« ថ្ងៃទី ៣១ ខែ កក្កដា–ថ្ងៃទី ៦ ខែ សីហា ។ កិច្ចការ ២២–២៨ ៖ ‹ ជាអ្នកបម្រើ ហើយជាទីបន្ទាល់ › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ៣១ ខែ កក្កដា–ថ្ងៃទី ៦ ខែ សីហា ។ កិច្ចការ ២២–២៨ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ថ្ងៃទី ៣១ ខែ កក្កដា–ថ្ងៃទី ៦ ខែ សីហា
កិច្ចការ ២២–២៨
« អ្នកបម្រើ ហើយជាទីបន្ទាល់ »
នៅពេលបងប្អូនអានដំណើររឿងអំពីការងារបម្រើរបស់សាវកប៉ុលនៅក្នុង កិច្ចការ ២២–២៨ នោះសូមស្វែងរកគោលការណ៍នានា ដែលនឹងមានប្រយោជន៍ចំពោះកុមារដែលបងប្អូនបង្រៀន ។
អញ្ជើញឲ្យចែកចាយ
សូមតាំងរូបភាព ដែលអាចរំឭកកុមារពីដំណើររឿងចេញពី កិច្ចការ ២២–២៨ ដូចជា បន្ទប់ឃុំឃាំង ទូក និងសត្វពស់ជាដើម ។ សូមអញ្ជើញកុមារឲ្យចែកចាយដំណើររឿងទាំងឡាយដែលពួកគេដឹងអំពីប៉ុល ដែលទាក់ទងទៅនឹងរូបភាពទាំងនេះ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវមានព្រះទ័យខ្វល់ខ្វាយអំពីខ្ញុំ ថែមទាំងនឹងជួយខ្ញុំពេលខ្ញុំមានទុក្ខលំបាកទៀតផង ។
ការរៀនសូត្រអំពីរបៀបដែលព្រះអង្គសង្រ្គោះបានជួយប៉ុល អាចស្ថាបនាសេចក្តីជំនឿរបស់កុមារថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវខ្វល់ខ្វាយអំពីពួកគេ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមចែកចាយដំណើររឿងនៅក្នុង កិច្ចការ ២៣:១០–១១ អំពីព្រះអង្គសង្គ្រោះដែលយាងមកជួបប៉ុលនៅក្នុងគុក ។ ឬបង្ហាញវីដេអូ « Be of Good Cheer » ( នៅលើគេហទំព័រChurchofJesusChrist.org ) ដែលបង្ហាញពីដំណើររឿងនោះ ។ សូមចែកចាយអំពីគ្រាមួយដែលបងប្អូនបានជួបទុក្ខលំបាក ហើយបានទទួលការដឹកនាំ និងការលួងលោមចិត្តពីព្រះ ។ សូមឲ្យកុមារចែកចាយអំពីគ្រា ដែលពួកគេបានមានអារម្មណ៍ថា ព្រះបានលួងលោមចិត្តរបស់ពួកគេ ។
-
សូមជួយកុមារឲ្យទន្ទេញសេចក្ដីដែលព្រះយេស៊ូវបានមានព្រះបន្ទូលទៅកាន់ប៉ុលដូចនេះ ៖ « ចូរសង្ឃឹមឡើង » ។ សូមឲ្យកុមារគិតអំពីបុគ្គលម្នាក់ ដែលពួកគេអាចអញ្ជើញឲ្យមានសង្ឃឹមឡើង—អាចជាម្នាក់ដែលក្រៀមក្រំ ឬមានទុក្ខព្រួយ ។
-
សូមច្រៀងចម្រៀងមួយបទជាមួយកុមារអំពីការមានភាពសប្បាយរីករាយ ដូចជាបទ « ញញឹម » ( សៀវភៅចម្រៀងកុមារ ទំព័រ ១២៨ ) ។
ខ្ញុំអាចចែកចាយទីបន្ទាល់របស់ខ្ញុំជាមួយមនុស្សដទៃ ។
ការរំឭកអំពីទីបន្ទាល់របស់ប៉ុលនៅចំពោះស្ដេចអ័គ្រីប៉ា អាចជួយកុមារឲ្យរៀនអំពីរបៀបចែកចាយអ្វីដែលពួកគេដឹងថាជាការពិត ។
សកម្មភាពដែលអាចធ្វើបាន
