« ថ្ងៃទី ៤–១០ ខែ កញ្ញា ។ កូរិនថូស ទី១ ១៤–១៦ ៖ ‹ ព្រះទ្រង់មិនមែនជាព្រះនៃសេចក្តីវឹកវរទេ គឺទ្រង់ជាព្រះនៃសេចក្តីសុខសាន្តវិញ › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ៤–១០ ខែ កញ្ញា ។ កូរិនថូស ទី១ ១៤–១៦ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ថ្ងៃទី ៤–១០ ខែ កញ្ញា
កូរិនថូស ទី១ ១៤–១៦
« ព្រះទ្រង់មិនមែនជាព្រះនៃសេចក្តីវឹកវរទេ គឺទ្រង់ជាព្រះនៃសេចក្តីសុខសាន្តវិញ »
នៅពេលបងប្អូនអាន កូរិនថូស ទី១ ១៤–១៦ នោះព្រះវិញ្ញាណបរិសុទ្ធនឹងជួយបងប្អូន ឲ្យដឹងពីអ្វីដែលត្រូវបង្រៀនកុមារនៅក្នុងថ្នាក់របស់បងប្អូន ។ សូមមើលគម្រោងមេរៀនសប្តាហ៍នេះឡើងវិញដើម្បីជាជំនួយបន្ថែម ។
អញ្ជើញឲ្យចែកចាយ
បងប្អូនអាចចាប់ផ្ដើមមេរៀននៅសប្ដាហ៍នេះដោយការអាន កូរិនថូស ទី១ ១៤:២៦ ឲ្យឮៗ ។ សូមចង្អុលបង្ហាញថា នៅពេលយើងមកជួបជុំគ្នានៅព្រះវិហារ នោះយើងអាចពង្រឹង ( ឬស្ថាបនា និងជួយ ) អ្នកដទៃបាន នៅពេលយើងចែកចាយអ្វីដែលយើងកំពុងរៀន ។ សូមសួរកុមារពីអ្វីដែលពួកគេអាចចែកចាយដើម្បីពង្រឹងដល់នរណាម្នាក់នៅក្នុងថ្នាក់នៅថ្ងៃនេះ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំអាចរស់នៅជាមួយព្រះវរបិតាសួគ៌បន្ទាប់ពីខ្ញុំស្លាប់ទៅ ពីព្រោះព្រះយេស៊ូវគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ ។
តើបងប្អូនអាចបង្រៀនកុមារថា ដោយសារតែព្រះយេស៊ូវគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ នោះយើងក៏អាចរស់នៅម្តងទៀតបានដែរយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចធ្វើបាន
-
សូមអានឃ្លាដូចតទៅនេះឡើងវិញឲ្យបានបីបួនដងជាមួយកុមារ ៖ « គ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទ » ( កូរិនថូស ទី១ ១៥:២២ ) ។ សូមបង្ហាញរូបភាពព្រះអង្គសង្រ្គោះដែលមានព្រះជន្មរស់ឡើងវិញ ( សូមមើល គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ឬបង្ហាញវីដេអូ « Jesus Is Resurrected » ( នៅលើគេហទំព័រChurchofJesusChrist.org ) ។ សូមពន្យល់ថា យើងទាំងអស់គ្នានឹងស្លាប់នៅថ្ងៃណាមួយ ប៉ុន្តែដោយសារព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ នោះយើងទាំងអស់គ្នានឹងមានជីវិតឡើងវិញ បន្ទាប់ពីយើងស្លាប់ផងដែរ ។
2:3 -
សូមបង្ហាញអាវពាក់ក្រៅមួយដល់កុមារ ដែលតំណាងឲ្យរាងកាយរបស់យើង ។ នៅពេលយើងនៅមានជីវិត នោះវិញ្ញាណរបស់យើងស្ថិតនៅក្នុងខ្លួនយើង ហើយរាងកាយយើងអាចធ្វើចលនាបាន ( ពាក់អាវពាក់ក្រៅ ) ។ នៅពេលយើងស្លាប់ទៅ នោះវិញ្ញាណរបស់យើងចាកចេញពីរាងកាយរបស់យើង ហើយរាងកាយរបស់យើងមិនអាចធ្វើចលនាបានទេ ( សូមដោះអាវក្រៅចេញ ហើយដាក់អាវនោះនៅលើតុ ឬកៅអីដើម្បីតំណាងឲ្យរាងកាយដែលគ្មានវិញ្ញាណ ) ។ នៅពេលយើងរស់ឡើងវិញ នោះវិញ្ញាណរបស់យើងនឹងត្រឡប់ទៅក្នុងរូបកាយរបស់យើងវិញ ( សូមពាក់អាវក្រៅម្ដងទៀត ) ហើយវិញ្ញាណ និងរូបកាយនឹងមិនបែកចេញពីគ្នាទៀតឡើយ ។ សូមឲ្យកុមារដាក់វេនគ្នាពាក់អាវក្រៅ រួចដោះវាចេញ ខណៈពេលដែលកុមារម្នាក់ទៀតពន្យល់អំពីហេតុការណ៍ដែលនឹងកើតឡើង នៅពេលយើងរស់ឡើងវិញ ។
