-
សូមលេងល្បែងផ្គូផ្គងដោយមានរូបភាពចំនួនពីរសន្លឹកមកពីគណៈប្រធានទីមួយ និងពួកសាវកដប់ពីរនាក់ដែលកំពុងរស់នៅ ។ នៅពេលពួកគេបានផ្គូផ្គងហើយ សូមប្រាប់ឈ្មោះសាវក ឬប្រធាន និងព័ត៌មានណាមួយអំពីលោក ។
-
នៅខាងក្រោយរូបភាពនៃប្រធានរបស់សាសនាចក្រ សូមបិតរូបភាពតូចៗនៃអ្វីដែលលោកបង្រៀន ដូចជាអំពីព្រះអង្គសង្រ្គោះ ពិធីបុណ្យជ្រមុជទឹក ឬព្រះវិហារបរិសុទ្ធ ។ សូមឲ្យកុមារម្នាក់ៗប្តូរវេនគ្នាមើលរូបភាពមួយសន្លឹក ហើយប្រាប់សិស្សក្នុងថ្នាក់ដទៃទៀតថា « ព្យាការីបង្រៀនយើងអំពី [ ប្រធានបទនៃរូបភាពនោះ ] » ។ សូមថ្លែងទីបន្ទាល់ថា ព្យាការី និងពួកសាវកទាំងឡាយបង្រៀនយើងពីអ្វីដែលព្រះយេស៊ូវមានព្រះទ័យចង់ឲ្យយើងដឹង និងធ្វើ ។
ព្រះវរបិតាសួគ៌អាចប្រទានពរដល់មនុស្សដទៃតាមរយៈខ្ញុំ ។
តើបងប្អូនអាចធ្វើដូចម្ដេចដើម្បីជួយកុមារ ឲ្យស្គាល់របៀបដែលពួកគេអាចផ្ដល់ពរដល់មនុស្សដែលនៅជុំវិញខ្លួនពួកគេបាន ? សូមជួយពួកគេឲ្យរៀនសូត្រចេញពីគំរូរបស់ពេត្រុស និង យ៉ូហាន ដែលបានព្យាបាលបុរសពិការជើងម្នាក់ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអញ្ជើញកុមារឲ្យធ្វើសកម្មភាពនានាទៅតាមសាច់រឿងនៅក្នុង កិច្ចការ ៣:១–១០ ដូចជា ការលើកដៃសុំទាន និងការស្ទុះឈរឡើងដើរដោយអំណរ ។ តើព្រះវរបិតាសួគ៌បានប្រទានពរដល់បុរសពិការជើងនោះតាមរបៀបណា ?
-
សូមនាំយកថង់មួយដែលដាក់រូបភាពនានា ដែលបង្ហាញអំពីវិធីទាំងឡាយដែលយើងអាចផ្ដល់ពរ ហើយបម្រើដល់មនុស្សដទៃបាន ។ សូមអនុញ្ញាតឲ្យកុមារដាក់វេនគ្នាជ្រើសយករូបភាពមួយចេញពីថង់ ហើយប្រាប់ពីរបៀបដែលពួកគេអាចផ្ដល់ពរដល់មនុស្សដទៃតាមវិធីនោះ ។
-
សូមឲ្យកុមារចែកចាយពីគ្រាមួយ ដែលពួកគេបានជួយមនុស្សដទៃ ។
ខ្ញុំអាចធ្វើជាមនុស្សស្មោះត្រង់ ។
ពួកគ្រិស្តសាសនិកនៅសម័យដើមបានចែកចាយពីកិច្ចការ ដែលពួកគេត្រូវជួយមើលថែគ្នាទៅវិញទៅមក ។ អស់អ្នកដែលមានដីបានលក់ដីនោះ ហើយបានឲ្យលុយទៅពួកសាវក ដែលបន្ទាប់មកពួកសាវកបានឲ្យលុយនោះទៅពួកបរិសុទ្ធស្របតាមតម្រូវការរបស់ពួកគេ ។ អាន៉្នានាស និង សាភីរ៉ា ពុំមានភាពស្មោះត្រង់ក្នុងការបរិច្ចាគរបស់ពួកគេទេ ដោយពួកគេគិតថា ពួកគេអាចកិបកេងអ្នកបម្រើរបស់ព្រះអម្ចាស់បាន ។
សកម្មភាពដែលអាចធ្វើបាន
-
សូមជួយកុមារឲ្យសម្ដែងតាមសាច់រឿងរបស់ អាន៉្នានាស និង សាភីរ៉ា ។ សូមពន្យល់ថា ទោះជាយើងពុំស្លាប់នៅពេលយើងកុហកក៏ដោយ ក៏រឿងនេះបង្ហាញអំពីសារៈសំខាន់នៃការធ្វើជាមនុស្សស្មោះត្រង់ នៅចំពោះព្រះនេត្ររបស់ព្រះវរបិតាសួគ៌ដែរ ។
-
សូមច្រៀងចម្រៀងមួយបទរួមគ្នាអំពីភាពស្មោះត្រង់ ដូចជាបទ « I Believe in Being Honest » ( Children’s Songbook ទំព័រ ១៤៩ ) ។ សូមជួយកុមារឲ្យយល់ថា ការធ្វើជាមនុស្សស្មោះត្រង់មានន័យថាជាការនិយាយការពិតជានិច្ច ហើយមិនយករបស់ដែលជាកម្មសិទ្ធិរបស់នរណាម្នាក់ទៀតឡើយ ។