-
សូមយកមកុដដែលធ្វើពីក្រដាសមកថ្នាក់រៀន ហើយសូមឲ្យកុមារពាក់មកុដនោះ ហើយសម្តែងថាពួកគេគឺជាស្តេចអ័គ្រីប៉ា ។ សូមអញ្ជើញកុមារផ្សេងទៀតឲ្យក្រោកឈរនៅចំពោះមុខស្តេច ដើម្បីធ្វើជាតំណាងឲ្យប៉ុល កាលដែលបងប្អូនធ្វើការសង្ខេបទីបន្ទាល់របស់ប៉ុល និងប្រតិកម្មរបស់ស្តេចអ័គ្រីប៉ា ដែលមាននៅក្នុង កិច្ចការ ២៦:១–២៩ ( សូមមើល « ជំពូក ៦៣ ៖ ប៉ុលបញ្ចប់បេសកកម្មរបស់លោក » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៦២–៦៦ ឬវីដេអូដូចគ្នានេះនៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមពន្យល់ថា យើងអាចចែកចាយទីបន្ទាល់របស់យើងជាមួយអ្នកដទៃដូចជាប៉ុលបានធ្វើដែរ ។
-
សូមឲ្យកុមារស្តាប់ខណៈដែលបងប្អូនកំពុងច្រៀង ឬអានអំពីទីបន្ទាល់ ដូចជាបទ « ខ្ញុំដឹងព្រះបិតារស់ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨ ) ។ សូមអញ្ជើញកុមារឲ្យលើកដៃរបស់ពួកគេ នៅពេលពួកគឮអំពីអ្វីមួយដែលពួកគេដឹងថាពិត ។ បងប្អូនអានចង់ច្រៀងចម្រៀងនេះជាច្រើនដង ដោយអញ្ជើញកុមារឲ្យចូលរួមច្រៀងជាមួយបងប្អូន នៅពេលដែលពួកគេស្គាល់ពាក្យពេចន៍នៅក្នុងបទចម្រៀងនេះ ។ សូមជួយពួកគេឲ្យរៀនអនុវត្តចែកចាយទីបន្ទាល់របស់ពួកគេ អំពីអ្វីដែលពួកគេដឹងថាពិត ។
-
សូមប្រើទំព័រសកម្មភាពនាសប្ដាហ៍នេះ ដើម្បីជួយកុមារឲ្យគិតអំពីអ្វីមួយដែលពួកគេអាចនិយាយ នៅពេលពួកគេចែកចាយទីបន្ទាល់របស់ពួកគេ ( សូមមើលមាត្រានៃសេចក្តីជំនឿដើម្បីទទួលបានគំនិតបន្ថែម ) ។ សូមអញ្ជើញពួកគេឲ្យចែកចាយទីបន្ទាល់របស់ពួកគេជាមួយនរណាម្នាក់នៅក្នុងគ្រួសារបស់ពួកគេ ។
ព្យាការីព្រមានខ្ញុំអំពីគ្រោះថ្នាក់ ។
សូមពិចារណាពីរបៀបដែលដំណើររឿងលិចសំពៅរបស់ប៉ុល អាចបង្រៀនកុមារថា ព្យាការីទាំងឡាយមើលឃើញគ្រោះថ្នាក់ខាងរូបកាយ និងខាងវិញ្ញាណដែលយើងមើលមិនឃើញ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអញ្ជើញកុមារឲ្យសម្តែងថា ពួកគេកំពុងនៅលើសំពៅមួយដែលមានខ្យល់ព្យុះកំពុងបោកបក់ ។ សូមអានការព្រមានរបស់ប៉ុលទៅកាន់ប្រជាជនដែលមាននៅក្នុង កិច្ចការ ២៧:៩–១០ និងចែកចាយដំណើររឿងនៃការលិចសំពៅដែលបានកើតឡើង ដោយសារតែពួកគេពុំបានស្តាប់តាមការព្រមាននេះ ( សូមមើល កិច្ចការ ២៧:១១, ៣៩–៤៤ ) ។ សូមបង្ហាញរូបភាពរបស់ប្រធាននៃសាសនាចក្រ ហើយថ្លែងទីបន្ទាល់របស់បងប្អូនថា លោកអាចព្រមានយើងពីគ្រោះថ្នាក់ខាងវិញ្ញាណ ។
-
