« ថ្ងៃទី ២៣–២៩ ខែ តុលា ។ ធីម៉ូថេ ទី១ និង ទី២; ទីតុស; ភីលេម៉ូន ៖ ‹ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៣–២៩ ខែ តុលា ។ ធីម៉ូថេ ទី១ និង ទី២; ទីតុស; ភីលេម៉ូន » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២៣–២៩ ខែ តុលា
ធីម៉ូថេ ទី១ និង ទី២; ទីតុស; ភីលេម៉ូន
« ចូរធ្វើជាគំរូដល់ពួកអ្នកជឿ »
ពេលខ្លះវាអាចជួយបានច្រើន ពេលបងប្អូនមានចម្ងល់មួយ ឬច្រើននៅក្នុងគំនិតមុនពេលចាប់ផ្ដើមសិក្សាព្រះគម្ពីររបស់បងប្អូន ។ សូមយាងព្រះវិញ្ញាណឲ្យដឹកនាំបងប្អូនទៅរកចម្លើយនៅពេលបងប្អូនសិក្សា ហើយកត់ត្រាចំណាប់អារម្មណ៍នានាដែលបងប្អូនបានទទួល ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
នៅក្នុងសំបុត្ររបស់ប៉ុលដែលបានសរសេរទៅកាន់ធីម៉ូថេ ទីតុស និងភីលេម៉ូន យើងទទួលបានពន្លឺមួយនៅក្នុងដួងចិត្តរបស់អ្នកបម្រើម្នាក់របស់ព្រះអម្ចាស់ ។ មិនដូចជាសំបុត្រផ្សេងៗទៀតដែលប៉ុលបានសរសេរទៅកាន់ក្រុមជំនុំទាំងមូលនោះទេ សំបុត្រទាំងនេះត្រូវបានសរសេរទៅកាន់បុគ្គលម្នាក់ៗ—ដែលជាមិត្តភក្ដិជិតស្និទ្ធរបស់ប៉ុល និងជាសហការីនៅក្នុងកិច្ចការរបស់ព្រះ—ហើយការអានសំបុត្រទាំងនោះគឺដូចជាស្ដាប់ការសន្ទនាមួយដូច្នោះដែរ ។ យើងមើលឃើញប៉ុលលើកទឹកចិត្តធីម៉ូថេ និង ទីតុស ដែលជាអ្នកដឹកនាំក្រុមជំនុំពីររូប នៅក្នុងការបម្រើក្នុងសាសនាចក្ររបស់ពួកលោកផងដែរ ។ យើងឃើញលោកអង្វរដល់ភីលីម៉ូនដែលជាមិត្តរបស់លោកឲ្យផ្សះផ្សានឹងបងប្អូនពួកបរិសុទ្ធម្នាក់ ហើយប្រព្រឹត្តនឹងលោកដូចជាបងប្អូនប្រុសក្នុងដំណឹងល្អម្នាក់ដូច្នោះដែរ ។ ពាក្យសម្ដីរបស់ប៉ុលពុំបាននិយាយមកកាន់យើងចំៗនោះទេ ហើយលោកពុំដែលរំពឹងថាមានមនុស្សជាច្រើននឹងអានវានៅថ្ងៃមួយនោះដែរ ។ ប៉ុន្ដែយើងរកឃើញនៅក្នុងសំបុត្រទាំងនេះនូវការប្រឹក្សា និងការលើកទឹកចិត្តដល់យើង មិនថាការបម្រើផ្ទាល់ខ្លួនរបស់យើងនៅក្នុងសាសនាចក្រជាអ្វីនោះទេ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
តើធីម៉ូថេ និងទីតុសជានរណា ?
