ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ១៨–២៤ ខែ កញ្ញា ។ កូរិនថូស ទី២ ៨–១៣ ៖ « ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នកណា​ដែល​ថ្វាយ​ដោយ​អំណរ »


« ថ្ងៃទី ១៨–២៤ ខែ កញ្ញា ។ កូរិនថូស ទី២ ៨–១៣ ៖ ‹ ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នកណា​ដែល​ថ្វាយ​ដោយ​អំណរ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១៨–២៤ ខែ កញ្ញា ។ កូរិនថូស ទី២ ៨–១៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

រូបភាព
ព្រះយេស៊ូវ​កំពុង​មាន​ព្រះបន្ទូល​ទៅ​កាន់​កុមារ​តូច

ថ្ងៃទី ១៨–២៤ ខែ កញ្ញា

កូរិនថូស ទី២ ៨–១៣

« ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នកណា​ដែល​ថ្វាយ​ដោយ​អំណរ »

យោបល់​ដ៏​ល្អ​បំផុត​សម្រាប់​ការបង្រៀន​កុមារ​នៅ​ក្នុង​ថ្នាក់​របស់​បងប្អូន​នឹង​កើត​មាន នៅពេល​បងប្អូន​សិក្សា​ប្រកប​ដោយ​ការអធិស្ឋាន​នៅ​ក្នុង កូរិនថូស ទី២ ៨–១៣ ដោយ​គិត​ដល់​ពួកគេ​នៅ​ក្នុង​ចិត្ត ។ គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​អាច​រកបាន​នៅក្នុង​គម្រោង​នេះ ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

របៀប​មួយ​ដើម្បី​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ គឺ​ត្រូវ​រំឭក​ពួកគេ​អំពី​អ្វី​ដែល​បងប្អូន​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ កាល​ពី​មេរៀន​មុន ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

កូរិនថូស ទី២ ៩:៦–៧

ខ្ញុំ​អាច​ផ្ដល់​ឲ្យ​ដល់​អ្នក​ខ្វះខាត​ដោយ​អំណរ ។

វា​តែងតែ​ជា​រឿង​ល្អ​ជានិច្ច​ដើម្បី​បម្រើ​មនុស្សដទៃ ប៉ុន្តែ​វា​កាន់តែ​ប្រសើរ​ទៅ​ទៀត​ដែល​ត្រូវ​បម្រើ​ដោយ​អំណរ ។ សូម​ពិចារណា​អំពី​អ្វី​ដែល​នឹង​បំផុសគំនិត​កុមារ​ម្នាក់ៗ​ឲ្យ​ធ្វើ​ជា « អ្នក​ដែល​ថ្វាយ​ដោយ​អំណរ » ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​អាន​តាម​ឃ្លា « ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នកណា​ដែល​ថ្វាយ​ដោយ​អំណរ » ( កូរិនថូស ទី២ ៩:៧ ) នេះ​សាឡើងវិញ ។ តើ​ការធ្វើ​ជា « អ្នក​ដែល​ថ្វាយ​ដោយ​អំណរ » មាន​ន័យ​ដូចម្ដេច ? សូម​បង្ហាញ​រូបភាព​មុខ​រីករាយ និង​មុខ​ក្រៀមក្រំ រួច​សួរ​កុមារ​ថា តើ​រូប​ណា​មួយ​ដែល​ជា​អ្នក​ដែល​ថ្វាយ​ដោយ​អំណរ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពីការបម្រើ ដូចជា​បទ « ពេល​យើង​ជួយ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១០៨ ) ឲ្យ​បាន​ច្រើនដង ។ លើក​ទី​មួយ សូម​ឲ្យ​កុមារ​ច្រៀង​ដោយ​អំណរ បន្ទាប់​មក​ឲ្យ​ពួកគេ​ច្រៀង​ដោយ​ប្រើ​អារម្មណ៍ ឬ​ឥរិយាបថ​ផ្សេងៗ ដូចជា ក្រៀមក្រំ នឿយហត់ ខឹង ឬ​ភ័យខ្លាច ។ សូម​រំឭក​កុមារ​ថា ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​យើង​ជួយ​មនុស្សដទៃ​ដោយ​មាន​ចិត្ត​រីករាយ ។ បន្ទាប់​មក សូម​ច្រៀង​ចម្រៀង​នោះ​ម្ដង​ទៀត​ដោយ​អំណរ ។

