« ថ្ងៃទី ៩–១៥ ខែ តុលា ។ ភីលីព; កូល៉ុស ៖ ‹ ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ៩–១៥ ខែ តុលា ។ ភីលីព; កូល៉ុស » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ថ្ងៃទី ៩–១៥ ខែ តុលា
ភីលីព; កូល៉ុស
« ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទ ដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ »
សូមអាន ភីលីព និង កូល៉ុស ដោយគិតពីកុមារដែលបងប្អូនបង្រៀន ។ សូមស្វែងរកការបំផុសគំនិតអំពីរបៀបដើម្បីបង្រៀនពួកគេនូវគោលការណ៍នៅក្នុងសំបុត្រទាំងនេះ ។
អញ្ជើញឲ្យចែកចាយ
សូមសួរកុមារពីអ្វីដែលពួកគេបានធ្វើនៅសប្តាហ៍មុន ដើម្បីធ្វើសកម្មភាពតាមអ្វីដែលពួកគេបានរៀននៅក្នុងថ្នាក់កាលពីសប្តាហ៍មុន ។ ឧទាហរណ៍ តើពួកគេឈោងទៅជួយដល់នរណាម្នាក់ដែលត្រូវការមិត្តភក្តិម្នាក់យ៉ាងដូចម្តេច ?
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ថ្នាក់ដឹកនាំសាសនាចក្រស្រឡាញ់ខ្ញុំ ហើយអធិស្ឋានសម្រាប់ខ្ញុំ ។
ជារឿយៗ ប៉ុលចាប់ផ្ដើមសរសេរសំបុត្ររបស់លោកដោយការសម្ដែងសេចក្ដីស្រឡាញ់ទៅកាន់សមាជិកសាសនាចក្រ និងការប្រាប់ពួកគេថា លោកបានអធិស្ឋានសម្រាប់ពួកគេ ។ សូមពិចារណាអំពីរបៀបដែលបងប្អូនអាចបង្រៀនកុមារឲ្យយល់ថា ថ្នាក់ដឹកនាំសាសនាចក្ររបស់ពួកគេស្រឡាញ់ពួកគេ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន ភីលីព ១:៣–៤ និង កូល៉ុស ១:៣, ៩ ឲ្យឭៗ ហើយសូមឲ្យកុមារឱបដៃ និងឱនក្បាលរបស់ពួកគេ រាល់ពេលពួកគេឭពាក្យ អធិស្ឋាន កំពុងអធិស្ឋាន និង ការអធិស្ឋាន ។ សូមពន្យល់ថាសាវក ប៉ុល បានអធិស្ឋានសម្រាប់សមាជិកសាសនាចក្រ ដូចជាថ្នាក់ដឹកនាំសាសនាចក្ររបស់យើងអធិស្ឋានឲ្យយើងនៅសព្វថ្ងៃនេះដែរ ។
-
សូមបង្ហាញរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទ ហើយសូមអានខគម្ពីរមួយចំនួន ដែលពិពណ៌នាពីទ្រង់កំពុងអធិស្ឋានឲ្យនរណាម្នាក់ ( ឧទាហរណ៍ លូកា ២២:៣២; នីហ្វៃទី៣ ១៩:២១, ២៣ ) ។ តើព្រះយេស៊ូវបានទូលសូមអ្វី នៅពេលទ្រង់បានអធិស្ឋានសម្រាប់មនុស្សដទៃ ?