ធីម៉ូថេ និងទីតុស បានបម្រើជាមួយប៉ុលនៅក្នុងពេលធ្វើដំណើរផ្សព្វផ្សាយសាសនាខ្លះៗ ។ អំឡុងការបម្រើរបស់ពួកលោក ពួកលោកបានទទួលការគោរព និងការទុកចិត្តមកពីប៉ុល ។ ធីម៉ូថេក្រោយមកត្រូវបានហៅឲ្យធ្វើជាអ្នកដឹកនាំសាសនាចក្រមួយរូបនៅក្រុងអេភេសូរ ហើយទីតុស ត្រូវបានហៅឲ្យបម្រើជាអ្នកដឹកនាំនៅកោះក្រេត ។ នៅក្នុងសំបុត្រទាំងនេះ ប៉ុលបានផ្ដល់ការណែនាំ និងការលើកទឹកចិត្តដល់ ធីម៉ូថេ និង ទីតុស ទាក់ទងនឹងការទទួលខុសត្រូវរបស់ពួកលោក ដែលរួមមានទាំងការផ្សាយដំណឹងល្អ និងការហៅពួកបុរសឲ្យបម្រើជាប៊ីស្សពផងដែរ ។
សូមមើលផងដែរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សំបុត្ររបស់ប៉ុល » « ធីម៉ូថេ » « ទីតុស » ។
« ចូរធ្វើជាគំរូដល់ពួកអ្នកជឿ » ។
ធីម៉ូថេមានវ័យក្មេង ប៉ុន្តែប៉ុលបានដឹងថាគាត់អាចធ្វើជាអ្នកដឹកនាំសាសនាចក្រដ៏ល្អម្នាក់ដោយពុំគិតពីវ័យរបស់គាត់ឡើយ ។ តើដំបូន្មានអ្វីខ្លះដែលប៉ុលបានផ្ដល់ទៅឲ្យធីម៉ូថេនៅក្នុង ធីម៉ូថេ ទី១ ៤:១០–១៦ ? តើការប្រឹក្សានេះអាចជួយបងប្អូនឲ្យដឹកនាំអ្នកដទៃមករកព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់បានយ៉ាងដូចម្ដេច ?
សូមមើលផងដែរ អាលម៉ា ១៧:១១ ។
« ដ្បិតព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាចសេចក្តីស្រឡាញ់ និង ប្រាជ្ញានឹងធឹងវិញ » ។
ធីម៉ូថេ ទី២ ត្រូវបានគេជឿថា ជាសំបុត្រចុងក្រោយដែលប៉ុលបានសរសេរ ហើយវាហាក់ដូចជាលោកបានដឹងថាពេលវេលារបស់លោកនៅលើផែនដីគឺមានរយៈពេលខ្លីណាស់ ( សូមមើល ធីម៉ូថេ ទី២ ៤:៦–៨ ) ។ តើធីម៉ូថេអាចមានអារម្មណ៍យ៉ាងណា ដែលដឹងថាមិនយូរទៀតទេ លោកនឹងមិនមានអ្នកណែនាំ និងអ្នកដឹកនាំដែលគាត់ទុកចិត្តទៀតនោះ ? តើប៉ុលបាននិយាយអ្វីខ្លះដើម្បីលើកទឹកចិត្តលោក ? បងប្អូនក៏អាចអានដោយដាក់ឧបសគ្គ និងការភ័យខ្លាចរបស់បងប្អូនផ្ទាល់ក្នុងគំនិតផងដែរ ។ តើសារលិខិតនៃសេចក្ដីសង្ឃឹម និងការលើកទឹកចិត្តអ្វីខ្លះ ដែលព្រះអម្ចាស់មានសម្រាប់បងប្អូននៅក្នុង ធីម៉ូថេ ទី២ ?
