« ថ្ងៃទី ២៥ ខែ កញ្ញា–ថ្ងៃទី ១ ខែ តុលា ។ កាឡាទី ៖ ‹ ដើរក្នុងព្រះវិញ្ញាណ › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៥ ខែ កញ្ញា–ថ្ងៃទី ១ ខែ តុលា ។ កាឡាទី » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២៥ ខែ កញ្ញា–ថ្ងៃទី ១ ខែ តុលា
កាឡាទី
« ដើរក្នុងព្រះវិញ្ញាណ »
នៅពេលបងប្អូនអានគម្ពីរកាឡាទី តើបងប្អូនទទួលបានការបំផុសគំនិតអ្វីខ្លះ អំពីអ្វីដែលកុមារក្នុងថ្នាក់របស់បងប្អូនចាំបាច់ត្រូវរៀន ?
អញ្ជើញឲ្យចែកចាយ
សូមទុកពេលពីរបីនាទីឲ្យកុមារគូររូបអ្វីមួយ ដែលពួកគេបានរៀន ចេញពីការពិភាក្សាអំពីដំណឹងល្អនៅផ្ទះ ឬនៅព្រះវិហារ ។ សូមឲ្យកុមារចែកចាយអ្វីដែលគំនូរនីមួយៗតំណាងឲ្យ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះវិញ្ញាណបរិសុទ្ធជួយខ្ញុំឲ្យមានអារម្មណ៍នៃសេចក្ដីស្រឡាញ់ អំណរ និងភាពសុខសាន្ដ ។
កុមារតូចៗអាចស្គាល់ផលផ្លែនៃព្រះវិញ្ញាណ ។ ការណ៍នេះនឹងរៀបចំពួកគេឲ្យស្វែងរកឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធពេញមួយជីវិតរបស់ពួកគេ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមដាក់តាំង ឬបង្ហាញរូបភាពផ្លែឈើមួយចំនួន រួចសូមឲ្យកុមារពិពណ៌នាអំពីរសជាតិនៃផ្លែឈើនីមួយៗ ។ សូមពន្យល់ថា គឺដូចជាផ្លែឈើមានរសជាតិខុសៗគ្នាដែរ នោះយើងអាចទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធតាមរបៀបខុសៗគ្នា ដូចជាអារម្មណ៍សេចក្ដីស្រឡាញ់ និងភាពសុខសាន្ត ។ សូមពិពណ៌នាពីរបៀបមួយចំនួនដែលបងប្អូនទទួលបានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់បងប្អូន ហើយទុកឲ្យកុមារចែកចាយរបៀបដែលព្រះវិញ្ញាណបរិសុទ្ធមានចំពោះពួកគេ ។
-
សូមអាន កាឡាទី ៥:២២–២៣ ជាមួយកុមារ ហើយសូមពន្យល់ពាក្យដែលពួកគេប្រហែលជាមិនស្គាល់ ។ សូមអញ្ជើញកុមារម្នាក់ៗឲ្យជ្រើសរើសផលផ្លែនៃព្រះវិញ្ញាណដែលបានលើកឡើងនៅក្នុងខគម្ពីរទាំងនេះ ហើយសូមជួយពួកគេឲ្យគិតពីគ្រាដែលពួកគេបានដកពិសោធន៍នូវផលផ្លែនេះ ។ សូមអញ្ជើញកុមារឲ្យគូររូបនៃបទពិសោធន៍របស់ពួកគេ ។
ព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យខ្ញុំជួយមនុស្សដែលខ្វះខាត ។
