ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ២៨ ខែ សីហា–ថ្ងៃទី ៣ ខែ កញ្ញា ។ កូរិនថូស ទី១ ៨–១៣ ៖ « អ្នករាល់គ្នា​ជា​រូបកាយ​នៃ​ព្រះគ្រីស្ទ »


« ថ្ងៃទី ២៨ ខែ សីហា–ថ្ងៃទី ៣ ខែ កញ្ញា ។ កូរិនថូស ទី១ ៨–១៣ ៖ ‹ អ្នករាល់គ្នា​ជា​រូបកាយ​នៃ​ព្រះគ្រីស្ទ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២៨ ខែ សីហា–ថ្ងៃទី ៣ ខែ កញ្ញា ។ កូរិនថូស ទី១ ៨–១៣ » ចូរ​មក​តាមខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

រូបភាព
ការប្រជុំ​សាក្រាម៉ង់

ថ្ងៃទី ២៨ ខែ សីហា–ថ្ងៃទី ៣ ខែ កញ្ញា

កូរិនថូស ទី១ ៨–១៣

« អ្នករាល់គ្នា​ជា​រូបកាយ​នៃ​ព្រះគ្រីស្ទ »

នៅ​ពេល​បងប្អូន​អាន កូរិនថូស ទី១ ៨–១៣ សូម​ស្ដាប់​រក​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​អំពី​របៀប ដើម្បី​បង្រៀន​គោលការណ៍​ទាំងឡាយ​នៅ​ក្នុង​ជំពូក​ទាំងនេះ ។ សូម​ចងចាំថា រាល់​គំនិត​សកម្មភាព​នានា​អាច​បត់បែន​បាន​សម្រាប់​ទាំង​កុមារ​ធំៗ និង​កុមារ​តូចៗ ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អ្វីមួយ ដែល​ពួកគេ​បាន​ធ្វើ​នៅអំឡុង​ពេល​ការប្រជុំ​សាក្រាម៉ង់​ដើម្បី​គិត​អំពី​ព្រះយេស៊ូវ ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

កូរិនថូស ទី១ ១០:១៣

ព្រះវរបិតាសួគ៌​នឹង​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​ការជ្រើសរើស​សុចរិត ។

វា​មិនមែន​ងាយស្រួល​ជានិច្ចនោះ​ទេ​ដើម្បី​ជ្រើសរើស​ត្រឹមត្រូវ ហើយ​ព្រះវរបិតា​សួគ៌​ទ្រង់​ញាណ​ដឹង​អំពី​រឿង​នោះ ។ នៅពេល​យើង​ទូលសូម នោះ​ទ្រង់​នឹង​ជួយ​យើង ពីព្រោះ​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ទទួល​បាន​ជោគជ័យ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន កូរិនថូស ទី១ ១០:១៣ ដល់​កុមារ ដោយ​អញ្ជើញ​ពួកគេ​ឲ្យ​គ្រវី​ក្បាល​របស់​ពួកគេ នៅពេល​ពួកគេ​ឮពាក្យ​ថា « ត្រូវ​ល្បួង » ឬ « សេចក្តី​ល្បួង » ។ សូម​ពន្យល់​ពី​អត្ថន័យ​នៃ​ខគម្ពីរ​នេះ​ចំពោះ​បងប្អូន ។

  • សូម​ប្រាប់​ដំណើររឿង​ខ្លះៗ​ដោយ​សង្ខេបៗ​អំពី​ប្រជាជន ដែល​ហៀប​នឹង​ធ្វើការ​ជ្រើសរើស​ខុស ។ កាល​ដែល​កុមារ​ស្តាប់ សូម​អញ្ជើញ​ពួកគេ​ឲ្យ​លើកដៃ​របស់​ពួកគេ​ឡើង ឬ​ក្រដាស​ស្លាកសញ្ញា​ឈប់ នៅពេល​មាន​មនុស្ស​ម្នាក់​នៅក្នុង​ដំណើររឿង​នេះ​ធ្វើការ​ជ្រើសរើស​ខុស ។ តើ​អ្វីទៅ​ដែល​នឹង​ជា​ការជ្រើសរើស​ត្រឹមត្រូវ​នោះ ? សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​នឹង​ជួយ​យើង​ឲ្យ​ជ្រើសរើស​ត្រឹមត្រូវ ។

