ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១១–១៧ ខែ កញ្ញា ។ កូនរិនថូស ទី២ ១–៧ ៖ « ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ »


ថ្ងៃទី ១១–១៧ ខែ កញ្ញា ។ កូនរិនថូស ទី២ ១–៧ ៖ ‹ ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១១–១៧ ខែ កញ្ញា ។ កូនរិនថូស ទី២ ១–៧ » ចូរ​មកតាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ

ថ្ងៃទី ១១–១៧ ខែ កញ្ញា

កូរិនថូស ទី២ ១–៧

« ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ »

សូម​ចាប់ផ្ដើម​ការរៀបចំ​របស់​បងប្អូន​ដោយ​អាន​ក្នុង កូរិនថូស ទី២ ១–៧ ។ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ អាច​ជួយ​បងប្អូន​ឲ្យ​យល់​ពី​ជំពូក​ទាំងនេះ ហើយ​គម្រោង​មេរៀន​នេះ​អាច​ផ្ដល់​នូវ​គំនិត​បង្រៀន​នានា​ដល់​បងប្អូន ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

កុមារ​មួយចំនួន​នៅក្នុង​ថ្នាក់​របស់​បងប្អូន​ប្រហែល​ជា​បាន​សរសេរ​សំបុត្រ​នៅ​សប្តាហ៍​នេះ អំពី​របៀប​ដែល​សមាជិក​គ្រួសារ​ធ្វើជា​គំរូ​ដ៏​ល្អ​ក្នុងនាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ។ ប្រសិនបើ​ពួកគេ​បាន​សរសេរ សូម​ប្រាប់​ពួកគេ​ពី​មុន​ថ្នាក់​រៀន​ចាប់​ផ្តើម​ឲ្យ​ចែកចាយ​សំបុត្រ​នេះ​ដល់​មិត្ត​រួម​ថ្នាក់ ។ ឬ​សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​មួយ​ផ្សេង​ដែល​ពួកគេ​បាន​រៀន ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

កូរិនថូស ទី២ ១:៣–៤

ព្រះវរបិតាសួគ៌​លួងលោមចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​អាច​លួងលោមចិត្ត​មនុស្សដទៃ​បាន ។

តើ​បងប្អូន​អាច​ធ្វើ​ឲ្យ​កុមារ​មាន​ទំនុកចិត្ត​ថា ព្រះវរបិតាសួគ៌​នឹង​លួងលោមចិត្ត​ពួកគេ​បាន​តាម​របៀប​ណា ? តើ​បងប្អូន​អាច​លើកទឹកចិត្ត​ពួកគេ ឲ្យ​លួងលោម​ចិត្ត​មនុស្សដទៃ​បាន​តាម​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​កុមារ​នូវ​អ្វី​ដែល​ផ្តល់​នូវភាព​កក់ក្តៅ ដូចជា ភួយ ឬ​បង់រុំ​ដំបៅ ។ សូម​សួរ​កុមារ​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាពកក់ក្តៅ នៅពេល​ពួកគេ​សោកសៅ ឬ​ភ័យខ្លាច ឬ​មាន​បញ្ហាផ្សេងៗទៀត ។ សូម​អាន កូរិនថូស ទី២ ១:៣–៤ ជាមួយ​កុមារ​តូចៗ ហើយ​សូម​ពន្យល់​ថា « សេចក្តី​វេទនា » គឺ​ជា​ពាក្យ​មួយ​ទៀត​ដែល​មាន​ន័យ​ថា​ការមាន​បញ្ហា​លំបាក​ខ្លាំង​ជាច្រើន ។ សូម​ចែកចាយ​វិធី​មួយ​ចំនួន​ដែល​ព្រះ​វរបិតា​សួគ៌​បាន​លួងលោម​ដល់​បងប្អូន ហើយ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​នឹង​សម្រាល​ទុក្ខ​ដល់​កុមារ​ផងដែរ ។

  • សូម​បង្ហាញ​រូបភាព​របស់មនុស្ស​ដែល​កំពុង​ទទួល​បុណ្យ​ជ្រមុជទឹក ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អល.រ. ១០៣–៤ ) ខណៈ​ដែល​បងប្អូន​អាន កូរិនថូស ទី២ ១:៤ ឲ្យ​កុមារ​ស្តាប់ ។ សូម​ពន្យល់​ថា នៅពេល​យើង​ទទួល​បុណ្យ​ជ្រមុជទឹក នោះ​យើង​សន្យា​ថា​នឹង​ជួយ​លួងលោម​ដល់​អ្នក​ដទៃ ។ តើ​យើង​អាច​ធ្វើតាម​ដំបូន្មាន​របស់ ប៉ុល ឲ្យ « កម្សាន្ដ​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្តី​វេទនា » បាន​ដោយ​របៀប​ណា ?