សូមមើលផងដែរ ខេលី អរ ចនសុន « Enduring Power » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១១២–១៤ ។
ការរស់នៅតាមដំណឹងល្អផ្ដល់នូវសុវត្ថិភាពពីគ្រោះថ្នាក់ខាងវិញ្ញាណនៅថ្ងៃចុងក្រោយ ។
យើងកំពុងរស់នៅក្នុងថ្ងៃ « ជាន់ក្រោយបង្អស់ » ដែលប៉ុលបាននិយាយ ហើយ « គ្រាលំបាកណាស់ » បានមកដល់ ( ធីម៉ូថេ ទី២ ៣:១ ) ។ នៅពេលបងប្អូនអាន ធីម៉ូថេ ទី២ ៣ សូមកត់ត្រាការលំបាកៗនៅថ្ងៃជាន់ក្រោយដែលបានលើកឡើងនោះ ( សូមមើលផងដែរ ធីម៉ូថេ ទី១ ៤:១–៣ ) ៖
តើបងប្អូនអាចគិតអំពីឧទាហរណ៍នៃគ្រាលំបាកៗទាំងនេះនៅក្នុងពិភពលោកជុំវិញបងប្អូន—ឬនៅក្នុងជីវិតបងប្អូនផ្ទាល់បានឬទេ ? តើគ្រាលំបាកៗទាំងនេះ ដូចជាមនុស្សដែលបានពិពណ៌នានៅក្នុង ខទី ៦ « ចូលទៅក្នុងផ្ទះ [ របស់បងប្អូន ] ហើយនាំ [ បងប្អូន ] ទាំងល្បួង » យ៉ាងដូចម្ដេច ? តើដំបូន្មានអ្វីខ្លះដែលបងប្អូនរកឃើញនៅក្នុង ធីម៉ូថេ ទី២ ៣ និងនៅកន្លែងផ្សេងទៀតនៃសំបុត្រទាំងនេះ ដែលអាចថែរក្សាបងប្អូន និងគ្រួសារបងប្អូនឲ្យមានសុវត្ថិភាពពីគ្រោះថ្នាក់ខាងវិញ្ញាណទាំងនេះ ? ( ជាឧទាហរណ៍ សូមមើល ធីម៉ូថេ ទី១ ១:៣–១១; ធីម៉ូថេ ទី២ ២:១៥–១៦; ទីតុស ២:១–៨ ) ។
តើភីលេម៉ូនជានរណា ?
ភីលេម៉ូនគឺជាអ្នកាន់គ្រិស្ដសាសនាម្នាក់ដែលបានផ្លាស់ប្រែចិត្តជឿមកក្នុងដំណឹងល្អតាមរយៈប៉ុល ។ ភីលេម៉ូនជាម្ចាស់នៃទាសករម្នាក់ឈ្មោះអូនេស៊ីម ដែលជាក់ស្ដែងបានរត់គេចទៅក្រុងរ៉ូម ។ នៅទីនោះអូនេស៊ីមបានជួបនឹងប៉ុល ហើយបានប្រែចិត្តជឿលើដំណឹងល្អ ។ ប៉ុលបានបញ្ជូនអូនេស៊ីមត្រឡប់ទៅភីលេម៉ូនវិញជាមួយនឹងសំបុត្រមួយ ដែលលើកទឹកចិត្តដល់ភីលេម៉ូនឲ្យទទួលយកអូនេស៊ីម « តែមិនមែនដូចជាបាវបម្រើទៀតឡើយ គឺលើសជាងបាវបម្រើទៅទៀត ទុកដូចជាប្អូនស្ងួនភ្ងាវិញ » ( ភីលេម៉ូន ១:១៦ ) ។
សិស្សរបស់ព្រះយេស៊ូវគ្រីស្ទប្រព្រឹត្តចំពោះអ្នកផ្សេងទៀតដូចជាបងប្អូនប្រុសស្រី ។
នៅពេលបងប្អូនអានសំបុត្ររបស់ប៉ុលដល់ភីលេម៉ូន សូមសញ្ជឹងគិតពីរបៀបដែលបងប្អូនអាចអនុវត្តដំបូន្មាននេះទៅនឹងទំនាក់ទំនងរបស់បងប្អូនជាមួយមនុស្សដទៃទៀត ។ ខាងក្រោមនេះគឺជាសំណួរមួយចំនួនដែលបងប្អូនអាចពិចារណ ៖
-
ខទី ១–៧ ៖ តើពាក្យអ្នក « ធ្វើការជាមួយ » និង « គូកនតយុទ្ធជាមួយ » ផ្ដល់យោបល់ដល់បងប្អូនអំពីទំនាក់ទំនងយ៉ាងដូចម្ដេចនៅក្នុងចំណោមពួកបរិសុទ្ធ ? តើបងប្អូនធ្លាប់ទទួលអារម្មណ៍ « បានស្បើយល្ហែ » ដោយសារតែបងប្អូនប្រុសស្រីនៅក្នុងព្រះគ្រីស្ទនៅពេលណា ?
