« ថ្ងៃទី ១០–១៦ ខែ កក្កដា ។ កិច្ចការ ៦–៩ ៖ ‹ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្ដេច ? › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១០–១៦ ខែ កក្កដា ។ កិច្ចការ ៦–៩ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ថ្ងៃទី ១០–១៦ ខែ កក្កដា
កិច្ចការ ៦–៩
« តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្តេច ? »
សូមចាប់ផ្ដើមដោយអាន កិច្ចការ ៦–៩ ។ គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អាចជួយបងប្អូនឲ្យសិក្សាជំពូកទាំងនេះបាន ។ សកម្មភាពសម្រាប់កុមារតូចៗនៅក្នុងគម្រោងមេរៀននេះអាចសម្របសម្រួលសម្រាប់កុមារធំៗ និងកុមារតូចៗបាន ។
អញ្ជើញឲ្យចែកចាយ
សូមសរសេរឈ្មោះបុគ្គលទាំងនោះមួយចំនួននៅក្នុង កិច្ចការ ៦–៩ ដូចជា សុល ស្ទេផាន និងតេប៊ីថា នៅលើក្ដារខៀន ។ សូមឲ្យកុមារចែកចាយនូវអ្វីដែលពួកគេដឹងអំពីបុគ្គលទាំងនេះ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំអាចធ្វើតាមព្រះយេស៊ូវគ្រីស្ទបានតាមរយៈការប្រកាន់ផ្លូវត្រូវ ។
តើកុមារអាចរៀនអ្វីខ្លះមកពីស្ទេផាន អំពីការធ្វើជាបងប្អូនដើរតាមព្រះយេស៊ូវគ្រីស្ទ ?
សកម្មភាពដែលអាចធ្វើបាន
-
សូមជួយកុមារឲ្យបង្កើតសកម្មភាពនានា ដែលត្រូវនឹងបទចម្រៀងអំពីការជ្រើសរើសត្រូវ ដូចជាបទ « ឈរដោយសុចរិត » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨១ ) ។ សូមប្រើ កិច្ចការ ៧:៥១–៦០ ដើម្បីបង្រៀនកុមារថា ស្ទេផានបានបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ទោះជាវាបានធ្វើឲ្យពួកអ្នកដឹកនាំយូដាខឹងសម្បារក្ដី ( សូមមើលផងដែរ « ជំពូក ៥៧ ៖ មនុស្សទុច្ចរិតសម្លាប់ស្ទេផាន » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៥០–៥១ ឬវីដេអូដូចគ្នានេះនៅលើគេហទំព័រ ChurchofJesusChrist.org ) ។ តើស្ទេផានប្រកាន់ផ្លូវត្រូវតាមរបៀបណា ?
-
សូមផ្ដល់សាច់រឿងមួយចំនួនដល់កុមារ ដែលត្រូវជ្រើសរើសជម្រើសរវាងត្រូវ និងខុស ។ សូមសួរកុមារថា តើពួកគេនឹងធ្វើដូចម្ដេចដើម្បីប្រកាន់ផ្លូវត្រូវ ។
ព្រះវិញ្ញាណបរិសុទ្ធបំផុសគំនិតខ្ញុំឲ្យចែកចាយដំណឹងល្អជាមួយមនុស្សដទៃ ។
ភីលីពបានធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណ ហើយបានជួយដល់បុរសអេត្យូពីម្នាក់ ដែលកំពុងមានការលំបាកក្នុងការយល់បទគម្ពីរ ។ តើដំណើររឿងនេះបង្រៀនមេរៀនអ្វីខ្លះ ដល់កុមារដែលបងប្អូនបង្រៀន ?