-
សូមជួយកុមារឲ្យប្រាប់ឈ្មោះថ្នាក់ដឹកនាំមួយចំនួនក្នុងសាសនាចក្រ ដូចជា ប្រធានអង្គការបឋមសិក្សា ប៊ីស្សព និងប្រធានសាសនាចក្រ ។ សូមពន្យល់ថា ថ្នាក់ដឹកនាំទាំងនេះទូលសូមព្រះវរបិតាសួគ៌ឲ្យប្រទានពរកុមារ ហើយជួយពួកគេឲ្យរស់នៅដោយសុចរិត ។ សូមគិតដល់ការប្រាប់កុមារអំពីអ្វីដែលបងប្អូនអធិស្ឋានសម្រាប់ពួកគេ ។
ខ្ញុំអាចអររីករាយក្នុងព្រះអម្ចាស់ ។
ប៉ុលបានលើកទឹកចិត្តពួកបរិសុទ្ធឲ្យអរសប្បាយ—ទោះបីជាពួកគេប្រឈមមុខនឹងបញ្ហាលំបាកក្តី ហើយប៉ុលផ្ទាល់ក៏បានជាប់នៅក្នុងគុក ។ តើបងប្អូននឹងជួយកុមារឲ្យមើលឃើញការធ្វើតាមព្រះយេស៊ូវគ្រីស្ទនាំមកនូវអំណរយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចធ្វើបាន
-
សូមឲ្យកុមារស្ដាប់រកពាក្យដែលពួកគេឮម្ដងហើយម្ដងទៀត នៅពេលបងប្អូនអាន ភីលីព ៤:៤ ។ សូមឲ្យកុមារបង្ហាញបងប្អូននូវអ្វីដែលពួកគេធ្វើ នៅពេលពួកគេអរសប្បាយ ។ សូមប្រាប់កុមារពីមូលហេតុដែលបងប្អូន « អរសប្បាយក្នុងព្រះអម្ចាស់ »—ហេតុអ្វីបងប្អូនសប្បាយចិត្តដោយសារតែព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យកុមារចែកចាយពីអារម្មណ៍របស់ពួកគេអំពីព្រះយេស៊ូវ ។
-
សូមបង្ហាញវត្ថុ ឬរូបភាពដែលតំណាងឲ្យអ្វីដែលជួយពួកគេឲ្យ « អរសប្បាយក្នុងព្រះអម្ចាស់ » ( ភីលីព ៤:៤ ) ដូចជា ការបង្កបង្កើតរបស់ទ្រង់ ព្រះវិហារបរិសុទ្ធ ការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ឬក្រុមគ្រួសារ ។ សូមអនុញ្ញាតឲ្យកុមារដាក់វេនគ្នាជ្រើសរើសយករូបភាព ឬវត្ថុមួយ រួចប្រាប់ពួកគេអំពីមូលហេតុដែលរូបភាព ឬវត្ថុនោះធ្វើឲ្យពួកគេរីករាយ ។ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីៗដែលជួយពួកគេ ឲ្យអរសប្បាយក្នុងព្រះអម្ចាស់ ។
-
សូមអាន ភីលីព ៤:៨ ជាមួយគ្នា រួចឲ្យកុមារគិតអំពីអ្វីៗ ដែលត្រូវទៅនឹងការពិពណ៌នានៅក្នុងខគម្ពីរនេះ ( សូមមើលផងដែរ មាត្រានៃសេចក្ដីជំនឿ ១:១៣ ) ។ សូមអញ្ជើញកុមារឲ្យគូររូបវត្ថុទាំងនេះ ។
សេចក្ដីជំនឿរបស់ខ្ញុំគួរតែ « បានចាក់ឫស » នៅលើព្រះយេស៊ូវគ្រីស្ទ ។
ប្រសិនបើកុមារស្ថាបនាជីវិតរបស់ពួកគេ និងសេចក្តីជំនឿពួកគេនៅលើព្រះអង្គសង្រ្គោះ នោះពួកគេនឹងអាចទប់ទល់នឹងព្យុះជីវិតបាន ។
សកម្មភាពដែលអាចធ្វើបាន
-
សូមបង្ហាញរូបភាពដើមឈើចេញពី គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ខណៈដែលបងប្អូនអានឃ្លាគន្លឹះចេញពី កូល៉ុស ១:២៣; ២:៦–៧ ( ឬបង្ហាញវីដេអូ « Spiritual Whirlwinds » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ តើនឹងមានអ្វីកើតឡើងដល់ដើមឈើនេះ ប្រសិនបើព្យុះបានបក់បោកមក ហើយដើមឈើគ្មានឫសរឹងមាំនោះ ? សូមឲ្យកុមារក្រោកឈរ ហើយធ្វើខ្លួនជាដើមឈើដែលមានឫសមិនរឹងមាំស្ថិតនៅកណ្ដាលព្យុះ ហើយក្រោយមកធ្វើជាដើមឈើដែលមានឫសរឹងមាំ ។ សូមថ្លែងទីបន្ទាល់ថា សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទជួយយើងឲ្យដូចជាដើមឈើដែលមានឫសរឹងមាំ ។ បន្ទាប់មក យើងអាចទប់ទល់នឹង « ព្យុះ » ខាងវិញ្ញាណ ដូចជាការល្បួង និងគ្រាលំបាកៗបាន ។