កូរិនថូស ទី២ ២:៧–៨, ១០

ខ្ញុំ​អាច​អត់ទោស​ឲ្យ​មនុស្សដទៃ​បាន ។

សូម​ជ្រើសរើស​ចេញ​ពី​សកម្មភាព​ខាង​ក្រោម—ឬ​បង្កើត​ដោយ​ខ្លួន​បងប្អូន—ដើម្បី​ជួយ​ពង្រឹង​បំណងប្រាថ្នា​របស់​កុមារ ឲ្យ​អត់ទោស​ដល់​មនុស្ស​ដទៃ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ពន្យល់​កុមារ​ថា ប៉ុល​ចង់​ឲ្យ​ពួក​បរិសុទ្ធ​កូរិនថូស អត់ទោស​ដល់​បុរស​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​បាប ។ សូមអាន កូរិនថូស ទី២ ២:៧–៨, ១០ ហើយ​អញ្ជើញ​កុមារ​ឲ្យ​ដាក់​ដៃ​របស់​ពួកគេ​នៅលើ​បេះដូង​របស់​ពួកគេ រាល់ពេល​ដែល​ពួកគេ​ឮ​ពាក្យ អត់ទោស និង បាន​អត់ទោស ។

  • សូម​អញ្ជើញ​ឲ្យ​កុមារ​សម្ដែង​របៀប​ដែល​ពួកគេ​អាច​ឆ្លើយ​តប​នៅ​ក្នុង​ស្ថានភាព​នានា ដែល​នរណាម្នាក់​បាន​ប្រព្រឹត្ត​មិន​ល្អ ។ សូម​ឲ្យ​ពួកគេ​ដាក់​វេន​គ្នា​និយាយ​ថា « ខ្ញុំ​សុំ​ទោស » និង « ខ្ញុំ​អត់ទោស​ឲ្យ​ឯង » ។ តើ​យើង​ជួយ​មនុស្ស​ឲ្យ​ដឹង​ថា យើង​អត់ទោស​ឲ្យ​ពួកគេ​តាម​របៀប​ណា ? សូម​ពន្យល់​ថា របៀប​មួយ​គឺ​ត្រូវ « សម្ដែង​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​នោះ​ឲ្យ​ជាក់​លាក់ » ឬ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ពួកគេ ( កូរិនថូស ទី២ ២:៨ ) ។

កូរិនថូស ទី២ ៤:១–២

ខ្ញុំ​ជឿ​លើ​ការប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ ។

ប៉ុល​បាន​បង្រៀន​ថា ពួក​អ្នកបម្រើ​របស់​ព្រះ​គ្រីស្ទ​បាន « លះ​ចោល​អស់​ទាំង​ការ​លាក់​កំបាំង​ដែល​គួរ​ខ្មាស » ។ សូម​ពិចារណា​អំពី​របៀប​នានា ដែល​បងប្អូន​អាច​ពង្រឹង​បំណង​ប្រាថ្នា​កុមារៗ​របស់​បងប្អូន ឲ្យ​ប្រព្រឹត្ត​ដោយ​ទៀងត្រង់​នៅ​គ្រប់​កិច្ចការ​ទាំងអស់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ​ឃ្លា « យើង​ខ្ញុំ​ជឿ​លើ​ការប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ » ( មាត្រា​នៃ​សេចក្តី​ជំនឿ ១:១៣ ) ។ សូម​សរសេរ​ឃ្លានេះ​នៅ​លើ​ខ្សែ​ដៃ​ក្រដាស​ដែល​កុមារ​អាច​តុបតែង និង​ពាក់បាន ។ សូម​ពន្យល់​ថា​ការស្មោះត្រង់ រួមមាន​ទាំង​ការនិយាយ​ការពិត​ផងដែរ ។

