ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១១–១៧ ខែ កញ្ញា ។ កូរិនថូស ទី២ ១–៧ ៖ « ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ »


« ថ្ងៃទី ១១–១៧ ខែ កញ្ញា ។ កូរិនថូស ទី២ ១–៧ ៖ ‹ ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១១–១៧ ខែ កញ្ញា ។ កូរិនថូស ទី២ ១–៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

ព្រះយេស៊ូវ​គ្រីស្ទ

ថ្ងៃទី ១១–១៧ ខែ កញ្ញា

កូរិនថូស ទី២ ១–៧

« ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ »

នៅ​ពេល​បងប្អូន​សិក្សា​សំបុត្រ​របស់​ប៉ុល​ទៅ​កាន់​កូរិនថូស សូម​កត់ត្រា​គោលការណ៍​ដំណឹងល្អ​មួយ​ចំនួន​ដែល​បងប្អូន​រកឃើញ ហើយ​ពិចារណា​អំពី​របៀប​ដែលបងប្អូន​អាច​អនុវត្ត​វា​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ពេល​ខ្លះ​ការ​ធ្វើ​ជា​អ្នកដឹកនាំ​សាសនាចក្រ មាន​ន័យ​ថា​ត្រូវ​និយាយ​នូវ​រឿង​ពិបាកៗ​មួយចំនួន ។ នេះ​គឺ​ជា​ការ​ពិត​នៅក្នុង​ជំនាន់​របស់​ប៉ុល ក៏​ដូចជា​នៅ​ជំនាន់​សព្វ​ថ្ងៃ​នេះ​ផង​ដែរ ។ ជាក់ស្ដែង​នៅ​ក្នុង​សំបុត្រ​ពី​មុន​របស់​ប៉ុល​ទៅកាន់​ពួក​បរិសុទ្ធ​កូរិថូស រួម​មាន​ទាំង​ការ​វាយ​ផ្ចាល ហើយ​បណ្ដាល​ឲ្យ​មាន​អារម្មណ៍​ឈឺចាប់ ។ នៅក្នុង​សំបុត្រ​នោះ​ដែល​បាន​ក្លាយ​ជា កូរិនថូស ទី២ ដែល​លោក​បាន​ព្យាយាម​ពន្យល់​អំពី​អ្វី​ដែល​បាន​ជំរុញ​លោក​ឲ្យ​និយាយ​ពាក្យ​ធ្ងន់ៗ ៖ « ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដោយ​ខ្ញុំ​មាន​ចិត្ត​លំបាក ហើយ​ថប់​ព្រួយ ព្រម​ទាំង​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន មិន​មែន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ដែរ​នោះ​ទេ គឺ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​សេចក្តី​ស្រឡាញ់ ដែល​ខ្ញុំ​មាន​ជា​បរិបូរ​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ឯង » ( កូរិនថូស ទី២ ២:៤ ) ។ នៅ​ពេល​បងប្អូន​ទទួល​ការកែតម្រូវ​មួយ​ចំនួន​មក​ពី​ថ្នាក់ដឹកនាំ​ម្នាក់ នោះ​វា​ជាជំនួយ​ឲ្យ​បងប្អូន​ដឹង​ថា ការកែតម្រូវ​នោះ​ត្រូវ​បាន​បំផុសគំនិត​ដោយ​សេចក្ដីស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ។ ហើយ​ទោះ​ជា​នៅ​ក្នុង​ករណី​ទាំង​នោះ​ពុំ​មាន​ក្ដី បើ​យើង​មាន​ឆន្ទៈ​មើល​ទៅអ្នក​ដទៃ​ដោយ​សេចក្ដីស្រឡាញ់​តាមបែប​ដែល​ប៉ុល​មាន នោះ​វា​ងាយ​ស្រួល​ជាង​ដើម្បី​ឆ្លើយតប​រាល់​ការធ្វើ​ឲ្យ​អាក់អន់ចិត្ត​ណាមួយ​ដោយ​ត្រឹមត្រូវ ។ ដូច​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​ទូន្មាន « ចូរ​មាន​សន្ដានចិត្ត​ល្អ​ចំពោះ​ភាព​ទន់ខ្សោយ​របស់​មនុស្ស​លោក—ទាំង​ខ្លួន​បងប្អូន​ក៏​ដូចជា​អស់​អ្នក​ដែល​បម្រើ​ជា​មួយ​នឹង​បងប្អូន​នៅក្នុង​សាសនាចក្រ​នេះ​ដែរ ដែល​បាន​ដឹកនាំ​ដោយ​អ្នក​ស្ម័គ្រចិត្ត ជា​បុរស​ស្ត្រី​នៃ​ជីវិត​រមែង​ស្លាប់ ។ ព្រះ​បាន​ធ្វើ​ការ​ជាមួយ​នឹង​មនុស្ស​មិន​ល្អ​ឥតខ្ចោះ​ទាំងអស់ លើក​លែង​តែ​ព្រះរាជបុត្រា​បង្កើត​ដ៏​ល្អ​ឥតខ្ចោះ​តែ​មួយ​អង្គ​របស់​ទ្រង់​ប៉ុណ្ណោះ » ( « Lord, I Believe » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៤ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