  • សូម​ជួយ​កុមារ​ឲ្យ​ធ្វើ​រូបភាព​មុខញញឹម និង​មុខ​ក្រញ៉ូវ ។ សូម​ឲ្យ​ពួកគេ​លើក​រូបភាព​មុខ​ញញឹម​របស់​ពួកគេ​ឡើង នៅពេល​ពួកគេ​ឮពាក្យ ញញឹមការញញឹម កាល​ដែល​ពួកគេ​ច្រៀង​បទ « ញញឹម » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១២៨ ) ។ ពួកគេ​អាច​ធ្វើ​ដូចគ្នា​នេះ​ជាមួយ​រូបភាព​មុខ​ក្រញ៉ូវ និង​ពាក្យ ក្រញ៉ូវ និង មុខក្រញ៉ូវ ។ សូម​ជួយ​កុមារ​ឲ្យ​ស្គាល់​ថាតើ​មុខ​មួយណា​ដែល​រីករាយ និង​មុខ​មួយណា​ដែល​មិនរីករាយ ។ សូម​ពន្យល់ថា របៀប​មួយ​ដើម្បី​រីករាយ និង​បម្រើ​អ្នក​ដទៃ គឺ​ត្រូវ​ញញឹម និង​ជួយ​អ្នក​ដទៃ​ឲ្យ​ញញឹម ។

  • សូម​ដាក់​ផែនការ​ធ្វើ​សកម្មភាព​ក្នុង​ថ្នាក់​មួយ​ដើម្បី​បម្រើ​នរណាម្នាក់ ដូចជា កុមារ​ម្នាក់​ដែល​ពុំ​មក​អង្គការ​បឋមសិក្សា ឬ​សមាជិក​វួដ​ម្នាក់ ឬ​អ្នកជិត​ខាង​ម្នាក់​ដែល​ត្រូវការ​ជំនួយ ។ បងប្អូន​អាច​ដាក់​ផែនការ​ទៅ​សួរសុខទុក្ខ​សមាជិក​ម្នាក់​នោះ​ដល់​ផ្ទះ សរសេរ​សំបុត្រ​ខ្លី ឬ​គូរ​រូប ឬ​ចម្អិន​អាហារ​ទៅ​ជូន​គាត់ ។

  • សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​ដាក់​ផែនការ​សកម្មភាព​បម្រើ​ដោយ​អំណរ ដល់​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​របស់​ពួកគេ ។ អំឡុង​ការបង្រៀន​នៅ​សប្ដាហ៍​ក្រោយ សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ។

កូរិនថូស ទី២ ១២:៧–១០

ព្រះវរបិតាសួគ៌​តែងតែ​ឆ្លើយតប​ការអធិស្ឋាន​ជានិច្ច ប៉ុន្តែ​មិនតែងតែ​ឆ្លើយតាម​អ្វី​ដែល​យើង​រំពឹងទុក​នោះទេ ។