  • សូម​ឲ្យ​កុមារ​លើកដៃ នៅ​ពេល​បងប្អូន​និយាយ​អ្វី​មួយ ដែល​ជា​ការពិត ហើយ​ដាក់ដៃ​ចុះ​នៅ​ពេល​បងប្អូន​និយាយ​អ្វី​មួយ​ដែល​មិន​ពិត ។ សូម​ថ្លែង​ពី​អ្វី​ដែល​សាមញ្ញៗ ប៉ុន្ដែ​វា​ជាក់ស្ដែង​ដូចជា « ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃអាទិត្យ » ឬ « ខ្ញុំ​មាន​ច្រមុះ​បី » ។ សូម​ធ្វើ​សកម្មភាព​នោះ​ម្ដង​ហើយ​ម្ដង​ទៀត​ពីរ​បី​ដង ដោយ​ទុក​ឲ្យ​កុមារ​ដាក់​វេន​គ្នា​ធ្វើ​ជា​អ្នក​ថ្លែង​ពាក្យ​ពិត និង​ពាក្យ​កុហក ។ ហេតុអ្វី​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​និយាយ​ការពិត ?

  • សូម​បង្ហាញ​វីដេអូ « A Visit with Elder Ulisses Soares » ( នៅលើ​គេហទំព័រChurchofJesusChrist.org ) ។ តើ​អែលឌើរ សូរ៉េស រៀនអ្វីខ្លះ​អំពី​ភាពស្មោះត្រង់ ? សូម​លើក​ទឹកចិត្ត​កុមារ​ឲ្យ​ត្រៀមខ្លួន​ដើម្បី​ធ្វើ​សេចក្តីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ពួកគេ​តាមរយៈ​ការមានភាព​ស្មោះត្រង់ ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

កូរិនថូស ទី២ ១:៣–៤

ព្រះវរបិតាសួគ៌​លួងលោមចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​អាច​លួងលោមចិត្ត​មនុស្សដទៃ​បាន ។

ការចងចាំ​ពី​របៀប​ដែល​ព្រះ​បាន​លួងលោម​យើង បំផុសគំនិត​យើង​ឲ្យ​ផ្តល់​ការលួងលោម​ដល់​អ្នក​ដទៃ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • នៅ​ពេល​បងប្អូន​អាន  កូរិនថូស ទី២ ១:៣–៤ សូម​ឲ្យ​កុមារ​ស្ដាប់​រក​ចម្លើយ​ចំពោះ​សំណួរ « តើ​ព្រះ​បាន​ធ្វើ​អ្វី​សម្រាប់​យើង ? » សូម​ជួយ​កុមារ​ឲ្យ​សរសរ​របៀប​នានា ដែល​ព្រះ​លួងលោមចិត្ត​យើង ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​បទពិសោធន៍ នៅ​ពេល​ដែល​ពួកគេ​មិន​សប្បាយចិត្ត ឬ​ព្រួយ​បារម្ភ ឬ​ភ័យខ្លាច ហើយ​ព្រះ​បាន​លួងលោមចិត្ត​ពួកគេ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​របៀប ដែល​យើង​អាច​រក្សា​សេចក្តីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​យើង​ដើម្បីលួងលោម​ដល់​អ្នក​ដទៃ ( សូមមើល ម៉ូសាយ ១៨:៩ ) ។ សូម​ឲ្យ​ពេល​ពួកគេ​គិត​ពី​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ដែល​ត្រូវការ​ការលួងលោម និង​ដាក់​ផែនការ​ដើម្បី​ជួយ​ដល់​បុគ្គល​នោះ ។