ខ្ញុំអាចធ្វើបុណ្យជ្រមុជទឹកជូនមរណជនបាន ។
នៅពេលដែលកុមាររៀបចំខ្លួនដើម្បីទទួលបុណ្យជ្រមុជទឹកផ្ទាល់ខ្លួនរបស់ពួកគេ សូមពិចារណាពីរបៀបដែលបងប្អូនអាចជួយពួកគេឲ្យរង់ចាំឱកាសទទួលបុណ្យជ្រមុជទឹកជំនួសមរណជន ។
សកម្មភាពដែលអាចធ្វើបាន
-
សូមជួយកុមារឲ្យគិតអំពីអ្វីដែលពួកគេមិនអាចធ្វើសម្រាប់ខ្លួនរបស់ពួកគេ ។ តើនរណាជួយពួកគេឲ្យធ្វើកិច្ចការនេះ ? សូមបង្ហាញរូបថតមួយសន្លឹកអំពីបុព្វការីជនរបស់បងប្អូន ដែលបានទទួលមរណភាពទៅ ដោយមិនបានទទួលពិធីបុណ្យជ្រមុជទឹកនៅឡើយ ។ សូមប្រាប់កុមារអំពីបុគ្គលរូបនេះ ហើយពន្យល់ថាបុគ្គលរូបនេះត្រូវការជំនួយពីយើងដើម្បីទទួលបុណ្យជ្រមុជទឹក ។
-
សូមសួរកុមារថា តើពួកគេមានសមាជិកគ្រួសារ ដែលបានទៅព្រះវិហារបរិសុទ្ធដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនដែរឬទេ ។ សូមបង្ហាញរូបភាពអាងជ្រមុជទឹកក្នុងព្រះវិហារបរិសុទ្ធមួយ ។ សូមសួរកុមារថា តើពួកគេដឹងថាមានអ្វីកើតឡើងនៅត្រង់នេះឬទេ ។ សូមពន្យល់ថា នៅក្នុងព្រះវិហារបរិសុទ្ធ យើងអាចទទួលពិធីបុណ្យជ្រមុជទឹកជំនួសឲ្យមនុស្សដែលបានទទួលមរណភាពទៅ ដោយពុំបានទទួលពិធីបុណ្យជ្រមុជទឹក ។ បន្ទាប់មក មនុស្សទាំងនោះអាចជ្រើសរើសថា តើនឹងទទួលយកពិធីបុណ្យជ្រមុជទឹកនេះឬអត់ ។
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យខ្ញុំរស់នៅជាមួយទ្រង់ នៅក្នុងនគរសេឡេស្ទាល ។
តើបងប្អូនអាចបង្រៀនកុមារអំពីនគរសេឡេស្ទាល ទេរេសទ្រាល និងទេឡេស្ទាលតាមរបៀបណា ? សកម្មភាពទាំងនេះអាចជួយបាន ។
សកម្មភាពដែលអាចធ្វើបាន
-
សូមសរសេរពាក្យទាំងនេះនៅលើក្តារខៀន សេឡេស្ទាល, ទេរេសទ្រាលនិង ទេឡេស្ទាល ។ សូមជួយកុមារឲ្យនិយាយពាក្យទាំងនេះ ។
-
សូមបង្ហាញរូបភាពព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ ។ សូមអញ្ជើញកុមារឲ្យដាក់រូបទាំងនោះតាមលំដាប់លំដោយ ចេញពីពន្លឺដែលភ្លឺខ្លាំងជាងគេទៅពន្លឺដែលភ្លឺតិចជាងគេ ។ សូមអាន កូរិនថូស ទី១ ១៥:៤០–៤១ ឲ្យកុមារស្តាប់ ( សូមមើលផងដែរ ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ខទី ៤០ ) ។ សូមពន្យល់ថា ព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ តំណាងឲ្យនគរដែលយើងអាចរស់នៅបន្ទាប់ពីយើងរស់ឡើងវិញ ។ នៅក្នុងនគរសេឡេស្ទាល យើងអាចរស់នៅជាមួយព្រះវរបិតាសួគ៌ ។
-
