« ថ្ងៃទី ២៨ ខែ សីហា–ថ្ងៃទី ៣ ខែ កញ្ញា ។ កូរិនថូស ទី១ ៨–១៣ ៖ ‹ អ្នករាល់គ្នាជារូបកាយនៃព្រះគ្រីស្ទ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៨ ខែ សីហា–ថ្ងៃទី ៣ ខែ កញ្ញា ។ កូរិនថូស ទី១ ៨–១៣ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២៨ ខែ សីហា–ថ្ងៃទី ៣ ខែ កញ្ញា
កូរិនថូស ទី១ ៨–១៣
« អ្នករាល់គ្នាជារូបកាយនៃព្រះគ្រីស្ទ »
នៅពេលបងប្អូនអាន កូរិនថូស ទី១ ៨–១៣ប្រកបដោយការអធិស្ឋាន នោះព្រះវិញ្ញាណបរិសុទ្ធអាចថ្លែងមកកាន់បងប្អូនតាមរបៀបដ៏ល្អិតល្អន់ ( សូមមើល ពង្សាវតារក្សត្រ ទី១ ១៩:១១–១២ ) ។ ការកត់ត្រាចំណាប់អារម្មណ៍ទាំងនេះនឹងជួយបងប្អូនឲ្យនឹកចាំពីអារម្មណ៍ និងគំនិតទាំងឡាយដែលបងប្អូនបានមាន អំឡុងពេលការសិក្សារបស់បងប្អូន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
នៅក្នុងជំនាន់របស់ប៉ុល ទីក្រុងកូរិនថូសគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សប្បូរហូរហៀរមួយដែលមានមនុស្សរស់នៅពាសពេញទាំងអាណាចក្ររ៉ូម ។ ដោយសារមានវប្បធម៌ និងសាសនាជាច្រើនផ្សេងៗគ្នានៅក្នុងទីក្រុង នោះសមាជិកសាសនាចក្រនៅទីក្រុងកូរិនថូសបានមានបញ្ហាក្នុងការរក្សាសាមគ្គីភាព ដូច្នេះប៉ុលបានព្យាយាមជួយពួកគេឲ្យរកបានសាមគ្គីភាពនៅក្នុងជំនឿទៅលើព្រះគ្រីស្ទរបស់ពួកគេ ។ សាមគ្គីភាពនេះគឺលើសពីការគ្រាន់តែរស់នៅជាមួយគ្នាដោយសន្ដិភាព ហើយប៉ុលពុំគ្រាន់តែសុំឲ្យពួកគេអត់ធ្មត់ចំពោះភាពខុសគ្នារបស់គ្នាទៅវិញទៅមកនោះទេ ។ ប៉ុន្តែលោកបានបង្រៀនថា នៅពេលបងប្អូនចូលរួមក្នុងសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ បងប្អូនគឺ « បានជ្រមុជចូលក្នុងរូបកាយតែមួយ » ហើយគ្រប់អវយវៈនៃរូបកាយគឺចាំបាច់ ( កូរិនថូស ទី១ ១២:១៣ ) ។ នៅពេលសមាជិកម្នាក់វង្វេងបាត់គឺដូចជាបាត់អវយវៈមួយ ហើយជាលទ្ធផលរូបកាយនឹងចុះទន់ខ្សោយ ។ នៅពេលសមាជិកម្នាក់រងទុក្ខ យើងទាំងអស់គ្នាគួរដឹង ហើយធ្វើនូវចំណែករបស់យើងដើម្បីសម្រាលការឈឺចាប់នោះ ។ នៅក្នុងសាមគ្គីភាពប្រភេទនេះ ភាពខុសគ្នាគឺពុំគ្រាន់តែជាការទទួលដឹងប៉ុណ្ណោះទេ ប៉ុន្តែគួរឱបក្រសោបផងដែរ ពីព្រោះបើគ្មានអំណោយទាន និងសមត្ថភាពផ្សេងៗគ្នារបស់សមាជិកទាំងឡាយនោះទេ នោះរូបកាយនឹងមានកម្រិតជាពុំខាន ។ ដូច្នេះទោះជាបងប្អូនមានអារម្មណ៍ថា បងប្អូនមានភាពកក់ក្ដៅនៅក្នុងសាសនាចក្រ ឬបងប្អូនឃើញថាខ្លួនបងប្អូនមានការងឿងឆ្ងល់បើសិនជាបងប្អូនពិតជារបស់ផងក្នុងសាសនាចក្រក្ដី នោះសារលិខិតរបស់ប៉ុលថ្លែងទៅបងប្អូនគឺថា សាមគ្គីភាពពុំមែនជាភាពដូចគ្នានោះទេ ។ បងប្អូនត្រូវការបងប្អូនពួកបរិសុទ្ធ ហើយបងប្អូនពួកបរិសុទ្ធត្រូវការបងប្អូន ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះប្រទានរបៀបមួយដើម្បីឲ្យចៀសផុតពីការល្បួង ។