កូរិនថូស ទី២ ២:៥–១១

ខ្ញុំ​អាច​អត់ទោស​ឲ្យ​មនុស្សដទៃ​បាន ។

វា​អាច​ជា​រឿង​ពិបាក​ធ្វើ​ដើម្បី​អត់ទោស​ឲ្យ​មនុស្សដទៃ នៅ​ពេល​ដែល​ពួកគេ​ប្រព្រឹត្ត​មិន​ល្អ​ចំពោះ​យើង ។ ប៉ុន្តែ​កុមារ​ដែល​បងប្អូន​បង្រៀន​នឹង​ដក​ពិសោធន៍​សេចក្ដីស្រឡាញ់ ភាពសុខសាន្ត និង​សុភមង្គល នៅ​ពេល​ពួកគេ​រៀន​អត់ទោស ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ប្រាប់​កុមារ​ថា មនុស្ស​ម្នាក់​នៅ​ក្រុង​កូរិនថូស​បាន​ប្រព្រឹត្ត​បាប ហើយ « បាន​បណ្តាល​ឲ្យ​កើត​មាន​សេចក្តី​ព្រួយ » ដល់​ពួក​បរិសុទ្ធ ( សូម​មើល កូរិនថូស ទី២ ២:៥ ) ។ សូម​ឲ្យ​កុមារ​ស្រាវជ្រាវ​នៅក្នុង កូរិនថូស ទី២ ២:៧–៨ ដើម្បី​ស្វែងរក​អ្វី​ដែល​ប៉ុល​ចង់​ឲ្យ​ពួកបរិសុទ្ធ​ធ្វើ ។

  • សូម​ចែកចាយ​បទពិសោធន៍​មួយ នៅពេល​ដែល​បងប្អូន​បាន​អភ័យទោស​ដល់​នរណា​ម្នាក់—ឬ​នរណា​ម្នាក់​បាន​អភ័យទោស​ឲ្យ​បងប្អូន—ហើយ​សូម​ពន្យល់​ពី​អារម្មណ៍​របស់​បងប្អូន​ចំពោះ​រឿង​នោះ​នៅពេល​ក្រោយមក ។ ឬ​សូម​ចែកចាយ​វីដេអូ « The Goal: A Story of Faith, Friendship and Forgiveness » ( នៅលើ​គេហទំព័រChurchofJesusChrist.org ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​បទ​ពិសោធន៍​របស់​ពួកគេ​អំពី​ការអភ័យទោស ។

កូរិនថូស ទី២ ៥:៦–៧

ខ្ញុំ « ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​ទេ » ។

សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​លើក​ទឹកចិត្ត​កុមារ ឲ្យ​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ ទោះជា​នៅ​ពេល​ពួកគេ​ពុំ​ឃើញ​ពរជ័យ ដែល​ពួកគេ​ប្រាថ្នា​ចង់​បាន​ក្ដី ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូមអាន កូរិនថូស ទី២ ៥:៦–៧ និង អាលម៉ា ៣២:២១ ជា​មួយ​កុមារ ហើយ​សូម​ឲ្យ​ពួកគេ​រកមើល​ពាក្យ និង​ឃ្លា​ដែល​ជួយ​ពន្យល់​ពី​អត្ថន័យ​នៃ​សេចក្តី​ជំនឿ ។ សូម​ឲ្យ​ពួកគេ​សរសេរ​និយមន័យ​របស់​ពួកគេ ហើយ​ចែកចាយ​អត្ថន័យ​នោះ​ជាមួយ​គ្នា ។

  • សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​បិទភ្នែក​របស់​គាត់ ឬ​នាង ហើយ​សូម​ឲ្យ​កុមារ​ផ្សេង​ទៀត​ផ្តល់​ការណែនាំ​ដើម្បី​ជួយ​គាត់ ឬ​នាង​ឲ្យ​បំពេញ​ភារកិច្ច​មួយ​ដូចជា ការសង់​ប៉ម​ជាមួយ​ដុំឈើ ឬ​ដើរ​នៅក្នុង​ថ្នាក់ ។ តើ​សកម្មភាព​នេះ​ជួយ​យើង​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ការ « ដើរ​ដោយ​ជំនឿ » លើ​ព្រះ​យ៉ាង​ដូចម្តេច ?

  • សូម​បង្ហាញ​វីដេអូ « Reunited by Faith » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ហើយ​សូម​សួរ​កុមារ​ពី​របៀប​ដែល​យុវជន​នៅក្នុង​វីដេអូ​នេះ​បាន​ដើរ​ដោយ​ជំនឿ ។ សូម​ចែកចាយ​បទពិសោធន៍​មួយ នៅពេល​ដែល​បងប្អូន​បាន​ដើរ​ដោយ​សេចក្ដី​ជំនឿ ហើយ​សូម​លើកទឹកចិត្ត​កុមារ​ឲ្យ​ចែកចាយ​ពី​បទពិសោធន៍​ទាំងឡាយ ។