  • សូម​បង្ហាញ​រូបភាព​របស់​ព្រះ​យេស៊ូវ និងច្រៀង​ចម្រៀង​មួយ​បទ​ជាមួយ​កុមារ​អំពីទ្រង់ ដូចជា​បទ « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះ​យេស៊ូវ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤០–៤១ ) ។ សូម​និយាយ​អំពី​របៀប​ដែល​ការចងចាំ​ដល់​ព្រះយេស៊ូវ ជួយ​បងប្អូន​ឲ្យ​ធ្វើ​ការជ្រើសរើស​ត្រឹមត្រូវ ។ សូម​បង្ហាញ​រូបភាព​នៃ​អ្វី​ផ្សេង​ទៀត ដែល​ជួយ​យើង​ឲ្យ​ជ្រើសរើស​ត្រឹមត្រូវ ដូចជា​ឪពុកម្ដាយ ឬ​ព្រះគម្ពីរ ។ សូម​សួរ​កុមារ​ថា តើ​អ្វី​ដែល​ជួយ​ពួកគេ​ឲ្យ​ជ្រើសរើស​ត្រឹមត្រូវ ?

កូរិនថូស ទី១ ១២:៤, ៧–១២

ព្រះវរបិតាសួគ៌​បាន​ប្រទានពរ​ខ្ញុំ​ឲ្យ​មាន​អំណោយទាន​ខាង​វិញ្ញាណ ។

ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​អំណោយទាន​ខាង​វិញ្ញាណ​ដល់​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់ ។ តើ​អំណោយទាន​ខាង​វិញ្ញាណ​ណា​ខ្លះ ដែល​បងប្អូន​ឃើញ​ថា​កុមារ​ដែល​បងប្អូន​បង្រៀន​នោះ​មាន ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​គូរ​រូប​អំណោយទាន​ដែល​ពួកគេ​ចូលចិត្ត ហើយ​បាន​ទទួល ។ សូម​ពន្យល់​ថា ព្រះវរបិតាសួគ៌​ប្រទាន​ឲ្យ​យើង​នូវ​អំណោយទាន​ខាង​វិញ្ញាណ ដើម្បី​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង ហើយ​ជួយ​យើង​ឲ្យ​ផ្ដល់​ពរជ័យ​ដល់​មនុស្សដទៃ ។ សូម​ចែកចាយ​ជាមួយ​កុមារ​នូវ​អំណោយទាន​ខាង​វិញ្ញាណ​មួយ​ចំនួន ដែល​បាន​ពិពណ៌នា​នៅក្នុង កូរិនថូស ទី១ ១២:៧–១១ ។

  • សូម​សរសេរ​សារខ្លី​មួយ​សម្រាប់​កុមារ​ម្នាក់ៗ ដោយ​ពិពណ៌នា​ពី​អំណោយទាន​ខាង​វិញ្ញាណ​ដែល​បងប្អូន​បានឃើញ​កុមារា ឬ​កុមារី​នោះ​មាន ( ឬ​បងប្អូន​អាច​អញ្ជើញ​ឪពុកម្តាយ​ឲ្យ​សរសេរ​សារខ្លី​ទាំងនេះ​បាន ) ។ សូម​ដាក់​សារខ្លីៗ​ទាំងនោះ​នៅក្នុង​ស្រោម​សំបុត្រ ។ សូម​អនុញ្ញាត​ឲ្យ​កុមារ​បើក​ស្រោមសំបុត្រ​នោះ ហើយ​ជួយ​ពួកគេ​ឲ្យ​អាន​អំពី​អំណោយទាន​ខាង​វិញ្ញាណ​របស់​ពួកគេ ។

រូបភាព
កញ្ចប់​កាដូ

ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​អំណោយទាន​ខាង​វិញ្ញាណ​ដល់​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់ ។