2:24 -
សូមអញ្ជើញកុមារម្នាក់ឲ្យគូររូបដើមឈើមួយនៅលើក្ដារខៀន ។ សូមឲ្យកុមារសរសេរកិច្ចការមួយចំនួនដែលពួកគេអាចធ្វើបាន ដើម្បី « បានចាក់ឫស » ទៅលើព្រះយេស៊ូវគ្រីស្ទ ។ នៅពេលកុមារប្រាប់ចម្លើយរបស់ពួកគេ សូមអញ្ជើញពួកគេឲ្យគូរឫសបន្ថែមមួយទៅក្នុងគំនូររបស់ពួកគេ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ប្រសិនបើខ្ញុំមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះខ្ញុំអាចរីករាយបាន ទោះជាអំឡុងពេលទុក្ខលំបាកក្ដី ។
ប៉ុលបានរងទុក្ខការសាកល្បងជាច្រើន ប៉ុន្តែលោករីករាយ ដោយសារលោកមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមឲ្យកុមារស្រមៃថា ពួកគេកំពុងនៅក្នុងគុក ដូចជាសាវកប៉ុលធ្លាប់បាននៅដែរ កាលដែលលោកសរសេរ សំបុត្រទៅកាន់ពួកភីលីព ។ សូមអាន ភីលីព ៤:៤–១៣ ជាមួយកុមារ ហើយសូមឲ្យពួកគេស្វែងរកពាក្យ « អរសប្បាយ » « សេចក្តីសុខសាន្ត » និង « សេចក្តីសន្តោស » ។ ហេតុអ្វីប៉ុលអាចរីករាយ និងទទួលអារម្មណ៍នៃសេចក្តីសុខសាន្តបាន ទោះបីជានៅក្នុងគុកក្តី ? បន្ទាប់មក សូមឲ្យកុមារស្វែងរកពាក្យ « ព្រះអម្ចាស់ » « ព្រះ » និង « ព្រះគ្រីស្ទ » នៅក្នុងខគម្ពីរទាំងនេះ ។ សូមជួយពួកគេឲ្យយល់ថា សេចក្តីជំនឿរបស់ប៉ុលលើព្រះយេស៊ូវគ្រីស្ទធ្វើឲ្យលោកអាចអរសប្បាយបាន ។
-
សូមអញ្ជើញកុមារឲ្យជួយបងប្អូនបំពេញប្រយោគដូចខាងក្រោមនេះ ៖ « ខ្ញុំអាចនៅកន្លែងងងឹត ហើយនៅតែមើលឃើញបាន ប្រសិនបើខ្ញុំមាន ។ ខ្ញុំអាចនៅក្រៅផ្ទះក្រោមពន្លឺថ្ងៃដ៏ក្តៅ ហើយនៅតែមានអារម្មណ៍ត្រជាក់បាន ប្រសិនបើខ្ញុំមាន ។ ខ្ញុំអាចជួបការពិបាក ហើយនៅតែមានអំណរបាន ប្រសិនបើខ្ញុំ » ។ តើ ភីលីព ៤:៤–១៣ ផ្តល់យោបល់ថាយើងអាចធ្វើអ្វីខ្លះដើម្បីទទួលបានអំណរ ? សូមអញ្ជើញកុមារឲ្យចែកចាយទំនុកតម្កើង ឬបទគម្ពីរមួយចំនួនអំពីព្រះយេស៊ូវ ដែលអាចជួយពួកគេឲ្យមានអំណរនៅអំឡុងពេលជួបការលំបាក ។
ខ្ញុំអាច « ពិចារណាពី » រឿងដែលពិត ស្មោះត្រង់ និងបរិសុទ្ធ ។
ជារឿយៗ កុមារមើលឃើញរឿងជាច្រើនដែលអាក្រក់ និងមិនបរិសុទ្ធ ។ បងប្អូនអាចជួយពួកគេឲ្យស្វែងរកអ្វីៗដែលស្អាងឡើង និងមានគុណធម៌ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមឲ្យកុមារម្នាក់អាន ភីលីព ៤:៨ ឲ្យឮៗ ខណៈពេលដែលកុមារដទៃទៀតស្វែងរកពាក្យនានានៅក្នុង មាត្រានៃសេចក្ដីជំនឿ ១:១៣ ដែលមានអត្ថន័យស្រដៀងៗគ្នា ។ សូមឲ្យពួកគេសរសេរពាក្យទាំងនេះនៅលើក្ដារខៀន ។ សូមសួរកុមារពីអត្ថន័យនៃពាក្យនេះ ហើយជួយពួកគេឲ្យស្វែងយល់ពីអត្ថន័យតាមតម្រូវការ ។ ហេតុអ្វីបានជាយើងគួរតែ « ពិចារណាពី » សេចក្ដីទាំងនេះ ? តើយើងអាច « ស្វែងរក » សេចក្ដីទាំងនេះតាមរបៀបណា ?