កូរិនថូស ទី២ ៧:៨–១០

សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​នាំ​ខ្ញុំ​ឲ្យ​ប្រែចិត្ត ។

វាជា​រឿង​ធម្មតា​ទេ​ដែល​ត្រូវ​មាន​អារម្មណ៍​ខ្មាសអៀន ឬ​បាក់មុខ នៅពេល​ដែល​គេ​ចាប់​យើង​បាន​ធ្វើ​អ្វីមួយ​ខុស​នោះ ។ សូម​ជួយ​កុមារ​ឲ្យ​បែងចែក​អារម្មណ៍​ទាំង​នេះ​ពី​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ ដែល​នាំ​ឲ្យ​មាន​ការប្រែចិត្ត​នោះ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ពន្យល់​ថា​នៅក្នុង កូរិនថូស ទី២ ៧:៨–១០ ប៉ុល បាន​សំដៅ​ទៅ​លើ​សំបុត្រ​មួយ​ច្បាប់​ដែល​លោក​បាន​សរសេរ​ពីមុន​មក​ទៅកាន់​ពួកបរិសុទ្ធ ដោយ​បាន​ព្រមាន​យ៉ាង​ម៉ឺងម៉ាត់​អំពី​អំពើ​បាប​របស់​ពួកគេ ។ សូម​អាន​ខគម្ពីរ​ទាំងនេះ​ទាំងអស់​គ្នា ។ ហេតុអ្វី​បាន​ជា​ប៉ុល​មាន​ចិត្ត​រីករាយ នៅ​ពេល​ពួកបរិសុទ្ធ​មាន​សេចក្ដីព្រួយ ? សូម​ចង្អុល​បង្ហាញ​ថា ប្រភេទ​នៃ​សេចក្ដីព្រួយ​នេះ ត្រូវ​បាន​ហៅ​ថា សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ ។

  • សូម​ឲ្យ​កុមារ​គិត​អំពី​ពេល​ដែល​ពួកគេ​បាន​ធ្វើ​អ្វី​ខុស ហើយ​មាន​អារម្មណ៍​មិនល្អ​ចំពោះ​អំពើ​នោះ ។ សូម​អញ្ជើញ​ពួក​គេ​ឲ្យ​សួរ​ខ្លួន​ឯង​ថា « ហេតុអ្វី​បាន​ជា​ខ្ញុំ​មាន​អារម្មណ៍​មិនល្អ ? » ហើយ​បន្ទាប់​មក​សូម​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។ សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារខៀន ( ឧទាហរណ៍ « ខ្ញុំ​ខ្លាច​ថា ខ្ញុំ​នឹង​មាន​បញ្ហា » ឬ « ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រះវរបិតាសួគ៌​ខក​ព្រះទ័យ » ឬ « ខ្ញុំ​បាន​ធ្វើ​ឲ្យ​នរណា​ម្នាក់​យំ » ) ។ តើ​ចម្លើយ​ណាមួយ​នៅលើ​ក្តារខៀន​ដែល​ហាក់​ដូចជា « សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ » ? ( កូរិនថូស ទី២ ៧:១០ ) ។ ហេតុអ្វី​បាន​ជា​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ មាន​លក្ខណៈ​ប្រសើរ​ជាង​ប្រភេទ​សេចក្ដីព្រួយ​ដទៃទៀត ដែល​យើង​អាច​មាន បន្ទាប់​ពី​បាន​ធ្វើ​ខុស ?

រូបភាព
រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​នូវ​សកម្មភាព​មួយ​ចេញពី​ថ្នាក់រៀន​នៅ​ថ្ងៃនេះ ប្រហែលជា​អាច​ចែកចាយ​នៅ​ពេល​ធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ដាក់​បង្ហាញ​បទគម្ពីរ​មួយ ។ សូម​ជ្រើសរើស​ខគម្ពីរ​មួយ​ដែល​បងប្អូន​គិតថា​មាន​អត្ថន័យ ហើយ​សូម​ដាក់បង្ហាញ​ខគម្ពីរ​នោះ​នៅក្នុង​ថ្នាក់រៀន នៅ​កន្លែង​ដែល​កុមារ​អាច​មើលឃើញ​ជាញឹកញាប់ ។ កុមារ​អាច​ដាក់​វេន​គ្នា​ជ្រើសរើស​បទគម្ពីរ​មួយ​មក​ដាក់​បង្ហាញ​បាន ។

បោះពុម្ព