កូរិនថូស ទី១ ១៣

ខ្ញុំ​អាច​ស្រឡាញ់​មនុស្សដទៃ​បាន ។

បទគម្ពីរ​បង្រៀន​ថា​សេចក្តី​សប្បុរស​គឺ​ជា « សេចក្តី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » ( មរ៉ូណៃ ៧:៤៧ ) ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​អភិវឌ្ឍ ហើយ​បង្ហាញ​សេចក្ដីស្រឡាញ់​ដូច​ព្រះគ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន កូរិនថូស ទី១ ១៣:១៣ និង មរ៉ូណៃ ៧:៤៧ ហើយ​ជួយ​កុមារ​ឲ្យ​និយាយ​សាឡើងវិញ​នូវ​ឃ្លា « សេចក្ដី​សប្បុរស​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ » ។ សូម​បង្ហាញ​រូបភាព​របស់​ព្រះ​យេស៊ូវ​កំពុង​បង្ហាញ​សេចក្តីស្រឡាញ់ និង​ព្រះទ័យ​យកចិត្ត​ទុកដាក់ ហើយ​សូម​សួរ​កុមារ​ពី​របៀប​ដែល​ទ្រង់​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​អ្នក​ដទៃ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ទុក​ជាគំនិត ) ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ការស្រឡាញ់​អ្នកដទៃ ដូចជា​បទ « ព្រះយេស៊ូវ​មាន​បន្ទូលថា​ស្រឡាញ់​មនុស្ស​គ្រប់រូប » ឬ « ចូរ​អ្នក​ស្រឡាញ់​គ្នា » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៣៩, ៧៤ ) ជាមួយ​កុមារ ។ សូម​បង្ហាញ​រូបភាព​មនុស្ស​ផ្សេងៗគ្នា ( ដូចជា ឪពុក​ម្តាយ បងប្អូន គ្រូបង្រៀន ឬ​មិត្តភក្តិ ) ហើយ​សូម​ឲ្យ​កុមារ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​អាច​បម្រើ​ដល់​បុគ្គល​នោះ​បាន ។ សូម​អញ្ជើញ​កុមារ​ឲ្យ​គិត​ពីនរណា​ម្នាក់​ដែល​ពួកគេ​អាច​បម្រើ​បាន ហើយ​បន្ទាប់មក​សូម​កត់ត្រា ឬ​គូររូបភាព​មួយ​ដើម្បី​ជូន​ទៅ​បុគ្គល​នោះ ។ ប្រសិនបើ​ពួកគេ​ត្រូវការ​គំនិត​ផ្សេងទៀត​អំពី​របៀប​ដើម្បី​បម្រើ សូម​បង្ហាញ​វីដេអូ « Pass It On » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

កូរិនថូស ទី១ ១០:១៣

ព្រះវរបិតាសួគ៌​នឹង​ជួយ​ខ្ញុំ​ឲ្យ​តទល់​នឹង​ការល្បួង ។

សេចក្តីសន្យា​នៅក្នុង​ខគម្ពីរ​នេះ​អាច​ផ្តល់​ទំនុកចិត្ត​ដល់​កុមារ​ថា ពួកគេ​អាច​តទល់​នឹង​ការល្បួង​ដោយ​មាន​ជំនួយ​របស់​ព្រះវរបិតាសួគ៌ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ជួយ​កុមារ​ឲ្យ​អាន កូរិនថូស ទី១ ១០:១៣ ជាមួយ​ដៃគូ រួច​សង្ខេប​ខគម្ពីរ​នោះ​ដោយ​ប្រើ​ពាក្យ​ពេចន៍​របស់​គេ​ផ្ទាល់ខ្លួន ។ សូម​ឲ្យ​កុមារ​ចែកចាយ​បទពិសោធន៍​មួយ ដែល​ព្រះវរបិតាសួគ៌​បាន​ជួយ​ពួកគេ​ឲ្យ​ចៀសវាង ឬ​តតាំង​នឹង​ការល្បួង ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ពឹងផ្អែក​ទៅ​លើ​ព្រះវវបិតាសួគ៌ នៅ​ពេល​យើង​ត្រូវបាន​ល្បួង ?