សូមឲ្យសំណៅចម្លងទំព័រសកម្មភាពសប្តាហ៍នេះទៅកុមារដើម្បីផាត់ពណ៌ ។ ខណៈពេលដែលពួកគេកំពុងផាត់ពណ៌ សូមចែកចាយជាមួយពួកគេពីអារម្មណ៍របស់បងប្អូនអំពីព្រះអង្គសង្គ្រោះ និងអ្វីដែលទ្រង់បានធ្វើដើម្បីឲ្យយើងអាចរស់នៅជាមួយព្រះវរបិតាសួគ៌បានម្តងទៀត ។
« ឯព្រះអាទិត្យ នោះមានរស្មីម្យ៉ាងទៅ » ( កូរិនថូស ទី១ ១៥:៤១ ) ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ដោយសារតែព្រះយេស៊ូវគ្រីស្ទ និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ នោះខ្ញុំនឹងរស់ឡើងវិញដែរ ។
តើកុមារដែលបងប្អូនបង្រៀន យល់អំពីសារៈសំខាន់នៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទដែរឬទេ ? គំនិតទាំងនេះអាចនឹងជួយបាន ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអញ្ជើញកុមារឲ្យដាក់វេនគ្នាអានខគម្ពីរនៅក្នុង កូរិនថូស ទី១ ១៥:១២–២២ ដោយស្វែងរកចម្លើយចំពោះសំណួរ « តើមានអ្វីនឹងកើតឡើង ប្រសិនបើគ្មានការរស់ឡើងវិញទេនោះ ? »
-
សូមអញ្ជើញកុមារឲ្យសម្តែងពីរបៀបដើម្បីពន្យល់ពីការមានព្រះជន្មរស់ឡើងវិញទៅកាន់នរណាម្នាក់ ។ ដើម្បីទទួលបានគំនិតបន្ថែម ពួកគេអាចមើលបទចម្រៀងអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្រ្គោះ ដូចជាបទ « តើព្រះយេស៊ូវរស់ឡើងវិញឬ ? »( សៀវភៅចម្រៀងកុមារ ទំព័រ ៤៥ ) ។ សូមមើលផងដែរវីដេអូ « Until We Meet Again » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមថ្លែងទីបន្ទាល់របស់បងប្អូនពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ ។
កូរិនថូស ទី១ ១៥:១២–១៣, ២០–២២, ២៩
ខ្ញុំអាចរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធដើម្បីទទួលបុណ្យជ្រមុជទឹកសម្រាប់មរណជនបាន ។
ពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជនគឺជាការងារនៃសេចក្តីស្រឡាញ់ដ៏គួរឲ្យរីករាយជំនួសឲ្យបុព្វការីជនរបស់យើង ។ តើបងប្អូនអាចជួយកុមារឲ្យរៀបចំខ្លួនដើម្បីចូលរួមនៅក្នុងកិច្ចការនេះដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន កូរិនថូស ទី១ ១៥:២៩ ។ តើពួកបរិសុទ្ធនៅជំនាន់របស់ប៉ុលបានធ្វើអ្វី ដែលសព្វថ្ងៃនេះយើងក៏ធ្វើកិច្ចការនោះដែរ ? សូមសួរកុមារអំពីមូលហេតុដែលយើងត្រូវទទួលពិធីបុណ្យជ្រមុជទឹកជំនួសមរណជន ។ ប្រសិនបើចាំបាច់ សូមពន្យល់ថា បុព្វការីជនរបស់យើងភាគច្រើន ពុំបានមានឱកាសទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ទេនៅក្នុងជិវិតនេះ ។ នៅក្នុងព្រះវិហារបរិសុទ្ធ យើងអាចធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជំនួសពួកគាត់បាន ។
-
ពីរបីថ្ងៃមុនពេលចូលរៀន សូមស្នើសុំទៅឪពុកម្តាយរបស់កុមារ ឲ្យជួយកូនរបស់ពួកគាត់រៀបចំខ្លួនដើម្បីចែកចាយពីមែកធាងគ្រួសារ ឬប្រាប់ពីដំណើររឿងអំពីបុព្វការីជនម្នាក់ ។ បងប្អូនក៏អាចចែកចាយអំពីបុព្វការីជនរបស់បងប្អូនបានដែរ ។
