« ថ្ងៃទី ៩–១៥ ខែ តុលា ។ ភីលីព; កូល៉ុស ៖ ‹ ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ៩–១៥ ខែ តុលា ។ ភីលីព; កូល៉ុស » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ៩–១៥ ខែ តុលា
ភីលីព; កូល៉ុស
« ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ »
តើពេលណាជាពេលចុងក្រោយដែលបងប្អូនបានអានចំណាប់អារម្មណ៍ខាងវិញ្ញាណដែលបងប្អូនបានកត់ត្រាទុកអំឡុងការសិក្សារបស់បងប្អូនអំពីព្រះគម្ពីរសញ្ញាថ្មី ? វាអាចនឹងជាជំនួយដើម្បីរំឭកអំពីការបំផុសគំនិតដែលបងប្អូនបានទទួល ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ប៉ុលបានសរសេរសំបុត្ររបស់លោកទៅកាន់ពួកភីលីព និងពួកកូល៉ុសពេលលោកបាននៅក្នុងគុកនៅក្រុងរ៉ូម ។ ប៉ុន្ដែសំបុត្រទាំងនេះពុំស្ដាប់ទៅដូចដែលបងប្អូនអាចរំពឹងថានឹងឮមកពីមនុស្សនៅក្នុងគុកនោះទេ ។ ប៉ុលបាននិយាយយ៉ាងច្រើនអំពីអំណរ ការរីករាយ និងការថ្លែងអំណរគុណជាងពេលដែលលោកបានថ្លែងអំពីការរងទុក្ខ និងការសាកល្បង ៖ « ដូច្នេះ ខ្ញុំមានសេចក្តីអំណរណាស់ ក៏នឹងចេះតែមានអំណរតទៅមុខទៀត » ( ភីលីព ១:១៨ ) ។ ហើយ « ដ្បិតទោះបើខ្ញុំមិននៅជាមួយខាងរូបសាច់ក៏ដោយ គង់តែនៅជាមួយខាងវិញ្ញាណដែរ ទាំងមានសេចក្តីអំណរ ដោយឃើញ … សេចក្តីខ្ជាប់ខ្ជួននៃសេចក្តីជំនឿ ដែលអ្នករាល់គ្នាជឿដល់ព្រះគ្រីស្ទ » ( កូល៉ុស ២:៥ ) ។ ច្បាស់ណាស់ « សេចក្តីសុខសាន្តរបស់ព្រះ » ដែលប៉ុលបានជួបនៅក្នុងស្ថានភាពលំបាករបស់លោក « មានហួសលើសពីអស់ទាំងគំនិត » ( ភីលីព ៤:៧ ) ប៉ុន្តែយ៉ាងណាក៏ដោយវាគឺជាភាពពិត ។ នៅក្នុងការសាកល្បងផ្ទាល់ខ្លួនរបស់យើង យើងអាចមានអារម្មណ៍សុខសាន្ដនេះ ហើយ « រីករាយក្នុងព្រះអម្ចាស់ជានិច្ច » ( ភីលីព ៤:៤ ) ។ ដូចជាប៉ុលបានធ្វើ យើងអាចពឹងផ្អែកទាំងស្រុងទៅលើព្រះយេស៊ូវគ្រីស្ទ ដែល « យើងរាល់គ្នាមានសេចក្តីប្រោសលោះ » ( កូល៉ុស ១:១៤ ) ។ យើងអាចនិយាយដូចជាប៉ុលបាននិយាយថា « ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ » ( ភីលីព ៤:១៣; សូមមើលផងដែរ កូល៉ុស ១:១១ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
សេចក្តីជំនឿរបស់ខ្ញុំត្រូវបានស្ថាបនានៅលើព្រះយេស៊ូវគ្រីស្ទ ។
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា ពេលដែលលោកបានផ្ដោតការសិក្សាព្រះគម្ពីររបស់លោកទៅលើខគម្ពីរទាំងឡាយអំពីព្រះយេស៊ូវគ្រីស្ទ នោះវាមានឥទ្ធិពលយ៉ាងខ្លាំងលើលោក រហូតដល់លោកមានអារម្មណ៍ដូចជា « មនុស្សផ្សេងម្នាក់ ! » ( « Drawing the Power of Jesus Christ into Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៣៩ ) ។ សូមពិចារណាធ្វើតាមគំរូរបស់លោក ពេលដែលបងប្អូនអានគម្ពីរភីលីព និងកូល៉ុស ( ជាពិសេសសូមមើល ភីលីព ២:៥–១១; កូល៉ុស ១:១២–២៣ ) ។ តើបងប្អូនរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ? តើសេចក្ដីពិតទាំងនេះអាចជួយបងប្អូនប្រែក្លាយជា « មនុស្សផ្សេងម្នាក់ » យ៉ាងដូចម្ដេច ?
តើយើង « បង្ហើយសេចក្ដីសង្គ្រោះរបស់ខ្លួនយើងផ្ទាល់ » ដែរឬទេ ?