កូរិនថូស ទី២ ១:៣–៧; ៤:៦–១០, ១៧–១៨; ៧:៤–៧

ការ​សាកល្បង​របស់​ខ្ញុំ​អាច​ជា​ពរជ័យ​មួយ​ទៅវិញ ។

ដោយ​សារ​តែ​អ្វីៗ​ដែល​ប៉ុល​បាន​ជួប​នៅក្នុង​ជីវិត​របស់​លោក នោះ​វា​ពុំ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ដែល​លោក​បាន​សរសេរ​ច្រើន​អំពី​គោលបំណង និង​ពរជ័យនានា​នៃ​សេចក្ដីទុក្ខ​វេទនា ។ កាលដែល​បងប្អូន​អាន កូរិនថូស ទី២ ១:៣–៧; ៤:៦–១០, ១៧–១៨; ៧:៤–៧ សូម​គិត​ថាតើ​ការសាកល្បង​របស់​បងប្អូន​អាច​ជា​ពរជ័យ​មួយ​តាម​របៀប​ណា ។ ឧទាហរណ៍ បងប្អូន​អាច​នឹង​ពិចារណា​អំពី​របៀប​ដែល​ព្រះ « កម្សាន្ត​ចិត្ត [ បងប្អូន ] ក្នុង​គ្រប់​សេចក្ដីវេទនា [ របស់​បងប្អូន ] និង​របៀប​ដែល​បងប្អូនអាច « កម្សាន្ត​ចិត្ត​អ្នក​ឯទៀត​ក្នុង​អស់​ទាំង​សេចក្ដីវេទនា​របស់​គេ​បាន​ដែរ » ( កូរិនថូស ទី២ ១:៤ ) ។ ឬ​បងប្អូន​អាច​ផ្ដោត​ទៅលើ​របៀប​ដែល​ពន្លឺ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ « បាន​បំភ្លឺ » នៅក្នុង​ដួងចិត្ត​របស់​បងប្អូន សូម្បី​តែ​នៅពេល​បងប្អូន « ត្រូវ​គេ​សង្កត់សង្កិន » និងមាន « សេចក្ដី​វិលវល់ » ក្ដី ( កូរិនថូស ទី២ ៤:៦, ៨ ) ។

សូមមើល​ផងដែរ ម៉ូសាយ ២៤:១៣–១៧; ហិនរី ប៊ី អាវរិង « Tested, Proved, and Polished » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៦–៩៩; សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « មារសត្រូវ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ។