បទពិសោធន៍ខាងវិញ្ញាណ សូម្បីតែបទពិសោធន៍ប្រកបដោយអព្ភូតហេតុក្ដីក៏ពុំបានដកយើងចេញពីការល្បួងដែលមាន « ជាទូទៅចំពោះមនុស្ស » នោះដែរ ( កូរិនថូស ទី១ ១០:១៣ ) ។ នោះអាចជាមូលហេតុមួយដែលប៉ុលបានសរសេរអំពីរបៀបដែលពួកសាសន៍អ៊ីស្រាអែលនៅជំនាន់ម៉ូសេបានមាន បានពុះពារនឹងការល្បួង ទោះជាពួកគេបានមើលឃើញអព្ភូតហេតុដ៏មហិមាជាច្រើនផ្ទាល់ភ្នែកក្ដី ( សូមមើល និក្ខមនំ ១៣:២១; ១៤:១៣–៣១ ) ។ នៅពេលបងប្អូនអាន កូរិនថូស ទី១ ១០:១–១៣ តើមានការព្រមានអ្វីខ្លះនៅក្នុងបទពិសោធន៍របស់ពួកអ៊ីស្រាអែល ដែលហាក់ដូចជាអនុវត្តចំពោះបងប្អូនដែរ ? តើការ « ចៀស » ប្រភេទណាដែលព្រះវរបិតាសួគ៌ប្រធានដល់បងប្អូន ដើម្បីចៀសពីការល្បួង ? ( សូមមើលផងដែរ អាលម៉ា ១៣:២៧–៣០; នីហ្វៃទី៣ ១៨:១៨–១៩ ) ។
កូរិនថូស ទី១ ១០:១៦–១៧; ១១:១៦–៣០
ពិធីសាក្រាម៉ង់ធ្វើឲ្យយើងមានសាមគ្គីភាពក្នុងនាមជាសមាជិកសាសនាចក្ររបស់ព្រះគ្រីស្ទ ។
ទោះបីជាសាក្រាម៉ង់រួមមាននូវការតាំងចិត្តផ្ទាល់ខ្លួនរវាងបងប្អូន និងព្រះអម្ចាស់ក៏ដោយ ក៏វាជាបទពិសោធន៍ដែលបងប្អូនចែកចាយជាមួយនឹងមនុស្សដទៃទៀតផងដែរ ។ យើងស្ទើរតែទទួលទានសាក្រាម៉ង់ជាមួយគ្នាក្នុងនាមជាពួកបរិសុទ្ធមួយក្រុម ។ សូមអាននូវអ្វីដែលប៉ុលបានបង្រៀនអំពីសាក្រាម៉ង់ ហើយគិតអំពីរបៀបដែលពិធីបរិសុទ្ធដ៏ពិសិដ្ឋនេះអាចជួយ « មនុស្សជាច្រើន » ឲ្យក្លាយទៅជា « តែមួយ » នៅក្នុងព្រះគ្រីស្ទ ( កូរិនថូស ទី១ ១០:១៧ ) ។ តើការទទួលទានសាក្រាម៉ង់អាចជួយបងប្អូនឲ្យមានអារម្មណ៍កាន់តែខិតជិតព្រះគ្រីស្ទ និងអ្នកជឿផ្សេងទៀតដោយរបៀបណា ? តើជំពូកទាំងនេះជះឥទ្ធិពលយ៉ាងណាលើអារម្មណ៍របស់បងប្អូន អំពីសាក្រាម៉ង់ និងរបៀបដែលបងប្អូនរៀបចំសម្រាប់សាក្រាម៉ង់ ?
នៅក្នុងផែនការរបស់ព្រះ បុរស និងស្ត្រីត្រូវការគ្នាទៅវិញទៅមក ។
នៅក្នុង កូរិនថូស ទី១ ១១:៤–១៥ ប៉ុលបានសំដៅដល់ទំនៀមទម្លាប់វប្បធម៌ដែលយើងមិនធ្វើតាមនៅសព្វថ្ងៃនេះ ។ ទោះជាយ៉ាងណា ប៉ុលក៏បានបង្រៀនផងដែរពីសេចក្ដីពិតដ៏សំខាន់មួយ ដែលអនុវត្តដោយអស់កល្បជានិច្ច ដែលមាននៅក្នុង ខទី ១១ ។ តើបងប្អូនគិតថា ខគម្ពីរនេះមានន័យយ៉ាងណា ហើយហេតុអ្វីបានជាវាមានសារៈសំខាន់ ? អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀនថា « គោលបំណងនៃការមានបុរស និងស្ត្រី គឺដើម្បីឲ្យរៀនពីគ្នា ពង្រឹង ហើយបំពេញគ្នាទៅវិញទៅមក » ( « We Believe in Being Chaste » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤២ ) ។ តើសេចក្ដីពិតនេះគួរតែមានឥទ្ធិពលលើអាពាហ៍ពិពាហ៍មួយដោយរបៀបណា ? តើវាគួរតែជះឥទ្ធិពលលើរបៀបដែលយើងបម្រើនៅក្នុងសាសនាចក្រយ៉ាងដូចម្ដេច ?
