« ថ្ងៃទី ២៤–៣០ ខែ កក្កដា ។ កិច្ចការ ១៦–២១ ៖ ‹ ព្រះអម្ចាស់ទ្រង់ហៅយើងឲ្យទៅផ្សាយដំណឹងល្អ › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៤–៣០ ខែ កក្កដា ។ កិច្ចការ ១៦–២១ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២៤–៣០ ខែ កក្កដា
កិច្ចការ ១៦–២១
« ព្រះអម្ចាស់ទ្រង់ហៅយើងឲ្យទៅផ្សាយដំណឹងល្អ »
បន្ទាប់ពីការអាន កិច្ចការ ១៦–២១ សូមធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណ ហើយសូមពិចារណាគំនិតដែលមាននៅក្នុងគម្រោងមេរៀននេះ កាលដែលបងប្អូនរៀបចំខ្លួនបង្រៀន ។ សូមប្រឹក្សា « ការបំពេញតាមតម្រូវការរបស់កុមារតូចៗ » នៅក្នុងសៀវភៅសិក្សានេះដើម្បីជាជំនួយបន្ថែម ។
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញកុមារឲ្យប្រាប់បងប្អូនពីអ្វីដែលពួកគេដឹង អំពីបទពិសោធន៍របស់ប៉ុលក្នុងការចែកចាយដំណឹងល្អ ។ ពួកគេក៏អាចនិយាយអំពីពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតដែលពួកគេស្គាល់ ឬអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេក្នុងការចែកចាយដំណឹងល្អជាមួយនរណាម្នាក់ទៀតផងដែរ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
អ្នកផ្សព្វផ្សាយសាសនាបង្រៀនមនុស្សអំពីព្រះយេស៊ូវ ។
តើកុមារដែលបងប្អូនបង្រៀនដឹងថា តើអ្នកផ្សព្វផ្សាយសាសនាធ្វើអ្វីដែរឬទេ ? តើបងប្អូនអាចជួយកុមារឲ្យយល់ថា ពួកគេអាចចែកចាយដំណឹងល្អជាមួយមនុស្សដទៃបានតាមរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមជួយកុមារឲ្យធ្វើកាយវិការតាម កិច្ចការ ១៦:២៥–៣៤ កាលដែលបងប្អូនសង្ខេបដំណើររឿងរបស់ប៉ុល និង ស៊ីឡាសចែកចាយដំណឹងល្អនៅក្នុងគុក ( សូមមើលផងដែរ « ជំពូក ៦១ ៖ ប៉ុល និងស៊ីឡាសនៅក្នុងគុក » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៥៨–៦០ ឬវីដេអូដូចគ្នានេះនៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមពន្យល់ថា អ្នកផ្សព្វផ្សាយសាសនានាពេលសព្វថ្ងៃនេះក៏បង្រៀនមនុស្សអំពីព្រះយេស៊ូវ ហើយជួយពួកគេឲ្យរៀបចំខ្លួនទទួលពិធីបុណ្យជ្រមុជទឹកផងដែរ ។
-
សូមធ្វើស្លាកអ្នកផ្សព្វផ្សាយសាសនាឲ្យកុមារពាក់ ហើយជួយពួកគេឲ្យសរសេរឈ្មោះរបស់ខ្លួននៅលើស្លាកនោះ ។ សូមបង្រៀនកុមារនូវសេចក្តីថ្លែងការណ៍សាមញ្ញៗ អំពីគោលលទ្ធិដែលពួកគេអាចចែកចាយជាមួយអ្នកដទៃ ដូចជា « ខ្ញុំជាកូនរបស់ព្រះ » « ព្រះមានព្រះបន្ទូលតាមរយៈព្យាការីដែលនៅរស់ » ឬ « ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់យើង » ។ សូមរំឭកកុមារថា យើងមិនចាំបាច់មានស្លាកឈ្មោះអ្នកផ្សព្វផ្សាយសាសនាទើបអាចចែកចាយដំណឹងល្អជាមួយអ្នកដទៃបានឡើយ ។