សេចក្ដីណែនាំដែលមាននៅក្នុង កាឡាទី ៦:២ មានលក្ខណៈស្រដៀងទៅនឹងសេចក្ដីបង្រៀនរបស់អាលម៉ានៅក្នុង ម៉ូសាយ ១៨:៨ ដែលទូន្មានទៅកាន់ប្រជាជនដែលហៀបនឹងទទួលពិធីបុណ្យជ្រមុជទឹក ។ សូមយកឱកាសនេះដើម្បីជួយកុមារឲ្យរៀបចំខ្លួនធ្វើសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។
សកម្មភាពដែលអាចធ្វើបាន
-
សូមបង្ហាញរូបភាពកុមារម្នាក់ទទួលបុណ្យជ្រមុជទឹក ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ.១០៤ ) ។ សូមសួរកុមារថា តើកុមារក្នុងរូបនោះកំពុងធ្វើអ្វី ។ សូមពន្យល់ថា នៅពេលយើងទទួលពិធីបុណ្យជ្រមុជទឹក នោះយើងចុះសេចក្ដីសញ្ញា ឬធ្វើការសន្យា ។ សូមអាន កាឡាទី ៦:២ ឬ ម៉ូសាយ ១៨:៨ ដើម្បីជួយកុមារឲ្យរៀនអំពីកិច្ចការមួយដែលពួកគេសន្យាថានឹងធ្វើគឺ ៖ ការសម្រាលបន្ទុកគ្នាទៅវិញទៅមក ។ សូមអញ្ជើញកុមារឲ្យគូររូបនៃរបៀបនានាដែលពួកគេអាចជួយមនុស្សដទៃដែលកំពុងរែកបន្ទុក ។
-
សូមអានឃ្លានេះឲ្យកុមារស្ដាប់នៅក្នុង កាឡាទី ៦:២ ៖ « ចូរយកអាសាគ្នាទៅវិញទៅមក » ។ ដើម្បីបង្ហាញថាឃ្លានេះមានន័យដូចម្ដេច សូមផ្ដល់វត្ថុមួយធ្ងន់ឲ្យកុមារកាន់ ។ បន្ទាប់មក សូមឲ្យកុមារម្នាក់ស្ម័គ្រចិត្តជួយកុមារដែលកំពុងកាន់វត្ថុនោះ ។ សូមពន្យល់ប្រាប់កុមារថា យើងអាចទទួលអារម្មណ៍ថារឿងគ្រប់យ៉ាងប្រៀបដូចជាបន្ទុក ដូចជាការឈឺ ឬការមានអារម្មណ៍ក្រៀមក្រំ ឬឯកាជាដើម ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីជួយបុគ្គលម្នាក់ដែលមានបន្ទុកទាំងនេះ ?
ទង្វើរបស់យើង ទាំងល្អ និងអាក្រក់ សុទ្ធតែមានលទ្ធផល ។
តាមរយៈការបង្រៀនថា យើងច្រូតអ្វីដែលយើងបានដាំ ដូចដែលបានពន្យល់នៅក្នុង កាឡាទី ៦:៧–៩ នោះបងប្អូនអាចបង្រៀនកុមារឲ្យគិតពិចារណាពីលទ្ធផលនៃទង្វើរបស់ពួកគេ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមបង្ហាញគ្រាប់ពូជ និងបន្លែ ។ សូមអាន កាឡាទី ៦:៧–៩ ដល់កុមារ ។ សូមស្នើសុំឲ្យកុមារសម្តែងជាដាំគ្រាប់ពូជ នៅពេលពួកគេឮពាក្យ ព្រោះ ។ សូមស្នើសុំឲ្យពួកគេសម្តែងជារើសបន្លែចេញពីថ្នាលដំណាំ នៅពេលពួកគេឮពាក្យ ច្រូត ។
-