បទពិសោធន៍​របស់​ប៉ុល​អំពី​ការអធិស្ឋាន​ដើម្បី​ឲ្យ « បន្លា​មួយ​ចាត់មក​ក្នុង​សាច់ឈាម » ត្រូវ​ដកយក​ចេញ បង្រៀន​យើង​ថា​នៅពេល​ខ្លះ ព្រះ​ពង្រឹង​យើង​នៅក្នុង​ឧបសគ្គ​របស់​យើង ជាជាង​ដក​យក​ឧបសគ្គ​នោះ​ចេញ​ពី​យើង ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​ដល់​កុមារ​នូវ​រុក្ខជាតិ​មាន​បន្លា​មួយ​ដើម ( ឬ​រូបភាព​រុក្ខជាតិ​បែប​នេះ​មួយ ) ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្រមៃ​ថា តើ​ពួកគេ​មាន​អារម្មណ៍​បែប​ណា ប្រសិនបើ​មាន​បន្លា​មួយ​ចាក់​ជាប់​នៅ​ក្នុង​ស្បែក​របស់​ពួកគេ​រយៈ​ពេល​យូរ​នោះ ។ សូម​សង្ខេប កូរិនថូស ទី២ ១២:៧–១០ ឲ្យ​កុមារ​ស្តាប់ ដោយ​ពន្យល់​ថា « បន្លា​មួយ​ចាត់មក​ក្នុង​សាច់ឈាម » របស់​ប៉ុល គឺជា​ឧបសគ្គ​មួយ គឺជា​អ្វីមួយ​ដែល​លំបាក​សម្រាប់​ជីវិត​របស់​លោក ។ ទោះជា​ប៉ុល​បាន​ទូល​សូម​ព្រះ​ឲ្យ​ដក​យក​ការសាកល្បង​នោះ​ចេញ​ក៏​ដោយ ក៏​ព្រះ​ពុំ​បាន​យក​វា​ចេញ​ដែរ ។ ផ្ទុយទៅវិញ ព្រះ​បាន​ត្រាស់​បង្រៀន​ប៉ុល​ថា ឧបសគ្គ​នានា​អាច​ជួយ​យើង​ឲ្យ​រៀន​ដើម្បី​មាន​ភាពរាបសា ហើយ​ទុកចិត្ត​លើ​ទ្រង់ ។ បន្ទាប់​មក ព្រះ​អាច​ធ្វើ​ឲ្យ​យើង​មាន​ភាពរឹងមាំ​បាន ។

  • សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​ទ្រង់​ញាណដឹង​អំពី​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង ហើយ​ទ្រង់​នឹង​ប្រទាន​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវការ ទោះជា​វា​មិនមែន​ជា​អ្វី​ដែល​យើង​គិត​ថា យើង​ត្រូវការ​វា​ក៏​ដោយ ។ បងប្អូន​ក៏​អាច​នឹង​ចែកចាយ​បទពិសោធន៍​មួយ នៅ​ពេល​ដែល​ការអធិស្ឋាន​របស់​បងប្អូន​ត្រូវបាន​ឆ្លើយ​តប​នៅ​តាម​របៀប ឬ​ពេល​មួយ​ដែល​ខុស​ពី​ការរំពឹងទុក​របស់​បងប្អូន​ផងដែរ ។ ដំណើររឿង​ដូចជា « The Diabetes Dilemma » ( Friend ខែ កញ្ញា ឆ្នាំ ២០១៩ ទំព័រ ៤–៥ ) ឬ « Please Bless Ace » ( Friend ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៣២–៣៣ ) ក៏​អាច​ជួយ​បាន​ផងដែរ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ការអធិស្ឋាន​ជា​មួយ​កុមារ ដូច​ជា​បទ « ការអធិស្ឋាន​របស់​កុមារ »សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦–៧ ) ។ សូម​សួរ​កុមារ​ថា តើ​ពួកគេ​នឹង​ថ្លែង​ដូចម្ដេច ទៅ​កាន់​នរណាម្នាក់​ដែល​ឆ្ងល់​ថា តើ​ព្រះវរបិតាសួគ៌​ទ្រង់​ព្រះសណ្ដាប់ ហើយ​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ពួកគេ​ដែរ​ឬ​អត់ ។ សូម​ច្រៀង​ចម្រៀង​នោះ​ម្ដង​ទៀត រួច​ចង្អុល​បង្ហាញ​ឃ្លា​ដែល​ពិពណ៌នា​អំពី​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌​ចំពោះ​យើង ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