បទគម្ពីរថ្លែងទីបន្ទាល់អំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ទោះជាកុមារមួយចំនួនដែលបងប្អូនបង្រៀនពុំអាចអានបាននៅឡើយក្ដី ក៏បងប្អូនអាចជួយពួកគេឲ្យចេះស្រឡាញ់ព្រះគម្ពីរ ហើយមើលថា តើពួកគេថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេចផងដែរ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមជួយកុមារម្នាក់ឲ្យអានឃ្លា « គេ … ពិចារណាមើលគម្ពីររាល់តែថ្ងៃ » ( កិច្ចការ ១៧:១១ ) ។ សូមអញ្ជើញកុមារឲ្យចង្អុលទៅថ្ងៃនីមួយៗនៃសប្ដាហ៍នៅលើប្រតិទិន នៅពេលពួកគេពោលឃ្លានេះតាមបងប្អូន ។ សូមច្រៀងចម្រៀងមួយបទដែលបង្រៀនអំពីពរជ័យនៃការអានព្រះគម្ពីរ ដូចជាបទ « ស្វែងរក គិត អធិស្ឋាន » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦៦ ) ។
-
ដើម្បីបង្រៀនកុមារថា ព្រះគម្ពីរថ្លែងទីបន្ទាល់អំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ សូមជួយពួកគេឲ្យបើកទៅជំពូកមួយនៅក្នុងព្រះគម្ពីរ ដូចជា កិច្ចការ ១៧ ឬ ១៨ហើយស្វែងរកពាក្យ ព្រះ, ព្រះអម្ចាស់ឬ ព្រះយេស៊ូវ ។ ( បងប្អូនប្រហែលជាចង់គូសសម្គាល់ពាក្យទាំងនេះទុកជាមុន ដើម្បីឲ្យកុមារអាចរកឃើញពាក្យទាំងនោះបានកាន់តែងាយស្រួល ) ។ រាល់ពេលកុមាររកឃើញពាក្យទាំងនេះណាមួយ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីមួយដែលពួកគេដឹងអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំជាកូនរបស់ព្រះ ។
នៅឯទីអើរីយ៉ូស ប៉ុលបានបង្រៀនសេចក្ដីពិតសំខាន់ៗអំពីលក្ខណៈនៃព្រះ ដែលរួមមានសេចក្ដីពិតនានាដែលប្រាប់ថា យើងគឺជាបុត្រាបុត្រីរបស់ទ្រង់ ហើយទ្រង់ « មិនគង់ឆ្ងាយពីយើងនីមួយៗ » ទេ ( កិច្ចការ ១៧:២៧ ) ។ តើបងប្អូនអាចជួយកុមារឲ្យមានអារម្មណ៍ថានៅក្បែរព្រះវរបិតាសួគ៌របស់ពួកគេតាមរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមអញ្ជើញកុមារឲ្យថាតាមឃ្លានេះ « យើងរាល់គ្នាជាពូជព្រះ » ( កិច្ចការ ១៧:២៩ ) ហើយសូមពន្យល់ថា ពូជ មានន័យថាជាកូនចៅ ។ សូមថ្លែងទីបន្ទាល់ទៅកាន់កុមារម្នាក់ៗ ម្តងម្នាក់ៗថា គាត់ ឬនាងគឺជាបុត្ររបស់ព្រះ ។ សូមអញ្ជើញពួកគេឲ្យចែកចាយពីរបៀបដែលពួកគេគិតអំពីព្រះវរបិតាសួគ៌របស់ពួកគេ ។
-
សូមបង្ហាញរូបភាពកុមារជាមួយគ្រួសាររបស់ពួកគេ ( ប្រសិនបើអាច សូមបញ្ចូលរូបភាពកុមារនៅក្នុងថ្នាក់របស់បងប្អូន ) ។ សូមឲ្យកុមារចង្អូលបង្ហាញរូបភាពឪពុកម្តាយនៅក្នុងរូបភាពនេះ ។ សូមពន្យល់ថា យើងជាកូនរបស់ឪពុក និងម្តាយរបស់យើង ហើយយើងទាំងអស់គ្នាក៏ជាបុត្រខាងវិញ្ញាណរបស់ព្រះមាតាបិតាសួគ៌ផងដែរ ។
-