កូរិនថូស ទី២ ២:៥–១១

ការអត់ទោស​គឺ​ជា​ពរជ័យ​មួយ​ដែល​ខ្ញុំ​អាច​ផ្តល់​ឲ្យ​ផង និង​ទទួល​ផង ។

យើង​ពុំ​ដឹង​ច្រើន​អំពី​មនុស្ស​ដែលប៉ុល​បាន​សំដៅ​ទៅលើ​នៅក្នុង កូរិនថូស ទី២ ២:៥–១១ ទេ—ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា​លោក​បាន​ធ្វើ​អំពើរំលង ( សូមមើល ខទី ៥–៦ ) ហើយ​ថា​ប៉ុល​ចង់​ឲ្យ​ពួកបរិសុទ្ធ​បាន​អភ័យទោស​ដល់​លោក ( សូមមើល ខទី ៧–៨ ) ។ ហេតុអ្វី​ក៏​ពេល​ខ្លះ​យើង​ពុំ​បាន « សម្ដែង​សេចក្ដីស្រឡាញ់ [ របស់​យើង ] ដល់​ » នរណា​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​យើង​អាន់អន់ចិត្ត ? ( ខទី ៨ ) ។ តើ​ការមិន​ផ្ដល់​ការអត់ទោស ធ្វើ​ឲ្យ​អន្តរាយ​ដល់​អ្នក​ដទៃ និង​ខ្លួន​យើង​របៀប​ណា ? ( សូមមើល ខទី ៧, ១០–១១ ) ។ តើ​ការមិន​ផ្ដល់​ការអត់ទោស ធ្វើ​ឲ្យ « អារក្ស​សាតាំង​មាន​ឱកាស​នឹង​ឈ្នះ​យើង​បាន » យ៉ាង​ដូច​ម្តេច ? ( ខទី ១១ ) ។

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៩–១១ ។

កូរិនថូស ទី២ ៥:១៤–២១

តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​អាច​បាន​ជា​មេត្រី​នឹង​ព្រះ ។

ដូចជា​មនុស្ស​ជា​ច្រើន​ដែរ ប៉ុល​បាន​ដឹង​ថា​តើ​វា​ជា​យ៉ាង​ណា​ដើម្បី​ប្រែជា « បាន​កើត​ជា​ថ្មី » ( កូរិនថូស ទី២ ៥:១៧ ) នោះ ។ លោក​បាន​ប្រែ​ពី​អ្នក​បៀតបៀន​អ្នកកាន់​គ្រិស្ដសាសនា មក​ជា​អ្នក​ការពារ​ព្រះគ្រីស្ទ​ដោយ​ពុំភ័យ​ខ្លាច ។ កាលដែល​បងប្អូន​អាន កូរិនថូស ទី២ ៥:១៤–២១ សូម​គិត​អំពី​សំណួរ​ទាំងឡាយ​ដូច​នេះ ៖ តើ​ការបាន​ផ្សះផ្សា​មានន័យ​យ៉ាង​ដូច​ម្ដេច ? តើ​ការបាន​ផ្សះផ្សា​នឹង​ព្រះ​មាន​ន័យ​ដូចម្ដេច ? សូមពិចារណា​មើល​ថា តើ​អ្វី​ខ្លះ​អាច​បំបែកបងប្អូន​ចេញ​ពីព្រះ ។ តើ​បងប្អូន​ចាំបាច់​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​កាន់តែ​បាន​ផ្សះផ្សា​នឹង​ទ្រង់​ទាំងស្រុង ? តើ​ព្រះ​អង្គសង្រ្គោះ​ធ្វើ​ឲ្យ​ការណ៍​នោះ​កើតឡើង​បាន​យ៉ាង​ដូចម្តេច ?