កូរិនថូស ទី២ ៩:៦–៩

ខ្ញុំ​អាច​ផ្ដល់​ឲ្យ​ដល់​អ្នក​ខ្វះខាត​ដោយ​អំណរ ។

ប៉ុល​ចង់​បំផុសគំនិត​ពួកបរិសុទ្ធ​ឲ្យ​ផ្ដល់​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ដើម្បី​ជួយ​ដល់​ជនក្រីក្រ ។ តើ​បងប្អូន​នឹង​ប្រើ​ពាក្យពេចន៍​របស់​លោក ដើម្បី​បំផុស​គំនិត​កុមារ​ឲ្យ​បម្រើ​មនុស្សដទៃ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​សរសេរ​ពាក្យ​នានា​នៅ​ក្នុង កូរិនថូស ទី២ ៩:៧ នៅ​លើ​ក្ដារខៀន ដោយ​ទុក​ចន្លោះ​សម្រាប់​ពាក្យគន្លឹះ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ទាយ​ថា តើ​ពាក្យ​ដែល​នៅ​ចន្លោះ​នោះ​គឺ​ជា​អ្វី ។ បន្ទាប់​មក សូម​ឲ្យ​ពួកគេ​អាន​ខគម្ពីរ​នោះ​ដើម្បី​បំពេញ​ចន្លោះ ។ តើ​ការផ្ដល់​ឲ្យ « ដោយ​ស្តាយ ឬ​ដោយ​បង្ខំ » មាន​ន័យ​ដូចម្ដេច ? តើ​ការធ្វើ​ជា « អ្នក​ដែល​ថ្វាយ​ដោយ​អំណរ » មាន​ន័យ​ដូចម្ដេច ?

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ជួយ​បងប្អូនស្វែងរក​រូបភាព ដែល​បង្ហាញ​ព្រះអង្គ​សង្គ្រោះ​បម្រើ​មនុស្សដទៃ ( មាន​មួយ​ចំនួន​នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ) ។ សូម​សួរ​ថា តើ​ពួកគេ​ឃើញ​អ្វី​នៅ​ក្នុង​រូបភាព​ទាំងនេះ ដែល​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា ព្រះយេស៊ូវ​បាន​បម្រើ​មនុស្សដទៃ​ដោយ​សេចក្ដីស្រឡាញ់ ។ សូម​ដាក់​គោលដៅ​ជាមួយ​កុមារ​ទាំងអស់ ដើម្បី​និយាយ​ថា បាទ/ចាស នៅ​ពេល​មាន​សមាជិក​គ្រួសារ ឬ​មនុស្សដទៃទៀត​ស្នើសុំ​ឲ្យ​យើង​បម្រើ​នៅ​សប្ដាហ៍​ក្រោយ ដូចជា​តាមរយៈ​ការជួយ​ធ្វើ​ការងារ​ជុំវិញ​ផ្ទះ ឬ​ការមើលថែ​មនុស្សដទៃ ។

  • សូម​ជួយ​កុមារ​ឲ្យ​លាបពណ៌​ដុំ​ថ្ម​តូចៗ ។ សូម​ពន្យល់ថា​ទាំងនេះ​គឺជា « ដុំថ្ម​នៃ​ការបម្រើ » ដែល​ពួកគេ​អាច​ដាក់​នៅក្នុង​ហោប៉ៅ​របស់​ពួកគេ​នៅ​សប្តាហ៍​នេះ ដើម្បី​ជួយ​ពួកគេ​ចងចាំ​ឲ្យ​បម្រើ​ដល់​អ្នកដទៃ​ដោយ​អំណរ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជា​មួយគ្នា​បទ​អំពី​ការបម្រើ ដូចជា​បទ « សប្បាយ​ធ្វើការ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១២៩ B ) ។ សូម​ជួយ​កុមារ​ឲ្យ​គិត​ពី​ឃ្លា​ថ្មីៗ​នៃ​បទ​ដែល​ពិពណ៌នា​អំពី​របៀប​ផ្សេងៗ​ដើម្បី​បម្រើ​អ្នក​ដទៃ ។

កូរិនថូស ទី២ ១២:៧–១០

ព្រះវរបិតាសួគ៌​តែងតែ​ឆ្លើយ​ការអធិស្ឋាន​ជានិច្ច ប៉ុន្តែ​មិនតែងតែ​ប្រទាន​ឲ្យ​ខ្ញុំ​នូវ​អ្វី​ដែល​ខ្ញុំ​ទូលសូម​នោះទេ ។