-
ខទី ៨–១៦ ៖ តើពាក្យ « បង្គាប់ » និង « អង្វរ » មានន័យយ៉ាងណា ? ហេតុអ្វីប៉ុលបានជ្រើសរើសដើម្បី អង្វរ ភីលេម៉ូនជាជាង បង្គាប់ គាត់ទៅវិញ ? តើប៉ុលបានសង្ឃឹមនឹងសម្រេចបានអ្វី ដោយការបញ្ជូនអូនេស៊ីមត្រឡប់ទៅភីលេម៉ូនវិញ ?
-
ខទី ១៦ ៖ តើការធ្វើជា « ប្អូន [ ប្រុសស្រី ] ស្ងួនភ្ងាវិញ … ក្នុងព្រះអម្ចាស់ផង » មានន័យយ៉ាងណា ? តើបងប្អូនស្គាល់នរណាម្នាក់ដែលបងប្អូនត្រូវទទួលតាមរបៀបនេះដែរឬទេ ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
ធីម៉ូថេ ទី១ ២:៩–១០ ។តើ « តែង [ ខ្លួនយើង ] … ដោយការប្រព្រឹត្តល្អ » មានន័យយ៉ាងណា ? តើការប្រព្រឹត្តល្អមួយចំនួនដែលគ្រួសាររបស់យើងអាចធ្វើនៅសប្ដាហ៍នេះមានអ្វីខ្លះ ? បងប្អូនអាចច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីការប្រព្រឹត្តល្អ ដូចជា « តើខ្ញុំបានធ្វើល្អឬទេ ? » ( ទំនុកតម្កើង ល.រ. ១៣៨ )។
-
ធីម៉ូថេ ទី១ ៤:១២ ។ដើម្បីជួយសមាជិកគ្រួសាររបស់បងប្អូនឲ្យមានបំណងប្រាថ្នា « ធ្វើជាគំរូដល់ពួកអ្នកជឿ » សូមពិចារណាធ្វើការអញ្ជើញពួកគេឲ្យគូររូបមនុស្សដែលបានធ្វើគំរូល្អចំពោះពួកគេ ។ តើមនុស្សទាំងនេះបានបំផុសគំនិតដល់យើងឲ្យធ្វើតាមព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ? សារលិខិតរបស់ប្រធាន ថូម៉ាស អេស ម៉នសុន « Be an Example and a Light » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៨៦–៨៨ ) អាចផ្ដល់គំនិតមួយចំនួនពីរបៀបដើម្បីធ្វើជាគំរូដល់មនុស្សដទៃទៀត ។
-
ធីម៉ូថេ ទី១ ៦:៧–១២ ។តើបងប្អូនគិតថា ហេតុអ្វី « ការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង » ? តើមានគ្រោះថ្នាក់អ្វីខ្លះចំពោះការផ្ដោតជីវិតរបស់យើងទៅលើប្រាក់ ឬទ្រព្យសម្បត្តិនោះ ? តើយើងអាចបានអរសប្បាយនឹងពរជ័យដែលយើងមានយ៉ាងដូចម្ដេច ?
-
ធីម៉ូថេ ទី២ ៣:១៤–១៧ ។យោងតាមខគម្ពីរទាំងនេះ តើពរជ័យអ្វីខ្លះនឹងកើតមានដល់អ្នកទាំងឡាយដែលដឹង ហើយសិក្សាបទគម្ពីរ ? ប្រហែលជាសមាជិកគ្រួសារមួយចំនួនអាចចែកចាយបទគម្ពីរដែលពួកគេបានរកឃើញថា « មានប្រយោជន៍ » ជាពិសេស ។
-
ភីលេម៉ូន ១:១៧–២១ ។តើប៉ុលមានឆន្ទៈធ្វើអ្វីខ្លះសម្រាប់អេនូស៊ីម ? តើការណ៍នេះស្រដៀងគ្នាទៅនឹងអ្វីដែលព្រះអម្ចាស់បានស្ម័គ្រព្រះទ័យធ្វើសម្រាប់យើងដោយរបៀបណា ? ( សូមមើលផងដែរ ធីម៉ូថេ ទី១ ២:៥–៦; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៣–៥ ) ។ តើយើងអាចធ្វើតាមគំរូរបស់ប៉ុល និងព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលលើកទឹកចិត្តឲ្យប្រើ ៖ « រះឡើង » សៀវភៅចម្រៀងកុមារ ទំព័រ ៩៦ ។