បងប្អូន​ក៏​អាច​សញ្ជឹងគិត​ផងដែរ​ថា « ទូត​តំណាង​ព្រះគ្រីស្ទ » នៅក្នុង « ការងារ​ផ្សះផ្សា​នោះ » មានន័យ​យ៉ាង​ណា ( ខទី ១៨, ២០ ) ។ តើ​បងប្អូន​បាន​ទទួល​ការយល់ដឹង​អ្វីខ្លះ​ពីសារលិខិត​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « The Ministry of Reconciliation » ? ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៧–៧៩ ) ។

សូមមើលផងដែរ នីហ្វៃទី២ ១០:២៣–២៥ ។

កូរិនថូស ទី២ ៧:៨–១១

សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ​នាំ​ទៅ​រក​ការ​ប្រែ​ចិត្ត ។

ជាធម្មតា យើង​ពុំ​បាន​គិត​អំពី​សេចក្ដីព្រួយ​ថា​ជា​រឿង​ល្អ​ទេ ប៉ុន្តែ​ប៉ុល​បាន​ថ្លែង​អំពី « សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ » ( កូរិនថូស ទី២ ៧:១០ ) ជា​ចំណែក​មួយ​ដ៏​សំខាន់​នៃ​ការប្រែចិត្ត ។ សូម​ពិចារណា​ពី​អ្វី​ដែល​បងប្អូន​រៀន​អំពី​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​មកពី​ធនធាន​ដូច​តទៅនេះ ៖ កូរិនថូស ទី២ ៧:៨–១១; អាលម៉ា ៣៦:១៦–២១; មរមន ២:១១–១៥ និង​សារលិខិត​របស់​ស៊ីស្ទើរ មីឈែល ឌី ក្រេហ្គ « Divine Discontent » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៥២–៥៥ ) ។ តើ​នៅពេល​ណា​ដែល​បងប្អូន​បាន​មាន​អារម្មណ៍​ពី​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ ហើយ​តើ​វា​ជះឥទ្ធិពល​យ៉ាង​ណា​មក​លើ​ជីវិត​របស់​បងប្អូន ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

កូរិនថូស ទី២ ៣:១–៣ ។តើ​សមាជិក​នៃ​គ្រួសារ​របស់​បងប្អូន​ធ្លាប់​សូម​នរណា​ម្នាក់​ឲ្យ​សរសេរ​លិខិត​ណែនាំ​សម្រាប់​ពួកគេ ដូចជា​ដើម្បី​រក​ការងារ​ធ្វើ ឬ​ដើម្បី​ចូលរៀន​ដែរ​ឬទេ ? សូម​ស្នើសុំ​ឲ្យ​ពួកគេ​និយាយ​អំពី​បទពិសោធន៍​នេះ ។ ប៉ុល​បាន​បង្រៀន​ថា ជីវិត​របស់​ពួកបរិសុទ្ធ​គឺ​ដូចជា​លិខិត​ណែនាំ​សម្រាប់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែរ គឺ « មិន​មែន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ គឺ​នឹង​ព្រះវិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ » ។ កាលដែល​បងប្អូន​អាន កូរិនថូស ទី២ ៣:១–៣ ជាមួយ​គ្នា សូមពិភាក្សា​ពី​របៀប​ដែល​គំរូ​របស់​យើង​គឺ​ដូច​ជា​លិខិត « ដែល​មនុស្ស​ទាំង​អស់​ក៏​ដឹង ហើយ​អាន​មើល​ដែរ » ដែល​បង្ហាញ​ពី​សេចក្ដី​ពិត និង​តម្លៃ​នៃ​ដំណឹងល្អ ។ ប្រហែល​ជា​សមាជិក​គ្រួសារ​ម្នាក់ៗ​អាច​សរសេរ​លិខិត​មួយ ឬ « សំបុត្រ » មួយ​ពន្យល់​អំពី​របៀប​ដែល​សមាជិក​គ្រួសារ​ដទៃ​ទៀត​បាន​ធ្វើជា​គំរូ​ល្អ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​អាច​អាន​លិខិត​របស់​ពួកគេ​ទៅ​ដល់​គ្រួសារ ហើយ​ផ្ដល់​វា​ទៅ​ឲ្យ​សមាជិក​គ្រួសារ​ដែល​បងប្អូន​បាន​សរសេរ​ឲ្យ​នោះ ។ ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​យល់​ថា ជីវិត​របស់​យើង​គឺ​ជា « សំបុត្រ​របស់​ព្រះគ្រីស្ទ » ?