មនុស្សមួយចំនួនប្រើឃ្លា « ចូរបង្ហើយសេចក្តីសង្គ្រោះរបស់អ្នករាល់គ្នា » ( ភីលីព ២:១២ ) ដើម្បីគាំទ្រគំនិតដែលថា យើងបានសង្គ្រោះតែដោយការខិតខំរបស់យើងផ្ទាល់ប៉ុណ្ណោះ ។ មនុស្សផ្សេងទៀតប្រើការបង្រៀនរបស់ប៉ុល « ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ » ( អេភេសូរ ២:៨ ) ដើម្បីប្រកាសថា មិនតម្រូវឲ្យមានការខិតខំអ្វីទេដើម្បីបានសេចក្ដីសង្គ្រោះនោះ ។ ទោះជាយ៉ាងណា បទគម្ពីរ រួមទាំងការសរសេររបស់ប៉ុល បានបង្រៀនយ៉ាងច្បាស់អំពីតម្រូវការទាំងព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ និងការខិតខំផ្ទាល់ខ្លួនដើម្បីទទួលបានសេចក្ដីសង្គ្រោះ ។ ហើយទោះជាយើងខិតខំអស់ពីសមត្ថិភាពរបស់យើង ដើម្បីបង្ហើយសេចក្ដីសង្គ្រោះរបស់យើងក្ដី ប៉ុន្ដែ « គឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា » ( ភីលីព ២:១៣; សូមមើលផងដែរ ភីលីព ១:៦; នីហ្វៃទី២ ២៥:២៣; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះគុណ » ) ។
ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទមានតម្លៃគ្រប់ការលះបង់ ។
ប៉ុលបានលះបង់ជាច្រើន នៅពេលលោកបានផ្លាស់ប្រែចិត្តចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ រួមទាំងតំណែងដ៏មានឥទ្ធិពលដែលលោកមាននៅក្នុងសង្គមសាសន៍យូដាក្នុងនាមជាអាចារ្យផារិស៊ី ។ នៅក្នុង ភីលីព ៣:៤–១៤ សូមរកមើលអ្វីដែលប៉ុលបានទទួល ដោយសារតែលោកមានឆន្ទៈចង់លះបង់ដើម្បីដំណឹងល្អ ។ តើលោកមានអារម្មណ៍យ៉ាងណាអំពីការលះបង់របស់លោក ?
បន្ទាប់មក សូមពិចារណាអំពីភាពជាសិស្សរបស់បងប្អូនផ្ទាល់ ។ តើបងប្អូនបានលះបង់អ្វីខ្លះដើម្បីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ? តើបងប្អូនបានទទួលអ្វីខ្លះ ? តើមានការលះបង់ណាបន្ថែមទៀតដែលបងប្អូនមានអារម្មណ៍ថា បងប្អូនចាំបាច់ត្រូវត្រូវលះបង់ដើម្បីធ្វើជាសិស្សដ៏ឧស្សាហ៍ព្យាយាមរបស់ព្រះអង្គសង្រ្កោះ ?
សូមមើលផងដែរ នីហ្វៃទី៣ ៩:១៩–២០; គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:២–៥; ថេលើរ ជី ហ្គូឌយ « One More Day » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៣៤–៣៦ ។
ខ្ញុំអាចស្វែងរកអំណរនៅក្នុងព្រះគ្រីស្ទបាន មិនថាស្ថានភាពរបស់ខ្ញុំបែបណានោះទេ ។
ជីវិតរបស់ប៉ុលគឺជាការបង្ហាញយ៉ាងច្បាស់អំពីសេចក្ដីពិតដែលបានបង្ហាញដោយប្រធាន រ័សុល អិម ណិលសុន ៖ « ពេលជីវិតរបស់យើងផ្តោតលើ…ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងដំណឹងល្អរបស់ទ្រង់ នោះយើងអាចមានអំណរ មិនថាមានអ្វីកំពុងកើតឡើង—ឬ មិនកើតឡើង—នៅក្នុងជីវិតយើងនោះទេ ។ អំណរកើតមានឡើង ហើយដោយសារតែទ្រង់ » ( « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ ) ។
នៅពេលបងប្អូនអានគម្ពីរភីលីព—ជាពិសេស ជំពូក ៤—សូមស្វែងរកមើលសេចក្ដីថ្លែងការណ៍ដែលអាចជួយបងប្អូនឲ្យរកបានអំណរនៅក្នុងស្ថានភាពនានានៃជីវិតរបស់បងប្អូន ។ តើបងប្អូនមានបទពិសោធន៍ « សេចក្តីសុខសាន្តរបស់ព្រះ » អំឡុងពេលលំបាកមួយនៅពេលណា ? ( ខទី ៧ ) ។ តើបងប្អូនរកឃើញកម្លាំង « ដោយសារព្រះគ្រីស្ទ » ដើម្បីធ្វើរឿងលំបាកៗនៅពេលណា ? ( ខទី ១៣ ) ។ ហេតុអ្វីក៏បងប្អូនគិតថា វាសំខាន់ដើម្បី « សេចក្តីសន្តោស » នៅគ្រប់ស្ថានភាពនោះ ? ( ខទី ១១ ) ។ តើការអនុវត្តឥរិយាបថនៅក្នុង ខទី ៨ អាចជួយបងប្អូនឲ្យរកបានអំណរនៅក្នុងស្ថានភាពរបស់បងប្អូនយ៉ាងដូចម្ដេច ?