សូមមើលផងដែរ ជីន ប៊ី ប៊ីងហាំ « United in Accomplishing God’s Work » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៦០–៦៣ ។
អំណោយទានខាងវិញ្ញាណត្រូវបានប្រទានឲ្យដើម្បីជាប្រយោជន៍ដល់កូនចៅទាំងអស់របស់ព្រះវរបិតាសួគ៌ ។
បញ្ជីនៃអំណោយទានខាងវិញ្ញាណនៅក្នុង កូរិនថូស ទី១ ១២–១៣ គឺពុំមែនមានចែងទាំងស្រុងនោះទេ ។ ប៉ុន្តែវាគឺជាកន្លែងល្អដើម្បីចាប់ផ្ដើម នៅពេលបងប្អូនស្គាល់ ហើយពិចារណាអំពីអំណោយទានខាងវិញ្ញាណដែលព្រះវរបិតាសួគ៌បានប្រទានដល់បងប្អូន ។ អត្ថបទ « អំណោយទានទាំងឡាយនៃព្រះវិញ្ញាណ » នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រ ChurchofJesusChrist.org ) អាចជួយបងប្អូនឲ្យយល់អំពីអំណោយទានទាំងនេះបានកាន់តែល្អប្រសើរ ។ កាលដែលបងប្អូនអានបញ្ជីរបស់ប៉ុលអំពីអំណោយទានទាំងឡាយ បងប្អូនអាចបន្ថែមអំណោយទានបន្ថែមទៀតដែលបងប្អូនបានសង្កេតឃើញអ្នកដទៃមាន បងប្អូនមាន ឬបុគ្គលនៅក្នុងព្រះគម្ពីរមាន ។ បើសិនជាបងប្អូនមានពរជ័យរបស់លោកអយ្យកោ វាអាចនឹងមានប្រាប់អំពីអំណោយទានខាងវិញ្ញាណមួយចំនួនរបស់បងប្អូន ។ តើអំណោយទានទាំងនេះជួយបងប្អូនផ្ដល់ពរជ័យដល់អ្នកដទៃយ៉ាងដូចម្តេច ? សូមពិចារណាអំពីរបៀបដែលបងប្អូនអាចស្វែងរក « អំណោយទានយ៉ាងវិសេស » ( កូរិនថូស ទី១ ១២:៣១ ) ។
សូមមើលផងដែរ កូរិនថូស ទី១ ១៤; មរ៉ូណៃ ១០:៨–២១, ៣០; គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:៨–២៦; មាត្រានៃសេចក្ដីជំនឿ ១:៧ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
កូរិនថូស ទី១ ៩:២៤–២៧ ។ដោយសារប៉ុលបានប្រៀបធៀបអំពីការរស់នៅតាមដំណឹងល្អទៅនឹងការរត់ប្រណាំង នោះបងប្អូនក៏អាចមានការប្រណាំងជាគ្រួសារមួយដើម្បីបង្ហាញពីគំនិតរបស់លោកផងដែរ ។ សូមផ្ដល់រង្វាន់ជាមកុដគឺមានចំពោះអ្នកដែលឈ្នះការរត់ប្រណាំង ហើយពិភាក្សាអំពីរបៀបដែលអស់អ្នកដែលឧស្សាហ៍ព្យាយាមនៅក្នុងការធ្វើតាមព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតនេះ នឹងឈ្នះរង្វាន់ « ដែលពុំពុករលួយ » ( កូរិនថូស ទី១ ៩:២៥; សូមមើលផងដែរ ធីម៉ូថេ ទី២ ៤:៧–៨ ) ។ តើអ្នករត់ប្រណាំងម្នាក់ធ្វើអ្វីខ្លះដើម្បីរៀបចំខ្លួនសម្រាប់ការរត់ប្រណាំងមួយ ? តើយើងអាចធ្វើអ្វីខ្លះដើម្បីត្រៀមខ្លួននឹងត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញ ?