  • សូម​សរសេរ​នៅ​លើ​ក្រដាស​តូចៗ អំពី​ការល្បួង​នានា​ដែល​កុមារ​អាច​នឹង​ប្រឈម​មុខ​នា​ពេល​បច្ចុប្បន្ន​នេះ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​រើស​យក​ក្រដាស​មួយ រួច​ចែកចាយ​អំពី​អ្វី​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ឲ្យ​យើង ដើម្បី​ជួយ​យើង​ឲ្យ​ចៀសវាង ឬ​តតាំង​នឹង​ការល្បួង​ទាំងនេះ ។ ដើម្បី​បាន​យោបល់​មួយ​ចំនួន សូម​អាន​ទាំងអស់​គ្នា​នៅ​ក្នុង អាលម៉ា ១៣:២៨–២៩ ។

កូរិនថូស ទី១ ១១:២៣–២៩

នៅអំឡុង​ពិធី​សាក្រាម៉ង់ ខ្ញុំ​អាច​គិត​អំពី​របៀប​ដែល​ខ្ញុំ​នឹង​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ​បាន ។

សូម​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀន​ឲ្យ​យល់ថា ពិធីសាក្រាម៉ង់​គឺជា​ឱកាស​មួយ​ដើម្បី « ល្បងខ្លួន » ពួកគេ និង​រំឭក​សេចក្តី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់ពួកគេ​ដើម្បី​បម្រើ​ព្រះអម្ចាស់ និង​រក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ ( កូរិនថូស ទី១ ១១:២៨ ) ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​ម្នាក់​អាន កូរិនថូស ទី១ ១១:២៨ ។ តើ​ការ « ល្បងខ្លួន » របស់យើង​ពីមុន​ទទួលទាន​សាក្រាម៉ង់​មានអត្ថន័យ​យ៉ាងណា ? សូម​ឲ្យ​កុមារ​គិត​ពី​មនុស្ស​ដទៃ​ដែល​ពិនិត្យ​មើល​អ្វីមួយ ដូចជា វេជ្ជបណ្ឌិត អ្នក​ស៊ើប​អង្កេត ឬ​អ្នក​វិទ្យាសាស្រ្ត ( ឧទាហរណ៍ វេជ្ជបណ្ឌិត​ពិនិត្យ​មើល​យើង​ដើម្បី​ធានា​ឲ្យ​បាន​ថា យើង​មាន​សុខភាព​ល្អ ) ។ នៅពេល​យើង​ទទួលទាន​សាក្រាម៉ង់ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ល្បងខ្លួន​ពី​របៀប​ដែល​យើង​រស់នៅតាម​សេចក្តី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​យើង ?

  • សូម​ឲ្យ​កុមារ​សរសេរ​កិច្ចការ​ផ្សេងៗ ដែល​ពួកគេ​អាច​គិត​ដល់ នៅពេល​ដែល​ពួកគេ​ទទួលទាន​សាក្រាម៉ង់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ប្រើ​បញ្ជី​របស់​ខ្លួន ទុក​ជា​វត្ថុ​រំឭក​ខ្លួន​ឯង​អំឡុង​ពិធីសាក្រាម៉ង់ ។

កូរិនថូស ទី១ ១២:៤, ៧–១២, ៣១; ១៣:១–៨

ខ្ញុំ​មាន​អំណោយទាន​ខាងវិញ្ញាណ ។

ប៉ុល​បាន​បង្រៀន​ថា អំណោយទាន​ខាង​វិញ្ញាណ « សម្ដែង​មក​ក្នុង​គ្រប់​គ្នា » ( កូរិនថូស ទី១ ១២:៧ ) ។ គោលការណ៍​នេះ​អាច​ជួយ​កុមារ​ឲ្យ​បង្កើត​អារម្មណ៍​នៃ​តម្លៃ​ខ្លួន ជា​ពិសេស​នៅ​ពេល​ពួកគេ​ប្រើប្រាស់​អំណោយទាន​របស់​ពួកគេ ដើម្បី​ផ្ដល់​ពរជ័យ​ដល់​មនុស្សដទៃ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​សរសេរ​នៅ​លើ​ក្ដារខៀន អំពី​អំណោយទាន​ខាង​វិញ្ញាណ​ដែល​ពួកគេ​រក​ឃើញ​នៅ​ក្នុង កូរិនថូស ទី១ ១២:៧–១១; ១៣:២ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​អំណោយទាន​បន្ថែម​ទៀត​ដែល​បាន​លើកឡើង​នៅក្នុង មរ៉ូណៃ ១០:៨–១៨ និង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:១៣–២៦ ។ សូម​ចែកចាយ​ជាមួយ​ពួកគេ​នូវ​អំណោយទាន​ខាងវិញ្ញាណ​បន្ថែម​ទៀត ដែល​បាន​លើកឡើង​ដោយ​អែលឌើរ ម៉ាវីន ជេ អាស្តុន ៖ « អំណោយទាន​នៃ​ការសូម អំណោយទាន​នៃការ​ស្ដាប់ … អំណោយទាន​នៃ​ការ​ចៀសវាងពី​ការ​ឈ្លោះប្រកែក … អំណោយទាន​នៃ​ការ​ស្វែង​រក​អ្វីដែល​សុចរិត អំណោយទាន​នៃ​ការ​ពុំ​វិនិច្ឆ័យ​លឿន​ពេក អំណោយទាន​នៃ​ការ​មើល​ទៅព្រះសុំ​ការ​ដឹកនាំ … អំណោយទាន​នៃ​ការ​មើល​ថែ​អ្នកដទៃ … អំណោយទាន​នៃ​ការ​អធិស្ឋាន អំណោយទាន​នៃ​ការ​ថ្លែង​ទីបន្ទាល់​ដ៏អស្ចារ្យ » ( « There Are Many Gifts » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ២០ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​និយាយ​អំពី​អំណោយទាន​ខាង​វិញ្ញាណ ដែល​ពួកគេ​មើលឃើញ​នៅក្នុង​គ្នា​ទៅវិញ​ទៅមក ។