សូមច្រៀងចម្រៀងមួយបទអំពីព្រះវរបិតាសួគ៌ដូចជាបទ « ខ្ញុំដឹងព្រះបិតារស់ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨ ) ។ ដោយមានជំនួយពីកុមារ សូមសរសេរពាក្យ ឬគូររូបនៅលើក្ដារខៀន ដែលតំណាងឲ្យសេចក្ដីទាំងឡាយដែលយើងរៀនអំពីព្រះវរបិតាសួគ៌ ចេញពីបទចម្រៀងមួយបទនោះ ។
-
សូមអានពាក្យទាំងនេះឲ្យកុមារស្ដាប់ ចេញពី កិច្ចការ ១៧:២៧ ៖ « ទ្រង់មិនគង់ឆ្ងាយពីយើងនីមួយៗ » ទេ ។ សូមប្រាប់អំពីគ្រាដែលបងប្អូនបានមានអារម្មណ៍ថានៅក្បែរព្រះបិតាសួគ៌ រួចអញ្ជើញកុមារឲ្យធ្វើដូចគ្នានោះដែរ ។
មនុស្សគ្រប់រូបគឺជាបុត្ររបស់ព្រះ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
កិច្ចការ ១៦:១៤–១៥, ២៥–៣៤; ១៨:៧–៨, ២៤–២៨
ខ្ញុំអាចធ្វើជាអ្នកផ្សព្វផ្សាយសាសនាម្នាក់នៅពេលនេះបាន ។
តើបងប្អូនអាចជួយកុមារឲ្យធ្វើដូចជាប៉ុល ហើយចែកចាយជាមួយមនុស្សដទៃនូវសេចក្ដីដែលពួកគេកំពុងរៀនអំពីដំណឹងល្អបានយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចធ្វើបាន
-
សូមអញ្ជើញកុមារឲ្យអាន កិច្ចការ ១៦:១៤–១៥, ២៥–៣៤; ១៨:៧–៨, ២៤–២៨ រួចធ្វើបញ្ជីឈ្មោះមនុស្សដែលប៉ុល និង អ័ប៉ុឡូស បានចែកចាយដំណឹងល្អជាមួយ ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យធ្វើបញ្ជីឈ្មោះមនុស្ស ដែលពួកគេអាចចែកចាយដំណឹងល្អជាមួយ ។ សូមអនុញ្ញាតឲ្យកុមារដើរតួសម្ដែងពីរបៀបដែលពួកគេអាចប្រាប់មនុស្សទាំងនេះ អំពីព្រះយេស៊ូវគ្រីស្ទ ឬអញ្ជើញពួកគេទៅព្រះវិហារ ។ បងប្អូនក៏អាចអញ្ជើញកុមារឲ្យសរសេរសំបុត្រខ្លី ដោយថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនៃដំណឹងល្អទៅកាន់មនុស្សទាំងនេះដែរ ។
-
សូមអញ្ជើញអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងដែលកំពុងបម្រើ អ្នកត្រឡប់ពីបេសកកម្ម ឬអ្នកផ្សព្វផ្សាយសាសនាប្រចាំវួដឲ្យមកថ្នាក់រៀន រួចប្រាប់អំពីបទពិសោធន៍របស់ពួកគេជាមួយនឹងការចែកចាយដំណឹងល្អ ។ សូមលើកទឹកចិត្តកុមារឲ្យសួរសំណួរ អំពីរបៀបដែលពួកគេអាចចែកចាយដំណឹងល្អជាមួយមនុស្សដទៃបាន ។
ព្រះគម្ពីរថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
ពួកព្យាការីទាំងអស់ថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ តើបងប្អូនអាចបង្រៀនកុមារឲ្យស្វែងរកទ្រង់នៅក្នុងព្រះគម្ពីរ ទោះជាទ្រង់ពុំត្រូវបានគេហៅដោយព្រះនាមបានតាមរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមជួយកុមារឲ្យអាន កិច្ចការ ១៧:២–៤, ១០–១២; ១៨:២៨ ហើយសូមអញ្ជើញពួកគេឲ្យរកមើលអ្វីដែលវគ្គបទគម្ពីរទាំងនេះមានដូចគ្នាជាទូទៅ ។ យោងតាមខគម្ពីរទាំងនេះ តើអ្វីដែលបានជួយប្រជាជនឲ្យជឿលើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ? សូមអញ្ជើញកុមារឲ្យចែកចាយដំណើររឿងដែលពួកគេចូលចិត្តអំពីព្រះយេស៊ូវ ដែលពួកគេបានរៀនចេញពីបទគម្ពីរនេះ ។