សូមបង្ហាញកុមារនូវប្រភេទបន្លែមួយចំនួន រួចជួយពួកគេឲ្យស្វែងរកគ្រាប់ពូជសម្រាប់ប្រភេទបន្លែនីមួយៗ ។ សូមដាក់គ្រាប់ពូជនៅក្នុងថង់មួយ រួចឲ្យកុមារប្ដូរវេនគ្នាជ្រើសរើសគ្រាប់ពូជមួយ រួចប្រាប់ថា តើបន្លែប្រភេទណាដែលនឹងដុះឡើង ប្រសិនបើពួកគេដាក់ដាំវា ។ សូមជួយពួកគេឲ្យឃើញថា គឺដូចជាគ្រាប់ពូជដែលយើងដាក់ដាំកំណត់ពីប្រភេទបន្លែដែលយើងនឹងបានផលដែរ នោះជម្រើសរបស់យើងនឹងកំណត់លទ្ធផល ព្រមទាំងពរជ័យដែលយើងនឹងទទួលបាននៅទីបំផុតដែរ ។
-
សូមគូសខ្សែបន្ទាត់មួយនៅលើឥដ្ឋដោយប្រើស្កុត ។ សូមដាក់រូបមុខរីករាយ និងមុខក្រៀមក្រំ នៅចំណុចចុងនៃខ្សែបន្ទាត់នោះ ។ សូមអញ្ជើញកុមារឲ្យឈរនៅកណ្តាលបន្ទាត់នោះ ហើយជួយកុមារដទៃឲ្យគិតពីការជ្រើសរើសដែលនឹងនាំទៅរកសុភមង្គល ឬភាពសោកសៅ ។ សម្រាប់ជម្រើសនីមួយៗ សូមឲ្យកុមារដែលឈរនៅចំណុចកណ្ដាល ឈានជើងទៅរកខាងនៃសុភមង្គល ឬខាងនៃភាពក្រៀមក្រំ ។ សូមធ្វើសកម្មភាពនេះបីបួនដង រួចឲ្យកុមារប្ដូរវេនគ្នាឈរនៅលើស្កុតនោះ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ការទទួលបុណ្យជ្រមុជទឹកធ្វើឲ្យយើងទៅជា « តែមួយនៅក្នុងព្រះគ្រីស្ទ » ។
ប៉ុល បានបង្រៀនពួកបរិសុទ្ធកាឡាទីថា នៅពេលពួកគេបានទទួលបុណ្យជ្រមុជទឹក នោះពួកគេនឹងក្លាយជា « តែមួយនៅក្នុងព្រះគ្រីស្ទយេស៊ូវ » ។ តើយើងអាចជួយកុមារឲ្យព្យាយាមមានសាមគ្គីភាព ដូចដែលបានពិពណ៌នានៅក្នុង កាឡាទី ៣:២៦–២៨ យ៉ាងដូចម្តេច ?
សកម្មភាពដែលអាចធ្វើបាន
-
សូមអញ្ជើញកុមារឲ្យអាន កាឡាទី ៣:២៦–២៨ ដោយមានសំណួរនេះនៅក្នុងចិត្ត ៖ តើមានអ្វីកើតឡើង នៅពេលខ្ញុំបានទទួលបុណ្យជ្រមុជទឹក ? បងប្អូនអាចចង់ផ្តោតយកចិត្តទុកដាក់នៅលើឃ្លាដូចជា « ប្រដាប់កាយដោយព្រះគ្រីស្ទ » ។ តើឃ្លានេះមានអត្ថន័យយ៉ាងដូចម្តេច ? តើ « ប្រដាប់កាយដោយព្រះគ្រីស្ទ » ស្រដៀងនឹងការលើកដាក់លើខ្លួនយើងនូវព្រះនាមរបស់ទ្រង់យ៉ាងដូចម្តេច ? ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧៥–៧៩ ) ។ តើយើងអាចធ្វើអ្វីបានខ្លះ ដើម្បីបង្ហាញអ្នកដទៃថាយើងបានលើកដាក់មកលើខ្លួនយើងនូវព្រះនាមរបស់ទ្រង់?
-
សូមអានជាមួយគ្នា កាឡាទី ៣:២៨ និងស្វែងរកវិធីមួយចំនួនដែលមនុស្សស្គាល់ខ្លួនរបស់ពួកគេ នៅពេលពួកគេបានទទួលបុណ្យជ្រមុជទឹកនៅសម័យរបស់ប៉ុល ។ សូមជួយឲ្យកុមាររៀបរាប់របៀបមួយចំនួនដែលពួកគេស្គាល់ខ្លួនរបស់ពួកគេនៅសព្វថ្ងៃនេះ ។ តើ ប៉ុល កំពុងព្យាយាមបង្រៀនអ្វីដល់យើងអំពីរបៀបដែលយើងគួរតែគិតចំពោះគ្នាទៅវិញទៅមក នៅពេលយើងបានទទួលបុណ្យជ្រមុជទឹក ?