ប៉ុល​បាន​ទូលសូម​ឲ្យ​ព្រះ​ដកចេញ​នូវ​ភាព​ទន់ខ្សោយ​របស់​លោក ប៉ុន្តែ​ព្រះ​បាន​ញាណ​ដឹងថា ភាពទន់ខ្សោយ​របស់​ប៉ុល​នឹង​ធ្វើ​ឲ្យ​លោក​បន្ទាបខ្លួន ហើយ​ព្រះ​នឹង​ធ្វើ​ឲ្យ​លោក​រឹងមាំ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ប្រៀបធៀប កូរិនថូស ទី២ ១២:៩–១០ និង អេធើរ ១២:២៧ ។ តើ​ពាក្យ ឬ​ឃ្លា​អ្វីខ្លះ​ដែល​ត្រូវបាន​ថ្លែង​ច្រើន​ដង ? តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​អ្វី ? ( បងប្អូន​អាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ប៉ុល​បាន​ប្រៀបធៀប​ឧបសគ្គ​របស់​លោក​ទៅ​នឹង​បន្លា​នៅ​ក្នុង​ស្បែក​របស់​លោក ) ។ តើ​ព្រះ​បាន​ត្រាស់បង្រៀន​ប៉ុល​ដូចម្ដេច​ខ្លះ​អំពី​ការសាកល្បង ?

  • សូម​អញ្ជើញ​កុមារ​ឲ្យ​សរសេរ​ការសាកល្បង​មួយ​ចំនួន ដែល​មនុស្ស​មាន​នៅក្នុង​ជីវិត​នេះ ។ សូម​ជួយ​ពួកគេ​ឲ្យ​ពិចារណា​ពី​របៀប​ដែល​នរណា​ម្នាក់​អាច​រៀន​អំពី​ឧបសគ្គ​ទាំងនេះ ហើយ​ទទួលបាន​ពរជ័យ​ពី​ការសាកល្បង​ទាំងនេះ ។

  • សូម​អាន​ជាមួយ​កុមារ​នូវ​អត្ថបទ « The Diabetes Dilemma » ( Friend ខែ កញ្ញា ឆ្នាំ ២០១៩ ទំព័រ ៤–៥ ) ។ សូម​ឲ្យ​កុមារ​ចែកចាយ​បទពិសោធន៍​នានា នៅ​ពេល​ពួកគេ​អធិស្ឋាន​ទូលសូម​អ្វី​មួយ ហើយ​ពុំ​បាន​ទទួល​វា ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ចេញពី​បទពិសោធន៍​របស់​ពួកគេ ។ បងប្អូន​ក៏​អាច​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​ផងដែរ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​តែងតែ​ឆ្លើយតប​ការអធិស្ឋាន​របស់​យើង​ជានិច្ច ទៅ​តាម​របៀប និង​ពេលវេលា​ដែល​នឹង​ប្រទានពរ​ដល់​យើង​ច្រើន​បំផុត ។

រូបភាព
រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​ជា​អ្នក​ផ្ដល់​ដោយ​អំណរ​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​នៅ​សប្ដាហ៍​នេះ ហើយ​ត្រឡប់​មក​ថ្នាក់​វិញ​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​រាយការណ៍​អំពី​របៀប​ដែល​ពួកគេ​បាន​បម្រើ​ដល់​មនុស្ស​ដែល​ត្រូវការ​ជំនួយ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ប្រឈម​មុខ​នឹង​ការរំខាន​ដោយ​សេចក្ដី​ស្រឡាញ់ ។ « ពេល​ខ្លះ កុមារ​ម្នាក់​ធ្វើ​ទង្វើ​ដែល​រំខាន​ដល់​ការ​រៀន​របស់​កុមារ​ផ្សេងទៀត​នៅក្នុង​ថ្នាក់ ។ នៅពេល​រឿង​នេះ​កើតឡើង ចូរ​អត់ធ្មត់ ស្រឡាញ់ ហើយ​យល់​អំពី​ឧបសគ្គ​នានា​ដែល​កុមារ​នោះ​កំពុង​ប្រឈមមុខ ។ … ប្រសិន​បើ​កុមារ​ដែល​ធ្វើ​ការរំខាន​នោះ​មាន​តម្រូវ​ការពិសេស ចូរ​និយាយ​នឹង​អ្នក​ជំនាញ​ពិការភាព​របស់​វួដ ឬ​ស្ដេក ឬ​ចូល​ទៅ​គេហទំព័រ [ disabilities.ChurchofJesusChrist.org ] ដើម្បី​ស្វែងរក​របៀប​ដែល​បងប្អូន​អាច​បំពេញ​តម្រូវការ​ទាំង​នោះ​បាន​កាន់តែ​ល្អ​ប្រសើរ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៦ ) ។

បោះពុម្ព