កូរិនថូស ទី២ ៥:៦–៧ ។តើ​ការ « ដើរ​ដោយ​ជំនឿ​មិនមែន​ដោយ​មើល​ឃើញ » មាន​ន័យ​ដូចម្ដេច ? តើ​យើង​កំពុង​ធ្វើ​អ្វីខ្លះ​ដើម្បី​បង្ហាញ​ថា​យើង​ជឿ​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ ទោះបី​យើង​មិន​អាច​មើលឃើញ​ទ្រង់​ក្ដី​នោះ ?

កូរិនថូស ទី២ ៥:១៧ ។តើ​គ្រួសារ​របស់​បងប្អូន​អាច​គិត​អំពី ឬ​រកឃើញ​គំរូ​ទាំងឡាយ​នៅក្នុង​ធម្មជាតិ នៃ​អ្វីៗ​ដែល​ឆ្លងកាត់​ការផ្លាស់ប្ដូរ​ដ៏​អស្ចារ្យ ហើយ​ប្រែ​ក្លាយ​ជា​កើត​ជា​ថ្មី​ដែរ​ឬ​ទេ ? ( សូមមើល​រូបភាព​នៅ​ខាង​ចុង​នៃ​គម្រោង​មេរៀន​នេះ ) ។ តើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​អាច​ផ្លាស់​ប្ដូរ​យើង​យ៉ាង​ដូចម្តេច ?

កូរិនថូស ទី២ ៦:១–១០ ។យោងតាម កូរិនថូស ទី២ ៦:១–១០ តើ « អ្នក​បម្រើ​ព្រះ » មានន័យ​យ៉ាង​ដូច​ម្ដេច ? ( ខទី ៤ ) ។ តើ​អ្នក​បម្រើ​ព្រះ​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ ?

កូរិនថូស ទី២ ៦:១៤–១៨ ។តើ​យើង​អាច​ធ្វើ​តាម​ដំបូន្មាន​របស់​ប៉ុល « ចូរ​ចេញ​ពី​កណ្តាល [ ពួកទុច្ចរិត ] ទៅ ហើយ​ញែក​ខ្លួន​ទៅ​ដោយ​ឡែក » ខណៈ​ឲ្យ​ស្រឡាញ់​អ្នក​នៅ​ជុំវិញ​យើង​ផង​ដែរ​បាន​យ៉ាង​ដូចម្ដេច ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើកទឹកចិត្តឲ្យប្រើ ៖ « បិតា​សូម​ជួយ​កូន » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥២ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង​

ចែកចាយ​មេរៀន​ដែល​ប្រើ​វត្ថុ ។ គោលគំនិត​ដំណឹងល្អ​មួយចំនួន ដូចជា​ដង្វាយធួន អាច​នឹង​ពិបាក​យល់ ។ សូម​ពិចារណា​ប្រើ​រូបភាព ឬ​វត្ថុ​ដែល​អាច​ជួយ​គ្រួសារ​របស់​បងប្អូន​ឲ្យ​យល់​អំពី​គោលការណ៍​នានា​ដែល​បងប្អូន​បាន​រកឃើញ​នៅក្នុង​បទគម្ពីរ ។

ដង្កូវ​មេអំបៅ ស្រោមដង្កូវ​មេអំបៅ និង​មេអំបៅ

នៅពេល​យើង​ត្រូវ​បាន​ផ្លាស់ប្រែចិត្តជឿ​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ ការប្លែង​ភាព​របស់​យើង​គឺវា​អស្ចារ្យណាស់ ដូច​ដែល​ប៉ុល​បាន​ពិពណ៌នា​ថាជា​ការ​ប្រែ​ទៅ​ជា « កើត​ជា​ថ្មី » ( កូរិនថូស ទី២ ៥:១៧ ) ។