« ថ្ងៃទី ១៧–២៣ ខែ កក្កដា ។ កិច្ចការ ១០–១៥ ៖ ‹ ព្រះបន្ទូលក៏ដុះដាលចម្រើន កាន់តែច្រើនឡើង › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១៧–២៣ ខែ កក្កដា ។ កិច្ចការ ១០–១៥ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ថ្ងៃទី ១៧–២៣ ខែ កក្កដា
កិច្ចការ ១០–១៥
« ព្រះបន្ទូលក៏ដុះដាលចម្រើនកាន់តែច្រើនឡើង »
សូមសិក្សា កិច្ចការ ១០–១៥ ប្រកបដោយការអធិស្ឋាន ដោយគិតអំពីកុមារនៅក្នុងថ្នាក់របស់បងប្អូន ។ តើបងប្អូនអាចរកឃើញអ្វីខ្លះនៅក្នុងជំពូកទាំងនេះ ដែលបងប្អូនមានអារម្មណ៍បំផុសគំនិតដើម្បីបង្រៀនទៅកុមារ ?
អញ្ជើញឲ្យចែកចាយ
ដើម្បីជួយកុមារឲ្យចែកចាយអ្វីដែលពួកគេកំពុងរៀន និងមានបទពិសោធន៍ បងប្អូនអាចសូមឲ្យពួកគេចែកចាយកិច្ចការដែលពួកគេកំពុងធ្វើដើម្បីបង្ហាញថា ពួកគេជឿលើព្រះយេស៊ូវគ្រីស្ទ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះវរបិតាសួគ៌ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ។
មូលដ្ឋាននៃសេចក្តីពិតមួយដែលសូម្បីតែកុមារតូចៗក៏អាចយល់បាន គឺថា មនុស្សគ្រប់គ្នាគឺជាបុត្ររបស់ព្រះ ហើយថាទ្រង់ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមបង្ហាញរូបភាព ព្រះគ្រីស្ទ និងកុមារនៅជុំវិញពិភពលោក ( សៀវភៅរូបភាពដំណឹងល្អ ល.រ. ១១៦ ) កាលដែលបងប្អូនអាន កិច្ចការ ១០:៣៤–៣៥ ។ សូមពន្យល់ថា នៅសម័យរបស់ពេត្រុស មនុស្សមួយចំនួនបានជឿថា ពរជ័យនៃដំណឹងល្អមិនមែនសម្រាប់មនុស្សគ្រប់គ្នានោះទេ ។ ប៉ុន្តែ ពេត្រុសបានរៀនថា ព្រះស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ហើយទ្រង់មានព្រះទ័យចង់ឲ្យពួកគេរៀនពីដំណឹងល្អ ។
-
សូមអញ្ជើញកុមារឲ្យគូររូបខ្លួនរបស់ពួកគេ ។ កាលដែលពួកគេចែកចាយរូបភាពរបស់ពួកគេ សូមនិយាយអំពីអ្វីមួយដែលបងប្អូនស្រឡាញ់អំពីកុមារម្នាក់ៗ ។ សូមចែកចាយទីបន្ទាល់របស់បងប្អូនថា ព្រះវរបិតាសួគ៌ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ មិនថាពួកគេមានរូបរាងយ៉ាងណា ឬពួកគេមកពីណានោះទេ ។
-
សូមច្រៀងជាមួយកុមារនូវបទចម្រៀងមួយបទអំពីការស្រឡាញ់មនុស្សដទៃ ដូចជាបទ « ខ្ញុំដឹងដើរជាមួយអ្នក » ( សៀវភៅចម្រៀងកុមារ ទំព័រ ៧៨–៧៩ ) ។ សូមអញ្ជើញកុមារឲ្យចែកចាយរបៀបនានា ដែលពួកគេអាចបង្ហាញសេចក្តីស្រឡាញ់ចំពោះមនុស្សគ្រប់គ្នា ដូចជាព្រះយេស៊ូវបានធ្វើដែរ ។
-
សូមចង្អុលទៅកុមារម្ដងម្នាក់ៗ រួចនិយាយថា « ព្រះវរបិតាសួគ៌ទ្រង់ស្រឡាញ់ [ ឈ្មោះ ] » ។ សូមអនុញ្ញាតឲ្យកុមារដាក់វេនចង្អុលទៅគ្នាទៅវិញទៅមក ដោយនិយាយឃ្លានេះ ។
ខ្ញុំគឺជាគ្រិស្ដសាសនិកម្នាក់ ពីព្រោះខ្ញុំជឿ ហើយធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