សកម្មភាពដែលអាចធ្វើបាន
-
សូមយកកៅអីចំនួនពីរមកធ្វើជារទេះ ។ សូមអញ្ជើញកុមារពីរនាក់ឲ្យអង្គុយលើរទេះ ម្នាក់តំណាងឲ្យភីលីព និងម្នាក់ទៀតតំណាងឲ្យបុរសអេត្យូពី ។ បន្ទាប់មក សូមរៀបរាប់ដំណើរនៃរបៀបដែលភីលីពបានបង្រៀនដំណឹងល្អទៅកាន់បុរសសាសន៍អេត្យូពីរូបនោះ ។
-
សូមចែកចាយបទពិសោធន៍មួយ ដែលបងប្អូនបានទទួលអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលប្រាប់បងប្អូនឲ្យចែកចាយដំណឹងល្អជាមួយនឹងមនុស្សម្នាក់ ។ សូមថ្លែងទីបន្ទាល់ថា ព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងប្រាប់មនុស្សដទៃអំពីព្រះយេស៊ូវបាន ។
ព្រះវរបិតាសួគ៌អញ្ជើញខ្ញុំឲ្យប្រែចិត្ត និងផ្លាស់ប្ដូរ ។
នៅពេលព្រះយេស៊ូវមានបន្ទូលប្រាប់សុលឲ្យឈប់បៀតបៀនសាសនាចក្ររបស់ព្រះអម្ចាស់ទៀត នោះសុលបានប្រែចិត្ត ហើយផ្លាស់ប្ដូរមួយរំពេច ។ តើដំណើររឿងនេះអាចជួយកុមារដែលបងប្អូនបង្រៀនឲ្យមានបំណងផ្លាស់ប្ដូរភ្លាមៗ នៅពេលពួកគេបានធ្វើកំហុសតាមរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមសង្ខេបដំណើររឿងអំពីការប្រែចិត្តជឿរបស់សុល ដែលមាននៅក្នុង កិច្ចការ ៩:១–២០ ( សូមមើលផងដែរ « ជំពូក ៥៩ ៖ សុលរៀនសូត្រអំពីព្រះយេស៊ូវ » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៥៤–៥៥ ឬវីដេអូដូចគ្នានេះនៅលើគេហទំព័រ ChurchofJesusChrist.org ) ។
-
សូមនិយាយនឹងកុមារអំពីរឿងដែលផ្លាស់ប្ដូរ ដូចជា កូនក្អុកដែលប្រែទៅជាសត្វកង្កែប ឬដង្កូវប្រែទៅជាសត្វមេអំបៅ ។ សូមបង្ហាញរូបភាព ប្រសិនបើអាច ។ តើសុលបានផ្លាស់ប្ដូរយ៉ាងដូចម្ដេច នៅពេលព្រះយេស៊ូវគ្រីស្ទបានយាងមកជួបលោក ?
-
សូមគូសរូបផ្លូវបំបែកមួយនៅលើក្ដារខៀន ។ សូមអញ្ជើញកុមារឲ្យប្រាប់ឈ្មោះទីន្លែងដែលពួកគេចង់ទៅលេង ហើយសរសេរកន្លែងទាំងនោះនៅផ្នែកខាងលើនៃផ្លូវ ។ តើនឹងមានអ្វីកើតឡើង ប្រសិនបើយើងងាកទៅរកផ្លូវខុសនោះ ? សូមប្រៀបធៀបការប្រែចិត្តទៅនឹងការត្រឡប់មករកផ្លូវត្រូវវិញ ។
-
សូមឲ្យកុមារថាតាមនូវអ្វីដែលសុលបានទូលទៅកាន់ព្រះអម្ចាស់ ៖ « ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្តេច ? » ( កិច្ចការ ៩:៦ ) ។ តើព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងធ្វើដូចម្ដេច ?
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ខ្ញុំនឹងធ្វើជាសាក្សីរបស់ព្រះយេស៊ូវគ្រីស្ទ ។
តើបងប្អូនអាចជួយកុមារដែលបងប្អូនបង្រៀន ឲ្យរៀនពីគំរូរបស់ស្ទេផាននៃការឈរជាសាក្សីរបស់ព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន កិច្ចការ ៦:៥–១៥ និង ៧:៥១–៦០ ជាមួយនឹងកុមារ ។ តើអ្វីទៅដែលបានធ្វើឲ្យស្ទេផានក្លាយជាសាក្សីដ៏មានអានុភាពបែបនេះអំពីព្រះយេស៊ូវគ្រីស្ទ ? សូមឲ្យកុមារម្នាក់ ឬច្រើននាក់ធ្វើជាស្ទេផាន ហើយចែកចាយអ្វីដែលពួកគេជឿលើព្រះយេស៊ូវគ្រីស្ទ ។
-
សូមឲ្យកុមារអាន កិច្ចការ ៦:៣–១០ ដោយស្រាវជ្រាវរកគុណសម្បត្តិដែលស្ទេផានមាន ដែលបានជួយលោកឲ្យរីកចម្រើន ។
-
សូមឲ្យកុមារជួយបងប្អូនគិតអំពីស្ថានភាពនានា ដែលពួកគេអាចឈរជាសាក្សីអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ សូមជួយពួកគេឲ្យសម្ដែងតាមស្ថានភាពមួយចំនួនទាំងនេះ ។ សូមឲ្យកុមារអាន ម៉ូសាយ ១៨:៩ ។ សូមបង្ហាញថា ការធ្វើជាសាក្សីអំពីព្រះយេស៊ូវគ្រីស្ទ ត្រូវបានរាប់បញ្ចូលទៅក្នុងការសន្យាដែលយើងបានធ្វើនៅពិធីបុណ្យជ្រមុជទឹក ។