សូមមើល អាលម៉ា ៣៣:២៣; ឌៀថើរ អេហ្វ អុជដូហ្វ « Grateful in Any Circumstances » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៧០–៧៧ ។
ពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទបានក្លាយជា « មនុស្សថ្មី » នៅពេលពួកគេរស់នៅតាមដំណឹងល្អរបស់ទ្រង់ ។
តើបងប្អូនអាចប្រាប់បានថាដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទកំពុងជួយបងប្អូនឲ្យប្រែក្លាយជា « [ បុរស ឬស្ត្រី ] ថ្មី » យ៉ាងដូចម្ដេច ? របៀបមួយដើម្បីសញ្ជឹងគិតអំពីការណ៍នេះ គឺការស្វែងរក កូល៉ុស ៣:១–១៧ ហើយធ្វើបញ្ជីឥរិយាបថជាឥរិយាបថ និងសកម្មភាពទាំងឡាយរបស់ « មនុស្សចាស់ » ហើយធ្វើបញ្ជីឥរិយាបថមួយទៀតដែលជាឥរិយាបថ និងសកម្មភាពទាំងឡាយរបស់ « មនុស្សថ្មី » ។
សូមកត់ត្រាគំនិតរបស់បងប្អូនទុកអំពីរបៀបដែលព្រះអង្គសង្គ្រោះកំពុងផ្លាស់ប្ដូរបងប្អូន ដើម្បីបងប្អូនអាចរំឭកមើលវានៅក្នុងពេលអនាគត ហើយសញ្ជឹងគិតអំពីរបៀបដែលបងប្អូនកំពុងរីកចម្រើន ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
ភីលីព ។គ្រួសាររបស់បងប្អូនអាចកត់សម្គាលនូវពាក្យ អំណរ ឬ ភាពរីករាយ ដែលបាននិយាយដដែលៗជាញឹកញាប់នៅក្នុងគម្ពីរភីលីព ។ រាល់ពេលដែលបងប្អូនជួបនឹងពាក្យនេះ បងប្អូនអាចឈប់មួយភ្លែត ហើយពិភាក្សាអំពីអ្វីដែលប៉ុលបានបង្រៀនអំពីរបៀបស្វែងរកអំណរ ។
-
ភីលីព ២:១៤–១៦ ។តើយើងអាចធ្វើ « ជាតួពន្លឺនៅក្នុងលោកិយ » ដោយរបៀបណា ?
-
ភីលីព ៤:៨ ។សមាជិកគ្រួសារអាចកំណត់នូវរឿងទាំងឡាយដើម្បី « ពិចារណា » ដែលត្រូវនឹងការពិពណ៌នានៅក្នុងខគម្ពីរនេះ ( សូមមើលផងដែរ មាត្រានៃសេចក្ដីជំនឿ ១:១៣ ) ។ តើគ្រួសាររបស់បងប្អូននឹងទទួលបានពរជ័យតាមរយៈការធ្វើតាមការទូន្មានរបស់ប៉ុលយ៉ាងដូចម្ដេច ?
-
កូល៉ុស ១:២៣; ២:៧ ។ប្រហែលជាគ្រួសាររបស់បងប្អូនអាចអានខគម្ពីរទាំងនេះ ខណៈអង្គុយនៅជុំវិញដើមឈើមួយ ឬខណៈពេលមើលទៅរូបភាពដើមឈើមួយ ( ដូចជារូបភាពមួយដែលមានអមជាមួយនឹងគម្រោងមេរៀននេះ ) ។ តើបាន « តាំងនៅជាប់លាប់ » និង « ចាក់ឫស » នៅក្នុងព្រះគ្រីស្ទមានន័យយ៉ាងណា ? តើយើងអាចជួយគ្នាទៅវិញទៅមកពង្រឹងដល់ឫសខាងវិញ្ញាណរបស់យើងយ៉ាងដូចម្ដេច ?
-
កូល៉ុស ២:២–៣ ។គ្រួសារបងប្អូនអាចនឹងរីករាយនឹងការបំពេញ « កេះកំណប់ » មួយជាមួយនឹងអ្វីៗដែលតំណាងឲ្យ « ផលប្រយោជន៍ » និង « ផលថ្លៃវិសេសនៃប្រាជ្ញា និងសេចក្តីចេះដឹង » ដែលបងប្អូនរកឃើញនៅក្នុងដំណឹងល្អ ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ទំនុកតម្កើងដែលលើកទឹកចិត្តឲ្យប្រើ ៖ « រីករាយដ្បិតទ្រង់ជាស្ដេច ! » ទំនុកតម្កើង ល.រ. ២៥ ។