តើបងប្អូននឹងជួយកុមារឲ្យរៀនអំពីអត្ថន័យនៃការធ្វើជាគ្រិស្ដសាសនិកដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន កិច្ចការ ១១:២៦ ឲ្យកុមារស្តាប់ ហើយអញ្ជើញពួកគេឲ្យក្រោកឈរឡើង នៅពេលពួកគេបានឮបងប្អូននិយាយពាក្យ គ្រិស្តសាសនិក ។ សូមសួរពួកគេថា តើពួកគេគិតថាការធ្វើជាគ្រិស្ដសាសនិកមានអត្ថន័យយ៉ាងណា ។ សូមពន្យល់ថា នរណាម្នាក់ដែលជឿ និងធ្វើតាមព្រះយេស៊ូវគ្រីស្ទគឺហៅថាគ្រិស្ដសាសនិក ដូច្នេះហើយពួកយើងគឺជាគ្រិស្តសាសនិក ។
-
សូមច្រៀងជាមួយកុមារនូវបទចម្រៀងអំពីការធ្វើតាមព្រះយេស៊ូវគ្រីស្ទ ដូចជាបទ « សាសនាចក្រព្រះយេស៊ូវគ្រីស្ទ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤៨ ) ។ តើយើងអាចបង្ហាញថា យើងគឺជាពួកអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ និងជាសមាជិកនៃសាសនាចក្ររបស់ទ្រង់យ៉ាងដូចម្តេច ? សូមជួយកុមារឲ្យគិតពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទនៅឯផ្ទះ សាលារៀន និងនៅកន្លែងផ្សេងៗទៀត ។
ព្រះវរបិតាសួគ៌ទ្រង់ព្រះសណ្ដាប់ ហើយឆ្លើយតបការអធិស្ឋាន ។
ដំណើររឿងដែលទេវតាបានរំដោះពេត្រុសចេញពីគុក បង្រៀនយ៉ាងមានអានុភាពថា ព្រះវរបិតាសួគ៌ទ្រង់ឆ្លើយតបការអធិស្ឋាន ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអញ្ជើញកុមារឲ្យដើរតួសម្ដែងតាមដំណើររឿងរបស់ពេត្រុស ដែលត្រូវបានរំដោះចេញពីគុក នៅក្នុង កិច្ចការ ១២:១–១៧ នៅពេលបងប្អូនសង្ខេបដំណើររឿងនេះ ។ តើព្រះវរបិតាសួគ៌ឆ្លើយតបការអធិស្ឋាននៃអ្នកទាំងឡាយ ដែលបានអធិស្ឋានសម្រាប់ពេត្រុសយ៉ាងដូចម្ដេច ?
-
សូមច្រៀងចម្រៀងមួយបទអំពីការអធិស្ឋាន—ឧទាហរណ៍ « យើងបន្ទន់កេសា » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៨ B )—និងយោបល់ពីកាយវិការដែលត្រូវជាមួយនឹងពាក្យដែលអាចជួយកុមារឲ្យរៀនពីរបៀបអធិស្ឋាន ។ សូមអញ្ជើញកុមារឲ្យចែកចាយគំរូនៃរឿងដែលពួកគេអាចអរព្រះគុណដល់ព្រះវរបិតាសួគ៌ និងទូលសូមទ្រង់នៅក្នុងការអធិស្ឋានបាន ។
-
សូមបង្ហាញរូបភាពរបស់មនុស្សកំពុងអធិស្ឋាន ( សូមមើលឧទាហរណ៍ សៀវភៅរូបភាពដំណឹងល្អ ល.រ. ១១១–១២ ) កាលដែលបងប្អូនចែកចាយបទពិសោធន៍មួយ នៅពេលដែលព្រះវរបិតាសួគ៌បានឆ្លើយតបការអធិស្ឋានរបស់បងប្អូន ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
« ព្រះមិនរើសមុខអ្នកណាទេ » ។
កុមារដែលបងប្អូនបង្រៀនចាំបាច់ត្រូវយល់ថា ព្រះវរបិតាសួគ៌ទ្រង់ស្រឡាញ់បុត្រាបុត្រីទ្រង់ទាំងអស់ ទោះបីជាពួកគេមានរូបរាងដូចម្ដេច ពួកគេមកពីណា ឬជម្រើសណាមួយដែលពួកគេធ្វើក៏ដោយ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមសួរកុមារថា តើពួកគេអាចប្រាប់អំពីលក្ខណៈសម្បត្តិរបស់មនុស្សម្នាក់ ឬទាយថា តើពួកគេមកពីណាដោយគ្រាន់តែមើលឃើញពួកគេបានដែរឬទេ ។ យោងតាម កិច្ចការ ១០:៣៥ តើព្រះទ្រង់សម្រេចព្រះទ័យថា តើនរណាម្នាក់ « គាប់ដល់ព្រះហឫទ័យទ្រង់ » យ៉ាងដូចម្ដេច ?