ប្រសិនបើខ្ញុំ « ដើរក្នុងព្រះវិញ្ញាណ » នោះខ្ញុំនឹងទទួលបាន « ផលផ្លែនៃព្រះវិញ្ញាណ » ។
នៅពេលយើងបានទទួលបុណ្យជ្រមុជទឹក ហើយបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចទទួលបានផលផ្លែនៃព្រះវិញ្ញាណបន្ថែមទៀតនៅក្នុងជីវិតរបស់យើង ។ តើបងប្អូននឹងជួយកុមារឲ្យស្គាល់ផលផ្លែនេះនៅក្នុងជីវិតរបស់ពួកគេយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចធ្វើបាន
-
សូមចែកក្រដាសមួយសន្លឹកទៅកុមារម្នាក់ៗ ( បងប្អូនអាចកាត់ក្រដាសនោះជារាងផ្លែឈើ ) ហើយសូមសួរឲ្យកុមារស្វែងរក « ផលផ្លែនៃព្រះវិញ្ញាណ » ដែលមានសរសេរនៅក្នុង កាឡាទី ៥:២២–២៣ ។ សូមអញ្ជើញពួកគេឲ្យសរសេរផលផ្លែខាងវិញ្ញាណមួយ នៅលើចំហៀងក្រដាសរបស់ខ្លួន រួចស្វែងរកពាក្យមួយដែលមានន័យផ្ទុយគ្នានៅលើចំហៀងមួយទៀត ។ ( សូមជួយពួកគេឲ្យយល់ពីអត្ថន័យនៃពាក្យទាំងឡាយ ដែលពួកគេមិនស្គាល់ ) ។ សូមអញ្ជើញពួកគេឲ្យចែកចាយផលផ្លែរបស់ពួកគេ ជាមួយមិត្តក្នុងថ្នាក់ ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយយើងជានិច្ច ?
-
សូមអញ្ជើញកុមារឲ្យអានអំពីផលផ្លែនៃព្រះវិញ្ញាណនៅក្នុង កាឡាទី ៥:២២–២៣ និងសរសេរអំពី ឬគូររូបភាពពីគ្រាមួយដែលពួកគេទទួលអារម្មណ៍នៃផលផ្លែនោះ ។ សូមជួយពួកគេឲ្យចែកចាយដំណើររឿង ឬរូបភាពជាមួយកុមារដទៃទៀតក្នុងថ្នាក់ ។ ហេតុអ្វីបានជាផលផ្លែគឺជារបៀបមួយដ៏ល្អ ដើម្បីជួយយើងឲ្យយល់អំពីរបៀបដែលព្រះវិញ្ញាណមានឥទ្ធិពលមកលើយើង ?
ទង្វើរបស់យើង ទាំងល្អ និងអាក្រក់ សុទ្ធតែមានលទ្ធផល ។
សូមជួយកុមារឲ្យយល់ថា ពេលខ្លះ លទ្ធផលនៃឥរិយាបថរបស់យើងកើតមកភ្លាមៗ ហើយពេលខ្លះទៀតអាចកើតមកតាមពេល « ដល់កំណត់ » ( ខទី ៩ ) ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន កាឡាទី ៦:៧–៩ រួមគ្នា ។ សូមផ្តល់បញ្ជីសកម្មភាពមួយ ( ឬគ្រាប់ពូជដែលយើង « ព្រោះ » ) និងផល ( ឬផលផ្លែដែលយើង « ច្រូត » ) ។ សូមស្នើសុំឲ្យកុមារធ្វើការផ្គូផ្គងសកម្មភាពទៅនឹងលទ្ធផលរបស់សកម្មភាពនោះ ។
-
សូមអញ្ជើញកុមារឲ្យសរសេរពរជ័យមួយចំនួន ដែលពួកគេសង្ឃឹមចង់ទទួលបានពីព្រះវរបិតាសួគ៌ ។ សូមជួយពួកគេឲ្យគិតអំពី « គ្រាប់ពូជ » ដែលពួកគេត្រូវតែព្រោះ ដើម្បី « ច្រូត » បានពរជ័យទាំងនេះ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមជួយកុមាររកមើលរបៀបដែលសេចក្តីពិតដែលពួកគេបានរៀននៅថ្ងៃនេះ អនុវត្តចំពោះជីវិតប្រចាំថ្ងៃរបស់ពួកគេ ។ ឧទាហរណ៍ បងប្អូនអាចអញ្ជើញពួកគេឲ្យរកមើលផលល្អ ឬ « ផលផ្លែ » ដែលទទួលបាន ពីព្រោះតែការសម្រេចចិត្តត្រឹមត្រូវដែលពួកគេធ្វើ ។