  • ពីមុន​ថ្នាក់​ចាប់ផ្តើម សូម​សួរ​ឪពុកម្តាយ​របស់​កុមារ​នៅក្នុង​ថ្នាក់​របស់​បងប្អូន​អំពី​អំណោយទាន ដែល​ពួកគាត់​មើលឃើញ​នៅក្នុង​កូនៗ​របស់​ពួកគាត់ ឬ​គិត​អំពី​អំណោយទាន​របស់​កុមារ​ទាំងនោះ​ដោយខ្លួន​របស់​បងប្អូន​ផ្ទាល់ ។ សូម​ប្រាប់​កុមារ​អំពី​អំណោយទាន​ទាំងនេះ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​សរសេរ​របៀប​មួយ​ដែល​ពួកគេ​នឹង​ប្រើ​អំណោយទាន​របស់​ពួកគេ ដើម្បី​ផ្តល់​ពរជ័យ​ដល់​នរណា​ម្នាក់​នៅ​សប្តាហ៍​នេះ ។

  • សូម​ចែកចាយ​ស្ថានភាព​ខុសៗ​គ្នា ដែល​មនុស្ស​អាច​ប្រើ​អំណោយទាន​ខាង​វិញ្ញាណ​មួយ​ចេញ​ពី កូរិនថូស ទី១ ១២:៧–១០ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ស្វែងរក​អំណោយទាន​ខាង​វិញ្ញាណ​នានា ដែល​អាច​ប្រើ​បាន​នៅ​ក្នុង​ស្ថានភាព​នីមួយៗ ។

រូបភាព
រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ផ្តល់​យោបល់​ឲ្យ​កុមារ​ពិភាក្សា​ពី​អ្វី​មួយ​ដែល​បងប្អូន​បាន​និយាយ​គ្នា​នៅក្នុង​ថ្នាក់ ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ ។ ឧទាហរណ៍ បងប្អូន​អាច​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អំណោយទាន​ខាងវិញ្ញាណ​របស់​ពួកគេ​ជាមួយ​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគេ និង​សួរ​ក្រុមគ្រួសារ​របស់​ពួកគេ​ថា តើ​ពួកគេ​មាន​អំណោយទាន​អ្វីខ្លះ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ផ្ដល់​ការអញ្ជើញ​ដែល​គោរព​ដល់​សិទ្ធិ​ជ្រើសរើស ។ នៅ​ពេល​បងប្អូន​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​ពួកគេ​កំពុង​រៀន សូម​គិត​អំពី​របៀប​ដើម្បី​គោរព​ដល់​សិទ្ធិជ្រើសរើស​របស់​ពួកគេ ។ ជំនួស​ឲ្យ​ការអញ្ជើញ​ឲ្យ​ធ្វើ​អ្វី​មួយ​ជាក់លាក់ សូម​ពិចារណា​អំពី​ការអញ្ជើញ​ពួកគេ​ឲ្យ​គិត​តាម​របៀប​ផ្ទាល់ខ្លួន ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​ពួកគេ​បាន​រៀន ។

បោះពុម្ព