សូមបិទរូបភាព ឬវត្ថុនៅជុំវិញថ្នាក់ដែលតំណាងឲ្យអ្វីដែលព្យាការីទាំងឡាយបានបង្រៀនយើងឲ្យកាន់តែប្រែក្លាយដូចព្រះយេស៊ូវ ដូចជាការស្រឡាញ់អ្នកដទៃ ឬការទទួលបុណ្យជ្រមុជទឹក ។ សូមដើរជុំវិញថ្នាក់ទាំងអស់គ្នា ដោយឈប់នៅមុខរូបភាព ឬវត្ថុនីមួយៗដើម្បីនិយាយអំពីរបៀបដែលការធ្វើតាមការបង្រៀនរបស់ព្យាការីជួយធ្វើឲ្យយើងមានសុវត្ថិភាព ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
កិច្ចការ ២៣:១០–១១; ២៧:១៨–២៥; ២៨:១–៦
នៅពេលខ្ញុំជួបនឹងទុក្ខវេទនា ព្រះពុំបោះបង់ខ្ញុំចោលឡើយ ។
ព្រះអម្ចាស់បានគង់ជាមួយប៉ុល ពេញមួយការសាកល្បងរបស់លោក ។ តើបងប្អូនអាចជួយកុមារឲ្យប្រដូចបទពិសោធន៍របស់ប៉ុល ទៅនឹងជីវិតផ្ទាល់ខ្លួនរបស់ពួកគេបានតាមរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមប្រើ កិច្ចការ ២៣:១០ ដោយពន្យល់ថា ប៉ុលបានជាប់គុកដោយសារតែលោកបានបង្រៀនប្រជាជនអំពីព្រះយេស៊ូវ ។ បន្ទាប់មក សូមអាន កិច្ចការ ២៣:១១ ជាមួយកុមារ ។ ឬបង្ហាញវីដេអូ « Be of Good Cheer » ( នៅលើគេហទំព័រChurchofJesusChrist.org ) ដែលបង្ហាញពីដំណើររឿងនោះ ។ ហេតុអ្វីបានជាប៉ុលមាន « សង្ឃឹមឡើង » សូម្បីតែលោកជាប់នៅក្នុងគុកក្តី ?
-
សូមសរសេរនៅលើក្តារខៀន កិច្ចការ ២៣:១០–១១; កិច្ចការ ២៧:១៨–២៥ និង កិច្ចការ ២៨:១–៦ ។ សូមបង្ហាញរូបភាពគុក សំពៅ និងសត្វពស់ រួចអញ្ជើញកុមារឲ្យមើលខគម្ពីរទាំងនេះ រួចផ្គូផ្គងខគម្ពីរទៅនឹងរូបភាព ។ នៅក្នុងដំណើររឿងនីមួយៗទាំងនេះ តើព្រះអម្ចាស់បានបង្ហាញប៉ុលថា ទ្រង់គង់នៅជាមួយលោកតាមរបៀបណា ? សូមចែកចាយបទពិសោធន៍មួយ នៅពេលដែលព្រះអម្ចាស់គង់ជាមួយបងប្អូនក្នុងអំឡុងពេលដ៏លំបាក និងរបៀបដែលបទពិសោធន៍នោះបានពង្រឹងទីបន្ទាល់របស់បងប្អូនអំពីទ្រង់ ។ សូមលើកទឹកចិត្តកុមារឲ្យចែកចាយបទពិសោធន៍ផងដែរ ។
ខ្ញុំអាចចែកចាយទីបន្ទាល់របស់ខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទដោយក្លាហានបាន ។
ភាពក្លាហានរបស់ប៉ុលក្នុងការចែកចាយទីបន្ទាល់របស់លោក អាចជួយកុមារឲ្យមានភាពក្លាហានក្នុងការចែកចាយទីបន្ទាល់របស់ពួកគេ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមជ្រើសរើសខគម្ពីរចេញ កិច្ចការ ២៦ ដើម្បីអានជាមួយកុមារដើម្បីជួយពួកគេឲ្យយល់ពីអ្វីដែលប៉ុលបានទូលទៅស្តេចអ័គ្រីប៉ាអំពីបទពិសោធន៍របស់លោក ( ដូចជា ខទី ៩–១៦ ) និងអ្វីដែលលោកបានបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ( ដូចជា ខទី ១៨, ២៣ ) ។ បងប្អូនក៏អាចបង្ហាញវគ្គខ្លះនៃវីដេអូ « Paul: A Chosen Vessel » ផងដែរ ( នៅលើគេហទំព័រChurchofJesusChrist.org ) ។ ហេតុអ្វីបានជាការធ្វើដូចនេះអាចជារឿងគួរឲ្យភ័យខ្លាចចំពោះប៉ុល ក្នុងការចែកចាយសេចក្ដីទាំងនេះនៅចំពោះព្រះភ័ក្រ្តស្ដេច ? សូមអញ្ជើញកុមារឲ្យសរសេរគោលការណ៍មួយចំនួននៃដំណឹងល្អ ដែលពួកគេដឹងថាជាការពិត ។ សូមឲ្យពួកគេខ្លះគិតអំពីនរណាម្នាក់ដែលពួកគេស្គាល់ ជាអ្នកដែលត្រូវការស្ដាប់ឮទីបន្ទាល់របស់ពួកគេអំពីសេចក្ដីពិតទាំងនេះ ។
-
សូមអញ្ជើញកុមារឲ្យប្រើទំព័រសកម្មភាពនាសប្ដាហ៍នេះ ដើម្បីសរសេរអ្វីដែលពួកគេអាចថ្លែង នៅពេលពួកគេចែកចាយទីបន្ទាល់របស់ពួកគេ ។
ព្យាការីព្រមានខ្ញុំអំពីគ្រោះថ្នាក់ ។
កុមារអាចស្តាប់សារលិខិតរបស់ព្យាការីទាំងឡាយដែលនៅរស់ ហើយស្គាល់ពីការព្រមានរបស់ពួកលោក ។ តើបងប្អូនអាចជួយកុមារឲ្យរៀន អំពីរបៀបស្ដាប់តាមការព្រមានទាំងនោះតាមរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមកាត់រូបក្រដាសដែលមានរាងជាសំពៅ ឲ្យទៅជាបំណែកៗដែលអាចផ្គុំបាន ។ សូមអញ្ជើញកុមារឲ្យសរសេរការព្រមានរបស់ប៉ុលនៅក្នុង កិច្ចការ ២៧:៩–១១ នៅលើបំណែកទាំងនោះ រួចផ្គុំបំណែកទាំងនោះឡើងវិញ ។ ហេតុអ្វីបានជាប្រជាជនមិនស្តាប់តាមប៉ុល ? ( សូមមើល ខទី ១១ ) ។ សូមអញ្ជើញកុមារឲ្យអាន ខទី ១៨–២០ និង ៤០–៤៤ ដើម្បីស្វែងរកអ្វីដែលបានកើតឡើងជាលទ្ធផល ។ ( សូមពន្យល់ថា ដោយសារតែប្រជាជនបានធ្វើតាមសម្ដីរបស់ប៉ុលក្រោយៗមកទៀត ដោយបន្តស្ថិតនៅលើសំពៅ នោះគ្មាននរណាម្នាក់បានស្លាប់នៅក្នុងការលិចសំពៅនោះទេ ខទី ៣០–៣២ ) ។ តើយើងអាចរៀនអ្វីខ្លះ ចេញពីបទពិសោធន៍នេះ អំពីការធ្វើតាមព្យាការី ?
-
សូមនាំយកសារលិខិតសន្និសីទទូទៅថ្មីៗដោយប្រធានសាសនាចក្រ ហើយចែកចាយជាមួយកុមារអំពីការព្រមាន ឬដំបូន្មានដែលលោកបានផ្ដល់ ។ សូមអញ្ជើញកុមារឲ្យគិតអំពីរបៀបនានា ដែលពួកគេអាចធ្វើតាមព្យាការីបាន ។
-
សូមបង្ហាញវីដេអូ « Blessed and Happy Are Those Who Keep the Commandments of God » ( នៅលើគេហទំព័រChurchofJesusChrist.org ) ។ តើព្យាការីទាំងឡាយដូចជាបុរសដែលមានកែវពង្រីកយ៉ាងដូចម្តេច ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមឲ្យកុមារប្រើអ្វីដែលពួកគេបានរៀនអំពីប៉ុល ដើម្បីលើកទឹកចិត្តក្រុមគ្រួសាររបស់ពួកគេឲ្យសិក្សាសារលិខិតថ្មីៗបំផុតរបស់ព្យាការី ហើយពិភាក្សាអំពីរបៀបដែលពួកគេអាចធ្វើតាមដំបូន្មានរបស់លោកបាន ។