-
សូមអាន កិច្ចការ ១០:៣៤–៣៥; ១៥:៦–១១ ជាមួយនឹងកុមារ ។ សូមពន្យល់ថា នៅជំនាន់របស់ពេត្រុស ពួកសាសន៍យូដាបានជឿថា ព្រះពុំទទួលយកប្រជាជនដែលមិនមែនជាសាសន៍យូដាទេ ( មនុស្សទាំងនេះត្រូវបានហៅថា សាសន៏ដទៃ ) ។ ប៉ុន្តែព្រះបានបង្រៀនពេត្រុសថា ព្រះទ្រង់ស្រឡាញ់បុត្រាបុត្រីទ្រង់ទាំងអស់គ្នា ទាំងពួកសាសន៍យូដា និងពួកសាសន៍ដទៃ ។ សូមច្រៀងរួមគ្នានូវបទ « ខ្ញុំជាកូនរបស់ព្រះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ២–៣ ) ។ សូមអញ្ជើញកុមារឲ្យជំនួសឈ្មោះគ្នាទៅវិញទៅមកសម្រាប់ពាក្យ ខ្ញុំ ។
-
សូមអញ្ជើញកុមារឲ្យចែកចាយចំណុចមួយដែលពិសេស អំពីនរណាម្នាក់នៅក្នុងថ្នាក់រៀន ។ សូមពន្យល់ថា សេចក្ដីថ្លែងការណ៍ថា « ព្រះមិនរើសមុខអ្នកណាទេ » មានន័យថា ព្រះវរបិតាសួគ៌ទ្រង់ស្រឡាញ់បុត្រាបុត្រីទ្រង់ទាំងអស់ ហើយដោយសារតែទ្រង់ស្រឡាញ់ពួកគេ ទើបទ្រង់សព្វព្រះទ័យឲ្យបុត្រាបុត្រីទ្រង់ទាំងអស់ស្ដាប់ឮដំណឹងល្អ ។
ពួកគ្រិស្ដសាសនិកគឺជាមនុស្សដែលជឿ ហើយដើរតាមព្រះយេស៊ូវគ្រីស្ទ ។
តើបងប្អូនអាចជួយកុមារឲ្យយល់ថា ពាក្យសម្ដី និងទង្វើរបស់ពួកគេបង្ហាញថា ពួកគេគឺជាពួកគ្រិស្ដសាសនិកតាមរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមអញ្ជើញកុមារឲ្យអាន កិច្ចការ ១១:២៦; នីហ្វៃទី៣ ២៧:៣–៨ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៤ ។ សូមសរសេរពាក្យ គ្រិស្តសាសនិក នៅលើក្ដារខៀន រួចគូសបន្ទាត់ពីក្រោមផ្នែកដែលសរសេរថា « ព្រះគ្រីស្ទ » ។ សូមឲ្យកុមារចែកចាយថា តើពួកគេគិតថា ពាក្យពួកគ្រិស្ដសាសនិកមានន័យដូចម្ដេច ។
-
សូមឲ្យកុមារចែកចាយឈ្មោះក្រុមផ្សេងៗដែលពួកគេជាសមាជិកមានដូចជាគ្រួសារ ឬប្រទេសរបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យចែកចាយមូលហេតុនានា ដែលពួកគេមានអំណរគុណដែលធ្វើជាពួកគ្រិស្ដសាសនិក ហើយជាសមាជិករបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ តើយើងអាចបង្ហាញមនុស្សដទៃថា យើងគឺជាពួកគ្រិស្ដសាសនិកតាមរបៀបណា ?