ប៉ុលបានប្រៀបធៀបការរស់នៅតាមដំណឹងល្អទៅនឹងការរត់ប្រណាំង ។
-
កូរិនថូស ទី១ ១២:១–១១ ។បន្ទាប់ពីអានខគម្ពីរទាំងនេះជាមួយគ្នាហើយ សូមពិចារណាធ្វើការផ្ដល់ក្រដាសមួយសន្លឹកដែលមានឈ្មោះរបស់សមាជិកគ្រួសារដទៃទៀតសរសេរនៅខាងលើក្រដាសនោះទៅឲ្យសមាជិកគ្រួសារគ្រប់គ្នា ។ សូមស្នើសុំឲ្យមនុស្សគ្រប់គ្នាសរសេរអំណោយទានខាងវិញ្ញាណដែលពួកគេកត់សម្គាល់ថាបុគ្គលនោះមាន ។ បន្ទាប់មក បងប្អូនហុចក្រដាសនោះតៗគ្នាជាវង្វង់រហូតដល់មនុស្សគ្រប់គ្នាមានឱកាសសរសេរអំពីអំណោយទានរបស់សមាជិកគ្រួសារម្នាក់ៗ ។
-
កូរិនថូស ទី១ ១២:៣ ។ហេតុអ្វីព្រះវិញ្ញាណបរិសុទ្ធចាំបាច់ដើម្បីទទួលបានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ? តើយើងអាចធ្វើអ្វីខ្លះដើម្បីយាងព្រះវិញ្ញាណបរិសុទ្ធឲ្យពង្រឹងទីបន្ទាល់របស់យើងទៅលើទ្រង់ ?
-
កូរិនថូស ទី១ ១២:១២–២៧ ។រឿងប្រៀបធៀបរបស់ប៉ុលអំពីតួខ្លួនអាចនឹងជារបៀបដ៏គួរឲ្យចងចាំមួយដើម្បីពិភាក្សាអំពីសាមគ្គីភាពក្នុងគ្រួសារ ។ ឧទាហរណ៍ សមាជិកគ្រួសារអាចព្យាយាមគូររូបតួខ្លួនមួយដែលមានតែភ្នែក ឬត្រចៀក ( សូមមើល ខទី ១៧ ) ។ តើខគម្ពីរទាំងនេះផ្ដល់យោបល់អ្វីខ្លះអំពីរបៀបដែលយើងគួរតែប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកក្នុងនាមជាសមាជិកគ្រួសារ ?
-
កូរិនថូស ទី១ ១៣:៤–៨ ។និយមន័យរបស់ប៉ុលអំពីសេចក្ដីសប្បុរសអាចនឹងធ្វើជាពាក្យស្លោកដ៏បំផុសគំនិតសម្រាប់គ្រួសាររបស់បងប្អូន ។ បងប្អូនអាចចាត់សមាជិកគ្រួសារម្នាក់ៗឲ្យសិក្សាឃ្លាមួយនៅក្នុង ខទី ៤–៨ ហើយបង្រៀនសមាជិកគ្រួសារដទៃទៀតអំពីអត្ថន័យនៃការប្រើនិយមន័យ ឧទាហរណ៍ និងបទពិសោធន៍ផ្ទាល់ខ្លួននានា ។ តើព្រះអង្គសង្គ្រោះគឺជាគំរូមួយនៃឥរិយាបថទាំងនេះយ៉ាងដូចម្ដេច ? បងប្អូនក៏អាចធ្វើបដាជាមួយគ្នាសម្រាប់ឃ្លានីមួយៗទាំងនេះ ហើយដាក់តាំងវានៅក្នុងគេហដ្ឋានរបស់បងប្អូន ។ ចូរមានការច្នៃប្រឌិត !
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលបានលើកទឹកចិត្តឲ្យប្រើ ៖ « យើងនិយាយដោយស្នេហ៍ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១០២ ) ។
ការកែលម្អការបង្រៀនរបស់យើង
ដាក់បង្ហាញបទគម្ពីរមួយ ។ សូមដាក់តាំងខគម្ពីរមួយដែលបងប្អូនឃើញថាមានអត្ថន័យ នៅកន្លែងដែលសមាជិកគ្រួសារអាចមើលឃើញជាញឹកញាប់ ។ សូមអញ្ជើញសមាជិកគ្រួសារដទៃទៀតផ្លាស់វេនគ្នាជ្រើសរើសបទគម្ពីរមួយមកដាក់តាំង ។
« ហើយនំបុ័ងដែលយើងកាច់ តើមិនមែនជាសេចក្តីប្រកបនឹងរូបអង្គនៃព្រះគ្រីស្ទទេឬអី ? ដ្បិតដែលមាននំបុ័ងតែមួយដុំនោះយ៉ាងណា ចំណែកពួកយើងដែលមានគ្នាច្រើនក៏ជារូបកាយតែ១យ៉ាងនេះដែរ » ( កូរិនថូស ទី១ ១០:១៦–១៧ ) ។