-
សូមប្រើអាយ៉ងក្រដាសដើម្បីសម្ដែងឲ្យឃើញស្ថានភាពសាមញ្ញៗ នៅពេលមនុស្សណាម្នាក់មានភាពស្មោះត្រង់ ឬមិនស្មោះត្រង់នោះ ។ សូមឲ្យកុមារក្រោកឈរ ប្រសិនបើកុមារនោះស្មោះត្រង់ ឬអង្គុយលើឥដ្ឋ ប្រសិនបើកុមារនោះមិនស្មោះត្រង់ ។ សូមជួយកុមារឲ្យយល់ពីមូលហេតុដែលវាមានសារៈសំខាន់ដើម្បីមានភាពស្មោះត្រង់ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈពួកព្យាការី និងពួកសាវក ។
តើបងប្អូននឹងជួយកុមារឲ្យយល់ថា សាសនាចក្ររបស់ព្រះអង្គសង្រ្គោះសព្វថ្ងៃនេះបានដឹកនាំដោយព្យាការី និងសាវកទាំងឡាយដូចជានៅសម័យបុរាណយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចធ្វើបាន
-
សូមសរសេរនៅលើក្ដារខៀនថា តើព្រះយេស៊ូវដឹកនាំសាសនាចក្រ នៅពេលទ្រង់ពុំគង់នៅលើផែនដីតាមរបៀបណា ? សូមអញ្ជើញកុមារឲ្យស្តាប់រកចម្លើយចំពោះសំណួរនេះ កាលបងប្អូនអានព្រះបន្ទូលរបស់ព្រះអង្គសង្រ្គោះទៅកាន់ពួកសាវកនៅក្នុង កិច្ចការ ១:៨ ។ សូមជួយកុមារឲ្យយល់ថា ព្រះយេស៊ូវបានជ្រើសរើសព្យាការី និងសាវកទាំងឡាយដើម្បីដឹកនាំសាសនាចក្រនៅសព្វថ្ងៃនេះ ដូចជាទ្រង់បានធ្វើនៅសម័យបុរាណដែរ ។
-
សូមអានជាមួយគ្នាក្នុង កិច្ចការ ១:២២–២៦ ។ សូមឲ្យកុមារទាំងអស់ស្វែងរករបៀប ដែលពួកសាវកបានហៅសាវកថ្មីមួយរូប ។
-
សូមស្នើសុំទុកជាមុន ដើម្បីឲ្យកុមារ និងឪពុកម្តាយរបស់គាត់ ឬនាងរៀនអំពីការហៅរបស់សាវកនាពេលថ្មីៗនេះ ( ពួកគាត់អាចស្វែងរកព័ត៌មានអំពីពួកសាវកនៅ « កូរ៉ុមនៃពួកសាវកដប់ពីរនាក់ » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមអញ្ជើញកុមារឲ្យចែកចាយអ្វីដែលគាត់ ឬនាងបានរៀនជាមួយសិស្សក្នុងថ្នាក់ ហើយប្រសិនបើអាចធ្វើទៅបាន រៀនពីអ្វីដែលពួកសាវកបានមានប្រសាសន៍អំពីការហៅរបស់លោកនៅក្នុងសន្និសីទទូទៅ ដែលលោកបានថ្លែងសារលិខិតជាលើកដំបូង ។
ពួកសាវកបានដឹកនាំសាសនាចក្រ បន្ទាប់ពីព្រះយេស៊ូវបានយាងឡើងទៅស្ថានសួគ៌វិញ ។
ព្រះវិញ្ញាណបរិសុទ្ធធ្វើជាសាក្សីចំពោះដួងចិត្តខ្ញុំអំពីសេចក្ដីពិតនៃដំណឹងល្អ ។
នៅពេលកុមាររៀនចេះអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលទៅកាន់ពួកគេ នោះពួកគេនឹងមានការបំផុសគំនិតឲ្យស្ដាប់ ហើយធ្វើតាមការបំផុសគំនិតនោះ នៅពេលពួកគេទទួលបានវា ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន កិច្ចការ ២:៣៦–៣៧ រួមគ្នា ។ តើបងប្អូនមានអារម្មណ៍ដូចម្ដេច នៅពេលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលអ្វីមួយនៅក្នុងចិត្តយើង ?