-
សូមដាក់តាំងវត្ថុបីបួន ឬរូបភាពដែលតំណាងឲ្យសេចក្តីពិតដ៏ពិសេសនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ដូចជារូបភាពការស្តារបព្វជិតភាពឡើងវិញ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៩៣–៩៤ ) ។ សូមឲ្យកុមារម្នាក់រើសយកវត្ថុ ឬរូបភាពមួយ ហើយពិពណ៌នាថា តើវាគឺជាពរជ័យនៅក្នុងសាសនាចក្ររបស់យើងតាមរបៀបណា ។ សូមពន្យល់ថា ខណៈដែលពួកគ្រិស្ដសាសនិកពាសពេញពិភពលោកជាសមាជិករបស់សាសនាចក្រផ្សេងៗគ្នា នោះយើងជាសមាជិករបស់សាសនាចក្រតែមួយ ដែលព្រះយេស៊ូវគ្រីស្ទបានស្ថាបនាឡើងនៅលើផែនដី ។
-
សូមបង្ហាញវីដេអូ « True Christianity » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមអញ្ជើញកុមារឲ្យសរសេរ និងគូររូបអ្វីដែលពួកគេអាចធ្វើបាន ដើម្បីធ្វើជាពួកគ្រិស្ដសាសនិកដ៏ពិត ។
នៅពេលខ្ញុំអធិស្ឋានដោយសេចក្ដីជំនឿ នោះព្រះវរបិតាសួគ៌ទ្រង់នឹងឆ្លើយតប ។
សូមគិតអំពីពេលដែលព្រះវរបិតាបានឆ្លើយតបការអធិស្ឋានរបស់បងប្អូន ។ តើបងប្អូនអាចប្រើបទពិសោធន៍ទាំងនេះដើម្បីបង្រៀនកុមារថា ព្រះវរបិតាសួគ៌នឹងព្រះសណ្ដាប់ ហើយឆ្លើយការអធិស្ឋានតាមរបៀប និងកាលវេលារបស់ទ្រង់បានតាមរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមអញ្ជើញកុមារឲ្យដើរតួសម្តែងតាមដំណើររឿងទេវតាដោះលែង ពេត្រុស ចេញពីគុកខណៈដែលកុមារម្នាក់ទៀតកំពុងអានដំណើររឿងនេះនៅក្នុង កិច្ចការ ១២:១–១៧ ។
-
សូមសួរថា តើកុមារគិតថា « គេខំប្រឹងអធិស្ឋានដល់ព្រះអស់ពីចិត្ត » មានន័យដូចម្ដេច ( កិច្ចការ ១២:៥ ) ។ តើការអធិស្ឋានរបស់ប្រជាជនទទួលបានចម្លើយតាមរបៀបណា ? សូមអញ្ជើញកុមារឲ្យចែកចាយបទពិសោធន៍ ដែលព្រះវរបិតាសួគ៌បានឆ្លើយតបការអធិស្ឋានផ្ទាល់ខ្លួន ឬការអធិស្ឋានជាគ្រួសារ ។ បងប្អូនក៏អាចចែកចាយបទពិសោធន៍ដែលទ្រង់បានឆ្លើយការអធិស្ឋានរបស់បងប្អូនផងដែរ ។ បងប្អូនអាចបញ្ចូលបទពិសោធន៍នានា ដែលបានទទួលចម្លើយតាមរបៀបដែលមិនបានរំពឹងទុកមួយ ។ សូមថ្លែងទីបន្ទាល់ថា ព្រះស្រឡាញ់យើង ហើយនឹងឆ្លើយតបការអធិស្ឋានរបស់យើងតាមរបៀប និងពេលវេលាដែលល្អប្រសើរបំផុតសម្រាប់យើង ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យធ្វើអ្វីមួយដែលរំឭកពួកគេអំពីអ្វីដែលពួកគេបានរៀននៅថ្ងៃនេះ ដូចជា ការរំឭកឲ្យអធិស្ឋាន ។