-
សូមឲ្យកុមារប្រាប់ពីសេចក្ដីមួយ ដែលត្រូវទៅនឹងការពិពណ៌នានៅក្នុង ភីលីព ៤:៨ ។ សូមអញ្ជើញពួកគេឲ្យរក្សាបញ្ជីមួយនៅសប្ដាហ៍នេះ អំពីសេចក្ដីនានាដែលត្រូវទៅនឹងការពិពណ៌នាទាំងនេះ ។ សូមលើកទឹកចិត្តពួកគេឲ្យយកបញ្ជីរបស់ពួកគេ ទៅកាន់ថ្នាក់អង្គការបឋមសិក្សានៅសប្ដាហ៍ក្រោយ រួចចែកចាយអ្វីដែលពួកគេរកឃើញ ។
សេចក្ដីជំនឿរបស់ខ្ញុំគួរតែ « បានចាក់ឫស » នៅលើព្រះយេស៊ូវគ្រីស្ទ ។
សាតាំងព្យាយាមធ្វើឲ្យសេចក្តីជំនឿយើងទន់ខ្សោយតាមរយៈការល្បួង និងគោលលទ្ធិក្លែងក្លាយ ។ តើបងប្អូនអាចបំផុសគំនិតកុមារឲ្យពង្រឹងសេចក្តីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ដើម្បីកុំឲ្យពួកគេ « ឥតងាកបែរចេញពីសេចក្តីសង្ឃឹមរបស់ដំណឹងល្អ » យ៉ាងដូចម្តេច ? ( កូល៉ុស ១:២៣ ) ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអញ្ជើញកុមារឲ្យគូររូប ដែលតំណាងឲ្យសេចក្ដីពិតដែលពួកគេបានរកឃើញនៅក្នុង កូល៉ុស ១:២៣; ២:៦–៧ ។ សូមឲ្យពួកគេចែកចាយរូបភាពជាមួយមិត្តរួមថ្នាក់ រួចពន្យល់អំពីសេចក្ដីពិតដែលរូបភាពរបស់ពួកគេតំណាងឲ្យ ។
-
សូមបង្ហាញវីដេអូ « Spiritual Whirlwinds » ។ តើការល្បួង និងគោលលទ្ធិខុសឆ្គងណាខ្លះលើលោកិយនាសព្វថ្ងៃនេះ ដែលអាចធ្វើឲ្យសេចក្ដីជំនឿរបស់យើងទន់ខ្សោយបាន ? សូមលើកទឹកចិត្តកុមារឲ្យសរសេររឿងមួយដែលពួកគេអាចធ្វើបាន ដើម្បីពង្រឹងសេចក្តីជំនឿរបស់ពួកគេដើម្បីពួកគេអាច « បានចាក់ឫស » ( កូល៉ុស ២:៧ ) លើព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យពួកគេដាក់តាំងពាក្យនេះនៅកន្លែងណាមួយ ដែលពួកគេអាចមើលឃើញរាល់ថ្ងៃ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យចែកចាយជាមួយក្រុមគ្រួសាររបស់ពួកគេនូវអ្វីដែលពួកគេបានរៀនអំពីព្រះយេស៊ូវ គ្រីស្ទ ។ ពួកគេអាចប្រើទំព័រសកម្មភាពសប្ដាហ៍នេះ ឬបទគម្ពីរដែលពួកគេបានអាននៅក្នុងថ្នាក់ថ្ងៃនេះ ។