-
នៅលើសន្លឹកក្រដាស សូមសរសេរសេចក្តីយោងបទគម្ពីរអំពីព្រះអង្គសង្រ្គោះ ( បងប្អូនអាចស្វែងរកសេចក្តីយោងខ្លះៗនៅក្នុង សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះយេស៊ូវគ្រីស្ទ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ សូមលាក់ក្រដាសនៅក្នុងថ្នាក់រៀន ហើយអញ្ជើញកុមារឲ្យរកក្រដាសនោះ ។ សូមជួយកុមារឲ្យមើលសេចក្តីយោងទាំងនេះដែលពួកគេរកឃើញ ហើយសូមស្នើសុំឲ្យពួកគេចែកចាយជាមួយគ្នាទៅវិញទៅមកនូវអ្វីដែលបទគម្ពីរនីមួយៗបង្រៀនអំពីព្រះយេស៊ូវ ។
ខ្ញុំជាកូនរបស់ព្រះ ។
តើបងប្អូនអាចជួយកុមារឲ្យចងចាំថា ពួកគេគឺជាបុត្រាបុត្រីរបស់ព្រះបានតាមរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមបង្ហាញថ្មមួយដុំដល់កុមារ រួចពន្យល់ថា នៅជំនាន់របស់ប៉ុល មនុស្សថ្វាយបង្គំព្រះផ្សេងៗ ដែលពួកគេបានឆ្លាក់ពីថ្ម និងពីរបស់ដទៃទៀត ។ សូមឲ្យកុមារអាន កិច្ចការ ១៧:២៧–២៩ ។ តើយើងរៀនអ្វីខ្លះអំពីព្រះ នៅក្នុងខគម្ពីរទាំងនេះ ? សូមពន្យល់ថា ពូជ មានន័យថា កូន ។ សូមសួរកុមារថា តើពួកគេមានអារម្មណ៍ដូចម្ដេច នៅពេលដែលដឹងថា ពួកគេគឺជាបុត្រាបុត្រីរបស់ព្រះ ។
-
សូមឲ្យកុមារអាន កិច្ចការ ១៧:២៧ ។ សូមអញ្ជើញកុមារឲ្យសរសេរ ឬគូររូបភាពនៃរបៀបដែលពួកគេ « នឹងរកទ្រង់ឃើញ » ឬចូលមកជិតព្រះ ។ តើនៅពេលណាដែលពួកគេមានអារម្មណ៍ថា ទ្រង់ « មិនគង់ឆ្ងាយពី [ ពួកគេ ] » ទេ ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមលើកទឹកចិត្តកុមារឲ្យស្វែងរកបទគម្ពីរមួយនៅសប្ដាហ៍នេះ ដែលបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ( ពួកគេអាចធ្វើដូចនេះបាន ពេលសិក្សាព្រះគម្ពីរដោយផ្ទាល់ខ្លួន ឬជាគ្រួសារ ) ។ នៅសប្ដាហ៍ក្រោយ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។
ការកែលម្អការបង្រៀនរបស់យើង
ជួយកុមារឲ្យក្លាយជាអ្នករៀនកាន់តែពូកែ ។ គោលបំណងរបស់បងប្អូននៅក្នុងការបង្រៀនកុមារ គឺពុំគ្រាន់តែផ្ទេរសេចក្ដីពិតទៅឲ្យពួកគេនោះទេ ។ បងប្អូនក៏អាចជួយពួកគេឲ្យរីកចម្រើនក្លាយជាអ្នកស្វែងរកសេចក្តីពិត ដែលមានភាពខ្លួនទីពឹងខ្លួនផងដែរ ។ ឧទាហរណ៍ ជំនួសឲ្យការគ្រាន់តែតំណាលរឿងអំពីប៉ុលប្រកាសដំណឹងល្អនៅឯទីអើរីយ៉ូស នោះបងប្អូនអាចគ្រោងធ្វើសកម្មភាព ដូចសកម្មភាពដែលបានណែនាំនៅក្នុងគម្រោងមេរៀននេះ ដែលជួយពួកគេឲ្យស្វែងរកសេចក្ដីពិតដែលមាននៅក្នុងរឿងនោះ ដោយខ្លួនពួកគេ ។