-
សូមអញ្ជើញសមាជិកម្នាក់ពីគណៈប៊ីស្សព ឬយុវវ័យនៅក្នុងវួដរបស់បងប្អូនឲ្យឡើងចែកចាយពីអ្វីដែលកុមារអាចធ្វើបាន ដើម្បីរៀបចំខ្លួនចូលព្រះវិហារបរិសុទ្ធ ។ សូមកុមារឲ្យបន្ថែមគំនិតរបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យដាក់គោលដៅដើម្បីទៅព្រះវិហារបរិសុទ្ធនៅថ្ងៃណាមួយ ។
បន្ទាប់ពីខ្ញុំរស់ឡើងវិញ នោះខ្ញុំអាចរស់នៅក្នុងនគរសេឡេស្ទាល ។
ដើម្បីបង្រៀនពួកកូរិនថូសអំពីរូបកាយ ដែលយើងទទួលបាននៅពេលរស់ឡើងវិញ ប៉ុលបានលើកឡើងអំពីកម្រិតនៃសិរីល្អទាំងបីមានដូចជា ៖ សេឡេស្ទាល ទេរេសទ្រាល និងទេឡេស្ទាល ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន កូរិនថូស ទី១ ១៥:៤០–៤១ រួចអញ្ជើញកុមារម្នាក់ឲ្យគូររូបព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ នៅលើក្ដារខៀន ។ សូមស្នើសុំឲ្យកុមារក្នុងថ្នាក់រកមើលថា តើរូបកាយដែលបានរស់ឡើងវិញមួយណាដែលតំណាងឲ្យរូបគំនូរនីមួយៗ ។
-
សូមច្រៀងបទចម្រៀងមួយបទដែលទាក់ទងនឹងប្រធានបទនេះជាមួយគ្នា ដូចជាបទ « ព្រះបានប្រទានវិហារឲ្យខ្ញុំ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៧៣ ) ។ ឬបង្ហាញវីដេអូ « Our Eternal Life » ( នៅលើគេហទំព័រChurchofJesusChrist.org ) ។ តើបទចម្រៀង ឬវីដេអូនេះបង្រៀនយើងអ្វីខ្លះ អំពីការរៀបចំខ្លួនរស់នៅក្នុងសិរីល្អនៃសេឡេស្ទាល ?
-
សូមពន្យល់ថា យ៉ូសែប ស៊្មីធ បានមានការនិមិត្តមួយ ដែលក្នុងការនិមិត្តនោះ លោកបានឃើញនគរចំនួនបី ដែលត្រូវទៅនឹងប្រភេទរូបកាយដែលប៉ុលបានពិពណ៌នា ។ សូមជួយកុមារឲ្យស្វែងរកឃ្លាចេញពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥០–៥៣, ៧០; ៧៦:៧១–៧៩; ៧៦:៨១–៨២ ដែលពិពណ៌នាអំពីនគរទាំងបីនេះ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យសូមឪពុកម្ដាយរបស់ពួកគេ ប្រាប់រឿងមួយអំពីបុព្វការីជនម្នាក់របស់ពួកគេ ។ ពួកគេអាចចែកចាយរឿងនោះ ជាមួយមិត្តរួមថ្នាក់នៅសប្ដាហ៍ក្រោយ ។
ការកែលម្អការបង្រៀនរបស់យើង
លើកទឹកចិត្តកុមារឲ្យសួរសំណួរ ។ « សូមព្យាយាមដើម្បីមើលទៅសំណួរ [ របស់កុមារ ] ថាជាឱកាស ពុំមែនជាការរំខាន ឬជាការបង្អាក់មេរៀនរបស់បងប្អូនឡើយ ។… សំណួរដូច្នេះផ្ដល់ដល់បងប្អូននូវគំនិតយោបល់ដ៏មានតម្លៃទៅលើអ្វីដែលកុមារតូចៗកំពុងគិត កង្វល់ដែលពួកគេមាន និងរបៀបដែលពួកគេកំពុងឆ្លើយតបចំពោះរឿងដែលពួកគេកំពុងរៀន ។ សូមជួយពួកគេឲ្យមើលឃើញថា ចម្លើយចំពោះសំណួររបស់ពួកគេអាចរកបាននៅក្នុងបទគម្ពីរ និងពាក្យសម្ដីរបស់ពួកព្យាការីនៅរស់ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ២៥–២៦ ) ។