-
សូមបង្កើតផ្ទាំងប្រកាសមួយដោយសរសេរថា តើយើងគួរតែធ្វើដូចម្ដេច ? ដាក់នៅផ្នែកខាងលើ ។ សូមដាក់តាំងផ្ទាំងប្រកាសនោះរាល់សប្ដាហ៍ ហើយសរសេរបន្ថែមនូវរបៀបនានាដែលកុមារអាចប្រព្រឹត្តតាមអ្វី ដែលពួកគេបានរៀនក្នុងមេរៀនរាល់សប្ដាហ៍ ។
-
សូមអញ្ជើញកុមារឲ្យអាន កិច្ចការ ២:៤១–៤៧ និងស្វែងរករឿងល្អៗដែលប្រជាជនបានធ្វើ បន្ទាប់ពីពួកគេបានទទួលបុណ្យជ្រមុជទឹក ។ តើរឿងល្អៗអ្វីខ្លះដែលយើងអាចធ្វើបាន ដើម្បីបង្ហាញថា យើងមានអំណរគុណចំពោះអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដែលយើងបានទទួល នៅពេលយើងបានទទួលបុណ្យជ្រមុជទឹក ?
ព្រះវរបិតាសួគ៌អាចប្រទានពរដល់មនុស្សដទៃតាមរយៈខ្ញុំ ។
តើបងប្អូនអាចបង្រៀនកុមារថា ពួកគេអាចផ្ដល់ពរដល់មនុស្សដទៃ ទោះជាពួកគេគ្មាន « ប្រាក់ និងមាស » បានតាមរបៀបណា ? ( កិច្ចការ ៣:៦ ) ។ តើយើងអាចជួយពួកគេឲ្យមើលឃើញឱកាសដើម្បីបម្រើព្រះតាមរយៈការបម្រើអ្នកដទៃយ៉ាងដូចម្តេច ? ( សូមមើល ម៉ូសាយ ២:១៧ ) ។
សកម្មភាពដែលអាចធ្វើបាន
-
សូមឲ្យកុមារម្នាក់អាន កិច្ចការ ៣:១–១០ ខណៈពេលដែលកុមារដទៃទៀតសម្ដែងតាមសាច់រឿង ។ ( ដើម្បីជាជំនួយ សូមមើល « ជំពូក ៥៦ ៖ ពេត្រុសព្យាបាលមនុស្សម្នាក់ » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៤៨–៤៩ ឬវីដេអូដូចគ្នានៅលើគេហទំព័រ ChurchofJesusChrist.org ) ។ បងប្អូនក៏អាចបង្ហាញវីដេអូ « Peter and John Heal a Man Crippled Since Birth » ( នៅលើគេហទំព័រChurchofJesusChrist.org ) បានផងដែរ ។ តើពរជ័យដែលបុរសរូបនេះទទួលបានមានតម្លៃជាងលុយដែលគាត់បានសូមយ៉ាងដូចម្តេច ?
-
សូមហុចថង់កាក់មួយតៗគ្នា ។ នៅពេលកុមារម្នាក់ៗកាន់ថង់នោះ សូមសួរពួកគេថា តើពួកគេអាចទិញអ្វីខ្លះជាមួយនឹងប្រាក់នោះ ។ សូមសួរកុមារពីអ្វីដែលយើងត្រូវចែករំលែកដល់អ្នកដទៃ ដែលមិនចាំបាច់ចំណាយលុយ ។ សូមអញ្ជើញពួកគេឲ្យចែកចាយពីរបៀបដែលពួកគេអាចជួយអ្នកដទៃឲ្យខិតមកជិតព្រះអង្គសង្រ្គោះ—អំណោយដែលមិនតម្រូវឲ្យចំណាយលុយ ( កិច្ចការ ៣:៦ ) ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមលើកទឹកចិត្តកុមារឲ្យដាក់ផែនការពីរបៀបមួយ ដែលពួកគេអាចបម្រើព្រះវរបិតាសួគ៌បាន តាមរយៈការជួយសមាជិកម្នាក់ក្នុងក្រុមគ្រួសាររបស់ពួកគេនៅសប្ដាហ៍នេះ ។
ការកែលម្អការបង្រៀនរបស់យើង
ទន្ទេញបទគម្ពីរ ។ សូមជ្រើសរើសវគ្គបទគម្ពីរមួយ ដែលបងប្អូនគិតថាអាចជួយកុមារនៅក្នុងថ្នាក់របស់បងប្អូនបានដូចជា កិច្ចការ ២:៣៨ ឬ កិច្ចការ ៣:១៩ រួចជួយពួកគេឲ្យទន្ទេញឃ្លាមួយនៅក្នុងបទគម្ពីរនោះ ។ ជំនួយចក្ខុ ឬរូបភាពនានាក៏អាចជួយកុមារឲ្យចងចាំបទគម្ពីរដែរ ។