បព្វជិតភាពគឺជាអំណោយទានដ៏មានតម្លៃពីព្រះ ។
សាតាំងសាបព្រោះសារលិខិតថា សម្ភារនិយមអាចនាំឲ្យយើងមានសុភមង្គល ។ តើបងប្អូនអាចប្រើដំណើររឿងរបស់ស៊ីម៉ូន ដើម្បីជួយកុមារឲ្យផ្ដល់តម្លៃទៅលើរឿងខាងវិញ្ញាណដូចជា បព្វជិតភាព និងពរជ័យនៃបព្វជិតភាពតាមរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមសង្ខេបដំណើររឿងអំពីស៊ីម៉ូនដែលមាននៅក្នុង កិច្ចការ ៨:៩–២៤ ( សូមមើលផងដែរ « ជំពូក ៥៨ ៖ ស៊ីម៉ូន និងបព្វជិតភាព » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៥២–៥៣ ឬវីដេអូដូចគ្នានេះនៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ហេតុអ្វីយើងមិនអាចទទួលបានបព្វជិតភាពដោយការយកប្រាក់ទិញវា ? តើមនុស្សម្នាក់ពិតជាទទួលបានសិទ្ធិអំណាចបព្វជិតភាពដោយរបៀបណា ? ( សូមមើល មាត្រានៃសេចក្តីជំនឿ ១:៥ ) ។
-
សូមបង្ហាញរូបភាពអំពីពិធីសាក្រាម៉ង់ ព្រះវិហារបរិសុទ្ធ ( តំណាងឲ្យពរជ័យនៃព្រះវិហារបរិសុទ្ធ ) ពិធីបុណ្យជ្រមុជទឹក និងពរជ័យផ្សេងទៀតដែលយើងទទួលបានតាមរយៈបព្វជិតភាព ។ សូមពន្យល់ថា អំណោយទានទាំងនេះដែលមកពីព្រះមិនអាចយកប្រាក់ទិញបានទេ ។ ហេតុអ្វីវាមានតម្លៃលើសពីអ្វីៗដែលយើងអាចយកប្រាក់ទិញបាន ? តើយើងទទួលបានពរជ័យទាំងនេះដោយរបៀបណា ?
ព្រះវរបិតាសួគ៌អញ្ជើញខ្ញុំឲ្យប្រែចិត្ត និងផ្លាស់ប្ដូរ ។
នៅពេលព្រះយេស៊ូវមានបន្ទូលប្រាប់សុលឲ្យឈប់បៀតបៀនសាសនាចក្ររបស់ព្រះអម្ចាស់ទៀត នោះសុលបានប្រែចិត្ត ហើយផ្លាស់ប្ដូរមួយរំពេច ។ តើដំណើររឿងនេះអាចជួយកុមារដែលបងប្អូនបង្រៀនឲ្យមានបំណងផ្លាស់ប្ដូរភ្លាមៗ នៅពេលពួកគេបានធ្វើកំហុសតាមរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមអញ្ជើញកុមារឲ្យបត់ក្រដាសមួយសន្លឹកជាពីរ ។ សូមអញ្ជើញពួកគេសរសេរ ពីមុន នៅលើផ្នែកម្ខាង និង ក្រោយមក នៅលើផ្នែកម្ខាងទៀតនៃក្រដាស ។ សូមអានជាមួយកុមារ កិច្ចការ ៨:១–៣; ៩:១–២; និង ៩:១៧–២២ ហើយសូមឲ្យពួកគេសរសេរពាក្យ ឬឃ្លាដែលពិពណ៌នាអំពី សុលពីមុន និងក្រោយពេលបានឃើញព្រះអម្ចាស់ ។
-
សូមអញ្ជើញសមាជិកវួដម្នាក់ឲ្យចែកចាយដំណើររឿងនៃការប្រែចិត្តជឿរបស់ពួកគេ ហើយតើការធ្វើជាសមាជិកម្នាក់ក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានផ្លាស់ប្ដូរជីវិតរបស់គាត់ ឬនាងយ៉ាងដូចម្ដេចដូចដែលវាបានផ្លាស់ប្ដូរជីវិតរបស់ប៉ុល ។
-
សូមគូររូប « ផ្លូវទៅកាន់ក្រុងដាម៉ាស » នៅលើក្ដារខៀន ។ សូមអញ្ជើញកុមារឲ្យអាន កិច្ចការ ៩:៦, ១១, ១៨, ២០–២២ ដោយស្វែងរកសកម្មភាពដែលសុលបានធ្វើដើម្បីប្រែចិត្ត ហើយងាកទៅរកព្រះគ្រីស្ទ រួចសរសេរសកម្មភាពទាំងនេះនៅតាមផ្លូវ ។ តើយើងរៀនអ្វីខ្លះពីសុល អំពីរបៀបដែលយើងអាចក្លាយកាន់តែដូចព្រះគ្រីស្ទ ?
-
សូមអញ្ជើញកុមារឲ្យគូរផ្នែកដែលពួកគេពេញចិត្តក្នុងដំណើររឿងប្រែចិត្តជឿរបស់សុល រួចចែកចាយគំនូររបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមលើកទឹកចិត្តកុមារឲ្យប្រាប់គ្រួសាររបស់ពួកគេអំពីសកម្មភាពដែលពួកគេចូលចិត្តនៅក្នុងថ្នាក់នៅថ្ងៃនេះ និងអ្វីដែលវាបានបង្រៀនដល់ពួកគេ ។